ព្រះសហគមន៍នឹង​បង្កើត​គណៈកម្មារសម្រាប់​ទឹក​ដី​អន្តរភូមិភាគ

ព្រះសហគមន៍​កាតូលិក​កម្ពុជា គ្រោង​នឹង​បង្កើត​គណៈកម្មារ​ សម្រាប់ទឹក​ដី​មរណសាក្សី​នៅ​ព្រះសហគមន៍តាំងគោក ក្នុង​ខេត្ត​កំពង់​ធំ ដែល​ជាចំណុច​កណ្តាល​នៃ​ប្រទេសកម្ពុជា។

ក្នុងពិធី​គោរព​អ្នកបម្រើ​ព្រះជាម្ចាស់ កាលពីពេលកន្លងទៅនេះ លោក​អភិបាល​អូលីវីយ៉េ​ ជ្មីតហស្លេ អភិបាល​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​ស្នើ​សុំ​ឲ្យ​លោក​អភិបាល​នៃ​ភូមិភាគ​បាត់ដំបង និង​កំពង់ចាម រួម​គ្នា​ជាមួយលោក បង្កើត​ឲ្យ​មាន​កន្លែង​ពិសេស​មួយ​លើ​ទឹក​ដី​តាំង​គោក ជា​បូជនីយដ្ឋានសម្រាប់​ជំនឿ។

លោក​បន្ថែម​ថា គឺ​ដើម្បី​ឲ្យ​គ្រីស្ត​បរិស័ទ​នានា​បាន​​ស្គាល់​ប្រវត្តិសាស្ត្រ​ និង​ជំនឿ​នៃ​ព្រះសហគមន៍​កាតូលិក​កម្ពុជា​។

ព្រះសហគមន៍​តាំង​គោក ​ជាទីកន្លែងសម្រាប់ព្រះសហគមន៍​​កាតូលិកអន្តរភូមិភាគនៅ​កម្ពុជា ដែល​តំបន់នេះ ជាកន្លែង​ប្រវត្តិសាស្ត្រមួយ​ក្នុង​សម័យប៉ុលពត ដោយ​មាន​លោក​អភិបាល​ឆ្មារ សាឡាស​​និង​សហការី​បាន​ធ្លាប់​រស់នៅ​ និង​ស្លាប់​នៅ​ទីនោះ។

លោក​អភិបា​ល​ឆ្មារ សាឡាស ជា​អភិបាល​ខ្មែរ​ដំបូង​គេ ដែល​ត្រូវ​បាន​តែង​តាំង​ក្នុង​ឆ្នាំ​១៩៧៥ ហើយ​បាន​ទទួល​មរណភាព​ដោយធ្វើការ​ហួស​កំលាំង ក្នុង​ឆ្នាំ​១៩៧៧ នៅ​តំបន់​តាំង​គោក។

សព្វ​ថ្ងៃ​នេះ ព្រះសហគមន៍​កាតូលិកនៅ​កម្ពុជា បាន​បង្កើត​គណៈកម្មារ​សម្រាប់​មរណសាក្សី​ ដើម្បី​សិក្សា​ចង​ក្រង​ឯកសារ​របស់​អស់​លោក​ដែល​បាន​ស្លាប់​និង​ត្រូវ​បាន​គេ​សម្លាប់ដោយសារ​ជំនឿ​​ក្នុង​របប​ប៉ុលពត។​

«៧ឆ្នាំ​ហើយ​ដែល​ខ្ញុំ​បាន​បើក​តុលាការ​ជាផ្លូវការ​ ដោយ​មាន​លោក​បូជាចារ្យ ប៉ូល​ រឿង​ឆ័ត្រ​សិរី​ដឹកនាំ ដោយ​ចួបជុំគ្នា​ជាផ្លូវការ​ជាង៣០ដង ​​ដើម្បី​កាត់​ក្ដី​មរណសាក្សី​ដែល​ដាក់​ឈ្មោះ​នាសម័យ​នោះ​សរុប​៣៤នាក់។ ក្នុង​នោះ​មាន​លោក​ឆ្មារសាឡាស និង​សហការី​៤៣នាក់។» នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​អភិបាល​អូលីវីយ៉េ។

