បុណ្យព្រះយេស៊ូជាព្រះមហាក្សត្រនៃពិភពលោក
ពីព្រះសហគមន៍សន្តសិលា
ពោធិ៍ធំ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១
“បូជាចារ្យ ព្រះមហាក្សត្រ ព្យាការី”
បងប្អូនជាទីស្រឡាញ់
ថ្ងៃនេះ ជាបុណ្យពិសេសដែលយើងគោរពព្រះយេស៊ូជាព្រះមហាក្សត្រនៃពិភពលោក សប្តាហ៍នេះជាសប្តាហ៍ចុងក្រោយនៃរដូវធម្មតា សប្តាហ៍ក្រោយយើងចូលនៅក្នុងរដូវរង់ចាំ។ យើងសង្ឃឹមថារដូវរង់ចាំ និងបុណ្យព្រះយេស៊ូប្រសូតឆ្នាំនេះមិនដូចពីរឆ្នាំចុងក្រោយនេះ ដែលណែនាំឱ្យយើងមានគ្នាតិចដែលអាចចូលរួមបាន ដើម្បីអបអរសាទរព្រះយេស៊ូប្រសូត។ បច្ចុប្បន្ននេះ យើងឃើញសង្គមរបស់យើងបានបើកសាជាថ្មី ទាំងសាលារៀន ទាំងកន្លែងធ្វើការ ទាំងផ្សារ ទាំងផ្នែកសាសនា…។ ថ្ងៃនេះ យើងអបអរសាទរព្រះយេស៊ូជាព្រះមហាក្សត្រនៃពិភពលោក ពេលយើងនិយាយអំពីព្រះយេស៊ូជាព្រះមហាក្សត្រនៃពិភពលោក យើងយល់ថាព្រះយេស៊ូមិនមែនជាព្រះមហាក្សត្រដូចយើងនឹកឃើញ។
យើងនឹកឃើញ ព្រះមហាក្សត្រដែលសោយរាជ្យដើម្បីគ្រប់គ្រងប្រទេស ប៉ុន្តែយើងត្រូវការយល់ថាព្រះយេស៊ូគ្រីស្តមិនគ្រប់គ្រងប្រទេសមួយ។ ប្រសិនបើ ព្រះយេស៊ូគ្រប់គ្រងប្រទេសអ៊ីស្រាអែលដូចគេគិតពីដើម យើងឥតមានព្រះយេស៊ូសម្រាប់យើងថ្ងៃនេះទេ។ ប៉ុន្តែ ព្រះយេស៊ូមិនមែនជាព្រះមហាក្សត្រសម្រាប់ប្រទេសមួយ តែព្រះយេស៊ូជាព្រះមហាក្សត្រសម្រាប់ពិភពលោកទាំងមូល។ ព្រះយេស៊ូគ្រីស្ត មិនមែនជាព្រះមហាក្សត្រដឹកនាំប្រទេស ដឹកនាំឱ្យប្រជាជននៅក្រោមអំណាចរបស់ព្រះអង្គ តែជាព្រះមហាក្សត្រដែលយាងមកដើម្បីប្រណីសន្តោសដល់យើង ដើម្បីប្រទានសេចក្តីសុខសាន្តឱ្យយើង និងដើម្បីរំដោះយើងឱ្យរួចពីបាប នេះជាគម្រោងការណ៍របស់ព្រះជាម្ចាស់។ ដូចនៅក្នុងអត្ថបទទី២ “ព្រះយេស៊ូគ្រីស្តមានព្រះហឫទ័យស្រឡាញ់យើង និងបានរំដោះយើងឱ្យរួចពីបាបដោយសារព្រះលោហិតរបស់ព្រះអង្គ ព្រះអង្គប្រទានសេចក្តីសុខសាន្តដល់បងប្អូន ព្រះយេស៊ូគ្រីស្តប្រណីសន្តោសដល់បងប្អូន”។
