អាគារថ្មីមួយបានជួសជុលនិងរៀបចំប្រោសទឹកព្រះពរ ដើម្បីទទួលកុមារអូទីសឹមបន្ថែមទៀត សម្រាប់កម្មវិធីរបស់សាលាអប់រំពិសេសសម្រាប់ការលូតលាស់ កាលពីថ្ងៃអាទិត្យទី២៨ ខែសីហាកន្លងទៅនេះ នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កម្មវិធីនេះ មានការចូលរួមជាអធីបតីភាពពីលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ចូលរួមពីលោកបូជាចារ្យ បងស្រី និងលោកគ្រូអ្នកគ្រូប្រមាណជិត៥០នាក់។
លោកអភិបាលអូលីវីយ៉េមានប្រសាសន៍ថា កុមារដែលយើងទទួលគឺពិសេស ដោយសារគេមានចិត្ត មានសេចក្តីស្រឡាញ់ មានឱកាសដូចគ្នា ត្រូវការយកចិត្តទុកដាក់ដូចគ្នា។ កុមារអូទីសឹម រស់នៅក្នុងពិភពរបស់គេ ដែលយើងពិបាកចូលដែរ។
«យើងជួយគេ ឲ្យគេចេញពីអ្វីដែលជាឃុំឃាំងមួយម្យ៉ាងនៅក្នុងដួងចិត្តរបស់គេ ដើម្បីបន្តិចម្តងៗចូលទៅក្នុងសង្គម។» លោកអភិបាលអូលីវីយ៉េបញ្ជាក់។
មានប្រសាសន៍ទៅកាន់លោកគ្រូអ្នកគ្រូ លោកអភិបាលបន្ថែមថា ទោះបីកិច្ចការងារនេះមិនទទួលបានជោគជ័យធំដុំ ទោះកុមារមិនអាចទៅសាលារដ្ឋបាន ទោះអត់មានអី្វអស្ចារ្យ ប៉ុន្តែលោកជឿថា នៅពេលដែលកុមារ ទទួលភាពកក់ក្តៅ យល់ថាមានអ្នកមើលថែរក្សាពួកគេដែលនាំឲ្យគេមានពន្លឺថ្មីនៅក្នុងខ្លួន នេះគឺជាជោគជ័យ នៅក្នុងសេចក្តីសុខរបស់កុមារៗទទួលបាន។
«សាលាមួយនេះ ជាអំណោយមួយសម្រាប់កុមារអូទីសឹមនេះ។» លោកអភិបាលបន្ថែមថា ទោះនៅកម្ពុជា ឬប្រទេសបារាំង កុមារអូទីសឹមក៏មានស្ថានភាពដូចគ្នាដែរ គឺខ្វះកន្លែងទទួលពួកគេ។
លោកអភិបាលបន្ថែមថា «ខ្ញុំជឿថាកូនក្មេងម្នាក់និងម្នាក់ទៀត ខុសៗគ្នា។ យើងត្រូវការធ្វើការងារបត់បែនច្រើនតាមកូនក្មេងនីមួយៗ។ យើងជួយដល់ក្មេងម្នាក់ឲ្យរីកចម្រើនក្នុងសមត្ថភាពផ្ទាល់ខ្លួន ណែនាំឲ្យឪពុកម្តាយមានសេចក្តីសុខថែមទៀត។»
សាលាអប់រំពិសេសសម្រាប់ការលូតលាស់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ដោយស្ត្រីកាតូលិកម្នាក់ឈ្មោះភោគ ម៉ានី ដែលមានកូនមានអូទីសឹម។
អ្នកស្រីភោគ ម៉ានី ជានាយិកានៃសាលាអប់រំពិសេសសម្រាប់ការលូតលាស់មានប្រសាសន៍ថា ដោយសារតម្រូវការនៃឪពុកម្តាយដែលមានកូនកំពុងរង់ចាំចូលរៀនមានរហូតដល់ជិត១០០នាក់ ដូច្នេះហើយទើបយើងបង្កើតសាខាទី២នេះឡើង។
កុមារអូទីសឹម មានបញ្ហាបីកំណត់សម្គាល់ គឺបញ្ហាទំនាក់ទំនង មិនអាចនិយាយបាន និងអាកប្បកិរិយាដដែលៗ។
នាយិការរូបនេះបានបន្ថែមថា មកដល់ពេលនេះ សាលាមានគ្រូរហូតដល់ទៅ៣៦នាក់ ដែលកំពុងធ្វើការងារជាមួយកុមារចំនួន១៨០នាក់។
