អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍សន្តយ៉ូសែប ជ្រៃធំ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២

“គំរូ​របស់​ប៉ូលីនចារីកូ”

អត្ថបទ​ទី១៖ កិច្ចការ ១៥,១-២.២២-២៩សូម​ឲ្យ​បង‌ប្អូន​បាន​ប្រកប​ដោយ​សេចក្ដី​សុខ។ កក ១៥,២៩អត្ថបទ​ទី២៖ វិវរណៈ ២១,១០-១៤.២២-២៣កូន​ចៀម​ជា​ចង្កៀង​របស់​ក្រុង។ វវ ២១,២៣ដំណឹងល្អ៖ យ៉ូហាន ១៤,២៣-២៩ខ្ញុំ​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​របស់​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា។ យហ ១៤,២៧

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “ខ្ញុំ​ទុក​សេចក្តី​សុខសាន្ត​ឱ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្តល់​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ឱ្យ​អ្នក​រាល់​គ្នា”។ ជា​ពេល​វេលា ដែល​ព្រះយេស៊ូ​កំពុង​រៀប​ចំ​ចេញ​ធ្វើ​ដំណើរ​ទៅ​ស្ថាន​បរម​សុខ ប៉ុន្តែ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សន្យា​ដល់​យើង​ទាំង​អស់​គ្នា “ខ្ញុំ​មិន​ទុក​ឱ្យ​អ្នក​រាល់​គ្នា​នៅ​ខ្លួន​ឯង ព្រះអង្គ​ដែល​ជួយ​ការពារ គឺ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដែល​ព្រះបិតា​ចាត់​ឱ្យ​មក​ក្នុង​នាម​ខ្ញុំ នឹង​បង្រៀន​សេចក្តី​ទាំង​អស់​ដល់​អ្នក​រាល់​គ្នា ព្រម​ទាំង​រំលឹក​អ្វីៗ​ដែល​ខ្ញុំ​បាន​ប្រាប់​ឱ្យ​អ្នក​រាល់​គ្នា​ផង”។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ដែល​យើង​ធ្វើ​អគ្គ​សញ្ញា​លាប​ថ្ងាស ជា​ពេល​វេលា​មួយ​យ៉ាង​ពិសេស សម្រាប់​ប្អូនៗ ក៏​ដូច​ជា​សម្រាប់​ព្រះសហគមន៍​របស់​យើង។ ដើម្បី​ទទួល​ព្រះបន្ទូល​របស់​ព្រះយេស៊ូ “ខ្ញុំ​នឹង​ចាត់​ព្រះអង្គ​ដែល​ជួយ​ការពារ” ព្រះអង្គ​ដែល​បង្រៀន ព្រះអង្គ​ដែល​រំលឹក​អំពី​អ្វីៗ​ទាំង​អស់​ដែល​ព្រះយេស៊ូ​បាន​ប្រៀន​ប្រដៅ​យើង​ខ្ញុំ។ ព្រះអង្គ​ដែល​ជួយ​ការពារ ព្រះអង្គ​ដែល​បង្រៀន ព្រះអង្គ​ដែល​រំលឹក​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​នីមួយៗ គឺ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ថ្ងៃ​នេះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សម្រាប់​យើង ដើម្បី​ណែនាំ​ឱ្យ​នៅ​ក្នុង​ជីវិត​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យើង​ចូល​នៅ​ក្នុង​របៀប​ថ្មី​ដែល​ព្រះយេស៊ូ​បាន​រៀប​ចំ​ឱ្យ “អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​ប្រព្រឹត្ត​តាម​ពាក្យ​ខ្ញុំ ព្រះបិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​ព្រះបិតា​និង​ខ្ញុំ​ក៏​នឹង​មក​តាំង​លំ​នៅ​នៅ​ក្នុង​អ្នក​នោះ​ដែរ”។ នេះ​ជា​ដំណឹង​មួយ​យ៉ាង​ពិសេស ដោយ​ដឹង​ថា​ប្រសិន​បើ​យើង​ស្រឡាញ់​ព្រះយេស៊ូ​និង​ព្រះជាម្ចាស់ ប្រសិន​បើ​យើង​ស្រឡាញ់​បង​ប្អូន​ឯទៀតៗ។ គឺ​ព្រះបិតា​និង​ព្រះយេស៊ូ​ផ្ទាល់​ដែល​មក​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដើម្បី​សាង​សង់​ផ្ទះ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង។ ហេតុ​នេះ​ហើយ យើង​ដឹង​ថា​យើង​មិន​មែន​ឯកោ យើង​មិន​មែន​ម្នាក់​ឯង នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យើង​មាន​វត្តមាន​របស់​ព្រះបិតា និង​ព្រះបុត្រា​ដែល​ណែនាំ​ឱ្យ​យើង​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។

