ពីព្រះសហគមន៍សន្តយ៉ូសែប
ផ្សារតូច ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១
“ចូរប្រុងស្មារតី និងទូលអង្វរគ្រប់ពេលវេលា”
បងប្អូនជាទីស្រឡាញ់
ថ្ងៃនេះ យើងចូលនៅក្នុងអាទិត្យទី១នៃរដូវរង់ចាំ រដូវអបអរសាទរព្រះយេស៊ូគ្រីស្តយាងមក។ នៅពេលយើងស្តាប់ពាក្យ រដូវអបអរសាទរណែនាំឱ្យយើងយល់ថា យើងចូលនៅក្នុងរដូវមួយដែលត្រូវតែណែនាំឱ្យយើងពោរពេញដោយសុភមង្គលនិងសេចក្តីសុខសាន្ត។ នៅក្នុងអត្ថបទទី១យើងបានស្តាប់ថា “យើងនឹងសម្រេចតាមពាក្យដែលយើងបានសន្យា គឺណែនាំឱ្យបងប្អូនពោរពេញដោយសុភមង្គលជាមួយជនជាតិអ៊ីស្រាអែលនិងប្រជាជនយ៉ូដា នៅពេលនោះមានស្តេចមួយដែលគ្រប់គ្រងស្រុកដោយសុចរិតនិងយុត្តិធម៌”។ នេះជាសេចក្តីសង្ឃឹមរបស់យើង នេះជាអំណរសប្បាយដែលយើងថែរក្សានៅក្នុងរដូវអប់អរសាទរ ដើម្បីណែនាំឱ្យយើងរៀបចំចិត្តគំនិតទទួលស្វាគមន៍ស្តេចរបស់យើង។ គឺព្រះយេស៊ូគ្រីស្តផ្ទាល់ ដែលយាងមកដើម្បីណែនាំឱ្យពិភពលោករបស់យើង ពោរពេញដោយយុត្តិធម៌ ពោរពេញដោយភាពសុចរិត និងពោរពេញដោយសេចក្តីសុខសាន្ត។
នេះជាសេចក្តីសង្ឃឹមរបស់យើង ហេតុនេះហើយនៅពេលយើងនិយាយអំពីរដូវរង់ចាំ ឬរដូវអបអរសាទរ យើងដឹងថា ជាពេលវេលាដើម្បីរង់ចាំ ជាពេលវេលាដើម្បីរៀបចំចិត្តគំនិត ជាពេលវេលាដើម្បីទទួលព្រះពរពីព្រះជាម្ចាស់។ ដូច្នេះ នៅពេលយើងនឹកឃើញនេះយើងចូលនៅក្នុងអាថ៌កំបាំងនៃជំនឿរបស់យើង ដោយសារនៅក្នុងរាត្រីព្រះយេស៊ូប្រសូតយើងមើលយ៉ាងជាក់ស្តែង ព្រះជាម្ចាស់ដែលជាព្រះបិតាបានស្រឡាញ់មនុស្សលោកយ៉ាងខ្លាំង។ ហេតុនេះហើយ បានជាព្រះអង្គចាត់ព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ ឱ្យយាងមកដើម្បីសង្រ្គោះមនុស្សលោក។ នេះជាអ្វីដែលយើងកំពុងរៀបចំនៅក្នុងដួងចិត្តរបស់យើង ដើម្បីស្វាគមន៍ព្រះយេស៊ូដែលជាព្រះសង្គ្រោះ ដែលជាជីវិត ដែលជាសុភមង្គលដ៏ពិតប្រាកដរបស់យើង។
បងប្អូនជាទីស្រឡាញ់ នៅពេលយើងចូលនៅក្នុងរដូវរង់ចាំនេះ យើងដូចជាបានចេញផុតពីការភ័យខ្លាចដែលយើងមានពីប៉ុន្មានខែកន្លងមកពីជំងឺកូវីដ-១៩។ ណែនាំឱ្យយើងមានអារម្មណ៍ថា ឥលូវនេះសង្គមរបស់យើងដូចជាបានបើកទ្វារទូលំទូលាយ បើកទ្វារព្រំដែនដើម្បីឱ្យភ្ញៀវទេសចរ ក៏ដូចជាជនបរទេសអាចធ្វើដំណើរចេញចូលបាន ករណីគេបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចហើយ។ បានបើកទ្វារនៅក្នុងសង្គមរបស់យើង យើងអាចចេញចូលនៅគ្រប់ទីកន្លែងលុះត្រាតែយើងបានចាក់វ៉ាក់សាំង និងបន្តអនុវត្ត៣កុំ៣ការពារ។ ប៉ុន្តែ បងប្អូនជាទីស្រឡាញ់យើងត្រូវតែប្រុងប្រយ័ត្ន ដោយសារការសប្បាយតាមលោកិយមិនមែនជាការសប្បាយតាមស្ថានបរមសុខ។ នៅពេលយើងស្តាប់អត្ថបទគម្ពីរដំណឹងល្អ យើងបានឮហើយថា កុំឱ្យយើងរវល់នឹងអំណរសប្បាយលើលោកិយនេះ កុំឱ្យយើងរវល់នឹងអំណរសប្បាយដែលណែនាំឱ្យយើងវង្វេងស្មារតី។ យើងចូលនៅក្នុងរដូវអបអរសាទរ ដើម្បីចូលនៅក្នុងជម្រៅនៃអំណរសប្បាយដ៏ពេញលក្ខណៈដែលយើងអាចទទួលពីព្រះជាម្ចាស់។
