“ទៅដល់ទីកន្លែងដើម្បីផ្តល់សក្ខីភាព”
បងប្អូនជាទីស្រឡាញ់
សប្ដាហ៍មុន យើងបានស្ដាប់ “បីថែរក្សា” ដែលយើងមាន “បីកុំ បីការពារ” របស់រាជរដ្ឋាភិបាល។ បីថែរក្សា ដែលណែនាំឱ្យយើងទទួលខុសត្រូវខ្ពស់ ណែនាំឱ្យយើងបង្ហាញអំពីសាមគ្គីភាព និងណែនាំឱ្យយើងយកចិត្តទុកដាក់អធិដ្ឋាន។
ថ្ងៃនេះ ដែលព្រះយេស៊ូឡើងស្ថានបរមសុខ ជាពេលវេលាសម្រាប់យើងដែលជាក្រុមសាវ័ករបស់ព្រះអង្គនៅពេលបច្ចុប្បន្ននេះ ដើម្បីបន្តគិតពិចារណា តើយើងធ្វើដូចម្ដេចដើម្បីបង្ហាញសេចក្តីស្រឡាញ់ដល់បងប្អូនឯទៀតៗ? សេចក្តីស្រឡាញ់ ដែលយើងត្រូវការបង្ហាញយ៉ាងជាក់ស្ដែង ជាពិសេសនៅក្នុងពេលវេលាកូវីដ-១៩ គឺយកចិត្តទុកដាក់ដើម្បីការពារ បីកុំ បីការពារ និងបីថែរក្សា។ ថ្ងៃនេះ នៅក្នុងអត្ថបទទី២ លោកប៉ូលដែលបង្ហាញអត្ថន័យបន្ថែមទៀតអំពីសេចក្តីស្រឡាញ់គឺ “សូមដាស់តឿនបងប្អូននៅក្នុងព្រះនាមព្រះអម្ចាស់ថា ដោយព្រះជាម្ចាស់បានត្រាស់ហៅបងប្អូន ចូររស់នៅឱ្យបានសមរម្យនឹងការត្រាស់ហៅនេះទៅ ចូរបន្ទាបខ្លួន មានចិត្តស្លូតបូត និងចេះអត់ធ្មត់ ព្រមទាំងទ្រាំទ្រគ្នាទៅវិញទៅមកដោយសេចក្តីស្រឡាញ់ យកចិត្តទុកដាក់ថែរក្សាឯកភាព ដែលមកពីព្រះវិញ្ញាណ ដោយយកសេចក្តីសុខសាន្តធ្វើជាចំណងប្រាស្រ័យទាក់ទងគ្នា”។ នៅពេលដែលយើងបានស្ដាប់នេះ យើងបានឃើញបីចំណុចធំ ដែលណែនាំឱ្យយើងយល់យ៉ាងជ្រៅនៅក្នុងរបៀបដែលព្រះសហគមន៍ របៀបដែលព្រះជាម្ចាស់ផ្ទាល់ណែនាំឱ្យយើងចេះស្រឡាញ់គ្នាទៅវិញទៅមក។
ឥរិយាបថនៃជីវិតរបស់យើង ឥរិយាបថដែលយើងត្រូវការបង្កើតនៅក្នុងដួងចិត្តរបស់យើង និងឥរិយាបថនេះគឺឱ្យយើងដាក់ខ្លួន ឱ្យយើងបន្ទាបខ្លួន។ យើងមិនមែនអ្នកធំ ដែលត្រូវការតែចាំគេបម្រើយើង យើងមិនមែនជាអ្នកធំ ដែលចង់ចាំអ្វីៗទាំងអស់ពីបងប្អូនឯទៀតៗ។ ផ្ទុយទៅវិញ ទោះបីយើងមានឋានៈខ្ពស់ក៏ដោយ ទោះបីយើងមានឋានៈទាបក៏ដោយ នៅក្នុងព្រះសហគមន៍ក្តី នៅក្នុងសង្គមក្តី នៅក្នុងការិយាល័យនីមួយៗរបស់ព្រះសហគមន៍ភូមិភាគភ្នំពេញក្តី យើងដឹងថាយើងជាអ្នកបម្រើគ្នាទៅវិញទៅមក។ ដូច្នេះ ឥរិយាបថនេះសំខាន់ណាស់ ឱ្យយើងសុខចិត្តបន្ទាបខ្លួន ដាក់ខ្លួន ដើម្បីឱ្យខ្លួនរបស់យើងយកចិត្តទុកដាក់បម្រើបងប្អូនឯទៀតៗអស់ពីសមត្ថភាព។ នេះគឺជាសេចក្តីស្រឡាញ់ ដែលអាចបង្ហាញយ៉ាងជាក់ស្ដែង។
