អភិបូជារំលឹកមរណៈសាក្សី ធ្វើនៅព្រះសហគមន៍តាំងគោក កំពង់ធំ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២

អត្ថបទ​ទី១៖ កិច្ចការ ២០,២៨-៣៨
ឥឡូវ​នេះ ខ្ញុំ​សូម​ផ្ញើ​បង‌ប្អូន​នឹង​ព្រះ‌ជាម្ចាស់។ កក ២០,៣២
ដំណឹងល្អ៖ យ៉ូហាន ១២,២៣-២៦
បើ​គ្រាប់​ស្រូវ​នោះ​ងាប់ វា​នឹង​បង្កើត​ផល​បាន​ច្រើន។ យហ ១២,២៤

“ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​ជំនឿ​របស់​មរណៈសាក្សី”

បង​ប្អូន​ជា​ទី​ស្រឡាញ់

រយៈ​ពេល​២​ឆ្នាំ​ហើយ ដែល​យើង​មិន​បាន​ជួប​ជុំ​គ្នា​នៅ​ទី​នេះ ប៉ុន្តែ​សូម​បង​ប្អូន​នឹក​ឃើញ​ដល់​ឆ្នាំ​២០០០ ដែល​លោក​អភិបាល អ៊ីវ រ៉ាមូស បាន​រៀប​ចំ​ទឹក​ដី​នេះ​ដើម្បី​នឹក​រលឹក​នៅ​ក្នុង​ឆ្នាំ​មហា​ករុណា​ទិគុណ អំពី​មរណៈសាក្សី តាម​ប្រសាសន៍​របស់​សម្តេច​ប៉ាប​យ៉ូហាន​ប៉ូល​ទី​២។ ជា​មូល​ហេតុ ថ្ងៃ​នេះ​យើង​ជួប​ជុំ​គ្នា​នៅ​ក្បែរ​ឈើ​ឆ្កាង​នេះ ណែនាំ​ឱ្យ​យើង​នឹក​ឃើញ​ជីវិត​ដ៏​ពិសេស​ដែល​យើង​បាន​ទទួល​តាម​រយៈ​មរណៈសាក្សី​របស់​យើង។ ១០​ឆ្នាំ​មុន យើង​បាន​ជួប​ជុំ​គ្នា​នៅ​ទី​នេះ​ក្នុង​ពេល​វេលា​ពិសេស យើង​មាន​គ្រែ​របស់​លោក​អភិបាល ឆ្មារ សាឡាស់ ជា​គ្រែ​ដ៏​មាន​ជីវិត​ដែល​លោក ឆ្មារ សាឡាស់ បាន​ថ្វាយ​អភិបូជា​រហូត​ដល់​ពេល​វេលា​ចុង​ក្រោយ។ ជា​គ្រែ ដែល​យើង​បាន​រក​ឃើញ​នៅ​ក្នុង​ឆ្នាំ​២០០០​នៅ​ក្នុង​ផ្ទះ​របស់​ពុទ្ធ​បរិស័ទ​ម្នាក់ ដែល​បាន​ថែរក្សា​គ្រែ​នេះ។ គ្រែ​នេះ បាន​ទៅ​ជា​អាសនៈ​យ៉ាង​ពិសេស ដែល​ជា​ធាតុ​សម្រាប់​យើង​ទាំង​អស់​គ្នា។

