អាទិត្យទី១៤នៃរដូវធម្មតា ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ថ្ងៃទី​៤ ខែ​ កក្កដា ឆ្នាំ​២០២១ “អំណោយ​ទាន​ទាំង​៧​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ គឺ​កម្លាំង​ដ៏​ក្លាហាន​របស់​យើង”

បងប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ ជា​ពេល​វេលា​មួយ​ដើម្បី​ឱ្យ​យើង​នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ យើង​អធិដ្ឋាន​ពិសេស​សម្រាប់​បង​ប្អូន​ដែល​កំពុង​ជាប់​ចត្តាឡីស័ក។ ទូទាំង​ភូមិភាគ​ភ្នំពេញ យើង​មាន​បង​ប្អូន​គ្រីស្ត​បរិស័ទ​មួយ​ចំនួន​ដែល​កំពុង​ជាប់​ចត្តាឡីស័ក ដោយសារ​ជាប់​ពាក់ព័ន្ធ​ដោយ​ប្រយោល​ជា​មួយ​អ្នក​ជំងឺ​កូវីដ-១៩។ ជា​ពេល​វេលា​មួយ ដើម្បី​អធិដ្ឋាន​សម្រាប់​បង​ប្អូន​យើង​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ-១៩។ យើង​បាន​ឃើញ​ប៉ុន្មាន​ថ្ងៃ​កន្លង​មក កូវីដ-១៩​បាន​លូត​លាស់​ខ្លាំង​រហូត​ដល់​ជិត​ខ្ទង់​ពាន់​ជា​រៀង​រាល់​ថ្ងៃ។ គ្រីស្ត​បរិស័ទ ដែល​ភ្ជាប់​នៅ​ក្នុង​សង្គម​ធម្មតា​ដូច​បង​ប្អូន​យើង​ទាំង​អស់​ក៏​ត្រូវ​តែ​ឆ្លង​ដែរ។ ដូច្នេះ ថ្ងៃ​នេះ​ខ្ញុំ​អភិបូជា​នៅ​កន្លែង​ហ្នឹង កន្លែង​នេះ​ជា​ព្រះវិហារ​ដែល​យើង​បាន​សាង​សង់​កាល​ពី​សម័យ​កូវីដ-១៩​ឆ្នាំ​មុន ដោយសារ​បាន​ឃើញ​ព្រះនាង​ម៉ារី​បាន​ជួយ​ថែរក្សា​ការពារ​ភូមិ​ចំការទៀង។ ដូច្នេះ ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់ ខ្ញុំ​ក៏​បាន​សាង​សង់​ព្រះវិហារ​តូច​មួយ ដើម្បី​ឧទ្ទិស​ដល់​ព្រះនាង​ម៉ារី​ដែល​បាន​ថែរក្សា​ការពារ​យើង។ ថ្ងៃ​នេះ ជា​ឱកាស​មួយ​ដើម្បី​ថ្វាយ​អភិបូជា​នៅ​មុខ​ព្រះវិហារ​ហ្នឹង ដើម្បី​ភ្ជាប់​ជា​មួយ​បង​ប្អូន​ទាំង​អស់។

