“លោកគ្រូដ៏សប្បុរសអើយ តើខ្ញុំត្រូវធ្វើអ្វីដើម្បីឱ្យបានទទួលជីវិតអស់កល្បជានិច្ចទុកជាមរតក?”
បងប្អូនជាទីស្រឡាញ់
សំណួរដែលយើងបានស្តាប់ថ្ងៃនេះ ជាសំណួរដែលណែនាំឱ្យយើងចូលក្នុងរឿងដ៏មានសារៈសំខាន់បំផុត នៃជីវិតរបស់យើងលើផែនដីនេះ។ គោលដៅនៃជីវិតយើង អនាគតនៃជីវិតយើង ផ្លូវនៃជីវិតយើងទៅដល់ណា។ បុរសម្នាក់ដែលបានសួរទៅព្រះយេស៊ូថា តើត្រូវធ្វើដូចម្តេចដើម្បីទទួលជីវិតអស់កល្បជានិច្ចទុកជាមរតក? ណែនាំឱ្យយើងយល់ថា អនាគតរបស់យើង គោលដៅនៃជីវិតរបស់យើងគឺទទួលជីវិតអស់កល្បជានិច្ចទុកជាមរតក។
នេះជាសំណួរដែលត្រូវតែណែនាំឱ្យយើងគិតពិចារណា ជាពិសេសពីប៉ុន្មានខែដែលយើងភ្ជាប់ជាមួយកូវីដ-១៩។ យើងបានឃើញ ទាំងនៅប្រទេសកម្ពុជាទាំងនៅក្នុងពិភពលោក មានជាង៤លានកន្លះដែលបានទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩។ ពេលយើងបានឃើញមានកូនក្មេង អ្នកជំងឺដែលក្មេងៗ អ្នកខ្វះម្ហូបអាហារ អ្នកខ្វះគ្រូពេទ្យដើម្បីព្យាបាល ឬដោយសារសង្រ្គាម ដែលបណ្តាលឱ្យពួកគេទទួលមរណៈភាពមុនអាយុ។ ណែនាំឱ្យយើងត្រូវតែយល់ សំណួរនេះមិនមែនជាសំណួរសម្រាប់ចាស់ៗ សំណួរនេះមិនមែនសម្រាប់មនុស្សដែលកំពុងរស់នៅនៅក្នុងដំណាក់កាលចុងក្រោយនៃជីវិតផ្ទាល់ខ្លួន ដោយសារជិតផុតអាយុ សំណួរនេះជាសំណួរសម្រាប់យើងទាំងអស់គ្នា។
ពីថ្ងៃដែលយើងបានទទួលអគ្គសញ្ញាជ្រមុជទឹក យើងបានសុំជំនឿដើម្បីទទួលជីវិតអស់កល្បជានិច្ច។ សំណួរដែលមានថ្ងៃនេះសម្រាប់យើង តើយើងធ្វើដូចម្តេចដើម្បីទទួលជីវិតអស់កល្បជានិច្ច? យើងមិនទុកសំណួរនេះសម្រាប់ចាស់ជរា។ តាមពិត នៅក្នុងព្រះសហគមន៍កាតូលិករបស់យើង យើងបានឃើញទាំងក្មេងៗ ទាំងយុវជនយុវនារី ទាំងមនុស្សពេញវ័យ ដែលបានចូលអភិបូជាជារៀងរាល់អាទិត្យ ដែលស្តាប់ព្រះបន្ទូលជារៀងរាល់អាទិត្យ។ ជាព្រះបន្ទូលដ៏មានជីវិត ដូចយើងបានស្តាប់នៅក្នុងអត្ថបទទី២ថ្ងៃនេះ “ជាព្រះបន្ទូលដ៏មានជីវិត ដែលមុតជាងដាវមុខពីរ”។ ព្រះបន្ទូលដែលណែនាំឱ្យយើងភ្ញាក់ស្មារតីពីមួយថ្ងៃទៅមួយថ្ងៃ ហេតុនេះហើយជំនឿរបស់យើង សាសនារបស់យើងមិនទុកសម្រាប់ចាស់ៗ ដែលចង់ធ្វើបុណ្យនៅក្នុងជីវិតចុងក្រោយរបស់គាត់ផ្ទាល់។ ផ្ទុយទៅវិញ ជាសាសនាដែលចូលនៅក្នុងជីវិតរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីណែនាំឱ្យយើងគិតពិចារណា មូលហេតុអ្វីខ្ញុំដើរតាមព្រះយេស៊ូ? មូលហេតុអ្វីខ្ញុំបានចូលនៅក្នុងព្រះសហគមន៍? មូលហេតុអ្វីខ្ញុំបានសុំទទួលពិធីជ្រមុជទឹក? ចម្លើយយើងមាន ដោយសារយើងសុំមានជំនឿ ជំនឿណែនាំឱ្យខ្ញុំទទួលជីវិតអស់កល្បជានិច្ច នេះជាគោលដៅនៃជីវិតរបស់យើង។
បងប្អូនជាទីស្រឡាញ់ សំណួរដែលយើងស្តាប់ថ្ងៃនេះជាសំណួរដែលណែនាំឱ្យយើង ចូលនៅក្នុងអ្វីដែលសំខាន់បំផុតសម្រាប់ជីវិតរបស់យើងបច្ចុប្បន្ននេះ។ នៅពេលយើងស្តាប់ចម្លើយយើងដឹងថា ទី១ កុំសម្លាប់មនុស្ស ទី២ កុំប្រព្រឹត្តអំពើផិតក្បត់ ទី៣ កុំលួចទ្រព្យសម្បត្តិរបស់គេ ទី៤ កុំនិយាយកុហក ទី៥ សូមគោរពមាតាបិតា។ នេះជាវិន័យមូលដ្ឋានទាំង៥ ដែលយើងត្រូវតែយកចិត្តទុកដាក់ដើម្បីដើរតាមព្រះយេស៊ូ ដើម្បីដើរតាមព្រះជាម្ចាស់ និងជាពិសេសដើម្បីរកឃើញជីវិតអស់កល្បជានិច្ច។
តាមពិត ថ្ងៃនេះព្រះយេស៊ូបានណែនាំឱ្យយើងគិតពិចារណាថែមទៀត ដោយសារបុរសនោះដែលបានគោរពវិន័យពីដើមរៀងមក ប៉ុន្តែគាត់បានស្តាប់ព្រះបន្ទូលមួយដែលណែនាំឱ្យគាត់ព្រួយចិត្ត។ ព្រះបន្ទូលនេះក៏សម្រាប់យើងថ្ងៃនេះដែរ “នៅខ្វះកិច្ចការមួយទៀតដែលលោកមិនទាន់ធ្វើ គឺអញ្ជើញទៅលក់អ្វីៗដែលមានហើយចែកឱ្យអ្នកក្រីក្រ រួចសឹមអញ្ជើញមកតាមខ្ញុំ”។ ដូច្នេះ នៅក្នុងនេះយើងមានចំណុចដ៏សំខាន់ គឺដើម្បីទទួលជីវិតអស់កល្បជានិច្ច យើងមិនអាចភ្ជាប់ជាមួយទ្រព្យសម្បត្តិនៃលោកិយ មិនអាចជាប់ដោយមានចិត្តលោភលន់ ចង់បានប្រមូលសម្រាប់យើងថែមទៀតនិងថែមទៀត។ ផ្ទុយទៅវិញ នៅពេលព្រះយេស៊ូមានព្រះបន្ទូលថា សូមលក់ទ្រព្យសម្បត្តិទាំងអស់នឹងចែកទៅអ្នកក្រីក្រ មានន័យថាណែនាំឱ្យយើងគិតដល់បងប្អូនឯទៀតៗជានិច្ច ណែនាំឱ្យយើងចែករំលែកជាមួយមនុស្សដែលខ្វះខាតជាងយើង។ ដូច្នេះ កុំឱ្យយើងទៅជាមនុស្សដែលពោរពេញដោយចិត្តលោភលន់ចង់មានទ្រព្យសម្បត្តិយ៉ាងច្រើន។ នេះតែប៉ុណ្ណឹងមិនទាន់ល្មមទេ ចុងក្រោយព្រះយេស៊ូបានណែនាំឱ្យយើងដើរតាមព្រះយេស៊ូតែម្តង។ ដូច្នេះ ប្រសិនបើយើងពិចារណាអំពីដំណើរដែលបុរសនោះត្រូវតែធ្វើ ដើម្បីទទួលជីវិតអស់កល្បជានិច្ចជាមរតកជាមួយព្រះយេស៊ូគឺ៖