១០​ឆ្នាំ​មុន យើង​បាន​ដាក់​គ្រែ​នៅ​ក្រោម​ដើម​ព្រីង​នេះ នៅ​លើ​គ្រែ​នេះ​មាន​ធាតុ​របស់​សន្តី​តេរេសា​នៃ​ព្រះកុមារ​យេស៊ូ។ នៅ​ពេល​ហ្នឹង យើង​បាន​គោរព​ខួប​៥០​ឆ្នាំ​ដែល​លោក​អភិបាល អ៊ីវ រ៉ាមូស បាន​ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជា​អភិបាល។ ដូច្នេះ ថ្ងៃ​នេះ​ខ្ញុំ​សូម​អញ្ជើញ​ឱ្យ​បង​ប្អូន​អធិដ្ឋាន​សម្រាប់​វិញ្ញាណ​ក្ខន្ធ​របស់​លោក​អភិបាល អ៊ីវ ដែល​បាន​ទទួល​មរណៈភាព​ឆ្នាំ​មុន​ដោយសារ​ជំងឺ​កូវីដ-១៩។ រយៈ​ពេល​៧​ឆ្នាំ​មក​ហើយ ដែល​ខ្ញុំ​បាន​បើក​តុលា​មរណៈសាក្សី​ជា​ផ្លូវ​ការ ដើម្បី​កាត់​ក្តី​មរណៈសាក្សី​ដែល​ដំបូង​មាន​៣៤​នាក់ មាន​លោក​អភិបាល ឆ្មារ សាឡាស់ និង​សហការី។ ខ្ញុំ​សូម​អរគុណ​ដល់​លោក​ឪពុក ឆ័ត្រសិរី ដែល​បាន​ដឹក​នាំ​ក្រុម​តុលា​ការ​យើង ក្នុង​រយៈ​ពេល​៧​ឆ្នាំ​នេះ យើង​បាន​ជួប​ប្រជុំ​គ្នា​៣០​ដង​ជា​ផ្លូវ​ការ។ ពីរ​បី​ឆ្នាំ​កន្លង​មក ខ្ញុំ​បាន​តែង​តាំង​គណៈកម្មការ​ដែល​បាន​ជួយ​យ៉ាង​ច្រើន​មែន​ទែន ដោយ​ជួប​ជុំ​គ្នា​ជា​រៀង​រាល់​មួយ​សប្តាហ៍​ម្តង។ ពិធី​ដែល​យើង​ប្រារព្វ​ថ្ងៃ​នេះ ដើម្បី​នឹក​រលឹក​ដល់​បង​ប្អូន​ទាំង​អស់ ដែល​បាន​ទទួល​មរណៈភាព​នៅ​ក្នុង​សម័យ​ប៉ុលពត ពី​ឆ្នាំ​១៩៧៥-១៩៧៩។ តាម​ពិត ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​រដ្ឋាភិបាល​បាន​រៀប​ចំ​ឱ្យ​មាន​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ជា​ពេល​វេលា​ដើម្បី​នឹក​រលឹក​ដល់​វិញ្ញាណ​ក្ខន្ធ​របស់​បង​ប្អូន​យើង ដែល​បាន​ស្លាប់​ក្នុង​សម័យ​ប៉ុល​ពត ជា​វិញ្ញាណ​ក្ខន្ធ​ដែល​ភ្ជាប់​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​យើង​ដ៏​ពិត​ប្រាកដ​មែន។

បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​នេះ​ខ្ញុំ​សូម​អញ្ជើញ​បង​ប្អូន​ទាំង​អស់​ឱ្យ​យើង​នៅ​ស្ងៀម​ស្ងាត់​មួយ​ភ្លេត ដើម្បី​នឹក​ឃើញ​ដល់​ជី​ដូន​ជីតា​របស់​យើង ដល់​បង​ប្អូន​របស់​យើង ដែល​បាន​ទទួល​មរណៈភាព​នៅ​ក្នុង​សម័យ​ប៉ុលពត…។

គេ​ក៏​ហៅ​ក្រុម​គ្រីស្ដ‌ទូត​មក​វិញ ហើយ​បញ្ជា​ឲ្យ​វាយ​នឹង​រំពាត់ ទាំង​ហាម‌ប្រាម​មិន​ឲ្យ​ប្រកាស​អំពី​ព្រះ‌នាម​ព្រះ‌យេស៊ូ​ទៀត រួច​លែង​ឲ្យ​ត្រឡប់​ទៅ​វិញ។  ក្រុម​គ្រីស្ដ‌ទូត​ចាក​ចេញ​ពី​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ទាំង​អរ​សប្បាយ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ឲ្យ​គេ​មាន​កិត្តិយស​រង​ទុក្ខ​ទោស ព្រោះ​តែ​ព្រះ‌នាម​ព្រះ‌យេស៊ូ។ ជា​រៀង​រាល់​ថ្ងៃ គេ​តែង‌តែ​បង្រៀន​ប្រជា‌ជន និង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ* អំពី​ព្រះ‌យេស៊ូ‌គ្រីស្ដ*​ក នៅ​ក្នុង​ព្រះ‌វិហារ* និង​នៅ​តាម​ផ្ទះ ឥត​ឈប់​ឈរ​ឡើយ។” (កក ៥,៤០-៤២)។ អត្ថបទ​នេះ​ពោរពេញ​ដោយ​អត្ថន័យ ដោយសារ​នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​១៩៧៥ ពីរ​ថ្ងៃ​ក្រោយ​មក​លោក​ឪពុក ឆ្មារ សាឡាស់ បាន​ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជា​អភិបាល។ គាត់​បាន​ជួប​ជុំ​គ្នា​ជា​មួយ​លោក​អភិបាល អ៊ីវ រ៉ាមូស ជា​មួយ​គ្រីស្ត​បរិស័ទ​និង​បូជាចារ្យ​មួយ​ចំនួន នៅ​ក្នុង​វិសាល​វិហារ ព្រះយេស៊ូ​គ្រីស្ត​ជា​ព្រះមហាក្សត្រ​នៃ​ពិភព​លោក ដើម្បី​ថ្វាយ​អភិបូជា។ នេះ​ជា​អភិបូជា​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​វិសាល​វិហារ​នេះ ហើយ​ក៏​ជា​អភិបូជា​ផ្លូវ​ការ​ចុង​ក្រោយ​របស់​លោក​អភិបាល ឆ្មារ សាឡាស់។ នៅ​ក្នុង​អភិបូជា​នោះ បាន​អាន​អត្ថបទ​កិច្ចការ​គ្រីស្ត​ទូត​នេះ នៅ​ពេល​លោក ឆ្មារ សាឡាស់ ចូល​ព្រះវិហារ​ទាំង​ទឹក​មុខ​យ៉ាង​ក្រៀម​ក្រំ​មាន​ប្រសាសន៍​ថា “បន្តិច​ទៀត​គឺ​ខ្ញុំ​ដែល​ត្រូវ​គេ​វាយ គឺ​ខ្ញុំ​ដែល​នឹង​ត្រូវ​រំពាត់”។

