“យើងមានបេសកកម្មតែមួយ”
បងប្អូនជាទីស្រឡាញ់
រយៈពេល១២ឆ្នាំ ដែលខ្ញុំធ្វើជាអធិបតីក្នុងអភិបូជាប្រសិទ្ធីពរលើប្រេងគ្រីស្មា ១២ឆ្នាំមុនយើងធ្វើនៅផ្សារតូចមានលោកអភិបាលជាមួយលោកបូជាចារ្យប្រហែលតែ៤០អង្គ ណែនាំឱ្យខ្ញុំភ័យណាស់នៅពេលទេសនា។ ឆ្នាំនេះ យើងមានលោកអភិបាលនិងបូជាចារ្យរហូតដល់ជាង៨០អង្គ ណែនាំឱ្យខ្ញុំភ័យថែមទៀត ទោះបីខ្ញុំមានបទពិសោធន៍១២ឆ្នាំកន្លងមកហើយក៏ដោយ។ ជាពេលវេលាមួយពិសេស សម្រាប់យើងទាំងអស់គ្នា ថ្ងៃនេះយើងបន្តសន្ទនាជាមួយលោកបូជាចារ្យផង និងជាមួយគ្រីស្តបរិស័ទផង។
ជាពិសេស ថ្ងៃនេះដើម្បីឱ្យលោកអភិបាលនិយាយដោយផ្ទាល់ជាមួយលោកបូជាចារ្យ “សូមអញ្ជើញឱ្យបានសុខសាន្ត”។ បងប្អូនជាទីស្រឡាញ់ នៅពេលបញ្ចប់អភិបូជាយើងអញ្ជើញឱ្យគ្រីស្តបរិស័ទឱ្យបានសុខសាន្ត។ ខ្ញុំគិតថា សម្រាប់បន្តការសន្ទនានៅក្នុងឆ្នាំនេះ ការអធិដ្ឋាន និងព្រះពរដែលយើងបានទទួលពីព្រះជាម្ចាស់ នៅពេលយើងស្តាប់ “សូមអញ្ជើញឱ្យបានសុខសាន្ត” ពោរពេញដោយអត្ថន័យ ជាពិសេសពាក្យ “សុខសាន្ត”។ បន្តិចទៀត យើងចូលនៅក្នុងសប្តាហ៍ពិសិដ្ឋ យើងចូលនៅក្នុង៣ថ្ងៃយ៉ាងពិសេសបំផុតសម្រាប់យើង ដែលចាប់ផ្តើមជាមួយព្រះយេស៊ូដែលលាងជើងឱ្យក្រុមសាវ័ក។ ចាប់ផ្តើម ជាមួយព្រះយេស៊ូដែលបានតែងតាំងអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត ដែលណែនាំឱ្យយើងចូលយ៉ាងជ្រៅនៃការរងទុក្ខលំបាករបស់ព្រះយេស៊ូ និងព្រះយេស៊ូសោយទិវង្គត។ ណែនាំឱ្យយើងមើលឃើញ ព្រះយេស៊ូឡើងស្ថានបរមសុខ និងព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។ យើងដឹងថាពិធីបុណ្យចាប់ផ្តើមនៅថ្ងៃព្រហស្បត្តិ៍ ហើយបញ្ចប់នៅថ្ងៃសៅរិ៍ពេលយប់ ដោយនិយាយថា “សូមអញ្ជើញឱ្យបានសុខសាន្ត អាលេលូយ៉ា អាលេលូយ៉ា”។
ពិតមែន អាថ៌កំបាំងដ៏អស្ចារ្យនៃព្រះយេស៊ូសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ គឺជាព្រះអំណោយទាននៃសេចក្តីសុខសាន្ត ដែលយើងទទួលសម្រាប់យើងរៀងៗខ្លួន និងសម្រាប់ពិភពលោកទាំងមូល។ យើងនឹកឃើញ ពេលព្រះយេស៊ូបង្ហាញខ្លួនម្តងៗទៅក្រុមគ្រីស្តទូតអស់រយៈពេល៤០ថ្ងៃ នៅពេលនោះព្រះយេស៊ូមានព្រះបន្ទូលតែមួយ គឺ “សូមសេចក្តីសុខសាន្តគង់នៅជាមួយបងប្អូន”។ ពេលលោកអភិបាល