ធម្មទេសនា

ធម្មទេសនា

អាទិត្យ​ទី​១៧​នៃ​រដូវ​ធម្មតា ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២១ “ជីវិត”

បងប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ យើង​បាន​ឃើញ​របៀប​ដែល​ព្រះយេស៊ូ​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​មហា​ជន នៅ​ពេល​នោះ​ព្រះយេស៊ូ​បង្រៀន​គេ។ ព្រះយេស៊ូ​បាន​ចាប់​អារម្មណ៍ ទោះបី​គេ​សប្បាយ​ចិត្ត​ស្តាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ ទោះបី​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​គេ​ជា​សះស្បើយ ប៉ុន្តែ​ដូច​មនុស្ស​យើង​ទាំង​អស់​គ្នា​គេ​កំពុង​ឃ្លាន។ ព្រះយេស៊ូ​មាន​សំណួរ​មួយ​ដ៏​សំខាន់ “តើ​យើង​ទៅ​រក​ទិញ​អាហារ​ឯ​ណា​មក​ចែក​ឱ្យ​អ្នក​ទាំង​នេះ​បរិភោគ​បាន?”។ ព្រះយេស៊ូ​យក​ចិត្ត​ទុក​ដាក់ ព្រះយេស៊ូ​ចាប់​អារម្មណ៍​អំពី​សេចក្តី​ត្រូវ​ការ​ដ៏​សាមញ្ញ​បំផុត​របស់​មហា​ជន គឺ​ឃ្លាន​អាហារ។ ព្រះយេស៊ូ​បាន​សម្រុះ​សម្រួល ដើម្បី​ឱ្យ​គេ​មាន​អាហារ​បរិភោគ នៅ​ពេល​នោះ​ព្រះយេស៊ូ​បាន​សាក​ល្បង​ដល់​ក្រុម​គ្រីស្ត​ទូត តើ​គេ​អាច​ធ្វើ​ដូច​ម្តេច​បាន​ដើម្បី​ចិញ្ចឹម​មហា​ជន​ដូច្នេះ? ប៉ុន្តែ អ្វី​ដែល​សំខាន់​បំផុត​គឺ​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​ក្រុម​គ្រីស្ត​ទូត​យក​ចិត្ត​ទុក​ដាក់ តាម​ព្រះយេស៊ូ​មាន​ព្រះហឫទ័យ​ទុក​ដាក់​លើ​មហា​ជន​នេះ។ ព្រះយេស៊ូ​បាន​ចាប់​អារម្មណ៍​អំពី​គេ ព្រះយេស៊ូ​ចង់​ឱ្យ​ក្រុម​គ្រីស្ត​ទូត​ចាប់​អារម្មណ៍​អំពី​ហ្វូង​ចៀម​ដែល​គេ​ត្រូវ​តែ​ថែរក្សា អស់​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត។ សូម​ចាប់​អារម្មណ៍ នៅ​ពេល​ព្រះយេស៊ូ​ប្រមូល​បាន​តែ​នំបុ័ង​ប្រាំ​ដុំ​និង​ត្រី​ពីរ​កន្ទុយ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “សូម​ឱ្យ​គេ​អង្គុយ​ចុះ”។ ប៉ុន្តែ ព្រះយេស៊ូ​មិន​បាន​រើស​កន្លែង​ធម្មតា​ទេ ព្រះយេស៊ូ​បាន​ជ្រើស​រើស​កន្លែង​មួយ​ដូច​លោក​យ៉ូហាន​បាន​ថែម​ថា “នៅ​ទី​នោះ​មាន​ស្មៅ​ច្រើន”។ ព្រះយេស៊ូ​បាន​យក​ចិត្ត​ទុក​ដាក់​មែន​ទែន ព្រះអង្គ​មិន​ឱ្យ​គេ​អង្គុយ​នៅ​កន្លែង​ដែល​មាន​ថ្ម មិន​ឱ្យ​គេ​អង្គុយ​នៅ​កន្លែង​ដែល​មាន​បន្លា គឺ​ព្រះអង្គ​ឱ្យ​គេ​អង្គុយ​នៅ​កន្លែង​ដែល​មាន​ស្មៅ​យ៉ាង​ច្រើន។ ឱ្យ​គេ​អង្គុយ​យ៉ាង​ស្រួល ដើម្បី​ទទួល​ម្ហូប​អាហារ​ដែល​ព្រះយេស៊ូ​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បាន​ចែក​ឱ្យ​គេ​បរិភោគ​យ៉ាង​បរិបូរណ៍។ ព្រះយេស៊ូ​បាន​យក​ចិត្ត​ទុក​ដាក់ យក​ចិត្ត​ទុក​ដាក់​ដល់​កំពូល យក​ចិត្ត​ទុក​ដាក់​ឱ្យ​គេ​មាន​ម្ហូប​អាហារ​គ្រប់​គ្រាន់ យក​ចិត្ត​ទុក​ដាក់​ឱ្យ​គេ​អង្គុយ​នៅ​កន្លែង​ដែល​ស្រួល មាន​ស្មៅ​យ៉ាង​ច្រើន ដើម្បី​ឱ្យ​គេ​មាន​ភាព​កក់​ក្តៅ​និង​អំណរ​សប្បាយ​រួម​ជា​មួយ​គ្នា។ ថ្ងៃ​នេះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដដែល​នេះ​សម្រាប់​យើង​ដែរ តើ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​យក​ចិត្ត​ទុក​ដាក់​ដល់​បង​ប្អូន​ឯទៀតៗ? មិន​មែន​យក​ចិត្ត​ទុក​ដាក់​ទូទៅ គឺ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជាក់​ស្តែង​ដល់​បង​ប្អូន​ដែល​មាន​សេចក្តី​ត្រូវ​ការ ដល់​បង​ប្អូន​ដែល​កំពុង​មាន​ទុក្ខ​លំបាក។ នៅ​ក្នុង​អត្ថបទ​ទី​២ ថ្ងៃ​នេះ​លោក​ប៉ូល​បាន​បង្ហាញ​អំពី​មូល​ហេតុ យើង​ទាំង​អស់​គ្នា​យើង​ជា​គ្រួសារ​តែ​មួយ។ ប៉ុន្មាន​ខែ​កន្លង​មក ខ្ញុំ​តែង​និយាយ​ថា ពិត​មែន​យើង​ជា​គ្រួសារ​តែ​មួយ។ ប៉ុន្តែ​ថ្ងៃ​នេះ យើង​ស្តាប់​មូល​ហេតុ​អ្វី​យើង​ជា​គ្រួសារ​តែ​មួយ ដោយសារ​យើង​មាន​ព្រះបិតា​ដែល​ស្រឡាញ់​យើង​ពិត​មែន។ ដោយសារ​យើង​មាន​ព្រះបិតា​ដែល​បាន​បង្កើត​យើង​ពិត​មែន លោក​ប៉ូល​បន្ថែម​ថា “យើង​មាន​ព្រះកាយ​តែ​មួយ យើង​មាន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​តែ​មួយ យើង​មាន​សេចក្តី​សង្ឃឹម​តែ​មួយ យើង​មាន​ព្រះអម្ចាស់​តែ​មួយ យើង​មាន​ជំនឿ​តែ​មួយ យើង​មាន​ពិធី​ជ្រមុជ​ទឹក​តែ​មួយ យើង​មាន​ព្រះជាម្ចាស់​តែ​មួយ​ព្រះអង្គ​ជា​ព្រះបិតា​របស់​មនុស្ស​ទាំង​អស់ ព្រះអង្គ​ខ្ពង់​ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ហើយ​ព្រះអង្គ​ធ្វើ​ការ​ដោយសារ​មនុស្ស​ទាំង​អស់ និង​សណ្ថិត​នៅ​ក្នុង​មនុស្ស​ទាំង​អស់”។ នេះ​ជា​មូល​ហេតុ ព្រះកាយ​តែ​មួយ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​តែ​មួយ សេចក្តី​សង្ឃឹម​តែ​មួយ ព្រះអម្ចាស់​តែ​មួយ ជំនឿ​តែ​មួយ ពិធី​ជ្រមុជ​ទឹក​តែ​មួយ នេះ​ជា​មូល​ហេតុ​យើង​ជា​គ្រួសារ​តែ​មួយ ដោយសារ​យើង​មាន​ប្រភព​នៃ​ជីវិត​តែ​មួយ។ នៅ​ក្នុង​អង្គ​ព្រះគ្រីស្ត យើង​ជា​ព្រះកាយ​នៅ​ក្នុង​ព្រះសហគមន៍​យើង​ជា​គ្រួសារ​តែ​មួយ នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យើង​ជា​បង​ប្អូន​គ្នា។ យើង​មាន​សេចក្តី​សង្ឃឹម យើង​មាន​សេចក្តី​ស្រឡាញ់ យើង​មាន​ជំនឿ​តែ​មួយ ដើម្បី​ជម្រុញ​យើង​ឱ្យ​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា។ នេះ​ជា​មូល​ហេតុ យើង​ជា​គ្រួសារ​តែ​មួយ ដែល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​តាម​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​នៅ​ថ្ងៃ​នេះ។ លោក​ប៉ូល​ថែម​ទៀត​ថា “គ្រួសារ​របស់​យើង​ដែល​មាន​ប្រភព​នៅ​ក្នុង​ព្រះបិតា ត្រូវ​តែ​មាន​ឥរិយា​បថ​អ្វី​ខ្លះ​ដើម្បី​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់?”។ នេះ​សំខាន់​ណាស់ យើង​មិន​មែន​ដូច​មនុស្ស​ឯទៀតៗ យើង​ត្រូវ​តែ​មាន​ឥរិយាបថ​ដែល​លោក​ប៉ូល​បាន​បង្ហាញ​ឱ្យ​យើង​ថ្ងៃ​នេះ “ចូរ​បន្ទាប​ខ្លួន ចូរ​មាន​ចិត្ត​ស្លូត​បូត និង​ចេះ​អត់​ធ្មត់ ព្រម​ទាំង​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្តី​ស្រឡាញ់ សូម​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​ឯកភាព​ដែល​មក​ពី​ព្រះវិញ្ញាណ ដោយ​យក​សេចក្តី​សុខ​សាន្ត​ធ្វើ​ជា​ចំណង​ប្រាស្រ័យ​ដើម្បី​ឱ្យ​យើង​ទាក់​ទង​គ្នា”។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​នេះ​យើង​បាន​ឃើញ​ទាំង​អស់ យើង​មើល​ប្រភព​នៃ​គ្រួសារ​យើង យើង​មើល​របៀប​ដែល​គ្រួសារ​យើង​ត្រូវ​តែ​រស់​នៅ​នៅ​ក្នុង​ទំនាក់​ទំនង​ជា​ប្រចាំ។ បន្ទាប​ខ្លួន ឥត​មាន​ម្នាក់​ដែល​ធំ​ជាង​គេ ឥត​មាន​ម្នាក់​ដែល​ត្រូវ​តែ​អង្គុយ​ចាំ យើង​ទាំង​អស់​គ្នា​យើង​ជា​អ្នក​បម្រើ យើង​ទាំង​អស់​គ្នា​យើង​ជា​អ្នក​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ក្នុង​ព្រះសហគមន៍ នៅ​ក្នុង​សង្គម ឥត​មាន​មេ​ធំៗ​ដែល​មិន​ធ្វើ​អ្វី​សោះ។ ខ្ញុំ​សូម​រំលែក​ថា​ពាក្យ “អ្នក​បម្រើ” ជា​មូល​ដ្ឋាន​នៃ​ជីវិត​របស់​យើង ប្រសិន​បើ​យើង​មិន​បន្ទាប​ខ្លួន​ដោយ​ធ្វើ​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​អំណាច​យើង​មិន​ធ្វើ​អ្វី​សោះ ជីវិត​របស់​យើង​គ្មាន​តម្លៃ​ទេ។ ផ្ទុយ​ទៅ​វិញ​បន្ទាប​ខ្លួន ចិត្ត​ស្លូត​បូត​និង​ចេះ​អត់​ធ្មត់ ប្រសិន​បើ​យើង​មិន​ចេះ​អត់​ធ្មត់​យើង​លែង​រវី​រវល់​ជា​មួយ​បង​ប្អូន​ឯទៀតៗ ដែល​ត្រូវ​ការ​នេះ ដែល​ត្រូវ​ការ​នោះ។ និង​ព្រម​ទាំង​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្តី​ស្រឡាញ់ នេះ​ជា​ឥរិយាបថ​របស់​យើង។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​បរិយាកាស​កូវីដ-១៩​នេះ យើង​បាន​ឃើញ​យើង​មាន​ព្រំដែន​ច្រើន​ដើម្បី​ជួយ ដើម្បី​បង្កើត​ទំនាក់​ទំនង​ដូច​យើង​ចង់​មាន ដើម្បី​យក​ចិត្ត​ទុក​ដាក់​ដូច​យើង​ចង់​មាន។ យើង​មាន​ព្រំដែន​នៅ​ក្នុង​ការ​សិក្សា ដោយសារ​ការ​សិក្សា​សព្វ​ថ្ងៃ​មិន​អាច​ទៅ​រៀន​នៅ​សាលា​ដូច​ធម្មតា​បាន ដូច្នេះ​របៀប​ដែល​យើង​រៀន​ពី​ចម្ងាយ​គឺ​ជា​ព្រំដែន​មួយ។ យើង​មាន​ព្រំដែន​នៅ​ក្នុង​ជីវិត​ខាង​ផ្លូវ​វិញ្ញាណ ដោយសារ​យើង​ឥត​មាន​សិទ្ធិ​ទទួល​អគ្គ​សញ្ញា​ដែល​ផ្តល់​ជីវិត​ពី​ប៉ុន្មាន​ខែ​មក​ហើយ។ ពី​ប៉ុន្មាន​ខែ​មក​ហើយ យើង​មាន​បង​ប្រុស​បង​ស្រី យើង​មាន​គ្រីស្ត​បរិស័ទ​របស់​យើង​ជា​ច្រើន ដែល​មិន​បាន​ទទួល​ព្រះកាយ​ព្រះគ្រីស្ត និង​អគ្គ​សញ្ញា​លើក​លែង​ទោស ដោយសារ​យើង​ឥត​មាន​សិទ្ធិ​ជួប​ជុំ​គ្នា​ជា​ផ្លូវ​ការ​នៅ​ក្នុង​សាសនា នេះ​ជា​ព្រំដែន​មួយ​ទៀត។ យើង​មាន​ព្រំដែន​នៅ​ក្នុង​ទំនាក់​ទំនង ដោយសារ​យើង​មិន​អាច​ជួប​ជុំ​គ្នា​ជប់​លៀង សប្បាយ​ជា​មួយ​គ្នា ទៅ​សួរ​សុខ​ទុក្ខ​គ្នា​ដូច​ពី​មុន។ នេះ​ជា​ព្រំដែន​មួយ​ទៀត ដែល​បាន​កើត​ឡើង​នៅ​ក្នុង​បរិយាកាស​នឹង​ស្ថានភាព​នៃ​ជំងឺ​កូវីដ-១៩។ យើង​មាន​ព្រំដែន​មួយ​ទៀត​នៅ​ក្នុង​ការ​ថែ​រក្សា​សុខភាព ទោះ​បី​យើង​ចង់​ជួយ​បង​ប្អូន​របស់​យើង​ក៏​យើង​ជួយ​មិន​បាន។