នៅ​ពេល​លោក​ឪពុក ឆ្មារ សាឡាស់ ចេញ​ពី​ប្រទេស​បារាំង ព្រោះ​នៅ​ឆ្នាំ​១៩៧៥​លោក​កំពុង​រៀន​នៅ​ប្រទេស​បារាំង។ ថ្ងៃ​ពុធ ក្នុង​សប្តាហ៍​ពិសិដ្ឋ ឆ្នាំ​១៩៧៥ នៅ​ពេល​គាត់​លើក​ដៃ​លា​បង​ប្អូន​និង​មិត្ត​ភក្តិ​ដែល​គាត់​ស្គាល់​នៅ​ប្រទេស​បារាំង គាត់​មាន​ប្រសាសន៍​ថា “យើង​នឹង​ជួប​គ្នា​នៅ​ពេល​យើង​ជួប​ជា​មួយ​ព្រះជាម្ចាស់​ផ្ទាល់”។ ពិត​មែន នៅ​ពេល​គាត់​បាន​ចេញ​ពី​ប្រទេស​បារាំង គាត់​ក៏​មាន​ប្រសាសន៍​បន្ថែម​ថា “ខ្ញុំ​ទៅ​ប្រទេស​ខ្ញុំ​វិញ​ដើម្បី​ស្លាប់”។ នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ពេល​កង​ទ័ព​ខ្មែរ​ក្រហម​វាយ​យក​ទី​ក្រុង​ភ្នំពេញ នៅ​ពេល​នោះ​គេ​បាន​ឈប់​នៅ​ក្នុង​ផ្ទះ​លោក​អភិបាល។ នៅ​ពេល​នោះ​លោក ឆ្មារ សាឡាស់ បាន​យល់​យ៉ាង​ច្បាស់​ថា​ដល់​ពេល​វេលា​ដែល​យើង​ត្រូវ​ការ​បែក​គ្នា ដែល​យើង​ត្រូវ​ចាក​ចេញ​ពី​គ្នា​ពិត​មែន។ លោក ឆ្មារ សាឡាស់ បាន​និយាយ​ទាំង​ទឹក​ភ្នែក​ថា “តើ​នរណា​នឹង​និយាយ​អំពី​យើង​ដល់​ពិភព​លោក? សូម​និយាយ​អំពី​យើង​ដល់​ពិភព​លោក ខ្ញុំ​សូម​អង្វរ”។ នៅ​ពេល​ហ្នឹង គាត់​បាន​ចេញ​ពី​ផ្ទះ​លោក​អភិបាល មាន​គ្រីស្ត​បរិស័ទ​ដែល​កំពុង​ចាំ​គាត់​ធ្វើ​ដំណើរ​ជា​មួយ​គ្នា។ គាត់​មាន​វ៉ាលី​តូច​មួយ តែ​មិន​មែន​ជា​វ៉ាលី​ដើម្បី​ដាក់​សម្លៀក​បំពាក់​ទេ តែ​ជា​វ៉ាលី​ដើម្បី​ដាក់​គ្រឿង​សក្ការៈ​ថ្វាយ​អភិបូជា (មាន​ពែង​កាលី មាន​ស្រា មាន​ទឹក មាន​នំ មាន​កន្សែង…)។ នៅ​ក្នុង​វ៉ាលី​នេះ មាន​អ្វី​ដែល​សំខាន់​បំផុត​ដើម្បី​ថ្វាយ​អភិបូជា ដោយ​នឹក​ឃើញ​ថា “ពិត​មែន ខ្ញុំ​ត្រូវ​ការ​ធ្វើ​ដំណើរ​រួម​ជា​មួយ​ប្រជារាស្ត្រ​របស់​ខ្ញុំ រហូត​ដល់​ទី​បំផុត ពិត​មែន​ព្រះជាម្ចាស់​មិន​លះ​បង់​ចោល​យើង​ទេ ព្រះជាម្ចាស់​មិន​អាច​លះ​បង់​ចោល​ប្រទេស​ខ្ញុំ​បាន​ទេ”។ នៅ​ពេល​នោះ​គាត់​បាន​ចេញ​ធ្វើ​ដំណើរ​តាម​ផ្លូវ ដើម្បី​មក​ដល់​វត្ត​តាំង​គោក​នេះ​រួម​ជា​មួយ​ប្រជារាស្ត្រ​របស់​គាត់។

