កំពត ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២
“សេចក្តីស្រឡាញ់”
បងប្អូនជាទីស្រឡាញ់
អំបាញ់មិញ យើងបានស្តាប់នៅក្នុងអត្ថបទទី២ ដូចជាសំណូមពរដែលយើងទាំងអស់គ្នាមាន សម្រាប់យើងជាកុមារ យើងជាជំទង់ យើងជាយុវជន យើងជាមនុស្សចាស់។ “ចូរបង់ប្រាជ្ញាចង់បានព្រះអំណោយទានណាដែលសំខាន់ៗជាងគេ” ចម្លើយនៃសេចក្តីត្រូវការរបស់យើង អំណោយទានដែលយើងចង់បានទាំងអស់គ្នា គឺសេចក្តីស្រឡាញ់។ លោកប៉ូលបានបំភ្លឺយើងថា “អ្វីៗទាំងអស់ដែលយើងធ្វើ ប្រសិនបើយើងធ្វើដោយឥតមានសេចក្តីស្រឡាញ់ទេ ឥតសូវមានផលផ្លែ”។
សម្រាប់ជីវិតរបស់យើងក៏ដូចគ្នា នៅពេលយើងបានទទួលការអប់រំក្នុងសិក្ខា២ថ្ងៃនេះ អំពីទំនាក់ទំនង អំពីសុខភាព អំពីពេលវេលា អំពីគ្រួសារ អំពីការសិក្សា អំពីមិត្តសម្លាញ់ អំពីបរិស្ថាន…។ ប្រសិនបើ យើងបង្កើតទំនាក់ទំនងដែលខ្វះសេចក្តីស្រឡាញ់ ទំនាក់ទំនងរបស់យើងមិនអាចបានយូរទេ។ បរិស្ថាន ប្រសិនបើយើងគ្មានសេចក្តីស្រឡាញ់ដែលចេញពីចិត្តរបស់យើងទេ បន្តិចក្រោយមកយើងភ្លេចខ្លួនអស់ហើយ យើងចោលសម្រាមយើងភ្លេចរើស…។ ដោយសារ នៅពេលយើងមានសេចក្តីស្រឡាញ់ដ៏ពេញលក្ខណៈចំពោះមនុស្សម្នាក់ (ឧទាហរណ៍ ឪពុកម្តាយរបស់យើង) យើងយកចិត្តទុកដាក់គោរពនិងស្រឡាញ់គាត់មែនទែន។ យើងយកចិត្តទុកដាក់ជួយឪពុកម្តាយ យើងយកចិត្តទុកដាក់ស្តាប់ឪពុកម្តាយ ដោយសារយើងស្រឡាញ់ឪពុកម្តាយដែលបានបង្កើតយើង។ ប្រសិនបើ យើងមានសេចក្តីស្រឡាញ់ចំពោះបរិស្ថានក៏ដូចគ្នាដែរ នៅពេលយើងឃើញមានសម្រាមណាមួយ យើងរើសសម្រាមនោះទៅបោះចោលក្នុងធុងសម្រាម។ នៅពេលយើងស្រឡាញ់មិត្តភក្តិដ៏ពិតប្រាកដ យើងយកចិត្តទុកដាក់បង្កើតទំនាក់ទំនងជាមួយគាត់ និយាយលេងជាមួយគាត់ សួរសុខទុក្ខគាត់។ នៅពេលគាត់ពិបាក យើងជួយគាត់ លើកទឹកចិត្តគាត់ នៅពេលគាត់សប្បាយយើងអបអរគាត់ ចែករំលែកជាមួយគាត់ ដើរលេងជាមួយគ្នា នេះជាសេចក្តីស្រឡាញ់ដែលចេញយ៉ាងជាក់ស្តែង។
