លោកអភិបាលអូលីវីយ៉េ៖ ឆ្នាំសិក្សាថ្មី វិទ្យាស្ថានសន្តប៉ូលជា «ឆ្នាំបៃតង»​

សំឡេងទះដៃអបអរសាទរយ៉ាងឱឡារិករបស់​និស្សិត​ និង​សាស្ត្រាចារ្យ នៃវិទ្យាស្ថាន​សន្ត​ប៉ូល ដើម្បី​ទទួល​បវេសនកាលឆ្នាំសិក្សា​ថ្មី​ “ឆ្នាំ​ពណ៌បៃតង” ជាផ្លូវការដែល​បាន​ប្រកាស​ដោយ ​ លោក​ អូលីវីយ៉េ ជ្មីហស្លេរ ស្ថាបនិក​វិទ្យាស្ថាន​សន្ត​ប៉ូលនិង​ជាអភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​ នៅក្នុងពិធី បើកបវេសនកាល ឆ្នាំសិក្សា ២០២២ -២០២៣ និងចែកសញ្ញានិស្សិត​សញ្ញាបត្រ​បរិញ្ញាបត្ររង និង​បរិញ្ញាបត្រ​ ដល់និស្សិតបានបញ្ចប់​ការសិក្សាចំនួន​១១៤នាក់  ក្រោម​អធិបតីភាព​ ​លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ នាព្រឹក​ថ្ងៃទី​៨ មីនា ២០២២ នៅ​វិទ្យាស្ថាន​សន្ត​ប៉ូល ក្នុង​ភូមិអង្គគគី ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

លោក អភិបាល អូលីវីយ៉េ​ បញ្ជាក់​ថា ឆ្នាំនេះ​ខ្ញុំ​បាន​ប្រកាសជា «​ឆ្នាំ​បៃតង» ​ពណ៌​បៃតង​ជាពណ៌​នៃ​សេចក្ដី​សង្ឃឹម​។ ដូច្នេះ​នៅក្នុង​ឆ្នាំ​បៃតង​នេះ​ឱ្យ​យើង​មើល​គ្រប់វិស័យ សូម​ឱ្យ​ការ​សិក្សា​ជោគជ័យ មាន​ទំនាក់​ទំនង​ប្រាកដ​មិនមែន​តាម​ហ្សូម និង​អនឡាញ ប៉ុន្តែ​ឱ្យ​​ខិតខំ​ការពារថែរក្សា​បរិស្ថាន ដាំ​បន្លែ យក​ចិត្ត​ទុកដាក់នឹងសុខភាព​ក៏​ដូចជាទេពកោសល្យ​ដើម្បី​ឱ្យ​យើង​ទៅជាមនុស្ស​ដ៏ពេញ​លក្ខណៈ។ នៅពេល​និយាយពីពណ៌បៃតង ជាពណ៌​ដែល​មើលពីអនាគត​ និង​ក្ដីសង្ឃឹម​របស់​យើង។

លោកអភិបាល​សង្ឃឹម​ថានិស្សិតទាំងអស់​ឈ្នះ​បញ្ហានានា និង​អាច​រៀប​ចំ​អនាគត​របស់ពួកគេបាន។​ សម្រាប់​និស្សិត​ទាងអស់ លោកមាន​ពាក្យ​មួយ​គឺ​ “​តស៊ូ​ និង​យក​ចិត្ត​ទុកដាក់” សម្រាប់​ឆ្នាំ​ទី​មួយ។ ​លោកថា ទោះបី​មាន​កូវីដ១៩ ឬមិនមាន​កូវីដ ​ត្រូវ​តែតស៊ូ​ដើម្បី​រៀន​សូត្រ តស៊ូ​ដើម្បី​រៀប​ចំ​អនាគត និង​យក​ចិត្ត​ទុកដាក់​ទោះបី​ជាចេញ​ទៅហើយ​ត្រូវ​យក​ចិត្ត​ទុកដាក់​ធ្វើការ និង​រៀបចំអនាគត​។ ត្រូវតែ​ជាមនុស្ស​ដែល​ពោរពេញ​ដោយ​ក្ដី​សង្ឃឹម​ ដូច​ស្លឹក​ឈើ​មាន​ស្លឹក​ខ្ចី​នៅ​ពេល​ដែល​នៅ​រស់​មាន​ពណ៌បៃតង។ ដូច្នេះ​សូម​ឱ្យ​សិស្សានុសិស្ស​ទាំង​អស់​មាន​សេចក្ដី​សង្ឃឹម​ដោយ​ឈ្នះ​អ្វីៗទាំងអស់​ដើម្បី​ទទួល​ជីវិត​ថ្មី​ដ៏​ល្អ​ប្រសើ​របំផុត។​