បង​ប្អូន​ជា​ទី​ស្រឡាញ់ អ្វី​ដែល​ខ្ញុំ​បាន​ចែក​រំលែក​ដល់​បង​ប្អូន​ព្រឹក​នេះ ពោរពេញ​ដោយ​អត្ថន័យ​យ៉ាង​ជ្រៅ​មែន​ទែន។ នីកុល (បង​ស្រី​ទទួល​ខុស​ត្រូវ​អង្គការ​ពន្លឺ​នៃ​មិត្តភាព) ជា​សាក្សី​បន្ទាល់​ដែល​បាន​ស្តាប់​លោក ឆ្មារ សាឡាស់ ផ្ទាល់ ដោយសារ​នៅ​ពេល​នោះ​គាត់​នៅ​ផ្ទះ​លោក​អភិបាល​ដែរ។ ស្ថាន​ភាព​ពេល​នោះ ខ្ញុំ​គិត​ថា​ដូច​ព្រះយេស៊ូ​នៅ​សួន​កេតសេម៉ានី លោក ឆ្មារ សាឡាស់ បាន​សម្រេច​ចិត្ត​ដោយ​សេរីភាព​ចូល​នៅ​ក្នុង​ការ​រង​ទុក្ខ​លំបាក។ គាត់​នៅ​ប្រទេស​បារាំង គាត់​មាន​សិទ្ធិ​មិន​ត្រឡប់​មក​វិញ នេះ​ជា​សេរីភាព​របស់​គាត់ នៅ​ពេល​លោក​អភិបាល អ៊ីវ រ៉ាមូស ថា​សម្តេច​ប៉ាប​បាន​ជ្រើស​រើស​គាត់​ធ្វើ​ជា​អភិបាល​ភូមិភាគ​ភ្នំពេញ គាត់​មាន​សិទ្ធិ​ដើម្បី​បដិសេធ។ ប៉ុន្តែ គាត់​មិន​បាន​បដិសេធ គាត់​បាន​សុខ​ចិត្ត​លះ​បង់​ចោល​អ្វីៗ​ទាំង​អស់ ដើម្បី​ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់​លើ​ទឹក​ដី​ផ្ទាល់​ខ្លួន។ នៅ​ពេល​នោះ គាត់​មាន​ផ្គាំ​មួយ មាន​ឈើ​ឆ្កាង​ដែល​ខ្ញុំ​ពាក់​នេះ មាន​គម្ពីរ​តូច​មួយ​ក្បាល និង​មាន​សម្ភារៈ​ថ្វាយ​អភិបូជា។ ស្លាប់​ដោយសារ​ធ្វើ​ការ​យ៉ាង​ធ្ងន់ ស្លាប់​ដោយ​សារ​ជំងឺ ស្លាប់​នៅ​ក្រោម​កំដៅ​នៃ​ព្រះអាទិត្យ ស្លាប់​ដូច​ព្រះយេស៊ូ​បាន​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង។

