ពីព្រះសហគមន៍សន្តយ៉ូសែប
ក្តុលលើ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១
“ឧបដ្ឋាកជាអ្នកបម្រើ ជាអ្នកនេសាទ ដែលជាស្ពាន”
បងប្អូនជាទីស្រឡាញ់
ថ្ងៃនេះយើងពោរពេញដោយអំណរសប្បាយ និងអរព្រះគុណព្រះជាម្ចាស់សម្រាប់អគ្គសញ្ញាតែងតាំងជាឧបដ្ឋាករបស់បងប្រុស ហុង។ នៅពេលយើងមើលផ្លូវរបស់បងប្រុស ហុង យើងមើលឃើញរបៀបដែលព្រះជាម្ចាស់ស្រឡាញ់មនុស្សលោក។ យើងចូលនៅក្នុងរដូវរង់ចាំហើយ យើងនឹកឃើញដល់ព្រះជាម្ចាស់ដែលស្រឡាញ់មនុស្សយ៉ាងខ្លាំង។ មិនមែនតែចាត់ព្រះបុត្រាដើម្បីឱ្យយាងមកសង្រ្គោះយើង ប៉ុន្តែបានជ្រើសរើសបងប្រុស ហុង ពីភូមិដ៏តូចមួយនៅប៊ូស្រាដើម្បីមកប្រកាសដំណឹងនៅក្នុងភូមិភាគកំពង់ចាម ក៏ដូចជានៅក្នុងព្រះសហគមន៍កាតូលិកកម្ពុជា។ នៅពេលយើងនឹកឃើញប្រវត្តិសាស្ត្ររបស់ក្រុមគ្រួសារបងប្រុស ហុង ឪពុកម្តាយដែលបានចាកចេញទៅប្រទេសវៀតណាមជាមួយជនជាតិភ្នងនៅខាងនោះដែរ។ នឹកឃើញដល់លោកឪពុក ម៉ូរីសូ ដែលសព្វថ្ងៃមានអាយុ៩៦ឆ្នាំ ប៉ុន្មានឆ្នាំមុនគាត់បានមកលេងយើង។
យើងនឹកឃើញរបៀបដែលព្រះជាម្ចាស់ប្រើយើង ដើម្បីធ្វើដំណើរនៅក្នុងគម្រោងការនៃការសង្រ្គោះដ៏អស្ចារ្យ។ នៅពេលយើងបានស្តាប់អត្ថបទគម្ពីរ “សូមទៅប្រកាសដំណឹងល្អរហូតដល់ស្រុកដាច់ស្រយាលនៃពិភពលោក”។ យើងនឹកឃើញដល់ប៊ូស្រា នៅឆ្នាំ២០០០ ខ្ញុំបានទៅទីនោះជាលើកទីមួយ ខ្ញុំមិនដែលឃើញផ្លូវពិបាកដូចនេះក្នុងជីវិតរបស់ខ្ញុំ។ អ្នកដែលហ៊ានធ្វើដំណើរដល់ទីនោះមិនធម្មតាទេ ហើយអ្នកដែលចេញពីប៊ូស្រាមកភ្នំពេញក៏មិនធម្មតាដែរ។ បងប្រុស ហុង បានធ្វើដំណើររហូតដល់អង្គការភាពញញឹមនៃកុមារ ទេវវិទ្យាល័យ។ ថ្ងៃនេះ យើងអរព្រះគុណព្រះជាម្ចាស់ដោយសារពិតមែនព្រះអង្គបានត្រាស់ហៅគាត់ ដូចព្រះអង្គបានត្រាស់ហៅសន្ត អន់ដ្រេ ជាមួយបងគាត់គឺលោកសិលាពីដើម។
បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះជាពេលវេលាពិតមែនដើម្បីអរព្រះគុណព្រះជាម្ចាស់ នៅថ្ងៃដែលយើងគោរពសន្ត អន់ដ្រេ។ សន្ត អន់ដ្រេ ជាគ្រីស្តទូតដែលព្រះជាម្ចាស់បានត្រាស់ហៅមុនគេបង្អស់ជាមួយលោកសិលា។ យើងមើលរបៀបដែលព្រះជាម្ចាស់បានត្រាស់ហៅបងប្រុស ហុង ដែរ។ នៅពេលយើងនឹករឮកដល់សន្ត អន់ដ្រេ យើងត្រូវការនឹកឃើញរបៀបរបស់សន្ត អន់ដ្រេ នៅក្នុងគម្ពីរ និងនៅក្នុងជីវិតរបស់គាត់ផ្ទាល់។
ទី១ សន្ត អន់ដ្រេ ជាគ្រីស្តទូតដែលព្រះយេស៊ូត្រាស់ហៅមុនគេបង្អស់។
ទី២ សន្ត អន់ដ្រេ ជាអ្នកដូចជាបានជួយបង្កើតទំនាក់ទំនង (ពេលព្រះយេស៊ូចែកនំបុ័ង គឺអន់ដ្រេ ដែលបានប្រមូលនំបុ័ងឱ្យទៅព្រះយេស៊ូនៅលើភ្នំ នឹងចែកដល់មហាជន)។ អន់ដ្រេ គាត់ជួយបង្កើតទំនាក់ទំនងរវាងព្រះយេស៊ូនឹងមហាជន។ នៅពេលព្រះយេស៊ូសោយទិវង្គតតាមប្រពៃណីទៅប្រកាសដំណឹងល្អ ជាពិសេសនៅជុំវិញសមុទ្រខ្មៅ គាត់បានទៅនោះដើម្បីប្រកាសដំណឹងល្អ។ អន់ដ្រេ បានទទួលមរណៈនៅលើឈើឆ្កាង ដែលជាសញ្ញាសម្គាល់នៃការលះបង់ នៃការបូជាជីវិត ថ្វាយជីវិតរបស់គាត់ទៅលើព្រះជាម្ចាស់។ នៅពេលយើងនឹកឃើញដល់ អន់ដ្រេ ដែលជាគ្រីស្តទូតមុនគេបង្អស់ យើងក៏នឹកឃើញដល់លោកអភិបាល អន់ដ្រេ ឡឺស៊ូអែហ្វ ជាលោកអភិបាលភូមិភាគកំពង់ចាមដំបូងនៅឆ្នាំ១៩៦៨។ លោកបានត្រលប់មកវិញនៅកំពង់ចាម បានទៅផ្សារហើយជួបជាមួយម្តាយបងស្រី នេត និងបានណែនាំឱ្យព្រះសហគមន៍ចាប់ផ្តើមរស់ឡើងវិញក្នុងភូមិភាគកំពង់ចាមនៅឆ្នាំ១៩៩១។
បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះយើងមានបងប្រុស ហុង ជាមួយយើងដែលឧបដ្ឋាក និងជាបូជាចារ្យមុនគេបង្អស់នៅក្នុងជនជាតិភ្នង សម្រាប់ព្រះសហគមន៍កាតូលិកកម្ពុជា។ ដូច្នេះ បានចូលយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រនៃការសង្រ្គោះ ចូលយ៉ាងជ្រៅជាមួយបុព្វបុរសរបស់យើង ពីព្រះយេស៊ូ សន្ត អន់ដ្រេ លោកអភិបាល អន់ដ្រេ ឡឺស៊ូអែហ្វ ឥឡូវនេះយើងមកដល់ ហុង ដែលព្រះជាម្ចាស់បានត្រាស់ហៅ។ ដូច្នេះ ជាពេលវេលាដើម្បីអរព្រះគុណព្រះអង្គ និងអរគុណដល់ឪពុកម្តាយ ដល់បងប្អូនដែលបានផ្ញើកូនមួយដល់ព្រះសហគមន៍។ នេះជាផ្លែមួយពិសេស