ធម្មទេសនា
សប្តាហ៍ទី៦នៃរដូវបុណ្យចម្លង ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ព្រះសហគមន៍សន្តីម៉ារីញញឹម (តាកែវ)
“បីកុំ បីការពារ បីថែរក្សា”បងប្អូនជាទីស្រឡាញ់ ប៉ុន្មានដងយើងបានសួរខ្លួនឯងថា តើព្រះជាម្ចាស់ជានរណា? នៅថ្ងៃនេះក្នុងអត្ថបទទីពីរ យើងបានស្ដាប់ចម្លើយ គឺព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។ នេះគឺជាចម្លើយតែម្ដងគត់ នៅក្នុងគម្ពីរទាំងឡាយពីសម្ព័ន្ធមេត្រីចាស់ដល់សម្ព័ន្ធមេត្រីថ្មី គឺយើងបានស្ដាប់តែម្ដងនៅក្នុងអត្ថបទរបស់សន្តយូហានថ្ងៃនេះ “ត្បិតព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់”។ យើងបានឃើញយ៉ាងជាក់ស្ដែង ពីដើមរៀងមកព្រះជាម្ចាស់ដែលជាព្រះបិតា បានបង្ហាញធម៌មេត្តាករុណាដល់មនុស្សលោក ដោយបានបង្កើតយើង ថែរក្សាយើង ការពារយើង ផ្ញើព្រះយេស៊ូដែលជាព្រះសង្គ្រោះដើម្បីឱ្យយើងមានជីវិត តាមរយៈការបូជាព្រះជន្មរបស់ព្រះយេស៊ូ និងព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ ប៉ុន្តែ ថ្ងៃនេះសន្តយូហាន ហ៊ានសរសេរថា “ដ្បិតព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់”។ ថ្ងៃនេះ យើងបានស្ដាប់ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ មានន័យដូចម្ដេច ព្រះយេស៊ូបានសម្ដែងឱ្យយើងយល់អំពីធម្មវិន័យរបស់ព្រះយេស៊ូ ឱ្យយើងយល់អំពីគោលដៅរបស់ព្រះជាម្ចាស់សម្រាប់មនុស្សយើង។ តើគោលដៅរបស់ព្រះជាម្ចាស់សម្រាប់មនុស្សយើងគឺអ្វី? គឺធ្វើឱ្យយើងមានអំណរយ៉ាងស្ថិតស្ថេរ ឱ្យយើងមានអំណរសប្បាយដ៏ពេញលក្ខណៈ។ តើអំណរសប្បាយនេះមកពីណា? ខ្ញុំសូមអញ្ជើញបងប្អូន សម្លឹងមើលនៅមុខអាសនៈថ្ងៃនេះ នៅមុខអាសនៈថ្ងៃនេះយើងមានសួនផ្កាយ៉ាងស្អាតបំផុត។ នៅពាក់កណ្ដាលសួនផ្កានេះ យើងឃើញមានព្រះនាងម៉ារី យើងមានសន្តយ៉ូសែប ដែលកំពុងសម្លឹងមើលព្រះនាងម៉ារីដោយភ្ជាប់ជាមួយព្រះកុមារយេស៊ូ។ នៅក្នុងសួនផ្កានេះ ប្រសិនបើយើងងើបមុខមើលបន្តិច យើងបានឃើញអាសនៈ ដែលបន្តិចទៀតយើងនឹងថ្វាយសក្ការៈបូជារបស់ព្រះយេស៊ូ។ អាសនៈដែលជាតុសក្ការៈ ដែលព្រះយេស៊ូបានបូជាជីវិត។ ប្រសិនបើយើងងើបមុខមើលបន្តិចទៀត យើងនឹងបានឃើញព្រះឈើឆ្កាង គឺយើងបានឃើញព្រះយេស៊ូដែលបានបូជាជីវិតនៅលើព្រះឈើឆ្កាងនេះ។ បងប្អូនជាទីស្រឡាញ់ តាមពិតសូមបងប្អូនមើលពីលើទៅ គឺឱ្យយើងមើលព្រះយេស៊ូដែលបានបូជាជីវិត ការបូជាជីវិតរបស់ព្រះយេស៊ូគឺជាសេចក្តីស្រឡាញ់ដ៏កំពូល ដែលនាំឱ្យយើងយល់អំពីព្រះបន្ទូលដែលយើងបានស្ដាប់ថ្ងៃនេះ “ត្បិតព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់” គឺព្រះបិតាដែលបានយកចិត្តទុកដាក់ជាមួយមនុស្សយើងទាំងអស់ ដើម្បីឱ្យយើងទទួលជីវិតតាមរយៈព្រះយេស៊ូ ដែលបានសោយព្រះទិវង្គតនៅលើព្រះឈើឆ្កាង។ ពេលយើងមើលចុះក្រោម យើងបានឃើញតុសក្ការៈជាតុសក្ការៈបូជាដែលបន្តិចទៀតខ្ញុំនឹងថ្វាយសក្ការៈបូជាដែលជាអភិបូជាមែន ប៉ុន្តែដែលជាព្រះយេស៊ូដែលប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្តសម្រាប់យើងថ្ងៃនេះ។ ពេលយើងមើលចុះក្រោមបន្តិចទៀត យើងនឹងបានឃើញព្រះនាងម៉ារី សន្តយ៉ូសែប ប្រសិនបើយើងមើលចុះក្រោមមកបន្តិចទៀត យើងនឹងឃើញបងប្អូនយើងដែលបានចូលអភិបូជាតាមរយៈ ហ្វេសប៊ុកភេចថ្មីរបស់យើង https://www.facebook.com/LiveCatholicChannel និងយូធូបភូមិភាគភ្នំពេញ https://www.youtube.com/channel/UCXifCD3q9-cPkVk3gOB9L6Q យើងគឺជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ យើងចូលនៅក្នុងសួនផ្កាដ៏ស្អាតនេះរួមជាមួយព្រះនាងម៉ារី ជាមួយសន្តយ៉ូសែប ដើម្បីចូលរួមនៅក្នុងសក្ការៈបូជារបស់ព្រះគ្រីស្ត និងដើម្បីទទួលអំណរសប្បាយ គឺជាអំណរសប្បាយដ៏ស្ថិតស្ថេរ។ ពិតមែនបងប្អូនជាទីស្រឡាញ់ នៅក្នុងព្រះយេស៊ូគ្រីស្តរួមជាមួយសន្តយ៉ូសែប រួមជាមួយព្រះនាងម៉ារី ដែលជាគ្រួសារដ៏វិសុទ្ធ យើងជាគ្រួសារតែមួយ។ ថ្ងៃនេះ ដែលយើងថ្វាយអភិបូជាសម្រាប់ថ្ងៃអាទិត្យ ទោះបីយើងមិនអាចជួបជុំគ្នាបានប៉ុន្តែនៅក្នុងផ្លូវវិញ្ញាណ ដឹងថាយើងជាគ្រួសារតែមួយ។ ដែលចូលរួមនៅក្នុងសក្ការៈបូជារបស់ព្រះយេស៊ូ ដែលបានសោយព្រះទិវង្គតនៅលើព្រះឈើឆ្កាង ដើម្បីឱ្យយើងមានជីវិតអស់កល្បជានិច្ច។ ដូច្នេះ សំណួរដែលយើងត្រូវការមានថ្ងៃនេះ មិនមែនតែតើព្រះជាម្ចាស់ជានរណា? គឺយើងមានចម្លើយហើយ ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ មិនមែនតែតើធម្មវិន័យរបស់ព្រះយេស៊ូគឺជាអ្វី? គឺសូមស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះយេស៊ូបានស្រឡាញ់យើងដែរ។ យើងមានសំណួរមួយទៀត ដែលយើងត្រូវការគិតពិចារណាគឺ តើយើងជាគ្រីស្តបរិស័ទបច្ចុប្បន្ននេះ នៅក្នុងពេលវេលាដ៏ពិបាកនេះ យើងធ្វើដូចម្ដេចដើម្បីអនុវត្តព្រះបន្ទូលនេះ? តើយើងធ្វើដូចម្ដេចដើម្បីស្រឡាញ់គ្នាទៅវិញទៅមកដូចព្រះយេស៊ូមានព្រះបន្ទូលដល់យើង? តើយើងធ្វើដូចម្ដេចដើម្បីឱ្យយើងបង្ហាញអំពីឋានៈ អំពីលក្ខខណ្ឌរបស់ព្រះជាម្ចាស់ ដែលជាសេចក្តីស្រឡាញ់ដ៏ពេញលក្ខណៈ? នៅពេលនេះ យើងត្រូវការពិចារណាសារជាថ្មី។ បងប្អូនជាទីស្រឡាញ់ ពីប៉ុន្មានខែកន្លងមកយើងបានស្ដាប់ “បីកុំ បីការពារ” ប៉ុន្តែថ្ងៃនេះខ្ញុំសូមអញ្ជើញបងប្អូនដែលជាព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញរបស់យើង