បង​ប្អូន​ដែល​នៅ​សម្រាក​ព្យាបាល​តាម​មន្ទីរ​ពេទ្យ បង​ប្អូន​ដែល​នៅ​ក្នុង​មណ្ឌល​ធ្វើ​ចត្តាឡីស័ក និង​បង​ប្អូន​ដែល​បាន​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន ដើម្បី​ឲ្យ​យើង​យល់​ថា​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត ពិត​មែន​យើង​ជា​គ្រួសារ​តែ​មួយ ដែល​ស្រឡាញ់​គ្នា ដែល​លើក​ទឹក​ចិត្ត​គ្នា ដែល​ធ្វើ​ដំណើរ​ជា​មួយ​គ្នា។ អម្បាញ់មិញ ខ្ញុំ​បាន​ហែរ​ចេញ​ពី​កូន​ព្រះវិហារ​នេះ​ជា​មួយ​រូប​សន្តី អូឌីល សន្តី អូឌីល គឺ​ជា​សន្តី​ដែល​បាន​ទទួល​មរណៈភាព​នៅ​ឆ្នាំ​៧២០ គឺ​១៣០០​ឆ្នាំ​ក្នុង​ស្រុក​កំណើត​របស់​ខ្ញុំ​នៅ​ប្រទេស​បារាំង គាត់​គឺ​ជា​សន្តី​មួយ​រូប​ដ៏​ល្បី ដែល​បាន​ជួយ​ឱ្យ​មនុស្ស​ប៉ុន្មាន​ជំនាន់​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​ខ្ញុំ​បាន​ទេសនា អំពី​សសរ​គ្រឹះ​នៃ​គុណធម៌​ដែល​យើង​មាន​នៅ​ក្នុង​ជំនឿ​របស់​យើង គឺ​ទី​១​ជំនឿ ទី​២​សេចក្តី​សង្ឃឹម ទី​៣​សេចក្តី​ស្រឡាញ់។ សន្តី អូឌីល បាន​ប្រមូល​ទាំង​ជំនឿ ទាំង​សេចក្តី​សង្ឃឹម ទាំង​សេចក្តី​ស្រឡាញ់​នៅ​ក្នុង​ជីវិត​របស់​គាត់។ តាម​ពិត​នៅ​ពេល​គាត់​កើត ឪពុក​ម្តាយ ជា​ពិសេស​ឪពុក​គាត់​អន់​ចិត្ត​មែន​ទែន ដោយសារ​តែ​គាត់​ចង់​បាន​កូន​ប្រុស​ដើម្បី​បន្ត​ត្រកូល។ ប៉ុន្តែ គាត់​មាន​សុទ្ធ​តែ​កូន​ស្រី ហើយ​ពៅ​គេ​ក៏​កូន​ស្រី​ទៀត ដូច្នេះ​គាត់​ចង់​សម្លាប់​កូន​ស្រី​ពៅ​គាត់​ចោល​តែ​ម្តង។ កូន​នេះ​កើត​មក​ក៏​ពិការ​ភ្នែក​ទៀត ម្តាយ​ក៏​សង្គ្រោះ​កូន​ដោយសារ​ជា​ទឹក​ចិត្ត​ម្តាយ ហើយ​បាន​ផ្ញើ​កូន​នេះ​នៅ​ក្នុង​អារាម​បង​ស្រី ដើម្បី​ឱ្យ​បង​ស្រី​ជួយ​មើល​កូន​ស្រី​នេះ។ នៅ​ពេល​កូន​ស្រី​នេះ មាន​អាយុ​១២​ឆ្នាំ គាត់​បាន​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក នៅ​ពេល​ដែល​គាត់​ទទួល​ពិធី​ជ្រមុជ​ទឹក ភ្នែក​របស់​គាត់​បាន​ភ្លឺ ហើយ​ក៏​មើល​ឃើញ ដូច​ជា​ព្រះជាម្ចាស់​បាន​ប្រទាន​ជំនឿ​ដល់​គាត់​ដើម្បី​ឱ្យ​គាត់​មើល​ឃើញ គឺ​ព្យាបាល​ជំងឺ​ពី​កំណើត​របស់​គាត់។ ក្រោយ​មក គាត់​បាន​មក​ដល់​ស្រុក​កំណើត​របស់​គាត់ នៅ​ពេល​នោះ​ឪពុក​របស់​គាត់​បាន​ស្វាគមន៍​គាត់ និង​គាត់​សុខ​ចិត្ត​លះ​បង់​ចោល​អ្វីៗ​ទាំង​អស់​សម្រាប់​ព្រះជាម្ចាស់។ គាត់​បាន​ប្រមូល​យុវនារី​មួយ​ចំនួន ដើម្បី​នៅ​ជា​មួយ​គាត់​លើ​ភ្នំ​មួយ ដើម្បី​ស្វាគមន៍ ជា​ពិសេស​អ្នក​ជំងឺ អ្នក​ដែល​គ្មាន​សេចក្តី​សង្ឃឹម អ្នក​ដែល​មាន​ជំងឺ​ឃ្លង់ ជន​ពិការ…។ គាត់​ព្យាបាល​ពួក​គេ​បាន​ជា​សះស្បើយ​យ៉ាង​ច្រើន នៅ​ក្នុង​សេចក្តី​ស្រឡាញ់ និង​នៅ​ក្នុង​សេចក្តី​សង្ឃឹម​របស់​គាត់ រហូត​ដល់​គាត់​ទទួល​មរណៈភាព។