ព្រះជាម្ចាស់បានបន្ត ដើម្បីឱ្យយើងចេះស្រឡាញ់តាមរបៀបសន្ត ប៉ូល បានទទួលព្រះពន្លឺពីព្រះវិញ្ញាណដ៏វិសុទ្ធ គឺឱ្យយើងមានចិត្តស្លូតបូត និងមានចិត្តអត់ធ្មត់។ ចិត្តអត់ធ្មត់ សំខាន់ណាស់ដោយសារប៉ុន្មានដងប៉ុន្មានសារ យើងចង់ឱ្យបានភ្លាមៗប៉ុន្តែយើងត្រូវការរំលឹក យើងត្រូវការធ្វើដំណើរជាមួយគ្នា។ នេះជាឥរិយាបថរបស់គ្រីស្តបរិស័ទ ឥរិយាបថនៃគ្រីស្តបរិស័ទដើម្បីរស់នៅក្នុងព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដមែន គឺបន្ទាបខ្លួន មានចិត្តស្លូតបូត មានចិត្តអត់ធ្មត់ ដើម្បីធ្វើការជាមួយគ្នា។ នេះហើយ យើងអាចមានសកម្មភាពយ៉ាងជាក់ស្ដែង ប៉ុន្តែតើសកម្មភាពនោះមានន័យដូចម្ដេច? សន្ត ប៉ូល បានបន្តថា “ព្រមទាំងទ្រាំទ្រគ្នាទៅវិញទៅមក”។ ទ្រាំទ្រគ្នាទៅវិញទៅមក ក្នុងនេះមានអត្ថន័យច្រើនណាស់ អត្ថន័យមួយគឺជួយគ្នាទៅវិញទៅមក អត្ថន័យមួយទៀតគឺតស៊ូជាមួយគ្នាទៅវិញទៅមក អត្ថន័យមួយទៀតគឺលើកទឹកចិត្តគ្នាទៅវិញទៅមក អត្ថន័យមួយទៀតគឺយល់ចិត្តគ្នាទៅវិញទៅមក។ ខ្ញុំគិតថា នេះជារបៀបមួយដែលនាំឱ្យយើងមានផលផ្លែយ៉ាងច្រើន នៅក្នុងសកម្មភាពរបស់យើងជាព្រះសហគមន៍ ជាគ្រីស្តបរិស័ទ គឺធ្វើដូចម្ដេចដើម្បីឱ្យសេចក្តីស្រឡាញ់ ដែលយើងបានទទួលពីព្រះជាម្ចាស់ ដែលយើងថែរក្សានៅក្នុងឥរិយាបថដាក់ខ្លួន នៅក្នុងឥរិយាបថមានចិត្តអត់ធ្មត់ មានចិត្តស្លូតបូត បានចេញផ្លែយ៉ាងជាក់ស្ដែង។ នឹងផ្លែនេះ គឺណែនាំឱ្យព្រះសហគមន៍របស់យើង ក៏ដូចជាសង្គមរបស់យើង អាចទទួលសេចក្តីសុខដ៏ពិតប្រាកដ យល់ចិត្តគ្នា តស៊ូជាមួយគ្នា លើកទឹកចិត្តគ្នា ធ្វើដំណើរជាមួយគ្នា ដូចរបៀបព្រះយេស៊ូពីដើម។