គិតថែមទៀត បីកុំ បីការពារ និងបីថែរក្សា។ ខ្ញុំសូមអញ្ជើញ ឱ្យនៅក្នុងព្រះសហគមន៍យើងយកចិត្តទុកដាក់ដើរតាម បីកុំ បីការពារ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលតទៅទៀត។ ប៉ុន្តែ ឱ្យយើងថែមបីថែរក្សា តើបីថែរក្សានោះមានអ្វីខ្លះ? ថែរក្សាទីមួយ គឺឱ្យយើងទទួលខុសត្រូវយ៉ាងខ្ពស់បំផុត ការទទួលខុសត្រូវយ៉ាងខ្ពស់បំផុត នៅក្នុងគ្រប់តួនាទីដែលយើងទទួល។ ជាពិសេស សម្រាប់យើងដែលជាព្រះសហគមន៍ តើយើងត្រូវតែទទួលខុសត្រូវដូចម្ដេច? យើងជាបូជាចារ្យ យើងជាបងប្រុសបងស្រី យើងជាគ្រីស្តបរិស័ទ យើងត្រូវតែទទួលខុសត្រូវយ៉ាងខ្ពស់បំផុត នៅក្នុងបេសកកម្មរបស់យើង។ តើបេសកកម្មរបស់យើងនៅក្នុងព្រះសហគមន៍គឺជាអ្វី? បងប្អូនសូមស្ដាប់ម្ដងទៀត មេរៀនរបស់លោកគ្រូ ដួង សាវង្ស ដែលយើងបានស្ដាប់ពីថ្ងៃអង្គារក្នុងហ្វេសបុក https://www.facebook.com/LiveCatholicChannel គឺលោកគ្រូ វង្ស បានបង្ហាញអំពីព្រះសហគមន៍ដែលព្រះសហគមន៍មានតួនាទីបីគឺ៖
ព្រះយេស៊ូជាគ្រូគង្វាលដ៏សប្បុរស ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ពីព្រះសហគមន៍សន្តីម៉ារីញញឹម (តាកែវ)
យើងជាអ្នកបម្រើមិនមែនជាអ្នកស៊ីឈ្នួល បងប្អូនជាទីស្រឡាញ់ បងប្អូនដែលកំពុងជាប់ជាមួយយើង នៅតាមហ្វេសប៊ុក តាមយូធូប កាតូលិកភ្នំពេញ ជាពិសេសហ្វេសបុកភេច (https://www.facebook.com/LiveCatholicChannel) ដែលយើងបានបង្កើតថ្មីៗនេះដើម្បីធ្វើដំណើរជាមួយបងប្អូននៅក្នុងទុក្ខលំបាកនៃជំងឺកូវីដ-១៩។ យើងបានស្ដាប់អត្ថបទគម្ពីរ នៅក្នុងរដូវបុណ្យចម្លងសប្តាហ៍ទី៤ ដែលជាពេលវេលាដើម្បីគោរពព្រះយេស៊ូ ព្រះយេស៊ូដែលជាគ្រូគង្វាលសប្បុរស។ នៅក្នុងអត្ថបទទី២ ដែលយើងបានស្ដាប់អម្បាញ់មិញពិតមែនព្រះអង្គស្រឡាញ់យើងរហូតដល់ហៅយើងថា ជាបុត្រធីតារបស់ព្រះអង្គ។ នេះជាដំណឹងមួយ ដែលយើងសប្បាយចិត្តស្ដាប់នៅក្នុងពេលវេលាដ៏ពិបាកនេះ ដោយដឹងថាទោះបីយើងពិបាកក៏ដោយ ទោះបីជាយើងមានអារម្មណ៍ថាឯកោក៏ដោយ ទោះបីយើងមានអារម្មណ៍ថាយើងមិនដឹងទៅណា។ សព្វថ្ងៃ យើងមិនដឹងថាពេលណាកូវីដ-១៩ លែងរាតត្បាតនៅលើទឹកដីយើង ថ្ងៃនេះយើងបានស្ដាប់ព្រះបន្ទូលថា “ព្រះអង្គស្រឡាញ់យើង រហូតដល់ហៅយើងថាជាបុត្រធីតារបស់ព្រះអង្គ”។ នៅពេលយើងដឹងថា យើងជាបុត្រធីតារបស់ព្រះអង្គ យើងយល់ថាពិតមែនយើងជាបុត្រាបុត្រីរបស់ព្រះបិតា ដែលស្រឡាញ់យើងមែនទែន។ ដូច្នេះ ថ្ងៃនេះនៅពេលដែលយើងឃើញព្រះយេស៊ូដែលជាគ្រូគង្វាលសប្បុរស ដូចយើងបានរៀបចំនៅក្នុងព្រះវិហាររបស់យើង ដែលមានគ្រូគង្វាលមួយដ៏ស្អាតកំពុងបីកូនចៀមមួយ និងមានកូនចៀមនៅជុំវិញ។ ជាគ្រូគង្វាលសប្បុរស ដែលស្គាល់កូនចៀមទាំងអស់ ដែលស្គាល់ឈ្មោះ ដែលស្គាល់សំឡេង ដែលស្គាល់ពីអារម្មណ៍ ដែលស្គាល់ការពិបាក ការសប្បាយ ដែលស្គាល់សេចក្តីសង្ឃឹម។ គ្រូគង្វាលដ៏សប្បុរសនេះ បានស្គាល់យើងយ៉ាងច្បាស់ តើយើងស្គាល់គ្រូគង្វាលសប្បុរសដែលស្រឡាញ់យើងដល់កំរិតណា? តាមពិតព្រះយេស៊ូជាគ្រូគង្វាលសប្បុរស ដែលសុខចិត្តស៊ូប្ដូរជីវិត ជាអ្វីដែលយើងបានគោរពនៅថ្ងៃបុណ្យចម្លង ព្រះយេស៊ូបានសោយទិវង្គត និងព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។ ថ្ងៃនេះ គឺព្រះយេស៊ូដែលស្រឡាញ់យើងដល់កំពូល ព្រះយេស៊ូដែលបម្រើយើង ព្រះយេស៊ូដែលមានព្រះហឫទ័យស្មោះត្រង់ចំពោះយើង ព្រះយេស៊ូដែលណែនាំឱ្យយើងចូលនៅក្នុងសុបិនដ៏ពិសេស ដែលព្រះជាម្ចាស់មានសម្រាប់ពិភពលោក។ បងប្អូនជាទីស្រឡាញ់ នៅពេលយើងបានស្ដាប់ព្រះបិតាស្រឡាញ់យើង រហូតដល់អាចនិយាយថាយើងជាបុត្រាបុត្រីរបស់ព្រះបិតា យើងយល់ថាព្រះបិតាមានព្រះគម្រោងការណ៍សម្រាប់យើងទាំងអស់គ្នា។ ព្រះគម្រោងការណ៍របស់ព្រះបិតាសម្រាប់យើងទាំងអស់ គឺឱ្យយើងពោរពេញដោយសុភមង្គលនៅលើផែនដីនេះ ឱ្យយើងពោរពេញដោយសេចក្តីសុខសាន្តនៅលើផែនដីនេះ។ ណែនាំឱ្យយើងទាំងអស់គ្នា ចូលរួមនៅក្នុងព្រះគម្រោងការណ៍នេះ ដោយទៅជាអ្នកកសាងព្រះរាជ្យរបស់ព្រះជាម្ចាស់នៅលើផែនដីនេះ។ បងប្អូនជាទីស្រឡាញ់ យើងមិនមែនអ្នកស៊ីឈ្នួលទេ អ្នកស៊ីឈ្នួលមិនស្គាល់ចិត្តម្ចាស់ អ្នកស៊ីឈ្នួលចេះតែរកប្រាក់ខែតែប៉ុណ្ណឹង។ អ្នកស៊ីឈ្នួល មិនរវីរវល់នឹងបញ្ហាណាមួយដូចយើងបានស្ដាប់នៅក្នុងព្រះគម្ពីរ ពេលមានចចកមកខាំស៊ីកូនចៀម អ្នកស៊ីឈ្នួលរត់ចេញដោយសារមិនមែនជាចៀមផ្ទាល់ខ្លួន មិនមែនជាហ្វូងសត្វផ្ទាល់ខ្លួន។ គាត់មិនរវីរវល់ទេ គាត់មើលតាមម៉ោងរបស់គាត់ ស៊ីប្រាក់ខែហើយទៅដេកសម្រាក ទោះបីមានបញ្ហាណាមួយកើតឡើងក៏គាត់នៅតែដេកលក់ដដែល។ ពិតមែន យើងមិនមែនជាអ្នកស៊ីឈ្នួលទេយើងគឺជាអ្នកបម្រើ យើងជាអ្នកបម្រើរបស់ព្រះជាម្ចាស់ យើងជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានជ្រើសរើស។ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះនៅក្នុងទិវាទី៥៨ ដែលយើងអធិដ្ឋានសម្រាប់ការត្រាស់ហៅ សម្ដេចប៉ាប ហ្វ្រង់ស៊ីស្កូ បានសរសេរសារជូនដល់គ្រីស្តបរិស័ទយើងទាំងអស់ ជូនដល់យុវជនយុវនារីយើងទាំងអស់។ នៅក្នុងសាររបស់សម្ដេចប៉ាប ព្រះអង្គបានយកសន្តយ៉ូសែបដែលជាអ្នកសុចរិត សន្តយ៉ូសែបដែលជាស្វាមីរបស់ព្រះនាងម៉ារី សន្តយ៉ូសែបដែលជាឪពុករបស់ព្រះយេស៊ូ សន្តយ៉ូសែបដែលជាឧបការីនៃព្រះសហគមន៍របស់យើង ទៅជាគំរូដើម្បីឱ្យយើងយល់អំពីព្រះគម្រោងការណ៍របស់ព្រះជាម្ចាស់សម្រាប់យើងទាំងអស់។ ពេលយើងមើលសន្តយ៉ូសែប យើងដឹងថាព្រះជាម្ចាស់ឈ្វេងយល់ដួងចិត្តរបស់យើង ព្រះជាម្ចាស់ដឹងអំពីអ្វីដែលមាននៅក្នុងចិត្តរបស់យើង។ ព្រះជាម្ចាស់ចង់សូនដួងចិត្តរបស់យើង ដើម្បីឱ្យដួងចិត្តរបស់យើងភ្ជាប់នឹងព្រះហឫទ័យរបស់ព្រះអង្គ ដើម្បីឱ្យយើងទាំងអស់គ្នាចូលនៅក្នុងព្រះគម្រោងការណ៍របស់ព្រះអង្គសម្រាប់ពិភពលោក។ ជាពិសេស នៅក្នុងកាលៈទេសៈដ៏ពិបាកនេះ ដែលបងប្អូនរបស់យើងបាត់បង់សេចក្តីសុខ ដែលបងប្អូនរបស់យើងកំពុងភ័យខ្លាចមែនទែន ដែលបងប្អូនរបស់យើងមួយចំនួនអត់មានម្ហូបអាហារ ដែលបងប្អូនរបស់យើងមួយចំនួនធំកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ពីមួយថ្ងៃទៅមួយថ្ងៃ បានទទួលមរណៈភាពទូទាំងពិភពលោកក្តី នៅប្រទេសកម្ពុជាក្តី ដូចពីម្សិលមិញយើងមាន១០នាក់ ដែលបានទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩នៅប្រទេសកម្ពុជាយើង។ នេះយើងមិនបានគិតដល់បងប្អូន ដែលបានស្លាប់ដោយសារជំងឺនានា ឬដោយសារសង្គ្រាម ឬដោយសារទុក្ខលំបាកនៅក្នុងពិភពលោក។ បងប្អូនជាទីស្រឡាញ់ ព្រះជាម្ចាស់មានព្រះគម្រោងការណ៍ និងព្រះអង្គឈ្វេងយល់ដួងចិត្តរបស់យើង ដោយសារប្រសិនបើខ្ញុំសួរដល់យុវជនយុវនារីម្នាក់ៗ តើអនាគតប្អូនចង់ធ្វើអ្វី? ប្រហែលមានខ្លះ គាត់ចង់ធ្វើជាគ្រូបង្រៀន មានខ្លះគាត់ចង់ធ្វើជាគ្រូពេទ្យ មានខ្លះគាត់ចង់ធ្វើការនៅក្នុងការិយាល័យ។ ជាពិសេស អនាគតយើងចង់មានសុភមង្គលដ៏ពិតប្រាកដ អនាគតយើងចង់មានគ្រួសារដែលពោរពេញទៅដោយសេចក្តីសុខ និងអនាគតប្រហែលមានបងប្អូនខ្លះចង់បម្រើព្រះសហគមន៍អស់មួយជីវិត (ដោយធ្វើជាបូជាចារ្យ ឬបងស្រី)។ យើងបានស្ដាប់សក្ខីភាពរបស់បងស្រី សូភី ថ្ងៃនេះបងស្រីសូភីគាត់មិនបានរៀបរាប់ អំពីការត្រាស់ហៅរបស់គាត់ពីដើម។ ប៉ុន្តែ ថ្ងៃនេះបងស្រីសូភីគាត់បានបង្ហាញអំពីផ្លែនៃការត្រាស់ហៅរបស់គាត់ អំពីអំណរសប្បាយដែលគាត់មាន ព្រះជាម្ចាស់បានត្រាស់ហៅគាត់។ នៅក្នុងកាលៈទេសៈដ៏ពិបាកនេះ បងស្រីសូភីដែលបានភ្ជាប់ជាមួយព្រះជាម្ចាស់ បម្រើព្រះគម្រោងការណ៍របស់ព្រះជាម្ចាស់អស់ពីសមត្ថភាព ដោយបានបម្រើនៅក្នុងសេចក្តីស្រឡាញ់ ជាពិសេសក្មេងៗពិការនៅតាមភូមិ នៅតាមផ្ទះ និងបានខិតខំរៀបចំព្រះវិហាររបស់យើងឱ្យស្អាតបំផុត
អភិបូជាសប្តាហ៍ទីបីនៃរដូវបុណ្យចម្លង ពីព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១
គោរពវិន័យដើម្បីផលប្រយោជន៍រួម បងប្អូនជាទីស្រឡាញ់ ខ្ញុំសូមជម្រាបសួរនិងសូមស្វាគមន៍បងប្អូនទាំងអស់ ដែលបានស្ដាប់នៅពេលនេះ ឬក៏ស្ដាប់នៅពេលក្រោយ នៅក្នុងភូមិភាគភ្នំពេញទាំងមូល។ គម្ពីរដែលយើងបានស្ដាប់ថ្ងៃនេះ ជាពិសេសអត្ថបទទីពីរនិងគម្ពីរដំណឹងល្អ ត្រូវតែបំភ្លឺយើងនៅក្នុងរបៀបពិសេស នៅក្នុងបរិយាកាសដែលយើងកំពុងរស់នៅសព្វថ្ងៃនៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជានៅទីក្រុងតាខ្មៅ និងក៏ដូចជានៅក្នុងភូមិភាគភ្នំពេញយើងទាំងមូល។ យើងបានឃើញ ពីមួយថ្ងៃទៅមួយថ្ងៃផ្លូវត្រូវតែបិទខ្លាំងទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃវិន័យនិងវិធានការត្រូវតែតឹងទៅៗ ដើម្បីឱ្យជំងឺកូវីដ-១៩នេះលែងលូតលាស់ និងលែងឆ្លងរាលដាលពីកន្លែងមួយទៅកន្លែងមួយទៀតបាន។ ប៉ុន្តែ យើងគួរឱ្យចាប់អារម្មណ៍ដែរព្រោះពីប៉ុន្មានខែកន្លងមកតាំងពីព្រឹត្តិការណ៍ទី២០ ខែកុម្ភៈ បានកើតឡើង នៅពេលនោះទាំងរដ្ឋាភិបាលជាពិសេសក្រសួងសុខាភិបាល បានបង្រៀន បានអប់រំ បានណែនាំ ជាពិសេស “បីកុំបីការពារ”។ យើងបានស្ដាប់ ក៏ប៉ុន្តែតើយើងបានអនុវត្តឬទេ? តើយើងបានយកចិត្តទុកដាក់ឬទេ? ពេលយើងឃើញនៅពេលហ្នឹង អ្វីដែលកំពុងផ្ទុះនៅក្នុងទីក្រុងភ្នំពេញជាពិសេស ពីមួយថ្ងៃទៅមួយថ្ងៃខ្លាំងទៅៗ។ សព្វថ្ងៃមាន៥២រោងចក្រ ដែលបានជាប់ជាមួយនឹងមេរោគកូវីដ-១៩ សព្វថ្ងៃមានផ្សារធំៗនៅទីក្រុងភ្នំពេញដែលកំពុងបិទពីមួយថ្ងៃទៅមួយថ្ងៃ ដំបូងគឺយើងបានឃើញគេបិទផ្សារអូរឬស្សី ក្រោយមកមានផ្សារចាស់ និងយប់មិញផ្សារដើមគរ។ ដោយដឹងថា ផ្សារដើមគរជាផ្សារនៃប្រភពបន្លែដើម្បីចែកចាយទូទាំងរាជធានីភ្នំពេញទាំងមូល។ ដូច្នេះ ពេលយើងឃើញនេះយើងត្រូវការសួរខ្លួនឯងរៀងៗខ្លួន តើយើងចេះតែនិយាយលាងដៃ ពាក់ម៉ាស់ អង្គុយឆ្ងាយពីគ្នា ឬយើងបានអនុវត្តវាយ៉ាងជាក់ស្ដែងក្នុងរយៈពេលពីរខែកន្លងមកនេះ? រហូតដល់សព្វថ្ងៃ រដ្ឋាភិបាលត្រូវការប្រើអំណាចយ៉ាងខ្លាំង ដើម្បីឱ្យប្រជាជនយល់ ដើម្បីឱ្យប្រជាជនយកចិត្តទុកដាក់។ រហូតដល់សព្វថ្ងៃ មានមនុស្សមួយចំនួនបានគេចខ្លួនពីភ្នំពេញដើម្បីចូលខេត្ត ដោយឥតបាននិយាយធ្វើដោយស្ងាត់ៗ មានមនុស្សខ្លះបានធ្វើដំណើរចេញពីខេត្តមួយទៅខេត្តមួយ ដោយធ្វើតាមផ្លូវងងឹត ដោយមិនស្ដាប់ការណែនាំ។ ដូច្នេះ ផ្លែដែលយើងបានឃើញសព្វថ្ងៃគឺហ្នឹងពិបាកទៅៗ។ កុំឱ្យយើងសង្ឃឹមការពិបាកនេះ អាចសម្រុះសម្រួលមួយភ្លែតៗបាន មិនមែនស៊ីសងលើក្រសួងសុខាភិបាល មិនមែនស៊ីសងលើរដ្ឋអំណាច ប៉ុន្តែស៊ីសងលើយើងជាបុគ្គលម្នាក់ៗ ម្នាក់ៗត្រូវតែយកចិត្តទុកដាក់។ ដូចយើងបានស្ដាប់អត្ថបទទីពីរ តាមរយៈសន្តយ៉ូហានព្រះយេស៊ូបានរំលឹកអំពីធម្មវិន័យ ធម្មវិន័យរបស់ព្រះអង្គគឺឱ្យយើងធ្វើដូចម្ដេច