“ធ្វើដំណើរជាមួយគ្នានៅក្នុងសេចក្តីស្រឡាញ់”
អត្ថបទទី១៖ កិច្ចការ ៦,១-៧ ចំនួនសាវ័កចេះតែកើនឡើងជាលំដាប់។ កក ៦,១ ដំណឹងល្អ៖ យ៉ូហាន ៦,១៦-២១ ស្រាប់តែគេឃើញព្រះយេស៊ូយាងលើសមុទ្រ។ យហ ៦,១៩ |
បងប្អូនជាទីស្រឡាញ់
នៅពេលយើងស្តាប់អត្ថបទទី១ នៅក្នុងកិច្ចការគ្រីស្តទូត យើងត្រូវតែនឹកឃើញជីវិតនៃព្រះសហគមន៍របស់យើងដ៏ពិតប្រាកដមែន។ ពីសម័យដើម នៅពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ នៅពេលព្រះយេស៊ូឡើងស្ថានបរមសុខ នៅពេលនោះក្រុមគ្រីស្តទូតចាប់ផ្តើមកិច្ចការដែលព្រះយេស៊ូប្រទានឱ្យធ្វើ។ ដូច្នេះ គេបានអប់រំជំនឿ គេណែនាំអធិដ្ឋាន ប៉ុន្តែមានប្រជាជនមួយចំនួនគេកំពុងរអ៊ូរទាំ ដោយសារក្រុមគ្រីស្តទូតរវល់តែអធិដ្ឋាន រវល់តែអប់រំជំនឿ ដើម្បីបំភ្លឺដំណើរជីវិតរបស់ព្រះយេស៊ូ។ ប៉ុន្តែ មិនសូវមានពេលវេលាដើម្បីមើលស្ត្រីមេម៉ាយ មើលកុមារកំព្រា មើលបងប្អូនដែលកំពុងខ្វះខាត។ ហេតុនេះហើយ គេបានសម្រេចចិត្តជ្រើសរើស៧នាក់ ដែលជាអ្នកបម្រើដ៏ពិសេស ដែលទទួលខុសត្រូវនៅក្នុងព្រះសហគមន៍ ដើម្បីបម្រើអ្នកក្រីក្រ អ្នកដែលកំពុងខ្វះខាត ដោយបង្ហាញអំពីធម៌មេត្តាករុណារបស់ព្រះជាម្ចាស់។
នៅក្នុងកិច្ចការគ្រីស្តទូតនេះ យើងបានឃើញពូជនៃព្រះសហគមន៍ដែលយើងស្គាល់សព្វថ្ងៃ នៅពេលយើងនិយាយអំពីកិច្ចការគ្រីស្តទូត យើងត្រលប់មកវិញ២០០០ឆ្នាំមុន។ ប៉ុន្តែ នៅពេលយើងមើលឃើញព្រះសហគមន៍របស់យើងនៅទីនេះ យើងបានចាប់ផ្តើមប្រកាសដំណឹងល្អ យើងបានចាប់ផ្តើមអប់រំជំនឿ យើងបានចាប់ផ្តើមអធិដ្ឋាន យើងបានចាប់ផ្តើមយកចិត្តទុកដាក់ជាមួយអ្នកក្រីក្រ។ ព្រះសហគមន៍នីមួយៗ ដែលយើងកំពុងបង្កើតនៅក្នុងភូមិភាគភ្នំពេញទាំងមូល យើងបានយកចិត្តទុកដាក់ឱ្យមានគណៈកម្មការសង្គហៈ ឱ្យមានគណៈកម្មការអប់រំជំនឿ និងឱ្យមានគណៈកម្មការពិធីបុណ្យ។ ទាំងអស់នេះមកព្រះសហគមន៍ដើម ទៅដល់អ្វីដែលសំខាន់បំផុត អាទិភាពបំផុត អប់រំជំនឿដើម្បីពន្យល់អំពីដំណើរជីវិតរបស់ព្រះយេស៊ូដល់បងប្អូនថ្មីៗ។ អធិដ្ឋាន ដើម្បីជាប់ជាមួយព្រះជាម្ចាស់ និងបម្រើអ្នកក្រីក្រ បម្រើបងប្អូនឯទៀតៗនៅក្នុងសេចក្តីស្រឡាញ់។ នេះជាព្រះសហគមន៍របស់យើងសព្វថ្ងៃ នេះជាជីវិតនៃព្រះសហគមន៍របស់យើងសព្វថ្ងៃ។
