“ធ្វើឱ្យរូបកាយរបស់យើងទៅជាព្រះកាយព្រះគ្រីស្ត”
អត្ថបទទី១៖ កិច្ចការ ១៤,២១ខ-២៧ យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់។ កក ១៤,២២ អត្ថបទទី២៖ វិវរណៈ ២១,១-៥ក ព្រះពន្លារបស់ព្រះជាម្ចាស់ស្ថិតនៅជាមួយមនុស្សលោក។ វវ ២១,៣ ដំណឹងល្អ៖ យ៉ូហាន ១៣,៣១-៣៣ក.៣៤-៣៥ បើអ្នកស្រឡាញ់គ្នាទៅវិញទៅមក អ្នករាល់គ្នាពិតជាសាវ័ករបស់ខ្ញុំមែន។ យហ ១៣,៣៥ |
បងប្អូនជាទីស្រឡាញ់
ថ្ងៃនេះ យើងបានស្តាប់ធម៌វិន័យរបស់ព្រះយេស៊ូ ដែលបានណែនាំឱ្យយើងរស់នៅក្នុងលោកីយ៍នេះ ជាគ្រីស្តបរិស័ទ ជាសាវ័ករបស់ព្រះយេស៊ូ។ ព្រះយេស៊ូមានព្រះបន្ទូលថា “ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នា បើអ្នកស្រឡាញ់គ្នាទៅវិញទៅមកមនុស្សទាំងអស់នឹងដឹងថាអ្នករាល់គ្នាជាសាវ័ករបស់ខ្ញុំមែន”។ នេះជារបៀបដែលព្រះយេស៊ូណែនាំឱ្យយើងជាគ្រីស្តបរិស័ទរស់នៅក្នុងលោកីយ៍នេះ ដើម្បីឱ្យសេចក្តីស្រឡាញ់ដែលយើងបានទទួលពីព្រះជាម្ចាស់ សេចក្តីស្រឡាញ់ដែលយើងមើលឃើញនៅក្នុងព្រះយេស៊ូផ្ទាល់ អាចទៅជាសេចក្តីស្រឡាញ់ដែលដឹកនាំជីវិតរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ។
ថ្ងៃនេះ ជាថ្ងៃពិសេសនៅក្នុងព្រះសហគមន៍កាតូលិកទូទាំងពិភពលោក ដោយសារថ្ងៃនេះសម្តេចប៉ាបបានតែងតាំងសន្តបុគ្គលថ្មីម្នាក់ គឺឆាលឌឺហ្វូហ្គូ។ ខ្ញុំចង់និយាយអំពីគាត់ ដើម្បីឱ្យយើងជាគ្រីស្តបរិស័ទអាចពិចារណាអំពីជីវិតរបស់យើងសព្វ ដើម្បីឱ្យយើងជាគ្រីស្តបរិស័ទចេះស្រឡាញ់គ្នាយ៉ាងពិតប្រាកដ ដោយមើលឃើញឆាលឌឺហ្វូហ្គូជាគំរូមួយយ៉ាងពិសេស ដែលព្រះសហគមន៍ប្រគល់ឱ្យយើងជាគ្រីស្តបរិស័ទដើរតាម។ ដោយសារសន្តសន្តី ជាអ្នកដែលជាប់នឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងរបៀបពិសេស ដែលណែនាំឱ្យយើងជាគ្រីស្តបរិស័ទនៅក្នុងព្រះសហគមន៍អាចមើលជាគំរូ។ យើងដឹងថា សន្តសន្តីជាមនុស្សដូចយើង ប៉ុន្តែជាមនុស្សដែលបានយកចិត្តទុកដាក់រស់នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់អស់មួយជីវិតរបស់គេ។ ឆាលឌឺហ្វូហ្គូ បានកើតនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៨៥៨ នៅទីក្រុងស្ត្រាសប៊ូ ប្រទេសបារាំង គាត់បានស្លាប់នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩១៦ គេបានស្លាប់គាត់នៅក្នុងវាលរហោស្ថាននៅសាហារា។ ពេលគាត់នៅជាយុវជនគាត់ចង់ធ្វើជាទាហាន នៅពេលគាត់មានអាយុ១៨ឆ្នាំគាត់បានធ្វើជាទាហានរហូតដល់អាយុ២៣ឆ្នាំ។ នៅពេលនោះ គាត់គិតថាជីវិតធ្វើជាទាហានមិនបានណែនាំឱ្យគាត់មានសេចក្តីសុខ ក្រោយមកគាត់ចេញពីធ្វើទាហានហើយដើរតាមព្រះជាម្ចាស់។