ថ្ងៃនេះ យើងបានឃើញសេចក្តីស្រឡាញ់ជាអ្វីដែលសំខាន់បំផុត សេចក្តីស្រឡាញ់ណែនាំឱ្យមានចិត្តស្រឡាញ់។ មានន័យថា តែងតែអត់ធ្មត់ មិនចេះឈ្នានីសគេទេ យើងមិនវាយឬកខ្ពស់ មិនអួតខ្លួន មិនប្រព្រឹត្តអំពើថោកទាប មិនស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន មិនមួរម៉ៅ មិនចងគំនុំ មិនអបអរនៅពេលគេមានការពិបាក។ ប៉ុន្តែ មានអំណរសប្បាយនៅពេលឃើញគេមានអំណរសប្បាយ អ្នកមានចិត្តស្រឡាញ់អត់អោនទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។ សេចក្តីស្រឡាញ់ណែនាំឱ្យយើងតស៊ូ ណែនាំឱ្យយើងមានចិត្តអត់ធ្មត់ ណែនាំឱ្យយើងមិនស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។ ផ្ទុយទៅវិញ ណែនាំឱ្យមនុស្សទាំងអស់មានសេចក្តីសុខដោយសារយើង សេចក្តីស្រឡាញ់ណែនាំឱ្យយើងរីកចម្រើននៅក្នុងជីវិត។
ការសិក្សាក៏ដូចគ្នាដែរ នៅពេលយើងមិនបានទៅសាលាជិតមួយឆ្នាំកន្លងមក តើយើងបានយកចិត្តទុកដាក់រៀនពីចម្ងាយឬទេ? តើយើងបានយកចិត្តទុកដាក់មើលមេរៀនដែលលោកគ្រូអ្នកគ្រូបានឱ្យឬទេ? ដោយសារសេចក្តីស្រឡាញ់សម្រាប់ការសិក្សា ណែនាំឱ្យយើងយកចិត្តទុកដាក់។ យើងមិនត្រូវការមានលោកគ្រូអ្នកគ្រូដែលស្តីឱ្យយើងរហូត មិនត្រូវការមានឪពុកម្តាយដែលស្តីឱ្យយើងរហូត ផ្ទុយទៅវិញយើងធ្វើដោយសារយើងមានចិត្តស្រឡាញ់។ ចិត្តស្រឡាញ់ ណែនាំឱ្យយើងមានកម្លាំងពេញខ្លួន ដើម្បីទៅមុខ ដើម្បីរីកចម្រើននៅក្នុងជីវិតរបស់យើងជាប្រចាំថ្ងៃ។ ជួនកាល យើងចេះតែចាំឱ្យគេស្តីឱ្យយើង ពេលគេស្តីឱ្យយើងទើបយើងធ្វើ ទើបយើងទៅសាលា ទើបយើងជួយឪពុកម្តាយ ទើបយើងរើសសម្រាម…។ ដោយសារយើងភ័យ យើងខ្លាចគេពិន័យ យើងខ្លាចគេស្តីឱ្យ ដូច្នេះយើងភ័យយើងធ្វើ។ ប៉ុន្តែ សេចក្តីស្រឡាញ់មិនណែនាំឱ្យយើងភ័យទេ សេចក្តីស្រឡាញ់ណែនាំឱ្យយើងធ្វើអស់ពីដួងចិត្ត។ ដូចលោកប៉ូលបានបន្ថែមថា “ឥឡូវនេះមានសេចក្តី៣យ៉ាង គឺជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់ ប៉ុន្តែសេចក្តីស្រឡាញ់ពិសេសជាងគេបំផុត”។ សេចក្តីស្រឡាញ់ ជាអ្វីដែលសំខាន់ជាងគេបំផុតសម្រាប់យើងម្នាក់ៗ។