គម្រោងការណ៍របស់ព្រះជាម្ចាស់ មិនមែនសម្រាប់ប្រទេសណាមួយ មិនមានសម្រាប់ប្រជាជនណាមួយ ប៉ុន្តែសម្រាប់យើងទាំងអស់គ្នា និងសម្រាប់ពិភពលោកទាំងមូល សម្រាប់មនុស្សដែលសុខចិត្តដើរតាមព្រះយេស៊ូ។ ដូច្នេះ នេះជាដំណឹងល្អសម្រាប់យើងនៅក្នុងព្រះសហគមន៍ពោធិ៍ធំ-ក្តីកណ្តាលដែលបានជួបជុំគ្នាថ្ងៃនេះ។ ជាដំណឹងល្អមួយសម្រាប់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ជាដំណឹងល្អសម្រាប់ប្រទេសកម្ពុជាទាំងមូល។ ដោយដឹងថា យើងមានព្រះយេស៊ូដែលស្រឡាញ់យើង ដែលប្រណីសន្តោសដល់យើង ដែលណែនាំឱ្យយើងទទួលសេចក្តីសុខសាន្ត និងដែលណែនាំឱ្យយើងទទួលជីវិត ជាជីវិតអស់កល្បជានិច្ច។ នេះជាសេចក្តីសង្ឃឹមរបស់យើង ឱ្យយើងថែរក្សាសេចក្តីសង្ឃឹមនេះ។
យើងត្រូវការពិចារណា ព្រះយេស៊ូជាព្រះមហាក្សត្ររបស់យើង មានន័យថាយើងទាំងអស់គ្នាយើងជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ ដូច្នេះ ដោយនាមយើងជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ តើយើងទទួលតួនាទី យើងទទួលការងារ យើងទទួលខុសត្រូវអ្វីខ្លះ? យើងទាំងអស់គ្នាយើងជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ដោយសារយើងបានទទួលពិធីជ្រមុជទឹកមានន័យថាណែនាំឱ្យយើងទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ បុត្រាបុត្រីរបស់ព្រះជាម្ចាស់។ យើងជាក្មេងក៏ដោយ យើងចាស់ក៏ដោយដែលនៅទីនេះ យើងដឹងថាព្រះជាម្ចាស់បានជ្រើសរើសយើង និងព្រះជាម្ចាស់បានប្រទានឋានៈមួយពិសេស គឺជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់នៅក្នុងអគ្គសញ្ញាជ្រមុជទឹក។ នៅពេលលោកឪពុកធ្វើអគ្គសញ្ញាជ្រមុជទឹក នៅពេលនោះលោកឪពុកបាននិយាយពាក្យមួយថា “ចាប់ពីពេលនេះតទៅកូនទៅជាបូជាចារ្យ ទៅជាព្រះមហាក្សត្រ និងទៅជាព្យាការី”។ តាមពិត យើងទាំងអស់គ្នាដែលជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ មានន័យថាជាកូនរបស់ព្រះជាម្ចាស់ យើងទទួលឋានៈទាំងបី ជាបូជាចារ្យ ជាព្រះមហាក្សត្រ ជាព្យាការី។ នេះជាអ្វី ដែលយើងត្រូវតែអនុវត្តនៅក្នុងជីវិតរបស់យើងជាគ្រីស្តបរិស័ទប្រចាំ។
ទីមួយ ថ្ងៃនេះយើងបានស្តាប់នៅក្នុងអត្ថបទទី២ “ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាគណៈ និងជាក្រុមបូជាចារ្យបម្រើព្រះជាម្ចាស់”។ បូជាចារ្យមិនមែនតែលោកឪពុក ដែលទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ ប៉ុន្តែយើងទទួលឋានៈជាបូជាចារ្យនៅក្នុងអត្ថន័យថា