ថ្ងៃ​នេះ ដែល​យើង​គោរព​សន្តី អូឌីល គម្រប់​១៣០០​ឆ្នាំ ជា​សន្តី​ម្នាក់​ដ៏​ចាស់​ដែល​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​ជំនឿ​របស់​យើង​សារជាថ្មី។ ដូច​យើង​បាន​ស្តាប់​ថ្ងៃ​នេះ ក្នុង​អត្ថបទ​ទី​២ យើង​បាន​ស្តាប់​ថា “ការ​ប្រោស​ប្រណី​របស់​យើង​ចំពោះ​អ្នក​ល្មម​គ្រប់​គ្រាន់​ហើយ ដ្បិត​ឫទ្ធានុភាព​របស់​យើង​លិច​ចេញ​មក​យ៉ាង​ខ្លាំង​បំផុត​នៅ​ក្នុង​មនុស្ស​ទន់​ខ្សោយ”។ សន្តី អូឌីល គាត់​គឺ​ជា​កូន​ក្មេង​ដែល​ពិការ​ភ្នែក គាត់​ជា​កូន​ស្រី​ដែល​ឪពុក​ស្អប់​បំផុត។ ប៉ុន្តែ នៅ​ក្នុង​ភាព​ទន់​ខ្សោយ​របស់​គាត់ គាត់​បាន​ទទួល​ព្រះអំណោយ​ទាន​ពី​ព្រះជាម្ចាស់។ ព្រះអំណោយ​ទាន​របស់​ព្រះជាម្ចាស់ បាន​ណែនាំ​ឱ្យ​គាត់​ទៅ​ជា​មនុស្ស​រឹង​មាំ ពោរពេញ​ដោយ​ឫទ្ធានុភាព​ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់។ ពិត​មែន​បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​បាន​ពិចារណា​កន្លង​មក​អំពី​ជំនឿ អំពី​សេចក្តី​សង្ឃឹម អំពី​សេចក្តី​ស្រឡាញ់ ថ្ងៃ​នេះ​យើង​ចង់​ឆ្លើយ​នូវ​សំណួរ​ដែល​គេ​មាន​ទៅ​ព្រះយេស៊ូ​ក្នុង​គម្ពីរ​ដំណឹង​ល្អ ដោយសារ​គេ​ឆ្ងល់ តើ​ព្រះយេស៊ូ​មាន​ឫទ្ធានុភាព​មក​ពី​ណា? តើ​ព្រះយេស៊ូ​មាន​បារមី​មក​ពី​ណា? តើ​ព្រះយេស៊ូ​មាន​ប្រាជ្ញា​មក​ពី​ណា ដើម្បី​ទេសនា​ពី​ធម្មសាលា​មួយ​ទៅ​ធម្មសាលា​មួយ ដើម្បី​ណែនាំ​ឱ្យ​អ្នក​ជំងឺ​ជា​សះស្បើយ​នៅ​គ្រប់​ទី​កន្លែង​ដែល​ព្រះយេស៊ូ​គង់​នៅ? ជា​ពិសេស​នៅ​ស្រុក​កំណើត គេ​សួរ តើ​គាត់​ដឹង​សេចក្តី​នេះ​មក​ពី​ណា? តើ​ប្រាជ្ញា​ដែល​គាត់​បាន​ទទួល​នេះ​ជា​ប្រាជ្ញា​អ្វី​ទៅ?

បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​មាន​ចម្លើយ ព្រះយេស៊ូ​បាន​ទទួល​ប្រាជ្ញា ព្រះយេស៊ូ​បាន​ដឹង​សេចក្តី​ទាំង​នេះ ដោយសារ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​របស់​ព្រះជាម្ចាស់។ ពី​ប៉ុន្មាន​ថ្ងៃ​មុន​នៅ​ភ្នំពេញ​ថ្មី ខ្ញុំ​បាន​ធ្វើ​ពិធី​ព្រះពរ​ទៅ​លើ​ប្រេង​ពិសិដ្ឋ ដែល​ជា​ប្រេង​ដែល​យើង​ប្រើ​សម្រាប់​ធ្វើ​អគ្គ​សញ្ញា​លាប​ថ្ងាស។ ឆ្នាំ​នេះ​ដោយសារ​ជំងឺ​កូវីដ-១៩ ខ្ញុំ​មិន​ដើរ​តាម​កន្លែង​នីមួយៗ​ដូច​ខ្ញុំ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ។ ប៉ុន្តែ ជា​រៀង​រាល់​ឆ្នាំ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ដើរ​តាម​កន្លែង​នីមួយៗ​ដើម្បី​ធ្វើ​អគ្គ​សញ្ញា​លាប​ថ្ងាស គឺ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ផ្ទាល់ ដែល​យាង​មក​នៅ​ក្នុង​គ្រីស្ត​បរិស័ទ​របស់​យើង យុវជន​យុវនារី បង​ប្អូន​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក (ពន្លក​ថ្មី) ដើម្បី​ឱ្យ​បង​ប្អូន​បាន​ទទួល​ចំណេះ​ដឹង ជំនឿ ប្រាជ្ញា​មក​ពី​ព្រះជាម្ចាស់។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ព្រះអំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​មាន​៧ គឺ​ទី​១​ប្រាជ្ញា ទី​២​ការ​ឈ្លាសវៃ ទី​៣​ការ​ចេះ​ផ្តល់​ដំបូន្មាន ទី​៤​ចិត្ត​អង់​អាច ទី​៥​ចំណេះ​ដឹង ទី​៦​ការ​គោរព​ប្រតិបត្តិ​គ្រប់​ពេល​វេលា និង​ទី​៧​ការ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់។ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ណែនាំ​ឱ្យ​យើង​មាន​យោបល់​ល្អ ណែនាំ​ឱ្យ​យើង​ចេះ​ទទួល​ខុស​ត្រូវ ណែនាំ​ឱ្យ​យើង​មាន​ប្រាជ្ញា​ឈ្លាសវៃ ណែនាំ​ឱ្យ​យើង​យល់​អំពី​សេចក្តី​ពិត ណែនាំ​ឱ្យ​យើង​ចេះ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ ណែនាំ​ឱ្យ​យើង​ធ្វើ​តាម​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ទោះ​បី ខ្ញុំ​ធ្វើ​អគ្គ​សញ្ញា​លាប​ថ្ងាស​មិន​បាន​នៅ​ឆ្នាំ​នេះ ខ្ញុំ​ទៅ​តាម​កន្លែង​នីមួយៗ​មិន​បាន ប៉ុន្តែ​ខ្ញុំ​ជឿ​ថា នៅ​ពេល​ហ្នឹង​តាម​រយៈ​អភិបូជា​ដែល​យើង​ផ្សាយ តាម​រយៈ​ដែល​បង​ប្អូន​បាន​យក​ចិត្ត​ទុក​ដាក់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យើង​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​សារជាថ្មី។ យើង​បាន​ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​សារជាថ្មី ដើម្បី​ទៅ​មុខ​នៅ​ក្នុង​ជីវិត​របស់​យើង។ យើង​ឃើញ​ពី​ដើម ព្រះយេស៊ូ​បាន​យាង​ទៅ​ភូមិ​នា​នា ហើយ​ទ្រង់​បង្រៀន​អ្នក​ស្រុក សព្វ​ថ្ងៃ​យើង​ទៅ​ភូមិ​នា​នា​នៅ​ជុំ​វិញ​មិន​បាន។ ប៉ុន្តែ តាម​របៀប​ដែល​យើង​ទំនាក់​ទំនង​ពី​ចម្ងាយ (ZOOM) នៅ​ក្នុង​របៀប​ថ្មីៗ​ជា​ឱកាស​មួយ​ដើម្បី​មាន​ទំនាក់​ទំនង។ រសៀល​នេះ ខ្ញុំ​នឹង​ប្រជុំ​ជា​មួយ​សមាគមន៍​សន្ត វ៉ាំងសង់ ជា​ពេល​វេលា​មួយ​ដើម្បី​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ក្នុង​ពេល​វេលា​ដ៏​ពិបាក​នេះ។ តើ​ក្រុម​សន្ត វ៉ាំងសង់ អាច​បង្ហាញ​ធម៌​មេត្តា​ករុណា​ដល់​បង​ប្អូន​ឯទៀតៗ​ដូច​ម្តេច? ដោយសារ​យើង​មាន​របៀប​ផ្សេងៗ យើង​មិន​ជាប់​ឃុំ​ឃាំង យើង​មិន​ជាប់​នៅ​ក្នុង​ផ្ទះ លើក​លែង​តែ​យើង​ធ្វើ​ចត្តាឡីស័ក យើង​អាច​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​ដែល​កំពុង​ពិបាក។ ពី​ម្សិល​មិញ​នៅ​ក្នុង​ចំការទៀង​យើង​មាន​មេក្រុម​កាយ​រិទ្ធិ​ខ្លះៗ ដែល​បាន​ទៅ​សួរ​សុខ​ទុក្ខ​ចាស់​ជរា​ដែល​កំពុង​រង​ទុក្ខ​លំបាក​នៅ​ក្នុង​ជីវិត យើង​អាច​ធ្វើ​បាន។

