លោកអភិបាល អូលីវីយ៉េ ជ្មិតហស្លេរ ទទួលបានមេដាយថ្នាក់ «ជាតូបការ» ក្នុងការជួយអភិវឌ្ឍវិស័យជាច្រើនក្នុងខេត្តតាកែវ
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបំពាក់មេដាយថ្នាក់ «ជាតូបការ» ជូនលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញលោក អូលីវីយ៉េជ្មិតហស្លេរ ដើម្បីតបស្នងទៅនឹងកិច្ចការដែលលោកបានជួយអភិវឌ្ឍស្ទើរគ្រប់វិស័យទាំងអស់នៅក្នុងខេត្តតាកែវ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ នាវិទ្យាស្ថានសន្តប៉ូល ក្នុងភូមិអង្គគគី ស្រុកត្រាំកក់។ ថ្លែងប្រាប់សារព័ត៌មាន លោក អូលីវីយ៉េ បានឱ្យដឹងថា នេះជាមេដាយជាតូបការ ហើយនេះជាអ្វីដែលជាសមិទ្ធិផលក្នុងការប្រមូលនូវគ្រប់ស្នាដៃក្នុងព្រះសហគមន៍ តាំងពីឆ្នាំ ២០១០ រហូតដល់ ២០២២ នៅក្នុងខេត្តតាកែវនេះ។ លោកមានប្រសាសន៍ថា ៖ «យើងបានជួយអភិវឌ្ឍទៅលើវិស័យជាច្រើន ទាំងវិស័យអប់រំ វិស័យសង្គម ការជួយជនពិការ សិប្បកម្ម សិល្បៈ សុខភាព និងវិស័យសាសនា ដែលណែនាំឱ្យមនុស្សនានាដែលអស់សង្ឃឹមឱ្យមានសង្ឃឹមឡើងវិញ។ ដូចនេះអ្វីៗទាំងអស់បានធ្វើឲ្យរាជរដ្ឋាភិបាលទទួលស្គាល់»។ ទាក់ទងនឹងសមិទ្ធិផលដែលលោកទទួលបាននេះដែរ លោកអភិបាលក៏បានបញ្ជាក់ផងដែរថា ទាំងអស់នេះមិនមែនស្នាដៃលោកផ្ទាល់តែឯងនោះទេ ប៉ុន្តែជាស្នាដៃរបស់ព្រះសហគមន៍កាតូលិក ជាពិសេសនៅក្នុងខេត្តតាកែវតែម្តង។ លោកអូលីវីយ៉េ បានថ្លែងថា ៖ «ខ្ញុំសូមអរគុណដល់សហការីរបស់ខ្ញុំទាំងអស់ ដែលបានធ្វើឱ្យគ្រប់សកម្មភាពរបស់យើង ទាំងការអប់រំ ទាំងការអភិវឌ្ឍ និងទាំងសិល្បៈ ដែលទទួលជោគជ័យបាននេះ។ នេះជាការអស្ចារ្យនិងជោគជ័យសម្រាប់យើងទាំងអស់ និងជាកម្លាំងមួយពិសេសថ្មីដើម្បីឱ្យយើងទៅមុខទៀត»។ …