ចាប់ផ្តើមអភិបូជាក៏បាននិយាយថា “សូមអញ្ជើញឱ្យបានសុខសាន្ត” ដែរ។ យើងនឹកឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ “អ្នកដែលកសាងសេចក្តីសុខសាន្ត អ្នកនោះមានព្រះរាជរបស់ព្រះជាម្ចាស់ និងមានសុភមង្គលដ៏ពិតប្រាកដ”។ បងប្អូនជាទីស្រឡាញ់ នេះជាបេសកកម្មដែលយើងទទួលពីព្រះជាម្ចាស់ផ្ទាល់ គឺប្រទានសេចក្តីសុខសាន្តតាមរយៈអគ្គសញ្ញាដែលយើងបានទទួលជាបូជាចារ្យ នៅក្នុងអគ្គសញ្ញានានាយើងណែនាំឱ្យបងប្អូនយើង អាចរកឃើញសេចក្តីសុខសាន្តយ៉ាងជ្រៅនៅក្នុងជីវិតរបស់គេផ្ទាល់។
រយៈពេល២ឆ្នាំកន្លងមក ដែលយើងមិនបានថ្វាយអភិបូជារួមគ្នារបៀបនេះ ដែលយើងបាត់បង់សិទ្ធិសិរីភាពដើម្បីថ្វាយអភិបូជាដែលមានមនុស្សច្រើន ណែនាំឱ្យយើងពិបាកចិត្ត។ ប៉ុន្តែ ឥលូវនេះយើងដូចជាបានពោរពេញដោយអំណរសប្បាយ ដោយសារយើងអាចជួបជុំគ្នាបាន។ តែនៅពេលយើងជិតបញ្ចប់កូវីដ-១៩ យើងត្រូវតែបើកភ្នែកមើលសង្រ្គាមដែលមាននៅប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ី។ សង្រ្គាមស៊ីវិលនៅប្រទេសមីយ៉ាន់ម៉ា ប្រទេសយ៉េមែន និងនៅក្នុងប៉ុន្មានកន្លែងនៃពិភពលោកសព្វថ្ងៃ ដែលជួនកាលព័ត៌មានមិនបានផ្សាយដែរ។ នៅពេលយើងមើលឃើញរូបភាព មនុស្សដែលកំពុងស្លាប់នៅតាមផ្លូវ នៅពេលយើងមើលឃើញរូបភាពមនុស្សរាប់លាននាក់ ដែលកំពុងភៀសខ្លួនចេញពីប្រទេសកំណើត។ នៅពេលយើងមើលឃើញរូបភាព កូនក្មេងដែលកំពង់យំនៅក្នុងរង្វង់ដៃរបស់ម្តាយ នៅពេលយើងមើលឃើញរូបភាពនៅក្បែរព្រះវិហារគ្រីស្តសាសនានិកាយអ័រតូដុក ក៏ដូចជាព្រះវិហារនិកាយកាតូលិកយើងដែរ។ នៅពេលយើងមើលឃើញភូមិដែលពោរពេញដោយគ្រាប់មីន ជាក់ស្តែងនៅក្នុងរដ្ឋឈីននៃប្រទេសមីយ៉ាន់ម៉ា (ស្រុកកំណើតរបស់លោកឪពុក អប្រាហាំ) ថ្មីៗនេះមានជាង៣០ព្រះវិហារត្រូវគេដុតឆេះ។
នៅពេលយើងមើលឃើញរូបភាពនេះទាំងអស់ យើងមិនអាចនិយាយថា “នេះមិនមែនរឿងយើងទេ នេះយើងមិនអើពើនោះទេ”។ យើងត្រូវតែសួរខ្លូនឯង ពេលចាប់ផ្តើមសតវត្សទី២១នេះ នៅភាគកណ្តាលនៃទ្វីបអឺរ៉ុប និងភាគកណ្តាលនៃទ្វីបអាស៊ីយើង តើយើងធ្វើដូចម្តេចដើម្បីធ្វើជាសាក្សីនៃការបៀតបៀន នៃសង្រ្គាម នៃអំពើឃោរឃៅ ដូចយើងមើលឃើញសព្វថ្ងៃ? ពិតមែននៅក្នុងចិត្តរបស់យើង យើងជាបូជាចារ្យក្តី យើងជាគ្រីស្តបរិស័ទក្តី យើងចង់និយាយទៅប្រជាជនដែលកំពុងរងទុក្ខលំបាក គឺគេរងទុក្ខលំបាកដូចព្រះយេស៊ូនៅលើឈើឆ្កាង។ ហើយយើងចង់និយាយទៅគេទៀតថា “សូមអញ្ជើញឱ្យបានសុខសាន្ត ជាសេចក្តីសុខសាន្តរបស់ព្រះយេស៊ូគ្រីស្ត”។
