បងប្អូនជាទីស្រឡាញ់
នៅពេលយើងបានឃើញផ្ទាំងប៉ាណូដ៏ធំនេះ ណែនាំឱ្យយើងនឹកឃើញដល់ជីវិតព្រះសហគមន៍មុនកូវីដ-១៩។ ដោយសារ ជួនកាលការចងចាំរបស់យើងខ្លីបន្តិច ដូច្នេះយើងនឹកឃើញនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ យើងនៅទីនេះដើម្បីធ្វើជំហានទី២។ ក្រោយពេលយើងទទួលដំណឹងថា មានកូវីដ-១៩កំពុងផ្ទុះនៅក្នុងសហគមន៍ ដូច្នេះនៅពេលនោះយើងបានសង្ខេបពិធីជំហានទី២ ដើម្បីឱ្យបងប្អូនវិលទៅតាមកន្លែងរបស់ខ្លួនវិញភ្លាមៗ។ រហូតមកដល់ថ្ងៃនេះ យើងពោរពេញដោយអំណរសប្បាយដោយសារយើងឆ្លៀតឱកាស ដើម្បីបើកសន្និបាតព្រះសហគមន៍កាតូលិក ២០២១-២០២៣ នៅមណ្ឌលសកម្មភាពភ្នំពេញថ្មី។
ថ្ងៃនេះ ជាមហាគ្រួសារនៃព្រះសហគមន៍ដែលកំពុងជួបជុំគ្នា ដើម្បីធ្វើដំណើរជាមួយគ្នា ប្រសិនបើបងប្អូនមើលរូបភាពអាចរកឃើញសកម្មភាពតាមមណ្ឌលសកម្មភាពនីមួយៗ សកម្មភាពតាមការិយាល័យនីមួយៗ។ កន្លែងដែលយើងមាននៅក្នុងភូមិភាគ បព្វជិតបព្វជីតា ទេវវិទ្យាល័យ មណ្ឌលនិស្សិត នេះជាជីវិតរបស់យើង យើងដឹងថាជីវិតត្រូវតែបន្ត យើងជាមហាគ្រួសារនៅក្នុងព្រះសហគមន៍។ នេះជាឱកាសមួយ ដើម្បីចូលរួមជាមួយព្រះសហគមន៍សកល ដោយសារភូមិភាគភ្នំពេញមិនមែនជាភូមិភាគឯកោ យើងនៅជាមួយបាត់ដំបងនិងកំពង់ចាម។ ព្រះសហគមន៍កាតូលិកកម្ពុជាមិនមែនជាព្រះសហគមន៍ឯកោ គឺយើងនៅជាមួយប្រទេសឡាវ។ ព្រះសហគមន៍ឡាវ-កម្ពុជាមិនមែនជាព្រះសហគមន៍ឯកោ យើងនៅក្នុងសមាគមន៍លោកអភិបាលក្នុងទី្វបអាស៊ី (FABC)។ ព្រះសហគមន៍កាតូលិកក្នុងទ្វីបអាស៊ីមិនមែនឯកោ យើងនៅជាមួយព្រះសហគមន៍ក្នុងទ្វីបទាំងប្រាំដែលមានព្រះសហគមន៍កាតូលិក។ ព្រះសហគមន៍កាតូលិកទាំងមូល មានគ្រូគង្វាលដ៏សប្បុរស គឺសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ដែលសប្តាហ៍មុនបានបើកឱ្យព្រះសហគមន៍ទាំងអស់ធ្វើដំណើររួមជាមួយគ្នានៅក្នុងពិភពលោក នៅតាមតំបន់ និងនៅតាមភូមិភាគនីមួយៗ ក៏ដូចជានៅតាមព្រះសហគមន៍តូចៗរបស់យើងនីមួយៗដែរ។