ថ្ងៃ​នេះ ដែល​យើង​កំពុង​សំលឹង​មើល​ឈើ​ឆ្កាង​ដែល​ដាំ​នៅ​ក្នុង​ស្រែ​ដ៏​មាន​ជីវិត ពោរពេញ​ដោយ​ផ្កា ណែនាំ​ឱ្យ​យើង​នឹក​ឃើញ​ព្រះយេស៊ូ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ យើង​ដឹង​ថា គ្រប់​ពេល​វេលា​ពី​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ជីវិត​ត្រូវ​តែ​ឈ្នះ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​យើង​ជួប​ជុំ​គ្នា​យ៉ាង​ច្រើន ពិត​មែន​វត្តមាន​របស់​យើង ជា​សញ្ញា​សម្គាល់​នៃ​សេចក្តី​សង្ឃឹម​ដែល​យើង​បាន​ទទួល​សប្តាហ៍​មុន នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក។ នៅ​ពេល​យើង​បាន​ស្តាប់​រឿង​នៃ​ជីវិត​ចុង​ក្រោយ​របស់​លោក​អភិបាល ឆ្មារ សាឡាស់ ពេល​យើង​នឹក​ឃើញ​បង​ប្អូន​ដែល​អង្គុយ​នៅ​ទី​នេះ យើង​ដឹង​ថា​សេចក្តី​សង្ឃឹម​មាន​មុខ មាន​មាត់ គឺ​យើង​ដែល​ជា​ព្រះសហគមន៍​របស់​ព្រះជាម្ចាស់។ ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​គម្ពីរ នៅ​ពេល​គ្រាប់​ពូជ​បាន​ងាប់​នៅ​ក្នុង​ដី​នោះ​បាន​ផល​យ៉ាង​ច្រើន។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ខ្ញុំ​សូម​អញ្ជើញ​បង​ប្អូន​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​បទ​ពិសោធន៍​ចុង​ក្រោយ​របស់ ឆ្មារ សាឡាស់ បទ​ពិសោធន៍​បង​ប្អូន​របស់​យើង​ដែល​រង​ទុក្ខ​លំបាក មាន​ច្រើន​ដែល​បាន​ស្លាប់ មាន​មួយ​ចំនួន​មិន​បាន​ស្លាប់។ ថ្ងៃ​នេះ យើង​មាន​បង​ប្អូន​មួយ​ចំនួន​ដែល​មាន​បទ​ពិសោធន៍​នៅ​ក្នុង​ជីវិត យើង​ក៏​មាន​យុវជន​យុវនារី មាន​បូជាចារ្យ និង​គ្រីស្ត​បរិស័ទ​យ៉ាង​ច្រើន​ដែល​គ្មាន​បទ​ពិសោធន៍​នេះ។ ដូច្នេះ ជា​ពេល​វេលា​ដើម្បី​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​បទ​ពិសោធន៍​តាម​ផ្លូវ​ចិត្ត ដើម្បី​រស់​នៅ​ជា​មួយ​បង​ប្អូន​របស់​យើង ដើម្បី​រស់​ឡើង​វិញ​ជា​មួយ​ព្រះយេស៊ូ និង​ជា​មួយ​ព្រះសហគមន៍​របស់​យើង​ដែល​កំពុង​មាន​ជីវិត​ដ៏​ពេញ​លក្ខណៈ។ រយៈ​ពេល​២​ឆ្នាំ​កន្លង​មក ដោយសារ​កូវីដ-១៩​យើង​បាន​កាត់​បន្ថយ​ការ​ជួប​ជុំ​គ្នា និង​សកម្មភាព​របស់​យើង។ ជួន​កាល យើង​មាន​អារម្មណ៍​ថា​យើង​ពិបាក ប៉ុន្តែ​ប្រសិន​បើ​យើង​ប្រៀប​ធៀប​នឹង​បទ​ពិសោធន៍​ដែល​បង​ប្អូន​មាន​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​នេះ។ យើង​ត្រូវ​ការ​យល់​ថា តាម​ពិត​ជីវិត​របស់​យើង​ត្រូវ​តែ​តស៊ូ យើង​មាន​សមត្ថភាព​ដើម្បី​ឆ្លង​ទុក្ខ​លំបាក​ទាំង​អស់។ ជួន​កាល​២​ឆ្នាំ​កន្លង​មក យើង​មិន​បាន​បើក​គម្ពីរ​អាន​ប៉ុន្មាន​ទេ យើង​មិន​សូវ​សូត្រ​ផ្គាំ​ប៉ុន្មាន​ទេ។ ពិត​មែន យើង​ដឹង​ថា​ព្រះសហគមន៍​របស់​យើង​ពោរពេញ​ដោយ​ជីវិត ព្រះសហគមន៍​របស់​យើង​រស់​នៅ​ក្នុង​ជំនឿ នៅ​ក្នុង​សេចក្តី​សង្ឃឹម នៅ​ក្នុង​សេចក្តី​ស្រឡាញ់។ ពី​អភិបូជា​សុំ​ព្រះជាម្ចាស់​ប្រសិទ្ធីពរ​លើ​ប្រេង​ដែល​យើង​បាន​រួម​គ្នា អភិបូជា​សម្រាប់​ទិវា​នៃ​ការ​ត្រាស់​ហៅ ព្រឹក​នេះ​ដែល​យើង​រួម​គ្នា យើង​បាន​ឃើញ​ជីវិត​របស់​យើង​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម​នៅ​ក្នុង​ព្រះសហគមន៍។