ឆៃ សោភ័ណ្ឌរ័ត្ន ជាគ្រូបង្រៀននៅសាលានេះ បានឲ្យដឹងថា កុមារអូទីសឹមមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ ការកើនឡើងអាកប្បកិរិយារបស់កុមារពីមួយថ្ងៃទៅមួយថ្ងៃប្លែករហូត ដែលធ្វើឲ្យយើងពេលខ្លះតាមអត់ទាន់ ហើយជំនាញនេះ រៀនអត់ចេះចប់អត់ចេះហើយទេ។
សោភ័ណ្ឌរ័ត្ន បានបន្ថែមថា កុមារអូទីសឹមមិនដូចកុមារធម្មតាទេ ដែលយើងអាចគ្រប់គ្រង២០-៣០នាក់បាន អត់បញ្ហា គ្រាន់តែស្រែកមួយវ៉ាស់គាត់អាចអង្គុយបានហើយ។ តែកុមារនេះវិញ យើងត្រូវនិយាយដដែលៗដើម្បីឲ្យគាត់ស្តាប់បាន។
យើងចង់ឃើញការអភិវឌ្ឍន៍របស់ក្មេង ដោយសារសព្វថ្ងៃយើងបានជួយដល់ក្មេងជាច្រើនដែរ ដែលអាចឲ្យគាត់ទៅរៀននៅសាលាខាងក្រៅបាន។ នេះបើតាមការបញ្ជាក់របស់សោភ័ណ្ឌរ័ត្ន។
លោកបន្តថា «ពួកយើងពិតជាសប្បាយចិត្ត ហើយពួកយើងក៏នៅតែចង់ជួយ។ ហើយការជួយរបស់យើងនេះ គឺជួយត្រឹមតែកូនសិស្សប៉ុណ្ណោះទេ គឺជួយដល់អាណាព្យាបាលសិស្សឲ្យគាត់មានពេលគ្រប់គ្រាន់ប្រកបការងាររបស់គាត់។»
អ្នកស្រីម៉ានីបន្តថា ក្នុងឆ្នាំនេះ យើងសង្កេតឃើញកុមារដែលចេញទៅរៀននៅសាលាខាងក្រៅមាន១៥នាក់ ហើយមានក្មេងមួយចំនួនដែលគាត់អត់ពឹងសាលាវិញ ហើយនៅមានក្មេងមួយចំនួននៅមករៀននៅសាលារបស់យើងពាក់កណ្តាលថ្ងៃ។
អ្នកស្រីម៉ានីបញ្ជាក់ថា ការជួយដល់កុមារអូទីសឹម ឲ្យមានលទ្ធភាពអាចជួយខ្លួនឯងបាន និងចូលរួមជាមួយសង្គមបាន គឺជាគោលដៅសំខាន់សម្រាប់សាលា។ សាលានេះ មិនបានកំណត់រយៈពេលដើម្បីទទួលកុមារអូទីសឹមនោះឡើយ។
បទពិសោធកន្លងមក ក្រុមការងាររបស់អ្នកស្រីបានសង្កេតឃើញថា មានកុមារមួយចំនួនតូចដែលមានIQ ទាបខ្លាំង ដែលកម្រិតនៃការចងចាំរបស់ពួកគាត់ត្រូវការអ្នកថែទាំខ្លាំង និងប្រើពេលយូរដើម្បីអប់រំ។ អ្នកស្រីសង្កត់ធ្ងន់ថា« អាចនិយាយថារហូតដល់គាត់ពេញរូបរាង ហើយប្រហែលជាយើងត្រូវរកជំនាញឲ្យគាត់ ដែលអាចឲ្យគុណភាពនៃជីវិតរបស់គាត់ល្អប្រសើរ។»
បច្ចុប្បន្ននេះ សាលាអប់រំពិសេសសម្រាប់ការលូតលាស់ ទទួលកុមារចាប់ពីអាយុ៣ឆ្នាំដល់១៤ឆ្នាំ។ «បើគាត់ដល់អាយុ១៤ឆ្នាំ តើគាត់ត្រូវទៅណា? អីចឹងនេះជាជំហានបន្ទាប់ដែលសាលាត្រូវគិតគូរបន្តទៀត។» នេះបើតាមការបញ្ជាក់របស់នាយិការសាលា។
ខ្ញុំសង្ឃឹមថា បន្តិចទៀតយើងនឹងអាចបង្កើតជំនាញស្រាលៗនិងស្រួលៗដែលអាចជួយដល់កុមារបាន ហើយនៅឆ្នាំថ្មីនេះ កំពុងគិតជំហានបន្ទាប់សម្រាប់ជួយដល់ពួកគាត់៕
ដោយកែវ កញ្ញា