តើយើងធ្វើដំណើរជាមួយគ្នាដើម្បីអ្វី? នេះជាចំណុចមួយដែលយើងបានឃើញគឺដើម្បីប្រកាសដំណឹងល្អ។ នេះជាបេសកកម្ម ដែលយើងជាគ្រីស្តបរិស័ទបានទទួលពីថ្ងៃដែលយើងបានទទួលពិធីជ្រមុជទឹក យើងដឹងហើយថាយើងជាបូជាចារ្យ យើងជាព្រះមហាក្សត្រ យើងជាព្យាការី។ តួនាទីរបស់យើងគឺអធិដ្ឋាន តួនាទីរបស់យើងគឺបម្រើ និងតួនាទីរបស់យើងគឺថ្លែងដំណឹងល្អរបស់ព្រះជាម្ចាស់ ដើម្បីឱ្យមនុស្សស្តាប់ឮ។ ហេតុនេះហើយ ថ្ងៃនេះនៅពេលយើងជួបជុំគ្នាយើងនឹកឃើញបេសកកម្មរបស់យើង គឺប្រកាសដំណឹងល្អអំពីព្រះយេស៊ូគ្រីស្ត ព្រះយេស៊ូគ្រីស្តដែលណែនាំឱ្យយើងទទួលជីវិតអស់កល្បជានិច្ច។ ពិតមែន បងប្អូនជាទីស្រឡាញ់ព្រះសហគមន៍របស់យើងមិនមែនជាសមាគមន៍មួយ ឬជាអង្គការមួយដែលសម្តែងមេត្តាករុណាតែប៉ុណ្ណឹង។ ព្រះសហគមន៍របស់យើង រស់នៅក្នុងព្រះយេស៊ូគ្រីស្ត ក្នុងព្រះជាម្ចាស់ដែលណែនាំឱ្យយើងទទួលអំណោយដ៏សំខាន់បំផុតសម្រាប់យើងទាំងអស់គ្នាគឺជំនឿ ជំនឿណែនាំឱ្យយើងទទួលជីវិតអស់កល្បជានិច្ច។
ហេតុនេះហើយ ពីមួយថ្ងៃទៅមួយថ្ងៃជាពិសេសនៅក្នុងពេលវេលាកូវីដ-១៩នេះ ដែលយើងបានយកចិត្តទុកដាក់ធ្វើសង្គហៈ ចែកអំណោយដើម្បីបង្ហាញធម៌មេត្តាករុណាដល់បងប្អូនរបស់យើងដែលកំពុងរងទុក្ខលំបាក នេះផ្លែនៃជំនឿរបស់យើង។ ប្រសិនបើយើងគ្រាន់តែចែកអំណោយ បង្ហាញធម៌មេត្តាករុណា ដោយភ្លេចប្រភពរបស់យើង នោះយើងលែងជាព្រះសហគមន៍កាតូលិកទៀតទេ។ ដូច្នេះ ខ្ញុំជឿថាពេលវេលាដែលយើងកំពុងបើកដើម្បីធ្វើដំណើររួមជាមួយគ្នា ជាពេលវេលាមួយដើម្បីឱ្យយើងអធិដ្ឋានទូលអង្វរព្រះជាម្ចាស់ “ឱព្រះបិតាអើយ សូមប្រទានជំនឿរឹងមាំឱ្យខ្ញុំ ឱ្យព្រះសហគមន៍របស់យើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំទាំងអស់គ្នាអាចធ្វើដំណើររួមជាមួយគ្នា និងឱ្យយើងរកឃើញអត្ថន័យនៃជីវិតរបស់យើង”។ អត្ថន័យនៃជីវិតរបស់យើង មើលឃើញនៅក្នុងគោលដៅគឺប្រកាសដំណឹងល្អ ដើម្បីឱ្យសេចក្តីសង្ឃឹម ដើម្បីឱ្យជីវិតរបស់ព្រះជាម្ចាស់ទៅនៅក្នុងគ្រប់ទីកន្លែងដែលយើងនៅសព្វថ្ងៃ។
តើអ្នកណាដែលត្រូវប្រកាសដំណឹងល្អ? តើជាលោកអភិបាលតែប៉ុណ្ណឹង តើជាលោកឪពុកតែប៉ុណ្ណឹង តើជាបងប្រុសបងស្រីតែប៉ុណ្ណឹង នេះមិនមែនជាព្រះសហគមន៍ទេ។ យើងបានឃើញ លូហ្គូដែលមាននៅក្នុងព្រះឈើឆ្កាង នៅក្រោមព្រះពន្លឺនៃព្រះវិញ្ញាណដ៏វិសុទ្ធ នៃព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ យើងបានឃើញប្រជារាស្ត្ររបស់ព្រះអង្គដែលកំពុងធ្វើដំណើរ។ ដែលមានកូនក្មេង យុវជនយុវនារី មីងពូ លោកតាលោកយាយ ជនមានពិការភាព បងស្រីបងប្រុស លោកឪពុក និងលោកអភិបាល យើងជាក្រុមគ្រួសារតែមួយដែលធ្វើដំណើររួមជាមួយគ្នា។ ធ្វើដំណើររួមជាមួយគ្នា មានន័យថាយើងធ្វើដំណើរជាមួយគ្នានៅក្នុងអំណរសប្បាយក្តី នៅក្នុងទុក្ខលំបាកក្តី។ ព្រឹកមិញ ខ្ញុំបានណែនាំឱ្យក្រុមយើងគិតអំពីអំណរសប្បាយសិនដោយសារអំណរសប្បាយណែនាំឱ្យយើងមានកម្លាំង ណែនាំឱ្យយើងមានសេចក្តីសង្ឃឹម។ ប្រសិនបើ យើងចេះតែមើលឧបសគ្គណែនាំឱ្យយើងធ្លាក់ទឹកចិត្ត នៅពេលយើងធ្លាក់ទឹកចិត្តយើងមិនដឹងថាធ្វើដូចម្តេចដើម្បីទៅមុខ។ ដូច្នេះ ថ្ងៃនេះខ្ញុំចាប់ផ្តើមឱ្យយើងរិះគិត តើអំណរសប្បាយរបស់យើងគឺអ្វីខ្លះ? ទោះបីកូវីដ-១៩ក៏ដោយខ្ញុំបានស្តាប់ក្រុមនីមួយៗ ទោះបីយើងមានព្រំដែនយ៉ាងច្រើន ប៉ុន្តែយើងបានឃើញព្រះសហគមន៍របស់យើងមានជីវិតដោយសារព្រះជាម្ចាស់ ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធជម្រុញយើងឱ្យយើងពោរពេញដោយសេចក្តីក្លាហាននិងកម្លាំងកាយកម្លាំងចិត្ត។
ហេតុនេះហើយ សម្រាប់យើងថ្ងៃនេះឱ្យយើងនឹកឃើញថា យើងទាំងអស់គ្នាយើងជាគ្រីស្តទូត។ មានន័យថា យើងទាំងអស់គ្នាពីកូនក្មេងដ៏តូចរហូតដល់លោកតាលោកយាយ បព្វជិតបព្វជីតា លោកឪពុក លោកអភិបាល គ្រប់ការិយាល័យនៅក្នុងភូមិភាគភ្នំពេញ យើងជាទូតរបស់ព្រះគ្រីស្តដើម្បីឱ្យយើងរួមគ្នាធ្វើដំណើរបំពេញគោលដៅរបស់យើងគឺប្រកាសដំណឹងល្អ។ ដើម្បីប្រកាសដំណឹងល្អនេះ យើងត្រូវការមានមធ្យោបាយគឺឱ្យយើងការពារថែរក្សាភាពតែមួយ អង្គតែមួយ ធ្លុងតែមួយ។ យើងមិនមែនជាគ្រួសារតែបាក់បែកគ្នា ដែលច្រណែនគ្នា គាត់មានអំណាច គាត់មានកម្លាំង យើងចេះតែប្រៀបធៀប។ ផ្ទុយទៅវិញ យើងដឹងថានៅក្នុងគ្រួសារម្នាក់ៗមានតួនាទី ម្នាក់ៗមានកម្លាំង ម្នាក់ៗត្រូវតែចូលរួម។ មើលគ្រួសារមួយដែលមានលោកតាលោកយាយ ឪពុកម្តាយ កូន រួមគ្នាជាគ្រួសារមួយដែលចេះធ្វើដំណើរនៅក្នុងសេចក្តីសុខសាន្ត។ ប្រសិនបើម្តាយធ្វើជំនួសឪពុក ប្រសិនបើឪពុកធ្វើជំនួសកូន ប្រសិនបើកូនធ្វើជំនួសលោកតាលោកយាយ ធ្វើឱ្យមានភាពរញេរញៃ មិនអាចទៅមុខបានទេ។ គ្រួសារមួយ ជាគ្រួសារដែលពោរពេញដោយសេចក្តីសុខនៅពេលយើងចេះសហការគ្នានៅក្នុងសេចក្តីស្រឡាញ់។ ប៉ុន្តែ ដើម្បីថែរក្សាធ្លុងតែមួយ ភាពតែមួយ យើងត្រូវការភ្ជាប់ជាមួយព្រះជាម្ចាស់ ឥតមានផ្លូវពីរទេ។