ទី១ គោរពវិន័យដ៏សំខាន់ (កុំសម្លាប់ជីវិត កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហក សូមគោរពមាតាបិតា)។ នេះជាអ្វីដែលយើងត្រូវការធ្វើ ដើម្បីរស់នៅយ៉ាងសុខដុមរមនា ពោរពេញដោយសេចក្តីសុខសាន្តនៅក្នុងសង្គម។ ដើម្បីរស់នៅក្នុងសង្គម ប្រសិនបើយើងទាំងអស់គ្នាយើងគោរពមូលដ្ឋាននៃវិន័យនេះ ណែនាំឱ្យសង្គមរបស់យើងពោរពេញដោយសេចក្តីសុខ។ ដោយសារយើងដឹងថា យើងមិនសម្លាប់គេ យើងមិនលួចទ្រព្យសម្បត្តិគេ យើងមិនប្រព្រឹត្តអំពើផិតក្បត់ យើងមិននិយាយកុហក យើងគោរពមាតាបិតា ល្មមអាចធ្វើឱ្យសង្គមរបស់យើងមានសេចក្តីសុខមែន។
ទី២ យើងធ្វើដូចម្តេចដើម្បីគិតដល់បងប្អូនឯទៀតៗដែលកំពុងពិបាក ដូច្នេះមិនមែនតែណែនាំឱ្យយើងមានទំនាក់ទំនងយ៉ាងស្រួលជាមួយអ្នកដទៃ ឱ្យយើងចេះគោរពធម៌វិន័យ ឱ្យចេះគោរពសីលធម៌ ឱ្យយើងចេះនឹកឃើញដោយមានចិត្តអាណិតមេត្តា។ ចិត្តអាណិតមេត្តាដល់បងប្អូនឯទៀតៗ ដូចព្រះយេស៊ូមានព្រះហឫទ័យមេត្តា។ ថ្ងៃនេះ យើងបានស្តាប់ពាក្យមួយដែលណែនាំឱ្យយើងត្រូវតែទទួលបានភាពកក់ក្តៅមែនទែន គឺព្រះយេស៊ូមានព្រះហឫទ័យស្រឡាញ់គាត់ ”នៅពេលនោះព្រះយេស៊ូទតមើលទៅគាត់ នឹងព្រះយេស៊ូមានព្រះហឫទ័យស្រឡាញ់គាត់ មុនព្រះយេស៊ូអប់រំគាត់ថែមទៀត”។ ព្រះយេស៊ូបានអប់រំ ឱ្យយើងចេះនឹកឃើញដល់បងប្អូនឯទៀតៗ ឱ្យយើងចេះនឹកឃើញដល់មនុស្សដែលកំពុងខ្វះខាត មនុស្សដែលកំពុងពិបាក ឱ្យយើងមានចិត្តអាណិតមេត្តាដល់អ្នកដទៃ។
ទី៣ ដើម្បីរស់នៅក្នុងសេចក្តីសុខក្នុងចិត្តរបស់យើង យើងគោរពវិន័យដើម្បីឱ្យសង្គមរបស់យើងមានសុខដុមរមនា យើងនឹកឃើញដល់បងប្អូនឯទៀតៗដោយមានចិត្តអាណិតមេត្តា និងយើងយកព្រះយេស៊ូជាទីពឹងតែម្តង។ នៅពេលយើងលក់ទ្រព្យសម្បត្តិរបស់យើងទាំងអស់ យើងដើរតាមព្រះយេស៊ូ “បន្ទាប់មកសឹមអញ្ជើញមកតាមខ្ញុំ”។ នេះយើងឡើងដល់កំពូលហើយ ដោយយល់ថាជីវិតរបស់យើងពោរពេញដោយសេចក្តីសុខលុះត្រាតែយើងគោរពធម៌វិន័យ លុះត្រាតែយើងស្រឡាញ់បងប្អូនឯទៀតៗដោយមានចិត្តអាណិតមេត្តាជានិច្ច និងឱ្យយើងភ្ជាប់ជាមួយព្រះយេស៊ូផ្ទាល់។ នេះជាសេចក្តីសុខដែលយើងរកឃើញ ដោយសារយើងត្រៀមខ្លួនដើម្បីទទួលជីវិតអស់កល្បជានិច្ច។