ដើម្បីរស់់នៅក្នុងធម្មវិន័យនេះ មានន័យថា “ស្រឡាញ់គ្នាទៅវិញទៅមកដូចព្រះយេស៊ូបានស្រឡាញ់យើង ប្រសិនបើមានអ្នកណាពោលថា ខ្ញុំស្គាល់ព្រះអង្គហើយ តែមិនកាន់តាមធម្មវិន័យរបស់ព្រះអង្គ អ្នកនោះនិយាយកុហក ហើយសេចក្តីពិតមិនស្ថិតនៅក្នុងខ្លួនគេទេ”។ ព្រះយេស៊ូមិនប្រើអំណាច ដើម្បីឱ្យយើងដើរតាមធម្មវិន័យរបស់ព្រះអង្គ ប៉ុន្តែម្យ៉ាងព្រះយេស៊ូដូចជាមានរបៀបមួយដែរ ដើម្បីឱ្យយើងភ្ញាក់ស្មារតី “ប្រសិនបើយើងមិនដើរតាមធម្មវិន័យរបស់ព្រះយេស៊ូ យើងត្រូវតែស្ថិតស្ថេរនៅក្នុងទុក្ខលំបាកនិងវេទនា ផ្ទុយទៅវិញប្រសិនបើយើងដើរតាមធម្មវិន័យរបស់ព្រះយេស៊ូ យើងស្ថិតស្ថេរនៅក្នុងសេចក្តីសុខ និងសេចក្តីសង្ឃឹម ដោយដឹងថាព្រះជាម្ចាស់ជាប់នឹងយើង និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ភ្ជាប់នឹងយើង”។ ប្រៀបធៀបនឹងបញ្ហាដែលកើតឡើងសព្វថ្ងៃ តាមពិតវិន័យ ច្បាប់ មិនត្រូវតែអនុវត្តដោយសារគេគំរាម ឬដោយសារគេបង្ខំ ប៉ុន្តែត្រូវទៅជាធម្មជាតិរបស់យើងជាពលរដ្ឋមួយរូប។ ច្បាប់ដែលយើងមាននៅក្នុងប្រទេសនីមួយៗ មិនមែនដើម្បីធ្វើបាបប្រជារាស្រ្ត ច្បាប់នីមួយៗគឺដើម្បីឱ្យប្រជារាស្ត្ររស់នៅក្នុងសេចក្តីសុខ រស់នៅក្នុងសុខដុមរមនា លុះត្រាតែប្រជាជនម្នាក់ៗយកចិត្តទុកដាក់គោរពច្បាប់ហ្នឹង។ នៅក្នុងរដូវកូវីដ-១៩នេះ រដ្ឋាភិបាលបានបង្កើតច្បាប់ថ្មីៗ ប៉ុន្តែច្បាប់ថ្មីៗទាំងនេះមិនមែនដើម្បីពិន័យ ពិន័យប្រសិនបើយើងមិនបានអនុវត្តន៍មែន។ ប៉ុន្តែ ប្រសិនបើយើងរៀងៗខ្លួនមានការទទួលខុសត្រូវយ៉ាងខ្ពស់ នៅក្នុងការអនុវត្តវិន័យនិងច្បាប់ដែលយើងមានសព្វថ្ងៃ យើងដឹងថាប្រហែលយើងអាចទៅមុខបាន។ ប៉ុន្តែ ប្រសិនបើយើងរៀងៗខ្លួនមិនធ្វើ វាយ៉ាប់ទៅៗហើយជះឥទ្ធិពលដល់ប្រទេសយើងទាំងមូល មិនមែនតែសម្រាប់ទីក្រុងភ្នំពេញតែប៉ុណ្ណឹង។ នៅពេលនេះ ខ្ញុំកំពុងផ្សាយចេញពីខេត្តតាកែវ ប៉ុន្តែយើងបានឃើញនៅក្នុងខេត្តតាកែវក៏កំពុងពិបាកដែរ ពីមួយថ្ងៃទៅមួយថ្ងៃយើងបានឃើញកូវីដ-១៩ចាប់ផ្ដើមលូតលាស់។ ដូច្នេះ យើងត្រូវការគិតពិចារណាអំពីរបៀបដែលយើងត្រូវតែធ្វើ រហូតដល់សព្វថ្ងៃដើម្បីឱ្យយើងស្ដាប់ច្បាប់ថ្មីៗដែលទើបតែបង្កើតឡើង ត្រូវតែចាប់អ្នកដែលល្មើស។ ដូចយើងបានឃើញ នៅទីក្រុងភ្នំពេញយើងមានទាហាន ប៉ូលីស ច្រើនណាស់ ដើម្បីចាប់ប្រជាជនដែលមិនបានអនុវត្តនិងគោរពតាមច្បាប់ថ្មីៗនោះ។ យើងកុំគិតថាយើងអាចគេចខ្លួនបាន យើងបានឃើញហើយថាឧត្តមសេនីយ៍ (ផ្កាយបី)ម្នាក់ ដែលបានជិះឡានហើយអួតខ្លួនដោយបានស្ដាប់បទចម្រៀងសប្បាយៗ ហើយនិយាយថាខ្ញុំមានសិទ្ធិ ខ្ញុំជាមេធំ ក្រោយមកកងកម្លាំងក៏បានចាប់គាត់ដែរ។ ដូច្នេះ មិនមានមនុស្សម្នាក់ដែលមានអំណាចនៅលើច្បាប់បានទេ ច្បាប់ណែនាំឱ្យយើងរស់នៅក្នុងសុខដុមរមនា រស់នៅក្នុងសេចក្តីសុខ។ ដូច្នេះ ត្រូវការឱ្យយើងទាំងអស់គ្នាចូលនៅក្នុងផលប្រយោជន៍រួម គឺដោយគោរពច្បាប់ ដូចព្រះយេស៊ូមានព្រះបន្ទូលថ្ងៃនេះ ធម្មវិន័យរបស់ព្រះយេស៊ូគឺបានណែនាំឱ្យយើងមានសេចក្តីសុខ លុះត្រាតែយើងគោរពធម្មវិន័យហ្នឹង។ ព្រះយេស៊ូមិនបានប្រើអំណាច ប៉ុន្តែប្រសិនបើយើងចាប់អារម្មណ៍ ព្រះយេស៊ូបានគំរាមម្យ៉ាងដែរ “អ្នកណាមិនធ្វើតាមធម្មវិន័យ អ្នកនោះត្រូវតែវេទនា អ្នកណាមិនគោរពតាមធម្មវិន័យ អ្នកនោះជាអ្នកដែលនិយាយកុហក និងឥតមានសេចក្តីពិតស្ថិតស្ថេរទេ”។ ដូច្នេះ ប្រសិនបើបងប្អូនទាំងអស់គ្នាចង់មានសេចក្តីសុខ
បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពីព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១
ឆ្នាំថ្មីយើងបានឃើញជីវិតថ្មីកំពុងផុសឡើង សួស្ដីឆ្នាំថ្មី បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ដើម្បីអបអរសាទរឆ្នាំថ្មីយើងស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូ “ចូរមានសុភមង្គល” ព្រះយេស៊ូមានព្រះបន្ទូលនេះប្រាំងបីដង។ តាមពិត នៅម៉ោងបួនទៀបភ្លឺពេលយើងបានចូលឆ្នាំថ្មី គឺថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ យើងបានឃើញនៅក្នុងវាលស្រែរបស់យើងមានទឹកភ្លៀងដែលបានធ្លាក់មកខ្លះៗ។ នៅពេលនោះ ខ្ញុំបានស្ដាប់បក្សាបក្សីដែលកំពុងច្រៀងយ៉ាងសប្បាយ ខ្ញុំបានឃើញកង្កែបដែលកំពុងលោតពីស្រែមួយទៅស្រែមួយ ដែលពោរពេញទៅដោយអំណរសប្បាយ។ ខ្ញុំបានឃើញ នៅមុខសាលាសន្តហ្រ្វង់ស្វ័រមានផ្កាពណ៌លឿង ផ្កាពណ៌ផ្កាឈូក ដែលកំពុងរីកដូចជាពោរពេញទៅដោយអំណរសប្បាយ។ ខ្ញុំបានឃើញ វាលស្រែរបស់យើងដែលបានស្វាគមន៍ទឹកភ្លៀងនេះ ពោរពេញដោយសេចក្តីសុខ ដោយសារវាលស្រែរបស់យើងនៅក្នុងរដូវកូវីដ-១៩ ទៅជាចំការបន្លែវិញ។ ពិតមែន ឆ្នាំថ្មីយើងបានឃើញជីវិតថ្មីកំពុងផុសឡើង ប្រសិនបើយើងមើលមួយភ្លែតយើងមានអារម្មណ៍ថា អ្វីៗទាំងអស់ដូចជាស្ងៀមស្ងាត់ ធម្មជាតិ សត្វទាំងឡាយដូចជាពោរពេញដោយអំណរសប្បាយ។ ផ្ទៃមេឃណែនាំឱ្យយើងបានទទួលទឹកភ្លៀងល្មមៗ ដើម្បីកុំឱ្យយើងក្រៅពេក ប៉ុន្តែយើងដឹងហើយថាកូវីដ-១៩កំពុងនៅ ប្រសិនបើយើងមើលហ្វេសប៊ុក ប្រសិនបើយើងស្ដាប់វិទ្យុ ប្រសិនបើយើងមើលទូរទស្សន៍មួយភ្លែត យើងបានឃើញអប្សរាដែលពាក់ម៉ាស់ យើងឃើញទេវតាដែលចុះពីឋានលើមក ត្រូវតែវាស់កំដៅសិនមុនអនុញ្ញាតឱ្យចូលលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ នៅម៉ោងបួនទៀបភ្លឺ យើងមិនបានឮសូរសំឡេងដែលគេស្វាគមន៍ទេវតាឆ្នាំថ្មី ឡើយគឺមានសភាពស្ងៀមស្ងាត់ ខារ៉ាអូខេតាមផ្ទះក៏មានសភាពស្ងៀមស្ងាត់ ផ្ទះនីមួយៗក៏នៅស្ងៀមស្ងាត់ដែរ។ កន្លែងដែលយើងធ្លាប់ជួបជុំគ្នា ដើម្បីលេងល្បែងប្រជាប្រិយខ្មែរនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីក៏ទទេអត់មានមនុស្សដែរ។ ផ្សារនីមួយៗ ភោជនីយដ្ឋាន ហាងកាហ្វេ ដែលធ្លាប់តែអ៊ូអរនៅក្នុងឆ្នាំថ្មីក៏បានបិទទ្វារអស់ហើយ។ តាមពិត នៅក្នុងរយៈពេល២០ឆ្នាំដែលខ្ញុំបានរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាលើកទីមួយដែលខ្ញុំអត់បានឃើញបងប្អូនសប្បាយ លេងល្បែង រាំវង់ អត់បានស្ដាប់បទចំរៀងប្រពៃណី អត់បានឃើញបងប្អូនចេញសួរសុខទុក្ខគ្នាពីផ្ទះមួយទៅផ្ទះមួយ ដើម្បីលេងជាមួយគ្នា ដើម្បីហូបបាយជាមួយគ្នា ដើម្បីសួរសុខទុក្ខគ្នា ដើម្បីជូនពរគ្នា។ តាមពិត កូវីដ-១៩ដ៏តូចនេះបានណែនាំឱ្យយើងចូលនៅក្នុងពេលវេលាដ៏ពិបាក ជាពិសេសតាំងពីថ្ងៃទី២០ ខែកុម្ភៈមកម្ល៉េះនៅលើទឹកដីនៃប្រទេសកម្ពុជាយើង។ នៅពេលនេះ ខ្ញុំនឹករលឹកដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៧៥ ជាថ្ងៃចូលឆ្នាំថ្មីដែរ ដែលលោកឪពុក ឆ្មារ សាឡាស់ បានទទួលអគ្គសញ្ញាតែងតាំងជាអភិបាលឧបត្ថម្ភកសម្រាប់ភូមិភាគភ្នំពេញ។ នៅក្នុងបរិយាកាសដូចសព្វថ្ងៃដែរ គឺបរិយាកាសស្ងៀមស្ងាត់ គ្រីស្តបរិស័ទចូលរួមក៏មិនបាន លោកអភិបាលក៏មានតែពីរអង្គដើម្បីតែងតាំងគាត់ជាអភិបាល។ ពិតមែន នោះជាប្រវត្តិសាស្ត្រផ្សេងដោយសារនៅឆ្នាំ១៩៧៥ គឺជាពេលវេលាដែលយើងពោរពេញដោយសង្រ្គាមស៊ីវិល ជាពេលវេលាដែលខ្មែរក្រហមកំពុងត្រៀមខ្លួនចូលនៅក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែ បរិយាកាសមិនខុសគ្នាប៉ុន្មានទេ គឺបរិយាកាសដែលបានណែនាំឱ្យយើងភ័យខ្លាច គឺបរិយាកាសដែលណែនាំឱ្យយើងសង្ស័យលើគ្នាទៅវិញទៅមក ប្រហែលអ្នកនោះមានជំងឺកូវីដ-១៩ ប្រហែលនេះបានជាប់ដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ប្រហែលអ្នកនោះធ្លាប់បានទាក់ទងជាមួយមនុស្សម្នាក់ដែលបានកើតកូវីដ-១៩…។ យើងចេះតែសង្ស័យនិងភ័យ ផ្ទុយទៅវិញពីប៉ុន្មានថ្ងៃកន្លងមកយើងបានឃើញផ្ទាល់ដែរ នៅក្នុងរាជធានីភ្នំពេញមានបងប្អូនចែករំលែកម្ហូបអាហារ បានឃើញសកម្មភាពនៃសាមគ្គីភាព ដែលអ្នកមានល្មមៗទៅជួយដល់អ្នកដែលខ្វះខាត អ្នកក្រីក្រ ក្នុងនេះក៏មានគ្រីស្តបរិស័ទរបស់យើងដែរ។ យើងដឹងថា បងប្អូនយ៉ាងច្រើនដែលភ្ជាប់នៅក្នុងរាជធានីភ្នំពេញ សព្វថ្ងៃក៏ពិបាកបំផុតអត់មានឱកាសដើម្បីទៅរកស៊ីពីមួយថ្ងៃទៅមួយថ្ងៃដូចពីមុន ដូចជាអ្នករត់កង់បី (PassApp) អ្នកដែលធ្វើការប្រចាំថ្ងៃស៊ីឈ្នួលនៅក្នុងការដ្ឋានសំណង់ ជាអ្នកដែលធ្លាប់លក់ដូរពីមួយថ្ងៃទៅមួយថ្ងៃ ដូចជាលក់បបរ លក់បាយ លក់នំបញ្ចុក លក់មាន់ដុត លក់ទាអាំងទឹកឃ្មុំ ឬត្រីដុតអំបិលជាដើម។ ប៉ុន្តែ ឥឡូវនេះលែងមានអស់ហើយ ផ្លូវនៅទទេស្ងប់ស្ងាត់បំផុត ភោជនីយដ្ឋាននិងហាងកាហ្វេបានបិទទ្វារអស់ហើយ រាជធានីភ្នំពេញដូចជាស្ងប់ស្ងាត់គួរឱ្យភ័យខ្លាច។ ម្យ៉ាងយើងអាចនិយាយបានថា កូវីដ-១៩មានអំណាចខ្លាំងណាស់ ជាមេរោគដ៏តូចបំផុតប៉ុន្តែដូចជាភាវរកម្មថ្មីដែលបានធ្វើឱ្យពិភពលោកទាំងមូលតាំងពីខែមករា ឆ្នាំ២០២០ ភ័យណាស់ ហើយបានណែនាំឱ្យជីវិតរបស់យើងទៅជាជីវិតប្រែប្រួល។ ប៉ុន្តែ មិនមែនប្រែប្រួលនៅក្នុងសេចក្តីសុខ មិនមែនប្រែប្រួលនៅក្នុងកម្លាំងកាយកម្លាំងចិត្តវិញ គឺប្រែប្រួលដោយភ្ជាប់ជាមួយការភ័យខ្លាច បាត់បង់សេចក្តីសង្ឃឹម។ ថ្ងៃនេះ ជាថ្ងៃដែលយើងគោរពពិធីបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីជាតិខ្មែរ យើងបានស្តាប់ព្រះយេស៊ូដែលមានព្រះបន្ទូលថា “ចូរមានសុភមង្គល អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ អ្នកណាសោកសៅ អ្នកណាមានចិត្តស្លូតបូត អ្នកណាស្រេកឃ្លានសេចក្តីសុចរិត អ្នកណាមានចិត្តបរិសុទ្ធ អ្នកណាកសាងសុខសន្តិភាព អ្នកណាមានចិត្តមេត្តាករុណា អ្នកនោះមានសុភមង្គលហើយ”។ ធម្មជាតិ បក្សាបក្សី សត្វទាំងឡាយ កង្កែប គីង្គក់ ដូចជាមានសេចក្តីសុខមែន ប៉ុន្តែដួងចិត្តរបស់យើងតើមានសេចក្តីសុខអ្វីខ្លះ? ព្រឹកនេះ យើងត្រូវតែមានសេចក្តីសង្ឃឹម ដោយសារព្រឹកនេះយើងដឹងថាព្រះជាម្ចាស់ប្រទានព្រះពរឱ្យយើងទាំងអស់សម្រាប់ឆ្នាំថ្មីនេះ។ សូមឱ្យព្រះពររបស់ព្រះជាម្ចាស់ប្រទានកម្លាំងកាយកម្លាំងចិត្ត
រីករាយថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ គ្រីស្តសករាជ២០២១ សិរីសួស្តីឆ្នាំថ្មី ជ័យមង្គល វិបុលសុខ មហាប្រសើរ ចូរមានដល់បងប្អូនទាំងអស់នៅក្នុងឱកាសឆ្នាំថ្មីនេះ