នៅពេលព្រះជាម្ចាស់បានបង្កើតពិភពលោក នៅពេលព្រះជាម្ចាស់បានបង្កើតមនុស្សដែលជាកំពូលនៃពិភពលោក ភ្លាមៗមានរឿងរវាងកាអ៊ីននិងអេបិល។ ភ្លាមៗយើងឃើញបងប្អូនបង្កើតបានសម្លាប់គ្នា យើងចង់សួរថា តើរឿងនេះត្រូវកើតឡើងដល់ពេលណាទៀត? ដោយសារសព្វថ្ងៃ យើងនៅតែមើលឃើញបងប្អូនដែលសម្លាប់គ្នា ដោយសារនៅក្នុងពិភពលោកយើងជាក្រុមគ្រួសារតែមួយ។ ពិតមែន នៅពេលយើងស្តាប់ទាំងសម្ពន្ធមេត្រីចាស់ ទាំងសម្ពន្ធមេត្រីថ្មី យើងមើលឃើញព្រះជាម្ចាស់ដែលត្រាស់ហៅយើង ឱ្យយើងបង្កើតពិភពមួយដែលពោរពេញដោយភាតរភាព ពិភពមួយដែលចេះតែស្រឡាញ់គ្នាទៅវិញទៅមក។ ពេលយើងនឹកឃើញដល់សារលិខិតថ្មីៗរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ នៅថ្ងៃទី០១ ខែមករា រាល់ឆ្នាំសម្រាប់សុខសន្តិភាពនៅក្នុងពិភពលោក។ ពេលយើងនឹកឃើញធម្មទេសនារបស់យើងផ្ទាល់ ពេលយើងនឹកឃើញការអធិដ្ឋានដែលយើងមានប្រចាំថ្ងៃ ប៉ុន្មានដងយើងបាននិយាយថា “យើងជាបងប្អូនគ្នា” ប៉ុន្មានដងយើងបានអធិដ្ឋានសម្រាប់សេចក្តីសុខសាន្ត។ ក៏ប៉ុន្តែ ស្របពេលហ្នឹងក៏សង្រ្គាម ក៏ការសម្លាប់បងប្អូនបង្កើតនៅតែកើតមានដដែលៗ។
លោកអភិបាល លោកឪពុក បងប្អូនជាទីស្រឡាញ់ នៅក្នុងរាត្រីបុណ្យចម្លងដែលយើងកំពុងត្រៀមនៅពេលនេះ ឱ្យយើងទុកថែរក្សានៅក្នុងដួងចិត្តរបស់យើង “យើងជាអ្នកកសាងសុខសន្តិភាព នៅក្នុងព្រះសហគមន៍របស់យើង នៅក្នុងក្រុមគ្រួសាររបស់យើង រវាងយើងជាបូជាចារ្យនឹងបូជាចារ្យ”។ បន្តិចទៀត យើងសូមព្រះជាម្ចាស់ប្រទានព្រះពរលើប្រេង ជាប្រេងសម្រាប់អគ្គសញ្ញាដែលផ្តល់ជីវិត សម្រាប់អ្នកទទួលការអប់រំជំនឿ សម្រាប់អ្នកជំងឺ ដែលអាចទទួលកម្លាំងថ្មី ទទួលសេចក្តីសុខពីព្រះជាម្ចាស់ ទទួលការលើកទឹកចិត្ត ដើម្បីលាបរបួសនៅក្នុងខ្លួនរបស់គេ។ ពិតមែន យើងនឹងទទួលអំណាចនៃអគ្គសញ្ញា ដើម្បីប្រទានជីវិត។ ឆ្នាំនេះ ខ្ញុំសង្ឃឹមថាយើងនឹងប្រើប្រេងនេះយ៉ាងច្រើន សម្រាប់អគ្គសញ្ញាជ្រមុជទឹក សម្រាប់អគ្គសញ្ញាលាបថ្ងាស សម្រាប់អគ្គសញ្ញាតែងតាំង។ សម្រាប់អ្នកជំងឺរបស់យើងឱ្យគេមានកម្លាំងថ្មី សម្រាប់យុវជនយុវនារី មនុស្សពេញវ័យ ដែលបានទទួលការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដើម្បីទៅជាបុត្រាបុត្រីរបស់ព្រះអង្គ។