បងប្អូនជាទីស្រឡាញ់ ជីវិតរបស់យើងមិនតែភ្ជាប់នៅក្នុងសង្គមបច្ចុប្បន្ននេះតែប៉ុណ្ណឹង ប៉ុន្តែជីវិតរបស់យើងត្រូវការភ្ជាប់ជាមួយព្រះយេស៊ូដែលគង់នៅជាមួយយើង និងជាមួយព្រះជាម្ចាស់ដែលនៅស្ថានបរមសុខ។ ហេតុនេះហើយ ជីវិតរបស់យើងមិនអាចតែទទួលការចិញ្ចឹមពីសង្គមបច្ចុប្បន្ននេះ ប៉ុន្តែត្រូវតែទទួលចិញ្ចឹមនៅក្នុងផ្លូវវិញ្ញាណតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចយើងបានស្តាប់ថ្ងៃនេះ ”ព្រះបន្ទូលដ៏មានជីវិត ព្រះបន្ទូលដែលមុតជាងដាវមុខពីរទៅទៀត ព្រះបន្ទូលដែលណែនាំឱ្យយើងភ្ញាក់ស្មារតីជានិច្ច ព្រះបន្ទូលដែលមើលឃើញគោលដៅរបស់យើងយ៉ាងជ្រៅបំផុត ព្រះបន្ទូលដែលណែនាំឱ្យយើងទៅជាមនុស្សទទេនៅមុខព្រះយេស៊ូតែម្តង” នេះជាព្រះបន្ទូលដែលណែនាំឱ្យយើងទទួលជីវិតអស់កល្បជានិច្ច។
នៅក្នុងពេលវេលានៃជំងឺកូវីដ-១៩កន្លងមក យើងបានឃើញជីវិតរបស់យើងទៅជាជីវិតចង្អៀតចង្អល់ ដោយគិតអំពីយើងផ្ទាល់ខ្លួនច្រើនជាង។ ប៉ុន្តែ ឥឡូវនេះដល់ពេលវេលាដើម្បីភ្ញាក់ស្មារតីសារជាថ្មី ដល់ពេលវេលាដែលយើងយល់ថា ប្រសិនបើយើងមិនយកព្រះបន្ទូលជាទីពឹង យើងធ្វើដូចម្តេចដើម្បីទទួលជីវិតអស់កល្បជានិច្ច។ ដល់ពេលវេលា ដើម្បីនឹកឃើញដល់បងប្អូនឯទៀតៗដោយមានចិត្តអាណិតមេត្តាថែមទៀត។ ជាពិសេសនៅក្នុងខែតុលា ដែលជាខែណែនាំឱ្យយើងទៅជាអ្នកប្រកាសព្រះបន្ទូលដំណឹងល្អ ជាខែសម្រាប់យើងជាគ្រីស្តបរិស័ទពិចារណា តើខ្ញុំធ្វើដូចម្តេចដើម្បីប្រកាសដំណឹងល្អ? ប៉ុន្តែ ដើម្បីប្រកាសដំណឹងល្អយ៉ាងត្រឹមត្រូវយើងត្រូវការរៀនរួមរស់ជាមួយព្រះយេស៊ូសិន។ យើងធ្វើដូចម្តេចដើម្បីនិយាយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រសិនបើយើងមិនគោរពធម៌វិន័យ ប្រសិនបើយើងឥតមានចិត្តអាណិតមេត្តាដល់បងប្អូនឯទៀតៗ ប្រសិនបើយើងមិនភ្ជាប់ជាមួយព្រះយេស៊ូផ្ទាល់ដែលជាទីពឹងរបស់យើង យើងធ្វើដូចម្តេចដើម្បីផ្តល់សក្ខីភាពអំពីព្រះបន្ទូលដ៏មានជីវិតហ្នឹង។