សូមព្រះជាម្ចាស់ប្រទានព្រះពរដល់បងប្អូនយើងទាំងអស់ ជាពិសេសភូមិភាគភ្នំពេញ លោកឪពុក បងប្រុសបងស្រី បងប្អូនជាទីស្រឡាញ់ ពិតមែនសិរីសួស្តីឆ្នាំថ្មី ប៉ុន្តែឆ្នាំនេះណែនាំឱ្យយើងព្រួយបារម្ភដោយសារកូវីដ-១៩ បានលូតលាស់នៅក្នុងសង្គមបច្ចុប្បន្ននេះ។ ជាពិសេសសម្រាប់យើងដែលជាភូមិភាគភ្នំពេញ នៅរាជធានីភ្នំពេញ ក៏ដូចជានៅខេត្តកណ្តាល និងនៅខេត្តព្រះសីហនុ យើងបានឃើញកូវីដ-១៩ ណែនាំឱ្យបងប្អូនរបស់យើងរងទុក្ខលំបាក។ ជាពិសេសនៅក្នុងរាជធានីភ្នំពេញថ្ងៃនេះ ខ្ញុំសូមចូលរួមរួមជាមួយបងប្អូនទាំងអស់ដែលបានបាត់បង់មិត្តភ័ក្តិ ឬបងប្អូនបង្កើត ឬបងប្អូនណាម្នាក់ដោយសារកូវីដ-១៩ យើងចូលរួមនៅក្នុងមរណៈទុក្ខ យើងអធិដ្ឋានសម្រាប់បងប្អូនទាំងអស់ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ យើងអធិដ្ឋានសម្រាប់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានយកចិត្តទុកដាក់ថែរក្សាទាំងអ្នកជំងឺ ទាំងការចាក់វ៉ាក់សាំងបន្ទាន់នឹងបន្ទាន់។ ថ្ងៃនេះ ខ្ញុំសូមអធិដ្ឋានសម្រាប់បងប្អូនទាំងអស់ ដែលភ្ជាប់នៅក្នុងរាជធានីភ្នំពេញដែលមិនអាចចេញចូល ដល់គ្រួសាររបស់យើងនៅក្នុងភូមិភាគទាំងមូល ដែលឥតមានឱកាសជួបជុំគ្នាជាលក្ខណៈគ្រួសារដូចរាល់ឆ្នាំ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ។ ថ្ងៃនេះ ជាពេលវេលាដើម្បីផ្ញើអ្វីៗទាំងអស់ដែលកំពុងណែនាំឱ្យយើងភ័យ ឱ្យយើងពិបាក ទៅលើព្រះជាម្ចាស់ សុំឱ្យព្រះជាម្ចាស់កែប្រែទុក្ខព្រួយរបស់យើងទៅជាសេចក្តីសង្ឃឹមសារជាថ្មី។ បងប្អូនជាទីស្រឡាញ់ តាមរយៈព្រះនាងម៉ារី ខ្ញុំសូមព្រះជាម្ចាស់ប្រទានព្រះពរដល់បងប្អូនទាំងអស់ ដើម្បីឱ្យយើងរួមគ្នាអាចសហការគ្នាដើម្បីឈ្នះកូវីដ-១៩ រួមជាមួយរដ្ឋាភិបាល រួមជាមួយក្រសួងសុខាភិបាល ឱ្យយើងថែរក្សាទាំង៣កុំទាំង៣ការពារ ដើម្បីឈ្នះកូវីដ-១៩។ បងប្អូនជាទីស្រឡាញ់ ព្រះយេស៊ូមានព្រះបន្ទូលថា “អ្នកណាកសាងសុខសន្តិភាព អ្នកនោះមានសុភមង្គលហើយ”។ ពិតមែន សម្រាប់ឆ្នាំថ្មីនេះយើងត្រូវតែការពារថែរក្សាសេចក្តីសង្ឃឹម ដែលយើងជាគ្រីស្តបរិស័ទបានទទួលនៅក្នុងព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។ ព្រះយេស៊ូបានឈ្នះសេចក្តីស្លាប់ ព្រះយេស៊ូបានឈ្នះជំងឺនានា ព្រះយេស៊ូបានឈ្នះអំពើបាប។ នៅក្នុងឆ្នាំថ្មីនេះ យើងសូមព្រះអង្គប្រទានព្រះពរដល់ព្រះសហគមន៍យើង ដល់បងប្អូនយើងទាំងអស់ទូទាំងប្រទេសកម្ពុជា ដែលកំពុងរងទុក្ខលំបាក ដើម្បីឱ្យយើងរួមគ្នាយើងឈ្នះកូវីដ-១៩ ដើម្បីឱ្យយើងរួមគ្នាចេះយកចិត្តទុកដាក់ដល់បងប្អូនឯទៀតៗ។ តាមពិត សេចក្តីសុខសាន្តដែលព្រះយេស៊ូណែនាំឱ្យយើងកសាង គឺជាសេចក្តីសុខសាន្តដែលយើងមាននៅក្នុងដួងចិត្តរបស់យើង និងសេចក្តីសុខសាន្តនេះត្រូវតែទៅដល់បងប្អូនឯទៀតៗ តាមរយៈកាយវិការរបស់យើង ស្នាមញញឹម ការស្វាគមន៍ ការលើកទឹកចិត្ត តាមរបៀបដែលយើងអាចជួយបងប្អូនយ៉ាងតិចតួចដែលកំពុងរងទុក្ខលំបាកយ៉ាងខ្លាំង។ ខ្ញុំសង្ឃឹមថាឆ្នាំថ្មីនេះ ណែនាំឱ្យយើងរកឃើញជីវិតធម្មតាសារជាថ្មី ឱ្យយើងរកឃើញសេចក្តីសុខនិងសុខដុមរមនានៅក្នុងសង្គមរបស់យើងឆាប់ៗនេះ។ បងប្អូនជាទីស្រឡាញ់ ខ្ញុំសូមព្រះជាម្ចាស់ប្រទានព្រះពរដល់បងប្អូនទាំងអស់ ដើម្បីឱ្យយើងការពារថែរក្សាសេចក្តីសង្ឃឹមនៅក្នុងជីវិតរបស់យើង ដែលជាពលរដ្ឋនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ សូមព្រះជាម្ចាស់ប្រទានព្រះពរដល់បងប្អូនទាំងអស់ដោយព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ អាម៉ែន។សូមបងប្អូនទាំងអស់ អញ្ជើញដោយសេចក្តីសុខសាន្ត ដោយដឹងថាសេចក្តីសុខសាន្តនេះ ណែនាំឱ្យយើងមានជីវិតថ្មីនៅក្នុងឆ្នាំថ្មីនេះ៕ + លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ប្រទេសកម្ពុជា
បុណ្យចម្លង ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ព្រះសហគមន៍សន្តីម៉ារីញញឹម (តាកែវ)
អាលេលូយ៉ា! អាលេលូយ៉ា! បងប្អូនជាទីស្រឡាញ់ ! នៅពេលនេះយើងពោរពេញដោយអំណរសប្បាយ ជាពិសេសរួមជាមួយនាងម៉ារីម៉ាដាឡា នាងម៉ារីដែលជាម្ដាយលោកយ៉ាកុប នាងសាឡូមេដែលបានទិញគ្រឿងក្រអូប យកទៅអប់ព្រះសពព្រះយេស៊ូ។ នៅថ្ងៃស្អែកពេលព្រឹក យើងនឹងស្តាប់អត្ថបទពីសន្តយ៉ូហាន ដែលស្ដីអំពីសាវ័កពីរនាក់ គឺលោកសិលា និងលោកយ៉ូហាន ដែលធ្វើដំណើរទៅដល់ផ្នូររបស់ព្រះយេស៊ូ។ នៅពេលគេមើលឃើញផ្នូរហើយ គេមិនឃើញសពព្រះយេស៊ូទេ។ គេសម្លឹងមើលសំពត់ស្នបនៅទីនោះ និងក្រណាត់ដែលគេគ្របព្រះសិរសាព្រះអង្គមូលទុកដោយឡែក។ នៅពេលដែលយើងស្ដាប់ក្រុមស្ត្រីៗ ដែលកំពុងទិញទឹកក្រអូបម្ដងទៀត គឺដូចនៅក្នុងភូមិបេតថានី ដែលមានរឿងទាក់ទងទៅនឹងទឹកក្រអូបម្ដងទៀត។ នៅពេលយើងស្ដាប់រឿងក្រុមគ្រីស្តទូតដែលចូលនៅក្នុងផ្នូរឃើញតែសំពត់មួយ និងក្រណាត់ដែលគេគ្របព្រះសិរសាព្រះយេស៊ូ។ ប្រហែលជាយើងគិតថា លោកអភិបាលមានរឿងមួយទៀតដែលទាក់ទងទៅនឹងក្រណាត់ដ៏តូចតាចដែលស្អុយ។ តាមពិត នៅក្នុងរាត្រីដ៏ពិសិដ្ឋនេះ យើងបានចូលនៅក្នុងភាពងងឹតនៃភាពស្ងៀមស្ងាត់របស់ព្រះយេស៊ូដែលសោយទិវង្គត ។ យប់នេះ យើងជួបជុំគ្នានៅខាងមុខភ្លើង បន្តិចទៀតយើងជួបជុំគ្នានៅមុខទឹកដើម្បីប្រារព្វពិធីដ៏អស្ចារ្យមួយគឺ អាថ៌កំបាំងនៃជំនឿរបស់យើង ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ គឺបានរស់ឡើងវិញពីចំណោមមនុស្សស្លាប់ទាំងអស់។ បងប្អូនជាទីស្រឡាញ់! យើងបានទទួលជីវិតថ្មីតាមរយៈភ្លើងអម្បាញ់មិញ ភ្លើងដែលជម្រះចិត្តគំនិត បន្តិចទៀតយើងទទួលជីវិតថ្មីតាមរយៈទឹក ដែលនាំឱ្យយើងគិតសារជាថ្មី។ ពិតមែនរាត្រីដ៏វិសុទ្ធនេះ យើងពោរពេញដោយអំណរសប្បាយដ៏ពេញលក្ខណៈ ដោយប៉ុន្មានថ្ងៃកន្លងមកយើងចូលនៅក្នុង ភាពក្បត់ អំពើហិង្សា អំពើស្អប់ និងទុក្ខលំបាករបស់ព្រះយេស៊ូ។ ប៉ុន្តែយប់នេះ គឺជាក្ដីសង្ឃឹម ជាជីវិត ជាកម្លាំងកាយកម្លាំងចិត្ត