អាទិត្យ​ទី​១៦​នៃ​រដូវ​ធម្មតា ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០២១ “សុខ​សន្តិភាព ដែល​មក​ពី​ព្រះយេស៊ូ​គ្រីស្ត​ផ្ទាល់”

បងប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ យើង​បាន​ឃើញ​របៀប​ព្រះយេស៊ូ​ជា​មួយ​ក្រុម​គ្រីស្ត​ទូត ក្រុម​គ្រីស្ត​បាន​ទៅ​ប្រកាស​ដំណឹង​ល្អ​ហើយ​វិល​ត្រលប់​មក​វិញ ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​ក្រុម​គ្រីស្ត​ទូត​រៀប​រាប់​ទូល​ព្រះអង្គ អំពី​កិច្ច​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ធ្វើ និង​សេចក្តី​ទាំង​អស់​ដែល​គេ​បាន​បង្រៀន។ តាម​ពិត ព្រះយេស៊ូ​បាន​ប្រមូល​ក្រុម​គ្រីស្ត​ទូត​សារជាថ្មី​ដើម្បី​ធ្វើ​របាយការណ៍​អំពី​កិច្ចការ នៅ​ក្នុង​មួយ​ខែ​កន្លង​មក​បាន​ធ្វើ​អ្វី​ខ្លះ? បាន​ទៅ​ដល់​ភូមិ​ណា​ខ្លះ? បាន​ទៅ​ប្រកាស​ដំណឹង​ល្អ​របៀប? បាន​ទៅ​បង្រៀន​មហាជន​របៀប​ណា? បាន​ជួប​បញ្ហា​អ្វី​ខ្លះ? តើ​មាន​អ្វី​ដែល​យើង​ត្រូវ​តែ​កែ​ដើម្បី​ប្រកាស​ដំណឹង​ល្អ​? ថ្មីៗ​នេះ ខ្ញុំ​បាន​ជួប​ជា​មួយ​ប្រធាន​ការិយាល័យ​ទាំង​អស់​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ ដើម្បី​ធ្វើ​របាយការណ៍​ដែរ។ ខ្ញុំ​បាន​និយាយ​ទៅ​ប្រធាន​ការិយាល័យ​នីមួយៗ ដែល​យើង​មាន​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ថា “របាយការណ៍​ដែល​យើង​បង្ហាញ​ថ្ងៃ​នេះ មិន​មែន​ជា​របាយការណ៍​ដែល​យើង​រៀបចំ​កន្លះ​ម៉ោង​មុន​ប្រជុំ ប៉ុន្តែ របាយការណ៍​ដែល​ចេញ​ពី​ស្នាដៃ​របស់​យើង​ពោរពេញ​ដោយ​អត្ថន័យ ពោរពេញ​ដោយ​តម្លៃ”។ ដោយសារ​ពេញ​មួយ​ឆ្នាំ​កន្លង​មក យើង​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​របស់​យើង។ ជួន​កាល​យើង​លឺ​ថា​សព្វ​ថ្ងៃ មាន​កន្លែង​ខ្លះ​នៅ​តាម​សាលា​រៀន​ពិបាក​ប្រមូល​សិស្ស ពិបាក​បង្រៀន​ពី​ចម្ងាយ​ត្រឹម​ត្រូវ ប៉ុន្តែ​ប្រចាំ​ខែ​របាយការណ៍​បាន​ចេញ​យ៉ាង​ពេញ​លក្ខណៈ។ មាន​ពិន្ទុ​គ្រប់ មាន​វត្តមាន​សិស្ស​គ្រប់ ជួន​កាល​ណែនាំ​ឱ្យ​យើង​ឆ្ងល់​ដែរ។ ប៉ុន្តែ អ្វី​ដែល​សំខាន់​សម្រាប់​យើង យើង​ដឹង​ថា​អ្វី​ដែល​យើង​បាន​ធ្វើ​យើង​ធ្វើ​រួច​ហើយ អ្វី​ដែល​យើង​មិន​បាន​ធ្វើ​គឺ​យើង​មិន​បាន​ធ្វើ។ ហេតុ​នេះ​ហើយ នៅ​ពេល​យើង​បង្ហាញ​របាយ​ការណ៍​ណា​មួយ របាយ​ការណ៍​នេះ​ចេញ​អំពី​ការងារ​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​ណែនាំ​ឱ្យ​យើង​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដើម្បី​ទៅ​មុខ ដោយសារ​របាយ​ការណ៍​ជា​របៀប​ដែល​យើង​វាយ​តម្លៃ។ ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​គេ​វាយ​តម្លៃ ដើម្បី​មើល​ឃើញ​អ្វី​ដែល​ល្អ អ្វី​ដែល​ស្ទើ អ្វី​ដែល​ខ្វះ ដើម្បី​ទៅ​មុខ​ត​ទៅ​ទៀត។ សម្រាប់​យើង នៅ​ក្នុង​ព្រះសហគមន៍​ក៏​ដូច​គ្នា​ដែរ នៅ​តាម​កន្លែង​ធ្វើ​ការ​របស់​យើង​ម្នាក់ៗ​ក៏​ដូច​គ្នា​ដែរ យើង​វាយ​តម្លៃ​មើល​អ្វី​ដែល​ខ្វះ អ្វី​ដែល​ល្អ អ្វី​ដែល​ស្ទើ អ្វី​ដែល​ត្រូវ​ការ​កែ នេះ​ជា​កម្លាំង​មួយ​យ៉ាង​ពិសេស។ ប្រសិន​បើ យើង​មើល​របៀប​របស់​ព្រះយេស៊ូ​ថែម​ទៀត ព្រះយេស៊ូ​ដូចជា​មាន​ព្រះហឫទ័យ​អាណិត​មេត្តា​ដល់​ក្រុម​គ្រីស្ត​ទូត។ ដោយសារ បាន​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​ប្រកាស​ដំណឹង​ល្អ​អស់​ពី​សមត្ថភាព ព្រះយេស៊ូ​ចង់​ឱ្យ​គេ​ទៅ​កន្លែង​ស្ងាត់​ដើម្បី​សម្រាក​បន្តិច។ ប៉ុន្តែ ជា​មួយ​មហា​ជន​គេ​ធ្វើ​មិន​បាន​ទេ ដោយសារ​មហាជន​មាន​សេចក្តី​ត្រូវ​ការ​ច្រើន​ណាស់។ ដូច្នេះ ពេល​មហា​ជន​បាន​ឃើញ​ព្រះយេស៊ូ​និង​ក្រុម​សាវ័ក​ជិះ​ទូក​ទៅ​មុខ​បន្តិច គេ​នាំ​គ្នា​រត់​ដើម្បី​ទៅ​ដល់​មុន។ នៅ​ពេល​ព្រះយេស៊ូ​និង​ក្រុម​សាវ័ក​ទៅ​ដល់​មាន​មហា​ជន​អង្គុយ ដើម្បី​រង់​ចាំ​ស្តាប់​ការ​បង្រៀន​ថែម​ទៀត ដូច្នេះ​គ្មាន​ពេល​ដើម្បី​សម្រាក។ ប៉ុន្តែ យើង​ដឹង​ថា​ព្រះអង្គ​មាន​ព្រះហឫទ័យ​អាណិត​អាសូរ​ទាំង​ក្រុម​គ្រីស្ត​ទូត ទាំង​មហា​ជន ដោយ​យល់​ថា​មហា​ជន​ដូច​ជា​ខ្វះ​គ្រូ​គង្វាល​ដើម្បី​ថែ​ទាំ។ ដូច្នេះ ព្រះយេស៊ូ​បន្ត​បង្រៀន លើក​ទឹក​ចិត្ត ព្យាបាល ធ្វើ​ដំណើរ​ជា​មួយ​គេ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ សប្តាហ៍​មុន​ខ្ញុំ​បាន​អញ្ជើញ​ឱ្យ​យើង​ទាំង​អស់​គ្នា​ជា​គ្រីស្ត​បរិស័ទ ជា​បូជាចារ្យ ជា​បង​ប្រុស​បង​ស្រី ជា​អ្នក​ស្ម័គ្រ​ចិត្ត ជា​អង្គការ​កាតូលិក ជា​គ្រូ​គង្វាល​នៅ​ក្នុង​ព្រះសហគមន៍​ឱ្យ​គិត​ពិចារណា​អំ​ពី​៤​ចំណុច​គឺ ជីវិត​ខាង​ផ្លូវ​វិញ្ញាណ អប់រំ​ជំនឿ​និង​អប់រំ​យុវជន​យុវនារី អប់រំ​សិក្សា​នៅ​ក្នុង​សាលា​កាតូលិក​យើង និង​ធម៌​មេត្តា​ករុណា។ ដោយសារ​ទោះ​មាន​ឬ​គ្មាន​កូវីដ-១៩ យើង​ត្រូវ​តែ​បន្ត​ប្រកាស​ដំណឹង​ល្អ ជា​តួនាទី​ដែល​ព្រះយេស៊ូ​ប្រទាន​ឱ្យ​ក្រុម​គ្រីស្ត​ទូត​ពី​ដើម ជា​តួនាទី​ដែល​ព្រះយេស៊ូ​ប្រទាន​ឱ្យ​យើង​សព្វ​ថ្ងៃ។ ប្រកាស​ដំណឹង​ល្អ ផ្សព្វផ្សាយ​អំពី​ដំណឹង​ល្អ ព្រះយេស៊ូ​កំពុង​យាង​មក ព្រះយេស៊ូ​ជា​ព្រះមហាក្សត្រ​នៃ​សុខសន្តិភាព ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​២។ សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ផ្សាយ​ដំណឹង​ល្អ ដើម្បី​ឱ្យ​យើង​ចម្លង​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​អំពី​អំណរ​សប្បាយ និង​សេចក្តី​ស្រឡាញ់​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់។ សព្វ​ថ្ងៃ យើង​ត្រូវ​ការ​ពារ​ថែ​រក្សា​ខ្លួន​កុំ​ឱ្យ​យើង​ឆ្លង​ជំងឺ​កូវីដ-១៩​មែន ប៉ុន្តែ​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ចម្លង​អំពី​អំណរ​សប្បាយ​ដែល​យើង​មាន។ ដោយសារ ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ដែល​ដឹកនាំ​ជីវិត​របស់​យើង ដែល​ណែនាំ​ឱ្យ​យើង​បំផ្លាញ​ជញ្ជាំង​ដែល​យើង​បង្កើត​រវាង​មនុស្ស​នឹង​មនុស្ស រវាង​ជាតិ​សាសន៍​មួយ​នឹង​ជាតិ​សាសន៍​មួយ​ទៀត។ សព្វ​ថ្ងៃ យើង​កំពុង​ភ័យ​ម្តង​ទៀត​ព្រោះ​ថា​ប៉ុន្មាន​ថ្ងៃ​មុន​យើង​បាន​ស្តាប់​ក្រសួង​សុខាភិបាល បាន​ប្រកាស​ថា កូវីដ-១៩​ប្រភេទ​ថ្មី​កំពុង​ចូល​ដល់​ទឹក​ដី​ខ្មែរ។ វា​បាន​ចូល​ដល់​ប៉ុន្មាន​ប្រទេស​ហើយ ដែល​ណែនាំ​ឱ្យ​យើង​ឆ្លង​ភ្លាម (១៥​វិនាទី​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត)។ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ប្រទេស​កម្ពុជា​យើង​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​ច្រើន​ហើយ ស្រប​ពេល​ដែល​ប្រទេស​ជិត​ខាង​បាន​តែ​មួយ​ចំនួន​តូច។ ដូច្នេះ ប្រទេស​កម្ពុជា​យើង​បាន​ចាក់​វ៉ាក់សាំង​បន្ទាន់ ដើម្បី​ការពារ​ថែរក្សា​ជំងឺ​កូវីដ-១៩​កុំ​ឱ្យ​ចូល​ក្នុង​ខ្លួន​ប្រជាពលរដ្ឋ​ម្នាក់ៗ។ សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ យើង​មិន​អាច​ចាក់​វ៉ាក់សាំង​ដើម្បី​ឱ្យ​យើង​ស្ពឹក​នៅ​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ។ ផ្ទុយ​ទៅ​វិញ យើង​មាន​កម្លាំង​ដែល​មក​ពី​ព្រះជាម្ចាស់ ដែល​មក​ពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដើម្បី​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់ ពោរពេញ​ដោយ​ជំនឿ ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម។ ឱ្យ​យើង​ផ្សាយ​ដំណឹង​ល្អ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ឱ្យ​ដំណឹង​ល្អ​នេះ​ឆ្លង​ឆាប់ៗ។ យើង​បាន​ស្តាប់ “ព្រះយេស៊ូ​នេះ​ហើយ ដែល​ជា​សន្តិភាព​របស់​យើង បាន​រំលំ​ជញ្ជាំង​ដែល​ធ្វើ​ឱ្យ​សាសន៍​ដទៃ​នៅ​ដាច់​ពី​គ្នា ហើយ​ជា​បញ្ជ​មិត្ត​នឹង​គ្នា ផ្ទុយ​ទៅ​វិញ​ព្រះយេស៊ូ​គ្រីស្ត​ណែនាំ​ឱ្យ​មនុស្ស​យើង ទៅ​ជា​មិត្ត​សំលាញ់​នៅ​ក្នុង​អង្គ​ព្រះគ្រីស្ត ទៅ​ជា​រូប​កាយ​តែ​មួយ​នៅ​ក្នុង​អង្គ​ព្រះគ្រីស្ត ព្រះអង្គ​បាន​យាង​មក​ដើម្បី​នាំ​ដំណឹង​ល្អ​អំពី​សន្តិភាព មក​ឱ្យ​បង​ប្អូន​ដែល​នៅ​ឆ្ងាយ និង​នាំ​សន្តិភាព​មក​ឱ្យ​អស់​អ្នក​ដែល​នៅ​ជិត​ដែរ” នេះ​ជា​ដំណឹង​ល្អ​ដែល​យើង​បាន​ទទួល​ថ្ងៃ​នេះ។ ប៉ុន្តែ បើ​យើង​មើល​ក្នុង​អត្ថបទ​ទី​១ ថ្ងៃ​នេះ​ព្រះជាម្ចាស់​ដូច​ជា​បាន​ណែនាំ​ឱ្យ​យើង​ភ្ញាក់​ស្មារតី យើង​ជា​លោក​អភិបាល

