អាទិត្យ​ទី​១៧​នៃ​រដូវ​ធម្មតា ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២១ “ជីវិត”

បងប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ យើង​បាន​ឃើញ​របៀប​ដែល​ព្រះយេស៊ូ​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​មហា​ជន នៅ​ពេល​នោះ​ព្រះយេស៊ូ​បង្រៀន​គេ។ ព្រះយេស៊ូ​បាន​ចាប់​អារម្មណ៍ ទោះបី​គេ​សប្បាយ​ចិត្ត​ស្តាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ ទោះបី​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​គេ​ជា​សះស្បើយ ប៉ុន្តែ​ដូច​មនុស្ស​យើង​ទាំង​អស់​គ្នា​គេ​កំពុង​ឃ្លាន។ ព្រះយេស៊ូ​មាន​សំណួរ​មួយ​ដ៏​សំខាន់ “តើ​យើង​ទៅ​រក​ទិញ​អាហារ​ឯ​ណា​មក​ចែក​ឱ្យ​អ្នក​ទាំង​នេះ​បរិភោគ​បាន?”។ ព្រះយេស៊ូ​យក​ចិត្ត​ទុក​ដាក់ ព្រះយេស៊ូ​ចាប់​អារម្មណ៍​អំពី​សេចក្តី​ត្រូវ​ការ​ដ៏​សាមញ្ញ​បំផុត​របស់​មហា​ជន គឺ​ឃ្លាន​អាហារ។ ព្រះយេស៊ូ​បាន​សម្រុះ​សម្រួល ដើម្បី​ឱ្យ​គេ​មាន​អាហារ​បរិភោគ នៅ​ពេល​នោះ​ព្រះយេស៊ូ​បាន​សាក​ល្បង​ដល់​ក្រុម​គ្រីស្ត​ទូត តើ​គេ​អាច​ធ្វើ​ដូច​ម្តេច​បាន​ដើម្បី​ចិញ្ចឹម​មហា​ជន​ដូច្នេះ? ប៉ុន្តែ អ្វី​ដែល​សំខាន់​បំផុត​គឺ​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​ក្រុម​គ្រីស្ត​ទូត​យក​ចិត្ត​ទុក​ដាក់ តាម​ព្រះយេស៊ូ​មាន​ព្រះហឫទ័យ​ទុក​ដាក់​លើ​មហា​ជន​នេះ។ ព្រះយេស៊ូ​បាន​ចាប់​អារម្មណ៍​អំពី​គេ ព្រះយេស៊ូ​ចង់​ឱ្យ​ក្រុម​គ្រីស្ត​ទូត​ចាប់​អារម្មណ៍​អំពី​ហ្វូង​ចៀម​ដែល​គេ​ត្រូវ​តែ​ថែរក្សា អស់​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត។

សូម​ចាប់​អារម្មណ៍ នៅ​ពេល​ព្រះយេស៊ូ​ប្រមូល​បាន​តែ​នំបុ័ង​ប្រាំ​ដុំ​និង​ត្រី​ពីរ​កន្ទុយ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “សូម​ឱ្យ​គេ​អង្គុយ​ចុះ”។ ប៉ុន្តែ ព្រះយេស៊ូ​មិន​បាន​រើស​កន្លែង​ធម្មតា​ទេ ព្រះយេស៊ូ​បាន​ជ្រើស​រើស​កន្លែង​មួយ​ដូច​លោក​យ៉ូហាន​បាន​ថែម​ថា “នៅ​ទី​នោះ​មាន​ស្មៅ​ច្រើន”។ ព្រះយេស៊ូ​បាន​យក​ចិត្ត​ទុក​ដាក់​មែន​ទែន ព្រះអង្គ​មិន​ឱ្យ​គេ​អង្គុយ​នៅ​កន្លែង​ដែល​មាន​ថ្ម មិន​ឱ្យ​គេ​អង្គុយ​នៅ​កន្លែង​ដែល​មាន​បន្លា គឺ​ព្រះអង្គ​ឱ្យ​គេ​អង្គុយ​នៅ​កន្លែង​ដែល​មាន​ស្មៅ​យ៉ាង​ច្រើន។ ឱ្យ​គេ​អង្គុយ​យ៉ាង​ស្រួល ដើម្បី​ទទួល​ម្ហូប​អាហារ​ដែល​ព្រះយេស៊ូ​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បាន​ចែក​ឱ្យ​គេ​បរិភោគ​យ៉ាង​បរិបូរណ៍។ ព្រះយេស៊ូ​បាន​យក​ចិត្ត​ទុក​ដាក់ យក​ចិត្ត​ទុក​ដាក់​ដល់​កំពូល យក​ចិត្ត​ទុក​ដាក់​ឱ្យ​គេ​មាន​ម្ហូប​អាហារ​គ្រប់​គ្រាន់ យក​ចិត្ត​ទុក​ដាក់​ឱ្យ​គេ​អង្គុយ​នៅ​កន្លែង​ដែល​ស្រួល មាន​ស្មៅ​យ៉ាង​ច្រើន ដើម្បី​ឱ្យ​គេ​មាន​ភាព​កក់​ក្តៅ​និង​អំណរ​សប្បាយ​រួម​ជា​មួយ​គ្នា។