ដែលមកពីព្រះជាម្ចាស់នៅក្បែរយើង ។ យប់នេះទឹកក្រអូបដែលស្ត្រីបានប្រើនៅភូមិបេតថានី ទៅជាទឹកក្រអូបរបស់ព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញនៅពេញពិភពលោក នៅទីនេះ និងនៅពេលនេះ។ ដូច្នេះយើងមិនត្រូវការទិញទឹកក្រអូបថែមទៀត ដើម្បីជូតជើងព្រះយេស៊ូទេ តាមពិតយើងអត់ត្រូវការក្រុមស្ត្រីៗ ដើម្បីយកទឹកក្រអូបមកអប់ព្រះសពព្រះយេស៊ូទេ ដោយសារនៅពេលនេះផ្នូរនៅទទេហើយ។ តាមពិតកំណាត់ដ៏តូចដែលស្អុយ ដែលព្រះយេស៊ូបានប្រើដើម្បីលាងជើងរបស់ក្រុមសាវ័ក ដែលប្រើរាល់ថ្ងៃដើម្បីលាងជើងរបស់យើង នៅពេលនេះកំណាត់សំពត់នោះនៅក្នុងផ្នូរហើយ។ ប៉ុន្តែ នៅពេលនេះក្រណាត់នោះដូចយើងមានព្រះភ័ក្រ្តរបស់ព្រះយេស៊ូ យើងមានរូបកាយរបស់ព្រះយេស៊ូ ដែលភ្ជាប់ទៅនឹងក្រណាត់សំពត់ហ្នឹង។ ហេតុនេះហើយ យើងមិនការលាងកំណាត់សំពត់នេះ យើងមិនត្រូវការជម្រះក្រណាត់នេះ។ ដោយសារក្រណាត់នេះ បានភ្ជាប់ជាមួយនឹងរូបកាយ និងព្រះភ័ក្រ្តរបស់ព្រះយេស៊ូ និងនៅពេលនេះរូបកាយរបស់ព្រះយេស៊ូ មានព្រះជន្មរស់ឡើងវិញ នៅពេលនេះរូបកាយ និងព្រះភ័ក្រ្តរបស់ព្រះយេស៊ូជាប់នៅលើក្រណាត់នេះអស់កល្បជានិច្ច ។ បងប្អូនជាទីស្រឡាញ់ យប់នេះ យើងឆ្លងពីភាពងងឹតឆ្ពោះទៅរកពន្លឺនៃព្រះអាទិត្យ គឺព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ យប់នេះយើងឆ្លងពីអំពើបាបដែលសម្លាប់យើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីចូលទៅក្នុងជីវិតថ្មីដែលជាជីវិតអស់កល្បជានិច្ច។ ជាពិសេស សម្រាប់បងប្អូនដែលបានធ្វើជំហានទី២ បន្តិចទៀតបងប្អូននឹងទទួលអគ្គសញ្ញាជ្រមុជទឹក នៅក្នុងទឹកដ៏មានជីវិត នៅក្នុងភ្លើងនៃព្រះវិញ្ញាណដ៏វិសុទ្ធ ។ ពិតមែនបងប្អូនដែលជាបេក្ខជន បន្តិចទៀតនឹងមានក្លិនដ៏ក្រអូបបំផុត ដោយសារទទួលប្រេងពិសិដ្ឋ ដែលជាប្រេងដែលមិនអាចដាក់តម្លៃលក់បាន ជាប្រេងដែលយើងក្បត់មិនបាន។ ដោយសារប្រេងនេះ នាំឱ្យព្រះហស្ថរបស់ព្រះអង្គ សញ្ញាសម្គាល់របស់ព្រះអង្គ តាមរយៈអគ្គសញ្ញាជ្រមុជទឹក បានឆ្លាក់នៅក្នុងខ្លួនរបស់យើងអស់កល្បជានិច្ច ដែលយើងលុបមិនបាន។ បន្តិចទៀតបងប្អូននឹងស្អាតបំផុត ដោយសារបំពាក់អាវសដែលគ្មានប្រឡាក់ ជាអាវសដែលមានតែរូបរបស់ព្រះយេស៊ូផ្ទាល់ រូបកាយរបស់ព្រះយេស៊ូ ព្រះសិរសារបស់ព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ។ អាវសនេះ បំពាក់ដើម្បីទទួលជីវិតអស់កល្បជានិច្ច និងជាពិសេសទទួលព្រះកាយព្រះគ្រីស្តនៅលើកទីមួយ នៅក្នុងអគ្គសញ្ញាទទួលព្រះកាយព្រះគ្រីស្តនៅក្នុងយប់នេះ។ ដូច្នេះនៅពេលនេះ ខ្ញុំអធិដ្ឋានអធិដ្ឋានយ៉ាងជិតស្និទ្ធបំផុត ជាមួយបងប្អូនដែលជាបេក្ខជនទទួលពិធីជ្រមុជទឹកនៅក្នុងយប់ដ៏សុខសាន្តនេះ យប់ដ៏វិសុទ្ធនេះ។ ជាពិសេស ខ្ញុំអធិដ្ឋានសម្រាប់បងប្អូនដែលទទួលអគ្គសញ្ញាជ្រមុជទឹកមិនបាន ដោយសារកូវីដ-១៩ បានផ្ទុះកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ។ ខ្ញុំអធិដ្ឋានសម្រាប់បងប្អូនទាំងអស់ ដែលកំពុងភ្ជាប់ជាមួយយើងខ្ញុំតាមហ្វេសប៊ុក តាមយូធូប ដែលមិនមានឱកាសចូលអភិបូជាដើម្បីអធិដ្ឋាន និងជាពិសេសនៅក្នុងរាត្រីដ៏វិសុទ្ធនេះ។ ខ្ញុំអធិដ្ឋានរួមជាមួយលោកឪពុកជាទីស្រឡាញ់ ដែលយប់នេះលោកឪពុកបានថ្វាយអភិបូជាតែម្នាក់ឯង ឬជាមួយបងប្អូនគ្រីស្តបរិស័ទបន្តិចបន្ទួច ខ្ញុំអធិដ្ឋានជាមួយក្រុមគ្រួសារ ដែលភ្ជាប់ជាមួយយើង ដែលនៅសល់តែអភិបូជាដែលយើងកំពុងផ្សព្វផ្សាយ ដើម្បីចូលនៅក្នុងជីវិតថ្មីដែលយើងទទួលពីព្រះជាម្ចាស់។ ប៉ុន្តែ ទោះបីយប់នេះយើងមានការភ័យខ្លាច មានការឈឺចាប់ មានឧបសគ្គនានាជាច្រើន ដែលជំងឺកូវីដ-១៩ បានកើតឡើងនៅក្នុងជីវិតរបស់យើង ក្នុងសង្គមរបស់យើង។ ប៉ុន្តែ យប់នេះព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ
ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ ពិធីជប់លៀងចុងក្រោយរបស់ព្រះយេស៊ូជាមួយក្រុមសាវ័ក ពីព្រះសហគមន៍សន្តីម៉ារីញញឹម (ចំការទៀង) ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១
“ប្រឡាក់និងស្អុយ” បងប្អូនជាទីស្រឡាញ់ យើងនឹករលឹកដល់ស្ត្រី ដែលបានលាងជើងព្រះយេស៊ូនៅភូមិបេថានីប៉ុន្មានថ្ងៃមុន។ នៅពេលនោះទាំងក្រុមសាវ័ក ទាំងប្រជាជនមួយចំនួន កំពុងឆ្ងល់និងកំពុងស្ដាយដោយសារគាត់ប្រើទឹកក្រអូបយ៉ាងថ្លៃបំផុត ដើម្បីលាងជើងរបស់ព្រះយេស៊ូ។ ជាពិសេសលោកសិលា និងក្រុមសាវ័កដទៃទៀតដែរ គេឆ្ងល់មូលហេតុអី្វយើងប្រើទឹកក្រអូបយ៉ាងថ្លៃដូចនេះ យើងអាចលក់បានប្រាក់ដើម្បីជួយអ្នកក្រីក្រគេកំពុងសោកស្ដាយ។ ប៉ុន្តែយប់នេះ យើងបានឃើញលោកសិលានៅពេលនោះមុនដំបូងគាត់មិនបានយល់ មូលហេតុអី្វព្រះយេស៊ូចង់លាងជើងរបស់គាត់។ នៅពេលនោះលោកសិលាគាត់បានថែមថា “មិនមានលាងតែជើងសូមលាងដៃផង លាងក្បាលទុលបង្គំផង” ដូចជាគាត់មិនចង់ឱ្យយើងស្ដាយទឹក។ ព្រះយេស៊ូលាងជើងហើយ សូមលាងទាំងរូបកាយផងទៅ កុំឱ្យយើងស្ដាយទឹក ឬប្រហែលលោកសិលាស្ដាយកាយវិការដែលព្រះយេស៊ូកំពុងមាន។ ដោយសារ កាយវិការរបស់ព្រះយេស៊ូ ឥរិយាបថរបស់ព្រះយេស៊ូដែលកំពុងលុតជង្គង់នៅមុខក្រុមសាវ័ក គឺជារបៀបមួយយ៉ាងពិសេស ដូច្នេះគាត់មិនចង់ត្រឹមតែឱ្យលាងជើងប៉ុណ្ណោះ ប៉ុន្តែឱ្យលាងទាំងដៃ ទាំងក្បាលផង។ បងប្អូនជាទីស្រឡាញ់ យប់នេះ យើងចូលនៅក្នុងការអស្ចារ្យនៃជីវិតរបស់ព្រះយេស៊ូ នៃការសោយទិវង្គតរបស់ព្រះយេស៊ូ។ តាមពិតយប់នេះ ក្លិនក្រអូបនៃទឹកក្រអូបនៅក្នុងភូមិបេថានី បានចាប់ផ្ដើមផ្សាយក្លិននៅក្នុងដួងចិត្តរបស់យើង និងណែនាំឱ្យយើងយល់បន្តិចម្ដងៗដល់អត្ថន័យដ៏ពេញលក្ខណៈ អំពីជីវិតរបស់ព្រះយេស៊ូ។ តាមពិត នៅពេលព្រះយេស៊ូកំពុងលាងជើងដល់ក្រុមសាវ័ក មានន័យថាព្រះយេស៊ូកំពុងបង្ហាញអំពីសញ្ញាសម្គាល់ នៃការបម្រើដ៏កំពូលបំផុតដល់បងប្អូនឯទៀតៗ នៅពេលនោះព្រះយេស៊ូដូចជាបើកទ្វារដ៏តូចមួយ ដើម្បីឱ្យយើងមើលឃើញអត្ថន័យដ៏ពេញលក្ខណៈនៃជីវិតរបស់ព្រះយេស៊ូ។ នៅពេលព្រះយេស៊ូកំពុងអង្គុយ ដោយបត់ជើងនៅមុខក្រុមគ្រីស្តទូតទាំងអស់ ព្រះយេស៊ូដូចជាបានសង្ខេបគ្រប់សកម្មភាព គ្រប់ស្នាព្រះហស្តរបស់ព្រះយេស៊ូ នៅក្នុងមួយជីវិតរបស់ព្រះអង្គ គឺ “បម្រើ និងស្រឡាញ់”។ បម្រើអ្នកដទៃ និងស្រឡាញ់អ្នកដទៃ បម្រើព្រះជាម្ចាស់ និងស្រឡាញ់ព្រះជាម្ចាស់។ នៅពេលយើងនិយាយអំពីអ្នកដទៃ យើងនិយាយអំពីបងប្អូនយើងទាំងអស់ មានន័យថាអំពីបុរសនិងស្ត្រីទាំងឡាយ ដោយសារនៅក្នុងព្រះយេស៊ូគ្រីស្តយើងទៅជាបងប្អូនបង្កើត។ តាមពិតយប់នេះ ព្រះយេស៊ូបានបំផ្លាញវណ្ណៈនិងឋានៈ ព្រះយេស៊ូបំផ្លាញផ្កាយនិងមេដាយរង្វាន់ ព្រះយេស៊ូបំផ្លាញឈ្មោះកិត្តិយសនិងកន្លែងអង្គុយកិត្តិយស។ យប់នេះ នៅក្នុងពិធីជប់លៀងចុងក្រោយបំផុតរបស់ព្រះយេស៊ូជាមួយក្រុមសាវ័ក នៅក្នុងបន្ទប់មួយដែលមានតែបង្អួចដ៏តូចមួយ ដែលទុកឱ្យភ្លើងជាពន្លឺដែលមកពីព្រះច័ន្ទចូល ដើម្បីឱ្យព្រះយេស៊ូធ្វើពិធីនឹករឭកដល់បុណ្យចម្លងពីសម័យលោកម៉ូសេមកម្ល៉េះ។ ក៏ប៉ុន្តែយប់នេះ ព្រះយេស៊ូបានប្រទានអត្ថន័យថ្មីដល់បុណ្យចម្លងនៅសម័យលោកម៉ូសេ យប់នេះព្រះយេស៊ូយកតែនំប៉័ងអត់មានមេដ៏តិចតួច ព្រះយេស៊ូបានយកស្រាដ៏តិចតួច។ នៅក្នុងភាពងងឹតនៃរាត្រីនេះ ព្រះយេស៊ូមានព្រះបន្ទូលមួយដ៏ពិសេសបំផុត ដែលក្រុមគ្រីស្តទូតកំពុងអង្គុយរួមតុប្រហែលមិនយល់សោះ។ ព្រះយេស៊ូមានព្រះបន្ទូលដោយយកនំប៉័ងអត់មេនេះថា “នេះជារូបកាយរបស់ខ្ញុំ ដែលខ្ញុំបូជាសម្រាប់អ្នករាល់គ្នា” និងព្រះយេស៊ូយកពែងស្រាហើយមានព្រះបន្ទូលថា “នេះជាលោហិតរបស់ខ្ញុំ ដើម្បីរំដោះបាបដល់អ្នករាល់គ្នា”។ ព្រះយេស៊ូបានបន្ត ដោយធ្វើកាយវិការមួយយ៉ាងប្លែកបំផុត ដែលណែនាំឱ្យក្រុមគ្រីស្តទូតលែងយល់អស់ហើយ។ ជាមូលហេតុដែលព្រះយេស៊ូមានព្រះបន្ទូលថែមទៀតថា “ប្រសិនបើអ្នករាល់គ្នាទទួលស្គាល់ថា ខ្ញុំជាព្រះអម្ចាស់និងជាព្រះគ្រូដែលបានលាងជើងឱ្យអ្នករាល់គ្នាទៅហើយ សូមអ្នករាល់គ្នាត្រូវតែលាងជើងឱ្យគ្នាទៅវិញទៅមកដែរ ខ្ញុំបានធ្វើជាគំរូឱ្យអ្នករាល់គ្នាប្រព្រឹត្ត ដូចខ្ញុំបានប្រព្រឹត្តដល់អ្នករាល់គ្នាដែរ”។ តាមពិត ក្រម៉ាដ៏តូចដែលព្រះយេស៊ូបានក្រវ៉ាត់ចង្កេះរបស់ព្រះអង្គ ក្រម៉ាដ៏តូចនេះដែលព្រះយេស៊ូបានប្រើដើម្បីជូតជើងដល់ក្រុមគ្រីស្តទូត ឥឡូវនេះក្រមានេះដូចជាប្រឡាក់និងមានក្លិនស្អុយហើយ។ ប្រឡាក់និងស្អុយ ដោយអ្វីៗទាំងអស់ដែលណែនាំឱ្យរារាំងភ្នែករបស់យើង ដើម្បីមើលឃើញព្រះយេស៊ូនៅក្នុងជីវិតរបស់យើង។ ប្រឡាក់និងស្អុយ ដោយអ្វីៗទាំងអស់ដែលរារាំងឱ្យយើងអាចកោតសរសើរព្រះជាម្ចាស់តាមរយៈជីវិតរបស់យើង។ ប្រឡាក់និងស្អុយ ដោយសារអ្វីៗទាំងអស់ដែលណែនាំឱ្យយើងគ្មានសមត្ថភាព ដើម្បីស្រឡាញ់បងប្អូនឯទៀតៗនៅក្នុងសេចក្តីពិតនៃជីវិតរបស់យើងយ៉ាងជាក់ស្ដែង។ ប្រឡាក់និងស្អុយ ដោយអ្វីៗទាំងអស់ដែលរារាំងផ្លូវឱ្យយើងបម្រើបងប្អូនឯទៀតៗដោយដាក់ចិត្តខ្លួនឯង។ ប្រឡាក់និងស្អុយ ដោយអ្វីៗទាំងអស់ដែលរារាំងផ្លូវរបស់យើង ដើម្បីមើលឃើញបងប្អូនឯទៀតៗ ដើម្បីមើលឃើញបងប្អូនដែលកំពុងខ្វះខាត ដើម្បីមើលឃើញមនុស្សទាំងអស់ទៅជាបងប្អូនបង្កើតរបស់យើង។ បងប្អូនជាទីស្រឡាញ់ យប់នេះ កុំឱ្យយើងភ័យខ្លាច កុំឱ្យយើងស្ដាយប្រើពេលវេលារបស់យើង កុំឱ្យយើងស្ដាយការអធិដ្ឋានសម្លឹងមើលព្រះយេស៊ូ កុំឱ្យយើងស្ដាយបង្កើតទំនាក់ទំនងជាមួយបងប្អូនឯទៀតៗ កុំឱ្យយើងស្ដាយមិនឱ្យយល់បងប្អូនឯទៀតៗ មិនឱ្យចេះស្ដាប់ មិនឱ្យសួរសុខទុក្ខ កុំឱ្យយើងស្ដាយយកពេលវេលា ដើម្បីស្រឡាញ់នៅក្នុងជីវិតរបស់យើងជាប្រចាំ។ យប់នេះ ព្រះយេស៊ូអញ្ជើញក្រុមគ្រីស្តទូតពីដើម កុំឱ្យគេដេកលក់។ បន្តិចទៀត ទៅដល់សួនកេសេម៉ានី បន្តិចទៀតព្រះយេស៊ូកំពុងអធិដ្ឋានទូលអង្វរទៅព្រះបិតា កុំឱ្យធ្វើតាមចិត្តខ្ញុំធ្វើតាមព្រះហឫទ័យរបស់ព្រះបិតាផង។ ក៏ប៉ុន្តែ យប់នេះដូចព្រះយេស៊ូបានអញ្ជើញក្រុមគ្រីស្តទូតពីដើម កុំឱ្យយើងដេកលក់យប់នេះឱ្យយើងភ្ញាក់ស្មារតីជានិច្ចរួមជាមួយព្រះយេស៊ូ ដោយភ្ជាប់ចិត្តជាមួយព្រះយេស៊ូ។ នៅក្នុងយប់នេះ ឱ្យយើងផ្ញើទុក្ខលំបាករបស់ពិភពលោកទាំងមូល ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យយើងផ្ញើទុក្ខលំបាកនេះទៅព្រះយេស៊ូ។ ឱ្យយើងទូលអង្វរព្រះយេស៊ូ ឱ្យព្រះយេស៊ូលាងជើងរបស់យើង ដើម្បីជំរះចិត្តគំនិតរបស់យើង ឱ្យចិត្តគំនិតរបស់យើងទៅជាស្អាតបរិសុទ្ធ។ តាមពិតប្រសិនបើ ក្រមារបស់ព្រះយេស៊ូប្រឡាក់បំផុត ស្អុយបំផុត ដោយសារបានលាងជើងរបស់យើងហើយ យើងដឹងថាដួងចិត្តរបស់យើង ចិត្តគំនិតរបស់យើងស្អាតបរិសុទ្ធបំផុតដែរ។ បងប្អូនជាទីស្រឡាញ់ យប់នេះ ជាពេលវេលាដើម្បីចូលនៅក្នុងអាថ៌កំបាំងដ៏អស្ចារ្យនៃជីវិតរបស់ព្រះយេស៊ូ