ដូច្នេះ នៅ​ក្នុង​កម្លាំង​ដែល​យើង​បាន​ទទួល​ពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ឱ្យ​យើង​ដឹង​ថា​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ណែនាំ​ឱ្យ​យើង​មាន​ប្រាជ្ញា​ឈ្លាសវៃ។ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ណែនាំ​ឱ្យ​យើង​ទទួល​ខុស​ត្រូវ​យ៉ាង​ខ្ពស់ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ណែនាំ​ឱ្យ​យើង​មាន​យោបល់​ល្អ។ ជា​ពិសេស ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ណែនាំ​ឱ្យ​យើង​ធ្វើ​តាម​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ នេះ​ជា​ការ​អស្ចារ្យ ព្រោះ​ថា​ពេល​យើង​ធ្វើ​តាម​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យើង​មិន​ទៅ​ជា​មនុស្ស​ដែល​អាត្មា​និយម ចង្អៀត​ចង្អល់ ចេះ​តែ​ភ័យ​ខ្លាច។ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ គឺ​ជា​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​នៅ​គ្រប់​ទី​កន្លែង ព្រះយេស៊ូ​មិន​ដែល​អស់​សង្ឃឹម​ទេ។ ទោះ​បី​នៅ​ក្នុង​ភូមិ​កំណើត គេ​មិន​ទទួល​ស្គាល់​ព្រះយេស៊ូ​ក៏​ដោយ ប៉ុន្តែ​ព្រះអង្គ​ទៅ​មុខ ព្រះអង្គ​បាន​ចេញ​ពី​ភូមិ​កំណើត​ដើម្បី​ទៅ​ភូមិ​នានា ដើម្បី​បន្ត​ប្រកាស​ដំណឹង​ល្អ​ឱ្យ​មនុស្ស​ទាំង​អស់​អាច​ទទួល​ជីវិត ជីវិត​ដ៏​បរិបូរណ៍​តាម​រយៈ​ព្រះយេស៊ូ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ដែល​យើង​នឹក​រលឹក​ដល់​សន្តី អូឌីល ជា​សន្តី​ម្នាក់​ដែល​ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​ជំនឿ សេចក្តី​សង្ឃឹម សេចក្តី​ស្រឡាញ់។ យើង​ត្រូវ​តែ​ថែរក្សា​គុណ​ធម៌​ទាំង​៣ ដោយ​ទូល​អង្វរ​ព្រះជាម្ចាស់​សូម​ព្រះអង្គ​ប្រទាន​ព្រះអំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ទាំង​៧​មក​សណ្ឋិត​លើ​យើង ដើម្បី​ឱ្យ​យើង​រួម​គ្នា​បន្ត​រស់​នៅ​នៅ​ក្នុង​ជំនឿ ដើម្បី​ឱ្យ​យើង​រួម​គ្នា​បន្ត​ធ្វើ​ដំណើរ​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ ដើម្បី​ឱ្យ​យើង​រួម​គ្នា​បន្ត​ថែរក្សា​សេចក្តី​សង្ឃឹម។ ដោយ​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ម្តង​ហើយ​ម្តង​ទៀត “ការ​ប្រោស​ប្រណី​របស់​យើង​ចំពោះ​អ្នក​ល្មម​គ្រប់​គ្រាន់​ហើយ”។ នេះ​ជា​ព្រះបន្ទូល​ដែល​ខ្ញុំ​បាន​ជ្រើស​រើស នៅ​ពេល​ខ្ញុំ​បាន​ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជា​បូជាចារ្យ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​១៩៩៨ ចូល​២៤​ឆ្នាំ​នៅ​ឆ្នាំ​នេះ។ នៅ​ពេល​នោះ​ខ្ញុំ​បាន​រើស​ព្រះបន្ទូល​នេះ ដោយ​ដឹង​ថា​ការ​ប្រោស​ប្រណី​របស់​ព្រះជាម្ចាស់​ល្មម​គ្រប់​គ្រាន់​ហើយ យើង​មិន​ត្រូវ​ការ​អ្វី​ផ្សេង​ទេ។ ការ​ប្រោស​ប្រណី​របស់​ព្រះជាម្ចាស់ ជា​ព្រះអំណោយ​ទាន​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ ជា​កម្លាំង​កាយ​កម្លាំង​ចិត្ត​របស់​យើង ជា​សេចក្តី​រីក​រាយ​របស់​យើង ជា​សេចក្តី​ស្រឡាញ់​ដែល​ជម្រុញ​យើង ដើម្បី​ឱ្យ​យើង​កសាង​ព្រះសហគមន៍​របស់​យើង។