អាទិត្យ​ទី​១៥​នៃ​រដូវ​ធម្មតា ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២១ “ផលផ្លែ​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ” បងប្អូន​ជា​ទី​ស្រឡាញ់

បង​ប្អូន​ទាំង​អស់​ដែល​បាន​ភ្ជាប់​ជា​មួយ​យើង​នៅ​ក្នុង​អភិបូជា​នេះ យើង​កំពុង​ស្តាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ។ ថ្ងៃ​នេះ ព្រះបន្ទូល​របស់​ព្រះយេស៊ូ ទោះ​បី​មាន​បង​ប្អូន​ខ្លះ​កំពុង​ព្យាបាល​ជំងឺ​កូវីដ-១៩ ទោះ​បី​មាន​ខ្លះ​កំពុង​ធ្វើ​ចត្តាឡីស័ក ប៉ុន្តែ​ជា​ព្រះបន្ទូល​សម្រាប់​យើង​រៀងៗ​ខ្លួន។ “ព្រះយេស៊ូ​ត្រាស់​ហៅ​សាវ័ក​ទាំង​១២​នាក់​មក រួច​ទ្រង់​ចាត់​គេ​ពីរៗ​នាក់​ឱ្យ​ទៅ​ទាំង​ប្រទាន​អំណាច​ដើម្បី​ដេញ​ខ្មោច​ផង”។ បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​ជា​សាវ័ក​ដែល​ព្រះយេស៊ូ​បាន​ជ្រើស​រើស ព្រះយេស៊ូ​ត្រាស់​ហៅ​យើង​ដើម្បី​ឱ្យ​យើង​ទៅ​ប្រកាស​ដំណឹង​ល្អ។ ឥត​មាន​កាលៈទេសៈ​ណា​មួយ ឥត​មាន​ស្ថានភាព​ណា​មួយ ឥត​មាន​បរិយាកាស​ណា​មួយ ដែល​ណែនាំ​ឱ្យ​យើង​ឥត​មាន​សមត្ថភាព​ដើម្បី​ប្រកាស​ដំណឹង​ល្អ។ សប្តាហ៍​មុន យើង​បាន​ឃើញ​ព្រះយេស៊ូ​ណែនាំ​ឱ្យ​យើង​ធ្វើ​តាម​ព្រះយេស៊ូ មាន​ន័យ​ថា​ធ្វើ​ដូច​ព្រះយេស៊ូ​ចេញ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ។ ថ្ងៃ​នេះ គឺ​ព្រះយេស៊ូ​ដែល​បាន​ចាត់​យើង​ឱ្យ​យើង​ទៅ​ប្រកាស​ដំណឹង​ល្អ ពិត​មែន​យើង​មិន​អាច​ចេញ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ។ ប៉ុន្តែ សព្វ​ថ្ងៃ​តាម​ស្ថានភាព​របស់​យើង តាម​កន្លែង​ដែល​យើង​នៅ តាម​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដែល​យើង​មាន យើង​ដឹង​ថា​យើង​បាន​ទទួល​បេសកកម្ម​មួយ​យ៉ាង​ពិសេស គឺ​ប្រកាស​ដំណឹង​ល្អ​តាម​របៀប​ព្រះយេស៊ូ។ ប្រហែល​យើង​អាច​និយាយ​ថា ខ្ញុំ​ឥត​មាន​សមត្ថភាព ខ្ញុំ​ឥត​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត ខ្ញុំ​កំពុង​ភ័យ​ខ្លាច ខ្ញុំ​ជា​មនុស្ស​តូច​តាច ខ្ញុំ​ជា​មនុស្ស​ដែល​គ្មាន​ចំណេះ​ដឹង។ បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​បាន​ស្តាប់​អត្ថបទ​ទី​១​នៅ​ពេល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស អរមូស គឺ​ព្រះជាម្ចាស់​បាន​ជ្រើស​អរមូស​ពី​ក្រោយ​ហ្វូង​គោ។ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា “ចូរ​ទៅ​ថ្លែង​ពាក្យ​ក្នុង​នាម​ខ្ញុំ ប្រាប់​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​របស់​យើង”។ តាម​ពិត ព្រះជាម្ចាស់​បាន​ជ្រើស​រើស​មនុស្ស​តូច​តាច​ម្នាក់​ដែល​គ្មាន​អ្វី​អស្ចារ្យ ជា​កសិករ ជា​អ្នក​គង្វាល ប៉ុន្តែ​ព្រះជាម្ចាស់​បាន​ជ្រើស​រើស​គាត់​ដើម្បី​ប្រកាស​ដំណឹង​ល្អ។ យើង​ដឹង​ថា យើង​ជា​គ្រីស្ត​បរិស័ទ​ដែល​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ យើង​ជា​គ្រីស្ត​បរិស័ទ​ដែល​បាន​ទទួល​សញ្ញា​សម្គាល់​ពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដើម្បី​ឱ្យ​យើង​ទៅ​ប្រកាស​ដំណឹង​ល្អ។ យើង​បាន​ស្តាប់​អត្ថបទ​ទី​២ “នៅ​ក្នុង​អង្គ​ព្រះគ្រីស្ត​បង​ប្អូន​ក៏​បាន​ជឿ​សង្ឃឹម​លើ​ព្រះអង្គ ហើយ​បាន​ទទួល​សញ្ញា​សម្គាល់​ពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​តាម​ព្រះបន្ទូល​សន្យា ព្រះជាម្ចាស់​ប្រទាន​ព្រះវិញ្ញាណ​មក​ចិញ្ចឹម​ចិត្ត​យើង ដោយ​ដឹង​ថា​យើង​នឹង​ទទួល​មរតក​នៅ​ពេល​ព្រះអង្គ​លោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ឱ្យ​បាន​សម្រេច ដើម្បី​ឱ្យ​យើង​កោត​សរសើរ​សិរី​រុង​រឿង​របស់​ព្រះជាម្ចាស់” យើង​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ សប្តាហ៍​មុន ខ្ញុំ​បាន​និយាយ​អំពី​ព្រះអំណោយ​ទាន​ដែល​យើង​បាន​ទទួល​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ថ្ងៃ​នេះ ខ្ញុំ​ចង់​បញ្ជាក់​អំពី​ផ្លែ​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​នៅ​ក្នុង​ជីវិត​របស់​យើង ផ្លែ​នេះ​គឺ​មាន៖ សេចក្តី​ស្រឡាញ់ អំណរ សេចក្តី​សុខ​សាន្ត ចិត្ត​អត់​ធ្មត់ ចិត្ត​សន្តោស​មេត្តា ចិត្ត​សប្បុរស ចិត្ត​ស្លូត​បូត ចេះ​យោគ​យល់ ភក្តី​ភាព ចេះ​បន្ទាប​ខ្លួន​ឯង ចេះ​តម​ការ​សប្បាយ ចេះ​ទប់​ចិត្ត​ខ្លួន​ឯង។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នេះ​ជា​ផ្លែ​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ផ្លែ​ដែល​យើង​បាន​ទទួល​នៅ​ក្នុង​ជីវិត​របស់​យើង។ សព្វ​ថ្ងៃ ទោះ​បី​យើង​ពិបាក​ក៏​ដោយ​នៅ​ក្នុង​កូវីដ-១៩ ទោះ​បី​យើង​ភ័យ​ខ្លាច​ក៏​ដោយ​យើង​ដឹង​ថា​ផ្លែ​នេះ​គឺ​ជា​ផ្លែ​ដែល​ភ្ជាប់​នឹង​ខ្លួន​យើង។ ឱ្យ​យើង​គិត​ពិចារណា តើ​យើង​មាន​សេចក្តី​ស្រឡាញ់​អ្វី​ខ្លះ? តើ​យើង​មាន​អំណរ​អ្វី​ខ្លះ? តើ​យើង​មាន​សេចក្តី​សុខ​សាន្ត​អ្វី​ខ្លះ? តើ​យើង​មាន​ចិត្ត​អត់​ធ្មត់? តើ​យើង​មាន​ចិត្ត​សន្តោស​មេត្តា? តើ​យើង​មាន​ចិត្ត​សប្បុរស? តើ​យើង​មាន​ចិត្ត​ស្លូត​បូត? តើ​យើង​ចេះ​យោគ​យល់​គ្នា? តើ​យើង​មាន​ភក្តី​ភាព? តើ​យើង​ចេះ​បន្ទាប​ខ្លួន? តើ​យើង​ចេះ​ទប់​ចិត្ត​ខ្លួន​ឯង? នេះ​ជា​ផ្លែ​ដែល​យើង​មាន​នៅ​ក្នុង​ជីវិត​របស់​យើង លុះត្រាតែ​យើង​ជាប់​ជា​មួយ​ព្រះជាម្ចាស់​ដែល​បាន​ត្រាស់​ហៅ​យើង ដែល​ស្រឡាញ់​យើង។ នៅ​ក្នុង​ផ្លែ​នេះ យើង​អាច​រក​ឃើញ​កម្លាំង​ដើម្បី​ថែរក្សា​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ ជីវិត​របស់​យើង​ជា​ព្រះសហគមន៍។ ខ្ញុំ​ចង់​រំលឹក​ដល់​បង​ប្អូន យើង​ជា​ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ជីវិត ដោយសារ​ព្រះជាម្ចាស់​ជា​ព្រះ​ដែល​មាន​ព្រះជន្ម​គង់​នៅ។ កុំ​ឱ្យ​យើង​ភ្លេច នៅ​ពេល​ព្រះជាម្ចាស់​បាន​សម្តែង​ព្រះអង្គ​ដល់​លោក​មូសេ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា “ខ្ញុំ​ជា​ព្រះ​ដែល​មាន​ព្រះជន្ម​គង់​នៅ”។ យើង​ជា​បុត្រ​ធីតា​របស់​ព្រះជាម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ មាន​ន័យ​ថា​យើង​ជា​ប្រជា​រាស្ត្រ​ដែល​ពោរ​ពេញ​ដោយ​ជីវិត។ ថ្ងៃ​នេះ ខ្ញុំ​ចង់​ជម្រុញ​ដល់​ព្រះសហគមន៍​គ្រប់​ទី​កន្លែង សព្វ​ថ្ងៃ​យើង​មាន​ព្រះសហគមន៍​មួយ​ចំនួន​ដែល​ជាប់​ធ្វើ​ចត្តាឡីស័ក​ដោយ​សារ​មាន​កូវីដ​ខ្លះៗ។ យើង​មាន​បព្វជិត​បព្វជីតា គ្រីស្ត​បរិស័ទ​មួយ​ចំនួន​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក ដោយសារ​បាន​ជាប់​ដោយ​ផ្ទាល់ ឬ​ប្រយោល។ យើង​មាន​បង​ប្អូន​មួយ​ចំនួន​ដែល​កំពុង​ភ័យ​ខ្លាច មាន​ខ្លះ​គាត់​រត់​ទៅ​ទិញ​ឧបករណ៍​តេស​បឋម ដើម្បី​មើល​តើ​យើង​មាន​ជំងឺ​កូវីដ​ឬ​អត់? នៅ​ក្នុង​ស្ថានភាព​នេះ ប្រសិន​បើ​យើង​មើល​អ្វី​ដែល​យើង​បាន​ទទួល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​ក្នុង​ការ​ផ្សាយ​ព័ត៌មាន។ សព្វ​ថ្ងៃ ព័ត៌​មាន​គេ​មិន​សូវ​និយាយ​អំពី​បង​ប្អូន​ដែល​បាន​ជា​សះស្បើយ គឺ​គេ​សង្កត់​ធ្ងន់​ទៅ​លើ​អ្នក​ដែល​បាន​ឆ្លង​ថ្មី និង​អ្នក​ដែល​ស្លាប់។ ដូច្នេះ ណែនាំ​ឱ្យ​យើង​ភ័យ​ថែម​ទៀត ណែនាំ​ឱ្យ​យើង​អស់​សង្ឃឹម​ថែម​ទៀត ណែនាំ​ឱ្យ​យើង​គាំង ណែនាំ​ឱ្យ​យើង​ស្ទះ។ ប៉ុន្តែ យើង​ជា​ប្រជា​រាស្ត្រ​ពោរពេញ​ដោយ​ជីវិត​ដែល​មក​ពី​ព្រះជាម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ ដូច្នេះ​យើង​មិន​អាច​ស្ទះ យើង​មិន​អាច​គាំង ទោះបី​ភ័យ​ក៏​ដោយ ទោះបី​ខ្លាច​ក៏​ដោយ យើង​ដឹង​ថា​ព្រះយេស៊ូ​គង់​នៅ។ ដូច្នេះ សំខាន់​បំផុត​ឱ្យ​យើង​ថែរក្សា​៣​កុំ​៣​ការពារ ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​ជីវិត​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ប៉ុន្តែ ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​មួយ​ចំណុច​ទៀត ដែល​សំខាន់​បំផុត​ដើម្បី​ឱ្យ​ព្រះសហគមន៍​យើង​មាន​ជីវិត គឺ៖ យក​ចិត្ត​ទុក​ដាក់​លើ​ជីវិត​ខាង​ផ្លូវ​វិញ្ញាណ នៅ​ក្នុង​ការ​អធិដ្ឋាន នៅ​ក្នុង​ការ​ចូល​អភិបូជា​ប្រចាំ នៅ​ក្នុង​ការ​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ ជា​ពិសេស សម្រាប់​បង​ប្អូន​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក ដោយសារ​យើង​មាន​ពេល​ទំនេរ​ច្រើន​ណាស់ ដូច្នេះ​ជា​ពេល​វេលា​ដើម្បី​មើល

