អភិបូជា​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​សម្រាប់​ក្មេងៗ

នៅ​ព្រះសហគមន៍​ព្រះកុមារ​យេស៊ូ

បឹង​ទំពន់ ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០២២

អត្ថបទ​ទី១៖ អេសាយ ៤០,១-៥.៩-១១ ព្រះ‌អង្គ​នឹង​ថែ‌រក្សា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ដូច​គង្វាល​ថែ‌រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។ អស ៤០,១១ អត្ថបទ​ទី២៖ ទីតុស ២,១១-១៤.៣,៤-៧ ព្រះ‌អង្គ​បាន​សង្គ្រោះ​យើង តាម​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ គឺ​មិន​មែន​មក​ពី​យើង​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​នោះ​ទេ។ ទត ៣,៥ ដំណឹងល្អ៖ លូកា ៣,១៥-១៦.២១-២២ លោក​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ។ លក ៣,១៦

“ព្រះជាម្ចាស់​បាន​បង្កើត​យើង”

បង​ប្អូន​ជា​ទី​ស្រឡាញ់

នៅ​ពេល​យើង​បន្ត​ពី​បុណ្យ​ព្រះយេស៊ូ​ប្រសូត ភ្លាម​យើង​បាន​គោរព​គ្រួសារ​ដ៏​វិសុទ្ធ នៅ​ថ្ងៃ​នេះ​យើង​គោរព​ព្រះយេស៊ូ​ទទួល​ពិធី​ជ្រមុជ​ទឹក។ ប្រសិន​បើ​យើង​ពិចារណា គ្រួសារ​ដ៏​វិសុទ្ធ ពិធី​ជ្រមុជ​ទឹក​ដើម្បី​ចូល​នៅ​ក្នុង​មហា​គ្រួសារ​របស់​ព្រះជាម្ចាស់។ ពិត​មែន​គ្រួសារ​ជា​អាទិភាព​សម្រាប់​យើង​ទាំង​អស់​គ្នា ពី​ដើម​ព្រះជាម្ចាស់​បាន​កើត​នៅ​ក្នុង​គ្រួសារ។ នៅ​ពេល​ព្រះយេស៊ូ​បាន​ចាប់​ផ្តើម​ប្រកាស​ដំណឹង​ល្អ សញ្ញា​សម្គាល់​ទី​មួយ​ដែល​ព្រះយេស៊ូ​បាន​បង្ហាញ គឺ​នៅ​ពេល​ព្រះអង្គ​ចូល​រួម​នៅ​ក្នុង​ពិធី​មង្គល​ការ មាន​ន័យ​ថា​គ្រួសារ​សំខាន់​ណាស់។