យើងត្រូវតែថ្វាយខ្លួនទៅព្រះជាម្ចាស់។ មានន័យថា យើងជាគ្រីស្តបរិស័ទមានឋានៈជាបូជាចារ្យ យើងត្រូវតែអធិដ្ឋាន យើងត្រូវតែភ្ជាប់ជាមួយព្រះជាម្ចាស់ផ្ទាល់។ មិនមែនតែបូជាចារ្យ ដែលបានទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ ដែលថ្វាយសក្ការៈបូជា ប៉ុន្តែយើងទាំងអស់គ្នាយើងសប្បាយចិត្តចូលអភិបូជា។ ពីប៉ុន្មានខែកន្លងមក យើងបានបិទទ្វារព្រះវិហារមួយរយៈ ពីប៉ុន្មានខែយើងបានកំណត់ចំនួនមនុស្សចូលអភិបូជា។ ដូច្នេះ នៅពេលនេះយើងយល់ថាអភិបូជាជាពេលវេលាសំខាន់ណាស់សម្រាប់យើងជាគ្រីស្តបរិស័ទ ដោយសារជាពេលវេលាដែលយើងថ្វាយជីវិតរបស់យើងទៅលើព្រះអង្គ។ ជាពេលវេលាដែលយើងជួបជាមួយព្រះយេស៊ូផ្ទាល់ ជាពេលវេលាដែលយើងស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីចិញ្ចឹមជីវិតរបស់យើង។ ដូច្នេះ ជាមូលហេតុដែលយើងទាំងអស់គ្នាយើងចូលនៅក្នុងឋានៈជាបូជាចារ្យ នៅក្នុងអត្ថន័យថាយើងមានតួនាទីមួយសំខាន់ណាស់ ចូលអភិបូជា អធិដ្ឋាន អធិដ្ឋានសម្រាប់យើងផ្ទាល់ និងអធិដ្ឋានសម្រាប់ពិភពលោកទាំងមូលដែរ។ ថ្មីៗនេះ យើងមានឱកាសច្រើនដើម្បីអធិដ្ឋានទូលអង្វរព្រះជាម្ចាស់ ឱ្យពិភពលោករកឃើញសេចក្តីសុខសាជាថ្មី ឱ្យសង្គមរបស់យើងរកឃើញកម្លាំងសាជាថ្មី។
ទីពីរ នៅក្នុងឋានៈជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ យើងទទួលតួនាទីជាព្រះមហាក្សត្រ ប៉ុន្តែមិនមែនជាព្រះមហាក្សត្រតាមលោកីយ៍ គឺព្រះមហាក្សត្រតាមរបៀបព្រះយេស៊ូ។ ព្រះមហាក្សត្រតាមរបៀបព្រះយេស៊ូ គឺព្រះយេស៊ូបម្រើ ព្រះយេស៊ូជួយ ព្រះយេស៊ូជាព្រះដែលបានលាងជើងឱ្យក្រុមសាវ័ក ព្រះយេស៊ូស្រឡាញ់យើង បម្រើយើង រហូតដល់ព្រះអង្គសោយទិវង្គត។ ដូច្នេះ ពេលយើងនឹកឃើញយើងជាព្រះមហាក្សត្រយើងត្រូវការបង្ហាញថា យើងជាអ្នកបម្រើដូចព្រះយេស៊ូ។ បម្រើគ្នាទៅវិញទៅមកនៅក្នុងព្រះសហគមន៍ បម្រើបងប្អូននៅក្នុងសង្គម យើងបម្រើដើម្បីឱ្យអ្នកដទៃមានសេចក្តីសុខ។ តាមរបៀបដែលយើងជួយ តាមរបៀបដែលយើងលើកទឹកចិត្តគ្នាទៅវិញទៅមក យើងជាអ្នកបម្រើដ៏ពិតប្រាកដតាមរបៀបព្រះយេស៊ូតែម្តង។