តាម​ភូមិភាគ​នីមួយៗ​យើង​កំពុង​មាន​បទ​ពិសោធន៍ ព្រះសហគមន៍​របស់​យើង​កំពុង​មាន​ជីវិត ជា​ពិសេស​តាមរយៈ​មាគា​នៃ​សន្និបាត​ព្រះសហគមន៍​២០២១-២០២៣ ដែល​ជា​សញ្ញា​សម្គាល់​យ៉ាង​ជាក់​ស្តែង​សម្រាប់​យើង​ទាំង​អស់​គ្នា យក​ចិត្ត​ទុក​ដាក់​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង។ ពិធី​បុណ្យ​ដែល​បាន​កើត​ឡើង​ថ្ងៃ​នេះ គឺ​ជា​សញ្ញា​សម្គាល់​នៃ​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ខ្ញុំ​មាន​សំណូម​ពរ​មួយ នៅ​ពេល​យើង​ចេញ​ធ្វើ​ដំណើរ​ទៅ​តាម​ព្រះសហគមន៍​របស់​យើង​វិញ។ ឱ្យ​យើង​ទុក​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង គឺ​សារ​នៃ​សេចក្តី​សង្ឃឹម សារ​នៃ​ជំនឿ សារ​នៃ​សេចក្តី​ស្រឡាញ់ ដែល​យើង​បាន​ស្តាប់​និង​ទទួល​ព្រឹក​នេះ។ ជំនឿ​របស់​បង​ប្អូន​យើង ដែល​បាន​តស៊ូ​នៅ​ក្នុង​ការ​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង ដែល​បាន​ស្លាប់​ខ្លះ ដែល​នៅ​រស់​ខ្លះ ជា​សសរ​ដ៏​រឹង​មាំ​សម្រាប់​យើង​សព្វ​ថ្ងៃ។ ដូច្នេះ យើង​ជា​សសរ​នេះ យើង​មាន​គ្រឹះ​រឹង​មាំ​ដែល​យើង​បាន​ទទួល​ថ្ងៃ​នេះ យើង​ជា​សសរ​ដែល​ពោរពេញ​ដោយ​ជីវិត យើង​ជា​សសរ​ដែល​ត្រូវ​តែ​ចែក​រំលែក​សេចក្តី​ស្រឡាញ់​ដល់​បង​ប្អូន​ឯទៀតៗ នៅ​ក្នុង​ជីវិត​សាមញ្ញ​បំផុត​របស់​យើង។

លោក ឆ្មារ សាឡាស់ ជា​មនុស្ស​សាមញ្ញ​ដែល​ចូល​ចិត្ត​សប្បាយ នៅ​ពេល​លោក​ស្រី នីកុល សម្រាក​ព្យាបាល​គ្រុន​ពោះវៀន​នៅ​មន្ទីរ​ពេទ្យ នៅ​ឆ្នាំ​១៩៧០​ជាង។ លោក ឆ្មារ សាឡាស់ បាន​ទៅ​សួរ​សុខ​ទុក្ខ​លោក​ស្រី គាត់​បាន​ជូន​ផ្លែ​ប៉ោម​មួយ​ទៅ​លោក​ស្រី នីកុល (សម័យ​នោះ​ផ្លែ​ប៉ោម​ថ្លៃ​ខ្លាំង​ណាស់)។ លោក ឆ្មារ សាឡាស់ ថា​ថ្ងៃ​នេះ​ជា​ថ្ងៃ​បុណ្យ​ចម្លង​យើង​សប្បាយ​ណាស់ ក្រោយ​មក​គេ​ចែក​ជា​ពីរ​ម្នាក់​ពាក់​កណ្តាល។ នេះ​ជា​សញ្ញា​សម្គាល់​ដ៏​តូច​តាច​មួយ ប៉ុន្តែ​នេះ​ជា​អំណរ​សប្បាយ​ដែល​យើង​អាច​ចែក​រំលែក​ជា​មួយ​បង​ប្អូន​របស់​យើង​សព្វ​ថ្ងៃ។ ជា​ពិសេស ឱ្យ​យើង​ថែរក្សា​សេចក្តី​សង្ឃឹម​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង សេចក្តី​សង្ឃឹម​ខ្ញុំ​បាន​មើល​ឃើញ​នៅ​ពេល​ហ្នឹង ណែ​នាំ​ឱ្យ​ខ្ញុំ​ចង់​ច្រៀង​កោត​សរសើរ​ព្រះជាម្ចាស់ អាលេលូយ៉ា អាលេលូយ៉ា។