ថ្ងៃ​នេះ​ខ្ញុំ​រំភើប ព្រឹក​មិញ​មុន​ខ្ញុំ​ធ្វើ​ដំណើរ​មក​មាន​កូនៗ​ដែល​ទទួល​អគ្គ​សញ្ញា​ព្រះកាយ​ព្រះគ្រីស្ត​នៅ​ព្រះវិហារ​ភ្នំពេញ​ថ្មី​មក​ជួប​ខ្ញុំ ដែល​ឪពុក​ម្តាយ​គាត់​មាន​មក​ពី​ចំការទៀង និង​ជុំគិរី។ ពេល​មក​ដល់​ទី​នេះ​ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដល់​អ្នក​ណា ខ្ញុំ​ភ្ញាក់​ហើយ​ខ្ញុំ​នឹក​ឃើញ​ថា​ក្រុម​គ្រួសារ​នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង ជា​គ្រួសារ​ដ៏​តូច​មួយ​ដែល​យើង​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ពេល​ខ្ញុំ​មក​ដល់​ប្រទេស​កម្ពុជា អាទិត្យ​ទី​២​ដែល​ខ្ញុំ​នៅ​ខ្មែរ​ខ្ញុំ​បាន​ទៅ​មាត់​ក្រសាស់ ជួប​ជា​មួយ​លោក​តា (តា​គេត)។ បន្តិច​ម្តងៗ ខ្ញុំ​ដឹង​ថា​លោក​តា​ជា​កូន​ចៅ​របស់​លោក​រ៉ាបាំង (ជា​មរណៈសាក្សី​នៅ​ក្នុង​ព្រះសហគមន៍​កម្ពុជា​យើង)។ ក្រោយ​មក​ពេល​ខ្ញុំ​នៅ​ស្វាយស៊ីសុផុន ខ្ញុំ​បាន​ស្គាល់​លោក​តា​ជា​ជាង​ឈើ ហើយ​គាត់​បាន​ជួយ​សាង​សង់​ព្រះវិហារ​ឱ្យ​ខ្ញុំ​នៅ​ពេល​ខ្ញុំ​កំពុង​រៀន​ភាសា​ខ្មែរ។ បន្ទាប់​មក ខ្ញុំ​បាន​ស្គាល់​លោក​គ្រូ ជៀង ដែល​ជា​គ្រីស្ត​បរិស័ទ​ដំបូង​នៅ​ចំការទៀង។ ហើយ​បន្ទាប់​មក​ទៀត ខ្ញុំ​ស្គាល់​មីង អាន ដែល​ជា​គ្រីស្ត​បរិស័ទ​ដំបូង​នៅ​ជុំគិរី ពេល​ខ្ញុំ​ទៅ​បម្រើ​ព្រះសហគមន៍​នៅ​ទី​នោះ។ ពួក​គាត់​ទាំង​អស់​គ្នា​ដែល​ខ្ញុំ​បាន​រៀប​រាប់​ខាង​លើ ជា​លោក​តា​លោក​យាយ​របស់​កូនៗ​យើង​ដែល​នឹង​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ថ្ងៃ​នេះ។

ដូច្នេះ ពេល​ខ្ញុំ​មើល​ឃើញ​នេះ​លោក​តា​លោក​យាយ​របស់​យើង សុទ្ធ​តែ​ជា​មូលដ្ឋាន​គ្រឹះ​នៅ​ក្នុង​ព្រះសហគមន៍​ដ៏​តូច​របស់​យើង។ ពី​មុន​សម័យ​ប៉ុលពត បន្ត​ពី​សម័យ​ប៉ុលពត រហូត​ដល់​សព្វ​ថ្ងៃ​យើង​មាន​កូន​ចៅ ពេល​យើង​ឃើញ​ដូច​នេះ​យើង​ដឹង​ថា​យើង​ជា​គ្រួសារ​យ៉ាង​ជិតស្និទ្ធ។ ជា​គ្រួសារ ដែល​កំពុង​កសាង​ព្រះសហគមន៍​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ថ្ងៃ​នេះ​យើង​មាន​កូន​ចៅ​របស់​យើង​ទាំង​អ្នក​ដែល​ទទួល​អគ្គ​សញ្ញា​ព្រះកាយ​ព្រះគ្រីស្ត​ដំបូង ទាំង​អ្នក​ដែល​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ថ្ងៃ​នេះ។ ពិត​មែន យើង​ដឹង​ថា​ព្រះសហគមន៍​បាន​ចាប់​ផ្តើម​រីក​ចម្រើន ចាប់​ផ្តើម​ពី​កន្លែង​ដ៏​តូច​តាច ដោយសារ​មាត់​ក្រសាស់​ជា​ព្រះសហគមន៍​ប្រវត្តិ​សាស្ត្រ​មុន​សម័យ​ប៉ុលពត ជា​ព្រះសហគមន៍​ពី​ដើម​នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ។ ព្រះសហគមន៍​ជុំគិរី និង​ចំការទៀង​ជា​ព្រះសហគមន៍​ខ្មែរ​ដំបូង​ដែល​រីក​ចម្រើន​ពី​២០​ឆ្នាំ​កន្លង​មក​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ។ ឥលូវ​នេះ​យើង​នៅ​គ្រប់​ទី​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ មាន​ខ្លះ​នៅ​ភ្នំពេញ​ថ្មី មាន​ខ្លះ​នៅ​បឹងទំពន់ ខ្លះ​នៅ​ផ្សារតូច…។ បន្តិច​ទៀត ខ្ញុំ​នឹង​ធ្វើ​អគ្គ​សញ្ញា​អាពាហ៍ពិពាហ៍​ដល់​ប៉ុន្មាន​គូរ ដែល​យើង​បាន​ស្គាល់​ឪពុក​ម្តាយ​ពី​យូរ​មក​ហើយ។