លោក ផុន សុផល នាយក​វិទ្យាស្ថាន​សន្ត​ប៉ូល ថ្លែង​នៅក្នុង​កម្មវិធី​នេះថា វិទ្យាស្ថាន​សន្ត​ប៉ូល ជាគ្រឹះស្ថាន​ឧត្តម​សិក្សា​កាតូលិក​ដំបូង​គេបង្អស់តែ​មួយ​គត់​នៅក្នុង​ប្រទេសកម្ពុជា។ វិទ្យាស្ថាន​នេះ​​បង្កើត​ឡើង​​ជាផ្លូវ​ការ​នៅ​ក្នុង​ឆ្នាំ​២០០៩ ក្រោម​គំនិត​ផ្ដួច​ផ្ដើម​និង​ទទួល​ខុសត្រូវ​ខ្ពស់​របស់​លោក​អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ អូលីវីយ៉េ ជ្មិត​ហស្លេរ ដែលជា​ស្ថាប​និក​ និង​ជាប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​របស់​វិទ្យាស្ថាន​សន្ត​ប៉ូល។

លោកបញ្ជាក់​ “វិទ្យាស្ថាន​សន្ត​ប៉ូល​ មាន​បំណង​ចូល​រួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ និង​ជួយ​ដល់​យុវជន​នៅជន​បទ​និង​តំបន់​ដាច់​ស្រយាល​ឱ្យ​មាន​ឱកាស​បាន​សិក្សា​ថ្នាក់​​ឧ​ត្ដម​សិក្សា​ដោយ​ឈរ​លើ​ចក្ខុ​វិស័យ​​និង​បេសកកម្ម​ច្បាស់​លាស់​ ជាពិសេស​ផ្អែក​លើ​សសរស្ដម្ភ​២សំខាន់ៗគឺ សេចក្ដីពិត និង​មេត្តាករុណា ដោយ​បញ្ចូល​កម្ម​វិធី​ប្រព័ន្ធ​អប់រំ​ទាំងមូល”។​

លោក សាយ សំអាល់​ បានអបអរសាទរដល់លោក ​អភិបាល​ អូលីវីយ៉េ ដែល​ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា​សព្វព្រះរាជហឫទ័យ​ប្រទាន​ងារជា «ឯកឧត្តម»​ និង អបអរសាទរ​ចំពោះនិស្សិតដែលបាន​បញ្ចប់​ការសិក្សា​ដោយជោគជ័យ ដែល​ជាការបើកទំព័រ​ថ្មី​នៅ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន និង​សង្ឃឹម​ថា​ប្អូនៗ​នឹង​យក​ចំណេះ​ដឹង​ទាំងអស់នេះ​ទៅ​បម្រើ​ប្រទេសជាតិ​ទៅតាម​ជំនាញ​វិជ្ជាជីវៈ​។​

លោក ក៏បាន​កោត​សរសើរ​ដល់​វិស័យ​អប់រំ​ដែល​ដឹកនាំ​ដោយ​លោក​អភិបាល​អូលីវីយ៉េ ទោះ​បី​ស្ថិត​ក្នុង​បរិបទ​កូវីដ១៩ក៏ដោយ ជាពិសេស​វិទ្យាល័យ​សន្ត​ហ្វ្រង់​ស្វ័រ​ដែល​មាន​សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ជាប់​និទ្ទេស A ច្រើន​ជាងគេ​រហូតដល់​៩នាក់​ក្នុង​ខេត្តតាកែវ។​

លោករដ្ឋមន្ត្រី ក៏បានក្រើនរម្លឹកបន្ថែមថា ក្នុងនាមយើងជាយុវជនជំនាន់ក្រោយ ម្នាក់ៗត្រូវស្គាល់ខ្លួនឯង និងកំណត់គោលដៅឱ្យច្បាស់ ថាខ្លួនចូលចិត្តអ្វី ចង់ធ្វើអ្វី ជាពិសេស គឺត្រូវជឿជាក់លើខ្លួនឯងថាខ្លួនអាចធ្វើបាន។ ជាមួយគ្នានេះ លោក សាយ សំអាល់ បានលើកឡើងនូវអនុសាសន៍មួយចំនួនរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ​ ដែលជាជនគំរូមួយនៅកម្ពុជា ចំពោះសិស្ស និស្សិតដែលជាអ្នកជំនាន់ក្រោយទាំងអស់ រួមមាន៖ ទី១)រក្សានូវមរតកដែលបានបន្សល់ទុកពីអ្នកជំនាន់មុន ទី២)ចូលរួមពូនជ្រុំកសាងសមិទ្ធផលផ្សេងៗទៀត និងទី៣)ចូលរួមកសាងថ្នាលសម្រាប់អ្នកជំនាន់ក្រោយ។

ក្នុងឱកាសនោហដែរលោករដ្ឋមន្ត្រី​​បានចែករំលែកបទពិសោធន៍ ក្នុងការតាំងចិត្ត​សិក្សាលើមុខជំនាញវិទ្យាសាស្ត្រ និងរហូតបញ្ចប់ថ្នាក់បណ្ឌិតនៅក្រៅប្រទេស ។