ពិត​មែន ដោយ​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ព្រះសហគមន៍ ដោយ​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​បទ​ពិសោធន៍​នៃ​ព្រះសហគមន៍​របស់​យើង​នៅ​លើ​ទឹក​ដី​តាំង​គោក យើង​ចូល​នៅ​ក្នុង​បទ​ពិសោធន៍​នៃ​ជីវិត​របស់​យើង​សព្វ​ថ្ងៃ។ ខ្ញុំ​សូម​អញ្ជើញ​លោក​ឪពុក​ទាំង​អស់ ចូល​យ៉ាង​ជ្រៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ជីវិត​នៃ​មរណៈសាក្សី ជីវិត​នៃ​ព្រះសហគមន៍​ពី​ដើម ដើម្បី​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា ដើម្បី​រស់​នៅ​ក្នុង​សេច​ក្តី​សង្ឃឹម​ដែល​យើង​មើល​យ៉ាង​ជាក់​ស្តែង​ថ្ងៃ​នេះ។ ជា​សេចក្តី​សង្ឃឹម​ដែល​ណែនាំ​ឱ្យ​យើង​ទៅ​មុខ​ជានិច្ច ឱ្យ​យើង​តស៊ូ​ជានិច្ច ឱ្យ​យើង​ឈ្នះ​គ្រប់​កាលៈទេសៈ​ជានិច្ច។ ថ្ងៃ​នេះ​ជា​ពេល​វេលា ដើម្បី​ដក​ម៉ាស​ចេញ ម៉ាស​ដែល​ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​ពុត ម៉ាស​ដែល​ណែនាំ​ឱ្យ​យើង​មាន​មុខ​ក្រៀម ម៉ាស​ដែល​ជួន​កាល​ណែនាំ​ឱ្យ​យើង​លាក់​អារម្មណ៍​របស់​យើង។ ជា​ពេល​វេលា ដើម្បី​ឱ្យ​យើង​ដក​អាវ​ដែល​ណែនាំ​ឱ្យ​យើង​អស់​សង្ឃឹម អាវ​នៃ​ពិធី​បុណ្យ​សព អាវ​ដែល​ណែនាំ​ឱ្យ​យើង​ចេះ​តែ​រិះ​គន់​គ្មាន​ប្រយោជន៍។ ជា​ពេល​វេលា​ដើម្បី​ដក​ធ្នឹម​ដែល​មាន​នៅ​ក្នុង​ភ្នែក​របស់​យើង ដែល​ណែនាំ​ឱ្យ​ប៉ុន្មាន​ដង​ប៉ុន្មាន​សារ​យើង​ខ្វាក់ មើល​មិន​ឃើញ​។ ពេល​យើង​ទៅ​វិញ ដោយ​អស់​ម៉ាស អាស់​អាវ​ធ្ងន់ អស់​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​យើង យើង​អាច​ធ្វើ​ដំណើរ​យ៉ាង​ស្រាល​ជា​មួយ​ព្រះយេស៊ូ ជា​មួយ​ជំនឿ​របស់​យើង ជា​មួយ​សេចក្តី​សង្ឃឹម​របស់​យើង​។ ដោយ​ដឹង​ថា ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ជម្រុញ​យើង​ឱ្យ​យើង​ទៅ​មុខ​ជានិច្ច។

