អភិបូជាអាទិត្យទី៣៤នៃរដូវធម្មតា ឆ្នាំខ
បុណ្យព្រះយេស៊ូជាព្រះមហាក្សត្រនៃពិភពលោក ពីព្រះសហគមន៍សន្តសិលា ពោធិ៍ធំ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ “បូជាចារ្យ ព្រះមហាក្សត្រ ព្យាការី” បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ជាបុណ្យពិសេសដែលយើងគោរពព្រះយេស៊ូជាព្រះមហាក្សត្រនៃពិភពលោក សប្តាហ៍នេះជាសប្តាហ៍ចុងក្រោយនៃរដូវធម្មតា សប្តាហ៍ក្រោយយើងចូលនៅក្នុងរដូវរង់ចាំ។ យើងសង្ឃឹមថារដូវរង់ចាំ និងបុណ្យព្រះយេស៊ូប្រសូតឆ្នាំនេះមិនដូចពីរឆ្នាំចុងក្រោយនេះ ដែលណែនាំឱ្យយើងមានគ្នាតិចដែលអាចចូលរួមបាន ដើម្បីអបអរសាទរព្រះយេស៊ូប្រសូត។ បច្ចុប្បន្ននេះ យើងឃើញសង្គមរបស់យើងបានបើកសាជាថ្មី ទាំងសាលារៀន ទាំងកន្លែងធ្វើការ ទាំងផ្សារ ទាំងផ្នែកសាសនា…។ ថ្ងៃនេះ យើងអបអរសាទរព្រះយេស៊ូជាព្រះមហាក្សត្រនៃពិភពលោក ពេលយើងនិយាយអំពីព្រះយេស៊ូជាព្រះមហាក្សត្រនៃពិភពលោក យើងយល់ថាព្រះយេស៊ូមិនមែនជាព្រះមហាក្សត្រដូចយើងនឹកឃើញ។ យើងនឹកឃើញ ព្រះមហាក្សត្រដែលសោយរាជ្យដើម្បីគ្រប់គ្រងប្រទេស ប៉ុន្តែយើងត្រូវការយល់ថាព្រះយេស៊ូគ្រីស្តមិនគ្រប់គ្រងប្រទេសមួយ។ ប្រសិនបើ ព្រះយេស៊ូគ្រប់គ្រងប្រទេសអ៊ីស្រាអែលដូចគេគិតពីដើម យើងឥតមានព្រះយេស៊ូសម្រាប់យើងថ្ងៃនេះទេ។ ប៉ុន្តែ ព្រះយេស៊ូមិនមែនជាព្រះមហាក្សត្រសម្រាប់ប្រទេសមួយ តែព្រះយេស៊ូជាព្រះមហាក្សត្រសម្រាប់ពិភពលោកទាំងមូល។ ព្រះយេស៊ូគ្រីស្ត មិនមែនជាព្រះមហាក្សត្រដឹកនាំប្រទេស ដឹកនាំឱ្យប្រជាជននៅក្រោមអំណាចរបស់ព្រះអង្គ តែជាព្រះមហាក្សត្រដែលយាងមកដើម្បីប្រណីសន្តោសដល់យើង ដើម្បីប្រទានសេចក្តីសុខសាន្តឱ្យយើង និងដើម្បីរំដោះយើងឱ្យរួចពីបាប នេះជាគម្រោងការណ៍របស់ព្រះជាម្ចាស់។ ដូចនៅក្នុងអត្ថបទទី២ “ព្រះយេស៊ូគ្រីស្តមានព្រះហឫទ័យស្រឡាញ់យើង និងបានរំដោះយើងឱ្យរួចពីបាបដោយសារព្រះលោហិតរបស់ព្រះអង្គ ព្រះអង្គប្រទានសេចក្តីសុខសាន្តដល់បងប្អូន ព្រះយេស៊ូគ្រីស្តប្រណីសន្តោសដល់បងប្អូន”។ គម្រោងការណ៍របស់ព្រះជាម្ចាស់ មិនមែនសម្រាប់ប្រទេសណាមួយ មិនមានសម្រាប់ប្រជាជនណាមួយ ប៉ុន្តែសម្រាប់យើងទាំងអស់គ្នា និងសម្រាប់ពិភពលោកទាំងមូល សម្រាប់មនុស្សដែលសុខចិត្តដើរតាមព្រះយេស៊ូ។ …