ហេតុនេះហើយ នៅក្នុងរដូវរង់ចាំនេះកុំឱ្យយើងគិតថាពេលនេះសង្គមរបស់យើង យើងអាចដើរលេងតាមចិត្តយើងភ្លេចខ្លួន។ ប្រសិនបើ យើងមើលនៅទ្វីបអឺរ៉ុបគេកំពុងភ័យខ្លាចសាជាថ្មី ដោយសារជំងឺកូវីដ-១៩បម្លែងខ្លួន ដែលចេញពីអាហ្វ្រិកប៉ុន្មានថ្ងៃមុន ដែលអាចនឹងចូលនៅក្នុងសង្គមរបស់យើងដែរ។ ដូច្នេះ ដើម្បីត្រៀមខ្លួនទទួលស្វាគមន៍ព្រះយេស៊ូប្រសូត យើងចូលនៅក្នុងអ្វីដែលលោកប៉ូលបាននិយាយនៅក្នុងអត្ថបទទី២ “បងប្អូនបានរៀនពីយើងអំពីរបៀបរស់នៅ ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយបានប្រព្រឹត្តតាមទៀតផង”។ លោកប៉ូលបាននិយាយទៅជនជាតិថេស្សាឡូនិក ដូចជាគេដឹងអស់ហើយអំពីរបៀបដែលយើងត្រូវការធ្វើ ដើម្បីឱ្យព្រះជាម្ចាស់ពេញចិត្តនឹងយើង។ ដើម្បីឱ្យព្រះជាម្ចាស់ពោរពេញដោយព្រះហឫទ័យ ដោយសារយើងជាគ្រីស្តបរិស័ទបានយកចិត្តទុកដាក់ធ្វើជាមនុស្សដ៏វិសុទ្ធ។
យើងបានស្តាប់លោកប៉ូលបាននិយាយអស់ហើយ បានបង្ហាញឱ្យយើងយល់ច្បាស់ថែមទៀត “សូមព្រះអម្ចាស់ប្រទានឱ្យបងប្អូនមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក និងស្រឡាញ់មនុស្សទាំងអស់កាន់តែខ្លាំងឡើងៗជាអនេក ដូចយើងបានស្រឡាញ់បងប្អូនដែរ”។ លោកប៉ូលបានសង្ខេប អ្វីដែលយើងត្រូវការទន្ទឹងរង់ចាំ និងត្រៀមនៅក្នុងរដូវរង់ចាំនេះ គឺធ្វើដូចម្តេចដើម្បីស្រឡាញ់គ្នាទៅវិញទៅមក និងដើម្បីស្រឡាញ់មនុស្សទាំងអស់។ មិនមែនតែស្រឡាញ់គ្នាយើងដែលជាគ្រីស្តបរិស័ទ មិនមែនតែស្រឡាញ់គ្នាយើងនៅក្នុងក្រុមគ្រួសារផ្ទាល់ខ្លួន មិនមែនតែស្រឡាញ់គ្នាយើងដែលជាមិត្តសម្លាញ់ ប៉ុន្តែយើងស្រឡាញ់មនុស្សទាំងអស់។ យើងក៏មានបទពិសោធន៍នៅក្នុងពេលវេលាកូវីដ-១៩ដែរ នៅពេលបងប្អូនបានរងទុក្ខលំបាកយើងបានយកចិត្តទុកដាក់ដើម្បីជួយជានិច្ច។ ដោយនាមជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ដោយព្រះនាមព្រះយេស៊ូគ្រីស្តជាព្រះបុត្រារបស់ព្រះអង្គ ដែលបានបង្កើតយើងជាគ្រួសារតែមួយ។ បងប្អូនដែលបានឃើញសកម្មភាពរបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ក្នុងពេលវេលាកូវីដ-១៩យើងបានឃើញជាក់ស្តែង។ ប៉ុន្មានដងប៉ុន្មានសា យើងបានប្រាប់ថាយើងជាគ្រួសារតែមួយ ដោយសារយើងមានព្រះបិតាតែមួយ យើងមានព្រះបុត្រាតែមួយ ដែលបានស្វាគមន៍យើងចូលរួមនៅក្នុងគ្រួសារនេះ។
