ធ្វើនៅព្រះសហគមន៍សន្តយ៉ូសែប
ពោធិបាន(សំប៉ាន) ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២
អត្ថបទទី១៖ សាមូអែកទី១ ២៦,២.៧-៩.១២-១៣.២២-២៣ ព្រះអម្ចាស់ប្រព្រឹត្តចំពោះយើង តាមសេចក្ដីសុចរិត និងស្មោះត្រង់របស់យើងម្នាក់ៗ។ ១សម ២៦,២៣ អត្ថបទទី២៖ កូរិនថូសទី១ ១៥,៤៥-៤៩ រីឯមនុស្សទីពីរវិញកើតមកពីស្ថានបរមសុខ។ ១ករ ១៥,៤៧ ដំណឹងល្អ៖ លូកា ៦,២៧-៣៨ ចូរធ្វើអំពើល្អដល់អស់អ្នកដែលស្អប់អ្នករាល់គ្នា។ លក ៦,២៧ |
“ព្រះវិហារជាកន្លែងសក្ការៈ”
បងប្អូនជាទីស្រឡាញ់
ថ្ងៃនេះ ជាអំណរសប្បាយមួយយ៉ាងពិសេសសម្រាប់ព្រះសហគមន៍ទាំងមូលនៅក្នុងភូមិភាគភ្នំពេញ ដែលយើងបានឆ្លងព្រះវិហារថ្មីនៅសំប៉ាន គឺព្រះវិហារសន្តយ៉ូសែបនៅក្នុងមណ្ឌលសកម្មភាពទន្លេបាសាក់។ ជាពេលវេលាមួយពិសេស មិនមែនតែសម្រាប់សំប៉ានទេ ប៉ុន្តែសម្រាប់ព្រះសហគមន៍ទាំងមូលនៅក្នុងភូមិភាគ ដែលមានអំណរសប្បាយដោយបានទទួលព្រះវិហារថ្មី។ ណែនាំឲ្យអាគារថ្មីនេះបានចេញ ដើម្បីទៅជាកន្លែងមួយដែលបំភ្លឺដល់បងប្អូនឲ្យយល់ថា នេះជាកន្លែងដែលមានវត្តមានរបស់ព្រះជាម្ចាស់ផ្ទាល់។
បងប្អូនជាទីស្រឡាញ់ ពិធីឆ្លងព្រះវិហារជាពិធីមួយដ៏ពិសេស ដែលណែនាំឲ្យយើងរំភើបមែនទែន មុននេះយើងបានដើរបីជុំនៅជុំវិញព្រះវិហារ ដើម្បីនឹកឃើញព្រះជាម្ចាស់។ ដូចពីសម័យដើម ពេលដែលយើងតែងតាំងទីលំនៅរបស់ព្រះជាម្ចាស់ យើងដើរបីជុំដើម្បីយល់ថានេះជាកន្លែងមួយយ៉ាងពិសេស នេះជាទឹកដីសក្ការៈ។ ក្រោយមក នៅពេលយើងបានឆ្លងព្រះវិហារយើងបានគូសសញ្ញាឈើឆ្កាងនៅលើទ្វារ ដោយដឹងថាយើងចេញពីលោកីយ៍ដើម្បីចូលទៅក្នុងពិភពរបស់ព្រះជាម្ចាស់។ យើងចេញពីជីវិតធម្មតា ដើម្បីចូលទៅក្នុងកន្លែងសក្ការៈដែលព្រះជាម្ចាស់មានវត្តមាន យើងចេញពីជីវិតរបស់យើងប្រចាំថ្ងៃ ដើម្បីមកដល់កន្លែងព្រះជាម្ចាស់ផ្ទាល់។ ដូចពីសម័យដើម លោកម៉ូសេដែលបានជួបជាមួយព្រះជាម្ចាស់ ដូចព្រះយេស៊ូដែលបានរករឿងនៅវិហារយេរូសាឡឹមនៅពេលឃើញមានអ្នកលក់ដូរនៅជុំវិញវិហារ ដោយភ្លេចនឹកឃើញនេះជាកន្លែងសក្ការៈ។ នៅពេលយើងបានគូសសញ្ញាឈើឆ្កាងនេះ ព្រះវិញ្ញាណបានចូលយ៉ាងឱឡារឹកមកព្រះវិហារនេះ យើងបានមើលឃើញពិតមែនចាប់ពីពេលនេះតទៅ ព្រះវិហារនេះមិនមែនជាអាគារធម្មតាមួយ។ មិនមែនជាកន្លែងដែលយើងអាចជួបជុំគ្នា ដើម្បីហូបបាយ ដើម្បីដេក ដើម្បីនិយាយគ្នាមិនដឹងខ្លួន ប៉ុន្តែនេះជាកន្លែងរបស់ព្រះជាម្ចាស់ ជាព្រះដំណាក់របស់ព្រះជាម្ចាស់។
យើងបានបន្តដោយធ្វើពិធីប្រោះទឹកព្រះពរ ប្រោះទឹកព្រះពរលើបងប្អូនទាំងអស់ដូចជានៅលើជញ្ជាំង ដើម្បីនឹកឃើញព្រះវិហារនេះមិនមែនសាងសង់ដោយថ្ម ដោយឥដ្ឋតែប៉ុណ្ណឹង ប៉ុន្តែសាងសង់ដោយថ្មដែលមានជីវិត ដែលជាគ្រីស្តបរិស័ទយើងទាំងអស់។ ដូច្នេះ ទឹកព្រះពរនេះបានណែនាំឲ្យយើងនឹកឃើញដល់ពិធីជ្រមុជទឹករបស់យើង នៅជីវិតថ្មីដែលយើងទទួលបានពីព្រះជាម្ចាស់នៅពេលយើងទៅជាបុត្រាបុត្រីរបស់ព្រះអង្គ។ នៅពេលយើងប្រោះទឹកព្រះពរទាំងលើជញ្ជាំង ទាំងលើបងប្អូនយើងយល់ថា យើងជាព្រះសហគមន៍ យើងជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់។ ដែលចូលនៅក្នុងព្រះវិហារនេះ ដើម្បីអធិដ្ឋាន ដើម្បីសូត្រធម៌ ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីទទួលអគ្គសញ្ញានានា ជាពិសេសអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត និងអគ្គសញ្ញាសម្រុះសម្រួលរួមជាមួយព្រះជាម្ចាស់។ ជាពេលវេលាមួយដើម្បីឲ្យយើងនឹកឃើញពិតមែននេះជាកន្លែងសក្ការៈ នេះហើយខ្ញុំបានប្រោះទឹកព្រះពរលើអាសនៈ។ ប៉ុន្តែ នៅលើអាសនៈមិនមែនតែប្រោះទឹកព្រះពរ បន្តិចទៀតយើងមានការអធិដ្ឋានយ៉ាងឱឡារឹក ដើម្បីឲ្យព្រះជាម្ចាស់ប្រសិទ្ធីព្រះពរលើអាគារ នេះ ដូចជាលើអាសនៈ ដូចជានៅលើបងប្អូន។ នៅពេលនោះ យើងប្រើប្រេងគ្រីស្មាស់ ប្រេងគ្រីស្មាស់ជាប្រេងដែលយើងបានប្រសិទ្ធីពរយ៉ាងពិសេសបំផុត។ ដែលណែនាំឲ្យអាសនៈនេះ ដែលជាតុសក្ការៈដើម្បីនឹករលឹកដល់សក្ការៈបូជារបស់ព្រះយេស៊ូ ទៅជាកន្លែងអាទិភាពដ៏សំខាន់បំផុតនៅក្នុងព្រះវិហាររបស់យើង។
