ធម្មទេសនា
រស់នៅតាមព្រះបេះដូងព្រះយេស៊ូ
អភិបូជាសម្រាប់ក្រុមព្រះបេះដូងព្រះយេស៊ូប្រកាសពាក្យសច្ចាប្រចាំឆ្នាំ នៅព្រះសហគមន៍សន្តយ៉ូសែប ស្អាង ទន្លេបាសាក់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ នៅក្នុងអត្ថបទគម្ពីរដំណឹងល្អក៏ដូចជានៅក្នុងអត្ថបទទី១និងអត្ថបទទី២ គឺពិតជាស៊ីជម្រៅសម្រាប់ក្រុមបេះដូងព្រះយេស៊ូដែលត្រៀមដើម្បីប្រកាសពាក្យសច្ចាសាជាថ្មី។ ពាក្យសច្ចា មានចិត្តស្មោះចំពោះព្រះជាម្ចាស់និងព្រះសហគមន៍ មានចិត្តអធិដ្ឋាន មានចិត្តបម្រើអ្នកក្រីក្រយ៉ាងពិសេស នេះជាអ្វីដែលបន្តិចទៀតបងប្អូននឹងប្រកាស។ នៅពេលយើងស្តាប់អត្ថបទទី១ យើងបានស្តាប់ថា “ប្រសិនបើកូនមានបំណងប្រតិបត្តិតាមវិន័យរបស់ព្រះអម្ចាស់ នោះកូនមុខជាប្រតិបត្តិតាមបាន កូនអាចស្មោះត្រង់នឹងព្រះអង្គបានតាមការសម្រេចចិត្តរបស់កូន ព្រះអង្គដាក់ទឹកនិងភ្លើងនៅមុខកូន កូនអាចលូកដៃជ្រើសរើសយកមួយណាក៏បាន តាមចិត្តកូនប្រាថ្នា”។ អំបាញ់មិញ នៅពេលយើងស្តាប់របាយការណ៍ពីមុនយើងមានសមាជិកក្រុមព្រះបេះដូងព្រះយេស៊ូចំនួន៤០០នាក់ ប៉ុន្តែសព្វថ្ងៃនៅសល់តែ២៤១នាក់ មានន័យថាយើងបានសម្រេចចិត្តតាមប្រាថ្នាចង់បាន។ ដូចព្រះជាម្ចាស់បានបំភ្លឺយើងនៅក្នុងអត្ថបទទី១ ជីវិតរបស់យើងមានសេរីភាព ដើម្បីជ្រើសរើសដើរតាមផ្លូវដែលយើងចង់បាន។ បងប្អូនជាទីស្រឡាញ់ ប៉ុន្មានថ្ងៃកន្លងមកយើងបានស្តាប់នៅក្នុងអត្ថបទទី១ក្នុងអភិបូជាប្រចាំថ្ងៃ អំពីកំណើតពិភពលោក។ កំពូលនៃកំណើតពិភពលោកគឺ ព្រះជាម្ចាស់បានបង្កើតបុរសនិងស្ត្រី នៅពេលនោះព្រះជាម្ចាស់បានដាក់ពួកគេនៅក្នុងសួនអេដេន។ នៅក្នុងសួនអេដេនមានដើមឈើ២ប្រភេទ មានដើមឈើមួយដែលណែនាំឱ្យយើងដឹងអំពីអ្វីដែលអាក្រក់និងអំពីអ្វីដែលល្អ និងមានដើមឈើមួយទៀតដែលណែនាំឱ្យយើងមានជីវិតអស់កល្បជានិច្ច។ ព្រះជាម្ចាស់បានហាមអាដាំនិងអេវ៉ា មិនឱ្យបរិភោគផ្លែដែលដឹងអំពីអ្វីដែលល្អនិងអ្វីដែលអាក្រក់។ ប៉ុន្តែ ដោយសារអេវ៉ាបានចាញ់ការល្បួង និងអាដាំបានធ្វើតាម ដូច្នេះទាំងពីរនាក់បានបរិភោគផ្លែឈើហ្នឹង។ តើបងប្អូនដឹងថា មូលហេតុអ្វីព្រះជាម្ចាស់បានហាមបរិភោគផ្លែឈើដឹងខុសដឹងត្រូវនេះឬទេ? គឺដោយសារព្រះជាម្ចាស់ស្គាល់ចិត្តមនុស្ស ព្រះជាម្ចាស់បានបង្កើតយើង ព្រះអង្គដឹងនិងស្គាល់យើងយ៉ាងច្បាស់។ ប្រសិនបើយើងមានសេរីភាពដើម្បីជ្រើសរើសផ្លូវល្អ និងផ្លូវមិនល្អ មានមនុស្សខ្លះគេដើរតាមផ្លូវល្អ មានមនុស្សខ្លះគេដើរតាមផ្លូវអាក្រក់ ណែនាំឱ្យចាប់ផ្តើមមានបញ្ហានៅក្នុងពិភពលោកទាំងមូល។ នេះជាអ្វីដែលបានកើតឡើង ពេលយើងមើលប្រវត្តិសាស្ត្រនៃមនុស្សយើង ពីសម័យដើមរហូតដល់សម័យបច្ចុប្បន្ននេះ នៅក្នុងសង្គមណាក៏ដោយ អ្នកកាន់សាសនាណាក៏ដោយ នៅតែមានមនុស្សខ្លះគេដើរតាមផ្លូវដ៏ល្អប្រសើរសម្រាប់ផ្ទាល់ខ្លួន និងសម្រាប់បងប្អូនឯទៀតៗ និងមានមនុស្សខ្លះដើរតាមផ្លូវអាក្រក់ តាមចិត្តប្រាថ្នាចង់បាន។ ថ្ងៃនេះ បងប្អូនបានសម្រេចចិត្តដើម្បីប្រកាសពាក្យសច្ចាធ្វើជាអ្នកដែលមានចិត្តស្មោះត្រង់ចំពោះព្រះបេះដូងរបស់ព្រះជាម្ចាស់។ ដែលចង់បម្រើបងប្អូនឯទៀតៗអស់ពីសមត្ថភាព ដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដល់អ្នកដទៃ។ ដែលយកចិត្តទុកដាក់អធិដ្ឋាន និងស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឱ្យព្រះជាម្ចាស់គង់នៅជាមួយយើង ឱ្យយើងមានកម្លាំង ដើម្បីបម្រើអ្នកដទៃ បម្រើក្រុមគ្រួសាររបស់យើង និងបម្រើព្រះសហគមន៍។ ថ្ងៃនេះ យើងបានសម្រេចចិត្តយកទឹកដ៏ត្រជាក់ដែលព្រះជាម្ចាស់ប្រទាន ទឹកដ៏មានជីវិតដើម្បីឱ្យយើងរស់នៅដោយសារដង្ហើមរបស់ព្រះជាម្ចាស់ ដោយសារសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ដោយសារកម្លាំងដែលមកពីព្រះជាម្ចាស់ផ្ទាល់។ ប្រសិនបើ យើងជ្រើសរើសភ្លើងអាចធ្វើឱ្យយើងឆេះបាន ភ្លើងនៃនរក ភ្លើងដែលណែនាំឱ្យយើងបាត់បង់អ្វីៗទាំងអស់ ដែលសំខាន់បំផុតនៅក្នុងជីវិតរបស់យើង គឺសេចក្តីស្រឡាញ់ សេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ និងសេចក្តីស្រឡាញ់ចំពោះបងប្អូនឯទៀតៗ។ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះជាពេលវេលាដើម្បីពិចារណា តើយើងត្រូវជ្រើសរើសអ្វីខ្លះ? មិនមែនតែក្រុមព្រះបេះដូងព្រះយេស៊ូទេ គឺសម្រាប់យើងទាំងអស់ដែលជាលោកអភិបាល ដែលជាលោកបូជាចារ្យ ដែលជាគ្រូគង្វាល ដែលជាបងប្រុសបងស្រី ដែលជាគ្រីស្តបរិស័ទនៅក្នុងភូមិភាគភ្នំពេញយើង។ តើយើងជ្រើសរើសប្រាជ្ញារបស់ព្រះជាម្ចាស់ ឬប្រាជ្ញារបស់មនុស្សលោក? នៅថ្ងៃនេះយើងបានស្តាប់អត្ថបទទី២យ៉ាងច្បាស់គឺ “ប្រាជ្ញាម្យ៉ាងដែរ តែមិនមែនជាប្រាជ្ញារបស់មនុស្សលោក គឺជាប្រាជ្ញារបស់អ្នកគ្រប់គ្រងមនុស្សលោកនោះទេ ពួកគេនឹងត្រូវបាត់អំណាចជាមិនខាន យើងនិយាយអំពីប្រាជ្ញារបស់ព្រះជាម្ចាស់ ដែលព្រះអង្គបង្គាប់ទុកតាមគម្រោងការដ៏លាក់កំបាំងរបស់ព្រះអង្គ គឺព្រះអង្គបានគ្រោងទុកប្រាជ្ញានេះតាំងពីមុនកំណើតពិភពលោកមកម្ល៉េះ ដើម្បីប្រទានសិរីរុងរឿងមកយើងដែរ”។ នេះជាអ្វីដែលយើងចង់បាន យើងចង់ដើរតាមប្រាជ្ញារបស់ព្រះជាម្ចាស់ផ្ទាល់ មិនមែនតាមប្រាជ្ញារបស់មនុស្សលោកទេ។ ប្រាជ្ញារបស់មនុស្សដែលមានអំណាចដែលចង់បង្ហាញថាគេចេះ គេដឹង គេអាចដឹកនាំប្រទេសបាន គេដឹកនាំពិភពលោកបាន យើងទាំងអស់ត្រូវការធ្វើតាម។ ប៉ុន្តែ យូរៗទៅប្រាជ្ញាតាមលោកីយត្រូវការសាបសូន្យ ទៅជាប្រាជ្ញាដែលបាត់បង់អ្វីៗទាំងអស់ជាមិនខាន។ បងប្អូនជាទីស្រឡាញ់ យើងមានសំណាងដោយសារព្រះជាម្ចាស់បានជ្រើសរើសយើងឱ្យទៅជាបុត្រាបុត្រីរបស់ព្រះអង្គ។ យើងមានសំណាង ដោយសារព្រះជាម្ចាស់បានណែនាំនៅក្នុងពិធីជ្រមុជទឹក ឱ្យយើងភ្ជាប់ជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ។ យើងមានសំណាង ដោយសារយើងបានទទួលអគ្គសញ្ញាលាបថ្ងាស ដែលជាព្រះវិញ្ញាណដ៏វិសុទ្ធដ៏ពេញលក្ខណៈរបស់ព្រះជាម្ចាស់ ដើម្បីដឹងអ្វីដែលល្អ អ្វីដែលមិនល្អ ដើម្បីទទួលខុសត្រូវ ដើម្បីមានប្រាជ្ញាឈ្លាងវៃ ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់កាលៈទេសៈនៃជីវិតរបស់យើង។ នេះជាលក្ខណៈរបស់យើងជាគ្រីស្តបរិស័ទ យើងជាគ្រីស្តបរិស័ទដែលភ្ជាប់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ។ អាទិត្យមុន ពេលខ្ញុំបានធ្វើអគ្គសញ្ញាលាបថ្ងាសឱ្យ២៤នាក់នៅអរិយក្សត្រ ខ្ញុំបានរំលឹក “ខ្ញុំដៅដោយព្រះវិញ្ញាណដ៏វិសុទ្ធដែលជាព្រះអំណោយទានរបស់ព្រះជាម្ចាស់”។ សម្រាប់យើងជាគ្រីស្តបរិស័ទ យើងបានទទួលអំណោយទាននេះ ជាអំណោយទានដែលចូលយ៉ាងជ្រៅនៅក្នុងជីវិតរបស់យើង ដើម្បីដឹកនាំចិត្តគំនិតនិងបំណងប្រាថ្នារបស់យើងយ៉ាងត្រឹមត្រូវ។ កុំឱ្យយើងវង្វេងភ្នែកជាមួយលោកីយ វង្វេងជាមួយមនុស្សដែលថាខ្លួនមានអំណាច គេដឹងអ្វីដែលល្អសម្រាប់យើង វង្វេងជាមនុស្សដែលចង់គ្រប់គ្រងយើងនៅគ្រប់កាលៈទេសៈនៃជីវិតរបស់យើង។ បងប្អូនជាទីស្រឡាញ់ យើងជាកូនរបស់ព្រះជាម្ចាស់ ដោយនាមជាកូនរបស់ព្រះជាម្ចាស់យើងមានសិទ្ធិសេរីភាព
ព្រះអំណោយទាននៃព្រះយេស៊ូប្រសូត ផ្លាស់ប្ដូរពិភពលោក
អភិបូជារាត្រីអបអរសាទរព្រះយេស៊ូប្រសូត
នៅព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពន់
ភ្នំពេញខាងត្បូង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២
ស្រឡាញ់ដើម្បីឆ្លងគ្រប់ទុក្ខលំបាក
អភិបូជាទិវាគ្រួសារសម្រាប់មណ្ឌលសកម្មភាពតាកែវ នៅព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង តាកែវ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ អត្ថបទទី១៖ សាម៉ូអែល ទី២ ៥,១-៣ទូលបង្គំទាំងអស់គ្នាក៏ជាសាច់សាលោហិតរបស់ព្រះករុណា។ ២សម ៥,១អត្ថបទទី១៖ កូឡូស ១,១២-២០ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ។ កូឡ ១,១៨ដំណឹងល្អ៖ លូកា ២៣,៣៥-៤៣ឯងមិនកោតខ្លាចព្រះជាម្ចាស់ទេឬ? លក ២៣,៤០ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ជាថ្ងៃពិសេសបំផុតសម្រាប់ព្រះសហគមន៍នៅក្នុងពិភពលោក ដែលយើងគោរពព្រះយេស៊ូជាព្រះមហាក្សត្រនៃផែនដី។ ថ្ងៃនេះ ជាថ្ងៃពិសេសបំផុតដែរសម្រាប់យើងដែលជាគ្រីស្តបរិស័ទ នៅក្នុងមណ្ឌលសកម្មភាពតាកែវ។ យើងប្រមូលបងប្អូនទាំងអស់ ជាគ្រួសារ ជាគ្រីស្តបរិស័ទ ដើម្បីលើកតម្កើងទាំងព្រះយេស៊ូ ទាំងគ្រួសារដ៏វិសុទ្ធ ដើម្បីទទួលកម្លាំងថ្មីសម្រាប់ជីវិតរបស់យើង ដែលជាគ្រីស្តបរិស័ទកំពុងធ្វើដំណើរនៅលើផែនដីនេះ។ អំបាញ់មិញ នៅពេលខ្ញុំដើរខ្ញុំឃើញគ្រួសាររបស់យើងមានគ្រប់លក្ខខណ្ឌ មានប្ដីប្រពន្ធមានកូន មានគ្រួសារខ្លះមេម៉ាយ។ បងប្អូនជាទីស្រឡាញ់ អ្វីដែលសំខាន់ថ្ងៃនេះគឺឲ្យយើងយល់ថា យើងជាគ្រួសារនៅក្នុងជីវិតរបស់យើងផ្ទាល់។ មានន័យថា យើងមានប្ដី យើងមានប្រពន្ធ យើងមានកូន មានខ្លះពិតមែនយើងជាមេម៉ាយ មានខ្លះយើងបែកគ្នា មានខ្លះមានទុក្ខលំបាក មានខ្លះមានអំណរសប្បាយ មានខ្លះកំពុងគិតអំពីអនាគត ជាពិសេសសម្រាប់មេៗកាយរិទ្ធិ កំពុងគិតអំពីអនាគត តើយើងបង្កើតគ្រួសារយ៉ាងដូចម្ដេច? អ្វីដែលយើងត្រូវការនឹកឃើញ ថ្ងៃនេះយើងមានគ្រួសាររបស់យើងផ្ទាល់ ប៉ុន្តែយើងទាំងអស់គ្នាជាគ្រួសារមួយដែរ។ នេះជាការអស្ចារ្យ នៅពេលដែលយើងជួបជុំគ្នាជាគ្រីស្តបរិស័ទ នៅក្នុងមណ្ឌលសកម្មភាពតាកែវដែលយើងមានប្រាំបីកន្លែង យើងដឹងថាមិនមែនតែគ្រួសារបង្កើតរបស់យើងទេដែលយើងនឹកឃើញ។ ថ្ងៃនេះ យើងនឹកឃើញដល់ព្រះសហគមន៍យើង ដែលជាមហាគ្រួសារមួយ ដែលជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់។ ថ្ងៃនេះដែលយើងបានរៀបចំផ្កាយ៉ាងស្អាតបំផុត យើងបានជូនបងប្អូនទាំងអស់ ដើម្បីឲ្យផ្កានេះណែនាំឲ្យយើងមើលឃើញសេចក្ដីស្រឡាញ់ដែលព្រះជាម្ចាស់មានសម្រាប់យើង។ មើលឃើញជីវិតដែលយើងបានទទួលជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ជាពិសេសថ្ងៃនេះយើងមានកូនក្មេងប្រាំនាក់ ដែលនឹងទទួលអគ្គសញ្ញាជ្រមុជទឹក។ ថ្ងៃនេះ យើងមើលឃើញជីវិតដ៏អស្ចារ្យដែលព្រះជាម្ចាស់បានរៀបចំ ស្អាតដូចផ្កាដែលយើងមាននៅពេលហ្នឹង។ ថ្ងៃនេះ យើងមើលព្រះយេស៊ូ យើងមើលព្រះមាតា យើងមើលសន្តយ៉ូសែប ដែលជាគ្រួសារដ៏វិសុទ្ធ។ គ្រួសារដ៏វិសុទ្ធ ដែលកំពុងសម្លឹងមើលយើង ប្រសិនបើយើងងើបមុខរបស់យើង នៅពេលយើងមើលគ្រួសារដ៏វិសុទ្ធនេះ ដែលមានដើមត្នោតអមសងខាង យើងមើលឃើញជីវិតដ៏ពិសេសដែលព្រះជាម្ចាស់បានរៀបចំសម្រាប់យើង។ ទោះបីជិវិតគ្រួសាររបស់យើង ជួបទុក្ខលំបាក ជួបបញ្ហាខ្លះៗ ប៉ុន្តែយើងដឹងថាយើងមានគ្រួសារដ៏វិសុទ្ធការពារថែរក្សាយើងជានិច្ច យើងមានព្រះនាងម៉ារី សន្តយ៉ូសែប ព្រះយេស៊ូដែលគង់នៅជាមួយយើងជានិច្ច។ យើងដឹងថា នៅក្នុងគ្រប់កាលៈទេសៈនៃជីវិតរបស់យើង យើងអាចធ្វើដំណើរទៅមុខដោយសារយើងមានមហាគ្រួសារមួយដ៏ពិសេស ដែលចេះស្រឡាញ់ ដែលចេះស្វាគមន៍ ដែលចេះអញ្ជើញ ដែលចេះស្ដាប់គ្នាទៅវិញទៅមក ដែលចេះអធិដ្ឋាន ដែលចេះសម្រុះសម្រួលបញ្ហាដែលយើងជួបនៅក្នុងជីវិតប្រចាំ។ ដូច្នេះ ថ្ងៃនេះខ្ញុំចង់អញ្ជើញឲ្យបងប្អូនសម្លឹងមើល ជាពិសេសព្រះនាងម៉ារី។ ព្រះនាងម៉ារី ដែលជាម្ដាយរបស់ព្រះយេស៊ូ ព្រះនាងម៉ារីដែលជាម្ដាយរបស់យើង ដែលជាម្ដាយរបស់ព្រះសហគមន៍របស់យើង។ ដូច្នេះ ពេលយើងមើលឃើញព្រះនាងម៉ារី យើងត្រូវតែមើលឃើញរបៀបដែលយើងចង់បង្កើតគ្រួសាររបស់យើង គ្រួសារបង្កើតនិងគ្រួសារនៅក្នុងព្រះសហគមន៍។ គ្រួសារបង្កើតនិងគ្រួសារនៅក្នុងព្រះសហគមន៍ ដែលមើលព្រះនាងម៉ារី៖ ទីមួយ ព្រះនាងម៉ារីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលទេវទូតកាព្រីអែល បានប្រាប់ដំណឹងដល់ព្រះនាងម៉ារីធ្វើជាមាតារបស់ព្រះជាម្ចាស់ ព្រះនាងម៉ារីបានស្ដាប់ព្រះបន្ទូលនេះ។ ព្រះនាងម៉ារី បានយកចិត្តទុកដាក់ធ្វើតាមព្រះបន្ទូលនេះ ព្រះនាងម៉ារីស្ដាប់ព្រះកុមារយេស៊ូ ព្រះនាងម៉ារីស្ដាប់ប្ដីផ្ទាល់ខ្លួន។ ខ្ញុំគិតថា ដើម្បីឲ្យគ្រួសាររបស់យើងរកឃើញសេចក្ដីសុខ យើងជាប្ដីប្រពន្ធ យើងជាឪពុកម្ដាយ យើងជាកូន យើងត្រូវតែចេះស្ដាប់គ្នាទៅវិញទៅមក។ ប្រហែលមានគ្រួសារខ្លះអត់ដែលយកពេលដើម្បីនិយាយគ្នា ដើម្បីចែកយោបល់គ្នា។ ដូច្នេះ ខ្ញុំសង្ឃឹមយូរៗម្ដងយើងត្រូវការអង្គុយដើម្បីនិយាយគ្នា អំពីជីវិត អំពីកូន អំពីអនាគត អំពីបញ្ហាដែលយើងមាន។ នៅពេលកូនរបស់យើងមកពីសាលាវិញ ត្រូវការស្ដាប់កូនដែរ ដូចនៅពេលសម័យកូវីដឪពុកម្ដាយនៅសាលាមត្តេយ្យ សាលាបឋមសិក្សារបស់យើង ឪពុកម្ដាយមួយអាទិត្យម្ដងបានទៅដល់សាលា ដើម្បីទទួលមេរៀន។ ក្រោយមក ពេលទៅដល់ផ្ទះវិញឪពុកម្ដាយបានរកពេលបង្រៀនកូន ជួបជាមួយកូន ដើម្បីយកចិត្តទុកដាក់ជាមួយកូន។ ពេលផុតកូវីដហើយ ប្រហែលយើងលែងនឹកឃើញ ដោយសារយើងរវល់
អភិបូជាថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ និងទិវាគ្រួសា
ធ្វើនៅមជ្ឈមណ្ឌលព្រះសហគមន៍ភ្នំពេញថ្មី ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ “ការប្រកាសដំណឹងល្អនិងគ្រួសារ” បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ នៅក្នុងគម្ពីរដំណឹងល្អយើងមានតួអង្គពីរ មានបុរសពីរនាក់ដែលព្រះយេស៊ូលើកមកធ្វើជាឧទាហរណ៍ ដើម្បីឱ្យយើងគិតពិចារណាអំពីជីវិតរបស់យើងជាគ្រីស្តបរិស័ទ ជាពិសេសថ្ងៃនេះអំពីជីវិតរបស់យើងជាគ្រួសារ។ អំពីជីវិតរបស់យើងជាគ្រីស្តបរិស័ទនិងគ្រួសារ ដែលប្រកាសដំណឹងល្អដល់ដាច់ស្រយាលនៃផែនដី។ មានឥរិយាបថពីរ ចរិតពីរ បុរសម្នាក់ពេលគាត់នៅមុខព្រះជាម្ចាស់ បានចាប់ផ្តើមធ្វើរបាយការណ៍អំពីស្នាដៃរបស់គាត់។ អួតខ្លួន ខ្ញុំជាមនុស្សល្អឥតខ្ចោះ ខ្ញុំអធិដ្ឋានផង ខ្ញុំតមអាហារផង ជួយអ្នកក្រីក្រផង ខ្ញុំជាមនុស្សពិសេស នៅក្នុងខ្លួនខ្ញុំឥតមានអ្វីខុសដូចអ្នកដទៃឡើយ។ ម្នាក់ទៀតជាអ្នកទារពន្ធ ដែលបានអធិដ្ឋានជាមួយព្រះជាម្ចាស់ដែរ នៅពេលនោះគាត់ចេះតែទូលអង្វរព្រះជាម្ចាស់ “ឱព្រះជាម្ចាស់អើយ សូមអាណិតមេត្តាទូលបង្គំជាមនុស្សបាបផង”។ គាត់មិនបាននិយាយអ្វីវែងឆ្ងាយ គឺគាត់អធិដ្ឋានតែប៉ុណ្ណឹង។ ក្រោយមកព្រះយេស៊ូ បានសំលឹងមើលមហាជន ដើម្បីប្រាប់ថា “ប្រយ័ត្ន ប្រសិនបើយើងលើកតម្កើងខ្លួនឯង យើងត្រូវតែបន្ទាបចុះ ផ្ទុយទៅវិញអ្នកដែលបានបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ”។ ប៉ុន្តែ មិនមែនបន្ទាបខ្លួនដោយលេងល្ខោន បន្ទាបខ្លួនដោយដាក់ខ្លួនដ៏ពិតប្រាកដ។ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះគម្ពីរនេះណែនាំឱ្យយើងចូលនៅក្នុងមូលដ្ឋានដើម្បីបង្កើតទំនាក់ទំនងជាមួយព្រះជាម្ចាស់ដ៏ពិតប្រាកដ។ បង្កើតទំនាក់ទំនងជាមួយព្រះជាម្ចាស់បាន លុះត្រាតែយើងដាក់ខ្លួន យើងទទួលស្គាល់អំពើឋានៈរបស់យើងជាមនុស្សទន់ទាប។ ប៉ុន្តែ ជាមនុស្សទន់ទាបប្រៀបធៀបនឹងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែលមានចំពោះមនុស្សលោក។ ថ្ងៃនេះ យើងបានមើលឃើញយ៉ាងជាក់ស្តែង គ្រួសារដ៏វិសុទ្ធដែលណែនាំឱ្យយើងមើលឃើញសេចក្តីស្រឡាញ់ដ៏ធំធេងរបស់ព្រះជាម្ចាស់។ ធំធេងចំពោះសន្តយ៉ូសែបនិងព្រះនាងម៉ារី ព្រះអង្គបានជ្រើសរើសទាំងពីរនាក់ ដើម្បីធ្វើជាមាតាបិតារបស់ព្រះបុត្រាតែម្តង។ ដូច្នេះ បងប្អូនជាទីស្រឡាញ់នៅពេលយើងមើលគ្រួសារដ៏វិសុទ្ធ នេះជាគោលដៅយើងគ្រប់ៗរូប។ នៅពេលយើងមើលឃើញ ព្រះយេស៊ូចាប់កំណើតជាមនុស្ស នៅក្នុងគ្រួសារមួយសាមញ្ញធម្មតា យើងមើលឃើញសេចក្តីស្រឡាញ់ដ៏ធំធេងរបស់ព្រះជាម្ចាស់។ ធ្វើឱ្យយើងយល់ថា ពិតមែននៅមុខសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់យើងត្រូវតែដាក់ខ្លួន។ យើងធ្វើដូចម្តេចដើម្បីអួតខ្លួនយើងជាមនុស្សដ៏ពេញលក្ខណៈ យើងជាមនុស្សដែលពោរពេញដោយសេចក្ដីស្រឡាញ់ មានចិត្តមេត្តាករុណា យើងចេះតែអធិដ្ឋាន ចេះតែតមអាហារនៅមុខព្រះជាម្ចាស់ផ្ទាល់។ ព្រះជាម្ចាស់ដែលជាសេចក្ដីស្រឡាញ់ដ៏ពេញលក្ខណៈ និងចេះតែបង្ហាញសេចក្តីស្រឡាញ់នៅពេលព្រះអង្គបានចាត់ព្រះបុត្រាឱ្យយាងមក ដើម្បីសង្រ្គោះយើង។ ដូច្នេះ ទំនាក់ទំនងជាមួយព្រះជាម្ចាស់ដើម្បីឱ្យយើងរីកចម្រើន នៅក្នុងជីវិតរបស់យើងជាគ្រីស្តបរិស័ទ គឺយើងដាក់ខ្លួន។ ដោយទទួលស្គាល់ “បពិត្រព្រះអម្ចាស់ ពិតមែនសូមអាណិតមេត្តាដល់ទូលបង្គំ ខ្ញុំជាមនុស្សតូចតាចម្នាក់មិនសូវចេះស្រឡាញ់ មិនសូវចេះយកចិត្តទុកដាក់នឹងអ្នកដទៃ ប៉ុន្តែសូមព្រះអង្គប្រទានសេចក្ដីស្រឡាញ់ឱ្យយើងខ្ញុំដ៏ពេញលក្ខណៈ សូមប្រទានសេចក្ដីសង្ឃឹមឱ្យទូលបង្គំ សូមប្រទានជំនឿយ៉ាងរឹងមាំឱ្យទូលបង្គំ”។ បងប្អូនជាទីស្រឡាញ់ ដាក់ខ្លួន ទទួលស្គាល់អំពីព្រំដែនរបស់យើង ទទួលស្គាល់អំពីចំណុចខ្សោយរបស់យើង ណែនាំឱ្យយើងបង្កើតទំនាក់ទំនងមិនមែនតែជាមួយព្រះជាម្ចាស់យ៉ាងត្រឹមត្រូវ។ ប៉ុន្តែ ណែនាំឱ្យយើងបង្កើតទំនាក់ទំនងនៅក្នុងគ្រួសាររបស់យើង ជាប្តីប្រពន្ធជាមួយកូន ជាមួយបងប្អូនឯទៀតៗ។ ប្រសិនបើ នៅពេលយើងជួបបងប្អូនឯទៀតៗយើងចេះតែអួតខ្លួន យូរៗគេលែងចង់ស្តាប់យើង។ ប្រសិនបើ ប្តីចេះតែថាខ្ញុំជាមនុស្សល្អ ហើយថាឱ្យប្រពន្ធមិនចេះអ្វីសោះ ធ្វើម្ហូបមិនកើត មិនចេះមើលកូន ចាយលុយមិនត្រឹមត្រូវ… យើងមិនអាចទៅមុនជាមួយគ្នាបានទេ។ ប្រសិនបើ ប្រពន្ធចេះតែជេរប្តី មើលងាយប្តី ថាឱ្យប្តី… លទ្ធផលយើងធ្វើដូចម្តេចដើម្បីឱ្យយើងមានសេចក្តីសុខជាគ្រួសារ។ ផ្ទុយទៅវិញ យើងដាក់ខ្លួនទាំងអស់គ្នា ដូចកន្លងមកខ្ញុំធ្លាប់ប្រាប់ម្តងហើយថា “នៅពេលខ្ញុំបានទេសនាអំពីសេចក្តីស្រឡាញ់ ប្តីប្រពន្ធចេះគោរពគ្នា ចេះលើកលែងទោសឱ្យគ្នា ចេះស្តាប់គ្នាទៅវិញទៅមក… ក្រោយមកមានអ៊ីម្នាក់ដែលបានស្តាប់ខ្ញុំទេសនា គាត់ថាពេលស្តាប់លោកឪពុកនិយាយណែនាំឱ្យខ្ញុំភ្ញាក់មែនទែន ពេលខ្ញុំទៅផ្ទះវិញខ្ញុំបានហៅប៉ាវាហើយប្រាប់គាត់ថា ប៉ាវាខ្ញុំសុំទោស២០ឆ្នាំដែលរៀបការ ខ្ញុំចេះតែជេរឯងរហូតមិនដែលនិយាយល្អសោះ ថ្ងៃនេះខ្ញុំចង់និយាយទៅឯងថា ខ្ញុំស្រឡាញ់ប៉ាវាណាស់”។ នៅពេលយើងឃើញព្រះនាងម៉ារី និងសន្តយ៉ូសែប ដែលកំពុងសំលឹងមើលព្រះយេស៊ូ នៅពេលនោះយើងឃើញឥរិយាបថនេះ ដាក់ខ្លួន ដោយទទួលព្រះសង្រ្គោះ ដាក់ខ្លួនដើម្បីបង្កើតទំនាក់ទំនងរួមជាមួយគ្នានៅក្នុងសេចក្តីស្រឡាញ់។ ដូច្នេះ ថ្ងៃនេះជាថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អនៅក្នុងពិភពលោកទាំងមូល សម្រាប់យើងជាពេលវេលាដើម្បីគិតអំពីក្រុមគ្រួសារ នៅក្នុងភូមិភាគភ្នំពេញ។ នៅក្នុងនេះ យើងមាន៣ចំណុចដ៏សំខាន់គឺ៖ ចំណុចទី១ ប្រកាសដំណឹងល្អ ជាពិសេសនៅក្នុងប្រទេសរបស់យើង និងនៅក្នុងទ្វីបអាស៊ីដែរ។ សព្វថ្ងៃ យើងមានលោកអភិបាល គីគេ កំពុងចូលរួមប្រជុំរយៈពេល២សប្តាហ៍នៅទីក្រុងបាំងកក រួមជាមួយលោកអភិបាល ២៧៥អង្គ នៅក្នុងទី្វបអាស៊ី ដើម្បីគិត តើយើងជាប្រទេសនៅក្នុងទ្វីបអាស៊ី យើងធ្វើដូចម្តេចដើម្បីប្រកាសដំណឹងល្អតាមរយៈ
អភិបូជាបិទសិក្ខាសាលាអ្នកបម្រើអាសនៈ ធ្វើនៅព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពន់
ភ្នំពេញខាងត្បូង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ “លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់” អត្ថបទទី១៖ បេនស៊ីរ៉ាក ៣,១៧-១៨.២០.២៨-២៩ទឹកពន្លត់ភើ្លងដែលឆេះសន្ធោសន្ធៅយ៉ាងណា ការដាក់ទានក៏លុបលាងបាបយ៉ាងនោះដែរ។ បសរ ៣,២៨អត្ថបទទី២៖ ហេប្រឺ ១២,១៨-១៩.២២-២៤កបងប្អូនចូលមកជិតព្រះយេស៊ូ ដែលជាស្ពាននៃសម្ពន្ធមេត្រីថ្មី។ ហប ១២,២៤ដំណឹងល្អ៖ លូកា ១៤,១.៧-១៤អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ លក ១៤, បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះជាពេលវេលាមួយ ដើម្បីចូលនៅក្នុងរបៀបដែលយើងជាគ្រីស្តបរិស័ទ យកចិត្តទុកដាក់ជាមួយពិធីអភិបូជា ដែលជាពិធីសក្ការៈបំផុតសម្រាប់យើង។ នៅពេលយើងមើលឃើញកូនបម្រើអាសនៈ ពេលយើងស្ដាប់អត្ថបទទី១ “ចូរមានចិត្តស្លូតបូតនៅក្នុងគ្រប់កិច្ចការដែលកូនធ្វើ មនុស្សម្នានិងស្រឡាញ់កូនជាងអ្នកមានចិត្តទូលាយទៅទៀត”។ ខ្ញុំគិតថា ព្រះបន្ទូលនេះដែលចេញពីបេនស៊ីរ៉ាក់ គឺជាព្រះបន្ទូលដែលត្រូវតែចូលនៅក្នុងចិត្តគំនិតរបស់អ្នកបម្រើអាសនៈ “ចូរមានចិត្តស្លូតបូតនៅក្នុងគ្រប់កិច្ចការ”។ ជាពិសេស នៅក្នុងកិច្ចការមួយដែលយើងបានទទួលតួនាទី គឺបម្រើដើម្បីឲ្យអភិបូជា ដើម្បីឲ្យពិធីដ៏សក្ការៈបំផុត ទៅជាពិធីមួយយ៉ាងឱឡារិក ណែនាំឲ្យបងប្អូនដែលជាគ្រីស្តបរិស័ទ អាចចូលយ៉ាងជិតស្និតថែមទៀតជាមួយព្រះជាម្ចាស់។ តាមពិត លោកឪពុកថ្វាយអភិបូជាម្នាក់ឯងក៏បានដែរ ប៉ុន្តែនៅពេលយើងមានបងប្អូនដែលជាអ្នកបម្រើអាសនៈ ចូលនៅក្នុងពិធីយើង ដូចយើងឃើញអំបាញ់មិញ។ នៅពេលឈរ នៅពេលយើងរៀបចំកំញាណ នៅពេលយើងកាន់ទៀន នៅពេលយើងស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បន្តិចទៀតនៅពេលបម្រើអាសនៈដើម្បីរៀបចំតុសក្ការៈ។ នៅពេលហ្នឹង ហាក់បីដូចជាវត្តមានរបស់កូនបម្រើអាសនៈ ណែនាំឲ្យពិធីរបស់យើងឱឡារិកទៅៗ ណែនាំឲ្យយើងដែលជាគ្រីស្តបរិស័ទដូចជារំភើបនៅក្នុងការចូលក្នុងពិធីដ៏សក្ការៈ។ ណែនាំឲ្យយើងទីមួយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងទីពីរណែនាំឲ្យយើងជួបជាមួយព្រះជាម្ចាស់ផ្ទាល់។ នៅកម្ពុជាយើងអត់ទាន់មានវិសាលវិហា ឬអាសនៈវិហារទេ នៅពេលខ្ញុំអាយុ៨ឆ្នាំម្តាយខ្ញុំបានណែនាំឲ្យខ្ញុំចូលនៅក្នុងពិធីតែងតាំងបូជាចារ្យ នៅក្នុងអាសនៈវិហារដ៏ធំនៅក្នុងភូមិភាគកំណើតរបស់ខ្ញុំ។ នៅពេលនោះ មានបូជាចារ្យជាង៤០០អង្គ នៅពេលហែចូលមានប្រវែងជិត១០០ម៉ែត្រ អ្វីដែលខ្ញុំចាំគឺពិធីយ៉ាងឱឡារិកបំផុត វាចូលនៅក្នុងខ្លួនធ្វើឲ្យយើងរំភើបរហូតដល់សព្វថ្ងៃ។ ខ្ញុំជឿថា ប្អូនៗដែលមានតួនាទីនេះទោះបីយើងនៅក្មេងក៏ដោយ ប្រហែលអត់ទាន់យល់អស់ ប៉ុន្តែថ្ងៃណាមួយក៏យល់ដែរ។ ដូចយើងបានស្ដាប់សក្ខីភាពរបស់បងប្រុស វី សំណាង អំបាញ់មិញ យើងនឹកឃើញអ្វីដែលកើតឡើងនៅពេលយើងអាយុប្រាំពីរប្រាំបីឆ្នាំ។ ពេលយើងចូលអភិបូជាដំបូង ពេលយើងចាប់ផ្ដើមមើលលោកបូជាចារ្យ ដែលយកចិត្តទុកដាក់ថ្វាយអភិបូជាយ៉ាងស្អាត ពេលយើងចូលនៅក្នុងពិធីយ៉ាងឱឡារិកបំផុត។ វាប៉ះនឹងដួងចិត្តរបស់យើងរហូតដល់យើងយល់ថា ពេលក្រោយថ្ងៃនេះខ្ញុំបានជួបជាមួយព្រះជាម្ចាស់ផ្ទាល់។ ខ្ញុំសង្ឃឹមថា ប្អូនៗនឹងមានបទពិសោធន៍នេះថ្ងៃណាមួយ នៅពេលចូលអភិបូជាដោយបម្រើយ៉ាងជិតៗអាសនៈ កំពុងមើលព្រះកាយព្រះគ្រីស្តគិតថា ថ្ងៃនេះខ្ញុំបានជួបជាមួយព្រះយេស៊ូផ្ទាល់មែនទែន។ នេះជាបទពិសោធន៍ដែលបានភ្ជាប់អស់មួយជីវិតនៅក្នុងអំណរសប្បាយ ដោយដឹងថាយើងបានមានចិត្តស្លូតបូត យើងបានយកចិត្តទុកដាក់បម្រើព្រះជាម្ចាស់នៅក្នុងអភិបូជា ដោយសេចក្ដីស្រឡាញ់ នេះជាអ្វីដែលយើងត្រូវតែទទួល។ សម្រាប់យើងនៅពេលយើងចូលនៅក្នុងអភិបូជាក៏ដូចគ្នាដែរ យើងមិនចូលនៅក្នុងពិធីមួយធម្មតាទេ យើងមិនចូលនៅក្នុងពេលវេលាមួយដែលណែនាំឲ្យយើងនឹកឃើញនេះនឹកឃើញនោះ យើងចូលនៅក្នុងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត។ ហេតុនេះហើយ យើងដឹងថានៅពេលនោះ យើងស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលនោះយើងទទួលព្រះកាយព្រះគ្រីស្ត ដើម្បីភ្ជាប់ជិតស្និតថែមជាមួយព្រះជាម្ចាស់ ដើម្បីយល់ថាពិតមែនព្រះអង្គគង់នៅជាមួយខ្ញុំ។ ថ្ងៃនេះ យើងគោរពសន្តអូគូស្តាំង គាត់បានដើរតាមផ្លូវផ្សេងៗ រកមិនឃើញព្រះជាម្ចាស់ និងម្ដាយគាត់ឈ្មោះ មូនីកា គាត់យំនិងអធិដ្ឋានឲ្យកូនគាត់កែប្រែចិត្តគំនិត រកឃើញព្រះជាម្ចាស់នៅក្នុងជីវិតគាត់។ ដោយសារ ការអធិដ្ឋានរបស់ម្ដាយគាត់ គាត់បានរកឃើញព្រះជាម្ចាស់ពិតមែន ប៉ុន្តែមិនមែនរកឃើញព្រះជាម្ចាស់នៅខាងក្រៅ មិនមែនរកឃើញព្រះជាម្ចាស់នៅក្នុងពិធីអភិបូជាទេ គាត់បានរកឃើញព្រះជាម្ចាស់នៅក្នុងចិត្តរបស់គាត់។ គាត់ភ្ញាក់ពីដេក និងគាត់យល់ថាខ្ញុំស្វែងយល់ព្រះជាម្ចាស់យូរឆ្នាំហើយ ប៉ុន្តែឥលូវនេះខ្ញុំយល់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ខ្ញុំពីដើមរៀងមក។ បងប្អូនជាទីស្រឡាញ់ ខ្ញុំគិតថានៅពេលបងប្អូនចូលនៅក្នុងពិធីអភិបូជាម្តងៗ ជាពេលវេលាដើម្បីមានបទពិសោធន៍នេះម្ដងទៀត គឺព្រះជាម្ចាស់តាមរយៈព្រះបន្ទូល តាមរយៈព្រះកាយព្រះគ្រីស្ត យកចិត្តទុកដាក់នឹងយើង ដើម្បីយកយើងជាទីលំនៅ ជាព្រះដំណាក់របស់ព្រះអង្គ។ ដោយដឹងថាក្នុងដួងចិត្តរបស់យើង យើងមានព្រះជាម្ចាស់ដែលគង់នៅ។ ថ្ងៃនេះ យើងស្ដាប់នៅក្នុងគម្ពីរដំណឹងល្អ អំពីរបៀបដែលយើងត្រូវការអញ្ជើញភ្ញៀវ មិនមែនអញ្ជើញតែមិត្តសម្លាញ់ ឬអ្នកដែលយើងមាននិស្ស័យ។ ប៉ុន្តែ អញ្ជើញភ្ញៀវណាក៏បាន ជាពិសេសអ្នកក្រីក្រ អ្នកតូចតាច ជនមានពិការភាព អ្នកដែលគ្មានទីពឹង។ ដោយដឹងថា គេអត់មានអ្វីសងគុណដល់យើងបានទេ យើងត្រូវតែអញ្ជើញគេទទេ។ ប៉ុន្តែ ពេលយើងចូលនៅក្នុងពិធីអភិបូជា នៅពេលនោះយើងជាព្រះសហគមន៍ ជាសហគមន៍របស់គ្រីស្តបរិស័ទដែលព្រះជាម្ចាស់ត្រាស់ហៅ។ មានន័យថា នៅពេលយើងចូលពិធីអភិបូជាគឺយើងទទួលលិខិតអញ្ជើញយ៉ាងពិសេសបំផុត គឺព្រះជាម្ចាស់ផ្ទាល់ដែលអញ្ជើញយើងជាភ្ញៀវកិត្តិយស។ បងប្អូនជាទីស្រឡាញ់
អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍សន្តសិលា ពោធិ៍ធំ
ភ្នំពេញខាងជើង ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ អត្ថបទទី១៖ ព្រះប្រាជ្ញាញាណ ៩,១៣-១៨តើនរណាអាចស្គាល់ព្រះហឫទ័យរបស់ព្រះអង្គបាន? ប្រាញ ៩,១៣អត្ថបទទី២៖ ភីលេម៉ូន ៩-១០,១២-១៧សូមទទួលគាត់ឲ្យបានដូចទទួលខ្ញុំផ្ទាល់ដែរ។ ភល ១៧ដំណឹងល្អ៖ លូកា ១៤,២៥-៣៣អ្នកណាមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំទេ អ្នកនោះក៏ពុំអាចធ្វើជាសាវ័ករបស់ខ្ញុំបានដែរ។ លក ១៤,២៧ “ទៅជាសាវ័ករបស់ព្រះយេស៊ូ” បងប្អូនជាទីស្រឡាញ់ យប់មិញខ្ញុំមើលនៅក្នុងយូធូប អំពីពិធីអធិដ្ឋានដ៏ធំមួយនៅឆ្នាំ១៩៩៧ ជាមួយសម្ដេចប៉ាប យ៉ូហានប៉ូលទី២នៅទីក្រុងប៉ារីស គឺទិវាយុវជនពិភពលោក។ នៅពេលនោះ មានមួយលាននាក់ដែលមកពីជុំវិញពិភពលោកជួបជុំគ្នា សម្ដេចប៉ាបបានធ្វើពិធីជ្រមុជទឹក និងអគ្គសញ្ញាលាបថ្ងាសដល់បេក្ខជន២០នាក់ នៅក្នុងនោះមានខ្មែរម្នាក់។ ពេលឃើញគេទទួលពិធីជ្រមុជទឹកពីសម្ដេចប៉ាប ដូចជាទឹកភ្នែកហូរ តែមិនមែនហូរដោយសារពិបាកចិត្ត គឺហូរដោយសាររំភើប។ ពេលទទួលអគ្គសញ្ញាលាបថ្ងាសពីសម្ដេចប៉ាប បេក្ខជនញញឹមយ៉ាងស្អាតដូចជាទទួលព្រះវិញ្ញាណដ៏វិសុទ្ធយ៉ាងពេញលក្ខណៈ។ សម្ដេចប៉ាប យ៉ូហានប៉ូលទី២ បានក្លាយទៅជាសន្តពីប៉ុន្មានឆ្នាំហើយ ថ្ងៃនេះនៅទីក្រុងរ៉ូមសម្ដេចប៉ាប ហ្វ្រង់ស៊ីស្កូ បានតែងតាំងសម្ដេចប៉ាប យ៉ូហានប៉ូលទី១ ទៅជាអ្នកដែលពោរពេញដោយសុភមង្គល ជាជំហានទីមួយមុនក្លាយទៅជាសន្ត។ យ៉ូហានប៉ូលទី១ យើងអត់សូវស្គាល់ទេ យ៉ូហានប៉ូលទី១ធ្វើជាសម្ដេចប៉ាបបានតែ៣៣ថ្ងៃ ហើយព្រះអង្គសោយទិវង្គត។ ពេលយើងនឹកឃើញសម្ដេចប៉ាប យ៉ូហានប៉ូលទី១ យើងនឹកឃើញតែរឿងមួយពីព្រះអង្គ គឺព្រះអង្គពូកែញញឹម។ ពិភពលោកបានភ្ញាក់ ដោយសារពីសម័យដើមសម្តេចប៉ាបដូចជាព្រះមហាក្សត្រ។ ព្រះអង្គញញឹម ដោយសារទ្រង់ទតឃើញវត្តមានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ និងព្រះយេស៊ូនៅក្នុងជីវិតព្រះអង្គ។ ជាមូលហេតុថ្ងៃនេះ ព្រះសហគមន៍អាចទទួលស្គាល់ថាទ្រង់អាចធ្វើជាសន្តបាន។ ថ្ងៃនេះ ប្អូនៗដែលទទួលអគ្គសញ្ញាលាបថ្ងាសដឹងថា អនាគតរបស់យើងគឺរស់នៅជាមួយព្រះជាម្ចាស់ គោលដៅរបស់យើងគឺទទួលជីវិតអស់កល្បជានិច្ច។ គោលដៅរបស់យើង គឺទៅជាសន្តសន្តីម្យ៉ាង មានន័យថារស់នៅអស់ពីសមត្ថភាពនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ រស់នៅអស់ពីសមត្ថភាពដោយខិតខំស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ សន្តសន្តី មិនមានន័យថាអ្នកបរិសុទ្ធមួយរយភាគរយ ប៉ុន្តែយើងយកចិត្តទុកដាក់រស់នៅតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ បងប្អូនជាទីស្រឡាញ់ នៅពេលខ្ញុំមកដល់ព្រឹកមិញនៅព្រះវិហារសន្តសិលាពោធិ៍ធំ ពេលជួបជាមួយបងប្អូនលោកអភិបាល លី ខ្ញុំរំភើបណាស់។ ខ្ញុំនឹកឃើញប៉ុន្មានខែមុខ ខ្ញុំបានមកថ្វាយអភិបូជានៅទីនេះ ខ្ញុំបានទេសនាថា ពោធិ៍ធំជាកន្លែងពិសេស ជាកន្លែងដែលយើងបានស្គាល់យ៉ាងច្បាស់លោក ឆ្មារ សាឡាស់ និងលោក ឆ្មារ សាឡឹម ដែលជាមរណៈសាក្សីយើង។ ជាកន្លែងដែលលោក ឆ្មារ សាឡឹម បានថ្វាយអភិបូជាបុណ្យចម្លងចុងក្រោយមុនខ្មែរក្រហមចូលទីក្រុងភ្នំពេញ មុនគាត់ចេញធ្វើដំណើរទៅតាំងគោក។ ជាកន្លែងដែលយើងបានបង្កើតលោកបូជាចារ្យជំនាន់ក្រោយម្នាក់គឺលោកឪពុក លី ឥលូវនេះសម្តេចប៉ាបជ្រើសរើសលោក លី ជាអភិបាលសម្រាប់កំពង់ចាម។ ចូលនៅក្នុងប្រវត្តិសាស្រ្តរបស់ព្រះសហគមន៍នៅក្នុងសតវត្សទី២០និង២១ ដោយសារនៅក្នុងសតវត្សយើងជាលើកទីមួយ ដែលយើងមានអភិបាលព្រះសហគមន៍ជាជនជាតិខ្មែរ។ ប៉ុន្តែ ក្នុងសតវត្សទី២០ដែរ ដោយសារពីឆ្នាំ១៩៧៧ដែលលោក ឆ្មារ សាឡាស់ លោក សាឡឹម លោក សម្រើន និងលោកអភិបាល ទេព អ៊ីម បានស្លាប់ជាលើកទីមួយដែលយើងមានអភិបាលខ្មែរនៅក្នុងប្រវត្តិសាស្រ្តព្រះសហគមន៍កាតូលិកយើងពីឆ្នាំ១៩៧៧រហូតដល់បច្ចុប្បន្ន។ សម្រាប់កំពង់ចាម ជាមហាកំពូលដោយសារនៅក្នុងប្រវត្តិសាស្រ្តកំពង់ចាមខ្លី បង្កើតនៅឆ្នាំ១៩៦៨ជាលើកទីមួយដែលមានអភិបាលខ្មែរ។ មានលោក លេស្វេស )MEP) មានលោក អង់តូនី (MEP) និងលោក លី ដែលបន្តពីលោកអន់តូនី ធ្វើជាលោកអភិបាលថ្មី។ អ្វីដែលខ្ញុំចង់និយាយ នៅពេលយើងមើលប្រវត្តិសាស្រ្តព្រះសហគមន៍របស់យើង ដែលជាប្រវត្តិសាស្រ្តសំខាន់បំផុតសម្រាប់ភូមិភាគភ្នំពេញ សម្រាប់ប្អូនៗដែលថ្ងៃនេះសុំទទួលអគ្គសញ្ញាលាបថ្ងាស។ នៅពេលយើងស្ដាប់គម្ពីរដំណឹងល្អថ្ងៃនេះ យើងត្រូវតែសួរថា តើខ្ញុំជាគ្រីស្តបរិស័ទនៅលើទឹកដីក្ដីកណ្ដាល ពោធិ៍ធំ តើខ្ញុំជាគ្រីស្តបរិស័ទនៅលើទឹកដីព្រះសហគមន៍កាតូលិកកម្ពុជា ខ្ញុំធ្វើដូចម្ដេចដើម្បីទៅជាសាវ័ករបស់ព្រះយេស៊ូដ៏ពេញលក្ខណៈ? យើងមានគំរូ សន្ត យ៉ូហានប៉ូលទី២ យើងមានគំរូ យ៉ូហានប៉ូលទី១ យើងមានគំរូ ឆ្មារ សាឡាស់ និង សាឡឹម យើងមានគំរូដែលរស់នៅសព្វថ្ងៃជាគ្រូគង្វាល គឺលោក លី ដែលពីដើមជាអ្នកនេសាទត្រីនៅទន្លេ
អភិបូជារំលឹកសន្តីតេរេសានៅកាល់គូថាធ្វើនៅភូមិគ្រឹះមេត្តាករុណា
ភ្នំពេញ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ អត្ថបទទី១៖ កូរិនថូស ទី១ ៥,១-៨ថ្វីដ្បិតតែរូបកាយខ្ញុំមិននៅជាមួយបងប្អូន តែវិញ្ញាណខ្ញុំនៅជាមួយបងប្អូនជានិច្ច។ ១ករ ៥,៣ដំណឹងល្អ៖ លូកា ៦,៦-១១តើត្រូវសង្គ្រោះជីវិតមនុស្ស ឬធ្វើឲ្យវិនាសអន្តរាយ? លក ៦,៩ “រិះគិតអំពីអនាគតតាមរយៈអ្នកម្តាយតេរេសា” បងប្អូនជាទីស្រឡាញ់ នៅថ្ងៃនេះ យើងគោរពអ្នកម្តាយតេរេសា ជាសន្តីដែលព្រះសហគមន៍បានទទួលស្គាល់ ក្នុងឆ្នាំ២០១៦ ជាអំណរសប្បាយសម្រាប់ព្រះសហគមន៍ទាំងអស់។ ជាពិសេសថ្ងៃនេះ ខ្ញុំចង់ឲ្យយុវជនយុវនារីគិតពិចារណា តើយើងត្រូវធ្វើដូចម្តេចដើម្បីរស់នៅក្នុងពេលបច្ចុប្បន្ននេះ ដើម្បីចូលនៅក្នុងគម្រោងការរបស់ព្រះយេស៊ូសម្រាប់យើងផ្ទាល់? ពេលនៅក្មេងយើងគិតថា អនាគតរបស់យើងតើត្រូវធ្វើអ្វីខ្លះ? អនាគតតើយើងជាមនុស្សដូចម្ដេច? យើងចាប់ផ្ដើមដើរតាមព្រះយេស៊ូ ជាសាវ័ករបស់ព្រះយេស៊ូ តើថ្ងៃអនាគតយើងត្រូវធ្វើដូចម្តេច ដើម្បីឲ្យជីវិតរបស់យើងភ្ជាប់ជាមួយនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់? យើងបានស្ដាប់នៅក្នុងគម្ពីរថ្ងៃនេះ គឺព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់។ ហើយយើងជាយុវជនយុវនារីដែលទទួលការត្រាស់ហៅពីព្រះជាម្ចាស់ ឲ្យក្លាយជាបុត្រធីតារបស់ព្រះអង្គ ហើយយើងធ្វើដូចម្តេចដើម្បីរស់នៅក្នុងសេចក្ដីស្រឡាញ់ដ៏ពិសេស ដែលព្រះជាម្ចាស់ប្រទានឲ្យយើង នេះគឺជាសំណួរមួយដ៏សំខាន់ណាស់។ ថ្ងៃនេះ យើងគោរពអ្នកម្តាយតេរេសាដែលជាសន្តី មិនមែនតែជាសន្តបុគ្គល ដែលគេគោរពតាំងពីសតវត្សរ៍មុននោះទេ។ យើងកំពុងតែនិយាយអំពីអ្នកម្តាយតេរេសា ដែលបានរស់នៅក្នុងសតវត្សរ៍ទីម្ភៃ មានន័យថាប៉ុន្មានឆ្នាំមុន។ ទោះបីយើងមិនបានស្គាល់គាត់ក៏ដោយ ប៉ុន្តែយើងដឹងថាគាត់គឺជាបងស្រីធម្មតា។ គាត់ជាសាសនទូតម្នាក់ ដែលចេញពីប្រទេសរបស់គាត់ (អាល់បេនៀ) ហើយគាត់ទៅដល់ប្រទេសឥណ្ឌា នៅក្នុងក្រុមគ្រួសាររបស់គាត់ (ឡូរ៉េតូ) ដើម្បីធ្វើជាគ្រូបង្រៀន។ គាត់ជាគ្រូបង្រៀនធម្មតាម្នាក់ ប៉ុន្តែនៅថ្ងៃដែលយើងគោរពម្តាយតេរេសានៅថ្ងៃនេះ មានថ្ងៃមួយគាត់បានធ្វើដំណើរពេលគាត់ចេញពីបង្រៀន នៅពេលនោះគាត់បានឃើញអ្នកជំងឺម្នាក់ដែលកំពុងជិតស្លាប់នៅតាមផ្លូវ គាត់មិនចាប់អារម្មណ៍ទេហើយគាត់បន្តដំណើរទៅមុខ។ ប៉ុន្តែ នៅពេលគាត់ទៅដល់ផ្ទះរបស់គាត់ គាត់នឹកឃើញអ្នកជំងឺនេះដដែល ហាក់ដូចជាមានអ្វីបុកគ្នានៅក្នុងខួរក្បាលរបស់គាត់មានអ្នកជំងឺផង និងរូបព្រះយេស៊ូនៅលើឈើឆ្កាងផង។ ក្រោយមក វាហាក់ដូចជានៅជាប់គ្នា ដែលអ្នកជំងឺកំពុងជិតស្លាប់នៅតាមផ្លូវ តាមពិតគឺព្រះយេស៊ូផ្ទាល់។ គាត់ក៏រត់ទៅរកអ្នកជំងឺដែលជិតស្លាប់ ក៏ប៉ុន្តែពេលនោះហួសពេលហើយ។ នៅពេលនោះ គាត់ចាប់ផ្ដើមសម្រេចចិត្ត តើខ្ញុំត្រូវធ្វើអ្វីខ្លះដើម្បីជួយអ្នកជំងឺ និងអ្នកក្រីក្រដែលកំពុងនៅតាមផ្លូវ? បន្ទាប់មក គាត់ក៏ចាប់ផ្ដើមប្រមូលយុវនារីខ្លះៗ ហើយក៏ចាប់ផ្តើមផ្ទះនៃសេចក្ដីសុខសាន្ត ផ្ទះនៃសេចក្ដីស្រឡាញ់។ បន្តិចម្តងៗក្លាយទៅជាក្រុមបងស្រីដែលយើងស្គាល់ ហើយដែលកំពុងមានវត្តមាននៅភ្នំពេញ នៅសៀមរាប ក្នុងប្រទេសកម្ពុជាយើង ពីយូរឆ្នាំណាស់មកហើយ។ ម្តាយតេរេសាផ្ទាល់ ធ្លាប់បានមកដល់ទឹកដីកម្ពុជានៅក្នុងឆ្នាំ១៩៩១ ឬ១៩៩២ ហើយបានទទួលពីសម្តេចតេជោ ហ៊ុន សែន ផ្ទាល់នូវផ្ទះដែលយើងស្គាល់សព្វថ្ងៃ គឺផ្ទះនៅផ្លូវមុនីវង្ស ហើយបានក្លាយទៅជាសញ្ញាសម្គាល់របស់ព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់។ អ្នកម្តាយតេរេសា គឺជាគំរូសម្រាប់យើង ណែនាំឲ្យយើងមានកម្លាំងមែនទែន ដោយសារអ្នកម្តាយតេរេសាធ្លាប់បាននិយាយថា “មនុស្សយើងទាំងអស់មិនអាចធ្វើការអស្ចារ្យពិសេសនោះទេ ប៉ុន្តែយើងទាំងអស់គ្នាអាចស្រឡាញ់គេនៅក្នុងរបៀបអស្ចារ្យ ទោះបីយើងធ្វើអ្វីតូចតាចក៏ដោយ ប៉ុន្តែយើងអាចស្រឡាញ់គេនៅក្នុងរបៀបអស្ចារ្យ”។ ខ្ញុំគិតថា សម្រាប់បងប្អូនគ្រីស្តបរិស័ទថ្មីៗដែលទើបតែចាប់ផ្តើមដើរតាមព្រះយេស៊ូ ត្រូវគិតអំពីអនាគតរបស់ខ្ញុំ ប្រហែលជាយើងមិនអាចសង្គ្រោះពិភពលោកបាននោះទេ។ ប៉ុន្តែ យ៉ាងហោចណាស់យើងអាចយកចិត្តទុកដាក់ស្រឡាញ់ពីមួយថ្ងៃទៅមួយថ្ងៃ យើងអាចរៀបចំអ្វីដែលពិសេសនិងណែនាំឲ្យពិភពលោករបស់យើងកែប្រែបន្តិចម្តងៗ។ ម្តាយតេរេសាធ្លាប់និយាយដល់អ្នកកាសែតម្នាក់ដែលបានសួរទៅគាត់ថា តើយើងត្រូវធ្វើដូចម្ដេចដើម្បីកុំឲ្យមានសង្គ្រាមក្នុងពិភពលោក? តើយើងធ្វើដូចម្ដេចដើម្បីឲ្យមនុស្សចេះស្រឡាញ់គ្នាទៅវិញទៅមកនៅក្នុងពិភពលោក? ម្តាយតេរេសាគ្មានចម្លើយអស្ចារ្យនោះទេ គាត់មើលមុខអ្នកកាសែតនោះ ហើយនិយាយថាដើម្បីឲ្យយើងមានសេចក្ដីសុខនៅក្នុងពិភពលោក គឺត្រូវចាប់ផ្តើមពីខ្លួនឯង ឲ្យខ្លួនឯងកែប្រែចិត្តគំនិតសិន ឱ្យខ្ញុំផ្ទាល់កែប្រែចិត្តគំនិតសិន ហើយក្រោយមកមានអ្វីកើតឡើង ដោយមើលឃើញស្នាព្រះហស្ថរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើង។ ម្សិលមិញព្រះសហគមន៍យើងបានតែងតាំងសម្តេចប៉ាប យ៉ូហានប៉ូលទីមួយ ពោរពេញដោយសុភមង្គល។ សម្តេចប៉ាប មានវត្តមានត្រឹមតែ៤៣ថ្ងៃ មានពេលខ្លីមែនទែន ប៉ុន្តែនៅក្នុងរយៈពេល៤៣ថ្ងៃនេះ គាត់មានឥទ្ធិពលលើព្រះសហគមន៍នៅក្នុងពិភពលោក ដោយសារតែគាត់ពូកែញញឹម។ អ្នកម្តាយតេរេសា ក៏បាននិយាយដែរថា “សេចក្ដីសុខសាន្តកើតឡើងដោយសារស្នាមញញឹមរបស់យើងទៅរកគេ នៅពេលយើងចាប់ផ្ដើមញញឹមទៅរកគេ គឺយើងចាប់ផ្ដើមសេចក្ដីសុខ សេចក្ដីស្រឡាញ់ សន្តិភាព និងការសហការគ្នា។ ដូច្នេះ យើងយល់ថាពួកគេយើងមិនបានធ្វើអ្វីអស្ចារ្យ ប៉ុន្តែយើងដឹងថានៅពេលដែលយើងចាប់ផ្ដើមញញឹមទៅរកគេ គឺជីវិតរបស់គេចាប់ផ្ដើមផ្លាស់ប្តូរ ដោយដឹងថាយើងស្រឡាញ់គេ យើងយកចិត្តទុកដាក់ជាមួយគេ។” សម្រាប់អនាគតរបស់យុវជនយុវនារី ខ្ញុំគិតថាអ្នកម្តាយតេរេសាមានគំនិតច្រើន ដែលណែនាំឲ្យយើងត្រូវតែមានកម្លាំង។ នៅពេលដែលយើងឃើញលោកីយ៍របស់យើង យើងឃើញពិភពលោករបស់យើង ប៉ុន្មានដងប៉ុន្មានសាយើងបានអស់សង្ឃឹម
អភិបូជាពិធីសុំចូលព្រះសហគមន៍ (ជំហានទី១)
ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង តាកែវ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ “ការចងចាំ និងអត្តសញ្ញាណនៅក្នុងព្រះសហគមន៍កាតូលិកកម្ពុជា” អត្ថបទទី១៖ អេសាយ ៦៦,១៨-២១យើងជ្រើសរើសអ្នកខ្លះឲ្យធ្វើជាបូជាចារ្យ និងអ្នកខ្លះឲ្យធ្វើជាពួកលេវី។ អស ៦៦,២១អត្ថបទទី២៖ ហេប្រឺ ១២,៥-៧.១១-១៣ការវាយប្រដៅផ្ដល់ឲ្យអស់អ្នកដែលបានទទួលការអប់រំតាមរបៀបនេះមានសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិតទុកជាផល។ ហប ១២,១១ដំណឹងល្អ៖ លូកា ១៣,២២-៣០ឱព្រះអម្ចាស់អើយ សូមបើកទ្វារឲ្យយើងខ្ញុំផង។ លក ១៣,២៥ បងប្អូនជាទីស្រឡាញ់ ពិធីដែលយើងប្រារព្ធធ្វើថ្ងៃនេះ សុំចូលព្រះសហគមន៍ (ជំហានទីមួយ) ជាពិធីមួយដែលពោរពេញដោយអត្ថន័យ សម្រាប់ព្រះសហគមន៍យើងក្នុងភូមិភាគភ្នំពេញទាំងមូល យើងស្វាគមន៍ប្អូន១២នាក់ដែលសម្រេចចិត្តដើរតាមព្រះយេស៊ូ។ នៅពេលខ្ញុំបានទៅលេងប្រទេសបារាំងមួយខែ រាល់អាទិត្យខ្ញុំទៅតាមព្រះវិហារមួយចំនួន ជាព្រះវិហារចាស់ មានកន្លែងខ្លះ១០០០ឆ្នាំ និងខ្លះ៥០០ឆ្នាំ កន្លែងខ្លះ៨០០ឆ្នាំ។ ពេលថ្វាយអភិបូជានៅក្នុងព្រះវិហារទាំងនោះ ខ្ញុំនឹកឃើញដល់ព្រះសហគមន៍ដែលធ្វើដំណើរពីរាប់សតវត្ស។ នៅពេលនោះ ខ្ញុំក៏បានផ្ដល់សក្ខីភាពអំពីព្រះសហមគន៍នៅក្នុងប្រទេសកម្ពុជា ដែលពិតមែនមានអាយុច្រើនដែរតាំងពីឆ្នាំ១៥៥៥។ ប៉ុន្តែ នៅឆ្នាំ១៩៧៥-១៩៧៩ ប្រទេសកម្ពុជាយើងបានធ្លាក់ក្នុងសង្រ្គាមស៊ីវិល ហើយព្រះសហគមន៍ចាប់ផ្តើមមានជីវិតឡើងវិញនៅឆ្នាំ១៩៩០។ ដូច្នេះ ពេលយើងគិតពីឆ្នាំ១៩៩០ រហូតដល់ឆ្នាំ២០២២ យើងមានតែ៣០ឆ្នាំតែប៉ុណ្ណឹង។ សម្រាប់ព្រះសហគមន៍សន្តីម៉ារីញញឹមចំការទៀងនេះមានអាយុតែ២២ឆ្នាំ សម្រាប់ព្រះសហគមន៍ត្រពាំងក្រញូងមានអាយុតែ៥ឆ្នាំ អត់ទាន់មានព្រះវិហារទៀត។ ប៉ុន្តែ នៅពេលគេស្ដាប់សក្ខីភាពដែលខ្ញុំផ្ដល់ អំពីព្រះសហគមន៍នៅក្នុងប្រទេសកម្ពុជា គេបានចាប់អារម្មណ៍មែនទែន។ ចាប់អារម្មណ៍អំពីបងប្អូនដែលជាយុវជនយុវនារី ជួនកាលដែលជាយុវចាស់ដែលចាប់ផ្ដើមធ្វើដំណើរដូចថ្ងៃនេះជាមួយព្រះយេស៊ូ។ ចាប់ផ្ដើមគិត តើជីវិតរបស់ខ្ញុំទៅណា? ថ្ងៃនេះយើងបានស្ដាប់ នៅពេលសុំចូលព្រះសហគមន៍ ខ្ញុំបានសួរ តើបងប្អូនសុំអ្វីពីព្រះសហគមន៍របស់ព្រះជាម្ចាស់? សូមចាំមួយជីវិតចម្លើយដែលយើងបានឆ្លើយនៅថ្ងៃនេះ គឺសុំជំនឿ។ សុំជំនឿដោយសារយើងដឹងថា ជំនឿផ្ដល់ជីវិតអស់កល្បជានិច្ច នេះជាព្រះសហគមន៍របស់យើង។ បងប្អូនជាទីស្រឡាញ់ នៅពេលយើងមើលព្រះសហគមន៍នៅក្នុងពិភពលោក ដែលមានអាយុជាង២០០០ឆ្នាំតាមព្រះយេស៊ូដែលសោយទិវង្គត ២០០០ឆ្នាំមុន ដែលមានអាយុចាស់នៅក្នុងប្រទេសមួយចំនួន ដែលមានអាយុក្មេងនៅក្នុងប្រទេសយើង។ យើងត្រូវការនឹកឃើញ យើងមានគោលដៅតែមួយ គឺទទួលជីវិតអស់កល្បជានិច្ច ដោយសារជំនឿ។ ថ្ងៃនេះ យើងចាប់ផ្ដើមធ្វើដំណើរដូចនៅក្នុងអត្ថបទទី១ថ្ងៃនេះ។ រូបគំនូរដែលមាននៅលើជញ្ជាំងព្រះវិហារនេះ មានផ្លូវដែលព្រះយេស៊ូបានដើរ ពីថ្ងៃដែលព្រះយេស៊ូត្រាស់ហៅក្រុមសាវ័ក ឡើងលើភ្នំ ក្រោយមកព្រះយេស៊ូធ្វើដំណើរដើម្បីជួបជាមួយអ្នកខ្វាក់ ជួបជាមួយកូនក្មេង ជួបជាមួយអ្នកក្រីក្រ ជួបជាមួយលោកសាខេ ជួបជាមួយស្រ្ដីសាម៉ារី ឡើងលើភ្នំជាមួយក្រុមសាវ័កម្តងទៀត។ ថ្ងៃនេះ ដែលយើងធ្វើជំហានទីមួយ យើងចូលនៅក្នុងដំណើររបស់ព្រះយេស៊ូដែរ យើងចាប់ផ្ដើមដើរតាមព្រះយេស៊ូ។ តាមពិតនៅពេលព្រះយេស៊ូបានត្រាស់ហៅក្រុមសាវ័កពីដើម គេអត់ដឹងថាគេទៅណា គេធ្លាប់សួរតើព្រះយេស៊ូមកពីណា? តើព្រះយេស៊ូមានកន្លែងស្នាក់នៅទីណា? ព្រះយេស៊ូឆ្លើយថា “សូមដើរតាមខ្ញុំ នោះអ្នកនឹងឃើញ”។ នេះជាពិធីដែលយើងចាប់ផ្ដើមថ្ងៃនេះ យើងអត់ទាន់ស្គាល់ព្រះយេស៊ូប៉ុន្មានទេ យើងអត់ទាន់ស្គាល់ព្រះសហគមន៍ប៉ុន្មានទេ យើងអត់ទាន់ស្គាល់ព្រះបន្ទូលប៉ុន្មានទេ។ ប៉ុន្តែ អំបាញ់មិញយើងបានប្រកាសយ៉ាងឱឡារឹក ដោយថ្វាយបង្គំដល់ឈើឆ្កាង “ខ្ញុំយកព្រះយេស៊ូជាទីពឹង” ដោយថ្វាយបង្គំដល់ព្រះគម្ពីរ “ខ្ញុំយកព្រះបន្ទូលជាទីពឹង” ដោយថ្វាយបង្គំមុខព្រះសហគមន៍ទាំងមូល “ខ្ញុំយកព្រះសហគមន៍ជាទីពឹង”។ ជីវិតដែលគ្មានទីពឹងជាជីវិតឯកោណាស់ ជីវិតដែលគ្មានទីពឹងជាជីវិតកំសត់ ប៉ុន្តែថ្ងៃនេះនៅពេលយើងសុំជីវិតអស់កល្បជានិច្ច យើងដឹងថាផ្លូវដែលយើងដើរត្រូវតែណែនាំយើង ឲ្យយើងរកឃើញជីវិតអស់កល្បជានិច្ច។ រូបនៅលើជញ្ជាំងដដែល ព្រះយេស៊ូបន្តធ្វើដំណើរទៅទីក្រុងយេរូសាឡឹម ពីទីក្រុងយេរូសាឡឹមព្រះយេស៊ូឡើងលើភ្នំដើម្បីអធិដ្ឋាននៅសួនកេតសេម៉ានី។ ក្រោយមក គេកាត់ក្ដីព្រះយេស៊ូ ព្រះយេស៊ូសោយទិវង្គត ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ព្រះយេស៊ូមានព្រះជន្មថ្មី ក្រុមគ្រីស្តទូតបន្តធ្វើដំណើរ ជាព្រះសហគមន៍ដំបូង។ ប្រសិនបើយើងបន្តមើលទៀត មានផ្លូវមួយទៀតឡើងដល់ព្រះវិហារចំការទៀង ដល់សាលាសន្តហ្វ្រង់ស្វ័រ យើងធ្វើដំណើរជាមួយព្រះយេស៊ូ និងព្រះយេស៊ូធ្វើដំណើរជាមួយយើង។ ដូច្នេះ យើងលែងឯកោទៀតហើយដោយសារយើងមានព្រះយេស៊ូជាទីពឹង នេះជាអ្វីដែលយើងបានប្រកាស។ ដោយសារយើងមានព្រះបន្ទូលជាពឹង ដើម្បីដឹកនាំយើងពីមួយថ្ងៃទៅមួយថ្ងៃ តើយើងត្រូវការធ្វើអ្វីខ្លះ? នៅពេលយើងស្តាប់ព្រះបន្ទូលដូចថ្ងៃនេះ យើងបានឃើញព្រះយេស៊ូថា “ពិតមែនទ្វារដើម្បីដើរតាមព្រះយេស៊ូ ទ្វារដើម្បីចូលនៅក្នុងជីវិតអស់កល្បជានិច្ច ជាទ្វារចង្អៀត”។ ក៏ប៉ុន្តែ ទោះបីចង្អៀតក៏ដោយយើងដឹងថា យើងមានព្រះយេស៊ូដែលគង់នៅ លុះត្រាតែយើងថែរក្សាជំនឿរបស់យើង