ថ្ងៃនេះ ដែលយើងជួបជុំគ្នាត្រូវតែនឹកឃើញ២សប្តាហ៍មុន នៅចំការទៀងនេះយើងមានបងប្អូន៥០នាក់ ដែលបានទទួលជីវិតថ្មី។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំនឹកឃើញដល់ឆ្នាំ២០០២ដែលខ្ញុំបានធ្វើពិធីជ្រមុជទឹកម្នាក់ ក្រោយមកមានពិធីជ្រមុជទឹកនៅឆ្នាំ២០០៣ ឆ្នាំ២០០៥ ឆ្នាំ២០០៧…។ យើងត្រូវការនឹកឃើញអ្វីដែលបានកើតឡើងនៅក្នុងព្រះសហគមន៍យើង គ្រីស្តបរិស័ទចាប់ផ្តើមរីកចម្រើនយ៉ាងច្រើន ពី១ឡើងដល់១០ ពី១០ឡើងដល់១០០… ព្រះសហគមន៍បានទទួលជីវិតពីព្រះជាម្ចាស់។ មានបងប្អូនប៉ុន្មាន នៅយប់ដែលគេបានទទួលជីវិតថ្មី គេបានអរព្រះគុណព្រះជាម្ចាស់សម្រាប់ជីវិតថ្មីនេះ។ ខ្ញុំគិតថា សម្រាប់បងប្អូនដែលជាគ្រីស្តបរិស័ទពីយូរឆ្នាំហើយ កុំឱ្យយើងភ្លេចហ្នឹង សម្រាប់ខ្ញុំផ្ទាល់ខ្លួនក៏ដូចគ្នាដែរ។ នៅពេលដែលខ្ញុំបានទទួលអគ្គសញ្ញាតែងតាំងជាឧបដ្ឋាក ខ្ញុំបានចូលនៅក្នុងសំណាក់ធម៌ដែលណែនាំឱ្យខ្ញុំនឹកឃើញថា “យើងជាបូជាចារ្យនៅថ្ងៃអនាគត យើងទទួលព្រះអំណោយទានមួយយ៉ាងពិសេស គឺណែនាំឱ្យបងប្អូនទទួលជីវិតពីព្រះជាម្ចាស់ដ៏ពិតប្រាកដមែន”។ នេះជាបទពិសោធន៍ ដែលខ្ញុំមាននៅក្នុងរយៈពេល២០ឆ្នាំកន្លងមក ជាពិសេសនៅក្នុងខេត្តតាកែវ។ ប៉ុន្តែ នៅក្រោយពេលខ្ញុំបានទទួលអគ្គសញ្ញាតែងតាំងជាអភិបាលក៏ដូចគ្នា ខ្ញុំបានដើរពីព្រះសហគមន៍មួយទៅព្រះសហគមន៍មួយ ពីមណ្ឌលសកម្មភាពមួយទៅមណ្ឌលសកម្មភាពមួយ ខ្ញុំបានឃើញព្រះយេស៊ូណែនាំឱ្យយើងមានជីវិត។ ជាជីវិតដ៏បរិបូណ៌ ជីវិតដែលណែនាំឱ្យយើងមានសេចក្តីសង្ឃឹមជានិច្ច។
ដូច្នេះ ថ្ងៃនេះដែលខ្ញុំថ្វាយអភិបូជាមិនមែនដើម្បីអរព្រះគុណសម្រាប់ឋានៈជាឯកឧត្តម ឬមេដាយជាតូបការ ឬដើម្បីងារជាមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ នោះទេ។ ប៉ុន្តែ ខ្ញុំថ្វាយអភិបូជាថ្ងៃនេះដើម្បីអរព្រះគុណព្រះជាម្ចាស់ សម្រាប់ដំណើរដែលយើងបានធ្វើអស់រយៈពេលជាង២០ឆ្នាំកន្លងមក។ ថ្វាយអភិបូជា ដើម្បីអរព្រះគុណព្រះជាម្ចាស់សម្រាប់ជីវិតដែលយើងបានទទួលពីព្រះជាម្ចាស់ សម្រាប់ជីវិតរបស់ព្រះសហគមន៍យើង សម្រាប់ជីវិតរបស់ខ្ញុំផ្ទាល់។ ខ្ញុំគិតថា អ្វីដែលបងប្អូនឃើញថ្ងៃនេះយ៉ាងជាក់ស្តែងនៅវត្តអង្គមន្ត្រីព្រឹកមិញ យល់ថាជីវិតរបស់យើងជាគ្រីស្តបរិស័ទមិនមែនជាជីវិតប្លែកពីគេទេ។ យើងជាគ្រីស្តបរិស័ទពិតមែន ប៉ុន្តែយើងជាប្រជាជនខ្មែរ ដែលរស់នៅក្នុងវប្បធម៌ខ្មែរ ដែលរស់នៅលើទឹកដីខ្មែរ ដែលនិយាយភាសាខ្មែរ…។ សម្រាប់យើងជាគ្រីស្តបរិស័ទ យើងធ្វើដូចម្តេចដើម្បីធ្វើជាមេម្ស៉ៅ ដើម្បីធ្វើជាពូជនៃសេចក្តីស្រឡាញ់ នៅក្នុងជីវិតប្រចាំ។ ពេលយើងទៅសាលា ពេលយើងទៅរកស៊ី ពេលយើងទៅដើរកំសាន្ត ពេលយើងនៅជាមួយមិត្តយើង យើងមិនគិតយើងជាពុទ្ធបរិស័ទឬជាគ្រីស្តបរិស័ទទេ។
