បងប្អូនជាទីស្រឡាញ់!
នៅក្នុងសប្តាហ៍ទីមួយនៃខែកញ្ញា ពេលយើងចូលនៅក្នុងខែថ្មីណែនាំឱ្យយើងពោរពេញដោយសេចក្តីសង្ឃឹមថ្មីដែរ។ ព្រះបន្ទូលដែលយើងបានស្តាប់ថ្ងៃនេះ ទីមួយណែនាំឱ្យយើងពោរពេញដោយសេចក្តីសង្ឃឹម ទីពីរណែនាំឱ្យយើងមើលឃើញដល់តម្លៃនៃយុត្តិធម៌។ ព្រះបន្ទូលដែលព្រះយេស៊ូមានថ្ងៃនេះដល់អ្នកថ្លង់ម្នាក់ថា “អេហ្វាថា” មានន័យថា “ចូរបើកឡើង” បងប្អូនដែលធ្លាប់ធ្វើជំហានទីមួយក៏នឹកឃើញ។ នៅពេលយើងធ្វើជំហានទីមួយ យើងបានគូរសញ្ញាឈើឆ្កាងលើត្រចៀក លើភ្នែក លើបបូរមាត់ លើទ្រូង លើដៃ ដោយនិយាយថា “ចូរបើកឡើង”។
នៅពេលយើងស្តាប់ពាក្យ “បើកឡើង” ណែនាំឱ្យយើងពោរពេញដោយសេចក្តីសង្ឃឹមនៅក្នុងកាលៈទេសៈនិងបរិយាកាសរបស់យើង។ ពីប៉ុន្មានខែកន្លងមកយើងបានបិទសកម្មភាពទាំងអស់ ថ្ងៃនេះព្រះយេស៊ូមានព្រះបន្ទូលថា “អេហ្វាថា/ចូរបើកឡើង”។ តាមពិតជាអ្វីដែលបានកើតឡើង ពីប៉ុន្មានថ្ងៃនេះយើងបានស្តាប់ព័ត៌មានថាសាលាជិតបើកវិញ កន្លែងរកស៊ីនានាជិតបើកវិញ ណែនាំឱ្យយើងពោរពេញដោយសេចក្តីសង្ឃឹម។ ជាពិសេស សម្រាប់សិស្សានុសិស្សនិងបងប្អូនអាជីវករដែលរកស៊ី ដោយសង្ឃឹមថាបន្តិចទៀតប្រទេសកម្ពុជារបស់យើងអាចរស់នៅក្នុងរបៀបធម្មតាវិញ។ ក៏ប៉ុន្តែ ទោះបីយើងបានស្តាប់ពាក្យ “ចូរបើកឡើង” ទោះបីយើងបានសង្ឃឹមយើងអាចបើកកន្លែងនានា ពេលយើងស្តាប់ព័ត៌មានយើងឃើញថាមានកន្លែងខ្លះគេនៅបន្តបិទ ជាក់ស្តែងដូចជានៅផ្សារត្រាំកក់ និងនៅតាមខេត្តមួយចំនួនក៏នៅបិទដដែល។
ហេតុនេះហើយ ទោះបីយើងនិយាយថា “ចូរបើកឡើង” ទោះបីយើងសង្ឃឹមថាយើងអាចបើកសាលារៀនឆាប់ៗ បើកកន្លែងរកស៊ីបាន ជីវិតរបស់យើងធម្មតាដូចពីមុន។ យើងត្រូវការយល់ថា ទោះបីបើកក៏ដោយខ្ញុំសូមអញ្ជើញបងប្អូនជាគ្រីស្តបរិស័ទ ជាពិសេសនៅក្នុងភូមិភាគភ្នំពេញ កុំភ្លេចខ្លួន៣កុំ៣ការពារយើងត្រូវការអនុវត្តដដែល។ ដោយសារ ខ្ញុំបានឃើញមានប៉ុន្មានកន្លែងយើងចាប់ផ្តើមភ្លេចខ្លួននៅតាមព្រះសហគមន៍កាតូលិកកម្ពុជា