ខ្ញុំបានឮគេថា នៅក្នុងរាជធានីភ្នំពេញសព្វថ្ងៃគ្រីស្តបរិស័ទលែងរវីរវល់ជាមួយសាសនា ដោយសារគេរវីរវល់តែជាមួយកូវីដ-១៩។ ពាក្យនេះយើងមិនអាចទទួលបានទេ សម្រាប់យើងដែលជាបូចាចារ្យ សម្រាប់យើងដែលជាអ្នកដឹកនាំព្រះសហគមន៍ សម្រាប់យើងដែលជាគ្រីស្តបរិស័ទ។ ផ្ទុយទៅវិញ ឱ្យនៅក្នុងពេលវេលាកូវីដ-១៩ ធ្វើដូចម្តេចដើម្បីឱ្យទំនាក់ទំនងជាមួយព្រះជាម្ចាស់រីកចម្រើននៅក្នុងខ្លួនរបស់យើង។ ប្រសិនបើ យើងមានជំងឺកូវីដ-១៩ដំណាក់កាលចុងក្រោយ ហើយយើងបានចោលទំនាក់ទំនងជាមួយព្រះជាម្ចាស់ យើងនៅសល់ទីពឹងអ្វី អនាគតរបស់យើងទៅណា។ នៅពេលបងប្អូនរបស់យើងមានជំងឺកូវីដ-១៩ តើយើងរកកម្លាំងពីណាដើម្បីលើកទឹកចិត្តគេ ដើម្បីនៅជាមួយគេថែមទៀត? នៅក្នុងខែឧសភាកន្លងមក ពេលបិទរាជធានីភ្នំពេញដោយនាមជំនឿរបស់យើង ដោយនាមសេចក្តីស្រឡាញ់ដែលយើងបានទទួលពីព្រះជាម្ចាស់ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានមូលកម្លាំងជាមួយអង្គការការីតាស ដើម្បីជួយរាប់ម៊ឺនគ្រួសារ។ ដូច្នេះ ទាំងអស់យើងអាចធ្វើបានដោយសារយើងរវីរវល់នឹងកិច្ចការរបស់ព្រះជាម្ចាស់ យើងមិនមែនជាមនុស្សពីរ។ ក្នុងពេលកូវីដ-១៩ពេលមានទុក្ខលំបាកយើងចោលព្រះជាម្ចាស់ នៅពេលយើងមានអំណរសប្បាយខ្លះៗយើងនឹកឃើញដល់ព្រះជាម្ចាស់។
បងប្អូនជាទីស្រឡាញ់ យើងមានផ្លូវតែមួយដើម្បីថែរក្សាធ្លុងតែមួយ ភាពឯកភាពគ្នា គឺយើងធ្វើដូចម្តេចដើម្បីភ្ជាប់ជាមួយព្រះជាម្ចាស់ជានិច្ច។ ភ្ជាប់ជាមួយព្រះជាម្ចាស់ ដោយស្តាប់ព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺយើង តើយើងធ្វើដូចម្តេចដើម្បីរស់នៅក្នុងព្រះសហគមន៍សព្វថ្ងៃ? តើយើងធ្វើដូចម្តេចដើម្បីបម្រើបងប្អូនឯទៀតៗ? ថ្ងៃនេះគម្ពីរដែលយើងបានស្តាប់ ព្រះយេស៊ូមានព្រះបន្ទូលថា “ក្នុងចំណោមអ្នករាល់គ្នា បើមានម្នាក់ចង់ធ្វើមេគេត្រូវធ្វើជាទាសកររបស់គេគ្រប់គ្នាសិន ត្បិតបុត្រមនុស្សមកក្នុងពិភពលោកនេះមិនមែនដើម្បីឱ្យគេបម្រើលោកឡើយ គឺលោកមកបម្រើគេវិញ ព្រមទាំងបូជាជីវិតដើម្បីឱ្យមនុស្សលោកទទួលការសង្រ្គោះ”។ យើងបានមើលឃើញអស់ហើយនៅក្នុងនេះ មើលទាំងឥរិយាបថរបស់យើងជាអ្នកបម្រើ គោលដៅរបស់យើងគឺទទួលការសង្រ្គោះពីព្រះយេស៊ូគ្រីស្តផ្ទាល់ តួនាទីរបស់យើងគឺណែនាំឱ្យបងប្អូនឯទៀតៗចូលនៅក្នុងគម្រោងការនៃការសង្រ្គោះ។