ថ្ងៃ​នេះ សម្រាប់​ព្រះសហគមន៍​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​ជា​ថ្ងៃ​ពិសេស ដោយសារ​ថ្ងៃ​នេះ​ព្រះសហគមន៍​បាន​ទទួល​ស្គាល់​លោក​ស្ត្រី​ម្នាក់​ឈ្មោះ ប៉ូលីនចារីកូ ទៅ​ជា​អ្នក​ពោរពេញ​ដោយ​សុភមង្គល ដែល​ជា​ដំណាក់​កាល​ទី​មួយ​មុន​ទៅ​ជា​សន្ត​សន្តី។ ប៉ូលីនចារីកូ ជា​យុវនារី​បារាំង​ម្នាក់​ជា​គំរូ​ដែល​ព្រះសហគមន៍​ប្រទាន​ឱ្យ​យើង គាត់​កើត​ក្នុង​គ្រួសារ​អ្នក​មាន​ក្នុង​ឆ្នាំ​១៧៩៩ គាត់​បាន​ស្លាប់​ដោយសារ​ជំងឺ​នៅ​ក្នុង​ឆ្នាំ​១៨៦២។ គាត់​បាន​ទៅ​ជា​មនុស្ស​ម្នាក់​ដែល​ពោរពេញ​ដោយ​សុភមង្គល ទទួល​ស្គាល់​ដោយ​ព្រះសហគមន៍ ដោយ​សារ​គាត់​បាន​បង្កើត​ក្រុម​ដើម្បី​ឧបត្ថម្ភ​សាសនៈ​ទូត ដែល​បាន​ទៅ​ប្រកាស​ដំណឹង​ល្អ​តាម​ប្រទេស​នីមួយៗ​នៅ​ក្នុង​ពិភព​លោក។ ជា​ក្រុម​ដែល​គាំ​ទ្រ លើក​ទឹក​ចិត្ត ឧបត្ថម្ភ​សាសនៈ​ទូត​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល ចាប់​ពី​ឆ្នាំ​១៨២២​រហូត​ដល់​ពេល​នេះ មាន​ន័យ​ថា​ខួប​២០០​ឆ្នាំ​ហើយ។ រាល់​ឆ្នាំ​នៅ​ក្នុង​សប្តាហ៍​ទី​៣​ក្នុង​ខែ​តុលា យើង​គោរព​ទិវា​ប្រកាស​ដំណឹង​ល្អ​នៅ​ក្នុង​ពិភព​លោក ព្រះសហគមន៍​នីមួយៗ​ប្រមូល​លុយ​តង្វាយ ដើម្បី​ផ្ញើ​ទី​ក្រុង​រ៉ូម។ ក្រោយ​មក​ទី​ក្រុង​រ៉ូម បែង​ចែក​ជួយ​ឧបត្ថម្ភ​តាម​ប្រទេស​ដែល​មាន​សេចក្តី​ត្រូវ​ការ នៅ​ប្រទេស​កម្ពុជា​ក៏​យើង​បាន​ទទួល​លុយ​ច្រើន​រាល់​ឆ្នាំ។ សម្រាប់​កុមារ សម្រាប់​យុវជន សម្រាប់​សាលា សម្រាប់​សាង​សង់​ព្រះវិហារ​តូច សាង​សង់​មណ្ឌល​សកម្មភាព រៀប​ចំ​កម្ម​វិធី​កូន​ក្មេង​មាន​ពិការភាព កាយ​រិទ្ធិ ដើម្បី​ឧបត្ថម្ភ​ភូមិភាគ​ប្រចាំ…។