ដូច្នេះ ពេលយើងទៅវិញឱ្យយើងភ្ញាក់ស្មារតីម្តងទៀត តើយើងមានសេចក្តីស្រឡាញ់ដូចម្តេចចំពោះឪពុកម្តាយ ចំពោះគ្រួសារយើង ចំពោះមិត្តភក្តិយើង ចំពោះសាលាយើង ចំពោះបរិស្ថាន ចំពោះព្រះជាម្ចាស់? ថ្ងៃនេះយើងបានស្តាប់ចម្លើយរបស់ប្អូនៗល្អដែរ ពេលយើងឈឺចិត្តយើងអានគម្ពីរ យើងអធិដ្ឋានតេហ្សេ យើងស្រឡាញ់ព្រះយេស៊ូ យើងជួយព្រះសហគមន៍ យើងទៅសួរសុខទុក្ខចាស់ជរា យើងជួយសំអាតបរិស្ថាន…។ យើងបានលឺច្រើនណាស់ថ្ងៃនេះ ដូច្នេះពេលយើងទៅវិញឱ្យយើងយកចិត្តទុកដាក់នៅតាមព្រះសហគមន៍ដ៏តូចរបស់យើង ដើម្បីឱ្យសេចក្តីស្រឡាញ់ដែលចាប់ផ្តើមរីកចម្រើននៅក្នុងជីវិតរបស់យើង អាចរីកចម្រើនធំទៅៗ ឱ្យយើងក្លាយទៅជាកូនក្មេង យុវជនដ៏ពិសេសនៅក្នុងសង្គម។ អ្វីដែលយើងបានស្តាប់នៅក្នុងគម្ពីរដំណឹងល្អក៏សំខាន់ដែរ នៅពេលព្រះយេស៊ូបានអានគម្ពីរ ណែនាំឱ្យយើងយល់ថាជាដំណឹងល្អសម្រាប់អ្នកក្រីក្រ។ ណែនាំឱ្យយើងយល់ថាមនុស្សខ្វាក់មើលឃើញបាន មនុស្សដែលមានពិការភាពអាចដើរបាន អ្នកជំងឺអាចជាសះស្បើយបាន។ ព្រះយេស៊ូបានថែមព្រះបន្ទូលថា “ហេតុការណ៍ដែលមានចែងទុកក្នុងគម្ពីរ ដូចអ្នករាល់គ្នាទើបតែស្តាប់អំបាញ់មិញបានកើតជារូបរាងនៅថ្ងៃនេះហើយ”។ មានន័យថា រឿងព្រះយេស៊ូមិនមែនជារឿង២០០០ឆ្នាំមុនទេ រឿងព្រះយេស៊ូជារឿងថ្ងៃនេះ ថ្ងៃនេះព្រះយេស៊ូគង់នៅជាមួយយើង ថ្ងៃនេះព្រះយេស៊ូជម្រុញយើង មិនមែនសម្រាប់ថ្ងៃស្អែក មិនមែនសម្រាប់១០ឆ្នាំទៀត។ អ្វីដែលយើងបានធ្វើល្អថ្ងៃនេះ អាចទៅជាទ្រព្យសម្បត្តិរបស់យើងអស់មួយជីវិត។
សម្រាប់ប្អូនដែលកំពុងរៀនថ្នាក់បឋមសិក្សា ឬអនុវិទ្យាល័យ អ្វីដែលយើងសាងសង់ជាចំណេះដឹងរបស់យើង យើងដឹងថានៅពេលយើងដល់ថ្នាក់ទី៩យើងជាប់ឌីប្លូមយ៉ាងស្រួល។ ពេលយើងទៅដល់ថ្នាក់ទី១២យើងជាប់បាក់ឌុបយ៉ាងស្រួល ដោយសារយើងបានខិតខំពីមួយថ្ងៃទៅមួយថ្ងៃ។ ប្អូនដែលបានយកចិត្តទុកដាក់ជាមួយមិត្តភក្តិ ២០ឆ្នាំ៣០ឆ្នាំទៀតដឹងថាមិត្តភក្តិរបស់យើងនៅជាមិត្តសម្លាញ់នឹងគ្នាដដែល មិនក្បត់យើង មិនបោកយើង មិនធ្វើឱ្យយើងពិបាកចិត្ត ដោយសារជាមិត្តភាពដែលយើងបានខិតខំសាងសង់ពីមួយថ្ងៃទៅមួយថ្ងៃ។ សព្វថ្ងៃ យើងបានយកចិត្តទុកដាក់ជាមួយឪពុកម្តាយ នៅពេលគាត់ចាស់ទៅដូចយើងបានស្តាប់នៅក្នុងទំនុកតម្កើងអំបាញ់មិញថា “ឱព្រះជាម្ចាស់អើយ សក់សទៅហើយ ធ្មេញបាត់ផង ខ្ញុំចាស់ជរានេះម្តង សូមកុំបោះបង់ចោលខ្ញុំឡើយ ដើម្បីឱ្យខ្ញុំអាចប្រកាស ពីស្នាព្រះហស្តព្រះជាម្ចាស់ថ្លៃ ប្រាប់អ្នកជាន់ក្រោយឱ្យយល់ន័យ ឫទ្ធបារមីព្រះជាម្ចាស់”។ នេះយើងបានឃើញ ឱ្យឪពុកម្តាយនិយាយដល់យើងនៅពេលយើងមានអាយុ២០ឆ្នាំ ៣០ឆ្នាំ ពេលឪពុកម្តាយចាស់ហើយអស់កម្លាំងហើយ ឱ្យយើងដឹងថាយើងជាសសរដដែល ដោយថែរក្សាឪពុកម្តាយរបស់យើង។