ប៉ុន្តែ លើសពីនេះទៀតយើងគូសសញ្ញាឈើឆ្កាងជាមួយប្រេងគ្រីស្មាស់នៅលើសសរនីមួយៗ ដើម្បីនឹកឃើញយើងមានសសរនៅក្នុងព្រះវិហានេះ ដើម្បីឱ្យរឹងមាំ។ ប៉ុន្តែ យើងជាគ្រីស្តបរិស័ទដែលបានទទួលប្រេងគ្រីស្មាស់នៅពេលយើងបានទទួលពិធីជ្រមុជទឹក ដែលបានទទួលប្រេងគ្រីស្មាស់នៅពេលទទួលអគ្គសញ្ញាលាបថ្ងាស។ យើងជាសសរដ៏ រឹងមាំ ដើម្បីណែនាំឱ្យព្រះវិហារនេះអាចទៅជាព្រះវិហារដ៏មានជីវិត។ ដោយសារ យើងជាព្រះសហគមន៍សកម្ម យើងជាព្រះសហគមន៍ដែលចេះស្រឡាញ់គ្នាទៅវិញទៅមក យើងជាព្រះសហគមន៍ដែលចេះអធិដ្ឋានភ្ជាប់ជាមួយព្រះជាម្ចាស់ ភ្ជាប់និងបម្រើបងប្អូនឯទៀតៗ។ ដូច្នេះ នេះជាសញ្ញាមួយៗដែលណែនាំឲ្យយើងចូលនៅក្នុងជីវិតរបស់ព្រះជាម្ចាស់ នៅក្នុងព្រះជន្មរបស់ព្រះជាម្ចាស់ផ្ទាល់ ដើម្បីណែនាំឲ្យព្រះសហគមន៍របស់យើងពោរពេញដោយកម្លាំង ពោរពេញដោយជីវិត។
អត្ថបទដែលយើងបានស្ដាប់ ជាអត្ថបទដែលណែនាំឲ្យយើងយល់អំពីជីវិតរបស់យើង ដែលជាគ្រីស្តបរិស័ទ។ ជីវិតរបស់យើងជាគ្រីស្តបរិស័ទមិនធម្មតាទេ ដោយសារថ្ងៃនេះយើងបានស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលថា “ចូរមានចិត្តមេត្តាករុណាដូចព្រះបិតារបស់អ្នករាល់គ្នា ដែលមានព្រះហឫទ័យមេត្តាករុណា”។ នៅពេលយើងស្ដាប់ព្រះបន្ទូលនេះ ជាព្រះបន្ទូលមិនធម្មតាទេដោយសារព្រះយេស៊ូណែនាំឲ្យយើងមានចិត្តស្រឡាញ់ ឲ្យយើងមានចិត្តមេត្តាករុណាដូចព្រះបិតាផ្ទាល់។ ដោយដឹងថាព្រះបិតាជាសេចក្ដីស្រឡាញ់ ដោយដឹងថាព្រះបិតាមានលក្ខណៈតែមួយ គឺសេចក្ដីស្រឡាញ់ដ៏ពេញលក្ខណៈ មិនខ្វះមួយភាគរយទេ សេចក្ដីស្រឡាញ់ដ៏ធំធេ។យើងជាគ្រីស្តបរិស័ទ ដែលជាមនុស្សសាមញ្ញធម្មតា ដែលជាមនុស្សជាប់នឹងអំពើបាប ដែលជាមនុស្សជួនកាលវង្វេងដែរ។ យើងត្រូវការចូលនៅក្នុងព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ និងអនុវត្តន៍នៅក្នុងជីវិតរបស់យើងអំពីសេចក្ដីស្រឡាញ់នេះ។
