អភិបាលព្រះសហគមន៍ បញ្ញាវន្តកម្ពុជា និងគ្រីស្តបរិស័ទចង់ចាំ លោកឪពុកតូនី វីនត្រាមីន នៃក្រុមគ្រួសារ PIME
លោកបូជាចារ្យ តូនី វីនដ្រាមីន បានទទួលមរណភាព កាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ។ ការបាត់បង់រូបលោកបានធ្វើឱ្យព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ គ្រឹះស្ថានសម្ដេចប៉ាបសម្រាប់សាសនទូតក្រៅប្រទេស (PIME) នៅកម្ពុជា គ្រីស្តបរិស័ទកាតូលិក បញ្ញាវន្តកម្ពុជា មានសេចក្តីក្តុកក្តួល និងសោកស្តាយជាពន់ពេក។ លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ បានលើកឡើងថា លោកឪពុកតូនី បានថ្វាយជីវិតទាំងស្រុង ដើម្បីបម្រើព្រះអម្ចាស់យេស៊ូគ្រីស្ត និងប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ក្នុងមុខងារជាបូជាចារ្យសាសនទូត អស់រយៈពេល៥២ឆ្នាំ ក្នុងនោះនៅប្រទេសបង់ក្លាដែសពីឆ្នាំ១៩៧៥-១៩៩០ និងនៅប្រទេសកម្ពុជាចាប់តាំងពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ១៩៩០ រហូតដល់ដង្ហើមចុងក្រោយរបស់លោកនាពេលនេះ។ លោកអភិបាលបានមានប្រសាសន៍ថា ៖ «យើងមានចិត្តដ៏ស្មោះស្ម័គ្រក្នុងការអធិដ្ឋានសម្រាប់ក្រុមគ្រួសាររបស់លោកឪពុក តូនី នៅប្រទេសអ៊ីតាលី និងជាពិសេសសម្រាប់អស់លោកបូជាចារ្យនៃគ្រឹះស្ថានសម្តេចប៉ាសសម្រាប់សាសនទូតក្រៅប្រទេស (PIME) ដែលជាបងប្អូនដ៏ជាទីស្រឡាញ់របស់លោកនៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក»។ ក្នុងប្រទេសកម្ពុជា លោកតូនី មានសកម្មភាពជាច្រើន ចូលរួមអភិវឌ្ឍន៍ប្រទេសនេះ ដូចជា ក្នុងវិស័យអប់រំសិក្សា ការអភិវឌ្ឍន៍សហគមន៍ លើកកម្ពស់ជនមានពិការភាព ជួបប្រឹក្សាអ្នកជាប់ឃុំឃាំងក្នុងពន្ធនាគារ …