ឆ្នាំនេះ យើងមានអំណរសប្បាយមួយយ៉ាងពិសេស ដោយសារយើងសង្ឃឹមថាមានអគ្គសញ្ញាតែងតាំងជាបូជាចារ្យម្នាក់ និងមានអគ្គសញ្ញាតែងតាំងជាឧបដ្ឋាក៣នាក់។ ដូច្នេះ ប្រេងដែលយើងរៀបចំឆ្នាំនេះ ជាប្រេងដែលណែនាំឱ្យយើងអរព្រះគុណព្រះជាម្ចាស់ ដោយទូលអង្វរឱ្យសេចក្តីសុខសាន្តយាងមក នៅក្នុងដួងចិត្តរបស់យើង និងណែនាំឱ្យយើងរស់នៅនៅក្នុងសុខដុមរមនា។ ប៉ុន្តែ មានពាក្យមួយទៀត “សូមអញ្ជើញឱ្យបានសុខសាន្ត” គឺអញ្ជើញទៅ យើងមានកិរិយាស័ព្ទដែលចាត់ឱ្យយើងទៅ។ ដូចយើងបានស្តាប់នៅក្នុងគម្ពីរដំណឹងល្អ នៅក្នុងអត្ថបទទី២ នៅក្នុងអត្ថបទទី១ គឺ “ព្រះជាម្ចាស់បានចាត់ឱ្យខ្ញុំទៅប្រកាសដំណឹងល្អ”។ យើងត្រូវការនឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូ “សូមអញ្ជើញទៅ ជំនឿរបស់អ្នកបានសង្រ្គោះអ្នកហើយ” សូមអញ្ជើញទៅអំពើបាបរបស់អ្នកអស់ហើយ សូមឈប់ប្រព្រឹត្តិអំពើបាបទៀត។ “ដូចព្រះបិតាចាត់ខ្ញុំឱ្យយាងមក ខ្ញុំអញ្ជើញឱ្យបងប្អូនទៅប្រកាសដំណឹងល្អ”។
ពិតមែន សេចក្តីសុខសាន្តដែលយើងទទួល ការសង្រ្គោះដែលយើងស្វាគមន៍នៅក្នុងដួងចិត្តរបស់យើង មិនអាចទៅជារឿងឯកជននៅក្នុងដួងចិត្តរបស់យើង ណែនាំឱ្យយើងបិទទ្វារនៃដួងចិត្ត “ខ្ញុំមានសេចក្តីសុខរបស់ខ្ញុំ ខ្ញុំទទួលការសង្រ្គោះរបស់ខ្ញុំ”។ ផ្ទុយទៅវិញគ្រប់ពេលវេលា នៅពេលព្រះយេស៊ូបានសង្រ្គោះលោកសាខេ សង្រ្គោះស្ត្រីសាសន៍សាម៉ារី សង្រ្គោះអស់អ្នកដែលយើងធ្លាប់ស្តាប់ក្នុងគម្បីរ ព្រះយេស៊ូមានព្រះបន្ទូលថា “សូមអញ្ជើញទៅចុះ!”។ យើងមិនអាចទៅជាមនុស្សស្ងៀមស្ងាត់ មនុស្សដែលឥតមានកម្លាំង មនុស្សដែលគាំង ដែលស្ទះ ដែលគ្មានសមត្ថភាពដើម្បីទៅមុខ។ ផ្ទុយទៅវិញ សេចក្តីសុខសាន្តដែលយើងបានទទួល ត្រូវការទៅពីផ្ទះមួយទៅផ្ទះមួយ ពីភូមិមួយទៅភូមិមួយ ពីទីក្រុងមួយទៅទីក្រុងមួយ ពីប្រទេសមួយទៅប្រទេសមួយ។