បងប្អូនជាទីស្រឡាញ់ ពេលយើងនឹកឃើញព្រះបន្ទូលនេះ ពេលយើងនឹកឃើញព្រះវិហារដែលយើងកំពុងសម្ភោធន៍ យើងយល់ថាពិតមែនយើងជាមនុស្សទន់ខ្សោយ។ យើងអត់មានសមត្ថភាពផ្ទាល់ខ្លួនដើម្បីមានចិត្តមេត្តាករុណាដូចព្រះបិតាមានព្រះហឫទ័យមេត្តាករុណា យើងអត់មានសមត្ថភាពផ្ទាល់ខ្លួនដើម្បីស្រឡាញ់ខ្មាំងសត្រូវ។ យើងឥតមានសមត្ថភាពផ្ទាល់ខ្លួនដើម្បីធ្វើអំពើល្អដល់អ្នកដែលស្អប់យើង យើងឥតមានសមត្ថភាពផ្ទាល់ខ្លួន ដើម្បីអនុវត្តន៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ក៏ប៉ុន្តែ ព្រះជាម្ចាស់មានឬទ្ធានុភាពសព្វប្រការ ដើម្បីណែនាំឲ្យយើងដែលជាបុត្រាបុត្រីរបស់ព្រះអង្គ អាចរស់នៅនៅក្នុងព្រះបន្ទូលនេះបាន។ ព្រះវិហារនេះជាសញ្ញាមួយ ដែលព្រះជាម្ចាស់ស្រឡាញ់យើង ជាសញ្ញាមួយដែលណែនាំឲ្យយើងយល់ថានៅកន្លែងហ្នឹង នៅពេលយើងចូលនៅក្នុងពិភពរបស់ព្រះជាម្ចាស់ នៅពេលយើងចេញពីលោកីយ៍ ពីជីវិតសាមញ្ញរបស់យើង នៅពេលយើងដោះស្បែកជើងចេញដើម្បីគោរពថ្វាយបង្គំព្រះជាម្ចាស់ នៅពេលនោះយើងទទួលកម្លាំង យើងទទួលជំនឿ យើងទទួលធម៌មេត្តាករុណាដែលមកពីព្រះជាម្ចាស់ផ្ទាល់។ គ្រប់ពេលវេលាដែលយើងចូលអភិបូជា គ្រប់ពេលវេលាដែលយើងទទួលអគ្គសញ្ញានានានៅក្នុងព្រះវិហារនេះ គ្រប់ពេលវេលានៅពេលយើងអង្គុយអធិដ្ឋាន សូត្រផ្គាំ នមស្ការព្រះកាយព្រះគ្រីស្ត ដើម្បីមើលឈើឆ្កាង មើលព្រះនាងម៉ារី និងសន្តយូសែប។ គ្រប់ពេលវេលាហ្នឹងយើងដឹងថា ព្រះជាម្ចាស់ប្រទានព្រះពរឲ្យយើងជាគ្រីស្តបរិស័ទសាមញ្ញធម្មតា ដើម្បីរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដើម្បីឲ្យយើងមានសមត្ថភាពស្រឡាញ់ខ្មាំងសត្រូវ ដើម្បីលើកយើងឲ្យមានសមត្ថភាពធ្វើអំពើល្អដល់អ្នកដែលស្អប់យើង ដើម្បីយើងមានសមត្ថភាពកុំឲ្យយើងវិនិច្ឆ័យគេអត់ប្រយោជន៍។ ឲ្យយើងលើកលែងទោសឲ្យគេជានិច្ច ដោយសារយើងដឹងថាពិតមែនព្រះជាម្ចាស់ណែនាំឲ្យយើងមានចិត្តស្រឡាញ់ដូចព្រះអង្គមានព្រះហឫទ័យមេត្តាករុណា។
ហេតុនេះហើយ សមត្ថភាពនេះមិនចេញពីខ្លួនឯងទេ សមត្ថភាពនេះមិនមែនចេញពីកម្លាំងរបស់យើងទេ ប៉ុន្តែចេញពីជំនឿដែលយើងមានទៅលើព្រះជាម្ចាស់ ចេញពីពាក្យអធិដ្ឋានដែលយើងទូលអង្វរព្រះជាម្ចាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ហេតុនេះហើយ អាគារនេះដែលនៅក្នុងកណ្ដាលភូមិរបស់យើង ជាសញ្ញាមួយយ៉ាងពិសេសដើម្បីឲ្យយើងដឹងថា វត្តមានរបស់ព្រះជាម្ចាស់ណែនាំឲ្យយើងទៅជាមនុស្សថ្មី ដើម្បីឲ្យបងប្អូនរបស់យើងអាចរកឃើញជីវិតថ្មីដែរ។
បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះពិតមែនយើងពោរពេញដោយអំណរសប្បាយ និងសេចក្ដីសុខ ថ្ងៃនេះយើងចង់ថ្លែងអំណរព្រះគុណចំពោះព្រះជាម្ចាស់ ដែលបានណែនាំឲ្យយើងបានសាងសង់ព្រះវិហារថ្មី ដែលបានណែនាំឲ្យយើងជាព្រះសហគមន៍ដែលបានទទួលព្រះពរពីព្រះជាម្ចាស់ដ៏ពេញលក្ខណៈ។ ថ្ងៃនេះ យើងសន្យាថានៅមុខព្រះជាម្ចាស់យើងខិតខំទៅជាគ្រីស្តបរិស័ទសកម្ម យើងខិតខំស្រឡាញ់គ្នាទៅវិញទៅមក យើងខិតខំស្រឡាញ់សត្រូវរបស់យើង។ យើងខិតខំធ្វើអំពើល្អចំពោះមនុស្សដែលស្អប់យើង យើងខិតខំលើកលែងទោសឲ្យគេ យើងមិនវិនិច្ឆ័យគេ។ នេះជាព្រះបន្ទូលសម្រាប់យើងថ្ងៃនេះ នេះជាព្រះបន្ទូលដែលយើងអនុវត្តន៍បាន។ ដោយសារ នៅក្នុងកន្លែងថ្មីនេះដែលជាកន្លែងសក្ការៈបំផុត យើងអាចមានសមត្ថភាពដែលមកពីព្រះជាម្ចាស់ផ្ទាល់។
បងប្អូនជាទីស្រឡាញ់ យើងអធិដ្ឋានសម្រាប់គ្នាទៅវិញទៅមក ដើម្បីឲ្យព្រះសហគមន៍របស់យើងទៅជាសញ្ញាសម្គាល់នៃវត្តមានរបស់ព្រះជាម្ចាស់ មិនមែនតែដោយសារអាគារហ្នឹង។ ប៉ុន្តែ ដោយសារជីវិតរបស់យើងផ្ទាល់ របៀបដែលយើងរស់នៅជាមួយបងប្អូនរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងភូមិរបស់យើង នៅក្នុងព្រះសហគមន៍របស់យើង នៅក្នុងសាលារៀនរបស់យើង នៅកន្លែងដែលយើងធ្វើការ នៅកន្លែងដែលយើងរកស៊ី យើងជាគ្រួសារជាបងប្អូនគ្នាទៅវិញទៅមក។ សូមព្រះជាម្ចាស់ប្រទានព្រះពរដល់ព្រះសហគមន៍យើងទាំងមូល ដើម្បីឲ្យជីវិតដែលយើងទទួលពីព្រះជាម្ចាស់ថ្ងៃនេះ អាចបំភ្លឺណែនាំយើងនៅខាងមុខនេះ និងអស់កល្បជានិច្ចរហូតដល់យើងទៅដល់ស្ថានបរមសុខ។ ដោយដឹងថា យើងមានព្រះនាងម៉ារីដែលណែនាំឲ្យជីវិតរបស់យើងភ្ជាប់ជាមួយព្រះយេស៊ូគ្រីស្តជានិច្ច។ អាម៉ែន។
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