ថ្ងៃនេះយើងបានយល់ហើយ ដូចលោកប៉ូលបានរំឮកដល់យើង “ឱ្យយើងធ្វើដូចម្តេចដើម្បីស្រឡាញ់មនុស្សទាំងអស់ ដើម្បីឱ្យបងប្អូនមានជំហររឹងប៊ឹង ដើម្បីឱ្យបងប្អូនបានវិសុទ្ធឥតសៅម៉ង នៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់”។ នេះជារបៀប ដែលយើងអាចរកឃើញសុភមង្គលដ៏ពិតប្រាកដ នេះជារបៀបដែលយើងអាចរកឃើញអំណរសប្បាយដ៏ពិតប្រាកដនៅក្នុងដួងចិត្តរបស់យើង។ ហេតុនេះហើយ នៅក្នុងរដូវរង់ចាំនេះជាពេលវេលាដើម្បីអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ថែមទៀត ដូចលោកប៉ូលបាននិយាយ “សូមឱ្យបងប្អូនបានប្រសើលើសនេះទៅទៀត”។ កុំឱ្យយើងគិតថា ឥលូវនេះយើងល្មមហើយ កុំឱ្យយើងគិតថាឥលូវនេះយើងជាគ្រីស្តបរិស័ទដែលពោរពេញដោយព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែលចេះស្រឡាញ់ ដែលចេះអធិដ្ឋាន មិនទាន់ល្មមទេ។ “សូមឱ្យបងប្អូនបានប្រសើលើសនេះទៅទៀត” ដើម្បីចូលនៅក្នុងអំណរសប្បាយរួមជាមួយព្រះនាងម៉ារី រួមជាមួយសន្តយ៉ូសែប រួមជាមួយយាយអេលីសាបែត និងជាមួយបងប្អូនទាំងអស់ដែលទទួលស្វាគមន៍ព្រះយេស៊ូពីសម័យដើម។ ជាពេលវេលាដើម្បីរៀបចំចិត្តគំនិត ឱ្យព្រះយេស៊ូយាងមករកឃើញគ្រីស្តបរិស័ទរឹងមាំ រកឃើញគ្រីស្តបរិស័ទដែលពោរពេញដោយសេចក្តីសង្ឃឹម។
បងប្អូនជាទីស្រឡាញ់ ប្រសិនបើព្រះយេស៊ូត្រលប់មកវិញថ្ងៃនេះ ព្រះអង្គនឹងទតឃើញនៅក្នុងប៉ុន្មានប្រទេសមានព្រះវិហារយ៉ាងស្អាតបំផុត ឃើញអាគារដែលបានសាងសង់ច្រើន។ ប៉ុន្តែ តើព្រះយេស៊ូរកឃើញគ្រីស្តបរិស័ទ ដែលកំពុងអធិដ្ឋានទូលអង្វរព្រះជាម្ចាស់នៅក្នុងអាគារទាំងនោះឬទេ? តើព្រះយេស៊ូរកឃើញគ្រីស្តបរិស័ទដែលចេះស្រឡាញ់គ្នាទៅវិញទៅមក និងដែលផ្តល់សក្ខីភាពជាប្រចាំនៅក្នុងសង្គមបច្ចុប្បន្ននេះឬទេ? សប្តាហ៍មុនខ្ញុំបានទៅព្រះវិហារពោធិ៍ធំ ខ្ញុំបាននិយាយថានេះជាព្រះសហគមន៍ប្រវត្តិសាស្ត្រនៃព្រះសហគមន៍ភូមិភាគភ្នំពេញ។ ពីសម័យដើម នៅព្រះសហគមន៍នោះ យើងមានគ្រីស្តបរិស័ទខ្មែរដែលបានចាប់ផ្តើមរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ជាកន្លែងដែលយើងមានអភិបូជាចុងក្រោយ នៅពេលបុណ្យចម្លងថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៧៥ ដោយលោកឪពុក ឆ្មារ សាឡឹម។ ជាកន្លែងលោក ឆ្មារ សាឡាស់ ទទួលការត្រាស់ហៅធ្វើជាបូជាចារ្យ ជាកន្លែងដែលយើងមានគ្រីស្តបរិស័ទពីដើម។ ឥលូវនេះ យើងបានសាងសង់អាគារយ៉ាងស្អាត ប៉ុន្តែតើព្រះសហគមន៍របស់យើងពោរពេញដោយជីវិតឬអត់?