គាត់បានចេញពីប្រទេសបារាំង ទៅដល់សាហារាដែលជាទឹកដីមួយជាវាលរហោស្ថាន ហើយមានសុទ្ធតែជនជាតិអ៊ីស្លាម គាត់បានចាប់ផ្តើមបម្រើនៅក្នុងរបៀបថ្មី។ នេះជាអ្វីដែលខ្ញុំចង់បង្ហាញដល់បងប្អូនថ្ងៃនេះ គឺរបៀបដែលគាត់បានបម្រើព្រះជាម្ចាស់នៅក្នុងវាលរហោស្ថាន ជាមួយអ្នកដែលកាន់សាសនាអ៊ីស្លាមទាំងអស់ រហូតដល់គេសម្លាប់គាត់។ ជីវិតរបស់គាត់គឺ ធ្វើដូចម្តេចដើម្បីធ្វើតាមព្រះយេស៊ូ គាត់ចង់ធ្វើដូចព្រះយេស៊ូ។ ប៉ុន្តែ មិនមែនធ្វើដូចព្រះយេស៊ូដែលកំពុងប្រកាសដំណឹងល្អ មិនមែនធ្វើដូចព្រះយេស៊ូដែលបានព្យាបាលអ្នកជំងឺ គាត់ចង់ធ្វើដូចព្រះយេស៊ូនៅពេលព្រះយេស៊ូនៅក្នុងទីក្រុងណាសារ៉ែត។ នៅពេលព្រះយេស៊ូបានប្រសូតនៅបេថ្លេហិម ក្រោយមកព្រះយេស៊ូធ្វើដំណើរជាមួយឪពុកម្តាយ ទៅដល់ភូមិកំណើតរបស់ឪពុកម្តាយគឺណាសារ៉ែត។ រយៈពេល៣០ឆ្នាំដែលព្រះយេស៊ូនៅណាសារ៉ែតយើងមិនដឹងទេ ដោយសារចាប់ពីព្រះយេស៊ូប្រសូតរហូតដល់ព្រះយេស៊ូចាប់ផ្តើមប្រកាសដំណឹងល្អ មានរយៈពេល៣០ឆ្នាំ។ នៅក្នុងរយៈពេល៣០ឆ្នាំនេះ ប្រហែលព្រះយេស៊ូជាកុមារ ជាជំទង់ ជាយុវជនធម្មតា ព្រះយេស៊ូធ្វើជាជាងឈើជាមួយឪពុក បានខិតខំចិញ្ចឹមជីវិត បានខិតខំគោរពមាតាបិតា…។ យើងមិនដឹងថាមានអ្វីដែលបានកើតឡើងនៅពេលនោះ ដោយសារនៅក្នុងគម្ពីរដំណឹងល្អមិនបានសរសេរអ្វីសោះអំពីជីវិតរបស់ព្រះយេស៊ូនៅណាសារ៉ែត។
ឆាលឌឺហ្វូហ្គូ បានគិតថា “ខ្ញុំត្រូវការរស់នៅតាមព្រះយេស៊ូនៅក្នុងទីក្រុងណាសារ៉ែត នៅពេលនោះព្រះយេស៊ូដូចជាលាក់ខ្លួន ដាក់ខ្លួន នៅពេលព្រះយេស៊ូរស់នៅនៅក្នុងសេចក្តីស្រឡាញ់ដ៏ពិសេស”។ ថ្ងៃនេះព្រះយេស៊ូមានព្រះបន្ទូលថា “ស្រឡាញ់គ្នាទៅវិញទៅមកដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ប្រសិនបើយើងស្រឡាញ់គ្នាដ៏ពិតប្រាកដមនុស្សលោកដឹងថា អ្នករាល់គ្នាជាសាវ័ករបស់ខ្ញុំ”។ ដូច្នេះ ចំណុចទី១ របស់ឆាលឌឺហ្វូហ្គូ គឺធ្វើដូចម្តេចដើម្បីរស់នៅដូចព្រះយេស៊ូនៅទីក្រុងណាសារ៉ែត ដោយដាក់ខ្លួន ដោយយកចិត្តទុកដាក់ធ្វើការ ដោយយកចិត្តទុកដាក់ស្រឡាញ់។ ដោយសារគាត់បានស្រឡាញ់ព្រះជាម្ចាស់ នៅពេលយើងស្រឡាញ់មនុស្សម្នាក់អស់ពីដួងចិត្ត យើងចង់យកគាត់ជាគំរូរបស់យើង។ ដូច្នេះ គាត់បានយកព្រះយេស៊ូជាគំរូរបស់គាត់ ដោយសារគាត់បានស្រឡាញ់ព្រះយេស៊ូ ដូចជាគាត់បានជាប់ស្នេហាមួយយ៉ាងពិសេសជាមួយព្រះយេស៊ូ។ គាត់បានយកព្រះយេស៊ូជាគំរូ ដើម្បីរស់នៅជាប្រចាំ ដោយដឹងថាពិតមែនមានតែព្រះយេស៊ូដែលអាចណែនាំឱ្យជីវិតរបស់គាត់ រកឃើញសេចក្តីសុខសាន្ត និងសុភមង្គល។ ដូច្នេះ ចំណុចទី១ គឺ ដាក់ខ្លួន យកចិត្តទុកដាក់នៅក្នុងការងារនិងការទទួលខុសត្រូវរបស់យើង និងស្រឡាញ់ដូចព្រះយេស៊ូបានស្រឡាញ់។ ស្រឡាញ់ព្រះយេស៊ូអស់ពីដួងចិត្ត ស្តាប់បង្គាប់ព្រះយេស៊ូអស់ពីកម្លាំងកាយកម្លាំងចិត្ត និងខិតខំធ្វើតាមព្រះយេស៊ូនៅក្នុងគ្រប់កាលៈទេសៈនៃជីវិតរបស់គាត់។
ចំណុចទី២ គាត់ស្រឡាញ់ព្រះកាយព្រះគ្រីស្ត គាត់ជាបូជាចារ្យនៅក្នុងវាលរហោស្ថានដែលឥតមានព្រះវិហារ ឥតមានគ្រីស្តបរិស័ទ ឥតមានបងប្អូនដែលជួបជុំគ្នា។ ដូច្នេះ គាត់មានពេលវេលាច្រើនដើម្បីអធិដ្ឋាន គាត់បានដាក់ព្រះកាយនៅក្នុងបន្ទប់ដ៏តូចរបស់គាត់នៅវាលរហោស្ថាន ដើម្បីគោរពនិងស្រឡាញ់ព្រះកាយព្រះគ្រីស្ត។ នៅពេលគាត់អង្គុយម្នាក់ឯងនៅក្នុងបន្ទប់គាត់ ដូចជាគាត់ឥតមានឱកាសដើម្បីឱ្យព្រះកាយព្រះគ្រីស្ត ចែករំលែកជាមួយបងប្អូនដែលនៅជុំវិញគាត់។ បងប្អូនដែលនៅជុំវិញគាត់សុទ្ធតែអ៊ីស្លាមទាំងអស់ ដូច្នេះគាត់មិនអាចអញ្ជើញគេមកគោរពព្រះកាយព្រះគ្រីស្តបានទេ យកព្រះកាយព្រះគ្រីស្តដើរតាមភូមិអ៊ីស្លាមក៏មិនបានដែរ។ ហេតុនេះហើយ គាត់បាននឹកឃើញថា “ព្រះយេស៊ូស្រឡាញ់យើងនៅក្នុងព្រះកាយព្រះគ្រីស្ត ដូច្នេះយើងធ្វើដូចម្តេចដើម្បីឱ្យខ្លួនយើង រូបកាយរបស់យើងអាចស្រឡាញ់បងប្អូនឯទៀតៗយ៉ាងសកម្ម”។ ដូច្នេះ គាត់បានចាប់ផ្តើមយកចិត្តទុកដាក់ ដើម្បីបម្រើបងប្អូននៅក្នុងជីវិតប្រចាំរបស់គេ នៅក្នុងភូមិអ៊ីស្លាមដែលគាត់នៅ។ ដោយដឹងថា រូបកាយរបស់គាត់ភ្ជាប់ជាមួយព្រះកាយរបស់ព្រះគ្រីស្ត សេចក្តីស្រឡាញ់ដែលបានទទួលនៅក្នុងសេចក្តីស្រឡាញ់នៃព្រះកាយព្រះគ្រីស្ត ជាសេចក្តីស្រឡាញ់ដែលចូលនៅក្នុងខ្លួនគាត់ និងគាត់ចែករំលែកនៅក្នុងជីវិតសាមញ្ញនៅក្នុងភូមិដែលគាត់នៅ។
ចំណុចទី៣ នៅក្នុងវាលរហោស្ថានជាកន្លែងដាច់ស្រយាល មិនទាន់មានការអភិវឌ្ឍអ្វីសោះ ហេតុនេះហើយគាត់បានគិតថា ធ្វើដូចម្តេចដើម្បីឱ្យមនុស្សទាំងអស់យល់ថា ជីវិតរបស់គេមានតម្លៃ ធ្វើដូចម្តេចដើម្បីឱ្យគេយល់ថា ជីវិតរបស់គេមកពីព្រះជាម្ចាស់ដូចគ្នា។ គេមានមោទនភាព គេមានកិត្តិយសនៅក្នុងជីវិតផ្ទាល់ខ្លួន