មាន​ប្រសាសន៍​ទៅកាន់​អង្គពិធី ដែលមាន​គ្រីស្ត​បរិស័ទ​មក​ពី​ព្រះសហគមន៍នានា​ក្នុង​ប្រទេស​កម្ពុជា ប្រមាណ​ជាង​១៥០០នាក់ លោកអភិបាល​បន្ថែម​ថា ព្រះសហគមន៍កម្ពុជា​ត្រូវ​ត្រៀម​ខ្លួនជាមុន​ដើម្បី​ទទួល​មរណសាក្សី​នៅ​កម្ពុជា ប្រសិន​បើ​សន្ត​អសនៈ​យល់​ព្រម​តែងតាំង​មរណសាក្សីឱ្យ​យើង។

នៅ​ក្នុង​ដី​របស់​ព្រះសហគមន៍​តាំង​គោក មាន​បន្សល់​ទុក​គ្រែ​មួយ​ដែល​គ្រីស្ត​បរិស័ទ​អះអាង​ថា ជា​គ្រែ​ដែល​លោកអភិបាល​ឆ្មារ សាឡាស និង​សហការី​របស់​លោក​ថ្វាយអភិបូជា​ចុង​ក្រោយ​ មុន​នឹងបែក​គ្នា​ ដើម្បី​ស្វែង​រក​និង​លើក​ទឹក​ចិត្ត​គ្រីស្ត​បរិស័ទ​តាម​តំបន់​ចល័ត​ដែល​អស់​លោក​នឹង​ទៅដល់។

នៅក្នុង​ធម្មទេសនានា​ថ្ងៃទី​ ២២ ខែ​ឧសភានោះ លោក​អភិបាលអូលីវីយ៉េ អញ្ជើញ​គ្រីស្ត​បរិស័ទ​និង​សហការី​ទាំងអស់​ឱ្យ​នៅ​ស្ងៀម​ស្ងាត់ ដើម្បី​នឹក​រឭក​ដល់អស់​អ្នក​ស្លាប់​ និង​ត្រូវ​បាន​គេ​សម្លាប់ដោយសារ​ជំនឿ ​ក្នុង​សម័យ​ប៉ុល​ពត​។​

ក្រៅពី​គ្រែ​ លោក​អភិបាល​ឆ្មារ​សាឡាស ក៏​មានបន្សល់ទុក​​ខ្សែ​​​​ផ្គាំ​និង​បន្តោង​ឈើឆ្កាងអភិបាល​ដែល​បានបំពាក់​ឲ្យ​គ្នា​ជា​​ច្រើនដំណរ​​របស់​ព្រះសហគមន៍​កាតូលិកនៅកម្ពុជា ហើយត្រូវ​បាន​រក្សា​ដោយ​ម្តាយ​បង្កើតរបស់​លោក​ផ្ទាល់។

តាម​រយៈ​ការ​តស៊ូ និង​ឆន្ទៈ​របស់អស់​លោក​ដែល​បាន​បូជា​ជីវិត​ដើម្បី​ប្រកាសដំណឹងល្អ​ទាំងអស់នោះ លោក​អភិបាលអូលីវីយ៉េ រំលឹក​ឲ្យ​គ្រីស្ត​បរិស័ទ​ថា ជីវិត​របស់​យើង​ត្រូវការ​តស៊ូ​និង​មាន​សមត្ថភាព​ដើម្បី​ឆ្លងទុក្ខលំបាក​ទាំងអស់ ហើយ​កំលាំងដែល​យើង​អាច​យក​ឈ្នះ​បាន គឺ​ដោយឈើឆ្កាង​របស់​ព្រះគ្រីស្ត​​។​

«យើង​ជាសសរ​ដែល​ពោរពេញ​ដោយ​ជីវិត​ និង​ត្រូវ​ចែក​រំលេក​សេចក្ដីស្រឡាញ់​ដល់​បងប្អូន​ឯទៀតៗ​នៅក្នុង​ជីវិត​សាមញ្ញ​បំផុត​របស់​យើង តស៊ូ រស់នៅ​ក្នុងក្តីសង្ឃឹម​ជានិច្ច​ដោយមាន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ជំរុញ​យើង។» លោកអភិបាល​បន្ថែម។

លោក​អភិបាលព្រះសហគមន៍​ភូមិភាគ​បាត់​ដំបង ទេព​ ច័ន្ទពិសិដ្ឋ (អេនរីគេ ហ្វី​ការេដូ) មាន​ប្រសាសន៍​ថា ​យើង​មាន​មរតក​មួយ​ពិសេស​ដែល​មាន​គ្រីស្ត​បរិស័ទ​បូជាជីវិត​ដោយ​សារ​ជំនឿ និង​​បាន​គិតបាន​អនុវត្ត​តាមព្រះជាម្ចាស់​។