ថ្ងៃនេះ ដែលខ្ញុំមកដើម្បីប្រសិទ្ធីពរលើថ្មដំបូងដើម្បីសាងសង់ព្រះវិហារថ្មីនៅផ្សារតូចនេះ បន្តិចទៀតយើងនឹងមានព្រះវិហារយ៉ាងស្អាតបំផុត។ ប៉ុន្តែ ទោះបីយើងមានសាងសង់អាគារស្អាតយ៉ាងណាក៏ដោយ នៅពេលព្រះយេស៊ូត្រលប់មកវិញអាចរកឃើញគ្រីស្តបរិស័ទយ៉ាងច្រើន ដែលកំពុងអង្គុយអធិដ្ឋាន។ យើងសង្ឃឹមថា ទោះបីយើងមានអាគារថ្មីដែលថ្ងៃនេះយើងប្រសិទ្ធីពរលើថ្មដំបូង នៅថ្ងៃអនាគតយើងមានគ្រីស្តបរិស័ទថែមទៀត ដើម្បីទៅជាពន្លឺដ៏តូចមួយនៅក្នុងរាជធានីភ្នំពេញ។ នេះជាអ្វីដែលយើងត្រូវការនឹកឃើញជានិច្ច ពីសម័យដើមយើងមានព្រះវិហារព្រះមាតានៅក្បែរនេះ យើងមានអាសនៈវិហារព្រះយេស៊ូជាព្រះមហាក្សត្រនៃពិភពលោកនៅក្បែរនេះដែរ។ យើងមានព្រះវិហារធំមួយនៅឬស្សីកែវ ពេលយើងឆ្លងទន្លេយើងមានព្រះវិហារធំមួយទៀតនៅជាប់អារាមបងស្រីសម្ងាត់។ ពីដើម នៅទីនេះយើងមានអនុទេវវិទ្យាល័យដើម្បីប្រមូលកូនក្មេង យុវជនយ៉ាងច្រើន ដែលកំពុងគិតអំពីការត្រាស់ហៅ។
សព្វថ្ងៃ អាគាររបស់យើងអស់ហើយ ប៉ុន្តែអ្វីដែលជាមោទនភាពនៃព្រះសហគមន៍របស់យើង គឺយើងមានគ្រីស្តបរិស័ទដែលជាថ្មដ៏មានជីវិត។ ដែលបានថែរក្សាជំនឿ ដែលបានឆ្លងទុក្ខលំបាក ដែលសព្វថ្ងៃរស់នៅក្នុងសង្គមបច្ចុប្បន្ននេះ ដើម្បីណែនាំឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ “សូមស្រឡាញ់មនុស្សទាំងអស់” ទៅជាព្រះបន្ទូលដែលយើងមើលឃើញយ៉ាងជាក់ស្តែង។ ដូច្នេះ បងប្អូនជាទីស្រឡាញ់កុំឱ្យយើងគិតថាថ្ងៃនេះយើងសាងសង់ព្រះវិហារថ្មី និងថ្ងៃស្អែកយើងលែងចូលព្រះវិហារ។
ខ្ញុំបានមកប្រទេសកម្ពុជានៅខែវិច្ឆិកា ឆ្នាំ១៩៩៨ ខ្ញុំបានសរសេរអត្ថបទទៅមិត្តភ័ក្តខ្ញុំនៅប្រទេសបារាំងដើម្បីចែករំលែកបទពិសោធដែលខ្ញុំមាននៅទីនេះ។ ក្នុងនោះខ្ញុំបាននិយាយអំពីអភិបូជានៅក្នុងព្រះវិហារសន្តយ៉ូសែបតូចនៅផ្សារតូចនេះ ខ្ញុំបានសរសេរថារាល់អភិបូជាមានមនុស្សច្រើនណាស់ មាន៥០នាក់ឡើង។ ប៉ុន្តែ នៅសព្វថ្ងៃនេះយើងមានប៉ុន្មាននាក់ដែលចូលរួមអភិបូជាប្រចាំថ្ងៃពេលព្រឹក នេះជាអ្វីដែលយើងត្រូវការគិតពិចារណា។ ខ្ញុំចង់និយាយដល់គ្រីស្តបរិស័ទរបស់យើងទាំងអស់ដែលនៅទីនេះ តើយើងអាចយកមួយថ្ងៃក្នុងមួយអាទិត្យ ដើម្បីចូលអភិបូជាក្នុងថ្ងៃធម្មតាក្រៅពីថ្ងៃអាទិត្យបានទេ? ដើម្បីស្តាប់ព្រះបន្ទូលថែមទៀត ដើម្បីអធិដ្ឋានថែមទៀត ដើម្បីទៅជាមនុស្សប្រសើលើសពីនេះទៀត។ ខ្ញុំសង្ឃឹមថា នៅក្នុងរដូវរង់ចាំនេះឱ្យយើងជាគ្រីស្តបរិស័ទសម្រេចចិត្តមួយអាទិត្យម្តង ចូលអភិបូជាផ្សេងពីថ្ងៃអាទិត្យ ដើម្បីបង្ហាញថាខ្ញុំជាគ្រីស្តបរិស័ទដែលស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលខ្ញុំពោរពេញដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំមានស្មារតីថ្មីដើម្បីអនុវត្តនៅក្នុងជីវិតរបស់ខ្ញុំប្រចាំថ្ងៃ។
បងប្អូនជាទីស្រឡាញ់ យើងមានតែបួនអាទិត្យដើម្បីត្រៀមខ្លួន ដើម្បីប្រុងស្មារតីនិងទូលអង្វរគ្រប់ពេលវេលា ដើម្បីឱ្យអ្នករាល់គ្នាមានកម្លាំងឆ្លងផុតពីហេតុការណ៍ទាំងឡាយ ដែលកើតឡើងសព្វថ្ងៃនៅក្នុងពិភពលោករបស់យើង នៅក្នុងជីវិតរបស់យើង។ ដោយសារហេតុការណ៍ដែលព្រះយេស៊ូនិយាយនៅក្នុងគម្ពីរ នៅពេលយើងមើលកូវីដ-១៩ នៅពេលយើងមើលបងប្អូនប៉ុន្មាននាក់ដែលបានទទួលមរណៈភាពថ្មីៗនេះ ដោយសារសង្រ្គាម ដោយសារគ្រោះធម្មជាតិ ដោយសារជំងឺនានា។ អ្វីដែលយើងដឹង អ្វីដែលយើងជឿ គឺនៅក្នុងរដូវរង់ចាំនេះពិតមែនព្រះយេស៊ូគ្រីស្តធ្វើដំណើរដើម្បីយាងចូលនៅក្នុងដួងចិត្តរបស់យើង និងអញ្ជើញយើងឱ្យយើងទៅជាគ្រីស្តបរិស័ទប្រសើឡើងៗ ដើម្បីបង្ហាញអំពីព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់សម្រាប់មនុស្សលោក។ អាស្រ័យលើយើងទាំងអស់គ្នា “ដោយសារព្រះអម្ចាស់ជាស្តេចសុចរិតរបស់យើងពិតមែន ព្រះអម្ចាស់យាងមកដើម្បីសង្រ្គោះយើងពិតមែន”។ ប៉ុន្តែ ព្រះជាម្ចាស់ទន្ទឹងរង់ចាំយើងដែរ ដូចយើងទន្ទឹងរង់ចាំព្រះយេស៊ូគ្រីស្តយាងមក ព្រះជាម្ចាស់ទន្ទឹងរង់ចាំយើងឱ្យយើងទៅជាមនុស្សថ្មីប្រសើឡើងៗ ដើម្បីបង្ហាញធម៌មេត្តាករុណានៅក្នុងគ្រប់កាលៈទេសៈនៃជីវិតរបស់យើង។
យើងអធិដ្ឋានទូលអង្វរព្រះអង្គ ដើម្បីឱ្យព្រះសហគមន៍របស់យើងដែលបន្តិចទៀតមានព្រះវិហារថ្មី ទៅជាព្រះសហគមន៍របស់ព្រះយេស៊ូគ្រីស្ត ដែលជាថ្មពោរពេញដោយជីវិត ដើម្បីណែនាំឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់កើតឡើង នៅក្នុងគ្រប់កាលៈទេសៈនៃជីវិតរបស់យើង។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា