ព័ត៌មាន
កម្មវិធីអធិដ្ឋានសម្រាប់ការត្រាស់ហៅពេញមួយយប់ លើកទី៨៣ នៅព្រះសហគមន៍ចំប៉ា
នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ មានកម្មវិធីអធិដ្ឋានសម្រាប់ការត្រាស់ហៅពេញមួយយប់ លើកទី៨៣ នៅព្រះសហគមន៍ចំប៉ា នៃមណ្ឌលសកម្មភាពមេគង្គ។ អស់អ្នកដែលជឿលើព្រះយេស៊ូគ្រីស្ត នឹងបានទទួលជីវិតអស់កល្បជានិច្ច! ចូរយើងអធិដ្ឋានសម្រាប់ក្រុមគ្រួសារ យុវជន និងកុមារ…. សូមឲ្យការអស្ចារ្យ និង ការត្រាស់ហៅពិសេសរបស់ព្រះជាម្ចាស់ កើតចេញជារូបរាង ដើម្បីដល់បម្រើជីវិតទាំងឡាយ!
ការប្រកួតបាល់ទាត់មិត្តភាពពានរង្វាន់របស់ លោកអភិបាល អូលីវីយេ ឆ្នាំ២០១៩
ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ មានព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពពានរង្វាន់របស់ លោកអភិបាល អូលីវីយេដោយមានអត្តពលិកចំនួន ៨៥០ នាក់ចូលរួម។ ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅដោយសារការរៀបចំចាត់ចែងពីវិទ្យាស្ថានសន្តប៉ូល ។ ជយោ ! អត្តពលិកដ៏ ឆ្នើមរបស់ពួកយើង។ យើងត្រៀមខ្លួនជាស្រេច សម្រាប់ ការប្រកួតកីឡាអូឡាំពិកអាស៊ីនៅ ព្រះរាជាណាចក្រកម្ពុជា។ សូមបងប្អូនបានទទួលពរ និងព្រះពរ ! លោកអភិបាល អូលីវីយេ
មេក្រុមកាយរឹទ្ធ ចុះសួរសុខទុក្ខក្មេងៗនៅសាលាបឋមសិក្សាអង្គមន្ត្រី
ថ្ងៃ០៤ ខែឧសភា ឆ្នាំ២០១៩ មេក្រុមកាយរឹទ្ធិនៃព្រះសហគមន៍សន្តីម៉ារីញញឹមភូមិចំការទៀង បានចុះសួរសុខទុក្ខក្មេងៗនៅសាលាបឋមសិក្សាអង្គមន្ត្រី និងបឋមសិក្សានិគ្រោធារាម ក្នុងនោះក៏បាននាំយកនូវសៀវភៅសរសេរចំនួន ២៥០ក្បាល ប៊ិច ២០០ដេីម និងខ្មៅដៃចំនួន ២០០ដេីម ជូនដល់សាលា ទុកសម្រាប់ឱ្យសាលាឧបត្ថម្ភដល់កូនក្មេងដែលខ្វះខាតសម្ភារ:សិក្សា។
សិក្ខាសិលាផ្សព្វផ្សាយអំពីការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍នៅវិទ្យាស្ថាន សន្តប៉ូល
ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៩: ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសិលាផ្សព្វផ្សាយអំពីការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ ចលនាប្រលងប្រជែងអ្នកជំនាញទេសចរណ៍គំរូ គម្រោងកម្ចីសិក្សា និងឳកាសទីផ្សារការងារ និងមុខរបរក្នុងវិស័យទេសចរណ៍ ជូនដល់សិស្ស និស្សិតចំនួន ៧៥ នាក់ដែលកំពុងសិក្សាជំនាញគ្រប់គ្រងទេសចរណ៍ នៅវិទ្យាស្ថានសន្តប៉ូល និងវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ។
ប្រសិទ្ធីពរលើប្រេងនៃព្រះសហគមន៍កាតូលិកកម្ពុជា
គ្រីស្តបរិស័ទកាតូលិកមកពីភូមិភាគភ្នំពេញ បាត់ដំបង និងកំពង់ចាមជាច្រើនរយនាក់ និងបូជាចារ្យកាតូលិកទាំងអស់ នៅកម្ពុជា បានប្រារព្ធអភិបូជាប្រសិទ្ធីពរលើប្រេងម្រាប់ព្រះសហគមន៍ទាំងអស់ឲ្យធ្វើជាសាក្សីនៃព្រះយេស៊ូ ដែលជាប្រពៃណីព្រះសហគមន៍កាតូលិក ក្រោមអធិបតីភាព លោកអភិបាលនៃព្រះសហគមន៍ទាំងបីភូមិភាគ រួមជាមួយអស់លោកបូជាចារ្យទាំងអស់ដែលនៅក្នុងប្រទេសកម្ពុជា នាល្ងាចថ្ងៃទី៩ មេសា ២០១៩ នៅព្រះវិហារសន្តសិលា និសន្តប៉ូល ក្នុងមណ្ឌលសកម្មភាពភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី។ នៅពេលតំណាងគ្រីស្តបរិស័ទ និងជាតំណាងគណៈកម្មាធិការសំខាន់ទាំងបីមានគណៈកម្មការពិធីបុណ្យ គណៈកម្មការសង្គហៈ និងគណៈកម្មការអប់រំជំនឿ) នៅក្នុងព្រះសហគមន៍កាតូលិក បានហែថូប្រេងទាំងបីប្រភេទចូលមកក្នុងអង្គពិធី ដោយមានលោកអភិបាលនីមួយៗចាំទទួល និងអធិដ្ឋានទូលអង្វរព្រះជាម្ចាស់ទៅតាមប្រភេទនៃប្រេងដែលត្រូវប្រើស្របតាមប្រពៃណីនៃព្រះសហគមន៍កាតូលិកផងដែរ។
បេក្ខជន១២រូបទទួលជីវិតថ្មីរួមជាមួយព្រះយេស៊ូនារាត្រីបុណ្យចម្លង
ព្រះវិហារព្រះកុមារយេស៊ូ បឹងទំពុន បានប្រារព្ធពិធីអគ្គសញ្ញាជ្រមុជទឹកដល់បេក្ខជ១២ ដែលជាសញ្ញាម្គាល់នៃការទទួលជីវិតថ្មីរួមស្លាប់ និងរួមរស់ជាមួយព្រះគ្រីស្ត។ ពិធីនេះបានប្រព្រឹត្តទៅនាថ្ងៃទី ២០ មេសា ២០១៩ នៅព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងត្បូង សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោកបូជាចារ្យ ដាមីញ៉ាំង ហ្វានឺ និងមានគ្រីស្តបរិស័ទចម្រុះជាតិសាសន៍ចូលរួមយ៉ាងច្រើនកុះករ។ ក្នុងអង្គពិធីលោកបូជាចារ្យ សម្ដែងធម្មទេសនា ដើម្បីដាស់តឿន ក្រើនរំឭកដល់គ្រីស្តបរិស័ទ ជាពិសេសបេក្ខជនទាំងនោះថា៖ ព្រះយេស៊ូបានរស់ឡើងវិញដ៏រុងរឿងពីចំណោមមនុស្សស្លាប់យ៉ាងពិតប្រាកដ និងបន្តិចទៀតមានមនុស្ស១២នាក់ដែលនឹកជ្រមុជចូលទៅក្នុងទឹកដើម្បីរួមស្លាប់