យើង​ជា​គ្រួសារ​មួយ​ដែល​ធ្វើ​ដំណើរ​ជា​មួយ​គ្នា កម្មវិធី​ដែល​យើង​មាន​ថ្ងៃ​នេះ​ទាំង​ទទួល​ព្រះកាយ​ទាំង​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក ណែនាំ​ឱ្យ​យើង​ឃើញ​ពិត​មែន​ព្រះអង្គ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​បាន​បង្កើត​ព្រះអង្គ​នៅ​ថ្ងៃ​នេះ។ ថ្ងៃ​នេះ យើង​អាច​និយាយ​បាន​ថា​បង​ប្អូន​ទាំង​អស់​ជា​បុត្រ​ធីតា​របស់​ព្រះជាម្ចាស់ យើង​ស្តាប់​ព្រះសូរសៀង​របស់​ព្រះជាម្ចាស់​ដែល​មាន​ព្រះបន្ទូល​ថា “យើង​បាន​បង្កើត​បង​ប្អូន​នៅ​ថ្ងៃ​នេះ”។ ជា​ពិធី​ជ្រមុជ​ទឹក ជា​ព្រះកាយ​ព្រះគ្រីស្ត​ដើម្បី​ភ្ជាប់​នៅ​ក្នុង​មហា​គ្រួសារ​របស់​យើង។ មហា​គ្រួសារ​របស់​យើង សម្រាប់​ឆ្នាំ​ថ្មី​នេះ​ខ្ញុំ​ជឿ​ថា​ទាំង​អស់​គ្នា​យើង​ចង់​មាន​សេចក្តី​សុខ ជា​ពិសេស​យើង​ចង់​មាន​សុភមង្គល។ នៅ​ក្នុង​អត្ថបទ​ទី​២ “ព្រះជាម្ចាស់​បាន​សម្តែង​ព្រះហឫទ័យ​ប្រណី​សន្តោស​មក ដើម្បី​សង្រ្គោះ​មនុស្ស​ទាំង​អស់”។ នេះ​ជា​ដំណឹង​ល្អ ដែល​ថ្ងៃ​នេះ​យើង​បាន​ឃើញ​យ៉ាង​ជាក់​ស្តែង​សម្រាប់​កូនៗ​របស់​យើង និង​សម្រាប់​យើង​ទាំង​អស់​គ្នា​ក្នុង​ឆ្នាំ​នេះ។ ដោយ​ដឹង​ថា​ព្រះជាម្ចាស់​សម្តែង​ព្រះហឫទ័យ​ប្រណី​សន្តោស​មក ដើម្បី​សង្រ្គោះ​មនុស្ស​ទាំង​អស់ នេះ​ជា​អំណរ​សប្បាយ​ដែល​យើង​ទទួល នេះ​ជា​សុភមង្គល​ដែល​យើង​ចង់​បាន។

នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ យើង​នឹង​មាន​កម្មវិធី​បូជនីយេសក៍ចរ​ក្រោម​ប្រធាន​បទ “សុភមង្គល” ដោយសារ​នេះ​ជា​អ្វី​ដែល​យើង​ចង់​មាន។ ប្រសិន​បើ យើង​គិត​ពិចារណា​ជាង​មួយ​ឆ្នាំ​កន្លង​មក ដែល​ណែនាំ​ឱ្យ​យើង​ពិបាក ណែនាំ​ឱ្យ​យើង​ភ័យ​ខ្លាច ណែនាំ​ឱ្យ​យើង​មាន​រឿង​យ៉ាង​ច្រើន​នៅ​ក្នុង​សង្គម។ ណែនាំ​ឱ្យ​យើង​យល់​ថា ពិត​មែន​សុភមង្គល​ជា​គោល​បំណង​របស់​យើង ជា​អ្វី​ដែល​យើង​ចង់​មាន​នៅ​ក្នុង​ជីវិត​របស់​យើង។ ប៉ុន្តែ តើ​ជា​សុភមង្គល​អ្វី? ជា​សុភមង្គល​តាម​លោកីយ ឬ​សុភមង្គល​តាម​របៀប​ព្រះជាម្ចាស់។ នៅ​ក្នុង​អត្ថបទ​ទី​២ “ព្រះហឫទ័យ​ប្រណី​សន្តោស​នេះ​អប់​រំ​យើង ឱ្យ​យើង​លះបង់​ចិត្ត​ដែល​មិន​ចេះ​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​ចោល ឱ្យ​លះ​បង់​សេចក្តី​ប៉ង​ប្រាថ្នា​ខាង​លោកីយ ដើម្បី​ឱ្យ​យើង​រស់​នៅ​ក្នុង​លោក​នេះ​ដោយ​មាន​ចិត្ត​ធ្ងន់ សុចរិត និង​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់” នេះ​ជា​សុភមង្គល​ដ៏​ពិត​ប្រាកដ​ដែល​យើង​ត្រូវ​តែ​មាន។ មិន​ថា​លោកីយ​មិន​ល្អ ប៉ុន្តែ​ប្រសិន​បើ​យើង​ដើរ​តាម​សុភមង្គល​នៃ​លោកីយ ណែនាំ​ឱ្យ​យើង​ភ័យ​ខ្លាច។

សព្វ​ថ្ងៃ​យើង​មិន​ចង់​មើល​ព័ត៌មាន​សោះ ដោយសារ​ពេល​យើង​មើល​ព័ត៌មាន​ជាពិសេស​ព័ត៌មាន​អន្តរ​ជាតិ​សុទ្ធ​តែ​ការ​ភ័យ​ខ្លាច ណែនាំ​ឱ្យ​យើង​ព្រួយ​បារម្ភ។ ប៉ុន្តែ ប្រសិន​បើ​យើង​គិត​អំពី​សុភមង្គល​តាម​លោកីយ របៀប​ដែល​គេ​ផ្សព្វ​ផ្សាយ​ជា​រៀង​រាល់​ថ្ងៃ គេ​បាន​ពុះ​ដីឡូដ៍ គេ​សាង​សង់​បុរី ផ្ទះ​ល្វែង​ដើម្បី​លក់​ថោកៗ…។ គេ​បាន​ដាក់​ថា​គ្មាន​ការ​ប្រាក់ ដោយ​មាន​លេខ​សូន្យ​ធំៗ ពេល​យើង​មិន​បាន​មើល​ព័ត៌មាន​លម្អិត​ដែល​គេ​សរសេរ យើង​កក់​លុយ​ចំនួន​ណា​មួយ និង​បង់​ប្រាក់​ប្រចាំ​ខែ​តាម​ចំនួន​ដែល​គេ​កំណត់។ ពេល​យើង​មើល​ព័ត៌មាន​នេះ​ទាំង​អស់ ប្រហែល​ណែនាំ​ឱ្យ​យើង​មាន​សុភមង្គល​តាម​លោកីយ ប៉ុន្តែ​ក៏​ប្រហែល​ណែនាំ​ឱ្យ​យើង​មាន​បញ្ហា​ច្រើន។ បញ្ហា​នៅ​ក្នុង​គ្រួសារ បញ្ហា​នៅ​ក្នុង​សង្គម មាន​ខ្លះ​គេ​ច្រណែន មាន​ខ្លះ​គេ​លោភ​លន់ មាន​ខ្លះ​គេ​អាត្មា​និយម មាន​ខ្លះ​ឥត​មាន​លុយ​ដើម្បី​សម្រុះ​សម្រួល។ គេ​ចាប់​ផ្តើម​ខ្ចី​លុយ ហើយ​ដោយសារ​កូវីដ-១៩​ណែនាំ​ឱ្យ​យើង​សង​លុយ​ធនាគារ​មិន​បាន ដូច្នេះ​ណែនាំ​ឱ្យ​យើង​មាន​បញ្ហា​កើត​ឡើង​ច្រើន នៅ​ពេល​យើង​រស់​នៅ​ក្នុង​របៀប​ដែល​លោកីយ​ណែនាំ​ឱ្យ​យើង។