នេះ​ជា​សញ្ញា​សម្គាល់ នៃ​ព្រះសហគមន៍​នៅ​ក្នុង​ពិភព​លោក​ដែល​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​នៅ​ក្នុង​ប្រទេស​ដែល​មាន​សេចក្តី​ត្រូវ​ការ​នៅ​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ។ នេះ​ជា​ប៉ូលីនចារីកូ ដែល​បាន​បង្កើត​សមាគមន៍​ប្រកាស​ដំណឹង​ល្អ ឧបត្ថម្ភ​ដល់​សាសនា​ទូត​នីមួយៗ​នៅ​ក្នុង​ពិភព​លោក។ នៅ​ក្នុង​ជីវិត​របស់​ប៉ូលីនចារីកូ មាន​៤​ចំណុច​ដែល​ខ្ញុំ​ចង់​ចែក​រំលែក​ជា​មួយ​បង​ប្អូន​ទាំង​អស់ ជា​ពិសេស​ដល់​យុវជន​យុវនារី​ដែល​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស​ថ្ងៃ​នេះ៖

ចំណុច​ទី​១ គាត់​បាន​កែ​ប្រែ​ចិត្ត​គំនិត​នៅ​ពេល​គាត់​ជា​យុវនារី គាត់​ជា​គ្រីស្ត​បរិស័ទ​ពី​ដើម គាត់​មាន​ជំងឺ​មួយ​យ៉ាង​ធ្ងន់។ ម្តាយ​គាត់​ស្រឡាញ់​កូន​ខ្លាំង​ណាស់ បាន​អធិដ្ឋាន​ថា “ខ្ញុំ​សុខ​ចិត្ត​លះ​បង់​ចោល​ជីវិត បូជា​ជីវិត​ខ្ញុំ​ដើម្បី​ឱ្យ​កូន​ខ្ញុំ​បាន​ជា​សះស្បើយ”។ ក្រោយ​មក​ពិត​មែន ម្តាយ​គាត់​បាន​ស្លាប់​និង​គាត់​បាន​ជា​សះស្បើយ នៅ​ពេល​នោះ​គាត់​បាន​នឹក​ឃើញ​ម្តាយ​ដែល​បាន​លះ​បង់​ចោល ម្តាយ​ដែល​បាន​ខិត​ខំ​អធិដ្ឋាន​ដើម្បី​ឱ្យ​កូន​មាន​សុខភាព​ល្អ​វិញ។ គឺ​ជា​ការ​អស្ចារ្យ ដូច្នេះ​គាត់​សុខ​ចិត្ត​លះ​បង់​ចោល​ជីវិត​ជា​យុវនារី​ដែល​ចូល​ចិត្ត​ដើរ​លេង ចូល​ចិត្ត​សប្បាយ ដើម្បី​ផ្ញើ​ជីវិត​ទាំង​ស្រុង​ទៅ​លើ​ព្រះជាម្ចាស់។ គាត់​បាន​ផ្ញើ​ជីវិត ទាំង​ថ្វាយ​ខ្លួន ទាំង​ថ្វាយ​វិញ្ញាណ​ទៅ​លើ​ព្រះជាម្ចាស់​ទាំង​ស្រុង ដើម្បី​បម្រើ​ព្រះជាម្ចាស់​និង​ព្រះសហគមន៍។