លោក សួន យឿន៖ «ជំនឿគឺជាសេចក្តីក្លាហានសម្រាប់ខ្ញុំ»
លោក សួន យឿន វ័យ៧៦ឆ្នាំ មានកូនប្រុសស្រី៤នាក់ក្នុងក្រុមគ្រួសារជាគ្រីស្តបរិស័ទ មានទីលំនៅក្នុងសង្កាត់បឹងទំពុន រាជធានីភ្នំពេញ។ ទោះបីជាមានវ័យចាស់បន្តិចក៏ដោយ តែលោកបានបង្ហាញជំនឿរបស់ខ្លួនថា៖«ខ្ញុំជឿ និងស្រលាញ់ព្រះជាម្ចាស់តាំងពីដើមរហូតមក បើទោះបីជា មិនទាន់ជាគ្រីស្តបិរ័ទពេញលេញក៏ពិតមែនគឺខ្ញុំតែងផ្ញើជីវិតទាំងស្រុងទៅព្រះជាម្ចាស់ដើម្បីតម្រង់ជីវិត និងបំភ្លឺផ្លូវខ្ញុំកន្លងមកតាមរយៈអធិដ្ឋាន និងការធ្វើទានជាមួយអ្នកដទៃ»។ តាមការឱ្យដឹងពីលោកយឿន គឺលោកបានទទួលរៀនអប់រំជំនឿតាំងពីឆ្នាំ១៩៩២នៅជំរំសាយធូ តែដោយសារតែរវល់ នឹងបំពេញកិច្ចការដើម្បីផ្គត់ផ្គង់ជីវភាព ព្រោះកាលនោះ គ្រួសារលោកជួបការលំបាកជាខ្លាំងរួមនឹងការអាក់អន់ស្រពន់ចិត្តនឹងរឿងរ៉ាវមួយចំនួន នាំឱ្យប៉ះទង្គិចផ្លូវចិត្តផង ទើបធ្វើឱ្យលោកមិនបានបន្តការឈ្វេងយល់ជំនឿជាមួយប្រពន្ធកូនរហូតមក។ ក្នុងឆ្នាំ២០១៨លោកបានកែប្រែចិត្តគំនិតពីការជឿលើព្រះយេស៊ូគ្រីស្ត ដោយមកបន្តរៀនអប់រំជំនឿរហូតបានទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងឆ្នាំ២០១៩នៅរាត្រីបុណ្យចម្លង នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន។
លោកអភិបាលអូលីវីយេ៖ បង្រៀនកូនៗឲ្យមានបេះដូងធំ និងសេចក្តីស្រលាញ់ពិតប្រាកដ
ក្នុងរាត្រីបុណ្យចម្លង កាលពីថ្ងៃអាទិត្យទី២១ ខែមេសា ឆ្នាំ ២០១៩កន្លងទៅ លោកអភិបាលអូលីវីយេ បានរំលឹកដាស់តឿនដល់គ្រីស្តបរិស័ទទាំងអស់នៅក្នុងព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ឲ្យបង្រៀនកូនចៅរបស់ខ្លួនឲ្យមានបេះដូងដ៏ធំ ដើម្បីមើលទៅអស់បងប្អូនដែលក្រីក្រ ប្រកបដោយសេចក្តីស្រលាញ់យ៉ាងពិតប្រាកដ ព្រោះថាសេចក្តីស្រលាញ់មានតម្លៃសំខាន់បំផុត សម្រាប់ពីភពលោកយើងនេះ ដែលពោរពេញដោយការប្រកួតប្រជែង និង ភាពអាត្មានិយម។ ជាពិសេសនៅក្នុងប្រទេសកម្ពុជាយើងដែល សព្វថ្ងៃនេះបានឲ្យតម្លៃយ៉ាងខ្លាំងបំផុតលើមាស ប្រាក់លុយ (ប្រាក់ជាស្តេច)។ លោកអភិបាលបញ្ជាក់ថា៖ ១. យកចិត្តទុកដាក់ចំពោះបងប្អូនក្រីក្រ ជាពិសេស កុមារ និងចាស់ជរា ។ ២.កសាងភាតរភាព