នៅក្នុង​ពិធី​នេះ​លោក​ សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន​បំពាក់​មេដាយ​ថ្នាក់ “ជាតូបការ” ជូន​លោក​អភិបាល​អូលីវីយ៉េ ដើម្បី​តបស្នង​ទៅ​នឹង​កិច្ចការ​ដែល​លោក​បាន​ជួយ​អភិវឌ្ឍស្ទើរគ្រប់​វិស័យ​ទាំងអស់​នៅ​ក្នុង​ខេត្ត​តាកែវ និង​មេ​ដាយថ្នាក់​ “មហាសេនា” ជូន​ទៅ​លោក​ ផុន សុផល នាយក​វិទ្យាស្ថាន​សន្ត​ប៉ូល​ផងដែរ។​

ថ្លែង​ប្រាប់RVAKhmer លោក​អភិបាលអូលីវីយ៉េ​ បញ្ជាក់ថា នេះជាមេដាយជាតូបការ ជាមេដាយ ខ្ពស់ផុតលេខ ហើយនេះជាអ្វីដែល ប្រមូលគ្រប់ស្នាដៃដែលមាន ២០ឆ្នាំកន្លងមក តាំងពីឆ្នាំ ២០១០ រហូតដល់ ២០២២ នៅក្នុងខេត្តតាកែវ។​ យើងបានជួយអភិវឌ្ឍទៅលើវិស័យជាច្រើន ទាំងវិស័យអប់រំ វិស័យសង្គមកិច្ច ជួយជនពិការ សិប្បកម្ម សិល្បៈ សុខភាព និង​​សាសនា ដែលណែនាំឱ្យមនុស្សនានាដែលអស់សង្ឃឹមឱ្យមានសង្ឃឹមឡើងវិញ។  ដូចនេះអ្វីៗទាំងអស់បានធ្វើឲ្យរាជរដ្ឋាភិបាលទទួលស្គាល់។ លោកអភិបាលបានបញ្ជាក់ទៀតថា ទាំងអស់នេះមិនមែនស្នាដៃខ្ញុំផ្ទាល់ ប៉ុន្តែជាស្នាដៃរបស់ព្រះសហគមន៍កាតូលិក ជាពិសេសនៅក្នុងខេត្តតាកែវ និងអរគុណដល់សហការីរបស់ខ្ញុំទាំងអស់ ដែលបានធ្វើឱ្យគ្រប់សកម្មភាពរបស់យើងទាំងអប់រំ ទាំងអភិវឌ្ឍ និងទាំងសិល្បៈអាចជោគជ័យបាន។ នេះជាការអស្ចារ្យនិងជោគជ័យសម្រាប់យើងទាំងអស់ និង​ជាកម្លាំង​មួយ​ពិសេស​ថ្មី​ដើម្បី​ឱ្យ​យើង​ទៅមុខទៀត។

រយៈពេល​ជាង​១០មកនេះ វិទ្យាស្ថាន​សន្ត​ប៉ូល​បាន​បណ្ដុះ​បណ្ដាល​និស្សិត​កំរិតបរិញ្ញាបត្រ​​ជំនាញ វិស្វកម្ម Software​ ទូរគមនាគមន៍ និង​បណ្ដាញ ជំនាញ​អក្សរសាស្ត្រ​អង់គ្លេស ជំនាញ​គ្រប់​គ្រង​ទេសចរណ៍ ក្សេត្រសាស្ត្រ ជំនាញ​សង្គម​កិច្ច។ រីឯបរិញ្ញាបត្រ​រង វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល​លើជំនាញ​៦​មាន៖ ជំនាញ​អភិវឌ្ឍកម្ម​វិធី​កុំ​ព្យូទ័រ ជំនាញ​គ្រប់​គ្រង​​ប្រព័ន្ធ​និង​បណ្ដាញ​កុំ​ព្យុទ័រ ជំនាញ​ផលិត​កម្ម​ដំណាំ​ហូប​ផ្លែនិង​បន្លែ ជំនាញ​វេជ្ជសាស្ត្រ​សត្វ ជំនាញ​ភាសាអង់គ្លេស ជំនាញ​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច។ គ្រប់​កម្មវិធី​អប់រំ​របស់​វិទ្យាស្ថាន​សន្ត​ប៉ូល​ គឺ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​សហការ​ជាមួយ​អាណាព្យាបាល​របស់​និស្សិតផ្ទាល់​​ផងដែរ។​ ដោយ​ឡែក​និស្សិត​ទាំង១១៤នាក់​ដែល​បានទទួល​សញ្ញាបត្រ​ក្នុង​ថ្ងៃនេះ មាន​៩៦%ដែល​មាន​ការងារ​ធ្វើ​ភ្លាមៗ​ក្រោយពី​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​រង​ពី​វិទ្យាស្ថាន​សន្ត​ប៉ូល។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email