ដូច្នេះ ថ្ងៃនេះនៅក្នុងការឯកភាពគ្នា ភាពជាធ្លុងតែមួយ គ្រួសារតែមួយ យើងធ្វើដំណើររួមជាមួយគ្នា ដើម្បីប្រកាសដំណឹងល្អ។ ដោយដឹងថា ឥតមានម្នាក់ដែលមានសិទ្ធិដេកលក់ យើងគ្មានសិទ្ធិទៅជាមនុស្សខ្ជិល មនុស្សអសកម្ម។ ផ្ទុយទៅវិញ នៅក្នុងពីរខែខាងមុខនេះខ្ញុំសូមអញ្ជើញឱ្យព្រះសហគមន៍នៅក្នុងមណ្ឌលសកម្មភាពនីមួយៗ ការិយាល័យនីមួយៗ អង្គការនីមួយៗ ស្ថាប័ននីមួយៗ បព្វជិតបព្វជីតាម្នាក់ បូជាចារ្យម្នាក់ៗ គិតជាមួយព្រះសហគមន៍នៅក្នុងសំណួរទាំងបី៖
សំណួរទី១ តើខ្ញុំធ្វើដូចម្តេចដើម្បីរួមរស់ ធ្វើដំណើរជាមួយគ្នា និងប្រកាសដំណឹងល្អ? កុំឱ្យយើងគិតទូទៅ គិតអំពីខ្ញុំផ្ទាល់ខ្លួនសិន។
សំណួរទី២ តើយើងចូលរួមដូចម្តេចដើម្បីប្រកាសដំណឹងល្អ? រួមគ្នាយើងជួបឧបសគ្គអ្វីខ្លះ អំណរសប្បាយអ្វីខ្លះ។
សំណួរទី៣ តើយើងធ្វើដូចម្តេចដើម្បីកែរបៀប កែចិត្តគំនិត កែរបៀបដែលយើងប្រកាសដំណឹងល្អ ដើម្បីទៅដល់គោលដៅរបស់យើង? ឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់យាងចូលនៅក្នុងគ្រប់វិស័យ នៃជីវិតរបស់យើងជាប្រចាំ។
បងប្អូនជាទីស្រឡាញ់ កុំភ្លេចយើងជាគ្រីស្តបរិស័ទ យើងជាឧបករណ៍នៃការសង្រ្គោះ ដោយសារយើងជាអ្នកស្ម័គ្រនៃព្រះសហគមន៍។ ព្រះសហគមន៍ជាអគ្គសញ្ញា នៃព្រះគ្រីស្តនៅលើផែនដីនេះ ហើយយើងទាំងអស់គ្នាយើងជាឧបករណ៍នៃការសង្រ្គោះ។ ដូច្នេះ ពេលយើងពិចារណាបន្តិចយើងយល់ថា បេសកកម្មរបស់យើងធំណាស់ អស្ចារ្យណាស់ដោយសារយើងជាឧបករណ៍នៃការសង្រ្គោះ។ ហេតុនេះហើយ យើងមិនអាចអង្គុយលេង យើងមិនអាចចាំមើលសិន ដោយសារពេលវេលាគឺថ្ងៃនេះ ថ្ងៃស្អែកហួសពេលហើយគឺថ្ងៃនេះ។
បងប្អូនជាទីស្រឡាញ់ យើងអធិដ្ឋានទូលអង្វរព្រះជាម្ចាស់ដើម្បីឱ្យយើងនៅក្នុងព្រះសហគមន៍ យើងថែរក្សាជំនឿរបស់យើងយ៉ាងរឹងមាំ យើងយកចិត្តទុកដាក់បង្ហាញធម៌មេត្តាករុណាគ្រប់ពេលវេលា និងយើងធ្វើដំណើរនៅក្នុងព្រះយេស៊ូគ្រីស្តពោរពេញដោយសេចក្តីសង្ឃឹមជានិច្ច។ សូមព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺយើងគ្រប់ពេលវេលា ដើម្បីឱ្យព្រះសហគមន៍របស់យើងធ្វើដំណើររួមជាមួយគ្នា នៅក្នុងភូមិភាគភ្នំពេញ នៅក្នុងប្រទេសកម្ពុជា នៅក្នុងទ្វីបអាស៊ី និងនៅក្នុងពិភពលោក។ ដោយដឹងថា ព្រះយេស៊ូជាគ្រីស្តជាព្រះសិរសាដែលដឹកនាំយើងគ្រប់ពេលវេលា។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