សម្រាប់យើងជាគ្រីស្តបរិស័ទ ឱ្យយើងយកចិត្តទុកដាក់រក្សាឯកភាព ដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ នៅក្នុងព្រះសហគមន៍កាតូលិកយើងឥតមានគណបក្ស ឥតមានគណបក្សប្រឆាំង ឥតមានគណបក្សកាន់អំណាច ឬគណបក្សមួយដែលយើងគិតថានេះយើងគាំទ្រ នោះយើងមិនគាំទ្រ។ នៅក្នុងព្រះសហគមន៍ យើងដឹងថាយើងមានព្រះយេស៊ូគ្រីស្ត ដែលជាព្រះសិរសារដែលបានដឹកនាំយើង។ ដូចសន្ត ប៉ូល បានរំលឹកនៅក្នុងអត្ថបទទី២ដដែល “យើងជាព្រះកាយព្រះគ្រីស្ត” ដូច្នេះ បងប្អូនទាំងអស់មានដៃ មានជើង មានភ្នែក មានត្រចៀក មានច្រមុះ មានមាត់ ហើយយើងធ្វើដំណើរជាមួយគ្នា ដោយមានព្រះសិរសារតែមួយ គឺព្រះយេស៊ូគ្រីស្ដ។ ជាពិសេស យើងបានឃើញយ៉ាងជាក់ស្ដែង នៅក្នុងព្រះសហគមន៍នីមួយៗ។ ដូចជានៅក្នុងភូមិភាគភ្នំពេញ យើងមានសម្ដេចប៉ាបដែលដឹកនាំយើង ហើយយើងសហការជាមួយសម្ដេចប៉ាប ដើម្បីប្រកាសដំណឹងល្អ ដោយសម្ដែងធម៌មេត្តាករុណារបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដមែន។ ដូច្នេះ នៅក្នុងព្រះសហគមន៍យើងអត់មានក្រុមមួយដែលថា ខ្ញុំមិនធ្វើទេ ខ្ញុំអន់ចិត្ត ឬខ្ញុំខឹង ឬខ្ញុំឈប់… មិនមែនទេ។ យើងខិតខំទ្រាំទ្រគ្នាទៅវិញទៅមក ដើម្បីថែរក្សាឯកភាពគ្នា។
ខ្ញុំគិតថានៅក្នុងរដូវកូវីដ-១៩ សម្រាប់យើងជាព្រះសហគមន៍ដែលសព្វថ្ងៃ យើងជួបជុំគ្នាមិនបានយ៉ាងជាក់ស្ដែង ដែលយើងអត់មានឱកាសដើម្បីអប់រំជំនឿយ៉ាងជាក់ស្ដែង ដែលយើងអត់មានឱកាសដើម្បីមានសកម្មភាពរួមគ្នា។ ប៉ុន្តែ យើងយកចិត្តទុកដាក់ពីជិត ពីចម្ងាយ ដើម្បីធ្វើដំណើរជាមួយគ្នានៅក្នុងក្រុមគ្រួសារតែមួយ។ ជួនកាល យើងមានយោបល់ផ្សេងគ្នាពិតមែន ប៉ុន្តែចុងក្រោយបំផុតដើម្បីឯកភាពគ្នា ដើម្បីបង្កើតផ្លែ។ ដោយសារ ឯកភាពគ្នាដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធមានផ្លែ មានផ្លែសំខាន់បំផុតគឺសេចក្តីស្រឡាញ់ដែលយកគោលគឺសេចក្តីសុខសាន្ត។ សេចក្តីសុខសាន្ត ដែលជាផ្លែចុងក្រោយបំផុតដែលយើងទាំងអស់គ្នា ចង់មាន និងចង់បាន។