ប៉ុន្តែ សុភមង្គល​ដែល​ព្រះជាម្ចាស់​ចង់​ឱ្យ​យើង​មាន គឺ​សុភមង្គល​នៅ​ក្នុង​លោកីយ​នេះ ដោយសារ​យើង​មិន​រស់​នៅ​ក្នុង​ពិភព​ផ្សេង។ យើង​នៅ​ក្នុង​ពិភព​លោក​ដែល​ព្រះជាម្ចាស់​បាន​បង្កើត យើង​រស់​នៅ​លើ​ផែនដី​របស់​យើង​ដែល​ព្រះជាម្ចាស់​បាន​បង្កើត។ យើង​នៅ​រស់​នៅ​ក្នុង​សង្គម​កម្ពុជា​ដែល​យើង​រស់​នៅ​សព្វ​ថ្ងៃ យើង​មក​ពី​ជន​បទ​រស់​នៅ​ទី​ក្រុង យើង​រក​ស៊ី យើង​ធ្វើ​ការ យើង​រៀន​នៅ​សាលា​ជា​មួយ​គេ។ ប៉ុន្តែ អ្វី​ដែល​សំខាន់​ឱ្យ​យើង​មើល​អ្វី​ដែល​ជា​មូល​ដ្ឋាន​គ្រឹះ ប្រសិន​បើ​យើង​ពិចារណា​អំពី​បញ្ហា​ដែល​កើត​ឡើង​នៅ​ក្នុង​មួយ​ឆ្នាំ​កន្លង​មក យើង​បាត់​បង់​សេចក្តី​សុខ​ច្រើន។ យើង​អរព្រះគុណ​ព្រះជាម្ចាស់ ដែល​ថ្ងៃ​ស្អែក​បើក​សាលា​ធម្មតា​ជា​ផ្លូវ​ការ យើង​អរព្រះគុណ​ព្រះជាម្ចាស់​ដែល​សង្គម​របស់​យើង​ពោរពេញ​ដោយ​ជីវិត។

ពេល​យើង​មើល​ពី​ថ្ងៃ​ទី​០៧​ដល់​ទី​០៩ ខែ​មករា​កន្លង​មក ប្រសិន​បើ​យើង​មើល​រូប​ភាព​ដែល​គេ​បង្ហោះ​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​នានា ពី​កែប ពី​កំពត ពី​កំពង់សោម ពី​សៀមរាប ពី​មណ្ឌលគិរី… មាន​មនុស្ស​យ៉ាង​ច្រើន​ដើរ​លេង​សប្បាយ ដូច្នេះ​យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់។ ប៉ុន្តែ នៅ​ពេល​យើង​មាន​បទ​ពិសោធន៍​នៅ​ក្នុង​មួយ​ឆ្នាំ​កន្លង​មក យើង​បាន​យល់​ថា​នៅ​ពេល​យើង​មាន​អារម្មណ៍​ថា​បាត់​បង់​ទាំង​អស់ យើង​នៅ​សល់​ព្រះជាម្ចាស់។ ព្រះជាម្ចាស់​ដែល​មិន​បាន​លះបង់​ចោល​យើង ព្រះជាម្ចាស់​បាន​ណែនាំ​ឱ្យ​យើង​រស់​នៅ​ក្នុង​លោកីយ​នេះ ដោយ​រក​ឃើញ​សេចក្តី​ស្រឡាញ់​ដែល​មក​ពី​ព្រះជាម្ចាស់ ដែល​ណែនាំ​ឱ្យ​យើង​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។