យើងជាបងប្អូនគ្នា យើងមានមិត្តសម្លាញ់ យើងមានបងប្អូនយើង យើងមានលោកតាលោកយាយដែលទៅវត្ត យើងមានគ្នាយើងដែលចូលព្រះវិហារ។ យើងដឹងថា យើងជាបងប្អូនគ្នានៅក្នុងព្រះយេស៊ូគ្រីស្ត ដូច្នេះការសន្ទនារបស់យើងទៅជាធម្មជាតិរបស់យើង។ មិនមែនជាអ្វីដែលប្លែក ដែលពិសេស ដែលយើងត្រូវការគិតពិចារណាធ្វើដូចម្តេចដើម្បីនិយាយអំពីព្រះយេស៊ូ ធ្វើដូចម្តេចដើម្បីប្រកាសដំណឹងល្អ។ ផ្ទុយទៅវិញ យើងត្រូវការសុំឱ្យព្រះយេស៊ូសូនបេះដូងរបស់យើង ដួងចិត្តរបស់យើង ដើម្បីឱ្យយើងភ្ជាប់នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ទៅជាធម្មជាតិ។ ទៅជាធម្មជាតិរបស់យើង ដើម្បីធ្វើជាអ្នកបម្រើដូចក្រុមគ្រីស្តទូតពីដើម ដើម្បីទៅជាអ្នកដែលស្រឡាញ់បងប្អូនឯទៀតៗ។
លក្ខណៈរបស់ព្រះជាម្ចាស់គឺសេចក្តីស្រឡាញ់ លក្ខណៈរបស់យើងជាគ្រីស្តបរិស័ទក៏ជាសេចក្តីស្រឡាញ់ដែរ ធ្វើដូចម្តេចដើម្បីរស់នៅក្នុងជីវិតរបស់យើងជាគ្រីស្តបរិស័ទ នៅក្នុងសេចក្តីស្រឡាញ់។ ប៉ុន្តែ សេចក្តីស្រឡាញ់នេះមិនមែនជាទស្សនៈមួយដែលយើងចេះតែគិត ផ្ទុយទៅវិញយើងត្រូវតែមានសកម្មភាព។ សកម្មភាពដែលយើងបានឃើញយ៉ាងជាក់ស្តែងនៅក្នុងទឹកដីយើងនៅទីនេះ ទាំងវិស័យអប់រំសិក្សា ទាំងវិស័យអភិវឌ្ឍន៍ជនបទ ទាំងវិស័យសង្គមកិច្ច ទាំងវិស័យសិល្បៈវប្បធម៌ ទាំងវិស័យអន្តរសាសនា។ នេះទាំងអស់ ជាសកម្មភាពដែលយើងមានដើម្បីបង្ហាញយ៉ាងជាក់ស្តែងថា ពិតមែនព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកយ៉ាងខ្លាំងណាស់ ព្រះជាម្ចាស់ស្រឡាញ់មនុស្សទាំងអស់ពិតប្រាកដមែន។
ថ្ងៃនេះ ព្រះបន្ទូលដែលយើងបានស្តាប់ ទោះបីក្រុមគ្រីស្តទូតកំពុងភ័យខ្លាច ដោយសារគេនៅពាក់កណ្តាលសមុទ្រ ហើយមានខ្យល់ដែលបោកបក់ទូករបស់គេយ៉ាងខ្លាំង។ ជីវិតរបស់យើងក៏ដូចគ្នាដែរ ប៉ុន្មានដងប៉ុន្មានសារយើងនៅក្នុងភាពងងឹត ជួនកាលយើងភ័យ មានខ្យល់ដែលបក់ យើងមានបញ្ហា យើងធ្លាក់ទឹកចិត្ត…។ ប៉ុន្តែ នៅក្នុងបញ្ហានីមួយៗយើងដឹងថាយើងមានព្រះបន្ទូលរបស់ព្រះយេស៊ូ “ខ្ញុំទេតើ កុំខ្លាចអី” ដោយសារអ្វីៗទាំងអស់ព្រះជាម្ចាស់អាចធ្វើបាន។ ខ្ញុំគិតថាអត្តសញ្ញាណរបស់យើងជាគ្រីស្តបរិស័ទ មិនមែនជាមនុស្សដែលចេះតែស្រឡាញ់បងប្អូនឯទៀតៗ ដោយសារអ្នកណាក៏អាចស្រឡាញ់បានដែរ។ ប៉ុន្តែ អត្តសញ្ញាណរបស់យើងគឺ យើងជាប្រជារាស្រ្តដែលពោរពេញដោយសេចក្តីសង្ឃឹម ដែលមកពីព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ នេះជាជំនឿរបស់យើង។