អភិបូជាអគ្គសញ្ញាតែងតាំងបូជាចារ្យរបស់បងប្រុស ប្រាក់ ប៊ុនហុង ធ្វើនៅព្រះសហគមន៍សន្តយូហានបាទីស្ត ប៊ូស្រា
កំពង់ចាម ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ “កិច្ចការលោកបូជាចារ្យ” អត្ថបទទី១៖ កិច្ចការ ១២,១-១១មានពន្លឺភ្លឺក្នុងទីឃុំឃាំង។ កក ១២,៧អត្ថបទទី២៖ ធីម៉ូថេទី២ ៤,៦-៨.១៧-១៨មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលបានគាំទ្រ និងប្រទានឲ្យខ្ញុំមានកម្លាំង។ ២ធម ៤,១៧ដំណឹងល្អ៖ ម៉ាថាយ ១៦,១៣-១៩នៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍របស់ខ្ញុំ។ មថ ១៦,១៨ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ជាពេលវេលាដើម្បីអរព្រះគុណព្រះជាម្ចាស់ នៅពេលយើងមើលឃើញព្រះសហគមន៍កាតូលិកកម្ពុជា ដែលជួបជុំគ្នាដូចថ្ងៃនេះ។ រួមជាមួយលោកគីកេ រួមជាមួយអាល់ប៊ែតូ តំណាងលោកប្រុយណូ រួមជាមួយលោកឪពុក បងប្រុសបងស្រី គ្រីស្តបរិស័ទដែលមកពីគ្រប់ទីកន្លែង ដើម្បីមកដល់ប៊ូស្រា ដែលជាកន្លែងដាច់ស្រយាលនៃផែនដីពិតមែន។ ប្រសិនបើយើងនឹកឃើញ ជាង២០ឆ្នាំមុននៅពេលឪពុករបស់ហុងបានមកវិញ និងទទួលពិធីជ្រមុជទឹកពីលោកឪពុកម៉ូរីសូ ដែលជាសាសនទូត MEP។ នៅពេលនោះទីនេះនៅក្នុងព្រៃ មិនទាន់មានផ្លូវស្អាត មិនទាន់មានភ្លើងប្រើទេ ខ្ញុំបានមកដល់ប៊ូស្រាលើកទីមួយនៅឆ្នាំ២០០០ ណែនាំឱ្យខ្ញុំគិតថាប្រហែលជីវិតរបស់ខ្ញុំចប់នៅត្រឹមនេះហើយ ដោយសារផ្លូវពិបាកពេក។ ប៉ុន្តែ ខ្ញុំបាននឹកឃើញពេលព្រះយេស៊ូមានព្រះបន្ទូលថា “សូមទៅប្រកាសដំណឹងល្អរហូតដល់ដាច់ស្រយាលនៃផែនដី ដោយធ្វើពិធីជ្រមុជទឹកដោយនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ”។ ពេលយើងមកដល់ថ្ងៃនេះ យើងមានព្រះវិហារសន្តយ៉ូហានបាទីស្តដ៏ស្អាតនិងធំទូលាយនៅប៊ូស្រានេះ។ លោកឪពុក ហ្វ្រង់ស្វ័រអេមេស្ដាល់ អាចផ្តល់សក្ខីភាពមានប៉ុន្មានជំនាន់ដែលបានទទួលពិធីជ្រមុជទឹកនៅទីនេះ។ នៅពេលយើងហែតាមផ្លូវស្ងាត់ ដោយសារបងប្អូនជាគ្រីស្តបរិស័ទទាំងអស់ចូលព្រះវិហារអស់ហើយ។ ដូច្នេះ ការប្រកាសដំណឹងល្អដល់ទីដាច់ស្រយាលនៃផែនដី ទៅជាសេចក្តីពិតយ៉ាងជាក់ស្តែងសម្រាប់យើងនៅថ្ងៃនេះ។ ថ្ងៃនេះ យើងមានលោកឪពុកម្នាក់ដែលចេញពីភូមិប៊ូស្រា ឈ្មោះយ៉ូហានបាទីស្តដូចឈ្មោះព្រះវិហារដែរ។ ប្រហែលឪពុកម្តាយ នៅពេលកូនទទួលពិធីជ្រមុជទឹកបានជ្រើសរើសឈ្មោះយ៉ូហានបាទីស្តដាក់ឱ្យ ដោយនឹកឃើញដល់គម្ពីរដំណឹងល្អនៅពេលយ៉ូហានបាទីស្តបានកើត ឪពុកម្តាយនិងបងប្អូនជិតខាងបានសួរថា តើកូននេះនៅថ្ងៃអនាគតទៅជាកូនដូចម្តេច? ប្រហែលឪពុកម្តាយបានសួរខ្លួនឯងដែរ តើកូននេះនៅថ្ងៃអនាគតទៅជាយ៉ាងណា? នៅក្នុងចំណោមបងប្អូនបង្កើត៧នាក់ យើងឃើញយ៉ូហានបាទីស្តហុង ថ្ងៃនេះបានបូជាជីវិត លះបង់ចោល ដើម្បីទៅជាបូជាចារ្យមួយរូប នៅក្នុងព្រះសហគមន៍កាតូលិកកម្ពុជា។ អស់ពីដួងចិត្ត យើងអរព្រះគុណព្រះជាម្ចាស់ យើងសូមស្វាគមន៍លោកឪពុកថ្មីយ៉ាងឱឡារិកនៅក្នុងអំណរសប្បាយ។ អគ្គសញ្ញាតែងតាំងបូជាចារ្យ នៅក្នុងប្រទេសកម្ពុជាយើងមិនសូវមានប៉ុន្មានទេ ប៉ុន្តែរាល់ដងនៅពេលបានស្តាប់សក្ខីភាពហើយ ខ្ញុំបានអាន “ដោយព្រះយេស៊ូគ្រីស្តជាអម្ចាស់ជួយគាំទ្រ យើងសូមជ្រើសរើសលោកឧបដ្ឋាកឱ្យធ្វើជាបូជាចារ្យ”។ គ្រប់ពេលវេលាខ្ញុំអានហើយ ខ្ញុំរំភើបណាស់ ដោយសារនេះមិនមែនជាការត្រាស់ហៅដែលមកពីមនុស្សយើង គឺជាការត្រាស់ហៅដែលមកពីព្រះជាម្ចាស់ផ្ទាល់នៅក្នុងនាមព្រះសហគមន៍។ នៅពេលលោកនាយកទេវវិទ្យាល័យ បានបង្ហាញហុង បានធ្វើដំណើរជាមួយហុង បានធ្វើដំណើរជាមួយនិស្សិតទេវវិទ្យាល័យរបស់យើង ដើម្បីពិនិត្យមើល ដើម្បីពិចារណា។ មិនមែនពិនិត្យមើលដើម្បីកាត់ក្តីវិនិច្ឆ័យ ប៉ុន្តែពិនិត្យមើលដើម្បីមើលឃើញ តើយុវជននេះមានសមត្ថភាព ក្នុងការឆ្លើយតបការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដោយធ្វើជាបូជាចារ្យអស់មួយជីវិតឬទេ? នៅថ្ងៃដែលយើងជ្រើសរើសសន្តសិលានិងសន្តប៉ូល យើងចូលនៅក្នុងជីវិតនៃព្រះសហគមន៍របស់យើង។ សន្តសិលា និងសន្តប៉ូល ជាគ្រីស្តទូតដំបូង សន្តសិលាជាអ្នកដែលការពារជំនឿ ធ្វើការជាមួយគ្រីស្តបរិស័ទដែលចេញពីសាសនាយូដា។ សន្តប៉ូល ជាអ្នកចេញធ្វើដំណើរទៅឆ្ងាយដើម្បីប្រកាសដំណឹងល្អដល់គ្រីស្តបរិស័ទថ្មីៗដែលចេញពីសាសនាដទៃ។ ប៉ុន្តែ ទាំងពីរនាក់ជាគំរូដ៏ពិសេសបំផុតដែលយើងអធិដ្ឋាន យើងនឹករលឹកនៅថ្ងៃនេះយ៉ាងឱឡារិកបំផុត ដោយសារទាំងពីរនាក់គេបានធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដូចយើងបានស្តាប់នៅក្នុងអត្ថបទទី១ នៅពេលលោកសិលាជាប់គុក ទោះបីជាប់គុកនៅពេលទេវទូតមកប្រាប់គាត់ថា “សុំក្រវ៉ាត់ចង្កេះហើយពាក់ស្បែកជើងទៅ” លោកបានធ្វើតាម ទោះបីប្លែកតែលោកធ្វើតាម។ ខ្ញុំជឿថា នៅក្នុងប្រវត្តិសាស្ត្រនៃជីវិតហុង ក៏មានសញ្ញាប្លែកៗយ៉ាងច្រើន ប៉ុន្តែដោយសារហុងបានធ្វើតាម ថ្ងៃនេះហុងអាចឆ្លើយតបដល់ព្រះជាម្ចាស់ “គឺខ្ញុំនេះហើយ”។ សម្រាប់យើងក៏ដូចគ្នាដែរ យើងមានសញ្ញាជាច្រើននៅក្នុងជីវិតរបស់យើងដែលប្លែកៗ ព្រះវិញ្ញាណដ៏វិសុទ្ធមានផ្លូវខុសពីអ្វីដែលយើងទន្ទឹងរង់ចាំពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែយើងដឹងថា យើងធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ជានិច្ច។ យើងធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដើម្បីធ្វើអ្វី? គឺដើម្បីប្រកាសដំណឹងល្អ ដូចយើងបានស្តាប់នៅក្នុងគម្ពីរដំណឹងល្អ លោកសិលាបានប្រកាសយ៉ាងច្បាស់លាស់ “លោកជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ”។ នេះជាជំនឿដំបូង ដែលគាត់ហ៊ានប្រកាសយ៉ាងឱឡារិកនៅមុខគ្រីស្តទូតទាំងអស់។ ណែនាំឱ្យយើងថ្ងៃនេះ យើងជួបជុំគ្នានៅក្នុងព្រះវិហារសន្តយ៉ូហានបាទីស្តប៊ូស្រា ណែនាំឱ្យថ្ងៃនេះយ៉ូហានបាទីស្តហុង អាចឆ្លើយតបនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដើម្បីធ្វើជាអ្នកបម្រើអស់មួយជីវិត។ ដោយសារសន្តសិលា បានប្រកាសជំនឿ និងបានអនុវត្តការប្រកាសជំនឿហ្នឹង ដើម្បីណែនាំឱ្យព្រះរាជ្យរបស់ព្រះជាម្ចាស់មកដល់នៅលើផែនដីនេះ។ នេះជាតួនាទី និងបេសកកម្មដែលយើងទទួលគឺប្រកាសដំណឹងល្អ។ ប៉ុន្តែ
អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង តាកែវ
ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ “អត្តសញ្ញាណជាគ្រីស្តបរិស័ទ” អត្ថបទទី១៖ ពង្សាវតារក្សត្រទី១ ១៩,១៦ខ.១៩-២១ទៅវិញចុះ ខ្ញុំមិនឃាត់អ្នកទេ! ១ពង្ស ១៩,២០អត្ថបទទី២៖ កាឡាទី ៥,១.១៣-១៨ចូររស់នៅឲ្យស្របតាមព្រះវិញ្ញាណ នោះបងប្អូននឹងមិនបំពេញតាមបំណងចិត្តលោភលន់របស់លោកីយ៍ទៀតឡើយ។ កាឡ ៥,១៦ដំណឹងល្អ៖ លូកា ៩,៥១-៦២ព្រះអង្គបានចាត់អ្នកខ្លះឲ្យទៅមុន។ លក ៩,៥២ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះជាថ្ងៃពិសេស និងឱឡារិកបំផុតសម្រាប់ព្រះសហគមន៍របស់យើង នៅក្នុងមណ្ឌលសកម្មភាពតាកែវ ក៏ដូចជានៅក្នុងភូមិភាគភ្នំពេញទាំងមូលដែរ។ យើងមានបងប្អូនចំនួន១១៧នាក់ ដែលនឹងទទួលអគ្គសញ្ញាលាបថ្ងាស មានន័យថាទទួលព្រះវិញ្ញាណដ៏វិសុទ្ធ មានន័យថាទទួលដង្ហើមដែលមកពីព្រះជាម្ចាស់ផ្ទាល់។ ទទួលដង្ហើមដែលបានចូលនៅក្នុងសួត នៅក្នុងដួងចិត្ត នៅក្នុងខ្លួនរបស់យើង ដើម្បីឱ្យយើងរស់នៅជាគ្រីស្តបរិស័ទដ៏ពេញលក្ខណៈ។ នេះជាអត្ថន័យនៃអគ្គសញ្ញាលាបថ្ងាស នៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធដែលយើងទទួល យើងអាចទៅជាគ្រីស្តបរិស័ទដ៏ពេញលក្ខណៈ។ តើគ្រីស្តបរិស័ទដ៏ពេញលក្ខណៈដើម្បីធ្វើអ្វី? ដូចយើងបានស្តាប់នៅក្នុងអធិដ្ឋានចូល “យើងទៅជាគ្រីស្តបរិស័ទ ដើម្បីបង្កើតពិភពថ្មី”។ តើមានន័យដូចម្តេច សម្រាប់យើងជាគ្រីស្តបរិស័ទក្នុងសតវត្សទី២១នៅប្រទេសកម្ពុជា? បងប្អូនជាទីស្រឡាញ់ ប៉ុន្មានថ្ងៃមុនយើងបានប្រមូលចម្លើយពីភូមិភាគយើងទាំងមូល ដើម្បីផ្ញើទៅទីក្រុងរ៉ូមទាក់ទងនឹងសន្និបាត២០២១-២០២៣។ នៅក្នុង១៤ចំណុច ដែលយើងបានរៀបចំក្នុងភូមិភាគភ្នំពេញមានចំណុចមួយបាននិយាយថា “យើងយកចិត្តទុកដាក់ដើម្បីចូលយ៉ាងជ្រៅនៅក្នុងអត្តសញ្ញាណរបស់យើងជាគ្រីស្តបរិស័ទខ្មែរ”។ អត្តសញ្ញាណរបស់យើងជាគ្រីស្តបរិស័ទមានន័យដូចម្តេច? អត្តសញ្ញាណមានន័យថាយើងមានលក្ខខណ្ឌមួយយ៉ាងពិសេស ដែលណែនាំឱ្យបងប្អូនឯទៀតៗអាចមើលឃើញថា អ្នកនោះជាគ្រីស្តបរិស័ទមួយរូប។ ដូច្នេះ ខ្ញុំចង់ឱ្យយើងគិតអំពីអត្តសញ្ញាណជាគ្រីស្តបរិស័ទ ដូចយើងបានស្តាប់នៅក្នុងអត្ថបទទី២ “យើងជាបុត្រធីតារបស់ព្រះជាម្ចាស់ យើងមានសិទ្ធិនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីថ្លែងសំលេងថា ឱព្រះបិតាអើយ”។ យើងមានសិទ្ធិ ហៅព្រះជាម្ចាស់ដែលជាព្រះដ៏មានឬទ្ធានុភាពសព្វប្រការនៅស្ថានបរមសុខ ថាឱព្រះបិតា។ ដោយសារ នៅក្នុងអគ្គសញ្ញាជ្រមុជទឹក យើងបានទទួលឋានៈជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ដូច្នេះនេះជាអត្តសញ្ញាណទីមួយរបស់យើង យើងជាកូនរបស់ព្រះជាម្ចាស់។ អត្តសញ្ញាណទី២ យើងជាសមាជិកនៅក្នុងព្រះសហគមន៍ មានន័យថាយើងជាព្រះកាយព្រះគ្រីស្ត។ បងប្អូនដែលកំពុងអង្គុយនៅទីនេះ ជាផ្នែកមួយនៅក្នុងព្រះកាយព្រះគ្រីស្ត ពេលយើងបញ្ចូលភូមិភាគភ្នំពេញទាំងមូលយើងជាផ្នែកមួយធំជាង។ ប្រសិនបើ យើងបញ្ចូលព្រះសហគមន៍ទូទាំងពិភពលោកទាំងមូល យើងអាចមើលឃើញព្រះសហគមន៍កាតូលិកដែលមានរាប់រយលាននាក់ ដែលជាព្រះកាយព្រះគ្រីស្ត។ នេះជាអត្តសញ្ញាណមួយយ៉ាងពិសេស នៅក្នុងព្រះសហគមន៍យើងជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ មិនមែនប្រជាជនដ៏វិសុទ្ធធម្មតាទេ យើងជាព្រះកាយរបស់ព្រះជាម្ចាស់។ បន្តិចទៀត នៅពេលយើងទទួលអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត នៅក្នុងពិធីបុណ្យអភិបូជានេះ យើងយល់ថាពិតមែនយើងជាក្រុមគ្រួសារតែមួយនៅក្នុងព្រះសហគមន៍។ យើងជាបងប្អូនគ្នានៅក្នុងព្រះសហគមន៍ ដែលភ្ជាប់ដោយសារព្រះយេស៊ូគ្រីស្តផ្ទាល់ ដែលចូលនៅក្នុងខ្លួនរបស់យើងពីថ្ងៃដែលយើងបានទទួលពិធីជ្រមុជទឹក។ ជារៀងរាល់ពេល ដែលយើងទទួលព្រះកាយព្រះគ្រីស្ត ណែនាំឱ្យយើងយល់ថាអត្តសញ្ញាណរបស់យើងគឺព្រះកាយគ្រីស្ត ព្រះសហគមន៍ យើងជាគ្រួសារតែមួយ។ អត្តសញ្ញាណទី៣ ជាពិសេសថ្ងៃនេះដែលយើងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ណែនាំឱ្យយើងយល់ថាយើងជាព្រះដំណាក់របស់ព្រះជាម្ចាស់។ យើងជាព្រះវិហារដ៏វិសុទ្ធរបស់ព្រះជាម្ចាស់នៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ យើងមិនមែនជាមនុស្សម្នាក់ធម្មតាទេ។ ពេលយើងនិយាយអំពីព្រះវិហារ យើងដឹងថាយើងរៀងៗខ្លួនយើងជាព្រះវិហារដ៏តូចមួយ ដែលពោរពេញដោយជីវិតនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះវិញ្ញាណដ៏វិសុទ្ធ ណែនាំឱ្យយើងមានសេចក្តីក្លាហានដើម្បីរស់នៅក្នុងសង្គមបច្ចុប្បន្ននេះ ដើម្បីធ្វើជាសាក្សីអំពីអត្តសញ្ញាណរបស់យើងជាគ្រីស្តបរិស័ទ។ ខ្ញុំជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ខ្ញុំជាព្រះកាយព្រះគ្រីស្ត មានន័យថានៅក្នុងព្រះសហគមន៍ខ្ញុំជាគ្រួសារតែមួយ។ ខ្ញុំជាព្រះដំណាក់របស់ព្រះជាម្ចាស់ មានន័យថាជីវិតរបស់ខ្ញុំ រូបកាយរបស់ខ្ញុំ ជារូបកាយនិងជីវិតដ៏សក្ការៈ។ ដោយសារ យើងមានវត្តមានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធនៅក្នុងខ្លួនយើង យើងខុសពីគេដោយសារយើងមានព្រះវិញ្ញាណដ៏វិសុទ្ធ ដែលណែនាំឱ្យយើងរស់នៅសព្វថ្ងៃជាគ្រីស្តបរិស័ទដ៏ពិតប្រាកដ។ ប៉ុន្តែ ពេលយើងនិយាយដូច្នេះហើយ តើនៅក្នុងជីវិតរបស់យើងប្រចាំយើងធ្វើដូចម្តេច ដើម្បីរស់នៅជាគ្រីស្តបរិស័ទខ្មែរយ៉ាងពិតប្រាកដ? បន្តិចទៀតខ្ញុំឱ្យព្រះវិញ្ញាណដ៏វិសុទ្ធ នៅពេលនោះយើងទទួលព្រះអំណោយទាន៧ សញ្ញាទាំង៧នេះជាសញ្ញាសម្គាល់នៃវិញ្ញាណដែលយើងទទួលនៅក្នុងខ្លួនយើង និងណែនាំឱ្យយើងរស់នៅយ៉ាងសមរម្យជាប្រចាំថ្ងៃ នៅក្នុងជីវិតជាគ្រីស្តបរិស័ទដ៏ពិតប្រាកដ។ ខ្ញុំរំលឹកព្រះវិញ្ញាណដ៏វិសុទ្ធណែនាំឱ្យយើងមានប្រាជ្ញាឈ្លាសវៃ ព្រះវិញ្ញាណដ៏វិសុទ្ធណែនាំឱ្យយើងដឹងខុសដឹងត្រូវ ព្រះវិញ្ញាណដ៏វិសុទ្ធណែនាំឱ្យយើងដឹងសេចក្ដីពិត ព្រះវិញ្ញាណដ៏វិសុទ្ធណែនាំឱ្យយើងមានយោបល់ល្អ ព្រះវិញ្ញាណដ៏វិសុទ្ធណែនាំឱ្យយើងមានសេចក្ដីក្លាហាន។ ទាំង៥ចំណុចនេះ ណែនាំឱ្យយើងនឹកឃើញដល់ការអប់រំរបស់ព្រះពុទ្ធ ឱ្យយើងមានរបៀបវិនិច្ឆ័យយ៉ាងត្រឹមត្រូវ ឱ្យយើងមានរបៀបមើលឃើញយ៉ាងត្រឹមត្រូវ ឱ្យយើងមានរបៀបនិយាយយ៉ាងត្រឹមត្រូវ ឱ្យយើងមានរបៀបស្តាប់យ៉ាងត្រឹមត្រូវ។ ដូច្នេះ យើងអាចនិយាយថាប្រហែលគ្នា តើមូលហេតុអ្វីខ្ញុំជាគ្រីស្តបរិស័ទ ប្រសិនបើរស់នៅក្នុងពុទ្ធសាសនាដូចគ្នា? យើងធ្លាប់លឺច្រើនដងថា សាសនានីមួយៗណែនាំឱ្យយើងជាមនុស្សល្អ រស់នៅក្នុងសង្គមយ៉ាងត្រឹមត្រូវ ជាមនុស្សដែលណែនាំឱ្យអ្នកដទៃមានសេចក្តីសុខសាន្តពិតមែន។ ប៉ុន្តែអត្តសញ្ញាណរបស់យើងជាគ្រីស្តបរិស័ទកាតូលិក យើងជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ យើងជាព្រះសហគមន៍គ្រួសារតែមួយ យើងជាព្រះដំណាក់របស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ ប៉ុន្តែ ប្រសិនបើយើងថែមអំណោយទាន២ថែមទៀត ព្រះវិញ្ញាណដ៏វិសុទ្ធណែនាំឱ្យយើងប្រព្រឹត្តតាមការណែនាំរបស់ព្រះវិញ្ញាណ ព្រះវិញ្ញាណដ៏វិសុទ្ធណែនាំឱ្យយើងគោរពកោតខ្លាចព្រះជាម្ចាស់តែមួយព្រះអង្គគត់។