នៅ​ពេល​នេះ​យើង​ចូល​ក្នុង​ខែ​កក្កដា ជា​រៀង​រាល់​ឆ្នាំ​ខែ​កក្កដា​ដូចជា​ខែ​ដែល​យើង​កំពុង​ត្រៀម​ខ្លួន​សម្រាប់​សិស្សានុសិស្ស​ប្រលង​ឌីប្លម ប្រលង​បាក់ឌុប។ ជា​រៀង​រាល់​ឆ្នាំ ខែ​នេះ​ជា​ពេល​វេលា​ដែល​យើង​ត្រៀម​ខ្លួន​ដើម្បី​រៀប​ចំ​កម្មវិធី​បោះ​ជំរំ ជា​មួយយុវជន​យុវនារី ជា​មួយ​មេ​កាយ​រិទ្ធិ ជា​មួយ​ការ​ត្រាស់​ហៅ។ ឆ្នាំ​នេះ​យើង​មិន​ដឹង​ទេ ដោយសារ​កាលៈទេសៈ​នៃ​ជំងឺ​កូវីដ-១៩ ណែនាំ​ឱ្យ​យើង​អាច​ត្រឹម​តែ​សម្រុះ​សម្រួល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ប៉ុន្តែ យើង​នឹក​ឃើញ​ព្រះជាម្ចាស់​គង់​នៅ​ជា​មួយ​យើង​ថ្ងៃ​នេះ និង​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​បាន​កើត​ជា​រូប​រាង​ថ្ងៃ​នេះ។ ដូច្នេះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​យើង​យក​ចិត្ត​ទុក​ដាក់​ដោយ​នឹក​ឃើញ​គោល​ដៅ​ដ៏​ធំ​របស់​យើង គឺ​ណែនាំ​ឱ្យ​យើង​មាន​សុភមង្គល​ដ៏​ពិត​ប្រាកដ។ រួម​ជា​មួយ​ព្រះយេស៊ូ ដែល​បាន​ប្រកាស​ដំណឹង​ល្អ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ដែល​បាន​ណែនាំ​ឱ្យ​អ្នក​ជំងឺ​ជា​សះស្បើយ​យ៉ាង​ច្រើន។