ដូច​ក្រុម​គ្រីស្ត​ទូត​ពី​ដើម នៅ​ពេល​គេ​បាន​ទទួល​ការ​វាយ​គេ​ពោរ​ពេញ​ដោយ​អំណរ​សប្បាយ ដោយសារ​គេ​មាន​កិត្តិយស​ព្រោះ​គេ​ត្រូវ​វាយ​ដោយ​ព្រះនាម​ព្រះយេស៊ូ។ គេ​ទៅ​តាម​ផ្ទះ គេ​ទៅ​តាម​សាលា​សំណាក់ ដើម្បី​អប់រំ ដើម្បី​ប្រកាស​អំពី​ដំណឹង​ល្អ​របស់​ព្រះយេស៊ូ​គ្រីស្ត។ ឱ្យ​ឈើ​ឆ្កាង​របស់​ព្រះយេស៊ូ​គ្រីស្ត ដែល​ចាក់​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង សូម​ណែនាំ​ឱ្យ​ជំនឿ សេចក្តី​ស្រឡាញ់ និង​សេចក្តី​សង្ឃឹម ហៀរ​ចេញ​ពី​ដួង​ចិត្ត​របស់​យើង។ ពិត​មែន​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ពិត​មែន​ព្រះសហគមន៍​របស់​យើង​ពោរពេញ​ដោយ​ជីវិត ពិត​មែន​យើង​ជា​សេចក្តី​សង្ឃឹម​ថ្ងៃ​នេះ។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

សាលាសន្តឡាសាលពោធិ៍ធំពង្រីកបេសកកម្មអប់រំកុមារ

នាព្រឹកថ្ងៃទី៣០​ ខែតុលាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ បានអញ្ជើញជាអធិបតីក្នុងពីធីបាចទឹកព្រះពរ និងសម្ពោធអគារសិក្សាថ្មីសន្តឡាសាលពោធិ៍ធំ​ ​ដែលទទួល​ខុស​ត្រូវ​ដោយ​ក្រុម​បព្វជិត​​ឡាសាល មានទីតាំងក្នុងភូមិពោធិ៍ធំ​ សង្កាត់​អរិយក្សត្រ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ​ បងប្រុស​ បងស្រី​ តំណាងអាជ្ញាធរដែនដី​ សិស្សានុសិស្ស​ អាណាព្យាបាល​ យ៉ាងច្រើនកុះករ​។ មានប្រសាសន៍​សំណេះសំណាលក្នុងពិធីកាត់ខ្សែបូ លោកអភិបាលអូលីវីយ៉េ លើកឡើងថា នៅទីនេះមាតាបិតាមានសំណាងណាស់ ដោយសារកូនៗរៀននៅសាលាដ៏ល្អ មានការអប់រំដ៏ល្អមិនគិតថ្លៃ។ លោកក៏បានថ្លែងអំណរគុណដល់​ក្រុម​បព្វជិត​ឡាសាល

សិស្សនៃ​វិទ្យាល័យសន្តហ្រ្វង់ស្វ័រ ចំនួន​៨នាក់​ ទទួលបាន​និទ្ទេស A ពីការ​​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សិស្សថ្នាក់ទី១២ ជំនាន់ទី១៩ ឆ្នាំ​សិក្សា​២០២៣-២០២៤ ចំនួន​៨ នាក់របស់​សាលា​ចំណេះទូទៅ​សន្តហ្វ្រង់ស្វ័រ ទទួល​បាននិទ្ទេសA ក្នុង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះ​បើ​យោង​តាម​លទ្ធផល​ដែល​បាន​បូកសរុប​ដោយ​សាលាផ្ទាល់។ លោកអូលីវីយ៉េ ជ្មីតហស្លេ ជា​ស្ថាបនិក និង​ជា​អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ​មានប្រសាសន៍ថា ក្នុងឆ្នាំនេះ សាលា​មាន៨នាក់ជាប់និទ្ទេសA  ស្មើនឹង២២,២២​ភាគរយនៃសិស្ស៣៦នាក់។ លោក​ថា «នេះ​ជាមោទនភាពរបស់ព្រះសហគមន៍កាតូលិកដែលបានបង្កើតគ្រឹះស្ថានអប់រំ​ដ៏ល្អបំផុត ដែលមានលទ្ធផលប្រហែលជាទទួលបាន លេខមួយនៅទូទាំងប្រទេស ដែលមាននិទ្ទេសA ច្រើនដូចនេះ។» លោក​បញ្ជាក់ថា ជោគជ័យនេះបាន​ដោយសារតែសិស្សសាលារបស់យើងសព្វថ្ងៃ ទទួលការអប់រំពីព្រះសហគមន៍កាតូលិកតាំងពីមត្តេយ្យសិក្សា

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

Subscribe to our newsletter

Don't miss new updates on your email