ថ្ងៃ​នេះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដដែល​នេះ​សម្រាប់​យើង​ដែរ តើ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​យក​ចិត្ត​ទុក​ដាក់​ដល់​បង​ប្អូន​ឯទៀតៗ? មិន​មែន​យក​ចិត្ត​ទុក​ដាក់​ទូទៅ គឺ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជាក់​ស្តែង​ដល់​បង​ប្អូន​ដែល​មាន​សេចក្តី​ត្រូវ​ការ ដល់​បង​ប្អូន​ដែល​កំពុង​មាន​ទុក្ខ​លំបាក។ នៅ​ក្នុង​អត្ថបទ​ទី​២ ថ្ងៃ​នេះ​លោក​ប៉ូល​បាន​បង្ហាញ​អំពី​មូល​ហេតុ យើង​ទាំង​អស់​គ្នា​យើង​ជា​គ្រួសារ​តែ​មួយ។ ប៉ុន្មាន​ខែ​កន្លង​មក ខ្ញុំ​តែង​និយាយ​ថា ពិត​មែន​យើង​ជា​គ្រួសារ​តែ​មួយ។ ប៉ុន្តែ​ថ្ងៃ​នេះ យើង​ស្តាប់​មូល​ហេតុ​អ្វី​យើង​ជា​គ្រួសារ​តែ​មួយ ដោយសារ​យើង​មាន​ព្រះបិតា​ដែល​ស្រឡាញ់​យើង​ពិត​មែន។ ដោយសារ​យើង​មាន​ព្រះបិតា​ដែល​បាន​បង្កើត​យើង​ពិត​មែន លោក​ប៉ូល​បន្ថែម​ថា “យើង​មាន​ព្រះកាយ​តែ​មួយ យើង​មាន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​តែ​មួយ យើង​មាន​សេចក្តី​សង្ឃឹម​តែ​មួយ យើង​មាន​ព្រះអម្ចាស់​តែ​មួយ យើង​មាន​ជំនឿ​តែ​មួយ យើង​មាន​ពិធី​ជ្រមុជ​ទឹក​តែ​មួយ យើង​មាន​ព្រះជាម្ចាស់​តែ​មួយ​ព្រះអង្គ​ជា​ព្រះបិតា​របស់​មនុស្ស​ទាំង​អស់ ព្រះអង្គ​ខ្ពង់​ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ហើយ​ព្រះអង្គ​ធ្វើ​ការ​ដោយសារ​មនុស្ស​ទាំង​អស់ និង​សណ្ថិត​នៅ​ក្នុង​មនុស្ស​ទាំង​អស់”។ នេះ​ជា​មូល​ហេតុ ព្រះកាយ​តែ​មួយ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​តែ​មួយ សេចក្តី​សង្ឃឹម​តែ​មួយ ព្រះអម្ចាស់​តែ​មួយ ជំនឿ​តែ​មួយ ពិធី​ជ្រមុជ​ទឹក​តែ​មួយ នេះ​ជា​មូល​ហេតុ​យើង​ជា​គ្រួសារ​តែ​មួយ ដោយសារ​យើង​មាន​ប្រភព​នៃ​ជីវិត​តែ​មួយ។ នៅ​ក្នុង​អង្គ​ព្រះគ្រីស្ត យើង​ជា​ព្រះកាយ​នៅ​ក្នុង​ព្រះសហគមន៍​យើង​ជា​គ្រួសារ​តែ​មួយ នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យើង​ជា​បង​ប្អូន​គ្នា។ យើង​មាន​សេចក្តី​សង្ឃឹម យើង​មាន​សេចក្តី​ស្រឡាញ់ យើង​មាន​ជំនឿ​តែ​មួយ ដើម្បី​ជម្រុញ​យើង​ឱ្យ​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា។ នេះ​ជា​មូល​ហេតុ យើង​ជា​គ្រួសារ​តែ​មួយ ដែល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​តាម​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​នៅ​ថ្ងៃ​នេះ។