ដែលឪពុកម្តាយបានជូនដល់ព្រះសហគមន៍យើង។ សូមអរគុណដល់ព្រះសហគមន៍ប៊ូស្រា ដោយសារមិនមែនតែគ្រួសារព្រះសហគមន៍ក៏បានណែនាំឱ្យមានបរិយាកាស ដើម្បីការត្រាស់ហៅបានលូតលាស់នៅក្នុងដួងចិត្តរបស់ ហុង និងបានណែនាំឱ្យ ហុង ធ្វើដំណើររហូតដល់ថ្ងៃនេះ។ អរគុណដល់លោកឪពុកដែលបានប្រកាសដំណឹងល្អនៅទីនោះ មានលោកឪពុក ហ្សេរ៉ាល់ លោកឪពុក ហ្វ្រង់ស្វ័រ ដែលបន្តសាបព្រោះ។ ខ្ញុំជឿថាបន្តិចទៀត មានមហាជនដែលគោះទ្វារនៅទេវវិទ្យាល័យពីមណ្ឌលគិរី ដើម្បីបន្តប្រកាសដំណឹងល្អដល់យើងដែរ។
ពិតមែន ដូចលោក សិលា ដូចលោក អន់ដ្រេ ព្រះយេស៊ូមានព្រះបន្ទូលថា “សូមអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឱ្យនេសាទមនុស្សវិញ”។ នៅទីនេះគ្មានសមុទ្រ ប៉ុន្តែយើងមានទន្លេមេគង្គយ៉ាងវែងដែលឆ្លងពីព្រំដែនភូមិភាគប៉ាកសេ ប្រទេសឡាវ រហូតដល់រាជធានីភ្នំពេញ។ ដូច្នេះ នៅពេលនេះបីដូចជាព្រះជាម្ចាស់បានត្រាស់ហៅ ហុង នៅក្នុងភូមិភាគកំពង់ចាមដើម្បីនេសាទមនុស្សដែរ ដោយណែនាំឱ្យមនុស្សយ៉ាងច្រើននៅក្នុងភូមិភាគ អាចទទួលស្គាល់ព្រះជាម្ចាស់។ យើងមិននិយាយតែអំពីគ្រីស្តបរិស័ទ ប៉ុន្តែយើងគិតអំពីប្រជាជន៤លាននាក់ដែលនៅក្នុងភូមិភាគកំពង់ចាម។ ដូច្នេះ ហុង មានការងារធំណាស់ហើយសំណាញ់របស់យើងត្រូវការទៅគ្រប់ទីកន្លែង ដើម្បីណែនាំឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចយើងបានស្តាប់ក្នុងអត្ថបទទី២ទៅដល់។ ដោយសារ ប្រសិនបើគ្មាននរណាប្រកាសគេឮយ៉ាងមិចបាន នេះជាតួនាទីជាអ្នកនេសាទមនុស្សនៅតាមដងទន្លេមេគង្គ។
នៅពេលយើងឃើញ អន់ដ្រ ដែលបានបង្កើតទំនាក់ទំនងរវាងព្រះយេស៊ូនឹងមហាជន អន់ដ្រេ ដូចជាស្ពានមួយយ៉ាងពិសេសរវាងព្រះជាម្ចាស់នឹងមនុស្ស។ យើងមានស្ពានថ្មីឈ្មោះថា ស្ពានភ្ជាប់និស្ស័យ ដូច្នេះនៅពេលនេះជាឱកាសមួយដើម្បីនឹកឃើញ ឱ្យយើងភ្ជាប់និស្ស័យជាមួយព្រះជាម្ចាស់។ ដើម្បីឱ្យប្រជាជនរបស់យើងអាចមានស្ពានមួយយ៉ាងពិសេសតាមរយៈបងប្រុស ហុង ដើម្បីដើរ ដើម្បីឆ្លង