និស្សិត​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកសិក្សា​អំពី​ការ​ចង​ចាំ​និង​អត្តសញ្ញាណ

ក្នុង​រយៈ​ពេល​៣​ថ្ងៃ​នៃ​សន្និសីទ​សមាគម​អប់រំកាតូលិកជាន់ខ្ពស់នៅក្នុងអាស៊ីប៉ាស៊ីហ្វិកហៅ​កាត់​ថា អាស៊ីគូ(ASEACCU) យុវនិស្សិត​ជាច្រើន​បាន​ឈ្វេង​យល់​បន្ថែម​អំពី​ទំនាក់ទំនង​របស់​ខ្លួនជាមួយ​អត្តសញ្ញាណ​និង​ការ​ចង​ចាំ​ សម្រាប់​ជា​ប្រវត្តិសាស្ត្រ​នៃ​មនុស្ស​ជាតិ។

និស្សិត ឈុនលីន ខ្យូអ៊ិ (Mr. CHUNLIN QI) ជា​ប្រធាននិស្សិត​មកពីសកលវិទ្យាល័យ សូហ្វីយ៉ា (Sophia University) នៃ​ប្រទេស​ជប៉ុន និយាយថា «ខ្ញុំ​គិតថា ពួកយើង និង​មនុស្សជំនាន់ក្រោយ​គួរ​តែ​ឈ្វេងយល់​អំពី​ព្រឹត្តិការណ៍ប្រភេទនេះ​ ដើម្បី​ធ្វើ​ឱ្យ​សង្គមល្អពីមួយថ្ងៃទៅមួយថ្ងៃ។»

​ឈុនលីន បាន​ឲ្យដឹងទៀតថា សិក្ខាសាលា​នេះ​មាន​សារៈសំខាន់​ ព្រោះ​ការ​ចង​ចាំរឿង​រ៉ាវ​ពីអតីតកាល ​នាំ​ឱ្យ​យើង​អាច​រីក​ចម្រើន​ទៅមុខ និង​ដើម្បី​កសាង​សង្គមឱ្យ​មាន​សន្តិភាពនិង​យុត្តិធម៌ ​យើងត្រូវ​​​រៀន​ពី​​ប្រវត្តិសាស្ត្រ​ទោះល្អ​ឬមិនល្អ។

រីឯយុវសិស្ស អ៊ុន ស្រីអូន ជានិស្សិត​នៃវិទ្យាស្ថាន​សន្ត​ប៉ូល បាន​ឱ្យ​ដឹង​ថា «សម្រាប់ខ្ញុំ​ ការចងចាំ​មាន​សារៈសំខាន់ ដោយ​យើង​អាច​ស្គាល់​ពី​អតី​តកាល​របស់ប្រជាជន​កម្ពុជា​​ ហើយ​ការ​ចងចាំ​នៅសម័យ​ខ្មែរក្រហម​នេះ​ដែរ យើង​ក៏​មិនចង់​ឱ្យ​កើត​មាន​ម្ដង​ទៀតទេ។»

ស្រី​អូន​​ ជាយុវជន​ពុទ្ធ​បរិស័ទ​ដែល​បាន​កំពុង​សិក្សា​នៅ​សាលា​សន្ត​ប៉ូល​ ក្នុង​ខេត្ត​តាកែវ ជា​វិទ្យាស្ថាន​ជាន់​ខ្ពស់​របស់​ព្រះសហគមន៍កាតូលិកខាង​គ្រីស្ត​សាសនា។ យុវតី​រូប​នេះ បន្ថែម​ថា ក្រៅពី​ការចងចាំនេះ នាង​​ទទួល​បាន​ការផ្លាស់ប្ដូរទំនាក់ទំនងសាសនា ដែលណែនាំ​ឱ្យ​មនុស្ស​ដើរ​លើ​ផ្លូវល្អដូចគ្នា។

«នៅក្នុង​អន្តរសាសនា​នេះ​ដែរ ​​បានជួយ​ឱ្យ​យើង​មិន​មាន​ការ​រើស​អើង​ជាតិសាសន៍​និងសាសនា។​»​ ស្រីអូន​បញ្ជាក់។

នៅ​ក្នុង​សន្និសីទ​អាស៊ី​គូ ដែល​ត្រូវ​បាន​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​សន្តប៉ូល​ កាលពី​ថ្ងៃទី​២៣-២៧ ខែ​សីហា​នេះ បាន​ផ្តោត​សំខាន់​លើ​ប្រធាន​បទ «ការ​ចងចាំ​និង​អត្តសញ្ញាណ»។​

ក្នុង​សន្និសីទ​នេះ យុវនិស្សិតនិង​សាស្ត្រាចារ្យ​មក​ពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែលមាន​ចំនួន​ប្រមាណ​១៨០នាក់​ដែល​ជា​បណ្តាញ​នៃអាស៊ីគូ បាន​ចុះ​កម្មសិក្សា​ឈ្វេង​យល់​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ ក្នុង​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត និង​បាន​ចូលរួម​សិក្ខា​សាលា​ដែល​មាន​សាស្ត្រា​ចារ្យ​ជាច្រើន​ពី​បរទេស​និង​ខ្មែរ​ចូលរួម​ចែក​រំលែក​នូវ​បទ​ពិសោធទាក់​ទង​នឹង​ប្រធាន​បទ​ផងដែរ។

លោកអភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេ អភិបាល​នៃ​ព្រះសហគមន៍កាតូលិក និង​ជា​ស្ថាបនិក​នៃ​វិទ្យាស្ថាន​សន្តប៉ូល​កម្ពុជា មាន​ប្រសាសន៍​ថា សិក្ខា​សាលា​នេះ មាន​​ប្រយោជន៍​ខ្លាំង​​សម្រាប់​និស្សិត ដើម្បី​​ត្រៀម​ខ្លួន​ចូល​ក្នុង​សង្គម រៀប​​ចំ​គ្រួសារ​ រៀប​ចំជីវិត​ និង​អនាគត​របស់​ពួកគេ។

ទំនាក់ទំនង​ផ្ទាល់​​ជា​កំលាំង​មួយសម្រាប់​និស្សិត​និ​ងលោក​គ្រូអ្នកគ្រូ ហើយ​និស្សិត​បរទេស​ដែល​មក​កម្ពុជា​ក៏​ទទួល​បាន​ចំណេះដឹង​ អំពីប្រវត្តិសាស្ត្រ​ និង​វប្បធម៌របស់​ខ្មែរ​ ដែល​ណែនាំ​ឲ្យ​គេ​មាន​ក្តីរំភើប។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកអភិបាល។

លោក​អភិបាល​អូលីវីយ៉េ ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​វិទ្យាស្ថាន​សន្ត​ប៉ូល​បាន​បន្ថែម​ថា នៅ​ពេល​យើង​ចូល​ទៅក្នុង​កម្មវិធី​អន្តរវប្បធម៌​ អន្តរសាសនា អន្តរ​ប្រវត្តិសាស្ត្រ ណែនាំ​ឲ្យ​យើង​អាច​បង្កើត​ពិភពលោក​ពោរពេញ​ដោយ​សេចក្តីសុខ​និង​សុខដុមរមនា «ព្រោះនៅពេល​យើង​ស្គាល់​គ្នា នៅ​ពេល​យើង​យល់​ចិត្ត​គ្នា យើង​ដឹង​ថា យើង​អាច​ធ្វើ​ដំណើរ​ជាមួយ​គ្នា​បាន។»

ក្នុងនោះ​ដែរ​ លោក​អភិបាល​បាន​សង្កត់​ធ្ងន់​ថា «ការ​ចងចាំ​និង​អត្តសញ្ញាណ​ជា​អ្វី​ដែល​យើង​ត្រូវ​តែ​បន្ត​រិះគិត​ ថែរក្សា​មើល​ឃើញ​ដល់​ប្រវត្តិសាស្ត្រ​របស់យើង មើល​ឃើញ​ដល់​មូលដ្ឋាន​គ្រឹះ​របស់យើង​ដើម្បីកសាង​អនាគត។»

នៅ​ក្នុង​សន្និសីទ​អាស៊ីគូ​នេះ បាន​រៀបចំ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ភិបាល​ថ្មីផងដែរ ដែលមាន​​​អណត្តិ​ចំនួន​៣ឆ្នាំ​ពី ២០២៣-២០២៥ ហើយ​ប្រធាន​ក្រុម​ប្រឹក្សា​ថ្មី​គឺ​ជា​លោក​ឧបដ្ឋាក ស្ទេហ្វិន មោហ្គាន់ (Rev. Pro. Stephen Morgan, Ph.D)នៃ​សកលវិទ្យាល័យ​សន្ត​យ៉ូសែប​នៃ​ទីក្រុង​ម៉ាកាវ​ប្រទេស​ចិន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ផុន សុផល នាយក​នៃ​វិទ្យាស្ថាន​សន្តប៉ូលនាថ្ងៃទី​២៧ ខែ​សីហានេះ។

លោក​សុផល​មាន​ប្រសាសន៍​ទៀតថា ក្នុងសន្និសីទនេះ ក៏មាន​ការ​ជ្រើស​រើស​តំណាង​ក្រុម​ប្រឹក្សា​ដែលមាន​សមាជិក​ចំនួន​៨​ប្រទេស​ ហើយ​ក្នុងនោះ​លោក​ត្រូវ​បានជ្រើស​រើស​ឲ្យ​ចូល​ក្នុង​ក្រុម​នេះ​ផងដែរ។

អាស៊ីគូ ជា​បណ្តុំ​ស្ថាប័នសិក្សាអប់រំ​​របស់​ព្រះសហគមន៍​កាតូលិក​ដែល​មាន​ពី​កម្រិត​វិទ្យាល័យ​ដល់​មហាវិទ្យាល័យ​ចំនួន​៨៦ស្ថាប័ន​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​។ វិទ្យាស្ថាន​សន្តប៉ូល ​ជា​ស្ថាប័ន​មួយ​របស់​ព្រះសហគមន៍កាតូលិក​​បាន​ក្លាយជា​សមាជិក​នៃ​បណ្តាញ​នេះ ក្នុង​ឆ្នាំ​២០១២។

សន្និសីទ​លើក​ទី​២៩ របស់​អាស៊ី​គូ នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ហ្វីលីពក្នុង​ឆ្នាំ​២០២៣ខាងមុខ​នេះ៕

ដោយ​ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email