លោក​ប៉ូល​ថែម​ទៀត​ថា “គ្រួសារ​របស់​យើង​ដែល​មាន​ប្រភព​នៅ​ក្នុង​ព្រះបិតា ត្រូវ​តែ​មាន​ឥរិយា​បថ​អ្វី​ខ្លះ​ដើម្បី​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់?”។ នេះ​សំខាន់​ណាស់ យើង​មិន​មែន​ដូច​មនុស្ស​ឯទៀតៗ យើង​ត្រូវ​តែ​មាន​ឥរិយាបថ​ដែល​លោក​ប៉ូល​បាន​បង្ហាញ​ឱ្យ​យើង​ថ្ងៃ​នេះ “ចូរ​បន្ទាប​ខ្លួន ចូរ​មាន​ចិត្ត​ស្លូត​បូត និង​ចេះ​អត់​ធ្មត់ ព្រម​ទាំង​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្តី​ស្រឡាញ់ សូម​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​ឯកភាព​ដែល​មក​ពី​ព្រះវិញ្ញាណ ដោយ​យក​សេចក្តី​សុខ​សាន្ត​ធ្វើ​ជា​ចំណង​ប្រាស្រ័យ​ដើម្បី​ឱ្យ​យើង​ទាក់​ទង​គ្នា”។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​នេះ​យើង​បាន​ឃើញ​ទាំង​អស់ យើង​មើល​ប្រភព​នៃ​គ្រួសារ​យើង យើង​មើល​របៀប​ដែល​គ្រួសារ​យើង​ត្រូវ​តែ​រស់​នៅ​នៅ​ក្នុង​ទំនាក់​ទំនង​ជា​ប្រចាំ។

បន្ទាប​ខ្លួន ឥត​មាន​ម្នាក់​ដែល​ធំ​ជាង​គេ ឥត​មាន​ម្នាក់​ដែល​ត្រូវ​តែ​អង្គុយ​ចាំ យើង​ទាំង​អស់​គ្នា​យើង​ជា​អ្នក​បម្រើ យើង​ទាំង​អស់​គ្នា​យើង​ជា​អ្នក​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ក្នុង​ព្រះសហគមន៍ នៅ​ក្នុង​សង្គម ឥត​មាន​មេ​ធំៗ​ដែល​មិន​ធ្វើ​អ្វី​សោះ។ ខ្ញុំ​សូម​រំលែក​ថា​ពាក្យ “អ្នក​បម្រើ” ជា​មូល​ដ្ឋាន​នៃ​ជីវិត​របស់​យើង ប្រសិន​បើ​យើង​មិន​បន្ទាប​ខ្លួន​ដោយ​ធ្វើ​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​អំណាច​យើង​មិន​ធ្វើ​អ្វី​សោះ ជីវិត​របស់​យើង​គ្មាន​តម្លៃ​ទេ។