ហេតុនេះហើយ អ្វីៗទាំងអស់ដែលយើងកំពុងធ្វើសព្វថ្ងៃ សម្រាប់អនាគតរបស់យើង១០ឆ្នាំ ២០ឆ្នាំ ៣០ឆ្នាំទៀត។ យើងបាននិយាយអំពីសុខភាព យើងគិតថាមិនអីទេខ្ញុំអាយុ១០ឆ្នាំ ២០ឆ្នាំ ៣០ឆ្នាំ ខ្ញុំនៅមានសុខភាពល្អ រឹងមាំឥតមានបញ្ហាសោះ។ យើងបានឃើញកុមារដែលនៅមត្តេយ្យសិក្សា ធ្មេញដង្កូវស៊ីអស់ហើយដោយសារស្ករ ទោះយើងខិតខំបង្រៀនឱ្យគេចេះដុសធ្មេញ សំអាតធ្មេញក៏ដោយ។ ក្រោយមកយើងថាមិនអីទេ ដោយសារធ្មេញវាដូរដូច្នេះពេលមានអាយុ៧ឆ្នាំ ៨ឆ្នាំមានធ្មេញថ្មី។ ប៉ុន្តែ ចាំមើលកូនក្មេងដែលធ្លាប់មានធ្មេញដង្កូវស៊ី (ធ្មេញខ្មៅ) ៣០ឆ្នាំទៀតធ្មេញយើងនឹងមានបញ្ហាអ្វី។ ដូច្នេះ ពេលយើងមានបញ្ហាណាមួយ សុខភាពរបស់យើងធ្លាក់ចុះ។ អ្វីដែលយើងកំពុងសាងសង់សព្វថ្ងៃជាមួយសុខភាពរបស់យើង ជាទ្រព្យសម្បត្តិសម្រាប់២០ឆ្នាំ ៣០ឆ្នាំ ៥០ឆ្នាំទៅមុខ។
យើងត្រូវការនឹកឃើញថា សេចក្តីស្រឡាញ់ដែលយើងមានសព្វថ្ងៃ គឺយើងកំពុងរៀបចំអនាគតរបស់យើងដ៏ពិតប្រាកដ។ អ្វីៗដែលសព្វថ្ងៃយើងទុកចោល ២០ឆ្នាំ ៣០ឆ្នាំ វានឹងត្រលប់មកវិញ នៅពេលនោះប្រហែលយើងចាំសម្តីររបស់លោកអភិបាលថ្ងៃនេះ។ ដែលលោកបានណែនាំឱ្យខ្ញុំថែរក្សាសុខភាព ថែរក្សាឪពុកម្តាយ ថែរក្សាការសិក្សា ថែរក្សាបរិស្ថាន តែខ្ញុំមិនបានធ្វើ ឥឡូវនេះខ្ញុំពិបាក។ ឬផ្ទុយទៅវិញ ខ្ញុំបានខិតខំធ្វើល្អណាស់ ឥឡូវនេះខ្ញុំមានបណ្ឌិតហើយ ខ្ញុំមានគ្រួសារពោរពេញដោយសេចក្តីសុខ ខ្ញុំមានសុខភាពល្អ ឪពុកម្តាយខ្ញុំមានអំណរសប្បាយដោយសារគាត់ឃើញខ្ញុំជោគជ័យនៅក្នុងជីវិត។ ដូច្នេះ អ្វីៗទាំងអស់ដែលយើងបានធ្វើថ្ងៃនេះ អនាគតយើងមើលឃើញផ្លែដ៏ពិតប្រាកដ ដោយដឹងថាពីមួយថ្ងៃទៅមួយថ្ងៃ យើងមានព្រះយេស៊ូដែលគង់នៅជាមួយយើង ដែលលើកទឹកចិត្តយើង ដែលធ្វើដំណើរជាមួយយើង និងដែលណែនាំឱ្យយើងទទួលសេចក្តីស្រឡាញ់ដ៏ពេញលក្ខណៈ៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