អភិបាលព្រះសហគមន៍ បញ្ញាវន្ត​កម្ពុជា និងគ្រីស្តបរិស័ទចង់ចាំ លោកឪពុកតូនី វីនត្រាមីន នៃក្រុមគ្រួសារ PIME

លោក​​​​​បូជាចារ្យ តូនី​ វីនដ្រាមីន​ បាន​ទទួលមរណភាព កាលពីយប់ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ ក្នុងជន្មាយុ​ ៨០ឆ្នាំ​ ដោយរោគាពាធ នៅមន្ទីរពេទ្យ​មួយ​ក្នុងរាជធានីភ្នំពេញ។ ការបាត់បង់រូបលោកបាន​ធ្វើ​ឱ្យ​ព្រះ​ស​ហ​គមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​​ គ្រឹះស្ថាន​សម្ដេចប៉ាបសម្រាប់សាសនទូតក្រៅប្រទេស (PIME)​ នៅ​កម្ពុជា គ្រីស្តបរិស័ទកាតូលិក បញ្ញាវន្តកម្ពុជា មានសេចក្តីក្តុកក្តួល និងសោកស្តាយ​ជាពន់ពេក។

​លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ បាន​លើកឡើងថា លោកឪពុកតូនី បានថ្វាយជីវិតទាំងស្រុង ដើម្បីបម្រើព្រះអម្ចាស់យេស៊ូគ្រីស្ត និងប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ក្នុងមុខងារជាបូជាចារ្យសាសនទូត អស់រយៈពេល៥២ឆ្នាំ​​​ ក្នុងនោះនៅប្រទេសបង់ក្លាដែសពីឆ្នាំ១៩៧៥-១៩៩០ និងនៅប្រ​ទេ​សកម្ពុជាចាប់តាំងពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ១៩៩០ រហូត​ដល់​ដង្ហើម​ចុងក្រោយរបស់លោកនាពេលនេះ។

លោកអភិបាលបាន​មានប្រសាសន៍ថា ៖ ​«យើងមានចិត្តដ៏ស្មោះស្ម័គ្រក្នុងការអធិដ្ឋានសម្រាប់ក្រុមគ្រួសាររបស់លោកឪពុក តូនី នៅប្រទេសអ៊ីតាលី និងជាពិសេសស​ម្រាប់អស់លោកបូជាចារ្យនៃគ្រឹះស្ថានសម្តេចប៉ាសសម្រាប់សាសនទូតក្រៅប្រទេស (PIME) ដែលជាបងប្អូនដ៏ជាទីស្រឡាញ់របស់លោកនៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក»។  

ក្នុងប្រទេសកម្ពុជា លោកតូនី មានសកម្មភាពជាច្រើន​ ចូលរួមអភិវឌ្ឍន៍ប្រទេសនេះ ដូចជា ក្នុងវិស័យអប់រំសិក្សា ការអភិវឌ្ឍន៍សហគមន៍ លើកកម្ពស់ជនមានពិការភាព ជួបប្រឹក្សាអ្នកជាប់ឃុំឃាំងក្នុងពន្ធនាគារ និងបម្រើព្រះសហគន៍ជាដើម។ យុវជនកម្ពុជាជាច្រើនបានប្តូរវាសនារបស់ខ្លួនតាមរយៈសកម្មភាពរបស់លោកតូនី។​​ ​

បណ្ឌិត ប៉ាន់​ វុត្ថា មន្រ្តី​ផ្នែក​ទស្សនវិជ្ជា​នៅរាជបណ្ឌិត្យ​សភា បានប្រាប់​ឲ្យដឹង​ថា លោក​បាន​ស្គាល់​​លោកតូនី តាំងពី​ឆ្នាំ​១៩៩៧មក ក្នុងពេល​លោក​ជួយ​ដល់​មហាវិទ្យាល័យសង្គម​សាស្ត្រ។ លោកថា លោកតូនី​ បាន​ជួយ​​ឧបត្ថម្ភ​ការបណ្ដុះ​ប​ណ្ដាល និងជួយ​រក​គ្រូពី​ក្រៅ​ប្រទេស​​​មក​បណ្ដុះ​បណ្ដាលទាំង​គ្រូ និងសិស្សនៅ​សា​ក​ល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

