បងប្អូនជាទីស្រឡាញ់
ថ្ងៃនេះយើងបានស្តាប់នៅក្នុងអត្ថបទទី១ថា “ថ្ងៃនេះជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់នៃយើង មិនត្រូវកើតទុក្ខព្រួយឡើយ ព្រោះអំណរដែលមកពីព្រះអម្ចាស់ជាកម្លាំងរបស់អ្នករាល់គ្នា”។ ពិតមែន ថ្ងៃនេះជាថ្ងៃអាទិត្យ ថ្ងៃនេះជាថ្ងៃដែលយើងថ្វាយបង្គំ ជាពេលវេលាដែលគ្រីស្តបរិស័ទជួបជុំគ្នាដើម្បីអធិដ្ឋាន ដើម្បីស្តាប់ព្រះបន្ទូល ជាពិសេសដើម្បីទទួលអំណរសប្បាយដែលមកពីព្រះជាម្ចាស់។ ខ្ញុំគិតថាសម្រាប់យើងដែលជាក្មេងៗជំទង់ ដែលបានមកពីគ្រប់ទីកន្លែងនៅក្នុងខេត្តតាកែវ ក្នុងរយៈពេល២ថ្ងៃកន្លងមកយើងបានទទួលបទពិសោធន៍អំពីអំណរសប្បាយ។ អំណរសប្បាយដោយសារយើងបានជួបជុំគ្នា អំណរសប្បាយដោយសារយើងបានស្គាល់មិត្តសម្លាញ់ថ្មីៗ អំណរសប្បាយដោយសារយើងបានរិះគិតទៅលើប្រធានបទ “មិត្តសម្លាញ់នៃជីវិត”។
ប៉ុន្តែ ប្រភពនៃអំណរសប្បាយគឺព្រះយេស៊ូផ្ទាល់ ជាព្រះយេស៊ូដែលបានហៅយើងមកជួបជុំគ្នា ព្រះយេស៊ូជាមិត្តសម្លាញ់ដ៏ពិសេសបំផុតរបស់យើង ដែលបានធ្វើដំណើរជាមួយយើងពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្ងៃនេះ យើងបានឃើញយ៉ាងជាក់ស្តែង គឺព្រះយេស៊ូបានណែនាំឱ្យយើងជួបជុំគ្នា ព្រះយេស៊ូបានណែនាំឱ្យយើងមានអំណរសប្បាយ។ ព្រះយេស៊ូបានណែនាំឱ្យយើងស្គាល់គ្នា ព្រះយេស៊ូបានណែនាំឱ្យយើងធ្វើជាគ្រួសារមួយ។ ខ្ញុំសង្ឃឹមលើលោកឪពុក អ្វីដែលបានកើតឡើងថ្ងៃនេះយើងត្រូវការថែរក្សាជារៀងរាល់អាទិត្យ កុំឱ្យមានតែកម្មវិធីជាមួយការិយាល័យយុវជនមួយឆ្នាំម្តង។ រាល់អាទិត្យ តាមកន្លែងរបស់យើងរៀងៗខ្លួនជាឱកាសមួយដើម្បីជួបគ្នា ដូចយើងបានស្តាប់ពីព្រឹកមិញ តាមរយៈក្រុមកាយរិទ្ធិ តាមរយៈពិធីបុណ្យ តាមរយៈក្រុមសង្គហៈ…។
ថ្ងៃនេះ នៅក្នុងអត្ថបទទី២បានបំភ្លឺយើងថា យើងជាគ្រួសារតែមួយ ប៉ុន្តែយើងបីដូចជារូបកាយមួយ។ នៅក្នុងរូបកាយរបស់យើង យើងមានភ្នែក មានត្រចៀក មានច្រមុះ មានមាត់ មានដៃ មានជើង…។ ប្រសិនបើរូបកាយយើងមានតែត្រចៀក តើយើងមើលឃើញឬទេ? ប្រសិនបើរូបកាយយើងមានតែភ្នែក តើយើងស្តាប់ឮឬទេ? ប្រសិនបើរូបកាយយើងមានតែមាត់ យើងមើលមិនឃើញស្តាប់មិនឮទេ។ ហេតុនេះហើយ ដើម្បីឱ្យយើងទៅជាមនុស្សដែលពោរពេញដោយអំណរសប្បាយ យើងត្រូវការមានភ្នែកដើម្បីមើលឃើញ មានត្រចៀកដើម្បីស្តាប់ឮ មានមាត់ដើម្បីនិយាយ មានដៃដើម្បីធ្វើការ មានជើងដើម្បីធ្វើដំណើរ…។ ព្រះសហគមន៍ក៏ដូចគ្នាដែរ យើងម្នាក់ៗសំខាន់ណាស់ យើងជាជំទង់១៦០នាក់នៅទីនេះ ម្នាក់ៗសំខាន់ណាស់ ម្នាក់ៗមានសមត្ថភាពរៀងៗខ្លួន។ មានខ្លះពូកែច្រៀង មានខ្លះពូកែដឹកនាំ មានខ្លះពូកែលេងភ្លេង… នេះជាគ្រួសាររបស់យើងដែលត្រូវការមានទាំងអស់ដើម្បីមានអំណរសប្បាយ។ យើងមានអំណោយទានផ្សេងៗពីគ្នា និងអំណោយទាននីមួយៗសំខាន់ណាស់។
ថ្ងៃនេះ យើងបានជូនពរគ្នាទៅវិញទៅមកដោយសរសេរលើក្រដាសដែលបិទនៅលើខ្នង យើងឃើញម្នាក់ៗបានសរសេរច្រើន និងម្នាក់ៗក៏បានទទួលច្រើនដែរ។ ការជូនពរនេះជាកម្លាំងមួយ ដែលយើងបានទទួលពីមិត្តភក្តិរបស់យើង ប៉ុន្តែពេលយើងចូលនៅក្នុងអភិបូជាយើងទទួលព្រះពរដែលមកពីព្រះជាម្ចាស់ផ្ទាល់។ ដើម្បីណែនាំពេលយើងទៅវិញ យើងមានសេចក្តីសុខ យើងមានកម្លាំងកាយកម្លាំងចិត្តដើម្បីទៅមុខតទៅទៀត។ ពីម្សិលមិញយើងបានរៀនអំពី ទំនាក់ទំនងសំខាន់ណាស់ មិត្តសម្លាញ់នៃជីវិតគឺទំនាក់ទំនងដូចយើងបានរិះគិត។ ប៉ុន្តែ នៅក្នុងពេលវេលាកូវីដ-១៩នេះ អ្វីដែលសំខាន់និងណែនាំឱ្យយើងភ្ញាក់ស្មារតីគឺសុខភាព។
យើងត្រូវតែបន្តអនុវត្ត៣កុំ៣ការពារ ការសិក្សាក៏សំខាន់នៅក្នុងអ្វីដែលយើងបានរិះគិតពីម្សិលមិញ។ ពេលវេលាដែលយើងត្រូវការចែកឱ្យត្រឹមត្រូវ ពេលវេលាដើម្បីសិក្សា ពេលវេលាដើម្បីសប្បាយ ពេលវេលាដើម្បីសម្រាក ពេលវេលាដើម្បីអធិដ្ឋាននិងស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពេលវេលាដើម្បីថែរក្សាសុខភាព…។ ដូច្នេះ នៅក្នុងមួយថ្ងៃដែលយើងមាន២៤ម៉ោង ប្រសិនបើយើងដេក៨ម៉ោងយើងនៅសល់១៦ម៉ោងទៀត យើងត្រូវតែចែកពេលវេលារបស់យើងឱ្យត្រឹមត្រូវ ដើម្បីរកឃើញសេចក្តីសុខនិងអំណរសប្បាយ។
មិត្តភក្តិសំខាន់ណាស់ យើងថែរក្សាមិនមែនតែទំនាក់ទំនងទូទៅ ប៉ុន្តែមិត្តភាពជាមួយមិត្តភក្តិថ្មីៗ។ សព្វថ្ងៃ យើងស្រួលក្នុងការរក្សាទំនាក់ទំនងរវាងគ្នានឹងគ្នា ពេលយើងបែកគ្នាថ្ងៃនេះយើងមានប្រព័ន្ធទំនាក់ទំនងសង្គមដូចជាហ្វេសបុក តេឡេក្រាម វ៉ាត់អែប…។ អ្វីដែលព្រះជាម្ចាស់ប្រទានឱ្យយើងគឺធម្មជាតិ បរិស្ថានដែលយើងមាន ដូចយើងបានឃើញនៅទីនេះមានផ្កាច្រើនណាស់។ មានផ្កាក្រដាស់នេះខ្ញុំបានដាំពីឆ្នាំ២០១០ នៅតែបន្តមានជីវិតទោះដីនេះជាប្រភេទដីដែលគ្មានជីវជាតិ ប៉ុន្តែឥឡូវនេះជាដីដ៏មានជីវិតដោយសារយើងបានថែរក្សាបរិស្ថាន បានថែរក្សាធម្មជាតិដែលព្រះជាម្ចាស់បានប្រទានឱ្យ។