បងប្អូនចំនួន៥៥នាក់ទទួលអគ្គសញ្ញាជ្រមុជទឹក នៅព្រះវិហារសន្តញញឹម ចម្ការទៀង
តាកែវ៖ បងប្អូនចំនួន ៥៥ នាក់ ដែលមកពីបួនកន្លែងផ្សេងៗគ្នាក្នុងខេត្តតាកែវ បានទទួលអគ្គសញ្ញាជ្រមុជទឹក នៅព្រះវិហារសន្តីម៉ារីញញឹម ចម្ការទៀង នារាត្រីបុណ្យចម្លង កាលពីថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ក្រោមអធិបតិភាពរបស់លោកអភិបាលអូលីវីយេ។ បងប្អូនទាំងនោះមកពីព្រះសហគមន៍ត្រពាំងក្រញូង ជាព្រះសហគមន៍ថ្មី ដែលមានអ្នកទទួល អគ្គសញ្ញាជ្រមុទឹកលើកដំបូង។ បងប្អូនមកពីព្រះសហគមន៍សន្តប៉ូល បងប្អូនមកពី ព្រះសហគមន៍តាកែវក្រុង និងបងប្អូនមកពីព្រះសហគមន៍សន្តីម៉ារីញញឹមផ្ទាល់។ លោកអភិបាល អូលីវិយេ
មេកាយឫទ្ធិត្រូវតែមានកម្លាំងដើម្បីបម្រើ
កាលពីថ្ងៃទី០៦–០៩ ខែមេសា ឆ្នាំ២០១៩ ការិយាល័យយុវជន ជំទង់ និងកុមារនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានរៀបចំកម្មវិធីបោះជំរំក្រុមកាយឫទ្ធិ នៅព្រះសហគមន៍ព្រះត្រៃឯកគិរីវង់ ខេត្តតាកែវ ដែលក្នុងនោះមានការចូលរួមពីលោកបូជាចារ្យ មេក្រុមកាយឫទ្ធិ និងកូនៗកាយឫទ្ធិ មកពីមណ្ឌលសកម្មភាពកំពង់សោម មណ្ឌលសកម្មភាពកំពត និងមណ្ឌលសកម្មភាពតាកែវ ជាង៤០០នាក់។ លោក ឡិឈឺផាន អេគូអាម ឆាលេស ជាបូជាចារ្យទទួលខុសត្រូវកម្មវិធីកាយឫទ្ធិភូមិភាគភ្នំពេញ បានថ្លែងក្នុងធម្មទេសនាបើកកម្មវិធីបោះជំរំនេះថា មេក្រុមកាយឫទ្ធិគឺជាការត្រាស់ហៅរបស់ព្រះជាម្ចាស់ ហើយមេក្រុមនេះ មានកម្លាំងដើម្បីបម្រើកូនក្រុម
លោកអភិបាលព្រះសហគមន៍កាតូលិក អូលីវីយេ ជួបសំណេះសំណាលជាមួយគ្រួសារអ្នកជំងឺ និងរស់នៅជាមួយមេរោគអេដស៍
លោកអូលីវីយេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានជួបសំណេះសំណាលជាមួយបងប្អូន អ្នកជំងឺ និងរស់នៅជាមួយមេរោគអេដស៍ចំនួន ១០០ គ្រួសារ នៅមន្ទីធម្មការ និងសាសនាខេត្តតាកែវ នាឱកាសអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ដោយមានកិច្ចសហការ រវាងព្រះសហគមន៍កាតូលិក និងមន្ទីរធម្មការ និងសាសនាខេត្តតាកែវ។ បងប្អូងទាំង១០០គ្រួសារនេះមកពីតំបន់មួយចំនួននៅជុំវិញខេត្តតាកែវ។ ក្នុងនោះដែរលោក គាំ ដាំផេង អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តតាកែវថា ពិធីសំណេះសំណាលនេះជាសក្ខីភាពមួយបញ្ជាក់ពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ព្រះសហគមន៍កាតូលិក និងអរគុណដល់លោកអភិបាលអូលីវីយេដែលតែងតែចូលរួមយ៉ាងសកម្មនិងយកអំណោយចែកឲ្យអ្នកទាំងអស់គ្នានៅក្នុងខេត្តតាកែវប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព។ ក្នុងពិធីនេះលោកអភិបាលអូលីវីយេបើមានប្រសាសន៍ថា នេះជាឱកាសមួយដើម្បីជូនពរដល់បងប្អូនទាំងអស់ឲ្យមានកម្លាំងចិត្តតស៊ូនិងមានសេចក្ដីសុខជាប្រចាំ។ លោកថាបញ្ហារបស់យើងគឺជំងឺប្រចាំថ្ងៃហើយអ្វីដែលសំខាន់បំផុតគឺជីវិតរបស់យើងសព្វថ្ងៃដែលមានទាំងសុខនិងមានទុក្ខ។ លោកអភិបាលបានលើកទឹកចិត្ត បន្តទៀតថា នៅក្នុងខេត្តតាកែវយើងមានជាង 2 ពាន់នាក់ដែលមានជំងឺនេះខ្ញុំបានអាន ព័ត៌មានថា5 ឆ្នាំទៀតនឹងមានវ៉ាក់សាំងការពារ ជំងឺអេដស៍ ប៉ុន្តែសំខាន់សូមឲ្យយើងប្រយ័ត្ន កុំឱ្យមានដៃគូថ្មីគឺមានប្រពន្ធតែមួយ និងប្រើប្រាស់ថ្នាំឲ្យបានទៀងទាត់។ ក្នុងឱកាសនេះដែរលោកអភិបាល ប័ណ្ណស្នើសុំ ដល់យាយៗដែលមានវត្តមាននៅទីនេះ ជួយអប់រំដល់យុវជនបន្តទៀត។ លោកបន្តថាសន្តិភាពសំខាន់ណាស់ជាពិសេសនៅពេលដែលយើងចូលឆ្នាំថ្មីជាពេលវេលាដែលយើងជូនពរគ្នាទៅវិញទៅមក នៅពេលដែលទេវតាចុះនៅថ្ងៃអាទិត្យយើងមានព្រះពរពីឋានលើមកមែនប៉ុន្តែសូមកុំភ្លេចជូនពរគ្នាទៅវិញទៅមក។ លោកបញ្ជាក់ទៀតថា យើងរកឃើញសេចក្ដីសុខនៅក្នុងជីវិតដោយចេះរួបរួមគ្នាជាគ្រួសារតែមួយ ចេះគោរពគ្នាជាបងប្អូន ហើយអ្វីដែលសំខាន់ទោះជាយើងសាសនាណាក្ដីគឺជាបងប្អូននិងជាជនជាតិខ្មែរចេះស្រឡាញ់គ្នាកសាងជាតិដោយសមត្ថភាពរបស់យើងផ្ទាល់។ តាមប្រសាសន៍របស់លោកគាំ ដាំផេងបានឲ្យដឹងថាពិធីនេះប្រព្រឹត្តទៅដោយមានការសហការល្អពីព្រះសហគមន៍និងមន្ទីរធម្មការនិងសាសនាខេត្តតាកែវ។ ក្នុងពិធីនេះអ្នកជំងឺក្នុងមួយគ្រួសារទទួលបានសាប៊ូដុសខ្លួនសាប៊ូលាងចាន សាប៊ូបោកខោអាវ ទឹកត្រីទឹកស៊ីអ៊ីវ អង្ករ និងថវិកាមួយចំនួន។