ទីបី យើងជាព្យាការី ព្យាការីគឺជាមនុស្សម្នាក់ដែលមានតួនាទីថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះ នៅក្នុងនាមជាព្យាការីយើងត្រូវការស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីរស់នៅតាមព្រះបន្ទូលហ្នឹងនិងណែនាំឱ្យបងប្អូនទាំងអស់ អាចស្គាល់សេចក្តីស្រឡាញ់ដែលមកពីព្រះជាម្ចាស់។ នេះណែនាំឱ្យយើងអាចទៅជាព្យាការី គឺជាព្យាការីដែលរស់នៅនៅក្នុងសេចក្តីពិត។
ជាបូជាចារ្យ ជាព្រះមហាក្សត្រ ជាព្យាការី មានន័យថាយើងអធិដ្ឋានសម្រាប់ពិភពលោក យើងជាអ្នកបម្រើ យើងជាអ្នកដែលស្តាប់ព្រះបន្ទូលដែលមកពីព្រះជាម្ចាស់ និងដែលរស់នៅតាមព្រះបន្ទូលហ្នឹងនៅក្នុងសេចក្តីពិត។ ដោយសារ ថ្ងៃនេះយើងបានស្តាប់ព្រះយេស៊ូមានព្រះបន្ទូលថា “ខ្ញុំកើតមកហើយ ខ្ញុំមកនៅក្នុងលោកនេះដើម្បីផ្តល់សក្ខីភាពអំពីសេចក្តីពិត អ្នកណាកើតពីសេចក្តីពិតអ្នកនោះនឹងស្តាប់សំលេងខ្ញុំ”។ ដូច្នេះ យើងទាំងអស់គ្នាឱ្យយើងធ្វើដូចម្តេចដើម្បីកើតនៅក្នុងសេចក្តីពិត នេះជារបៀបដែលព្រះយេស៊ូបានណែនាំឱ្យយើងមានជីវិតលើផែនដីនេះ គឺធ្វើដូចម្តេចដើម្បីកើតនៅក្នុងសេចក្តីពិត។ យើងត្រូវការមើលឃើញ ព្រះយេស៊ូបានសោយទិវង្គតដើម្បីឱ្យយើងមានជីវិត ព្រះយេស៊ូមានព្រះជន្មរស់ឡើយវិញដើម្បីឱ្យយើងមានជីវិតអស់កល្បជានិច្ច។ យើងមើលឃើញអស់ហើយ ទោះបីយើងភ្ជាប់នឹងអំពើបាបក៏ដោយ យើងដឹងថាព្រះអង្គរំដោះយើងលុះត្រាតែយើងចង់កែប្រែចិត្តគំនិត។ ទោះបីយើងស្លាប់នៅលើផែនដីនេះពិតមែនក៏ដោយ យើងដឹងថាយើងមានជីវិតអស់កល្បជានិច្ចជាមួយព្រះជាម្ចាស់ នេះជាសេចក្តីសង្ឃឹមរបស់យើង។ ដូច្នេះ យើងត្រូវការគិត តើយើងត្រូវការធ្វើដូចម្តេចដើម្បីអនុវត្ត?
កន្លែងនេះជាកន្លែងពិសេសនៅក្នុងភូមិភាគភ្នំពេញ ពីសម័យដើមនៅក្នុងភូមិភាគភ្នំពេញយើងមានព្រះសហគមន៍តែពីរ មួយនៅពញាឮ និងមួយទៀតនៅពោធិ៍ធំ (មាត់ក្រសាស់)។ ពីដើមមានន័យថាពីឆ្នាំ១៩៥០ យើងមានព្រះសហគមន៍តែពីរ ក្រោយមកយើងមានព្រះសហគមន៍ព្រះមាតា (មណ្ឌលសុខភាពដូនពេញសព្វថ្ងៃ)។ ដូច្នេះ យើងអាចនិយាយបានថាតាមប្រវត្តិសាស្ត្រ ព្រះសហគមន៍ខ្មែរនៅក្នុងភូមិភាគភ្នំពេញមានដើមកំណើតគឺនៅពោធិ៍ធំនេះ។ ជាព្រះសហគមន៍នេះ ដែលយើងមានលោកអភិបាល ឆ្មារ សាឡាស់ លោកឪពុក ឆ្មារ សាឡឹម ដែលបានទទួលការត្រាស់ហៅពីព្រះសហគមន៍នេះ។ នេះក៏ជាព្រះសហគមន៍ដែលយើងបានទទួលមរណៈសាក្សី