ផ្ទុយ​ទៅ​វិញ​បន្ទាប​ខ្លួន ចិត្ត​ស្លូត​បូត​និង​ចេះ​អត់​ធ្មត់ ប្រសិន​បើ​យើង​មិន​ចេះ​អត់​ធ្មត់​យើង​លែង​រវី​រវល់​ជា​មួយ​បង​ប្អូន​ឯទៀតៗ ដែល​ត្រូវ​ការ​នេះ ដែល​ត្រូវ​ការ​នោះ។

និង​ព្រម​ទាំង​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្តី​ស្រឡាញ់ នេះ​ជា​ឥរិយាបថ​របស់​យើង។

បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​បរិយាកាស​កូវីដ-១៩​នេះ យើង​បាន​ឃើញ​យើង​មាន​ព្រំដែន​ច្រើន​ដើម្បី​ជួយ ដើម្បី​បង្កើត​ទំនាក់​ទំនង​ដូច​យើង​ចង់​មាន ដើម្បី​យក​ចិត្ត​ទុក​ដាក់​ដូច​យើង​ចង់​មាន។

យើង​មាន​ព្រំដែន​នៅ​ក្នុង​ការ​សិក្សា ដោយសារ​ការ​សិក្សា​សព្វ​ថ្ងៃ​មិន​អាច​ទៅ​រៀន​នៅ​សាលា​ដូច​ធម្មតា​បាន ដូច្នេះ​របៀប​ដែល​យើង​រៀន​ពី​ចម្ងាយ​គឺ​ជា​ព្រំដែន​មួយ។

យើង​មាន​ព្រំដែន​នៅ​ក្នុង​ជីវិត​ខាង​ផ្លូវ​វិញ្ញាណ ដោយសារ​យើង​ឥត​មាន​សិទ្ធិ​ទទួល​អគ្គ​សញ្ញា​ដែល​ផ្តល់​ជីវិត​ពី​ប៉ុន្មាន​ខែ​មក​ហើយ។ ពី​ប៉ុន្មាន​ខែ​មក​ហើយ យើង​មាន​បង​ប្រុស​បង​ស្រី យើង​មាន​គ្រីស្ត​បរិស័ទ​របស់​យើង​ជា​ច្រើន ដែល​មិន​បាន​ទទួល​ព្រះកាយ​ព្រះគ្រីស្ត និង​អគ្គ​សញ្ញា​លើក​លែង​ទោស ដោយសារ​យើង​ឥត​មាន​សិទ្ធិ​ជួប​ជុំ​គ្នា​ជា​ផ្លូវ​ការ​នៅ​ក្នុង​សាសនា នេះ​ជា​ព្រំដែន​មួយ​ទៀត។

យើង​មាន​ព្រំដែន​នៅ​ក្នុង​ទំនាក់​ទំនង ដោយសារ​យើង​មិន​អាច​ជួប​ជុំ​គ្នា​ជប់​លៀង សប្បាយ​ជា​មួយ​គ្នា ទៅ​សួរ​សុខ​ទុក្ខ​គ្នា​ដូច​ពី​មុន។ នេះ​ជា​ព្រំដែន​មួយ​ទៀត ដែល​បាន​កើត​ឡើង​នៅ​ក្នុង​បរិយាកាស​នឹង​ស្ថានភាព​នៃ​ជំងឺ​កូវីដ-១៩។