ចំណុច​ទី​២ នៅ​ឆ្នាំ​១៨១៧ គាត់​មាន​អាយុ​តែ​១៨​ឆ្នាំ គាត់​បាន​បង្កើត​សមាគមន៍​នារី ដើម្បី​ភ្ជាប់​ជា​មួយ​ព្រះបេះដូង​របស់​ព្រះយេស៊ូ ដែល​មនុស្ស​លោក​មិន​សូវ​ស្គាល់ និង​ជួន​កាល​មនុស្ស​លោក​មើល​ងាយ។ ដូច្នេះ គាត់​បាន​បង្កើត​សមាគមន៍​មួយ​ដើម្បី​ឱ្យ​មនុស្ស​លោក​អាច​ទទួល​ស្គាល់​ថា ព្រះបេះដូង​របស់​ព្រះយេស៊ូ​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់​សម្រាប់​មនុស្ស​ទាំង​អស់។ មាន​យុវនារី​មួយ​ចំនួន បាន​ចូល​ជា​មួយ​គាត់​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​អ្នក​ជំងឺ លើក​ទឹក​ចិត្ត​ដល់​អ្នក​ក្រីក្រ លើក​ទឹក​ចិត្ត​ដល់​មនុស្ស​ដែល​សង្គម​លះ​បង់​ចោល។ ដោយ​ដឹង​ថា នៅ​ពេល​យើង​លះ​បង់​ចោល​អ្នក​ក្រី​ក្រ​ម្នាក់ ដូច​ជា​យើង​ចោល​ព្រះយេស៊ូ នៅ​ពេល​យើង​លះ​បង់​ចោល​អ្នក​ជំងឺ​ម្នាក់​ឱ្យ​គាត់​ស្លាប់ បី​ដូច​ជា​យើង​ចោល​ព្រះយេស៊ូ។ ដូច្នេះ សមាគមន៍​ព្រះបេះដូង​របស់​ព្រះយេស៊ូ ដែល​មនុស្ស​មើល​មិន​ស្គាល់ ជា​សមាគមន៍​មួយ​យ៉ាង​ពិសេស​ដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​តូច​តាច និង​ដើម្បី​ឱ្យ​មនុស្ស​លោក​មើល​ឃើញ​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់ សព្វ​ថ្ងៃ​ណែនាំ​ឱ្យ​យើង​មាន​ជីវិត​ពិត​មែន។

ចំណុច​ទី​៣ នៅ​ឆ្នាំ​១៨២២​គាត់​មាន​អាយុ​តែ​២៣​ឆ្នាំ គាត់​បាន​បង្កើត​សមាគមន៍​ដើម្បី​ជួយ​ឧបត្ថម្ភ​សាសនៈ​ទូត ដែល​កំពុង​ពិបាក​នៅ​ក្នុង​ប្រទេស​នានា។ បង​គាត់​ជា​និស្សិត​ទេវៈ​វិទ្យាល័យ បង​គាត់​បាន​លឺ​ថា​សាសនៈ​ទូត​នៅ​ក្នុង​ប្រទេស​វៀតណាម ប្រទេស​ចិន ប្រទេស​ជប៉ុន ប្រទេស​ភូមា ប្រទេស​ឡាវ… កំពុង​ក្រី​ក្រ​មែន​ទែន កំពុង​ពិបាក​មែន​ទែន។ ឥត​មាន​លុយ និង​មាន​ការ​បៀត​បៀន​ទៀត មាន​ប្រទេស​ខ្លះ​រដ្ឋាភិបាល​បាន​ចាប់​និង​សម្លាញ់​គេ​ទៀត​ផង។ នៅ​ពេល​នោះ​គាត់​គិត​ថា ទោះ​បី​ខ្ញុំ​នៅ​ក្មេង​អាយុ​តែ​២៣​ឆ្នាំ ខ្ញុំ​ធ្វើ​ដូច​ម្តេច​ដើម្បី​ជួយ​ឧបត្ថម្ភ​សាសនៈ​ទូត ដូច្នេះ​គាត់​បាន​បង្កើត​សមាគមន៍​មួយ​ថ្មី គឺ​សមាគមន៍​ព្រះមាលា​ដ៏​មាន​ជីវិត។ គាត់​បាន​ណែនាំ​នៅ​ប្រទេស​បារាំង និង​ក្រោយ​មក​ទៅ​ដល់​ប្រទេស​នា​នា​នៅ​ក្នុង​ពិភព​លោក ដោយ​ប្រមូល​យុវជន​យុវនារី មីង​ពូ លោក​តា​លោក​យាយ​១៥​នាក់។ ដោយ​ដឹង​ថា នៅ​ក្នុង​ផ្គាំ​ពេញ​មាន​១៥​អាថ៌​កំបាំង ដូច្នេះ​នៅ​ក្នុង​មួយ​ក្រុម​មាន​១៥​នាក់ ដោយ​ម្នាក់ៗ​ទទួល​អាថ៌​កំបាំង​មួយ ដែល​ត្រូវ​ការ​សូត្រ​ផ្គាំ​១០។ នៅ​ពេល​គេ​សូត្រ គេ​ត្រូវ​ការ​ជួយ​ឧបត្ថម្ភ​លុយ​១​កាក ហើយ​ផ្ញើ​ដល់​សាសនៈ​ទូត។ គាត់​បាន​ចាប់​ផ្តើម​ដោយ​ក្រុម​តូច ក្រោយ​មក​សមាគមន៍​នេះ​រីក​ចម្រើន​លូត​លាស់​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល ណែនាំ​ឱ្យ​យើង​មាន​គ្រីស្ត​បរិស័ទ​យ៉ាង​ច្រើន ទាំង​អធិដ្ឋាន​សូត្រ​ផ្គាំ ទាំង​ជួយ​ប្រមូល​លុយ​ឧបត្ថម្ភ​សាសនៈ​ទូត​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​មាន​ទុក្ខ​លំបាក។