លោក​អភិបាល​ច័ន្ទ​ពិសិដ្ឋ បាន​បន្ត​ថា នេះជាគំរូ​ ជាសេចក្ដីសង្ឃឹម និងជាមាគ៌ាដែល​យើង​មាន​នៅកម្ពុជា​។ មរណសាក្សី​​​ជា​ទ្រព្យសម្បត្តិ​ពិសេស​ដែល​យើង​ត្រូវ​បន្ត​ថែរក្សា​ ជាមរតក​ដែល​យើង​ទទួល​។

លោក​អភិបាល​បន្ថែម​ថា នៅ​តាំង​គោក បន្តិច​ទៀត​យើង​ត្រូវ​បង្កើត​គណៈកម្មការ​ ដោយ​ត្រូវ​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍកន្លែង បង្កើត​អារាម​ដើម្បី​ឱ្យ​បងប្អូន​ដែល​ចង់​ស្គាល់​ប្រវត្តិសាស្ត្រ​ព្រះសហគមន៍​ និង​មរណសាក្សីរបស់យើង អាច​មក​អធិដ្ឋាន​ មក​ជួបព្រះជាម្ចាស់ ស្គាល់ព្រះជាម្ចាស់​តាមរយៈ​មរណសាក្សី​។​

តំណាង​គណៈកម្មការមរណសាក្សី​កម្ពុជា ដូនជី ម៉ារីណាថាលី ធារី​ បាន​ឱ្យ​ដឹង​ថា ដំណើរការ​មរណសាក្សី​កម្ពុជា​សព្វថ្ងៃនេះ​មាន​ឈ្មោះបេក្ខភាព​​​ចំនួន​១៤នាក់​ ក្នុង​នោះ​មាន​លោក​អភិបាល លោក​បូជាចារ្យ បព្វជិតបព្វជិតា និងគ្រីស្ត​បរិស័ទជាតំណាង​។

បច្ចុប្បន្ន​នេះ គណៈកម្មការកំពុង​ចង​ក្រង​ប្រវត្តិ​ និង​ការងារ​ផ្សេងៗ​ដែល​លោកអភិបាល​ឆ្មារ សាឡាស ដើម្បី​ផ្ញើទៅរ៉ូម។ ដូនជី​រូបនេះ​បន្ថែមថា នេះ​ជាក្ដី​សង្ឃឹម​របស់​យើង​ទាំងអស់គ្នា ​ទោះ​បីជាប្រទេស​របស់​យើង​តូចមែន​ ប៉ុន្តែ​យើង​មាន​អ្នក​ដែល​បាន​រស់​នៅក្នុង​ជំនឿ​មុន​យើង​ដោយ​រក្សាជំនឿ ជាពិសេស​ក្នុង​សម័យ​ខ្មែរក្រម។

ដើម្បី​រៀប​ចំឯកសារទាំងនេះ គណៈកម្មការ​បាន​​​ចួបជាមួយ​បងប្អូន​ដែល​ជាសាក្សី​ទាំងផ្ទាល់​និង​ប្រយោលផងដែរ ដើម្បី​រៀប​ចំតាម​ពេលវេលា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ដូនជី​ធារី។​

គ្រីស្ត​បរិស័ទ រស់ វត្ថា មកពីព្រះសហគមន៍​ភ្នំពេញ​ថ្មី បាននិយាយ​ថា «ខ្ញុំ​និយាយ​ទៅ​គឺ​ព្រឺសម្បុរ ដោយពួកគាត់ជាគំរូសម្រាប់យើង​ដែល​នៅរស់​ ទាំងជំនឿនិង​ទាំងការរស់នៅ​ប្រចាំថ្ងៃ​។ ជាសញ្ញាសម្គាល់​ថា​ពួកគាត់បាន​លះបង់ជីវិត​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។»

វត្ថា បន្ថែមថា ដូច្នេះ​យើង​អ្នក​នៅរស់ ត្រូវ​រៀន​រស់​នៅ​ឱ្យ​ស្របទៅនឹងជិវិត​របស់គ្រីស្ត​បរិស័ទ​​៕

ដោយ​ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email