ព្រះសហគមន៍កាតូលិកអបអរសាទរពិធីឆ្លង និងប្រទានពរព្រះវិហារថ្មី «សន្តីម៉ារីម៉ាដាឡា» នៅស្វាយប៉ាក

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកស្វាយប៉ាក (គីឡូលេខ១១ រាជធានីភ្នំពេញ) បានប្រារព្ធពិធីបុណ្យ និងប្រទានពរព្រះវិហារថ្មីរបស់ខ្លួនយ៉ាងអធិកអធម ដែលមានឈ្មោះថា «ព្រះវិហារសន្តីម៉ារីម៉ាដាឡា» ក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េជ្មីតហស្លេ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាល សិលាសួន ហង្សលី និងលោកបូជាចារ្យជាច្រើនអង្គ។ ព្រឹត្តិការណ៍នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយនៃជីវិត និងការរីកចម្រើនរបស់ព្រះសហគមន៍កាតូលិកនៅក្នុងតំបន់នេះ។

នៅក្នុងពិធីនេះ លោកអភិបាល អូលីវីយ៉េ បានរំលឹកអំពីប្រវត្តិ និងការធ្វើដំណើររបស់ព្រះសហគមន៍ ដោយភ្ជាប់ជាមួយនឹងបទពិសោធន៍ផ្ទាល់របស់លោក។ លោកបានបញ្ជាក់ថា រយៈពេល ២៨ ឆ្នាំដែលរូបលោកទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ គឺស្របពេលគ្នានឹងការឈានជើងមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅក្នុងឆ្នាំ១៩៩៨។

លោកបានរំលឹកពីទិដ្ឋភាពចាស់ៗនៅតំបន់ស្វាយប៉ាក ការវិវឌ្ឍរបស់ព្រះសហគមន៍ និងបានសម្តែងការនឹករលឹកដល់គ្រីស្តបរិស័ទចាស់ទុំជាច្រើន ដែលបានរួមចំណែកកសាងព្រះសហគមន៍តាំងពីដើមរៀងមក។ ការសម្ពោធព្រះវិហារនៅស្វាយប៉ាកថ្ងៃនេះ គឺជាសមិទ្ធផលដ៏ធំទីពីរ បន្ទាប់ពីការកសាងព្រះវិហារមួយទៀតនៅតំបន់សែនសុខ របស់លោកបូជាចារ្យ អូគូស្ទីន យ៉ុងហ៊ីអុក វ៉ុន ជាសាសនទូតកូរ៉េ។

ក្នុងធម្មទេសនា លោកអភិបាលបានលើកអំពីប្រវត្តិរបស់សន្តីម៉ារីម៉ាដាឡា (St. Mary Magdalene) ដែលជាឧបការីនីនៃព្រះវិហារនេះ ដោយលោកបានគូសបញ្ជាក់នូវចំណុចសំខាន់ៗដូចជា៖

  • គ្រីស្តទូតនៃក្រុមគ្រីស្តទូតទាំងឡាយ៖ ដោយផ្អែកតាមប្រសាសន៍របស់សន្តថូម៉ាស អាគីណាស់ លោកអភិបាលបានលើកឡើងថា សន្តីម៉ារីម៉ាដាឡា គឺជាសាវ័កដំបូងគេបង្អស់ដែលបានឃើញព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ហើយបានយកដំណឹងល្អនេះទៅប្រកាសប្រាប់ដល់គ្រីស្តទូតដទៃទៀត។
  • ការប្រែចិត្ត និងភក្តីភាព៖ សន្តីម៉ារីម៉ាដាឡា ជាគំរូដ៏វិសេសវិសាលនៃការប្រែចិត្តគំនិតទាំងស្រុង បន្ទាប់ពីទទួលបានការលើកលែងទោស និងការព្យាបាលពីព្រះយេស៊ូ។ សន្តីម៉ារីម៉ាដាឡា បានបង្ហាញភក្តីភាព និងសេចក្តីក្លាហានយ៉ាងមុតមាំ ដោយមិនព្រមបោះបង់ ឬរត់ចោលព្រះយេស៊ូឡើយ សូម្បីតែនៅវេលាដែលព្រះអង្គជាប់ឆ្កាង និងសុគត ខណៈដែលសាវ័កផ្សេងៗបានរត់គេចខ្លួនអស់។
  • ទំនាក់ទំនងផ្ទាល់ជាមួយព្រះជាម្ចាស់៖ ជំនឿពិតប្រាកដ គឺជាទំនាក់ទំនងផ្ទាល់ជាមួយព្រះជាម្ចាស់។ នៅពេលព្រះយេស៊ូហៅឈ្មោះ «ម៉ារី» នៅឯផ្នូរ នាងអាចចំណាំសំឡេងព្រះអង្គបានភ្លាមៗ ដែលនេះសបញ្ជាក់ពីភាពស្និទ្ធស្នាលខាងផ្លូវវិញ្ញាណ និងសេចក្តីជំនឿដ៏មុតមាំ។

ជាចុងក្រោយ លោកអភិបាល អូលីវីយ៉េ បានរលឹកដល់គ្រីស្តបរិស័ទទាំងអស់ថា កុំឲ្យផ្តោតសំខាន់តែលើអាគារព្រះវិហារដែលទើបនឹងសាងសង់រួច (ទោះបីជាថ្ងៃនេះមានអ្នកចូលរួមច្រើនកុះករ)។ អ្វីដែលសំខាន់បំផុតនោះគឺ គ្រីស្តបរិស័ទម្នាក់ៗត្រូវតែក្លាយជា «ថ្មដែលមានជីវិត» ដែលមានទំនាក់ទំនងផ្ទាល់ជាមួយព្រះជាម្ចាស់។
លោកបានលើកទឹកចិត្តឲ្យបងប្អូនគ្រីស្តបរិស័ទទាំងអស់ បន្តកែប្រែចិត្តគំនិត ដើរតាមគំរូសន្តីម៉ារីម៉ាដាឡា និងបន្តប្រកាសដំណឹងល្អ ចែករំលែកសេចក្តីស្រឡាញ់ដល់អ្នកជុំវិញខ្លួន ក្នុងគ្រប់កាលៈទេសៈនៃជីវិត មិនថាក្នុងពេលសុខស្រួល ឬពេលរងទុក្ខលំបាកឡើយ ដើម្បីជាសាក្សីនៃសេចក្តីពិត៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email