ចំណុច​ទី​៤ ដោយសារ​គាត់​ជា​យុវ​នារី​សកម្ម គាត់​បាន​ឃើញ​នៅ​ក្នុង​សម័យ​នោះ​មាន​រោង​ចក្រ​ថ្មីៗ​ច្រើន។ កម្មករ កម្មការិនី​គេ​ទៅ​ធ្វើ​ការ តែ​គេ​ឥត​មាន​ពេល​ដើម្បី​អធិដ្ឋាន ឥត​មាន​ពេល​ដើម្បី​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ ដូច្នេះ គាត់​បាន​សម្រេច​ចិត្ត​បង្កើត​រោង​ចក្រ​កាតូលិក ដែល​មាន​សុទ្ធ​តែ​កម្មករ​កម្មការិនី​ជា​គ្រីស្ត​បរិស័ទ។ ដូច្នេះ នៅ​ក្នុង​ម៉ោង​ធ្វើ​ការ​គេ​មាន​ពេល​វេលា​ដើម្បី​អធិដ្ឋាន ពេល​វេលា​ដើម្បី​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ពេល​វេលា​ដើម្បី​ជាប់​ជា​មួយ​ព្រះជាម្ចាស់។ គេ​ធ្វើ​ការ​ផង គេ​អធិដ្ឋាន​ផង ដោយសារ​គេ​នៅ​ក្នុង​រោង​ចក្រ​ដែល​មាន​សុទ្ធ​តែ​គ្រីស្ត​បរិស័ទ​។ នេះ​ជា​ការ​អស្ចារ្យ​មួយ​ដែល​គាត់​បាន​បង្កើត គឺ​ជា​រោង​ចក្រ​កាត់​ដេរ​មួយ​សម្រាប់​គ្រីស្ត​បរិស័ទ​ឱ្យ​គេ​មាន​ពេល​ដើម្បី​អធិដ្ឋាន ដើម្បី​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ និង​ធ្វើ​ការ​ផង។

ពេល​យើង​បាន​ស្តាប់​ជីវិត​របស់​ប៉ូលីនចារីកូ អស្ចារ្យ​មែន​ទែន​គាត់​ជា​យុវនារី​ម្នាក់​ដែល​មាន​កម្លាំង​ណាស់។ សព្វ​ថ្ងៃ សមាគមន៍​ឧបត្ថម្ភ​សាសនៈ​ទូត​ដែល​ប្រកាស​ដំណឹង​ល្អ មាន​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល រាល់​ឆ្នាំ​បាន​ប្រមូល​លុយ​ជិត ១២០​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ដល់​ប្រទេស​នា​នា​នៅ​ក្នុង​ពិភព​លោក​ដែល​កំពុង​ប្រកាស​ដំណឹង​ល្អ។ ចេញ​ពី​យុវនារី​ម្នាក់​នេះ​២០០​ឆ្នាំ​មុន នេះ​ជា​ការ​អស្ចារ្យ​មួយ ហើយ​គាត់​បាន​ណែនាំ​ឱ្យ​យើង​យល់​ថា យើង​ត្រូវ​ការ​ភ្ជាប់​ជា​មួយ​ប្រភព​នៃ​ជីវិត​របស់​យើង គឺ​ព្រះជាម្ចាស់។ ឱ្យ​យើង​អធិដ្ឋាន​ផង ឱ្យ​យើង​ស្រឡាញ់​យ៉ាង​សកម្ម យ៉ាង​ជាក់​ស្តែង តាម​រយៈ​សមាគមន៍​យុវនារី​សម្រាប់​អ្នក​ក្រីក្រ តាមរយៈ​សមាគមន៍​ព្រះមាលា​ដ៏​មាន​ជីវិត ដើម្បី​អធិដ្ឋាន​ផង​ប្រមូល​លុយ​ផង សម្រាប់​ការ​ប្រកាស​ដំណឹង​ល្អ តាម​រយៈ​រោង​ចក្រ​កាតូលិក​ដើម្បី​ឱ្យ​មាន​ពេល​អធិដ្ឋាន​និង​ធ្វើ​ការ​ផង។

សម្រាប់​យើង​សព្វ​ថ្ងៃ យើង​ត្រូវ​ការ​ពិចារណា​ដែរ តើ​ជីវិត​របស់​យើង យើង​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​សង្គម​យើង? អ្វី​ខ្លះ​សម្រាប់​ប្រកាស​ដំណឹង​ល្អ? អ្វី​ខ្លះ​សម្រាប់​ធ្វើ​ជា​គ្រីស្ត​បរិស័ទ​សកម្ម? ខ្ញុំ​ជឿ​ថា​យុវនារី​ប៉ូលីនចារីកូ ជា​គំរូ​មួយ​ដ៏​អស្ចារ្យ​សម្រាប់​យើង​ទាំង​អស់​គ្នា។ ជីវិត​របស់​គាត់​ចុង​ក្រោយ​ពិបាក គាត់​មាន​ជំងឺ គាត់​ទៅ​ដល់​ទីក្រុង​រ៉ូម គាត់​អធិដ្ឋាន​សន្ត​ហ្វីលូមែន និង​ការ​អស្ចារ្យ​កើត​ឡើង​គឺ​គាត់​បាន​ជា​សះស្បើយ។ គាត់​បាន​ជួប​សម្តេច​ប៉ាប និង​បាន​ក្លាយ​ជា​ទីប្រឹក្សា​របស់​សម្តេច​ប៉ាប​នៅ​សម័យ​នោះ​ក្នុង​ទីក្រុង​រ៉ូម។ នៅ​ពេល​គាត់​ស្លាប់​គ្មាន​នរណា​ដែល​រវីរវល់​ជា​មួយ​គាត់ ដោយ​ដឹង​ថា​គាត់​បាន​បូជា​ជីវិត​នៅ​ក្បែរ​ឈើ​ឆ្កាង។

បង​ប្អូន​ជា​ទី​ស្រឡាញ់ គាត់​មិន​ចង់​មាន​ឈ្មោះ​ល្បី ប៉ុន្តែ​គាត់​ដឹង​ថា​ព្រះជាម្ចាស់​ដឹង​ទាំង​អស់​អ្វី​ដែល​សំខាន់​យើង​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ បាន​ណែនាំ​ឱ្យ​យើង​អធិដ្ឋាន ណែនាំ​ឱ្យ​យើង​ដឹង​ថា​ព្រះជាម្ចាស់​មាន​វត្តមាន​នៅ​ក្នុង​ជីវិត​របស់​យើង ណែនាំ​ឱ្យ​យើង​ចេះ​ស្រឡាញ់​បង​ប្អូន​ឯទៀតៗ។ ប៉ូលីនចារីកូ គាត់​នៅ​ក្នុង​សម័យ​សន្ត​យ៉ូហាន​ម៉ារី​វីយ៉ាណេ ជា​ឧបការី​សម្រាប់​លោក​បូជាចារ្យ និស្សិត​ទេវៈ​វិទ្យាល័យ។ គាត់​បាន​ជួប​គ្នា​ច្រើន​ដង មាន​ថ្ងៃ​មួយ​យ៉ូហាន​ម៉ារី​វីយ៉ាណេ បាន​ជូន​ឈើ​ឆ្កាង​មួយ​ទៅ​ប៉ូលីនចារីកូ នៅ​ក្នុង​ឈើ​ឆ្កាង​នេះ​គាត់​បាន​សរសេរ​ថា “យើង​មាន​ព្រះជាម្ចាស់​តែ​មួយ​អង្គ​គត់​ដែល​ជា​សាក្សី​របស់​យើង យើង​មាន​ព្រះយេស៊ូ​គ្រីស្ត​តែ​មួយ​អង្គ​គត់​ដែល​ជា​គំរូ​របស់​យើង យើង​មាន​ព្រះនាង​ម៉ារី​តែ​ម្នាក់​គត់​ដែល​គាំ​ទ្រ​និង​លើក​ទឹក​ចិត្ត​យើង​ជានិច្ច ជីវិត​របស់​យើង​មាន​កិច្ចការ​តែ​មួយ​គត់​ដែល​សំខាន់ គឺ​ធ្វើ​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​ដោយ​បូជា​ជីវិត”។