យើង​មាន​ព្រំដែន​មួយ​ទៀត​នៅ​ក្នុង​ការ​ថែ​រក្សា​សុខភាព ទោះ​បី​យើង​ចង់​ជួយ​បង​ប្អូន​របស់​យើង​ក៏​យើង​ជួយ​មិន​បាន។ ជាក់​ស្តែង យើង​បាន​ឃើញ​សុខា​ដែល​ជា​គ្រីស្ត​បរិស័ទ​របស់​យើង ដែល​កំពុង​ឈឺ​ធ្ងន់​ធ្ងរ​យើង​យក​ចេញ​ពី​ខេត្ត​តាកែវ​ដើម្បី​បញ្ជូន​ទៅ​ភ្នំពេញ​មិន​បាន ដោយសារ​ជំងឺ​កូវីដ-១៩។ ទោះបី​យើង​ចង់​ធ្វើ ទោះបី​យើង​បាន​យក​ចិត្ត​ទុក​ដាក់​អស់​ពី​សមត្ថភាព ទោះបី​យើង​ខិត​ខំ​រក​មន្ទីរ​ពេទ្យ​ដើម្បី​ទទួល​គាត់​បាន ចុង​ក្រោយ​បំផុត​ឥត​មាន​សិទ្ធិ​ឆ្លង​ខេត្ត។ នេះ​ជា​ព្រំដែន​មួយ​ទៀត ដែល​ណែនាំ​ឱ្យ​យើង​មិន​យល់ ដោយ​សុខ​ចិត្ត​ទុក​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ ដោយសារ​យើង​បង្កើត​ព្រំដែន​ដែល​គ្មាន​អត្ថន័យ។

ដូច្នេះ ខ្ញុំ​សង្ឃឹម​យើង​អាច​ភ្ញាក់​ស្មារតី​ដើម្បី​មើល​ព្រំដែន​ដែល​យើង​បង្កើត តើ​ព្រំដែន​នីមួយៗ​មាន​ផល​ប្រយោជ​ដើម្បី​ថែ​រក្សា​កូវីដ-១៩​កុំ​ឱ្យ​រាល​ដាល​ពិត​មែន ឬ​ទៅ​ជា​ព្រំដែន​ដែល​ណែនាំ​ឱ្យ​មនុស្ស​យើង​ស្លាប់​ដូច​គ្មាន​តម្លៃ? ណែនាំ​ឱ្យ​មនុស្ស​យើង​បាត់​បង់​សេចក្តី​សង្ឃឹម ដោយសារ​យើង​បង្កើត​ព្រំដែន​ដែល​ធ្វើ​ឱ្យ​មនុស្ស​យើង​បាន​បង់​សេចក្តី​សង្ឃឹម​អស់​ហើយ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​ត្រូវ​តែ​ភ្ញាក់​ស្មារតី​គ្រប់​ពេល​វេលា កុំ​ឱ្យ​យើង​បង្កើត​ព្រំដែន កុំ​ឱ្យ​យើង​បង្កើត​ជញ្ជាំង​ដែល​ណែនាំ​ឱ្យ​យើង​ស្លាប់​បន្តិច​ម្តងៗ។ ណែនាំ​ឱ្យ​យើង​បាត់​បង់​ព្រលឹង បាត់​បង់​វិញ្ញាណ បាត់​បង់​ស្មារតី បាត់​បង់​កម្លាំង​កាយ​កម្លាំង​ចិត្ត។ ប៉ុន្តែ សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ​យ៉ាង​តិច​យើង​នៅ​សល់​ការ​អធិដ្ឋាន ដោយសារ​ព្រះជាម្ចាស់​ណែនាំ​ឱ្យ​យើង​ដឹង​ថា​ព្រះអង្គ​មិន​ដែល​ចោល​យើង​សោះ។ ដូច្នេះ នៅ​ក្នុង​ពេល​វេលា​ពិបាក​ក៏​ដោយ ទោះ​បី​មនុស្ស​យើង​តាម​លោកិយ​យើង​សម្រុះ​សម្រួល​មិន​បាន ទោះ​បី​មនុស្ស​យើង​តាម​លោកិយ​យើង​បង្កើត​ព្រំដែន​ដែល​ណែនាំ​ឱ្យ​សេចក្តី​ស្លាប់​ហៀរ​ចេញ​ពី​គ្រប់​ទី​កន្លែង យើង​ដឹង​ថា​ព្រះយេស៊ូ​យាង​មក​ដើម្បី​សង្រ្គោះ​យើង ព្រះយេស៊ូ​យាង​មក​ដើម្បី​ឱ្យ​យើង​មាន​ជីវិត។ ដូច្នេះ ទោះ​បី​យើង​ទី​ពឹង​លើ​មនុស្ស​មិន​បាន យើង​អាច​ទី​ពឹង​លើ​ព្រះជាម្ចាស់។ ប្រសិន​បើ ជីវិត​ត្រូវ​តែ​បញ្ចប់​លើ​ផែនដី​នេះ យើង​ដឹង​ថា​ជីវិត​របស់​យើង​បន្ត​នៅ​ស្ថាន​បរម​សុខ​ត​ទៅ​ទៀត។