សន្តី អូឌីល គាត់​បាន​រក​ឃើញ​ប្រភព​នៃ​ទឹក​នៅ​លើ​ភ្នំ រហូត​ដល់​សព្វ​ថ្ងៃ​១៣០០​ឆ្នាំ​មក​ហើយ​ទឹក​នេះ​នៅ​តែ​ហូរ​ចេញ​ដដែល។ ខ្ញុំ​ផ្ទាល់ ប៉ុន្មាន​ដង​ប៉ុន្មាន​សារ​ខ្ញុំ​បាន​ទៅ​ដល់​កន្លែង​ហ្នឹង​គ្រប់​ពេល​ដែល​ខ្ញុំ​ទៅ​ប្រទេស​បារាំង ដើម្បី​សុំ​ឱ្យ​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ថែម​ទៀត ដើម្បី​ឱ្យ​តាម​រយៈ​ទឹក​ណែនាំ​ឱ្យ​យើង​ទទួល​ជីវិត​ពី​ព្រះជាម្ចាស់ ឱ្យ​យើង​មាន​កម្លាំង​ដើម្បី​ស្រឡាញ់​ថែម​ទៀត ដើម្បី​បម្រើ​ថែម​ទៀត។

ថ្ងៃ​នេះ ខ្ញុំ​អធិដ្ឋាន​ជា​ពិសេស​សម្រាប់​បង​ប្អូន​ទាំង​អស់​ដែល​ជាប់​ចត្តាឡីស័ក បង​ប្អូន​ដែល​កំពុង​ព្យាបាល​ជំងឺ​កូវីដ-១៩។ យើង​ផ្ញើ​កូន​ស្រី អូឌីល ដែល​កំពុង​ពិបាក​ដោយ​សារ​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ដៃ​របស់​សន្តី អូឌីល។ សូម​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​ព្រះសហគមន៍​យើង ឱ្យ​យើង​ទាំង​អស់​គ្នា​បន្ត​ដើរ​ឆ្ពោះ​ទៅ​កាន់​ជីវិត ជីវិត​អស់​កល្ប​ជានិច្ច។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា
ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ

នាព្រឹកថ្ងៃទី៣០​ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ​ ​ដែលទទួល​ខុស​ត្រូវ​ដោយ​ក្រុម​បព្វជិត​​ឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ​ សង្កាត់​អរិយក្សត្រ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ​ បងប្រុស​ បងស្រី​ តំណាងអាជ្ញាធរដែនដី​ សិស្សានុសិស្ស​ អាណាព្យាបាល​ យ៉ាងច្រើនកុះករ​។ មានប្រសាសន៍​សំណេះសំណាលក្នុងពិធីកាត់ខ្សែបូ លោកអភិបាលអូលីវីយ៉េ លើកឡើងថា នៅទីនេះមាតាបិតាមានសំណាងណាស់ ដោយសារកូនៗរៀននៅសាលាដ៏ល្អ មានការអប់រំដ៏ល្អមិនគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់​ក្រុម​បព្វជិត​ឡាសាល

សិស្សនៃ​វិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន​៨នាក់​ ទទួលបាន​និទ្ទេស A ពីការ​​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំ​សិក្សា​២០២៣-២០២៤ ចំនួន​៨ នាក់របស់​សាលា​ចំណេះទូទៅ​សន្តហ្វ្រង់ស្វ័រ ទទួល​បាននិទ្ទេសA ក្នុង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះ​បើ​យោង​តាម​លទ្ធផល​ដែល​បាន​បូកសរុប​ដោយ​សាលាផ្ទាល់។ លោកអូលីវីយ៉េ ជ្មីតហស្លេ ជា​ស្ថាបនិក និង​ជា​អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ​មានប្រសាសន៍ថា ក្នុងឆ្នាំនេះ សាលា​មាន៨នាក់ជាប់និទ្ទេសA  ស្មើនឹង២២,២២​ភាគរយនៃសិស្ស៣៦នាក់។ លោក​ថា «នេះ​ជាមោទនភាពរបស់ព្រះសហគមន៍កាតូលិកដែលបានបង្កើតគ្រឹះស្ថានអប់រំ​ដ៏ល្អបំផុត ដែលមានលទ្ធផលប្រហែលជាទទួលបាន លេខមួយនៅទូទាំងប្រទេស ដែលមាននិទ្ទេសA ច្រើនដូចនេះ។» លោក​បញ្ជាក់ថា ជោគជ័យនេះបាន​ដោយសារតែសិស្សសាលារបស់យើងសព្វថ្ងៃ ទទួលការអប់រំពីព្រះសហគមន៍កាតូលិកតាំងពីមត្តេយ្យសិក្សា

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

Subscribe to our newsletter

Don't miss new updates on your email