បង​ប្អូន​ជា​ទី​ស្រឡាញ់ បន្តិច​ទៀត​យើង​ទូល​អង្វរ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក ឱ្យ​យើង​ទុក​ព្រះបន្ទូល​នេះ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង យើង​មាន​ព្រះជាម្ចាស់​តែ​មួយ​អង្គ​គត់​ដែល​ជា​សាក្សី​អំពី​ស្នាដៃ​នៃ​ជីវិត​របស់​យើង។ យើង​មាន​ព្រះយេស៊ូ​គ្រីស្ត​តែ​មួយ​ព្រះអង្គ​គត់​ដែល​ជា​គំរូ​សម្រាប់​យើង យើង​មាន​ព្រះនាង​ម៉ារី​តែ​ម្នាក់​គត់​ដែល​លើក​ទឹក​ចិត្ត និង​ធ្វើ​ដំណើរ​ជា​មួយ​យើង​ជានិច្ច។ ជីវិត​របស់​យើង​រក​ឃើញ​តម្លៃ នៅ​ពេល​យើង​ចេះ​តែ​ស្រឡាញ់​និង​ស្រឡាញ់ ដោយ​បូជា​ជីវិត​ទៅ​លើ​ព្រះយេស៊ូ​គ្រីស្ត​ដ៏​ពិត​ប្រាកដ។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ

នាព្រឹកថ្ងៃទី៣០​ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ​ ​ដែលទទួល​ខុស​ត្រូវ​ដោយ​ក្រុម​បព្វជិត​​ឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ​ សង្កាត់​អរិយក្សត្រ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ​ បងប្រុស​ បងស្រី​ តំណាងអាជ្ញាធរដែនដី​ សិស្សានុសិស្ស​ អាណាព្យាបាល​ យ៉ាងច្រើនកុះករ​។ មានប្រសាសន៍​សំណេះសំណាលក្នុងពិធីកាត់ខ្សែបូ លោកអភិបាលអូលីវីយ៉េ លើកឡើងថា នៅទីនេះមាតាបិតាមានសំណាងណាស់ ដោយសារកូនៗរៀននៅសាលាដ៏ល្អ មានការអប់រំដ៏ល្អមិនគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់​ក្រុម​បព្វជិត​ឡាសាល

សិស្សនៃ​វិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន​៨នាក់​ ទទួលបាន​និទ្ទេស A ពីការ​​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំ​សិក្សា​២០២៣-២០២៤ ចំនួន​៨ នាក់របស់​សាលា​ចំណេះទូទៅ​សន្តហ្វ្រង់ស្វ័រ ទទួល​បាននិទ្ទេសA ក្នុង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះ​បើ​យោង​តាម​លទ្ធផល​ដែល​បាន​បូកសរុប​ដោយ​សាលាផ្ទាល់។ លោកអូលីវីយ៉េ ជ្មីតហស្លេ ជា​ស្ថាបនិក និង​ជា​អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ​មានប្រសាសន៍ថា ក្នុងឆ្នាំនេះ សាលា​មាន៨នាក់ជាប់និទ្ទេសA  ស្មើនឹង២២,២២​ភាគរយនៃសិស្ស៣៦នាក់។ លោក​ថា «នេះ​ជាមោទនភាពរបស់ព្រះសហគមន៍កាតូលិកដែលបានបង្កើតគ្រឹះស្ថានអប់រំ​ដ៏ល្អបំផុត ដែលមានលទ្ធផលប្រហែលជាទទួលបាន លេខមួយនៅទូទាំងប្រទេស ដែលមាននិទ្ទេសA ច្រើនដូចនេះ។» លោក​បញ្ជាក់ថា ជោគជ័យនេះបាន​ដោយសារតែសិស្សសាលារបស់យើងសព្វថ្ងៃ ទទួលការអប់រំពីព្រះសហគមន៍កាតូលិកតាំងពីមត្តេយ្យសិក្សា

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

Subscribe to our newsletter

Don't miss new updates on your email