ដូច្នេះ ពេលយើងនិយាយអំពីការសន្ទនាអន្តរសាសនា ពិតមែនសាសនានីមួយៗណែនាំឱ្យយើងមានសេចក្តីសុខសាន្ត ណែនាំឱ្យយើងចេះស្រឡាញ់គ្នា ណែនាំឱ្យយើងបង្កើតសុខដុមរមនា។ ប៉ុន្តែ យើងត្រូវការទៅដល់ប្រភពនៃសេចក្តីស្រឡាញ់ ប្រភពនៃសុខដុមរមនា ប្រភពនៃការលើកលែងទោសនិងជួយគ្នាទៅវិញទៅមក។ ប្រភពនេះ គឺជាសេចក្តីសង្ឃឹមដែលយើងមាន ដោយសារព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។ ជួនកាល ពេលយើងមានកម្មវិធីអន្តរសាសនាយើងពិបាកនិយាយដូចនេះ ដោយសារវាចូលនៅក្នុងជំនឿរបស់យើង។ យើងមិនអាចបង្ខំនរណា ឱ្យជឿលើព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ មិនអាចបង្ខំនរណាឱ្យជឿថាពេលយើងស្លាប់ហើយ យើងមានសង្ឃឹមថាយើងមានជីវិតថ្មីនៅស្ថានបរមសុខ។ ប៉ុន្តែ នៅក្នុងជំនឿដែលយើងបានទទួលនៅក្នុងអគ្គសញ្ញាជ្រមុជទឹក នៅក្នុងជំនឿដែលយើងថែរក្សាពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសយើងគោរពនៅរាត្រីបុណ្យចម្លង នៅក្នុងជំនឿហ្នឹងយើងអាចប្រកាសថា ពិតមែនព្រះយេស៊ូបានចាប់កំណើតជាមនុស្ស ដើម្បីសង្រ្គោះយើង ដើម្បីឱ្យយើងមានជីវិតអស់កល្បជានិច្ច។ នេះជាសេចក្តីសង្ឃឹមរបស់យើង ជាប្រភពនៃស្នាដៃដែលយើងមាន គ្រប់សកម្មភាពដែលយើងធ្វើនៅក្នុងព្រះសហគមន៍របស់យើង នៅក្នុងការិយាល័យនីមួយៗ នៅក្នុងកិច្ចការសង្គមដែលយើងបានធ្វើ។ ទាំងការសិក្សាអប់រំ ទាំងការអភិវឌ្ឍន៍ជនបទ ទាំងសិល្បៈ ទាំងសង្គមកិច្ច នេះទាំងអស់យើងមានប្រភពតែមួយ គឺព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មរស់ឡើងវិញ ណែនាំឱ្យយើងមានសេចក្តីសង្ឃឹមជានិច្ចដើម្បីទៅមុខ នេះជាកម្លាំងដើម្បីជម្រុញយើងឱ្យទៅមុខតទៅទៀត។
ថ្ងៃនេះ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់សម្រាប់បងប្អូនទាំងអស់ សម្រាប់ព្រះសហគមន៍យើង សម្រាប់ភូមិភាគយើង សម្រាប់លោកឪពុក សម្រាប់បព្វជិតបព្វជិតា ដើម្បីឱ្យយើងបន្តធ្វើដំណើររួមជាមួយគ្នា នៅក្នុងសេចក្តីសង្ឃឹម “ខ្ញុំទេតើ កុំខ្លាចអី”។
ពិតមែនព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា! អាលេលូយ៉ា!
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