ការីតាស់កម្ពុជា បើកដំណើរការគម្រោងលើកកម្ពស់បរិយាបន្នសង្គមដល់ជនមានពិការភាព
អង្គការការីតាសកម្ពុជា សហការជាមួយអង្គការការីតាស់អាល្លឺម៉ង់ បានបើកដំណើរការលើគម្រោងលើកកម្ពស់បរិយាប័ន្នសង្គម ដើម្បីធ្វើការចែករំលែក និងលើកកម្ពស់ដល់ជនរងគ្រោះគ្រប់ស្ថានភាពដែលមាននៅក្នុងសង្គមទាំងផ្លូវចិត្តនិងរាងកាយនាព្រឹកថ្ងៃទី 9 មេសាឆ្នាំ 2019 នៅអង្គការការីតាសកម្ពុជាសង្កាត់បឹងព្រលឹតខណ្ខ7 មករា រាជធានីភ្នំពេញ ដោយមាន តំណាងអង្គការ និងស្ថាប័នពាក់ព័ន្ធមួយចំនួនបានចូលរួមជាច្រើនកុះករ។ លោក គឹម រតនា នាយកប្រតិបត្តិនៃអង្គការការីតាសកម្ពុជា បានថ្លែងថាគម្រោងថ្មីរបស់អង្គការការីតាសនេះគឺដើម្បីជួយដល់ជនរងគ្រោះមានរយៈពេល 3 ឆ្នាំ ដោយមាន សហប្រតិបត្តិការពីការីតាសអាល្លឺម៉ង់ និងអនុវត្តដោយ ការីតាស់កម្ពុជា នៅក្រុងតាខ្មៅនិងសៀមរាប។ លោកបានបន្តថានេះជាគម្រោងបន្ថែមលើការងារដែលការីតាសកម្ពុជាបានធ្វើក្នុងពេលបច្ចុប្បន្នដែលកំពុងជួយដល់អ្នកក្រីក្រ និងអ្នកដែលគ្មានឱកាសនៅក្នុងសង្គម។ លោកសង្ឃឹមថាគម្រោងនេះ និងពង្រឹងសមត្ថភាពការីតាស់កម្ពុជា ដើម្បីលើកកម្ពស់បរិយាប័ន្ន ដោយមានគោលដៅលើកកម្ពស់សិទ្ធិមនុស្សជាពិសេសសិទ្ធិជនមានពិការភាព។ លោកនាយកប្រតិបត្តិរូបនេះក៏បានលើកផងដែរថា បន្ទាប់ពីសង្គ្រាម 40 ឆ្នាំកម្ពុជាមានការរីកចម្រើនប៉ុន្តែក៏មានឧបសគ្គ មួយចំនួនដល់ជនងាយរងគ្រោះ ជាពិសេសជនមានពិការភាព ដើម្បីចូលរួមក្នុងវិស័យនានាទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ គោលនយោបាយនិងសេដ្ឋកិច្ចជាដើម។ លោកថាការធ្វើបរិយាប័ន្ននេះធ្វើយ៉ាងណាដើម្បីឲ្យសង្គមរបស់យើងមានការយល់ដឹងមានបរិយាកាសមួយដែលអាចផ្ដល់លទ្ធភាពដោះស្រាយរាល់ឧបសគ្គទាំងអស់ និងស្វាគមន៍ ក៏ដូចជាការផ្ដល់ឱកាស ឲ្យអ្នកងាយរងគ្រោះមានភាពស្មើគ្នា ដើម្បីជួយឱ្យជីវិតរបស់គេកាន់តែប្រសើរឡើង។ ចំណែកលោក អេនរីកេ ហ្វីការេដូ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង និងជាអភិបាលទទួលខុសត្រូវនៃអង្គការការីតាសកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីនេះមានសារៈសំខាន់សម្រាប់ការីតាស់កម្ពុជាចូលទៅក្នុងសង្គមដើម្បីជួយដល់រដ្ឋាភិបាលកម្ពុជានិងជួយដល់ជនមានពិការភាព។ លោកមានប្រសាសន៍បន្តទៀតថា កម្មវិធីនេះជួយឱ្យគ្រួសារដែលមានជនពិកាភាពដែលមិនហ៊ានចូលទៅក្នុងសង្គម។ លោកបញ្ជាក់ថាសព្វថ្ងៃយើងមាន មនុស្សមានជំងឺអូទីសឹមច្រើន ហើយកម្មវិធីនេះអាចជួយឲ្យគាត់ចូលរៀន នៅក្នុងសង្គមបាន។ លោកអភិបាលថាឥឡូវនេះមានកម្មវិធីពិសេសថ្មីគឺជួយឲ្យបងប្អូនដែលមានពិការភាពទូទៅអាចចូលរួមនៅក្នុងសង្គម ដូចមនុស្សទូទៅ។ លោកបន្តទៀតថាឧបសគ្គដែលជនពិការមានគឺមិនមែនមកពីខ្លួនគាត់ផ្ទាល់ទេគឺជាសង្គមមួយដែលត្រូវមានយុត្តិធម៍សម្រាប់ទាំងអស់គ្នា ដូចជាពេលដែលជនពិការចូលក្នុងបន្ទប់ទឹកគឺអាចឲ្យរទេះរបស់គាត់ចូលបាន។ លោកអភិបាលគីគេ សង្ឃឹមថាចាប់ពីពេលនេះទៅយើងមានទស្សនៈថ្មី គឺគិតពីសមត្ថភាពដែលជនពិការមាន ច្រើនជាងបញ្ហាប្រឈមរបស់គេ។គេមានសមត្ថភាព ច្រើនជាងឧបសគ្គដែលគេមាន។ ក្រៅពីកិច្ចស្វាគមន៍និងអនុសាសន៍ផ្សេងៗរបស់ថ្នាក់ដឹកនាំអង្គការការីតាសកម្ពុជានិងអង្គការការីតាសអាឡឺម៉ង់ អស់អ្នកដែលបានចូលរួមទាំងអស់ ក៏បានស្ដាប់អំពីសក្ខីភាពរបស់មាតាបិតា ដែលមានកូនជាជនពិការ និងយុវជនដែលជាជនពិការផ្ទាល់ ដែលធ្លាប់ទទួលរងនូវការប្រមាថមើលងាយពីអ្នកជុំវិញក៏ប៉ុន្តែ ពួកគាត់នៅតែមានក្ដីសង្ឃឹមថាអាចចូលរួមនៅក្នុងសង្គមដូចគេដូចឯងបាន។ គម្រោង លើកកម្ពស់បរិយាប័ន្នសង្គមនេះនឹងដាក់ឲ្យដំណើរការរយៈពេល 3ឆ្នាំគឺចាប់ពីឆ្នាំ 2019 រហូតដល់ឆ្នាំ 2021។ ក្រៅពីគម្រោងនេះ ការីតាសកម្ពុជាក៏បានយកចិត្តទុកដាក់ផ្ដល់សេវាកម្មពង្រឹងសមត្ថភាពសម្របសម្រួលលើគ្រប់វិស័យដើម្បីលើកកម្ពស់ជនក្រីក្រដែលមកពីគ្រួសារជនមានពិការភាព ជាពិសេស មានការអប់រំជាប្រព័ន្ធសម្រាប់ស្ត្រី និងអប់រំវិជ្ជាជីវៈដល់ស្ត្រីដែលរងគ្រោះដោយសារការបំពានផ្លូវភេទព្រមទាំងយុវជនយុវនារីទាំងអស់ក៏ដូចជាកុមារឲ្យមានបំណិនជីវិត និងស្វែងរកឱកាសដើម្បីចូលរួមនៅក្នុងសង្គម ក៏ដូចជាការរួមចំណែកនៃការអភិវឌ្ឍសង្គមកម្ពុជាទាំងមូលផងដែរ។