អាទិត្យទី១៤នៃរដូវធម្មតា ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ថ្ងៃទី​៤ ខែ​ កក្កដា ឆ្នាំ​២០២១ “អំណោយ​ទាន​ទាំង​៧​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ គឺ​កម្លាំង​ដ៏​ក្លាហាន​របស់​យើង”

បងប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ជា​ពេល​វេលា​មួយ​ដើម្បី​ឱ្យ​យើង​នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ យើង​អធិដ្ឋាន​ពិសេស​សម្រាប់​បង​ប្អូន​ដែល​កំពុង​ជាប់​ចត្តាឡីស័ក។ ទូទាំង​ភូមិភាគ​ភ្នំពេញ យើង​មាន​បង​ប្អូន​គ្រីស្ត​បរិស័ទ​មួយ​ចំនួន​ដែល​កំពុង​ជាប់​ចត្តាឡីស័ក ដោយសារ​ជាប់​ពាក់ព័ន្ធ​ដោយ​ប្រយោល​ជា​មួយ​អ្នក​ជំងឺ​កូវីដ-១៩។ ជា​ពេល​វេលា​មួយ ដើម្បី​អធិដ្ឋាន​សម្រាប់​បង​ប្អូន​យើង​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ-១៩។ យើង​បាន​ឃើញ​ប៉ុន្មាន​ថ្ងៃ​កន្លង​មក កូវីដ-១៩​បាន​លូត​លាស់​ខ្លាំង​រហូត​ដល់​ជិត​ខ្ទង់​ពាន់​ជា​រៀង​រាល់​ថ្ងៃ។ គ្រីស្ត​បរិស័ទ ដែល​ភ្ជាប់​នៅ​ក្នុង​សង្គម​ធម្មតា​ដូច​បង​ប្អូន​យើង​ទាំង​អស់​ក៏​ត្រូវ​តែ​ឆ្លង​ដែរ។ ដូច្នេះ ថ្ងៃ​នេះ​ខ្ញុំ​អភិបូជា​នៅ​កន្លែង​ហ្នឹង កន្លែង​នេះ​ជា​ព្រះវិហារ​ដែល​យើង​បាន​សាង​សង់​កាល​ពី​សម័យ​កូវីដ-១៩​ឆ្នាំ​មុន ដោយសារ​បាន​ឃើញ​ព្រះនាង​ម៉ារី​បាន​ជួយ​ថែរក្សា​ការពារ​ភូមិ​ចំការទៀង។ ដូច្នេះ ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់ ខ្ញុំ​ក៏​បាន​សាង​សង់​ព្រះវិហារ​តូច​មួយ ដើម្បី​ឧទ្ទិស​ដល់​ព្រះនាង​ម៉ារី​ដែល​បាន​ថែរក្សា​ការពារ​យើង។ ថ្ងៃ​នេះ ជា​ឱកាស​មួយ​ដើម្បី​ថ្វាយ​អភិបូជា​នៅ​មុខ​ព្រះវិហារ​ហ្នឹង ដើម្បី​ភ្ជាប់​ជា​មួយ​បង​ប្អូន​ទាំង​អស់។ បង​ប្អូន​ដែល​នៅ​សម្រាក​ព្យាបាល​តាម​មន្ទីរ​ពេទ្យ បង​ប្អូន​ដែល​នៅ​ក្នុង​មណ្ឌល​ធ្វើ​ចត្តាឡីស័ក និង​បង​ប្អូន​ដែល​បាន​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន ដើម្បី​ឲ្យ​យើង​យល់​ថា​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត ពិត​មែន​យើង​ជា​គ្រួសារ​តែ​មួយ ដែល​ស្រឡាញ់​គ្នា ដែល​លើក​ទឹក​ចិត្ត​គ្នា ដែល​ធ្វើ​ដំណើរ​ជា​មួយ​គ្នា។ អម្បាញ់មិញ ខ្ញុំ​បាន​ហែរ​ចេញ​ពី​កូន​ព្រះវិហារ​នេះ​ជា​មួយ​រូប​សន្តី អូឌីល សន្តី អូឌីល គឺ​ជា​សន្តី​ដែល​បាន​ទទួល​មរណៈភាព​នៅ​ឆ្នាំ​៧២០ គឺ​១៣០០​ឆ្នាំ​ក្នុង​ស្រុក​កំណើត​របស់​ខ្ញុំ​នៅ​ប្រទេស​បារាំង គាត់​គឺ​ជា​សន្តី​មួយ​រូប​ដ៏​ល្បី ដែល​បាន​ជួយ​ឱ្យ​មនុស្ស​ប៉ុន្មាន​ជំនាន់​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​ខ្ញុំ​បាន​ទេសនា អំពី​សសរ​គ្រឹះ​នៃ​គុណធម៌​ដែល​យើង​មាន​នៅ​ក្នុង​ជំនឿ​របស់​យើង គឺ​ទី​១​ជំនឿ ទី​២​សេចក្តី​សង្ឃឹម ទី​៣​សេចក្តី​ស្រឡាញ់។ សន្តី អូឌីល បាន​ប្រមូល​ទាំង​ជំនឿ ទាំង​សេចក្តី​សង្ឃឹម ទាំង​សេចក្តី​ស្រឡាញ់​នៅ​ក្នុង​ជីវិត​របស់​គាត់។ តាម​ពិត​នៅ​ពេល​គាត់​កើត ឪពុក​ម្តាយ ជា​ពិសេស​ឪពុក​គាត់​អន់​ចិត្ត​មែន​ទែន ដោយសារ​តែ​គាត់​ចង់​បាន​កូន​ប្រុស​ដើម្បី​បន្ត​ត្រកូល។ ប៉ុន្តែ គាត់​មាន​សុទ្ធ​តែ​កូន​ស្រី ហើយ​ពៅ​គេ​ក៏​កូន​ស្រី​ទៀត ដូច្នេះ​គាត់​ចង់​សម្លាប់​កូន​ស្រី​ពៅ​គាត់​ចោល​តែ​ម្តង។ កូន​នេះ​កើត​មក​ក៏​ពិការ​ភ្នែក​ទៀត ម្តាយ​ក៏​សង្គ្រោះ​កូន​ដោយសារ​ជា​ទឹក​ចិត្ត​ម្តាយ ហើយ​បាន​ផ្ញើ​កូន​នេះ​នៅ​ក្នុង​អារាម​បង​ស្រី ដើម្បី​ឱ្យ​បង​ស្រី​ជួយ​មើល​កូន​ស្រី​នេះ។ នៅ​ពេល​កូន​ស្រី​នេះ មាន​អាយុ​១២​ឆ្នាំ គាត់​បាន​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក នៅ​ពេល​ដែល​គាត់​ទទួល​ពិធី​ជ្រមុជ​ទឹក ភ្នែក​របស់​គាត់​បាន​ភ្លឺ ហើយ​ក៏​មើល​ឃើញ ដូច​ជា​ព្រះជាម្ចាស់​បាន​ប្រទាន​ជំនឿ​ដល់​គាត់​ដើម្បី​ឱ្យ​គាត់​មើល​ឃើញ គឺ​ព្យាបាល​ជំងឺ​ពី​កំណើត​របស់​គាត់។ ក្រោយ​មក គាត់​បាន​មក​ដល់​ស្រុក​កំណើត​របស់​គាត់ នៅ​ពេល​នោះ​ឪពុក​របស់​គាត់​បាន​ស្វាគមន៍​គាត់ និង​គាត់​សុខ​ចិត្ត​លះ​បង់​ចោល​អ្វីៗ​ទាំង​អស់​សម្រាប់​ព្រះជាម្ចាស់។ គាត់​បាន​ប្រមូល​យុវនារី​មួយ​ចំនួន ដើម្បី​នៅ​ជា​មួយ​គាត់​លើ​ភ្នំ​មួយ ដើម្បី​ស្វាគមន៍ ជា​ពិសេស​អ្នក​ជំងឺ អ្នក​ដែល​គ្មាន​សេចក្តី​សង្ឃឹម អ្នក​ដែល​មាន​ជំងឺ​ឃ្លង់ ជន​ពិការ…។ គាត់​ព្យាបាល​ពួក​គេ​បាន​ជា​សះស្បើយ​យ៉ាង​ច្រើន នៅ​ក្នុង​សេចក្តី​ស្រឡាញ់ និង​នៅ​ក្នុង​សេចក្តី​សង្ឃឹម​របស់​គាត់ រហូត​ដល់​គាត់​ទទួល​មរណៈភាព។ ថ្ងៃ​នេះ ដែល​យើង​គោរព​សន្តី អូឌីល គម្រប់​១៣០០​ឆ្នាំ ជា​សន្តី​ម្នាក់​ដ៏​ចាស់​ដែល​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​ជំនឿ​របស់​យើង​សារជាថ្មី។ ដូច​យើង​បាន​ស្តាប់​ថ្ងៃ​នេះ ក្នុង​អត្ថបទ​ទី​២ យើង​បាន​ស្តាប់​ថា “ការ​ប្រោស​ប្រណី​របស់​យើង​ចំពោះ​អ្នក​ល្មម​គ្រប់​គ្រាន់​ហើយ ដ្បិត​ឫទ្ធានុភាព​របស់​យើង​លិច​ចេញ​មក​យ៉ាង​ខ្លាំង​បំផុត​នៅ​ក្នុង​មនុស្ស​ទន់​ខ្សោយ”។ សន្តី អូឌីល គាត់​គឺ​ជា​កូន​ក្មេង​ដែល​ពិការ​ភ្នែក គាត់​ជា​កូន​ស្រី​ដែល​ឪពុក​ស្អប់​បំផុត។ ប៉ុន្តែ នៅ​ក្នុង​ភាព​ទន់​ខ្សោយ​របស់​គាត់ គាត់​បាន​ទទួល​ព្រះអំណោយ​ទាន​ពី​ព្រះជាម្ចាស់។ ព្រះអំណោយ​ទាន​របស់​ព្រះជាម្ចាស់ បាន​ណែនាំ​ឱ្យ​គាត់​ទៅ​ជា​មនុស្ស​រឹង​មាំ ពោរពេញ​ដោយ​ឫទ្ធានុភាព​ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់។ ពិត​មែន​បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​បាន​ពិចារណា​កន្លង​មក​អំពី​ជំនឿ អំពី​សេចក្តី​សង្ឃឹម អំពី​សេចក្តី​ស្រឡាញ់ ថ្ងៃ​នេះ​យើង​ចង់​ឆ្លើយ​នូវ​សំណួរ​ដែល​គេ​មាន​ទៅ​ព្រះយេស៊ូ​ក្នុង​គម្ពីរ​ដំណឹង​ល្អ ដោយសារ​គេ​ឆ្ងល់ តើ​ព្រះយេស៊ូ​មាន​ឫទ្ធានុភាព​មក​ពី​ណា? តើ​ព្រះយេស៊ូ​មាន​បារមី​មក​ពី​ណា? តើ​ព្រះយេស៊ូ​មាន​ប្រាជ្ញា​មក​ពី​ណា ដើម្បី​ទេសនា​ពី​ធម្មសាលា​មួយ​ទៅ​ធម្មសាលា​មួយ ដើម្បី​ណែនាំ​ឱ្យ​អ្នក​ជំងឺ​ជា​សះស្បើយ​នៅ​គ្រប់​ទី​កន្លែង​ដែល​ព្រះយេស៊ូ​គង់​នៅ? ជា​ពិសេស​នៅ​ស្រុក​កំណើត គេ​សួរ តើ​គាត់​ដឹង​សេចក្តី​នេះ​មក​ពី​ណា? តើ​ប្រាជ្ញា​ដែល​គាត់​បាន​ទទួល​នេះ​ជា​ប្រាជ្ញា​អ្វី​ទៅ? បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​មាន​ចម្លើយ ព្រះយេស៊ូ​បាន​ទទួល​ប្រាជ្ញា ព្រះយេស៊ូ​បាន​ដឹង​សេចក្តី​ទាំង​នេះ ដោយសារ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​របស់​ព្រះជាម្ចាស់។ ពី​ប៉ុន្មាន​ថ្ងៃ​មុន​នៅ​ភ្នំពេញ​ថ្មី ខ្ញុំ​បាន​ធ្វើ​ពិធី​ព្រះពរ​ទៅ​លើ​ប្រេង​ពិសិដ្ឋ ដែល​ជា​ប្រេង​ដែល​យើង​ប្រើ​សម្រាប់​ធ្វើ​អគ្គ​សញ្ញា​លាប​ថ្ងាស។ ឆ្នាំ​នេះ​ដោយសារ​ជំងឺ​កូវីដ-១៩ ខ្ញុំ​មិន​ដើរ​តាម​កន្លែង​នីមួយៗ​ដូច​ខ្ញុំ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ។ ប៉ុន្តែ ជា​រៀង​រាល់​ឆ្នាំ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ដើរ​តាម​កន្លែង​នីមួយៗ​ដើម្បី​ធ្វើ​អគ្គ​សញ្ញា​លាប​ថ្ងាស គឺ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ផ្ទាល់ ដែល​យាង​មក​នៅ​ក្នុង​គ្រីស្ត​បរិស័ទ​របស់​យើង យុវជន​យុវនារី បង​ប្អូន​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក (ពន្លក​ថ្មី) ដើម្បី​ឱ្យ​បង​ប្អូន​បាន​ទទួល​ចំណេះ​ដឹង ជំនឿ ប្រាជ្ញា​មក​ពី​ព្រះជាម្ចាស់។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ព្រះអំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​មាន​៧ គឺ​ទី​១​ប្រាជ្ញា ទី​២​ការ​ឈ្លាសវៃ ទី​៣​ការ​ចេះ​ផ្តល់​ដំបូន្មាន ទី​៤​ចិត្ត​អង់​អាច ទី​៥​ចំណេះ​ដឹង ទី​៦​ការ​គោរព​ប្រតិបត្តិ​គ្រប់​ពេល​វេលា

អភិបូជាប្រគល់មុខងារជាអ្នកបម្រើអាសនៈជូនបងប្រុស ប៉ូល វិន កាន់ ព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ “ស្រែកនៅវាលរហោស្ថាន”