នេះណែនាំឱ្យថ្ងៃណាមួយអាចមានបញ្ហាធំណាស់។ យើងជាអ្នកដឹកនាំសាសនា យើងជាគ្រីស្តបរិស័ទ យើងជាពលរដ្ឋដែលត្រូវតែយកចិត្តទុកដាក់បន្តទៀត។ ប៉ុន្តែ យើងដឹងថាថ្ងៃនេះព្រះយេស៊ូមានព្រះបន្ទូលសម្រាប់យើងផ្ទាល់ ដូច្នេះថ្ងៃនេះព្រះបន្ទូលរបស់ព្រះយេស៊ូមិនមែនសម្រាប់រដ្ឋាភិបាលណាមួយនៅក្នុងពិភពលោក មិនមែនសម្រាប់អ្នកដឹកនាំណាម្នាក់។ ប៉ុន្តែសម្រាប់យើងផ្ទាល់ ថ្ងៃនេះព្រះយេស៊ូមានព្រះបន្ទូលដល់យើងថា “អេហ្វាថា/ចូរបើកឡើង” នៅពេលយើងមើលឃើញជីវិតរបស់អ្នកម្តាយតេរេសា អ្នកម្តាយតេរេសាបានណែនាំឱ្យមនុស្សមួយចំនួន អាចរស់នៅសារជាថ្មីក្នុងសេចក្តីសង្ឃឹម។
អត្ថបទទី១បានថ្លែងថា “ចូរមានចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយមនុស្សខ្វាក់នឹងមើលឃើញ មនុស្សថ្លង់នឹងស្តាប់ឮ មនុស្សខ្វិននឹងលោតដូចពពែ ហើយមនុស្សគនឹងច្រៀងយ៉ាងរីករាយ ត្បិតមានទឹកផុសឡើងនៅវាលរហោស្ថាន”។ ពេលយើងស្តាប់អត្ថបទនេះ ពិតមែនណែនាំឱ្យយើងពោរពេញដោយសេចក្តីសង្ឃឹម យើងត្រូវតែនឹកឃើញដល់ជីវិតរបស់អ្នកម្តាយតេរេសា ដែលយើងគោរពថ្ងៃនេះ។ ថ្ងៃទី០៥ ខែកញ្ញា គឺជាថ្ងៃដែលអ្នកម្តាយតេរេសាជាដូនជីម្នាក់ ជាគ្រូបង្រៀននៅសាលារៀននៅប្រទេសឥណ្ឌា គាត់បានធ្វើដំណើរនៅតាមផ្លូវ។ នៅពេលនោះគាត់បានឃើញអ្នកក្រីក្រម្នាក់ ដែលកំពុងជិតស្លាប់នៅតាមដងផ្លូវនោះ គាត់បានបន្តធ្វើដំណើរទៅមុខទៀត។ នៅពេលគាត់នឹកឃើញដល់អ្នកក្រីក្រនោះ ខួរក្បាលគាត់ដូចជាឃើញមុខអ្នកក្រីក្រភ្ជាប់ជាមួយព្រះភក្រ្តរបស់ព្រះយេស៊ូតែម្តង។ គាត់លែងមើលឃើញមុខអ្នកក្រីក្រនោះ បែរជាមើលឃើញព្រះភក្ត្ររបស់ព្រះយេស៊ូ នៅលើឈើឆ្កាងដែលកំពុងមានព្រះបន្ទូលថា “ខ្ញុំស្រេក”។ នៅពេលនោះ អ្នកម្តាយតេរេសាក៏បានត្រលប់ទៅវិញដើម្បីមើលអ្នកក្រីក្រនោះ ដោយយល់ថានៅក្នុងអ្នកក្រីក្រដែលកំពុងជិតស្លាប់នេះ មានវត្តមានរបស់ព្រះយេស៊ូដ៏ពេញលក្ខណៈ។