ខ្ញុំ​បាន​នឹក​ឃើញ​ថា យើង​អាច​គោរព​បុណ្យ​ព្រះយេស៊ូ​ប្រសូត​តាម​លោកីយ​ស្រួល​ណាស់ នៅ​ក្នុង​ឆ្នាំ​មុន​នេះ​តាំង​ពី​ពាក់​កណ្តាល​ខែ​តុលា នៅ​គ្រប់​ទី​កន្លែង​គេ​ចាប់​ផ្តើម​តុប​តែង​ដើម្បី​អបអរ​សាទរ​បុណ្យ​នេះ។ យើង​អាច​ធ្វើ​តាម​របៀប​នេះ ដោយ​តុប​តែង​យ៉ាង​ស្អាត ដាក់​កាដូ​យ៉ាង​ស្អាត ជូន​កាដូ​គ្នា​ទៅ​វិញ​ទៅ​មក យើង​អាច​ធ្វើ​តាម​លោកីយ។ ក៏​ប៉ុន្តែ សម្រាប់​យើង​យើង​ដឹង​ហើយ​ថា​របៀប​ដែល​យើង​បាន​គោរព​ព្រះយេស៊ូ​ប្រសូត​នៅ​ក្នុង​ក្រោល​សត្វ ណែនាំ​ឱ្យ​យើង​យល់​គឺ​ព្រះជាម្ចាស់​ដែល​ស្រឡាញ់​ខ្ញុំ។ ព្រះជាម្ចាស់​បាន​ណែនាំ​ឱ្យ​ខ្ញុំ​ចេះ​ស្រឡាញ់​អ្នក​ដទៃ ព្រះជាម្ចាស់​ណែនាំ​ឱ្យ​ខ្ញុំ​ចេះ​ចែក​រំលែក​ឱ្យ​គេ​ដែរ។ នេះ​ជា​បុណ្យ​ព្រះយេស៊ូ​ប្រសូត តាម​អត្ថន័យ​ដ៏​ពិត​ប្រាកដ​របស់​យើង ព្រះជាម្ចាស់​ចាប់​កំណើត​ជា​មនុស្ស​ដើម្បី​ធ្វើ​ដំណើរ​ជា​មួយ​យើង ដោយ​ដឹង​ថា​យើង​មាន​ទី​ពឹង​មួយ​យ៉ាង​ពិសេស។ ក្មេងៗ​ដែល​នឹង​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ថ្ងៃ​នេះ មក​ពី​ឪពុក​ម្តាយ មក​ពី​លោក​តា​លោក​យាយ​ដែល​បាន​ណែនាំ​ឱ្យ​កូន​ទៅ​ជា​គ្រីស្ត​បរិស័ទ ដោយ​ដឹង​ថា​នៅ​ក្នុង​ព្រះជាម្ចាស់​យើង​មាន​ថ្ម​ដា​ជា​មូល​ដ្ឋាន​គ្រឹះ​ដែល​យើង​អាច​កសាង​ជីវិត​របស់​យើង​បាន។