ឆ្លងទន្លេមានន័យថាចេញពីសេចក្តីស្លាប់ទៅទទួលជីវិត។ ដូចស្ត្រីដែលឆ្លងទន្លេ ណែនាំឱ្យកូនចេញពីផ្ទៃពោះដើម្បីកើតនៅលើផែនដីនេះ។ សម្រាប់ ហុង គឺមានតួនាទីធ្វើជាស្ពានមួយយ៉ាងពិសេសរវាងព្រះជាម្ចាស់នឹងមនុស្ស តាមរយៈបម្រើអាសនៈនៅពេលនេះ បន្តិចទៀតតាមរយៈការថ្វាយអភិបូជា ដើម្បីណែនាំឱ្យមនុស្សលោកអាចចូលនៅក្នុងការសង្រ្គោះ។ ជាពិសេស តាមរយៈការអធិដ្ឋាន តាមរយៈសក្ខីភាពដែលផ្តល់ តាមរបៀបដែលយកចិត្តទុកដាក់នឹងអ្នកក្រីក្រ។ ដូចយើងបានស្តាប់នៅក្នុងអត្ថបទទី១ គឺបានចាក់ប្រេងអភិសេកដើម្បីប្រកាសដំណឹងល្អ “ឱ្យអ្នកដែលត្រូវគេជិះជាន់ស្គាល់ដំណឹងល្អ ដើម្បីថែទាំអ្នកដែលបាក់ទឹកចិត្ត ប្រកាសប្រាប់ជនជាប់ជាឈ្លើយថាពួកគេនឹងរួចខ្លួន ហើយប្រាប់អ្នកជាប់ឃុំឃាំងថាគេនឹងមានសេរីភាព” នេះជាបេសកកម្មដែលបានទទួល ជាស្ពានមួយយ៉ាងពិសេស។
ដូចលោក អន់ដ្រេ ដែលបានទៅប្រកាសដំណឹងល្អនៅក្នុងការបម្រើ ថ្ងៃនេះដែលបងប្រុស ហុង ទទួលតួនាទីជាអ្នកបម្រើដូចពីដើម ក្រុមគ្រីស្តទូតដើម្បីអប់រំជំនឿ ដើម្បីអធិដ្ឋាន។ គេបានរើស៧នាក់ដើម្បីធ្វើជាអ្នកបម្រើតុ បម្រើប្រជាជន បម្រើស្ត្រីមេម៉ាយ បម្រើកុមារកំព្រា។ ដូច្នេះ នេះជាពេលវេលាដើម្បីធ្វើជាអ្នកបម្រើយ៉ាងពិសេស ជាសញ្ញាមួយពិសេសនៅក្នុងព្រះសហគមន៍របស់យើង ដើម្បីណែនាំឱ្យយុវជនយុនារីអាចភ្ញាក់ស្មារតី។ ដោយយល់ថា នៅពេលយើងជាអ្នកបម្រើយើងពោរពេញដោយអំណរសប្បាយ យើងពោរពេញដោយសុភមង្គល យើងពោរពេញដោយសេចក្តីសង្ឃឹម។ យើងជាអ្នកបម្រើ ដែលសុខចិត្តលះបង់ចោលដើម្បីបម្រើបងប្អូនឯទៀតៗ នេះជាគំនិតដែលផ្ទុយនឹងគំនិតរបស់សង្គមបច្ចុប្បន្ននេះ។ ដូច្នេះ យើងមានឧបដ្ឋាកជាសញ្ញាមួយយ៉ាងពិសេសនៅក្នុងសង្គមយើងបច្ចុប្បន្ននេះ ដោយយល់ថាយើងសុខចិត្តលះបង់ចោលសម្រាប់បងប្អូនឯទៀតៗ យើងសុខចិត្តបម្រើដោយមិនគិតអំពីផលប្រយោជន៍ផ្ទាល់ខ្លួន។ ការបម្រើនេះ ដូចលោក អន់ដ្រេ ណែនាំឱ្យយើងសុខចិត្តផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់។ ដូចលោក អន់ដ្រេ បានលះបង់ចោលរហូតដល់បូជាជីវិត ពេលនេះជាពេលវេលាដើម្បីផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់ ដូចបានសន្យាអំបាញ់មិញគឺលះបង់ទាំងអស់សម្រាប់ព្រះជាម្ចាស់។