ហេតុនេះហើយគាត់ខិតខំយកចិត្តទុកដាក់ ដើម្បីអប់រំ ដើម្បីបង្រៀន…។គាត់បានខិតខំយកចិត្តទុកដាក់ ដើម្បីឱ្យមនុស្សម្នាក់អាចចេញសមត្ថភាពដែលមាននៅក្នុងខ្លួន ដើម្បីធ្វើជាមនុស្សដ៏ពេញលក្ខណៈ។ ពោរពេញដោយមោទនភាព ពោរពេញដោយកិត្តិយស ដោយសារជាកូនរបស់ព្រះជាម្ចាស់។ គាត់បានជួយអស់ពីសមត្ថភាព ដើម្បីឱ្យមនុស្សទាំងអស់ដែលគាត់ជួបពីមួយថ្ងៃទៅមួយថ្ងៃ រីកចម្រើននៅក្នុងសមត្ថភាពរបស់គេ ដើម្បីធ្វើជាមនុស្សដែលពោរពេញដោយកម្លាំងកាយកម្លាំងចិត្តនៅក្នុងជីវិតផ្ទាល់។
ចំណុចទី៤ គាត់បានយកចិត្តទុកដាក់ដោយលះបង់ ជីវិតរបស់គាត់គឺលះបង់ចោលអ្វីៗទាំងអស់ ដើម្បីភ្ជាប់ជាមួយព្រះជាម្ចាស់។ ដោយដឹងថា មានតែនៅក្នុងព្រះជាម្ចាស់ដែលគាត់អាចរកឃើញកម្លាំងសម្រាប់ជីវិតរបស់គាត់។
ចំណុចទី៥ ជាចំណុចចុងក្រោយរបស់គាត់ ដែលសំខាន់សម្រាប់យើងបច្ចុប្បន្ននេះ គឺគាត់បានទទួលស្គាល់ថាមនុស្សទាំងអស់ជាគ្រួសារតែមួយ។ គាត់ចង់ឱ្យយើងលុបនៅក្នុងគំនិតរបស់យើង អំពីការបែងចែកជាតិសាសន៍ ដោយដឹងថាពេលខ្ញុំជួបមនុស្សណាម្នាក់ គឺខ្ញុំជួបបងឬប្អូនរបស់ខ្ញុំ។ ដូច្នេះ យើងលែងនិយាយថា អ្នកនេះជាខ្មែរ អ្នកនេះជាវៀតណាម អ្នកនេះជាបារាំង អ្នកជាពុទ្ធបរិស័ទ អ្នកនេះជាអ៊ីស្លាមបរិស័ទ អ្នកនេះជាគ្រីស្តបរិស័ទ…។ ប៉ុន្តែ យើងទទួលស្គាល់មនុស្សទាំងអស់ជាបងប្អូនរបស់យើង នេះជាគំនិតមួយដែលប្លែកដោយសារធម្មជាតិរបស់មនុស្សមិនមែនរបៀបនេះទេ។ លោកឆាលឌឺហ្វូហ្គូ ចង់ឱ្យយើងយល់ថាយើងជាបងប្អូនគ្នាពិតមែន នេះជារបៀបមួយដែលប្រហែលប្លែកនៅក្នុងជីវិតរបស់យើង ដោយមើលឃើញមនុស្សទាំងអស់ជាបងប្អូនរបស់យើង។
យើងអធិដ្ឋានតាមរយៈសន្តថ្មី ដែលព្រះសហគមន៍ប្រទានឱ្យយើង គឺសន្តឆាលឌឺហ្វូហ្គូ ដែលជាគំរូសម្រាប់យើងនៅក្នុងរបៀបដែលគាត់រស់នៅ។ ដោយដាក់ខ្លួន ដោយស្រឡាញ់ព្រះយេស៊ូ ដោយយកចិត្តទុកដាក់លះបង់ចោលអ្វីៗទាំងអស់សម្រាប់ព្រះជាម្ចាស់ ដោយយកចិត្តទុកដាក់បម្រើបងប្អូនឯទៀតៗ។ ឱ្យគេមានមោទនភាពនិងកិត្តិយសដ៏ពេញលក្ខណៈ និងជាពិសេសដោយមើលមនុស្សទាំងអស់ជាបងប្អូនបង្កើតនៅក្នុងព្រះយេស៊ូគ្រីស្តដ៏ពិតប្រាកដ។ ពិតមែន មានតែសេចក្តីស្រឡាញ់ដែលណែនាំឱ្យយើងទទួលស្គាល់ថា យើងជាសាវ័ករបស់ព្រះគ្រីស្ត យើងជាមិត្តសម្លាញ់របស់ព្រះគ្រីស្ត។ ដូច្នេះ យើងត្រូវតែយកចិត្តទុកដាក់ស្រឡាញ់គ្នាទៅវិញទៅមកដូចព្រះយេស៊ូបានស្រឡាញ់យើងដែរ។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