បងប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ជា​ពេល​វេលា​មួយ ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់ ថ្ងៃ​នេះ​ជា​ថ្ងៃទី​២៤ ខែ​មិថុនា មាន​ន័យ​ថា​ព្រះយេស៊ូ​ប្រសូត​៦​ខែ​ទៀត។ ថ្ងៃ​នេះ ជា​យប់​ខ្លី​ជាង​គេ​និង​ជា​ថ្ងៃ​វែង​ជាង​គេ​នៅ​ក្នុង​មួយ​ឆ្នាំ ចាប់​ពី​យប់​នេះ​យប់​ចាប់​ផ្តើម​វែង​ទៅៗ​និង​ថ្ងៃ​ខ្លី​ទៅៗ​រហូត​ដល់​ថ្ងៃ​ព្រះយេស៊ូ​ប្រសូត។ នៅ​ពេល​យ៉ូហាន​បាទីស្ទ​កើត​ហើយ តាម​ពិត​យើង​ត្រូវ​ការ​មាន​ព្រះអាទិត្យ​ដូច​ជា​លិច​ទៅៗ ដើម្បី​ទុក​ឱ្យ​ព្រះយេស៊ូ​ទៅ​ជា​ព្រះអាទិត្យ​មហា​កំពូល​ដើម្បី​បំភ្លឺ​ពិភព​លោក ដូច​យ៉ូហាន​បាទីស្ទ​មាន​តួនាទី​ចង្អុល បង្ហាញ​ឱ្យ​គេ​ឃើញ​ព្រះយេស៊ូ​ផ្ទាល់។ ថ្ងៃ​នេះ នៅ​ពេល​យើង​មើល​យ៉ូហាន​បាទីស្ទ នៅ​ពេល​យើង​មើល​ជីវិត​របស់​យើង​នៅ​ក្នុង​កូវីដ​មាន​រឿង​ប្រហែល​គ្នា​ច្រើន​ណាស់។ នៅ​ពេល​ឪពុក​ម្តាយ​សួរ​ថា “តើ​ថ្ងៃ​ក្រោយ​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា?” នេះ​ជា​សំណួរ​មួយ​ដ៏​សំខាន់​នៅ​ពេល​យើង​ជា​ឪពុក​ម្តាយ​ពេល​យើង​មាន​កូន​កើត​ភ្លាមៗ​យើង​ក៏​បាន​សួរ​សំណួរ​នេះ​ដែរ។ ថ្ងៃ​នេះ យើង​នឹក​ឃើញ​ដល់​ឪពុក​ម្តាយ​របស់​បង​ប្រុស កាន់ ដែល​មិន​អាច​ចូល​រួម​បាន​ដោយសារ​ស្ថានភាព​មិន​អំណោយ​ផល។ ប៉ុន្តែ យើង​អធិដ្ឋាន​សម្រាប់​ក្រុម​គ្រួសារ​គាត់​ដោយ​ដឹង​ថា ឪពុក​ម្តាយ​កំពុង​អធិដ្ឋាន​សម្រាប់​កូន​ដែរ។ ចំពោះ​សំណួរ​នេះ ឪពុក​ម្តាយ​មាន​ប្រហែល​ជាង​៣០​មុន ឥឡូវ​នេះ​ឃើញ​កូន​នេះ​កំពុង​ផ្ញើ​ជីវិត​ទៅ​លើ​ព្រះជាម្ចាស់។ តើ​ថ្ងៃ​ក្រោយ​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា? ថ្ងៃ​នេះ​យើង​ឃើញ​ចម្លើយ៖ ទី​មួយ កូន​នេះ​នឹង​ទៅ​ជា​ព្យាការី​ដែល​ស្រែក​នៅ​ក្នុង​វាល​រហោស្ថាន ដែល​ស្រែក​ឱ្យ​ជនជាតិ​អ៊ីស្រាអែល​កែប្រែ​ចិត្ត​គំនិត ទទួល​ពិធី​ជ្រមុជ​ទឹក​ដើម្បី​ទទួល​ជីវិត​ថ្មី​ជា​មួយ​ព្រះយេស៊ូ។ ទី​ពីរ កូន​នេះ​នឹង​ទៅ​ជា​ព្យាការី​ដែល​បង្ហាញ​ព្រះយេស៊ូ​ឱ្យ​ជនជាតិ​អ៊ីស្រាអែល​មើល​ឃើញ។ យ៉ូហាន​បាទីស្ទ​បាន​ស្រែក​នៅ​ក្នុង​វាល​រហោស្ថាន ដើម្បី​ឱ្យ​ប្រជារាស្ត្រ​អ៊ីស្រាអែល​កែ​ប្រែ​ចិត្ត​គំនិត និង​ទទួល​ពិធី​ជ្រមុជ​ទឹក។ នៅ​ក្នុង​នេះ ប្រសិន​បើ​យើង​មើល​បញ្ហា​កូវីដ-១៩​សព្វ​ថ្ងៃ យើង​មាន​រឿង​ច្រើន​ដែល​ណែនាំ​ឱ្យ​យើង​គិត​ពិចារណា។ លោក​យ៉ូហាន​បាទីស្ត​ស្រែក​នៅ​ក្នុង​វាល​រហោស្ថាន យើង​អាច​សួរ​ខ្លួន​ឯង​ថា តើ​វាល​រហោស្ថាន​របស់​យើង​សព្វ​ថ្ងៃ​នៅ​កន្លែង​ណា? របៀប​ដែល​យើង​រស់​នៅ​តាម​រយៈ​ទំនាក់​ទំនង​ដែល​យើង​មាន​ក្នុង​ទូរស័ព្ទ នៅ​ក្នុង​ការ​ប្រជុំ​ពី​ចម្ងាយ នៅ​ក្នុង​របៀប​ដែល​យើង​លែង​ជួប​ជុំ​គ្នា​បាន ជួន​កាល​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ស្រែក​នៅ​ក្នុង​វាល​រហោស្ថាន​ទំនើប។ ទំនើប ដោយសារ​ខ្ញុំ​នៅ​មុខ​កាំមេរ៉ា ខ្ញុំ​មាន​ហ្វេសបុក ខ្ញុំ​មាន​យូធូប​ដែល​កំពុង​ផ្សាយ​ផ្ទាល់​ខ្ញុំ​ស្រែក​ខ្លាំងៗ​ដើម្បី​ឱ្យ​គេ​លឺ។ ២​សប្តាហ៍​មុន ជា​លើក​ទី​១​ដែល​ខ្ញុំ​បាន​ថ្វាយ​អភិបូជា​នៅ​មុខ​ព្រះវិហារ​សន្តី​ម៉ារី​ញញឹម ចំការទៀង ម្នាក់​ឯង ដើម្បី​ធ្វើ​ពិធី​សុំ​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​លើ​ដី​ស្រែ។ នៅ​ពេល​ខ្ញុំ​កំពុង​ទេសនា​អស់​ពី​សមត្ថភាព ដែល​គ្មាន​មនុស្ស​នៅ​មុខ​ខ្ញុំ ពេល​នោះ​ណែនាំ​ឱ្យ​ខ្ញុំ​គិត​ថា តើ​មាន​នរណា​ដែល​កំពុង​ស្តាប់​ខ្ញុំ? តើ​ខ្ញុំ​ចូល​ក្នុង​វាល​រហោស្ថាន​ដូច​យ៉ូហាន​បាទីស្ទ​ទេ​ឬ? សម្រាប់​លោក​ឪពុក​ក៏​ដូច​គ្នា​ដែរ ប៉ុន្មាន​ដង​ដែល​លោក​ឪពុក​បាន​ថ្វាយ​អភិបូជា​ម្នាក់​ឯង ប៉ុន្តែ​លោក​ឪពុក​បើក​មេក្រូ​ដើម្បី​ឱ្យ​គេ​ស្តាប់​លឺ។ ស្រប​ពេល​ដែល​លោក​ឪពុក​កំពុង​ទេសនា មាន​ខ្លះ​គេ​កំពុង​លាង​ចាន ដាំ​បាយ ធ្វើ​ម្ហូប ទៅ​ផ្សារ… ក្រោយ​មក​លោក​ឪពុក​ចេញ​ដើម្បី​ចែក​ព្រះកាយ​ព្រះគ្រីស្ត ទាំង​អស់​គ្នា​គេ​រត់​ដើម្បី​មក​ទទួល យើង​បាន​ទទួល​បទ​ពិសោធន៍​ដូច​យ៉ូហាន​បាទីស្ទ​ដែរ។ យើង​ប្រជុំ​ពី​ចម្ងាយ​តាម​កម្មវិធី ZOOM ពេល​ខ្លះ​ខ្ញុំ​អស់​កម្លាំង​ណាស់ ពេល​ខ្ញុំ​និយាយ​អ្នក​ផ្សេង​ទៀត​ត្រូវ​ការ​បិទ​សំលេង មាន​ខ្លះ​គេ​បិទ​កាំមេរ៉ា​ទៀត​យើង​មិន​ដឹង​គេ​ធ្វើ​អ្វី គេ​ស្តាប់​ឬ​អស់។ អត្ថបទ​ទី​១ “រី​ឯ​ខ្ញុំ​វិញ​ខ្ញុំ​គិត​ថា ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ​តែ​បែរ​ជា​ឥត​អំពើ ខ្ញុំ​ខាត​កម្លាំង​ជា​អាសាបង់ ហើយ​គ្មាន​បាន​ការ​អ្វី​ឡើយ ប៉ុន្តែ​តាម​ពិត​ព្រះអម្ចាស់​នៅ​តែ​រក​យុត្តិធម៌​ឱ្យ​ខ្ញុំ ព្រះ​របស់​ខ្ញុំ​នឹង​ប្រទាន​រង្វាន់​មក​ខ្ញុំ”។ ពិត​មែន អ្វី​ដែល​យើង​ខិត​ខំ អ្វី​ដែល​យើង​ប្រឹង នៅ​ក្នុង​ពេល​វេលា​កូវីដ-១៩​នេះ ត្រូវ​តែ​ណែនាំ​ឱ្យ​មាន​ផ្លែ។ នៅ​ពេល​យ៉ូហាន​បាទីស្ទ បាន​ស្រែក​ដល់​ប្រជាជន​អ៊ីស្រាអែល​សូម​កែ​ប្រែ​ចិត្ត​គំនិត​និង​សូម​ទទួល​ពិធី​ជ្រមុជ​ទឹក។ នៅ​ពេល​យើង​បាន​លឺ​សំលេង​ទូរស័ព្ទ “សូម​បង​ប្អូន​ចូល​រួម​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩…” ក៏​ដូច​ជា​រដ្ឋាភិបាល​បាន​ស្រែក​អំពី​៣​ការពារ​៣​កុំ។ យ៉ូហាន​បាទីស្ទ​បាន​ស្រែក​ថា ដើម្បី​ទទួល​ពិធី​ជ្រមុជ​ទឹក​សូម​កែ​ប្រែ​ចិត្ត​គំនិត​សិន។ ពេល​ខ្លះ​យើង​ភ្លេច​ខ្លួន អាង​ថា​យើង​ចាក់​វ៉ាក់សាំង​ហើយ​យើង​មិន​បាន​ប្រុង​ប្រយ័ត្ន តាម​ពិត​យើង​ត្រូវ​តែ​បន្ត​អនុវត្ត​៣​ការពារ​៣​កុំ​ដដែល ទោះបី​យើង​ចាក់​ឬ​មិន​ទាន់​ចាក់​វ៉ាក់សាំង។ សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ ទោះបី​យើង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ហើយ យើង​ត្រូវ​តែ​បន្ត​កែប្រែ​ចិត្ត​គំនិត​ជានិច្ច យើង​ត្រូវ​តែ​បន្ត​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ព្រះបន្ទូល​ព្រះជាម្ចាស់ យើង​ត្រូវ​តែ​បន្ត​យក​ចិត្ត​ទុក​ដាក់​អធិដ្ឋាន។ សព្វ​ថ្ងៃ យើង​ជា​គ្រីស្ត​បរិស័ទ​មិន​អាច​ជួប​ជុំ​គ្នា​នៅ​ក្នុង​ព្រះវិហារ មិន​អាច​ទទួល​អគ្គ​សញ្ញា​ផ្ទាល់​ជា​ព្រះកាយ​ព្រះគ្រីស្ត ជា​អគ្គ​សញ្ញា​លើក​លែង​ទោស ពី​ប៉ុន្មាន​ខែ​កន្លង​មក​ម្ល៉េះ។ ប៉ុន្តែ យើង​ត្រូវ​តែ​បន្ត​កែប្រែ​ចិត្ត​គំនិត​ត​ទៅ​ទៀត ដូច​លោក​យ៉ូហាន​បាទីស្ទ​បាន​រំលឹក​យើង​មិន​អាច​ទទួល​ពិធី​ជ្រមុជ​ទឹក​បាន​ទេ ប្រសិន​បើ​យើង​កែ​ប្រែ​ចិត្ត​គំនិត​មិន​បាន។ ប៉ុន្តែ ពេល​យើង​ទទួល​ពិធី​ជ្រមុជ​ទឹក​នៅ​ក្នុង​ទឹក​និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ជា​មួយ​ព្រះយេស៊ូ យើង​ត្រូវ​តែ​បន្ត​កែប្រែ​ចិត្ត​គំនិត​ជានិច្ច យើង​ត្រូវ​តែ​បន្ត​បង្កើត​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ព្រះជាម្ចាស់។ ដូច្នេះ ពេល​វេលា​ដែល​យើង​រស់​នៅ​សព្វ​ថ្ងៃ ជា​រដូវ​មួយ​យ៉ាង​ពិសេស​មែន​ទែន ដើម្បី​ឱ្យ​យើង​សាក​ល​មើល​ទំនាក់​ទំនង​ដែល​យើង​មាន​ជា​មួយ​ព្រះជាម្ចាស់​ដ៏​ពិត​ប្រាកដ​មែន។ តើ​យើង​ស្រឡាញ់​ព្រះជាម្ចាស់​ឬ​ទេ? តើ​យើង​បាន​បង្កើត​ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់​ឬ​ទេ? ឬ​យើង​ចេះ​តែ​រក​មូល​ហេតុ​ដើម្បី​បដិសេធ​ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់ បន្តិច​ម្តងៗ​យើង​ភ្លេច​សំលេង​របស់​យ៉ូហាន​បាទីស្ទ​ដែល​ថា “កែ​ប្រែ​ចិត្ត​គំនិត ស្រឡាញ់​ព្រះជាម្ចាស់​ចុះ ជឿ​លើ​ដំណឹង​ល្អ​ចុះ”។ នេះ​ជា​ធម្មទេសនា​ដំបូង​របស់​ព្រះយេស៊ូ កែ​ប្រែ​ចិត្ត​គំនិត​និង​ជឿ​លើ​ដំណឹង​ល្អ​ទៅ ឱ្យ​យើង​គិត​ពិចារណា។ យ៉ូហាន​បាទីស្ទ​បង្ហាញ​ព្រះយេស៊ូ ចង្អុល​ព្រះយេស៊ូ នៅ​ពេល​គាត់​ចង្អុល​ព្រះយេស៊ូ​តាម​ពិត​យើង​លែង​មើល​មុខ​យ៉ូហាន​បាទីស្ទ​ហើយ គឺ​យើង​មើល​ដៃ​របស់​គាត់ ហើយ​យើង​ឆ្ងល់​ថា​ដៃ​របស់​គាត់​កំពុង​ចង្អុល​អ្វី។ ថ្ងៃ​នេះ ដែល​យើង​ធ្វើ​ពិធី​តែង​តាំង​បង​ប្រុស កាន់ ជា​អ្នក​បម្រើ​អាសនៈ​ជា​ផ្លូវ​ការ គឺ​ជា​តួនាទី​មួយ​យ៉ាង​សំខាន់​ដោយ​ទទួល​តួនាទី​ជា​អ្នក​បម្រើ។ នេះ​ជា​ជំហាន​មួយ ដែល​ណែនាំ​បង​ប្រុស​នៅ​ថ្ងៃ​អនាគត​ក្លាយ​ជា​បូជាចារ្យ ដើម្បី​ធ្វើ​ជា​សក្ការៈ​បូជា​ដោយ​ព្រះនាម​ព្រះយេស៊ូ។

អាទិត្យទី១១នៃរដូវធម្មតា ព្រះសហគមន៍សន្តីម៉ារីញញឹម (ចំការទៀង) ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ “មូលដ្ឋានគ្រឹះនៃជំនឿ”