ដូច្នេះខែតុលានេះ យើងយកចិត្តទុកដាក់ដើម្បីរៀនរួមរស់ជាមួយព្រះយេស៊ូ ដើម្បីរៀនរួមរស់ជាមួយព្រះនាងម៉ារី និងសន្តសន្តីបុគ្គលទាំងឡាយ។ ថ្ងៃនេះ យើងសប្បាយចិត្តដែលយើងបានមកដល់ព្រះវិហារសន្តីតេរេសានៃព្រះកុមារយេស៊ូ ដែលជាឧបការីនៃការប្រកាសដំណឹងល្អ។ ទោះបីសន្តីតេរេសា នៅតែក្នុងអារាមសម្ងាត់អស់មួយជីវិត ប៉ុន្តែគាត់បានភ្ជាប់ជាមួយព្រះយេស៊ូ គាត់ភ្ជាប់ជាមួយធម៌វិន័យរបស់ព្រះអង្គ គាត់ភ្ជាប់ជាមួយបងស្រីឯទៀតៗនៅក្នុងអារាម ណែនាំឱ្យគាត់ទៅជាសាក្សីដ៏ពិតប្រាកដ នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះបន្ទូលដ៏មានជីវិត។
បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះជាថ្ងៃទី១០ ខែតុលា ជាថ្ងៃដែលសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ នៅទីក្រុងរ៉ូមបើកមហាសន្និបាត ដែលណែនាំឱ្យព្រះសហគមន៍ធ្វើដំណើររួមជាមួយគ្នា។ ធ្វើដំណើររួមជាមួយគ្នាជាគ្រីស្តបរិស័ទ រួមជាមួយគ្នាជាមួយសង្គម និងជាពិសេសរួមជាមួយគ្នាជាមួយព្រះយេស៊ូ។ តាមភូមិភាគនីមួយៗទូទាំងពិភពលោក សប្តាហ៍ក្រោយយើងត្រូវតែបើកមហាសន្និបាតនេះដែរ។ ដូច្នេះ ខ្ញុំនឹងបើកពេលអភិបូជាសប្តាហ៍ក្រោយ ដើម្បីឱ្យយើងទាំងអស់គ្នានៅក្នុងរយៈពេល២ឆ្នាំខាងមុខ (២០២១-២០២៣) រួមជាមួយសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ រួមជាមួយព្រះសហគមន៍នីមួយៗដែលមាននៅក្នុងពិភពលោក។ ដោយដឹងថា មានភូមិភាគជាង៤៥០ទូទាំងពិភពលោក យើងធ្វើដំណើរជាមួយគ្នា ជាមួយគ្នាជាមហាគ្រួសារគ្រីស្តបរិស័ទ ជាមួយគ្នាជាមួយសង្គមបច្ចុប្បន្ននេះ ជាមួយគ្នាជាមួយព្រះយេស៊ូ ដើម្បីប្រកាសអំពីព្រះបន្ទូលដ៏មានជីវិត។
នៅពេលនេះ យើងទូលអង្វរព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឱ្យព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺយើង ឱ្យយើងទៅជាសាក្សីនៃដំណឹងល្អតាមរបៀបដែលយើងរស់នៅ គោរពធម៌វិន័យរបស់ព្រះអង្គ អាណិតមេត្តាដល់បងប្អូនឯទៀតៗ និងភ្ជាប់ជាមួយព្រះយេស៊ូជានិច្ច។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