ថ្ងៃ​អាទិត្យ​យើង​អាច​គោរព​តាម​គេ​ដែរ យើង​អាច​ដើរ​លេង​ដូច​គេ ប៉ុន្តែ​សម្រាប់​យើង​សុភមង្គល​ដែល​យើង​មាន​គឺ​យើង​ដឹង​ថា​ថ្ងៃ​អាទិត្យ ខ្ញុំ​ត្រូវ​ចូល​ព្រះវិហារ​ដើម្បី​អធិដ្ឋាន។ ដើម្បី​ស្តាប់​ព្រះបន្ទូល ដើម្បី​ទទួល​ព្រះកាយ​ព្រះគ្រីស្ត ដើម្បី​នឹក​ឃើញ​ជីវិត​របស់​យើង​ពេញ​មួយ​អាទិត្យ​កន្លង​មក ដើម្បី​ទទួល​កម្លាំង​សម្រាប់​អាទិត្យ​ថ្មី ដើម្បី​ត្រៀម​ខ្លួន។ ដោយ​ដឹង​ថា​ព្រះជាម្ចាស់​ស្រឡាញ់​ខ្ញុំ​ពិត​មែន ក្រោយ​មក​ខ្ញុំ​អាច​ដើរ​លេង​ដោយសារ​ខ្ញុំ​បាន​ទទួល​កម្លាំង​ពី​ព្រះជាម្ចាស់​ហើយ។ ដូច្នេះ គ្រប់​សកម្មភាព​យើង​មាន​របៀប​ពីរ តាម​លោកីយ​សុទ្ធ ឬ​យក​ជំនឿ​របស់​យើង​ជា​អាទិភាព។ នៅ​ក្នុង​ជីវិត​របស់​យើង​ប្រចាំ​ថ្ងៃ​ក៏​ដូច​គ្នា​ដែរ អ្នក​ខ្លះ​និយាយ​ថា​ខ្ញុំ​ជា​គ្រីស្ត​បរិស័ទ​តែ​ថ្ងៃ​អាទិត្យ នៅ​ពេល​ខ្ញុំ​ចូល​ព្រះវិហារ។ មាន​ខ្លះ​ទៀត​ថា ខ្ញុំ​ជា​គ្រីស្ត​បរិស័ទ​តែ​ថ្ងៃ​បុណ្យ​ធំៗ​ក្នុង​ព្រះសហគមន៍ (បុណ្យ​ព្រះយេស៊ូ​ប្រសូត្រ បុណ្យ​ចម្លង…)។

ឆ្នាំ​នេះ​បុណ្យ​ចម្លង​ត្រូវ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ខ្ញុំ​សង្ឃឹម​ថា​បង​ប្អូន​មិន​ភ្លេច​មក​ព្រះវិហារ កុំ​ឱ្យ​យើង​ធ្វើ​ជា​គ្រីស្ត​បរិស័ទ​តាម​កាលៈទេសៈ ឬ​តាម​ពេល​វេលា​របស់​យើង។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ឱ្យ​យើង​យល់​ថា​ខ្ញុំ​ជា​គ្រីស្ត​បរិស័ទ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ណែនាំ​ឱ្យ​កូន​ខ្ញុំ​មាន​សេចក្តី​សុខ។ កូន​ដែល​ទទួល​ព្រះកាយ​ថ្ងៃ​នេះ គេ​ប្រាប់​ខ្ញុំ​ថា​គេ​ភ្ញាក់​ពី​ដេក​ម៉ោង​៣​ទៀប​ភ្លឺ ដោយសារ​គេ​រំភើប​ពេក​គេ​ខ្លាច​ទៅ​ព្រះវិហារ​មិន​ទាន់។ នេះ​ជា​អ្វី​ដែល​យើង​បាន​ឃើញ ចេញ​ពី​ឪពុក​ម្តាយ ចេញ​ពី​លោក​តា​លោក​យាយ​ដែល​បាន​ណែនាំ។ នេះ​ជា​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ ដោយ​ដឹង​ថា​ពិត​មែន​យើង​មាន​អំណរ​សប្បាយ នៅ​ពេល​យើង​ជួប​ជា​មួយ​ព្រះយេស៊ូ។ យើង​មាន​អំណរ​សប្បាយ​នៅ​ពេល​ចូល​ព្រះវិហារ យើង​មាន​អំណរ​សប្បាយ​នៅ​ពេល​យើង​ចេះ​ស្រឡាញ់​គេ​នៅ​ក្នុង​សង្គម​ជា​ប្រចាំ​ថ្ងៃ។ ថ្ងៃ​នេះ យើង​នឹង​ចែក​គ្រឿង​ឧបភោគ​បរិភោគ​ដែល​គ្រីស្ត​បរិស័ទ​យើង​បាន​រួម​គ្នា​ពី​ខែ​ធ្នូ​មក ជូន​ដល់​គ្រួសារ​ក្រីក្រ​មួយ​ចំនួន។ នេះ​ជា​ជីវិត​របស់​យើង​ប្រចាំ ចែក​រំលែក​និង​អនុវត្ត​អ្វី​ដែល​យើង​ទទួល​នៅ​ក្នុង​អំណរ​សប្បាយ​ពី​ព្រះជាម្ចាស់ ដោយសារ​ព្រះជាម្ចាស់​ចង់​ឱ្យ​យើង​ទទួល​សុភមង្គល​ដ៏​ពិត​ប្រាកដ។