ដូច្នេះ ថ្ងៃនេះបងប្អូនជាទីស្រឡាញ់ ព្រះសហគមន៍របស់យើង រំឭកអំពីរបៀបដែលយើងត្រូវតែស្រឡាញ់គ្នា ទាំងឥរិយាបថ ទាំងសកម្មភាព ទាំងការថែរក្សាឯកភាពគ្នា ដោយដឹងថានៅក្នុងហ្នឹងយើងអាចទៅជាសាវ័ករបស់ព្រះយេស៊ូគ្រីស្ត ដើម្បីប្រកាសដំណឹងល្អ។ ដោយសារ នេះជាព្រះបន្ទូលចុងក្រោយបំផុតរបស់ព្រះយេស៊ូនៅលើផែនដីនេះគឺ “ចូរនាំគ្នាទៅគ្រប់ទីកន្លែង នៅក្នុងពិភពលោក ហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះ”។ មើលទៅ បេសកកម្មដែលយើងបានទទួលមិនធម្មតាទេ មិនមែនជាបេសកកម្មចង្អៀតចង្អល់មួយ មិនមានជាបេសកកម្មដែលព្រះយេស៊ូបានប្រទានដល់ក្រុមសាវ័កសម្រាប់ស្រុកកាលីឡេមួយ។ ប៉ុន្តែ ព្រះយេស៊ូមានទស្សនវិស័យទូលំទូលាយណាស់ ដូចព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ដែលគ្មានព្រំដែន។ ព្រះយេស៊ូ បានណែនាំឱ្យយើងទៅប្រកាសដំណឹងល្អដល់មនុស្សទាំងអស់ ដល់តំបន់ដាច់ស្រយាលនៃផែនដី នៅគ្រប់ទីកន្លែងក្នុងពិភពលោក។ ដូច្នេះ ប្រសិនបើយើងពិចារណាមួយភ្លែត យើងដែលជាគ្រីស្តបរិស័ទនៅក្នុងសតវត្សទី២១នេះ យើងដែលជាគ្រីស្តបរិស័ទនៅលើទឹកដីភូមិភាគភ្នំពេញ ជាពិសេសនៅក្នុងបរិយាកាសកូវីដ-១៩នេះ តើយើងត្រូវធ្វើដូចម្ដេចដើម្បីអនុវត្តព្រះបន្ទូលរបស់ព្រះយេស៊ូយ៉ាងជាក់ស្ដែង ដើម្បីប្រកាសដំណឹងល្អ?
នៅក្នុងនេះ មានចំណុច២ដែលសំខាន់បំផុតគឺ ផ្ដល់សក្ខីភាព ថ្ងៃនេះយើងប្រារព្ធទិវាទី៥៥ នៃការផ្សព្វផ្សាយព័ត៌មានព្រះសហគមន៍កាតូលិក។ សម្តេចប៉ាប មានសារលិខិតមួយដែលមានចំណងជើងថា “សូមអញ្ជើញមក អ្នកនឹងបានឃើញ”។ តាមពិត អ្នកកាសែត ជាពិសេសអ្នកកាសែតកាតូលិក អ្នកផ្សាយព័ត៌មាន យើងនឹកឃើញដល់ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកកម្ពុជា (CSC)។ យើងសូមអរគុណដល់ (CSC) ដែលបានយកចិត្តទុកដាក់ពីមួយថ្ងៃទៅមួយថ្ងៃ ផ្សព្វផ្សាយដំណឹងល្អផង ផ្សព្វផ្សាយព័ត៌មាននានាផង ដែលនាំឱ្យគ្រីស្តបរិស័ទរបស់យើងមិនមានភាពឯកោ ណែនាំឱ្យបងប្អូននៅក្នុងភូមិភាគភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជាអាចមានឱកាស ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ជាពិសេស តាមរយៈហ្វេសប៊ុកភេចថ្មីដែលយើងបានបង្កើតគឺ https://www.facebook.com/LiveCatholicChannel។