ជាពិសេស នៅពេលខ្ញុំប្រគល់គម្ពីរដំណឹងល្អក្នុងពិធីចុងក្រោយនៃអគ្គសញ្ញាតែងតាំង មានពាក្យមួយដែលត្រូវការទុកនៅក្នុងដួងចិត្តអស់មួយជីវិត “សូមទទួលព្រះបន្ទូលដំណឹងល្អរបស់ព្រះគ្រីស្ត ហើយបំពេញបេសកកម្មដោយប្រកាសព្រះបន្ទូលនេះ សូមយកចិត្តទុកដាក់ជឿលើព្រះបន្ទូលដែលលោកប្អូននឹងអាន និងណែនាំនូវសេចក្តីដែលលោកជឿ ហើយរស់នៅតាមសេចក្តីដែលលោកប្អូនប្រៀនប្រដៅ”។ នេះជាជីវិតរបស់យើង ភ្ជាប់ជាមួយព្រះបន្ទូល រស់នៅតាមព្រះបន្ទូល ជឿលើព្រះបន្ទូល និងយកចិត្តទុកដាក់ ដើម្បីរស់នៅតាមរបៀបដែលយើងប្រៀនប្រដៅបងប្អូនឯទៀតៗ សម្រាប់ព្រះសហគមន៍ សម្រាប់ព្រះជាម្ចាស់ សម្រាប់ពិភពលោក។ ថ្ងៃនេះពិតមែនយើងអរព្រះគុណព្រះជាម្ចាស់សម្រាប់លោកនាយកទេវវិទ្យាល័យ លោកគ្រូបង្រៀនដែលបានយកចិត្តទុកដាក់ណែនាំ ហុង នៅក្នុងការសិក្សារបស់គាត់។ ខ្ញុំចាំបាន នៅឆ្នាំទី១ខ្ញុំឱ្យនិស្សិតទេវវិទ្យាល័យជិះឡានជាមួយខ្ញុំរាល់អាទិត្យ ក្នុងចំណោមបីបួននាក់គាត់មិនដែលដេកទេ គាត់អានសៀវភៅទស្សនៈវិជ្ជាពេញមួយឆ្នាំ។ ថ្ងៃនេះយើងបានឃើញ ផលផ្លែពីឆ្នាំទី១ ការតស៊ូ ការយកចិត្តទុកដាក់អស់ពីសមត្ថភាព និងតាមសមត្ថភាព។
បងប្អូនជាទីស្រឡាញ់ យើងអរព្រះគុណព្រះជាម្ចាស់សម្រាប់ក្រុមគ្រួសារព្រះសហគមន៍ យើងបានចូលនៅក្នុងសន្និបាតព្រះសហគមន៍សកល ដែលណែនាំឱ្យយើងដឹងថាយើងជាគ្រួសារតែមួយ ដែលធ្វើដំណើរជាមួយគ្នា។ ថ្ងៃនេះ យើងស្វាគមន៍ឧបដ្ឋាកមួយដែលជាអ្នកបម្រើ ជាអ្នកនេសាទ ដែលជាស្ពាន ដែលសុខចិត្តលះបង់ចោលអ្វីៗទាំងអស់ដើម្បីផលប្រយោជន៍បងប្អូន ដល់ព្រះសហគមន៍ ដល់ពិភពលោកដែរ។ ពិតមែន “សូមព្រះជាម្ចាស់បង្ហើយកិច្ចការដែលព្រះអង្គបានចាប់ផ្តើមនៅក្នុងជីវិតរបស់លោកប្អូន”។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