ចំណុចមួយទៀតដែលសំខាន់បំផុត គឺឱ្យយើងមានចិត្តមេត្តាករុណានៅក្នុងសីលធម៌ នៅក្នុងរបៀបរស់នៅជាមួយបងប្អូនឯទៀតៗ ឱ្យយើងមានចិត្តអាណិតមេត្តាដូចព្រះយេស៊ូមានព្រះហឫទ័យអាណិតមេត្តា។ ថ្ងៃនេះ នៅក្នុងគម្ពីរដំណឹងល្អ យើងបានស្តាប់ព្រះយេស៊ូដែលបានប្រកាសអំពីឆ្នាំនៃធម៌មេត្តាករុណា។ ដែលព្រះជាម្ចាស់គង់នៅ ដែលព្រះជាម្ចាស់ជូនដំណឹងល្អដល់អ្នកក្រីក្រ ដែលព្រះជាម្ចាស់ណែនាំឱ្យមនុស្សខ្វាក់មើលឃើញ អ្នកដែលជាប់មន្ទីរឃុំឃាំងឱ្យគេមានសេរីភាព។ មនុស្សដែលអស់សង្ឃឹម ដោយសារមានគេសង្កត់សង្កិន គឺជាមនុស្សដែលបានទទួលជីវិតថ្មី នេះជាអំណរសប្បាយដែលយើងបានស្តាប់ថ្ងៃនេះ នេះជាកម្លាំងដែលយើងបានទទួលពីព្រះជាម្ចាស់ថ្ងៃនេះ។ ដោយដឹងថា ព្រះបន្ទូលដែលយើងគោរពថ្ងៃអាទិត្យនេះ ព្រះបន្ទូលនេះទៅជារូបរាងនៅមុខយើង គឺព្រះយេស៊ូផ្ទាល់។ ព្រះយេស៊ូផ្ទាល់ ដែលបានធ្វើដំណើរជាមួយយើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឱ្យយើងមានសេចក្តីសុខនិងសុភមង្គល។
បងប្អូនជាទីស្រឡាញ់ យើងបានទទួលអំណោយយ៉ាងច្រើននៅពេលយើងទៅតាមកន្លែងយើងរៀងៗខ្លួនវិញ ឱ្យយើងគិតសារជាថ្មី តើខ្ញុំធ្វើអ្វីខ្លះដើម្បីបម្រើអ្នកដទៃ ដើម្បីបម្រើសង្គម ដើម្បីបម្រើព្រះសហគមន៍? តើខ្ញុំធ្វើដូចម្តេចដើម្បីស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលចិញ្ចឹមជីវិតរបស់ខ្ញុំ? តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីទៅជាមិត្តភក្តិរបស់ព្រះជាម្ចាស់ ដើម្បីទៅជាមិត្តល្អ ទៅជាកូនល្អ ទៅជាពលរដ្ឋល្អនៅក្នុងសង្គមបច្ចុប្បន្ននេះ?
មិត្តសម្លាញ់នៃជីវិត យើងបានមើលអ្វីដែលជាសារៈសំខាន់សម្រាប់ជីវិតរបស់យើង ឱ្យយើងថែរក្សា និងឱ្យយើងគិតដោយពិចារណាថា តើសម្រាប់ខ្ញុំផ្ទាល់មានអ្វីខ្លះដែលសំខាន់បំផុត? តើខ្ញុំត្រូវធ្វើដូចម្តេចឱ្យឆ្នាំ២០២២នេះ ខ្ញុំរីកចម្រើនលូតលាស់? តើយើងធ្វើដូចម្តេចដើម្បីឱ្យអនាគតរបស់យើង ទៅជាអនាគតដែលពោរពេញដោយសេចក្តីសុខ ពោរពេញដោយកម្លាំងកាយកម្លាំងចិត្ត? កុំឱ្យយើងបាត់បង់សេចក្តីសង្ឃឹមដោយសារនិយាយអំពីកូវីដ-១៩ យើងធ្វើដូចម្តេចដើម្បីឱ្យសុភមង្គលដែលព្រះយេស៊ូមានព្រះបន្ទូលសន្យា ទៅជារូបរាងនៅក្នុងជីវិតរបស់យើងផ្ទាល់ នៅក្នុងឆ្នាំ២០២២នេះ។
យើងអរព្រះគុណព្រះជាម្ចាស់ សូមព្រះអង្គប្រទានពរដល់យើងទាំងអស់គ្នា៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