ព្រះជាម្ចាស់យាងឡើងស្ថានបរមសុខ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ព្រះសហគមន៍សន្តីម៉ារីញញឹម (តាកែវ)
“ទៅដល់ទីកន្លែងដើម្បីផ្តល់សក្ខីភាព”បងប្អូនជាទីស្រឡាញ់ សប្ដាហ៍មុន យើងបានស្ដាប់ “បីថែរក្សា” ដែលយើងមាន “បីកុំ បីការពារ” របស់រាជរដ្ឋាភិបាល។ បីថែរក្សា ដែលណែនាំឱ្យយើងទទួលខុសត្រូវខ្ពស់ ណែនាំឱ្យយើងបង្ហាញអំពីសាមគ្គីភាព និងណែនាំឱ្យយើងយកចិត្តទុកដាក់អធិដ្ឋាន។ ថ្ងៃនេះ ដែលព្រះយេស៊ូឡើងស្ថានបរមសុខ ជាពេលវេលាសម្រាប់យើងដែលជាក្រុមសាវ័ករបស់ព្រះអង្គនៅពេលបច្ចុប្បន្ននេះ ដើម្បីបន្តគិតពិចារណា តើយើងធ្វើដូចម្ដេចដើម្បីបង្ហាញសេចក្តីស្រឡាញ់ដល់បងប្អូនឯទៀតៗ? សេចក្តីស្រឡាញ់ ដែលយើងត្រូវការបង្ហាញយ៉ាងជាក់ស្ដែង ជាពិសេសនៅក្នុងពេលវេលាកូវីដ-១៩ គឺយកចិត្តទុកដាក់ដើម្បីការពារ បីកុំ បីការពារ និងបីថែរក្សា។ ថ្ងៃនេះ នៅក្នុងអត្ថបទទី២ លោកប៉ូលដែលបង្ហាញអត្ថន័យបន្ថែមទៀតអំពីសេចក្តីស្រឡាញ់គឺ “សូមដាស់តឿនបងប្អូននៅក្នុងព្រះនាមព្រះអម្ចាស់ថា ដោយព្រះជាម្ចាស់បានត្រាស់ហៅបងប្អូន ចូររស់នៅឱ្យបានសមរម្យនឹងការត្រាស់ហៅនេះទៅ ចូរបន្ទាបខ្លួន មានចិត្តស្លូតបូត និងចេះអត់ធ្មត់ ព្រមទាំងទ្រាំទ្រគ្នាទៅវិញទៅមកដោយសេចក្តីស្រឡាញ់ យកចិត្តទុកដាក់ថែរក្សាឯកភាព ដែលមកពីព្រះវិញ្ញាណ ដោយយកសេចក្តីសុខសាន្តធ្វើជាចំណងប្រាស្រ័យទាក់ទងគ្នា”។ នៅពេលដែលយើងបានស្ដាប់នេះ យើងបានឃើញបីចំណុចធំ ដែលណែនាំឱ្យយើងយល់យ៉ាងជ្រៅនៅក្នុងរបៀបដែលព្រះសហគមន៍ របៀបដែលព្រះជាម្ចាស់ផ្ទាល់ណែនាំឱ្យយើងចេះស្រឡាញ់គ្នាទៅវិញទៅមក។ ឥរិយាបថនៃជីវិតរបស់យើង ឥរិយាបថដែលយើងត្រូវការបង្កើតនៅក្នុងដួងចិត្តរបស់យើង និងឥរិយាបថនេះគឺឱ្យយើងដាក់ខ្លួន ឱ្យយើងបន្ទាបខ្លួន។ យើងមិនមែនអ្នកធំ ដែលត្រូវការតែចាំគេបម្រើយើង យើងមិនមែនជាអ្នកធំ ដែលចង់ចាំអ្វីៗទាំងអស់ពីបងប្អូនឯទៀតៗ។ ផ្ទុយទៅវិញ ទោះបីយើងមានឋានៈខ្ពស់ក៏ដោយ ទោះបីយើងមានឋានៈទាបក៏ដោយ នៅក្នុងព្រះសហគមន៍ក្តី នៅក្នុងសង្គមក្តី នៅក្នុងការិយាល័យនីមួយៗរបស់ព្រះសហគមន៍ភូមិភាគភ្នំពេញក្តី …