បងប្អូន​ជា​ទី​ស្រឡាញ់ ប៉ុន្មាន​ថ្ងៃ​មុន ពេល​ខ្ញុំ​ប្រជុំ​ជា​មួយ​លោក​បូជាចារ្យ​ពី​ចម្ងាយ មាន​លោក​ឪពុក​មួយ​ចំនួន​បាន​និយាយ​ថា គ្រីស្ត​បរិស័ទ​យើង​មួយ​ចំនួន​មិន​ចូល​រួម​ថ្វាយ​អភិបូជា​ពី​ចម្ងាយ។ ដោយសារ ពេល​គេ​ចូល​រួម​អភិបូជា​ពី​ចម្ងាយ​មាន​សារ​ដែល​ចូល​នៅ​ក្នុង​ទូរស័ព្ទ​រំខាន​គេ។ ប៉ុន្តែ កន្លង​មក​ខ្ញុំ​ក៏​បាន​ឃើញ​គ្រីស្ត​បរិស័ទ​មួយ​ចំនួន​នៅ​ពេល​ចូល​អភិបូជា​ផ្ទាល់ ក៏​នៅ​មើល នៅ​លេង​ទូរស័ព្ទ ផ្ញើ​សារ លេង​ហ្គេម ថត​… គេ​មិន​រវីរវល់​នឹង​អភិបូជា ទោះ​បី​គេ​ចូល​អភិបូជា​ដោយ​ផ្ទាល់​ក៏​ដោយ។ ថ្ងៃ​នេះ យើង​ចូល​នៅ​ក្នុង​រដូវ​ធម្មតា​ដ៏​ពិត​ប្រាកដ​វិញ ជា​ពេល​វេលា​មួយ​ដើម្បី​ឱ្យ​យើង​បន្ត​អធិដ្ឋាន​ទូល​អង្វរ​ព្រះជាម្ចាស់​សម្រាប់​ជីវិត​របស់​យើង សម្រាប់​ប្រទេស​របស់​យើង សម្រាប់​ព្រះសហគមន៍​របស់​យើង​។ សប្តាហ៍​មុន​នៅ​ពេល​ខ្ញុំ​ទេសនា ខ្ញុំ​បាន​បន្ថែម​៣​គ្រឹះ​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ។ “គ្រឹះ​ទី​១​គឺ​ជំនឿ គ្រឹះ​ទី​២​គឺ​សេចក្តី​សង្ឃឹម គ្រឹះ​ទី​៣​គឺ​សេចក្តី​ស្រឡាញ់”។ ដូច្នេះ សម្រាប់​៣​សប្តាហ៍​ខាង​មុខ​នេះ​ខ្ញុំ​សូម​ចូល​យ៉ាង​ជ្រៅ​បន្តិច​អំពី​គ្រឹះ​ទាំង​៣​នេះ ដើម្បី​ឱ្យ​ជីវិត​របស់​យើង​បាន​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​មូល​ដ្ឋាន​គ្រឹះ​នៃ​ជំនឿ។ ទោះ​បី យើង​ភ្ជាប់​នឹង​ជំងឺ​កូវីដ-១៩ ទោះ​បី​យើង​ឆ្ងាយ​ពី​ព្រះវិហារ​ដោយសារ​យើង​ចូល​ព្រះវិហារ​មិន​បាន ប៉ុន្តែ​យើង​នៅ​ជិត​ជា​មួយ​ព្រះជាម្ចាស់​ដដែល។ ថ្ងៃ​នេះ​យើង​បាន​និយាយ​អំពី​ជំនឿ “តាម​ពិត​ជំនឿ​ជា​គុណ​ធម៌​ដែល​មក​ពី​ព្រះជាម្ចាស់ ដោយសារ​ជំនឿ យើង​ផ្ញើ​ជីវិត​ទាំង​ស្រុង​ទៅ​លើ​ព្រះអង្គ ជឿ​លើ​ព្រះបន្ទូល​របស់​ព្រះអង្គ និង​សេចក្តី​ដែល​ព្រះអង្គ​បាន​សម្តែង​ឱ្យ​យើង​ដឹង ហើយ​ដែល​ព្រះសហគមន៍​ដ៏​វិសុទ្ធ​ស្នើ​សុំ​ឱ្យ​យើង​ជឿ”។ ជំនឿ​របស់​យើង ជា​ព្រះអំណោយ​ទាន​យ៉ាង​ពិសេស​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់។ ថ្ងៃ​នេះ​នៅ​ក្នុង​អត្ថបទ​គម្ពីរ​ដំណឹង​ល្អ “នៅ​ពេល​សាប​ព្រោះ​ហើយ ទោះ​បី​អ្នក​សាប​ព្រោះ​កំពុង​ដេក​លក់​ក្តី គាត់​ក្រោក​ឈរ​ក្តី យប់​ក្តី ថ្ងៃ​ក្តី ក្តៅ​ក្តី ភ្លៀង​ក្តី ប៉ុន្តែ​គ្រប់​ពូជ​នៅ​តែ​មាន​ពន្លក​ដុះ​ឡើង ដោយ​គាត់​ពុំ​បាន​ដឹង​ថា​មក​ពី​ណា?”។ តាម​ពិត ជំនឿ​ជា​អ្វី​ដែល​ព្រះជាម្ចាស់​បាន​សាប​ព្រោះ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ជំនឿ​នេះ​ដែល​ចូល​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង​ចាប់​ផ្តើម​ដុះ​ឡើង  យើង​មិន​ដឹង ព្រោះ​នេះ​ជា​ព្រះអំណោយ​ទាន​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ ជា​ព្រះអំណោយ​ទាន​ដែល​យើង​បាន​ទទួល​ពី​ព្រះអង្គ។ ជំនឿ មិន​មែន​យើង​ទទួល​ពី​គ្រីស្ត​បរិស័ទ​ណា​ម្នាក់ មិន​មែន​យើង​ទទួល​ពី​មិត្ត​សម្លាញ់​របស់​យើង មិន​មែន​យើង​ទទួល​ពី​គ្រូ​អប់រំ​ជំនឿ មិន​មែន​យើង​ទទួល​ពី​ឪពុក​ម្តាយ​ធម៌ មិន​មែន​យើង​ទទួល​ពី​បូជាចារ្យ។ ជំនឿ​ជា​ព្រះអំណោយ​ទាន​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ ព្រះជាម្ចាស់​បាន​សាប​ព្រោះ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង។ ប៉ុន្តែ​ក្រោយ​មក ជំនឿ​នេះ​ចាប់​ផ្តើម​ដុះ​ឡើង យប់​ក្តី ថ្ងៃ​ក្តី ភ្លៀង​ក្តី ក្តៅ​ក្តី ជំនឿ​កំពុង​ដុះ​ឡើង​ដោយ​ព្រះជាម្ចាស់​ផ្ទាល់។ ប៉ុន្តែ ជំនឿ​នេះ​អាច​ដុះ​ឡើង​រហូត​ដល់​មាន​ស្រូវ​ដ៏​ស្អាត​ពី​១​ទៅ​ជា​១០០ លុះត្រាតែ​ដី​របស់​យើង ដួង​ចិត្ត​របស់​យើង ជា​ដី​ដែល​ស្វាគមន៍​ជំនឿ​នេះ ជា​ដី​ដែល​ថែរក្សា​ជំនឿ​នេះ។ ខ្ញុំ​បាន​សាប​ព្រោះ​នៅ​មុខ​ព្រះវិហារ​អាទិត្យ​មុន យើង​ដឹង​ថា​មាន​កសិករ​មួយ​ចំនួន​គាត់​សើច​ខ្ញុំ គាត់​ថា តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឱ្យ​គ្រាប់​ពូជ​ដុះ​ឡើង​នៅ​លើ​ថ្ម​ដូច​នេះ? ឥឡូវ​វា​ចាប់​ផ្តើម​ដុះ​ឡើង​ដោយ​សារ​យើង​មាន​ដី​កម្រាស់ ៥​សង់​ទី​ម៉ែត្រ ប៉ុន្តែ​យើង​ចាំ​មើល​នៅ​ពេល​វា​ចាក់​ឬស តើ​វា​អាច​ចាក់​ដល់​ថ្ម​ឬ​វា​ងាប់? ដួង​ចិត្ត​របស់​យើង​ក៏​ដូច​គ្នា​ដែរ ប្រសិន​បើ​យើង​មាន​ដី​តិច​តួច​វា​ចាប់​ផ្តើម​ដុះ​ឡើង​ដែរ ដោយសារ​ព្រះជាម្ចាស់​ប្រទាន​ឱ្យ។ ប៉ុន្តែ ប្រសិន​បើ​យើង​មិន​កែ​ដួង​ចិត្ត​របស់​យើង កែ​ដី​របស់​យើង នោះ​វា​មិន​អាច​ចាក់​ឬស​យ៉ាង​ជ្រៅ វា​អាច​ស្រពោន​ឬ​ងាប់​តែ​ម្តង មិន​អាច​ណែនាំ​ឱ្យ​យើង​មាន​ផ្លែ​ពី​១​ទៅ​ជា​១០០​បាន​ទេ។ ចំណុច​ទី​១ ឱ្យ​យើង​យល់​ថា​ជំនឿ​ជា​ព្រះអំណោយ​ទាន​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ ជា​ព្រះអំណោយ​ទាន​យ៉ាង​ពិសេស ដែល​បាន​ណែនាំ​ឱ្យ​យើង​ផ្ញើ​ជីវិត​ទាំង​ស្រុង​ទៅ​លើ​ព្រះជាម្ចាស់​។ នៅ​ពេល​យើង​ធ្វើ​ជំហាន​ទី​២​យើង​ចាប់​ផ្តើម​ហើយ ពេល​យើង​ទទួល​ពិធី​ជ្រមុជ​ទឹក​ពិត​មាន​នៅ​ពេល​នោះ​យើង​ជា​គ្រីស្ត​បរិស័ទ​ដ៏​ពេញ​លក្ខណៈ ដែល​ផ្ញើ​ជីវិត​ទាំង​ស្រុង​ទៅ​លើ​ព្រះជាម្ចាស់។ ចំណុច​ទី​២ ណែនាំ​ឱ្យ​យើង​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​ដោយ​ចិត្ត​ស្រឡាញ់ និង​ជម្រុញ​យើង​ឱ្យ​យើង​ត្រូវ​តែ​ប្រកាស និង​ផ្តល់​សក្ខីភាព​អំពី​ជំនឿ​នេះ។ ជំនឿ​ជា​ព្រះអំណោយ​ទាន​ដែល​យើង​បាន​ទទួល ប៉ុន្តែ​ជា​ព្រះអំណោយ​ទាន​មួយ​យ៉ាង​ពិសេស​ដែល​យើង​មិន​អាច​ទុក​សម្រាប់​យើង ជា​អំណោយ​មួយ​ដែល​យើង​ត្រូវ​តែ​ប្រកាស ចែក​រំលែក​ជា​មួយ​បងប្អូន​ឯទៀតៗ។ ព្រះជាម្ចាស់​ប្រទាន​ឱ្យ​មែន ប៉ុន្តែ​ព្រះជាម្ចាស់​បាន​ទន្ទឹង​រង់​ចាំ​លើ​យើង ដើម្បី​ឱ្យ​យើង​ទៅ​ជា​សាក្សី​នៃ​ជំនឿ​នេះ ដើម្បី​ឱ្យ​យើង​បន្ត​សាប​ព្រោះ។ ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​គម្ពីរ​ថ្ងៃ​នេះ “យើង​សាប​ព្រោះ​ហើយ ព្រះជាម្ចាស់​ធ្វើ និង​ក្រោយ​មក​ពូជ​ល្អិត​ដែល​ជា​ពូជ​តូច​បំផុត ទៅ​ជា​ដំណាំ​ធំ​បំផុត ទៅ​ជា​ដើម​ឈើ​មួយ​ដែល​មាន​មែក​យ៉ាង​ច្រើន ដែល​មាន​ម្លប់​យ៉ាង​ច្រើន ដែល​ណែនាំ​ឱ្យ​បក្សា​បក្សី​មក​ធ្វើ​សំបុក​ជ្រក​អាស្រ័យ”។ នេះ​ជា​លទ្ធ​ផល ផ្លែ​នៃ​ជំនឿ​របស់​យើង យើង​ប្រកាស​ជំនឿ​នេះ យើង​ប្រកាស​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ យើង​ប្រព្រឹត្ត​អំពើ​ល្អ។ សេចក្តី​ស្រឡាញ់​មក​ពី​ជំនឿ​របស់​យើង ជំនឿ​របស់​យើង​ដែល​ឥត​មាន​ផ្លែ​ជា​ជំនឿ​អា ជំនឿ​របស់​យើង​ដែល​ឥត​មាន​សេចក្តី​ស្រឡាញ់​ជា​ជំនឿ​អា។ ប៉ុន្តែ ព្រះជាម្ចាស់​បាន​ណែនាំ​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ឱ្យ​យើង​មាន​សមត្ថភាព​ឱ្យ​យើង​ផ្តល់​សក្ខីភាព។ នេះ​ស៊ី​សង​លើ​យើង​ដែរ ប្រសិន​បើ​យើង​ដេក​លក់​ឥត​មាន​អ្វី​កើត​ឡើង ប្រសិន​បើ​យើង​មិន​យក​ចិត្ត​ទុក​ដាក់​ឥត​មាន​អ្វី​កើត​ឡើង។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​យើង​យក​ចិត្ត​ទុក​ដាក់​យើង​នឹង​ឃើញ​ផ្លែ ជំនឿ​ដែល​យើង​ប្រកាស​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់ ណែនាំ​ឱ្យ​យើង​ឃើញ​ព្រះសហគមន៍។ ព្រះសហគមន៍​របស់​យើង​ដូច​ជា​ដើម​ឈើ​មួយ​យ៉ាង​ធំ ដែល​បែក​មែក​សាខា​យ៉ាង​ច្រើន ដែល​មាន​ម្លប់​យ៉ាង​ត្រជាក់ ដែល​ណែនាំ​ឱ្យ​បក្សា​បក្សី​គ្រប់​ប្រភេទ​អាច​មក​ធ្វើ​សំបុក​នៅ​ក្នុង​អំណរ​សប្បាយ។ នេះ​ជា​ព្រះសហគមន៍​របស់​យើង ព្រះសហគមន៍​របស់​យើង​ត្រូវ​ទៅ​ជា​កន្លែង​មួយ​ដើម្បី​ទទួល​ស្វាគមន៍​បងប្អូន​ទាំង​អស់​។ អ្នក​ក្រីក្រ​ក្តី អ្នក​មាន​ក្តី អ្នក​ដែល​អស់​សង្ឃឹម អ្នក​ដែល​មាន​សេចក្តី​សង្ឃឹម