លោក​បណ្ឌិត ប៉ាន់ វត្ថា បាន​បន្តថា ៖ «រយៈពេល​៥ឆ្នាំ​ ​ខ្ញុំ​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​ប្រមាណ​ជា២០គ្រូ ក្នុង​ចំណោម​៦០គ្រូ មកពីក្រៅ​ប្រទេស​ ដែល​លោក​ឪពុក​តូនី​បាន​រៀប​ចំនៅក្នុង​វគ្គបណ្ដុះ​បណ្ដាល​នោះ​»។

លោកបណ្ឌិតបាន​បញ្ជាក់បន្ថែមថា លោក​តូនី​មាន​សន្ដាន​ចិត្ត​ល្អ​មិន​ប្រកាន់​សាសនា មិន​ប្រកាន់​ជាតិ​សា​សន៍ឡើយ។ វត្ត​មាន​របស់​គាត់​នៅក្នុង​ប្រទេសកម្ពុជា ជាគំរូ​នៃ​សប្បុរសធម៌ និង​បង្កើត​កម្ម​វិធី​អប់​រំ​ ដោយ​មិន​​អូសទាញបង្ខំឱ្យ​ចូលសាសនា ប៉ុន្តែ​ជាការបណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ដើម្បីអភិវឌ្ឍកម្ពុជា។

លោកបាន​ថ្លែងថា ៖ «ខ្ញុំ​ពិត​ជា​សោក​ស្ដាយ​ខ្លាំងណាស់ ​ដែល​បាត់​បង់ធន​ធាន​មនុស្ស និង​ជន​គំរូមួយរូបនេះ។ ខ្ញុំ​សូម​ចូល​រួម​មរណៈ​ទុក្ខដ៏​ក្រៀមក្រំនេះ និង​សូម​បួង​សួង​សូម​ដួង​វិញ្ញាណក្ខន្ធ​របស់គាត់​បាន​ទៅ​កាន់​ទី​ដ៏សមគួរ»។​

ចំណែកលោកស្រី ខុម សាខន ជាសាស្ត្រាចារ្យនៃ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ​ ផ្នែក​ទស្សនវិជ្ជា ក៏បានរៀបរាប់ផងដែរថា លោកស្រីបាន​​ស្គាល់​លោកតូនីតាំងពី​ឆ្នាំ​២០០០មក។​ អ្នក​នៅ​ខាងផ្នែក (​តេប៉ាតម៉ង់)​ទស្ស​ន​វិជ្ជា​ទាំងអស់​មាន​ការ​ចងចាំជាច្រើន​អំពី​លោកឪពុកតូនីនេះ​។

លោកស្រីបានប្រាប់ថា ៖ «សម្រាប់​ខ្ញុំ ​ប្រសិន​បើ​គ្មាន​លោក​ឪពុកតូនី​ទេ ខ្ញុំ​ក៏​មិនមាន​ថ្ងៃនេះ​ដែរ។ តាំងពី​ខ្ញុំ​ស្គាល់​គាត់​មក ខ្ញុំ​ឃើញ​គាត់​ជាមនុស្ស​មាន​យុត្តិធម៌ មិន​ប្រកាន់​ច្រើន ចេះ​ដាក់​ខ្លួន រួសរាយ​រាក់​ទាក់ ជាអ្នក​ចង្អុល​បង្ហាញ​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ។ គាត់​បាន​ចែក​រំលែក​សមានចិត្ត និង​ទឹក​ចិត្ត​មនុស្ស​ធម៌ ដោយ​មិនមាន​ខ​ណ្ឌចែក​រវាងសាសនាទេ គឺ​គាត់ធ្វើ​ដើម្បី​បាន​ភាព​រីក​ចម្រើន​នៃមនុស្សជាតិ ។ គាត់​មក​ដាំ​ពូជ​ដែល​មាន​នៅ​ក្នុង​ស្រុក​ខ្មែរ​ដើម្បី​ប្រយោជន៍​ខ្មែរ»។