លោកឪពុកជាទីស្រឡាញ់ យើងបានទទួលបេសកកម្មដើម្បីប្រកាសដំណឹងល្អ ព្រះជាម្ចាស់ត្រាស់ហៅយើងដើម្បីឱ្យយើងមានចលនា។ ដោយសារតែកូវីដ-១៩ រយៈពេលជាង២ឆ្នាំនេះណែនាំឱ្យយើងដូចជាស្ទះបន្តិច គាំងបន្តិច ប៉ុន្តែនៅពេលនេះយើងមើលឃើញព្រះយេស៊ូ ព្រះយេស៊ូធ្វើដំណើររហូត។ ព្រះយេស៊ូធ្វើដំណើរពីស្រុកកាលីឡេរហូតដល់ទីក្រុងយេរូសាឡឹម ព្រះយេស៊ូមិនដែលជាប់នៅក្នុងការិយាល័យរបស់ព្រះអង្គ។ ព្រះយេស៊ូមិនមានផ្ទះដើម្បីស្នាក់នៅ ព្រះយេស៊ូដើរពីស្រុកមួយទៅស្រុកមួយ ដើម្បីប្រកាសដំណឹងល្អ។ បេសកកម្មដែលយើងបានទទួលពីព្រះជាម្ចាស់ បេសកកម្មដែលយើងបានទទួលពីព្រះសហគមន៍ ជម្រុញយើងឱ្យយើងទៅជួបបងប្អូនឯទៀតៗ ឱ្យយើងទៅប្រកាសដំណឹងល្អ ឱ្យយើងផ្តល់សក្ខីភាព។ តាមពិតយើងអាចនិយាយថា យើងមានរឿងស្នេហារវាងព្រះជាម្ចាស់នឹងយើង គឺព្រះជាម្ចាស់ដែលបានចាត់ឱ្យយើងទៅប្រកាសដំណឹងល្អនៅលើទឹកដីនៃប្រទេសកម្ពុជា។ យើងដឹងថា នេះជាផ្លូវយ៉ាងវែងឆ្ងាយដែលត្រូវការពេលវេលាយ៉ាងច្រើន ដើម្បីចូលជ្រៅនៅក្នុងជីវិតរបស់បងប្អូន ដើម្បីយល់វប្បធម៌ ដើម្បីយល់ភាសា ជាពិសេសដើម្បីយល់ចិត្តគ្នា។
ថ្ងៃនេះ នៅពេលយើងប្រកាសពាក្យជាបូជាចារ្យសាជាថ្មី គឺជាសញ្ញាសម្គាល់នៃសេចក្តីស្រឡាញ់ ដែលយើងបានទទួលពីព្រះជាម្ចាស់ពីដើម ដែលយើងបន្តថែរក្សា។ ប៉ុន្តែ ឱ្យយើងប្រុងប្រយ័ត្ន ដូចលោកកាឌីណាល់ តាក្លេ បាននិយាយពេលបញ្ចប់សិក្ខាសាលានៅរ៉ូម ថា “យើងត្រូវការប្រុងប្រយ័ត្ន ដោយសារសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ណែនាំឱ្យជួនកាលយើងត្រូវតែមានគ្រោះថ្នាក់ ព្រះជាម្ចាស់ស្រឡាញ់យើងយ៉ាងណា ព្រះជាម្ចាស់ចាត់ឱ្យយើងទៅយ៉ាងហ្នឹង”។ ដូច្នេះ ប្រសិនបើព្រះជាម្ចាស់ស្រឡាញ់យើងយ៉ាងច្រើន យើងត្រូវការទៅយ៉ាងច្រើន ប្រសិនបើព្រះជាម្ចាស់ស្រឡាញ់យើងយ៉ាងតិច យើងទៅយ៉ាងតិច។ ពេលយើងបើកចិត្តគំនិតរបស់យើងយ៉ាងទូលំទូលាយ ដើម្បីទទួលសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ យើងដឹងថាពិតមែនយើងត្រូវការប្រុងប្រយ័ត្នដើម្បីបើកចិត្តគំនិតថែមទៀតនិងថែមទៀត។