នេះជាជំហានទីមួយ នៃការត្រាស់ហៅរបស់អ្នកម្តាយតេរេសា ដើម្បីចាប់ផ្តើមបម្រើអ្នកក្រីក្រនៅក្នុងរបៀបអស្ចារ្យពិសេស។ នេះជារបៀបដំបូង ដែលអ្នកម្តាយតេរេសាបានប្រមូលស្ត្រីមួយចំនួនដែលជាសិស្សសាលា ជាអ្នកគ្រូនៅក្នុងសាលាដែលគាត់ធ្វើការ ដើម្បីបង្កើតមណ្ឌលមួយទទួលអ្នកក្រីក្រដែលកំពុងជិតស្លាប់នៅតាមផ្លូវ ដើម្បីណែនាំឱ្យគេស្លាប់នៅក្នុងតម្លៃថ្លៃថ្នូរ។ ទោះបីព្យាបាលមិនបាន ប៉ុន្តែឱ្យគេស្លាប់នៅក្នុងតម្លៃថ្លៃថ្នូរ នេះជាអ្វីដែលសំខាន់បំផុត។ ដូច្នេះថ្ងៃនេះ ពេលយើងឮថា “មនុស្សខ្វាក់នឹងមើលឃើញ មនុស្សថ្លង់នឹងស្តាប់ឮ មនុស្សខ្វិននឹងលោតដូចពពែ មនុស្សគនឹងច្រៀងយ៉ាងរីករាយ” ណែនាំឱ្យយើងយល់ថាយើងទាំងអស់គ្នាយើងជាមនុស្សគ ជាមនុស្សថ្លង់ ជាមនុស្សខ្វិន ជាមនុស្សខ្វាក់ យើងទាំងអស់គ្នាយើងត្រូវការព្យាបាលពីព្រះជាម្ចាស់។
ដូច្នេះ ថ្ងៃនេះព្រះបន្ទូលដែលយើងបានស្តាប់យ៉ាងជាក់ស្តែង “អេហ្វាថា/ចូរបើកឡើង” ជាព្រះបន្ទូលសម្រាប់យើងសិន ដើម្បីឱ្យយើងអនុវត្តដូចអ្នកម្តាយតេរេសាបានធ្វើនៅក្នុងជីវិតរបស់គាត់ ដោយណែនាំឱ្យអ្នកក្រីក្រយ៉ាងច្រើនមានសេចក្តីសង្ឃឹម។ មនុស្សដែលកំពុងឈឺធ្ងន់ អាចស្លាប់នៅក្នុងតម្លៃដ៏ថ្លៃថ្នូរមិនស្លាប់នៅតាមផ្លូវ ណែនាំឱ្យគាត់អនុវត្តទំនុកតម្កើងដែលយើងស្តាប់ថ្ងៃនេះ “ព្រះជាម្ចាស់គាំទ្រជនបរទេស មេម៉ាយនិងអស់ក្មេងកំព្រារ តែទ្រង់ធ្វើឱ្យគម្រោងការមនុស្សខូចវិនាសបង់ ព្រះអម្ចាស់ទ្រង់នឹងគ្រងរាជ្យ អស់កល្បជានិច្ចយូរលង់ ឱ្យក្រុងស៊ីយូនដ៏រុងរឿង ព្រះអង្គនឹងគ្រងរាជ្យតទៅ ដើម្បីណែនាំឱ្យយើងទាំងអស់គ្នាពោរពេញដោយសេចក្តីសង្ឃឹម”។ ដូច្នេះថ្ងៃនេះ ដែលយើងត្រៀមខ្លួនបើកស្ថាប័ននីមួយៗសារជាថ្មីនៅក្នុងប្រទេសកម្ពុជា យើងចាប់ផ្តើមដោយបើកចិត្តគំនិតរបស់យើងសិន ដើម្បីរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយយកអ្នកម្តាយតេរេសាជាគំរូ។
ថ្ងៃនេះ ព្រះយេស៊ូណែនាំឱ្យយើងមើលឃើញ ព្រះជាម្ចាស់យាងមកដើម្បីរកឃើញយុត្តិធម៌ “ព្រះអង្គរកយុត្តិធម៌ឱ្យដល់អ្នកទន់ខ្សោយមិនកែគិត ចែកអាហារដល់អ្នកឃ្លានស្រេក ហើយទ្រង់សម្រេចលែងអ្នកទោស” ព្រះជាម្ចាស់ទៅរកយុត្តិធម៌សម្រាប់យើង។ នៅពេលយើងស្តាប់អត្ថបទទី២យើងបានឃើញ របៀបដែលលោក យ៉ាកុប អប់រំយើង ណែនាំឱ្យយើងភ្ញាក់ស្មារតី “ពេលបងប្អូនរួមប្រជុំគ្នា ឧបមាមានម្នាក់ចូលមកទាំងពាក់ចិញ្ចៀនមាស និងមានខ្សែកដ៏ធំបំផុត និងមានសម្លៀកបំពាក់ដែលភ្លឺផ្លេក ហើយមានម្នាក់ទៀតជាអ្នកក្រីក្រ ដែលស្លៀកពាក់រហែកដែលណែនាំឱ្យយើងលែងមើលឃើញ យើងនឹងអញ្ជើញអ្នកមាននោះ សូមលោកអញ្ជើញមកអង្គុយនៅកន្លែងកិត្តិយសឯនោះ ហើយដេញអ្នកក្រីក្រទៅអង្គុយនៅមាត់ទ្វារ”។ នេះជារបៀបរបស់មនុស្សលោកិយ នេះជារបៀបរបស់យើងដែរ យើងចូលចិត្តមានចិញ្ចៀនមាសធំៗណាស់ ក្រោយមកយើងភ្លេចនឹកឃើញដល់អ្នកតូចតាច។ ព្រះជាម្ចាស់មើលឃើញមនុស្ស ព្រះជាម្ចាស់មើលឃើញចិត្តគំនិត ព្រះជាម្ចាស់មើលឃើញរបៀបដែលយើងទន្ទឹងរង់ចាំការសង្រ្គោះពីព្រះអង្គផ្ទាល់។ នេះជាអ្វីដែលអ្នកម្តាយតេរេសាបានធ្វើ ដោយសារនៅប្រទេសឥណ្ឌាសម័យហ្នឹងក៏ដូចជានៅប្រទេសមួយចំនួនសម័យនេះ មានមនុស្សមួយចំនួនដែលស្លាប់នៅតាមផ្លូវ និងមនុស្សមួយចំនួនដែលស្លាប់នៅមន្ទីរពេទ្យដែលចំណាយក្នុងមួយថ្ងៃៗរាប់ម៊ឺនដុល្លារ។ ប៉ុន្តែ លទ្ធផលចុងក្រោយស្លាប់ដូចគ្នា យើងនៅលើគ្រែតម្លៃរាប់ម៊ឺនដុល្លារក្តី យើងនៅលើកន្ទេលក្តីលទ្ធផលគឺស្លាប់ដូចគ្នា។ ដូច្នេះហើយ អ្នកម្តាយតេរេសាបានយល់ថាមនុស្សយើងមានតម្លៃណាស់ ហេតុនេះហើយអ្វីដែលសំខាន់បំផុតគឺឱ្យយើងនឹកឃើញដល់តម្លៃនៃជីវិតរបស់យើង យើងជាអ្នកក្រីក្រក្តី យើងជាអ្នកមានក្តី ក៏លទ្ធផលដូចតែគ្នា។
ប៉ុន្មានថ្ងៃមុន ខ្ញុំបានអានព័ត៌មានមានគ្រួសារមួយបានឈ្នះឆ្នោតអឺរ៉ុបប្រាំឆ្នាំមុន គាត់បានប្រាក់២០០លានដុល្លារ។ ប៉ុន្តែ សប្តាហ៍មុនកូនរបស់គាត់ជួបគ្រោះថ្នាក់ចរាចរជិតស្លាប់ ទោះបីគាត់មានលុយច្រើនបំផុតនៅពេលកូនរបស់គាត់កំពុងជិតស្លាប់ លុយនេះមិនអាចសង្រ្គោះកូនគាត់បានទេ។ អ្នកម្តាយតេរេសាគាត់បានយល់អំពីរឿងហ្នឹង អ្នកម្តាយតេរេសាធ្លាប់មកប្រទេសកម្ពុជាយើងនៅឆ្នាំ១៩៩១ គាត់បានរស់នៅក្នុងរបៀបសាមញ្ញបំផុត។ គាត់បានលះបង់ចោលទ្រព្យសម្បត្តិលើលោកិយនេះ គាត់រស់នៅក្នុងការអធិដ្ឋាន និងបម្រើអ្នកក្រីក្រ។ ប៉ុន្មានដងអ្នកម្តាយតេរេសាបាននិយាយថា “ដើម្បីថែទាំអ្នកដែលកំពុងជិតស្លាប់ យើងត្រូវតែរកឃើញកម្លាំងនៅក្នុងការអធិដ្ឋានដែលយើងបានទទួលពីព្រះជាម្ចាស់ ដោយសារកម្លាំងពីមនុស្សយើងមិនគ្រប់គ្រាន់ទេ”។ មនុស្សដែលពោរពេញដោយរបួសមានក្លិនណាស់ ពិបាកបម្រើមែនទែន ដូច្នេះពីមួយថ្ងៃទៅមួយថ្ងៃគាត់បានអធិដ្ឋានពីរបីម៉ោង។ ណែនាំឱ្យក្រុមបងស្រីមេត្តាករុណាសព្វថ្ងៃ មានពេលវេលាអធិដ្ឋានច្រើនណាស់ដើម្បីរកឃើញកម្លាំងនៅក្នុងព្រះជាម្ចាស់សម្រាប់បម្រើ។ ប៉ុន្តែ ដើម្បីយល់ថាជីវិតរបស់យើងគឺដូចអ្វីដែលយើងបានស្តាប់ថ្ងៃនេះថា “ព្រះជាម្ចាស់បានជ្រើសរើសអ្នកក្រនៅក្នុងលោកនេះ ឱ្យទៅជាអ្នកមានផ្នែកខាងជំនឿ និងឱ្យទទួលព្រះរាជ្យដែលទ្រង់បានសន្យាថានឹងប្រទានឱ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គទុកជាមរតក”។ តាមពិត យើងមានទ្រព្យសម្បត្តិច្រើនក្តី យើងឥតមានទ្រព្យសម្បត្តិក្តី សំខាន់បំផុតគឺរបៀបដែលយើងរស់នៅពីមួយថ្ងៃទៅមួយថ្ងៃ។
យើងមិនមើលងាយអ្នកមានទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺឱ្យយើងយល់ថាទ្រព្យសម្បត្តិលើលោកិយនេះមិនសំខាន់។ អ្វីដែលសំខាន់គឺផ្នែកខាងជំនឿ ផ្នែកខាងវិញ្ញាណ របៀបដែលយើងចេះស្រឡាញ់ឬមិនចេះស្រឡាញ់ របៀបដែលយើងចេះអាណិតឬមិនចេះអាណិត របៀបដែលយើងមានចិត្តមេត្តាឬគ្មានចិត្តមេត្តា របៀបដែលយើងចេះលើកលែងទោសឬមិនលើកលែងទោស។ ដើម្បីអ្វី? គឺដើម្បីឱ្យយើងទទួលព្រះរាជ្យរបស់ព្រះជាម្ចាស់ទុកជាមរតក គឺប្រទានឱ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ គឺមិនមែនសម្រាប់មនុស្សដែលមានអ្វីពិសេស ប៉ុន្តែសំខាន់បំផុតគឺអស់អ្នកដែលស្រឡាញ់ព្រះអង្គ។ ជីវិតរបស់អ្នកម្តាយតេរេសាគឺហ្នឹង អ្នកម្តាយតេរេសាមិនមែនក្លាយជាសន្តីដោយសារគ្មានបាប ឬដោយសារគាត់នៅភ្ជាប់ជាមួយព្រះជាម្ចាស់គ្រប់ពេលវេលា។ គាត់បានក្លាយជាសន្តី ដោយសារគាត់បានយកចិត្តទុកដាក់ស្រឡាញ់ព្រះអង្គ ជាពិសេសតាមរយៈអ្នកតូចតាចបំផុត។ នៅពេលអ្នកម្តាយតេរេសាទទួលមរណៈភាព គេបានរកឃើញកូនសៀវភៅដែលគាត់បានសរសេរគំនិតគាត់ប្រចាំថ្ងៃ។ នៅក្នុងនេះ ប្រហែលគាត់បានសរសេរយូរខែយូរឆ្នាំ គាត់មានអារម្មណ៍ថាបាត់បង់ជំនឿអស់ហើយ គាត់នៅក្នុងភាពងងឹតដូចជានៅឆ្ងាយពីព្រះជាម្ចាស់។ ក៏ប៉ុន្តែ គាត់បានបន្តខិតខំអធិដ្ឋាន បន្តយកចិត្តទុកដាក់អនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់។
ដូច្នេះថ្ងៃនេះ តាមពិតព្រះជាម្ចាស់បានណែនាំឱ្យយើងរកឃើញយុត្តិធម៌នៅក្នុងលោកិយនេះសម្រាប់មនុស្សទាំងឡាយ នេះជាបេសកកម្មដែលយើងបានទទួលពីព្រះជាម្ចាស់។ កុំភ្លេច នៅថ្ងៃចុងក្រោយបំផុតព្រះជាម្ចាស់នឹងវិនិច្ឆ័យកាត់ក្តីយើង មិនមែនវិនិច្ឆ័យកាត់ក្តីយើងលើទ្រព្យសម្បត្តិដែលយើងមាន ប៉ុន្តែវិនិច្ឆ័យកាត់ក្តីយើងលើសេចក្តីស្រឡាញ់ ដែលយើងបានចែករំលែកដល់បងប្អូនឯទៀតៗ និងដែលយើងមានចំពោះព្រះជាម្ចាស់ផ្ទាល់។ បងប្អូនជាទីស្រឡាញ់ សូមបន្តរស់នៅក្នុងសេចក្តីសង្ឃឹម ដោយយកចិត្តទុកដាក់អនុវត្តយុត្តិធម៌នៅលើផែនដីនេះ។ នេះជាបេសកកម្មដែលយើងបានទទួលពិតមែន “អេហ្វាថា/ចូរបើកឡើង”។ នៅចុងសប្តាហ៍ក្រោយ យើងនឹងមានសន្និបាតយុវជនយុវនារីភូមិភាគភ្នំពេញ ក្រោមប្រធានបទ “យុវជនជាសេចក្តីក្លាហាននៃព្រះសហគមន៍និងសង្គម”។ សេចក្តីក្លាហាននេះ ត្រូវតែហៀរនៅក្នុងព្រះសហគមន៍របស់យើងទាំងអស់ ដើម្បីឱ្យយើងអនុវត្តព្រះបន្ទូលរបស់ព្រះយេស៊ូនៅពេលនេះ “អេហ្វាថា/ចូរបើកឡើង” បើកឡើងដៃ ជើង ភ្នែក ជាពិសេសដួងចិត្ត ដើម្បីឱ្យសេចក្តីស្រឡាញ់ និងយុត្តិធម៌របស់ព្រះជាម្ចាស់ផុសចេញដូចទឹកផុសឡើងចេញពីភ្នំ។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