យើងអាចផ្សាយតាម យូធូប តាមហ្វេបុក យើងអាចប្រមូលព័ត៌មានពីគេនឹងផ្សាយត យើងក៏អាចប្រមូលព័ត៌មាននៅក្នុងពិភពលោកដើម្បីផ្សាយបន្តនៅក្នុងការិយាល័យយើង។ យើងអង្គុយហើយប្រមូលព័ត៌មានតិចៗ ដែលយើងបានទទួលពីគេនឹងផ្សាយបន្ត។ ប៉ុន្តែ សម្ដេចប៉ាបបានរំលឹកយើងថា “ព្រះយេស៊ូណែនាំឱ្យយើងអញ្ជើញមកអ្នកនឹងបានឃើញ”។ មានន័យថា យើងផ្ដល់សក្ខីភាព យើងជាសាក្សីបន្ទាល់ អ្នកកាសែតក្តី អ្នកផ្សព្វផ្សាយព័ត៌មានក្តី គ្រីស្តបរិស័ទយើងក្ដី យើងផ្ដល់សក្ខីភាពអំពីអ្វីដែលយើងបានមើលឃើញយ៉ាងជាក់ស្ដែង មិនមែនឮគេថា មិនមែនប្រមូលព័ត៌មាននៅក្នុងការិយាល័យរបស់យើងពីគេ។ ប៉ុន្តែ យើងទៅដល់ទីកន្លែងដែលពិបាកជាពិសេស ដោយសារបេសកកម្មរបស់យើង ជាពិសេសបេសកកម្មរបស់ការិយាល័យផ្សព្វផ្សាយព័ត៌មានព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសកម្ពុជា ក៏ជាបេសកកម្មរបស់យើងជាគ្រីស្តបរិស័ទដែរ គឺទៅផ្ដល់សក្ខីភាពដល់ទីកន្លែងដែលពិបាកបំផុត។ បេសកកម្ម ដែលយើងបានទទួលពីព្រះយេស៊ូ បេសកកម្មដែលលោក ឆ្មារ សាឡាស់ បានរំលឹកមុនគាត់ចេញធ្វើដំណើរទៅតាំងគោក “សូមនិយាយអំពីយើងដល់ពិភពលោក” នេះខ្ញុំរំលឹកនិងរំលឹកម្ដងទៀត។
ដូច្នេះ សព្វថ្ងៃយើងត្រូវតែនិយាយមិនមែនទូទៅ ប៉ុន្តែយើងទៅដល់កន្លែងដែលពិបាក នឹងផ្សាយដំណឹងអំពីអ្នកនោះដែលខ្វះម្ហូបអាហារ អ្នកនោះដែលកំពុងជួបអយុត្តិធម៌ ស្ត្រីមេម៉ាយនោះដែលកំពុងពិបាកមែនទែន។ យើងត្រូវការទៅដល់ទីកន្លែង ដើម្បីផ្ដល់សក្ខីភាព ក្រោយពេលយើងផ្ដល់សក្ខីភាពហើយដើម្បីសម្រុះសម្រួល។ ពីប៉ុន្មានសប្តាហ៍កន្លងមក ព្រះសហគមន៍របស់យើង ជាពិសេសនៅក្នុងភូមិភាគភ្នំពេញ បានយកចិត្តទុកដាក់ទៅដល់គ្រួសារដែលពិបាកបំផុត យកចិត្តទុកដាក់ចែកបាយប្រអប់ដល់កម្មករកម្មការិនី ជាងសំណង់ អ្នកនេសាទត្រី ដែលពិបាកមែនទែន។ យើងត្រូវតែបន្ត នេះជាសក្ខីភាពដែលយើងផ្ដល់ដល់បងប្អូនឯទៀតៗ។ សក្ខីភាពនេះ យើងត្រូវការចែករំលែកដល់បងប្អូនឯទៀតៗនៅប្រទេសកម្ពុជា ក៏ដូចជានៅក្នុងពិភពលោក។
នៅក្នុងខែឧសភានេះ គឺជាខែដែលយើងគោរពព្រះនាងម៉ារី សម្ដេចប៉ាបបានអញ្ជើញ៣០កន្លែងនៅក្នុងពិភពលោក ដែលគេគោរពព្រះនាងម៉ារី ដើម្បីអធិដ្ឋានពីមួយថ្ងៃទៅមួយថ្ងៃ។ នៅក្នុងចិត្តខ្ញុំ ដែលជាអភិបាលភូមិភាគភ្នំពេញ ខ្ញុំសោកស្ដាយដោយសារនៅក្នុង៣០កន្លែងនោះ ឥតមានអរិយក្សត្រ។ អរិយក្សត្រ ជាកន្លែងពិសេសដែលយើងអធិដ្ឋានសម្រាប់ព្រះនាងម៉ារី ដែលជាព្រះមហាក្សត្រីនៃសន្តិភាព។ ដូច្នេះ តាមពិតយើងបានឃើញហើយព្រះសហគមន៍តូចតាច កន្លែងតូចតាចមិនសូវមានសំឡេងទេ។ ដូច្នេះ ថ្ងៃនេះខ្ញុំសូមអញ្ជើញជាពិសេសការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក (CSC) ដើម្បីទៅដល់កន្លែងដែលមនុស្សគ្មានសំឡេង គ្មានសមត្ថភាព ដើម្បីប្រកាសអ្វីដែលគេមាននៅក្នុងដួងចិត្តគេ ឱ្យយើងទៅធ្វើជាសំឡេងរបស់គេ ឱ្យយើងទៅផ្ដល់សក្ខីភាពអំពីគេ ដើម្បីឱ្យសង្គមរបស់យើងដឹង យល់ កុំឱ្យគេគិតថា មិនអីទេ សព្វថ្ងៃគ្មានបញ្ហាទេ…។ យើងផ្ទាល់ខ្លួន យើងមានម្ហូបអាហារគ្រប់គ្រាន់ ប៉ុន្តែពីរបីគ្រួសារដែលនៅជិតយើង តើគេមានម្ហូបអាហារគ្រប់គ្រាន់ដែរឬទេ? យើងសព្វថ្ងៃ យើងមានសុខភាពល្អមិនអីទេ ប៉ុន្តែអ្នកជិតខាងរបស់យើងដែលរស់នៅក្រោមស្ពាន តើគាត់មានសុខភាពល្អឬទេ? នេះគឺជាតួនាទីរបស់យើងយ៉ាងជាក់ស្ដែង “សូមអញ្ជើញមកអ្នកនឹងបានឃើញ”។ នេះជាអ្វីដែលព្រះយេស៊ូបានណែនាំឱ្យយើងធ្វើ នៅពេលយើងផ្ដល់សក្ខីភាពយ៉ាងជាក់ស្ដែងយ៉ាងពិតប្រាកដ ណែនាំឱ្យយើងយល់ថាយើងអាចចូលនៅក្នុងចិត្តបងប្អូនឯទៀតៗ។ យើងមិនមានតែផ្ដល់សក្ខីភាព ដោយមិនដាក់ចិត្តរបស់យើងនៅក្នុងដួងចិត្តរបស់គេ បទពិសោធន៍ដែលគេមាន ទៅជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ ទុក្ខលំបាកដែលគេមាន ទៅជាទុក្ខលំបាករបស់ខ្ញុំផ្ទាល់ ការឈឺចាប់ដែលគេមាន ទៅជាការឈឺចាប់របស់ខ្ញុំផ្ទាល់។
