លោកបូជាចារ្យកាតូលិកនៅកម្ពុជា រំលឹកពាក្យសច្ចាសាជាថ្មី
ក្នុងថ្ងៃបុណ្យប្រសិទ្ធពរលើប្រេងគ្រីស្មា ដែលជាប្រេងពិសិដ្ឋរបស់ព្រះសគមន៍ ដើម្បីយកប្រារព្ធពិធីនានា លោកបូជាចារ្យនិងបព្វជិតប្រមាណជាង៧០អង្គ មកពីតំបន់នានាក្នុងប្រទេសកម្ពុជា បានរំលឹកពាក្យសច្ចាប្រណិធានឡើងវិញ កាលពីយប់ទី៦ ខែមេសាកន្លងទៅនេះ ក្រោមអធិបតីភាពរបស់លោកអភិបាលទាំងបីភូមិភាគ។ លោកបូជាចារ្យ សែ សាធ ត្រូវបានតែងតាំងជាបូជាចារ្យភូមិភាគកំពង់ចាម កាលពីឆ្នាំ២០១៦មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំនៅពេលលោកប្រកាសពាក្យសច្ចានៅចំពោះមុខលោកអភិបាលបែបនេះ គឺផ្ដល់កម្លាំង ដើម្បីឱ្យជីវិតរបស់លោកម្នាក់ៗមានភាពនឹងនរ និងយល់ថាពិតមែនព្រះជាម្ចាស់បានត្រាស់ហៅគាត់ឱ្យបំពេញមុខងារជាបូជាចារ្យរបស់ព្រះយេស៊ូគ្រីស្ត។ លោកបន្ថែមថា យើងជាសហការីរបស់លោកអភិបាល យើងដឹងថាព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យបំពេញបេសកកម្មនេះបន្តពីព្រះអង្គដែរ។ លោកសាធ បញ្ជាក់ថា «នៅពេលដែលខ្ញុំរំឭកពាក្យសច្ចា ខ្ញុំនឹកដល់បេសកកម្មដែលព្រះអង្គប្រទានឱ្យ និងរំឭកពីរបៀបដែលព្រះជាម្ចាស់ត្រាស់ហៅ និងដោយរក្សារបៀបរស់នៅរបស់ខ្លួនដូចការណែនាំរបស់សម្ដេចប៉ាប ដែលបូជាចារ្យត្រូវឈរលើសរសរ៤គឺ៖ ជិតស្និទ្ធជាមួយព្រះជាម្ចាស់តាមរយៈការអធិដ្ឋាន ស្និទ្ធស្នាលជាមួយលោកអភិបាលរបស់ខ្លួនដោយមានទំនាក់ទំនងល្អចេះស្ដាប់បង្គាប់ មានទំនាក់ទំនងល្អជាមួយបងប្អូនជាបូជាចារ្យផ្សេងទៀតដោយធ្វើដំណើរក្នុងផ្លូវដ៏វិសុទ្ធជាមួយគ្នា និងបំពេញបេសកកម្មជាប់មួយគ្រីស្តបរិស័ទដោយស្គាល់ចៀមរបស់ខ្លួន។» ក្នុងពិធីរំលឹកពាក្យសច្ចានេះ អស់លោកបូជាចារ្យទាំងអស់ដែលបម្រើព្រះសហគមន៍ និងសង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសថាអស់លោកចង់រួមស្លាប់រួមរស់ជាមួយព្រះគ្រីស្តដោយលះបង់ប្រយោជន៍ផ្ទាល់ខ្លួន និងប្រកាន់យកភាពស្មោះត្រង់ចំពោះមុខងារនៃបេសកកម្មរបស់ខ្លួនក្នុងព្រះសហគមន៍ ដោយថ្វាយអភិបូជា និងប្រារព្ធពិធីបុណ្យផ្សេងៗ។ កម្មវិធីនេះ បានធ្វើឡើងនៅ ព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី នារាជធានីភ្នំពេញ នៅចំពោះមុខគ្រីស្តបរិស័ទជាច្រើនកុះករមកពីព្រះសហគមន៍នានាក្នុងប្រទេសកម្ពុជា។ ក្នុងធម្មទេសនា លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍ទៅកាន់អស់លោកបូជាចារ្យថា លោកឪពុកជាទីស្រឡាញ់ ព្រះជាម្ចាស់បានត្រាស់ហៅយើង បំពេញបេសកកម្មប្រកាសដំណឹងល្អ និងជំរុញយើងឱ្យយើងទៅជួបបងប្អូនដែលឯទៀតៗ ដើម្បីផ្ដល់សាក្ខីភាពនៅលើទឹកដីប្រទេសកម្ពុជា ឲ្យចូលយ៉ាងជ្រៅនៅក្នុងជីវិតរបស់បងប្អូន …
លោកបូជាចារ្យកាតូលិកនៅកម្ពុជា រំលឹកពាក្យសច្ចាសាជាថ្មី Read More »