លោកឪពុកជាទីស្រឡាញ់ យើងជាសាសនៈទូតក្តី យើងជាបូជាចារ្យនៅក្នុងប្រទេសក្តី យើងមានបេសកកម្មតែមួយ គឺកសាងព្រះរាជរបស់ព្រះជាម្ចាស់នៅក្នុងសេចក្តីពិតយ៉ាងសកម្ម។ យើងមានបេសកកម្មតែមួយ គឺប្រទានឱ្យបងប្អូនរបស់យើងឱ្យគេស្គាល់សេចក្តីសង្ឃឹម និងសុភមង្គលនៅក្នុងជីវិតដែលគង់នៅជាមួយយើង ណែនាំឱ្យព្រះសហគមន៍ចាក់គ្រឹះយ៉ាងជ្រៅលើទឹកដីប្រទេសកម្ពុជា។ ហេតុនេះហើយ យើងធ្វើដំណើររួមជាមួយគ្នានៅក្នុងគ្រួសារជាបូជាចារ្យតែមួយ ជួនកាលយើងត្រូវការភ្លេច យើងជាគ្រួសារសាសនៈទូតមែន យើងជាក្រុមគ្រួសារបព្វជិតមែន។ ប៉ុន្តែ អ្វីដែលសំខាន់បំផុតយើងជាអ្នកស្ម័គ្រចិត្តនៃព្រះសហគមន៍នៅក្នុងភូមិភាគភ្នំពេញ នៅក្នុងភូមិភាគបាត់ដំបង នៅក្នុងភូមិភាគកំពង់ចាម សម្រាប់ព្រះសហគមន៍នៅលើទឹកដីកម្ពុជា ដើម្បីភ្ជាប់ជាមួយព្រះសហគមន៍សកល។ ដូច្នេះ ជួនកាលយើងត្រូវការលះបង់ចោលខ្លះ ដើម្បីធ្វើដំណើររួមជាមួយបងប្អូន ឱ្យគេរកឃើញព្រះយេស៊ូនៅក្នុងជីវិតរបស់ពួកគាត់។
សព្វថ្ងៃ យើងនៅក្នុងពេលវេលាដែលសម្តេចប៉ាប ណែនាំឱ្យយើងនៅក្នុងសន្និបាត គឺជាការត្រាស់ហៅមួយយ៉ាងពិសេសដើម្បីឱ្យយើងទៅជាធ្លុងតែមួយ។ ថ្ងៃនេះ យើងមើលឃើញយ៉ាងជាក់ស្តែងនៅក្នុងអភិបូជានេះ យើងទាំងអស់គ្នាយើងជាក្រុមគ្រួសារតែមួយ នៅក្នុងព្រះយេស៊ូគ្រីស្តដែលយើងជាប់ជាមួយមហាបូជាចារ្យតែមួយ គឺព្រះយេស៊ូគ្រីស្តផ្ទាល់។ យើងជាក្រុមគ្រួសារតែមួយ ជាបូជាចារ្យដែលសហការជាមួយលោកអភិបាល ដើម្បីធ្វើដំណើរនៅក្នុងព្រះសហគមន៍កម្ពុជា។ ថ្ងៃនេះ យើងជាគ្រូគង្វាលដែលភ្ជាប់ជាមួយព្រះយេស៊ូដែលជាគ្រូគង្វាលតែមួយ យើងជាក្រុមគ្រួសារតែមួយជាមួយបងប្អូនរបស់យើង។ ដោយសារ បងប្អូនគេទន្ទឹងរង់ចាំសេចក្តីស្រឡាញ់ដែលមកពីគ្រូគង្វាលផ្ទាល់ នៅក្នុងព្រះសហគមន៍នីមួយៗ។ ថ្ងៃនេះ យើងសប្បាយចិត្តដោយសារបងប្អូនមកពីគ្រប់ទីកន្លែង បងប្អូនជាតំណាងនៃភូមិភាគ ជាតំណាងនៃព្រះសហគមន៍នីមួយៗ។ ដូច្នេះ តំណាងនេះយើងត្រូវការផ្តល់សក្ខីភាពពេលយើងទៅវិញ យើងបានឃើញបូជាចារ្យរបស់យើងពោរពេញដោយអំណរសប្បាយ ដើម្បីបន្តបម្រើព្រះសហគមន៍ដែលជាហ្វូងចៀមផ្ទាល់ខ្លួន។
បងប្អូនជាទីស្រឡាញ់ យើងជាប្រជារាស្ត្រតែមួយ បងប្អូនត្រូវតែភ្ជាប់ជាមួយក្រុមបូជាចារ្យទាំងអស់ នៅក្នុងក្រុមគ្រួសារតែមួយ នៅក្នុងព្រះយេស៊ូគ្រីស្ត ដើម្បីធ្វើដំណើរពីមួយថ្ងៃទៅមួយថ្ងៃ ដោយធ្វើជាសញ្ញាសម្គាល់នៃព្រះជន្មរបស់ព្រះយេស៊ូ នៅកន្លែងដែលយើងរស់នៅ “ពិតមែនសូមអញ្ជើញឱ្យបានសុខសាន្ត”។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