បងប្អូនជាទីស្រឡាញ់ នេះគឺជារបៀបដែលព្រះយេស៊ូបានធ្វើ ព្រះយេស៊ូមិនបានអង្គុយនៅក្នុងការិយាល័យរបស់ព្រះអង្គ ដោយទន្ទឹងរង់ចាំព័ត៌មានពីគេ។ ព្រះយេស៊ូបានទៅដល់ផ្ទះ ព្រះយេស៊ូបានទៅដល់កន្លែង ព្រះយេស៊ូបានទៅលើកទឹកចិត្តគេ។ សព្វថ្ងៃ ពិតមែនយើងពិបាកក្នុងការធ្វើដំណើរទៅគ្រប់ទីកន្លែង ដោយសារយើងមានព្រំដែនធ្វើដំណើរ យើងអត់មានសិទ្ធិជួបជុំគ្នា។ ក៏ប៉ុន្តែ យើងមានរបៀបផ្សេងៗទៀតដើម្បីផ្ដល់សក្ខីភាព ជាពិសេសតាមរយៈការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិករបស់យើង។ យើងអាចទៅដល់កន្លែង ដើម្បីចែករំលែកជាមួយបងប្អូនឯទៀតៗ ទាំងអំណរសប្បាយ ទាំងសេចក្តីសង្ឃឹម ទាំងគម្រោងការណ៍ដែលយើងកំពុងធ្វើដ៏អស្ចារ្យសម្រាប់អ្នកក្រីក្រ ទាំងទុក្ខលំបាក ទាំងការពិបាកចិត្តរបស់គេ។
បទចម្រៀងថ្មី ដែលយើងបានបង្កើត “មេត្តាករុណា” គឺជាបទចម្រៀងមួយបទដែលគេថា ជាបទកំសត់ណាស់។ ពិតមែនវាកំសត់ ប៉ុន្តែជាបទចម្រៀងដែលសម្ដែងយ៉ាងជាក់ស្ដែង អំពីទុក្ខលំបាករបស់បងប្អូនយើង។ នេះគឺជាបទចម្រៀងមួយបទ ដែលបង្ហាញអំពីធម៌មេត្តាករុណាមែន ប៉ុន្តែបង្ហាញជាពិសេសអំពីរបៀបដែលយើងជាគ្រីស្តបរិស័ទត្រូវតែយល់ចិត្តគ្នា។ ចូលនៅក្នុងចិត្ត ចូលនៅក្នុងទុក្ខលំបាករបស់បងប្អូនឯទៀតៗ នឹងព្រះយេស៊ូទន្ទឹងរង់ចាំទៅលើយើង។ ដូចព្រះយេស៊ូមានព្រះបន្ទូលថា “សូមទៅប្រកាសដំណឹងល្អដល់មនុស្សលោក សូមទៅប្រកាសដំណឹងល្អឱ្យគេស្គាល់ជីវិត ឱ្យគេមានសេចក្តីសង្ឃឹម កុំឱ្យគេស្លាប់ដោយការអស់សង្ឃឹម”។
បងប្អូនជាទីស្រលាញ់ នៅថ្ងៃនេះយើងអរព្រះគុណព្រះជាម្ចាស់ និងយើងទូលអង្វរព្រះអង្គសូមឱ្យព្រះអង្គជម្រុញយើង ឱ្យយើងទៅប្រកាសដំណឹងល្អ និងជាពិសេសឱ្យព្រះសហគមន៍នីមួយៗទៅជាការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក (CSC) ដ៏តូចមួយ ដើម្បីជួយការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកភូមិភាគភ្នំពេញ ក៏ដូចជាការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកកម្ពុជា ឱ្យផ្សាយដំណឹងល្អទៅដល់ ផ្សាយអំពីទុក្ខលំបាក។ ទៅជាសក្ខីភាព ទៅជាសាក្សីអំពីទុក្ខលំបាកគ្រប់ទីកន្លែង នេះសំខាន់ណាស់។ ដូច្នេះ កុំឱ្យព្រះសហគមន៍នីមួយៗទម្លាក់ទៅលើការិយាល័យផ្សព្វផ្សាយព័ត៌មានរបស់យើងនៅភ្នំពេញ។ ផ្ទុយទៅវិញ យើងជាព្រះសហគមន៍នីមួយៗ យើងជាគ្រីស្តបរិស័ទម្នាក់ៗ ឱ្យយើងចែករំលែកអ្វីដែលយើងបានមើលឃើញ ប៉ុន្តែចែករំលែកសេចក្តីពិត។ កុំឱ្យយើងធ្លាក់នៅក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត យើងជាអ្នកដែលមើលផ្ទាល់ភ្នែក យើងជាអ្នកដែលផ្ដល់សក្ខីភាពផ្ទាល់ យើងជាអ្នកដែលសម្ដែងសេចក្តីស្រឡាញ់ពីដួងចិត្តរបស់យើងផ្ទាល់។
បងប្អូនជាទីស្រឡាញ់ រួមជាមួយព្រះជាម្ចាស់យើងទូលអង្វរព្រះវិញ្ញាណដ៏វិសុទ្ធ ឱ្យព្រះវិញ្ញាណដ៏វិសុទ្ធកាពារថែរក្សាព្រះសហគមន៍យើង ឱ្យព្រះវិញ្ញាណដ៏វិសុទ្ធការពារថែរក្សាប្រទេសកម្ពុជារបស់យើង ជាពិសេសការពារថែរក្សាការឯកភាពគ្នា។
នៅពេលនេះ យើងរួមជាមួយសម្ដេចប៉ាប ហ្វ្រង់ស៊ីស្កូ យើងអធិដ្ឋាននៅក្នុងឱកាសទិវាទី៥៥ សម្រាប់ការផ្សព្វផ្សាយព័ត៌មានកាតូលិក៖
ទិវាសារគមនាគមន៍ពិភពលោកលើកទី៥៥ ឆ្នាំ២០២១
“សូមអញ្ជើញមក អ្នកនឹងបានឃើញ” យ៉ូហាន ១,៤៦
ការប្រាស្រ័យទាក់ទង ដោយជួបផ្ទាល់ជាមួយប្រជាជននៅកន្លែងដែលគេនៅ
ឱព្រះអម្ចាស់អើយ សូមបង្រៀនយើងខ្ញុំឱ្យចេះលះបង់ និងចេះស្វែងរកសេចក្តីពិត
សូមបង្រៀនយើងខ្ញុំឱ្យចេះចេញទៅក្រៅ និងចេះបើកភ្នែក
សូមបង្រៀនយើងខ្ញុំឱ្យចេះស្ដាប់ សូមកុំឱ្យយើងខ្ញុំមានចិត្តបុរេវិនិច្ឆ័យ ឬសន្និដ្ឋានលឿនពេកឡើយ
សូមបង្រៀនយើងខ្ញុំឱ្យចេះដើរទៅរកកន្លែងដែលគ្មាននរណាចង់ទៅ ដោយយកពេលចាំបាច់ដើម្បីស្វែងយល់ យកចិត្តទុកដាក់ទៅលើអ្វីដែលសំខាន់
សូមកុំឱ្យយើងខ្ញុំចាញ់ការល្បួងលោកិយ៍ឡើយ សូមឱ្យយើងខ្ញុំមានចិត្តក្លាហានបង្ហាញសេចក្តីពិត
ឱព្រះអម្ចាស់អើយ សូមប្រទានឱ្យយើងខ្ញុំចេះមើលឃើញវត្តមានរបស់ព្រះអង្គ ក្នុងពិភពលោកនេះ
សូមឱ្យយើងខ្ញុំមានចិត្តស្មោះត្រង់ ក្លាហានធ្វើសេចក្តីរាយការណ៍អ្វីៗដែលយើងខ្ញុំបានឃើញផង។
នៅទីក្រុងរ៉ូម ព្រះវិហារសន្ត យ៉ូហាន ឡាតេរ៉ង់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១
បុណ្យរំលឹកសន្ត ហ្វ្រង់ស្វ័រ ដឺលាស
សម្ដេចប៉ាប ហ្វ្រង់ស៊ីស្កូ
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ
ប្រទេសកម្ពុជា