ជាព្រះសហគមន៍ដែលយើងបានមើលឃើញជីវិតដ៏ពិបាក។ នៅពេលមានលោកតាលោកយាយដែលបានផ្តលសក្ខីភាព បានស្តាប់អំពីថ្ងៃបុណ្យចម្លងចុងក្រោយ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៧៥។ នៅពេលនោះស្ពានជ្រោយចង្វារបានដាច់ហើយ លោកឪពុក ឆ្មារ សាឡឹម បានមកទីនេះដើម្បីថ្វាយអភិបូជាសម្រាប់បុណ្យចម្លង។ នៅពេលហ្នឹង គណៈកម្មការបានជម្រាបលោកឪពុកថា “យើងមិនអាចថ្វាយអភិបូជាបានទេ ដោយសារឥលូវនេះបរិយាកាសពិបាកណាស់ យើងខ្លាច យើងកំពុងមានគ្រាប់ដែលធ្លាក់ពីលើ គេកំពុងបាញ់គ្នាទៅវិញទៅមក យើងធ្វើដូចម្តេចដើម្បីជួបជុំគ្នា”។ ប៉ុន្តែ លោកឪពុក ឆ្មារ សាឡឹម បាននិយាយថា “ថ្ងៃនេះជាថ្ងៃដែលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ដូច្នេះបើយើងមិនថ្វាយអភិបូជានៅក្នុងអំណរសប្បាយ ដូចជាយើងបាត់បង់ជំនឿអស់ហើយ”។ ដូច្នេះ គាត់បានណែនាំគ្រីស្តបរិស័ទប៉ុន្មាននាក់មកថ្វាយអភិបូជានៅទីនេះចុងក្រោយ ហើយត្រលប់ទៅភ្នំពេញវិញរហូតដល់ខ្មែរក្រហមចូល ចាប់លោកនិងគ្រីស្តបរិស័ទប៉ុន្មាននាក់ ឱ្យធ្វើដំណើរដល់តាំងគោកហើយបានទទួលមរណៈភាពនៅទីនោះតែម្តង។ យើងនៅសល់តែឈើឆ្កាងរបស់លោកអភិបាល ឆ្មារ សាឡាស់ តែប៉ុណ្ណឹង ជាឈើឆ្កាងដែលលោកបានទទួលនៅថ្ងៃលោកទទួលអគ្គសញ្ញាតែងតាំងជាអភិបាល នៅព្រះវិហារព្រះមាតា (មណ្ឌលសុខភាពដូនពេញសព្វថ្ងៃ)។ ដូច្នេះ នៅពេលយើងស្តាប់អំពីប្រវត្តិសាស្ត្រ យើងត្រូវការយល់ថាយើងជាបច្ចុប្បន្ននេះ យើងជាអ្នកថ្មីៗ តើយើងធ្វើដូចម្តេចដើម្បីបន្តផ្តល់សក្ខីភាព?
យើងដឹងថា យើងជាព្រះសហគមន៍ប្រវត្តិសាស្ត្រនៅទីនេះ តើយើងធ្វើដូចម្តេចដើម្បីណែនាំឱ្យបងប្អូនឯទៀតៗ និងបងប្អូនថ្មីៗ អាចស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់? យើងត្រូវការគិតខ្លួនឯង តើយើងត្រូវធ្វើដូចម្តេច ដើម្បីប្រមូលគ្រីស្តបរិស័ទ យុវជនយុវនារី កូនក្មេងមួយចំនួនឱ្យគេមកព្រះវិហារ? ថ្ងៃនេះជាថ្ងៃបុណ្យអ៊ុំទូក តាមពិតយើងបានសម្រាកបីបួនថ្ងៃ ដូច្នេះជាឱកាសមួយដើម្បីជួបជុំគ្នា។ យើងត្រូវការគិត តើយើងត្រូវធ្វើដូចម្តេចដើម្បីផ្តល់សក្ខីភាពអំពីសេចក្តីពិតដល់បងប្អូនឯទៀតៗ? សព្វថ្ងៃ យើងមានសាលារបស់បងប្រុសសម្រាប់មត្តេយ្យនិងបឋមសិក្សា នេះជាឱកាសមួយដើម្បីផ្តល់សក្ខីភាពដែរ។ យើងមានក្រុមសង្គហៈ ដើម្បីធ្វើសកម្មភាពធម៌មេត្តាករុណា ដើម្បីបង្ហាញសេចក្តីស្រឡាញ់ដល់អ្នកជំងឺ ដល់បងប្អូនដែលអស់សង្ឃឹម។ ប៉ុន្តែ ព្រះសហគមន៍របស់យើងត្រូវការរីកចម្រើន សព្វថ្ងៃយើងបានរីកចម្រើននៅក្នុងអាគារ យើងមានព្រះវិហារថ្មី មានផ្ទះសំណាក់ធម៌ មានផ្ទះសម្រាប់ស្នាក់នៅ មានចេតិយ មានភ្នំព្រះនាងម៉ារី…។ ប៉ុន្តែ ប្រសិនបើយើងគិតអំពីចំនួនគ្រីស្តបរិស័ទ ចំនួនសក្ខីភាពដែលយើងផ្តល់ តើយើងបានរីកចម្រើនឬអត់? នេះជាសំណួរដែលយើងត្រូវការគិត។ យើងដឹងថា អាគារមិននៅស្ថិតស្ថេរទេ មុនឆ្នាំ១៩៧៥នៅទីនេះក៏មានព្រះវិហារដែរ ប៉ុន្តែអ្វីដែលស្ថិតស្ថេរគឺមនុស្ស នេះជាអ្វីដែលសំខាន់ជាង។
អាគារមិនស្ថិតស្ថេរទេ អ្វីដែលស្ថិតស្ថេរគឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ តែព្រះបន្ទូលរបស់ព្រះជាម្ចាស់ស្ថិតស្ថេរនៅក្នុងដួងចិត្តរបស់យើង។ ប្រសិនបើ ឥតមានមនុស្សយើងដើម្បីទទួលព្រះបន្ទូលនេះ ប្រសិនបើយើងឥតមានយើងដើម្បីចែករំលែកព្រះបន្ទូលនេះ ធ្វើដូចម្តេចដើម្បីឱ្យព្រះបន្ទូលស្ថិតស្ថេរបាន។ ព្រះសហគមន៍ពោធិ៍ធំនេះពោរពេញដោយមោទនភាព ដោយសារជាព្រះសហគមន៍ដែលបានទទួលមរតកយ៉ាងច្រើនពីសម័យដើម ពីមរណៈសាក្សី។ ដូច្នេះ យើងត្រូវតែថែរក្សាមរតកនេះដើម្បីទៅមុខ កុំឱ្យយើងចេះតែនឹកឃើញរឿងចាស់ៗ ឱ្យយើងយល់ថាយើងទៅមុខ។ យើងអាចទៅមុខបាន លុះត្រាតែយើងជាយុវជនយុវនារី យើងជាកូនក្មេង យើងជាគ្រីស្តបរិស័ទពោរពេញដោយកម្លាំង ដើម្បីផ្តល់សក្ខីភាពតទៅទៀត។ និងដើម្បីណែនាំឱ្យព្រះសហគមន៍របស់យើងពោរពេញដោយជីវិត ជីវិតដែលមកពីព្រះយេស៊ូផ្ទាល់។
យើងអធិដ្ឋានទូលអង្វរព្រះជាម្ចាស់ ឱ្យយើងភ្ញាក់ស្មារតីជានិច្ច ជាពិសេសថ្ងៃនេះដែលយើងគោរពព្រះយេស៊ូជាព្រះមហាក្សត្រនៃពិភពលោក។ សូមព្រះអង្គប្រទានព្រះពរដល់ព្រះសហគមន៍របស់យើង ដល់គ្រីស្តបរិស័ទរបស់យើង ដើម្បីឱ្យយើងអាចបង្កើតគ្រួសារមួយដែលពោរពេញដោយជីវិត ដែលមកពីព្រះជាម្ចាស់ផ្ទាល់។ ដោយដឹងថា ពិតមែនព្រះយេស៊ូជាជីវិត ព្រះយេស៊ូសេចក្តីពិត ព្រះយេស៊ូជាផ្លូវតែមួយ ដែលណែនាំឱ្យយើងរកឃើញអនាគតរបស់យើង គឺជីវិតអស់កល្បជានិច្ច។ អាមែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