យើង​ខ្ញុំ​សូម​អរព្រះគុណ​ព្រះជាម្ចាស់ ដែល​បាន​ជ្រើស​រើស​យើង​ខ្ញុំ ឱ្យ​យើង​ដឹង​ថា “ថ្ងៃ​នេះ​ពិត​មែន​យើង​ជា​បុត្រា​បុត្រី​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ព្រះជាម្ចាស់​បាន​បង្កើត​យើង​ហើយ”។ អាម៉ែន​៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ

នាព្រឹកថ្ងៃទី៣០​ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ​ ​ដែលទទួល​ខុស​ត្រូវ​ដោយ​ក្រុម​បព្វជិត​​ឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ​ សង្កាត់​អរិយក្សត្រ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ​ បងប្រុស​ បងស្រី​ តំណាងអាជ្ញាធរដែនដី​ សិស្សានុសិស្ស​ អាណាព្យាបាល​ យ៉ាងច្រើនកុះករ​។ មានប្រសាសន៍​សំណេះសំណាលក្នុងពិធីកាត់ខ្សែបូ លោកអភិបាលអូលីវីយ៉េ លើកឡើងថា នៅទីនេះមាតាបិតាមានសំណាងណាស់ ដោយសារកូនៗរៀននៅសាលាដ៏ល្អ មានការអប់រំដ៏ល្អមិនគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់​ក្រុម​បព្វជិត​ឡាសាល

សិស្សនៃ​វិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន​៨នាក់​ ទទួលបាន​និទ្ទេស A ពីការ​​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំ​សិក្សា​២០២៣-២០២៤ ចំនួន​៨ នាក់របស់​សាលា​ចំណេះទូទៅ​សន្តហ្វ្រង់ស្វ័រ ទទួល​បាននិទ្ទេសA ក្នុង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះ​បើ​យោង​តាម​លទ្ធផល​ដែល​បាន​បូកសរុប​ដោយ​សាលាផ្ទាល់។ លោកអូលីវីយ៉េ ជ្មីតហស្លេ ជា​ស្ថាបនិក និង​ជា​អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ​មានប្រសាសន៍ថា ក្នុងឆ្នាំនេះ សាលា​មាន៨នាក់ជាប់និទ្ទេសA  ស្មើនឹង២២,២២​ភាគរយនៃសិស្ស៣៦នាក់។ លោក​ថា «នេះ​ជាមោទនភាពរបស់ព្រះសហគមន៍កាតូលិកដែលបានបង្កើតគ្រឹះស្ថានអប់រំ​ដ៏ល្អបំផុត ដែលមានលទ្ធផលប្រហែលជាទទួលបាន លេខមួយនៅទូទាំងប្រទេស ដែលមាននិទ្ទេសA ច្រើនដូចនេះ។» លោក​បញ្ជាក់ថា ជោគជ័យនេះបាន​ដោយសារតែសិស្សសាលារបស់យើងសព្វថ្ងៃ ទទួលការអប់រំពីព្រះសហគមន៍កាតូលិកតាំងពីមត្តេយ្យសិក្សា

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

Subscribe to our newsletter

Don't miss new updates on your email