ដូច្នេះ យើង​បន្ត​ការពារ​ថែ​រក្សា​ការ​អធិដ្ឋាន​របស់​យើង ការពារ​ថែ​រក្សា​សេចក្តី​សង្ឃឹម​របស់​យើង ជំនឿ​របស់​យើង សេចក្តី​ស្រឡាញ់​របស់​យើង ដោយ​ដឹង​ថា​យ៉ាង​តិច​យើង​មាន​ព្រះជាម្ចាស់​ដែល​មិន​ចោល​យើង។ យើង​អធិដ្ឋាន​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ទី​ពឹង​លើ​ព្រះជាម្ចាស់ ដោយសារ​មាន​តែ​ព្រះជាម្ចាស់​ដែល​អាច​សង្រ្គោះ​យើង មាន​តែ​ព្រះជាម្ចាស់​ដែល​អាច​ប្រទាន​ជីវិត​អស់​កល្ប​ជានិច្ច​ឱ្យ​យើង​ខ្ញុំ។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា
ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ

នាព្រឹកថ្ងៃទី៣០​ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ​ ​ដែលទទួល​ខុស​ត្រូវ​ដោយ​ក្រុម​បព្វជិត​​ឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ​ សង្កាត់​អរិយក្សត្រ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ​ បងប្រុស​ បងស្រី​ តំណាងអាជ្ញាធរដែនដី​ សិស្សានុសិស្ស​ អាណាព្យាបាល​ យ៉ាងច្រើនកុះករ​។ មានប្រសាសន៍​សំណេះសំណាលក្នុងពិធីកាត់ខ្សែបូ លោកអភិបាលអូលីវីយ៉េ លើកឡើងថា នៅទីនេះមាតាបិតាមានសំណាងណាស់ ដោយសារកូនៗរៀននៅសាលាដ៏ល្អ មានការអប់រំដ៏ល្អមិនគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់​ក្រុម​បព្វជិត​ឡាសាល

សិស្សនៃ​វិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន​៨នាក់​ ទទួលបាន​និទ្ទេស A ពីការ​​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំ​សិក្សា​២០២៣-២០២៤ ចំនួន​៨ នាក់របស់​សាលា​ចំណេះទូទៅ​សន្តហ្វ្រង់ស្វ័រ ទទួល​បាននិទ្ទេសA ក្នុង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះ​បើ​យោង​តាម​លទ្ធផល​ដែល​បាន​បូកសរុប​ដោយ​សាលាផ្ទាល់។ លោកអូលីវីយ៉េ ជ្មីតហស្លេ ជា​ស្ថាបនិក និង​ជា​អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ​មានប្រសាសន៍ថា ក្នុងឆ្នាំនេះ សាលា​មាន៨នាក់ជាប់និទ្ទេសA  ស្មើនឹង២២,២២​ភាគរយនៃសិស្ស៣៦នាក់។ លោក​ថា «នេះ​ជាមោទនភាពរបស់ព្រះសហគមន៍កាតូលិកដែលបានបង្កើតគ្រឹះស្ថានអប់រំ​ដ៏ល្អបំផុត ដែលមានលទ្ធផលប្រហែលជាទទួលបាន លេខមួយនៅទូទាំងប្រទេស ដែលមាននិទ្ទេសA ច្រើនដូចនេះ។» លោក​បញ្ជាក់ថា ជោគជ័យនេះបាន​ដោយសារតែសិស្សសាលារបស់យើងសព្វថ្ងៃ ទទួលការអប់រំពីព្រះសហគមន៍កាតូលិកតាំងពីមត្តេយ្យសិក្សា

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

Subscribe to our newsletter

Don't miss new updates on your email