ចំពោះ​អ្នក​ស្រី ម៉ែន ថារី ដែលជាគ្រីស្តបរិស័ទ និងប្រធានអង្គការមួយបានបង្ហាញពីការសោកស្ដាយ ដោយ​សារបាត់បង់លោកតូនី​លឿ​នពេក។​ អ្នកស្រីបាន​បន្តថា លោក​ជាមនុស្ស​ ជាបូជាចារ្យ​ ​ដែល​ធ្វើ​ការ​ហ្មត់ចត់ និ​ងចូលចិត្ត​ណែនាំលើក​ទឹក​ចិត្ត​។ តាំងពី​ឆ្នាំ​១៩៩២មក មាន​អារម្មណ៍​កក់​ក្ដៅ ដោយ​គាត់​ចូល​ចិត្ត​ជួយ ​និង​ផ្ដល់ឱកាស​ដល់​ក្មេងៗ យុវជន។ គាត់​ចូល​ចិត្ត​អ្វី​ដែល​យើង​សប្បាយ​ចិត្ត​នឹង​ធ្វើ។

អ្នកស្រីថារី​ បានសង្កត់ធ្ងន់ថា ៖ «ខ្ញុំ​ស្រឡាញ់​គាត់ ​ព្រោះ​គាត់​ច្បាស់​លាស់។ ការ​បាត់​បង់​នេះ​ប្រៀបបាន​នឹង​ការបាត់​បេះដូង។ ខ្ញុំ​អារម្មណ៍​ហេង​ហាង»។

ជាមួយគ្នានេះដែរ អ្នកស្រីមានជំជឿ​ថា ​ព្រះជាម្ចាស់​ទទួល​យកលោក​ទៅ​ស្ថាន​បរម​សុខ។ ទោះ​បី​ជាមានការ​សោកស្ដា​យ ​ប៉ុន្តែ​ក៏​ដល់​ពេល​វេលា​ ​ដែលព្រះជាម្ចាស់​ទទួលគាត់។

អ្នកស្រីថា ៖ «នៅពេល​យើង​អធិដ្ឋានរួម​គ្នា​ គាត់បាន​ឮ និង​កំពុង​ស្ដាប់ដោយ​ឃើញ​គាត់​ព្រិចភ្នែក។​ ខ្ញុំ​មិន​ដែល​ភ្លេចទេថា ខ្ញុំ​បាន​ក្លាយ​ជាគ្រីស្ត​បរិស័ទ​ក្នុង​ឆ្នាំ​២០០៣ ដោយ​សារ​បាន​ឃើញ​របៀប​រស់​នៅ​របស់​គាត់​ដែរ»។​

ចំណែក យុវជន​ សុខ​ ចាន់នី ដែលជាយុវជននៅព្រះវិហារសន្ត​សិលា​ពោធិ៍ចិនតុង បានរៀបរាប់ថា លោកឪពុកតូនី បានជួយ​ដល់​យុវជនឱ្យ​មាន​ឱកាស​រៀនសូត្រ។ លោក​មាន​ទំនាក់​ទំនងល្អ​ជាមួយ​ប្រជាជន​នៅ​ក្នុង​ភូមិ​​។​

លោក សុខ​ ចាន់នី បាន​ប្រាប់ថា ៖ «ក្នុងព្រះសហគមន៍​លោក​បាន​ជួយ​ច្រើន ទោះ​បីជាមិនសូវ​បាន​ស្នាក់​នៅ​ក៏​ដោយ​។ លោកឪពុក ឧស្សាហ៍ជួបជាមួយ​យុវជន ​ដើម្បី​ពង្រឹង​ជំនឿ ជាពិសេស​​រូបខ្ញុំផ្ទាល់ លោកឪពុកជួយណែនាំ​ រិះ​គិត​ពីជីវិត​នៃ​ការ​ត្រាស់​ហៅ ព្រមទាំង​ជួយឧបត្ថម្ភការរៀន​សូត្រផងដែរ»។​

លោកតូនី  (Fr Toni Vendramin -PIME-) ជាបូជាចារ្យកាតូលិក ក្នុងក្រុមសាសនទូត PIME ។​  លោកប្រសូត​នៅថ្ងៃទី ០៤​ ខែតុលា ឆ្នាំ១៩៤២ នៅបាដូរ៉េ ប្រទេសអ៊ីតាលី​។ លោកទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ នៅថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​១៩៦៩។ លោកបានមកដល់ប្រទេសម្ពុជា ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ១៩៩០ រហូតលោក​ទទួលមរណភាព​​ក្នុង​ឆ្នាំ​២០២១នេះ៕

អត្ថបទដោយ៖ ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email