បុណ្យ​គោរព​ព្រះកាយ​និង​ព្រះលោហិត​របស់​ព្រះយេស៊ូ​គ្រីស្ត ថ្ងៃទី​៦ ខែ​មិថុនា ឆ្នាំ​២០២១ ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (ចំការទៀង) “៣គ្រឹះ”

បងប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ យើង​រួម​គ្នា​ចូល​នៅ​ក្នុង​បុណ្យ​មួយ​យ៉ាង​ពិសេស គឺ​បុណ្យ​គោរព​ព្រះកាយ​និង​ព្រះលោហិត​របស់​ព្រះយេស៊ូ​ព្រះគ្រីស្ត។ បងប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​ដែល​យើង​និយាយ​អំពី​គោរព​ព្រះកាយ​និង​ព្រះលោហិត​របស់​ព្រះយេស៊ូ​គ្រីស្ត យើង​យល់​ថា​ព្រះជាម្ចាស់​របស់​យើង​មិន​មែន​តែ​ជា​ព្រះជាម្ចាស់​ដែល​នៅ​ស្ថាន​បរម​សុខ ដែល​មាន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ព្រះជាម្ចាស់​របស់​យើង បាន​ចាប់​កំណើត​ជា​មនុស្ស​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត ដើម្បី​ធ្វើ​ដំណើរ​ជា​មួយ​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ព្រះជាម្ចាស់​របស់​យើង បាន​ចាប់​កំណើត​ជា​មនុស្ស​នៅ​លើ​ផែនដី​នេះ នៅ​ក្នុង​ភូមិ​បេថ្លេហិម បាន​លូត​លាស់​ក្នុង​វ័យ​កុមារ​ភាព​នៅ​ភូមិ​ណាសារ៉េត ហើយ​បាន​ចេញ​ទៅ​ប្រកាស​ដំណឹង​ល្អ​នៅ​ស្រុក​កាលីឡេ បាន​សោយ​ព្រះទិវង្គត​នៅ​ទីក្រុង​យេរ៉ូសាឡឹម មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ទីក្រុង​យេរ៉ូសាឡឹម ហើយ​ព្រះអង្គ​បាន​ចាប់​ផ្ដើម​ទៅ​បង្ហាញ​ខ្លួន​នៅ​ក្នុង​ស្រុក​កាលីឡេ​វិញ។ សប្តាហ៍​មុន យើង​បាន​គោរព​បុណ្យ​ព្រះយេស៊ូ​ឡើង​ស្ថាន​បរម​សុខ យើង​បាន​ឃើញ​ព្រះយេស៊ូ​ណែនាំ​ឱ្យ​យើង​ទៅ​ប្រកាស​ដំណឹង​ល្អ​នេះ។ ហេតុ​នេះ​ហើយ​ដំណឹង​ល្អ​របស់​យើង ដំណឹង​ល្អ​ដែល​យើង​ប្រកាស​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​មក​ពី​ព្រះយេស៊ូ​ផ្ទាល់​មិន​មែន​ជា​ដំណឹង​ល្អ​ទូទៅ មិន​មែន​ជា​ដំណឹង​ល្អ​ដែល​នាំ​ឱ្យ​យើង​មាន​ទស្សនៈ​អស្ចារ្យ គឺ​ជា​ដំណឹង​ល្អ​ដែល​បាន​ចាប់​កំណើត​ជា​មនុស្ស​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត។ ថ្ងៃ​នេះ ដែល​យើង​គោរព​ព្រះកាយ​និង​ព្រះលោហិត​របស់​ព្រះយេស៊ូ​គ្រីស្ត គឺ​យើង​គោរព​រូបកាយ​របស់​ព្រះយេស៊ូ។ មនុស្ស​យើង​មាន​រូប​កាយ ព្រះយេស៊ូ​មាន​រូប​កាយ មនុស្ស​យើង​មាន​លោហិត ព្រះយេស៊ូ​មាន​ព្រះលោហិត មនុស្ស​យើង​មាន​ជីវិត​នៅ​លើ​ផែនដី​នេះ​គេ​អាច​ប៉ះ​យើង យើង​អាច​បង្កើត​ទំនាក់​ទំនង​រវាង​គ្នា​និង​គ្នា។ ជាពិសេស នៅ​ក្នុង​សម័យ​កូវីដ-១៩​នេះ​ដែល​យើង​ជួប​គ្នា​មិន​បាន យើង​យល់​អំពី​សារៈ​សំខាន់​នៃ​ទំនាក់​ទំនង​ដោយ​ផ្ទាល់។ ព្រះយេស៊ូ​ដែល​បាន​ចាប់​កំណើត​ជា​មនុស្ស ជា​រូប​កាយ​របស់​ព្រះអង្គ​ដែល​ធ្វើ​ដំណើរ​ជា​មួយ​យើង ដែល​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​ជីវិត​របស់​យើង ដើម្បី​ឱ្យ​យើង​ទាំង​អស់​គ្នា​មាន​ជីវិត។ ឆ្នាំ​មុន ដូច​ជា​ទស្សនៈ​មួយ​ឆ្ងាយ​ពី​យើង​អត់​ដែល​ឃើញ ប៉ុន្តែ​ឥឡូវ​នេះ​យើង​បាន​ឃើញ​ផ្ទាល់​ភ្នែក កូវីដ–១៩​បាន​ចូល​នៅ​ក្នុង​ខ្លួន​របស់​យើង នៅ​ក្នុង​ខ្លួន​មិត្ត​ភក្កិ​របស់​យើង នៅ​ក្នុង​ខ្លួន​កូន​របស់​យើង។ យើង​មាន​គ្រីស្ត​បរិស័ទ​មួយ​ចំនួន ដូចជា​នៅ​មណ្ឌល​និស្សិត​កាតូលិក​កម្ពុជា ដូចជា​នៅ​ក្នុង​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ដែល​មាន​ជំងឺ​កូវីដ-១៩​ចូល​នៅ​ក្នុង​ខ្លួន យើង​មាន​បងប្អូន​ប៉ុន្មាន​នាក់​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក។ ដោយសារ​ជំងឺ​កូវីដ-១៩ លែង​ជា​រឿង​មួយ​ដែល​យើង​និយាយ​តៗ​គ្នា គឺ​ផ្ទាល់​ភ្នែក។ សព្វ​ថ្ងៃ​នៅ​ភូមិ​របស់​យើង នៅ​ចំការទៀង​ជាពិសេស​ក៏​ដូចជា​ភូមិ​នៅ​ជុំ​វិញ​ស្ងាត់​ណាស់ មនុស្ស​នៅ​តែ​ក្នុង​ផ្ទះ​ហើយ​ភ័យ​ខ្លាច។ ប៉ុន្តែ ថ្ងៃ​នេះ​ដែល​យើង​គោរព​ព្រះកាយ​និង​ព្រះលោហិត​របស់​ព្រះយេស៊ូ​គ្រីស្ត យើង​ដឹង​ថា​ព្រះយេស៊ូ​យាង​មក​ដើម្បី​សួរ​សុខ​ទុក្ខ​យើង ព្រះយេស៊ូ​យាង​មក​ដើម្បី​ចូល​នៅ​ក្នុង​ទុក្ខ​លំបាក​របស់​យើង ព្រះយេស៊ូ​យាង​មក​ដើម្បី​ធ្វើ​ដំណើរ​ជា​មួយ​យើង។ ជា​រៀង​រាល់​ឆ្នាំ យើង​បាន​ហែ​តាម​វាល​ស្រែ តាម​ផ្ទះ​គ្រីស្ត​បរិស័ទ​នីមួយៗ ដើម្បី​ឱ្យ​ព្រះកាយ​ព្រះគ្រីស្ត​ទៅ​សួរ​សុខ​ទុក្ខ​ដល់​ផ្ទះ​របស់​បង​ប្អូន។ ថ្ងៃ​នេះ​យើង​ហែ​មិន​បាន ប៉ុន្តែ​យើង​ដឹង​ថា យើង​ជឿ​ថា ព្រះកាយ​ព្រះគ្រីស្ត​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង កំពុង​សួរ​សុខ​ទុក្ខ​យើង កំពុង​ធ្វើ​ដំណើរ​ជា​មួយ​យើង ដើម្បី​ផ្ដល់​កម្លាំង​កាយ​កម្លាំង​ចិត្ត​ឱ្យ​យើង​ទាំង​អស់​គ្នា។ សព្វ​ថ្ងៃ នៅ​ប្រទេស​កម្ពុជា​ក្នុងYOUTUBE មាន​បទ​ចម្រៀង​មួយ​ដែល​ល្បី​មាន​ចំណង​ជើង​ថា “កម្ពុជា​រឹងមាំ កម្ពុជា​រឹងមាំ”។ ខ្ញុំ​គិត​ថា សម្រាប់​យើង​ជា​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​យើង​ត្រូវ​ការ​រឹងមាំ​ដែរ រឹងមាំ​ដោយសារ​ព្រះជាម្ចាស់ រឹងមាំ​ដោយសារ​យើង​រស់​នៅ​ក្នុង​សេចក្តី​សង្ឃឹម នៅ​ក្នុង​ជំនឿ នៅ​ក្នុង​សេចក្តី​ស្រឡាញ់ ដែល​ព្រះជាម្ចាស់​ប្រទាន​ឱ្យ។ ប៉ុន្មាន​ថ្ងៃ​កន្លង​មក ខ្ញុំ​បាន​ចូល​រួម​ប្រជុំ​តាម ZOOM ជា​មួយ​បូជាចារ្យ ជា​មួយ​យុវជន​យុវនារី ជាមួយជំទង់ និងការិយាល័យយុវជន។ ជួន​កាល​យើង​ស្ដាប់​បងប្អូន​យើង ដែល​ថា​ពិបាក​ណាស់ ចូល​អភិបូជា​ពី​ចម្ងាយ (Online) ដូចជា​ពិបាក​ណាស់ ដោយសារ​ពេល​យើង​ចូល​អភិបូជា​ពី​ចម្ងាយ​ជួន​កាល​មាន​សារ​ដែល​លោត​មក​រំខាន​យើង។ ជួន​កាល​យើង​ស្ដាយ ដោយសារ​យើង​លែង​មាន​អប់រំ​ជំនឿ យើង​មាន​អារម្មណ៍​ថា​យើង​មិន​ដឹង​ធ្វើ​អ្វី។ ជួន​កាល​យើង​មាន​អារម្មណ៍​ថា យើង​មិន​សូវ​រវីរវល់​អ្វី​សោះ អ្វី​ក៏​បាន មាន​ក៏​មាន អត់​ក៏​អត់។ អី​ក៏​បាន ឱ្យ​យើង​នៅ​តែ​ផ្ទះ​ហើយ​ដេក​ទៅ កុំ​ឱ្យ​យើង​ធ្វើ​អ្វី ដោយសារ​យើង​គ្មាន​សិទ្ធិ​ចេញ ពិត​មែន​យើង​គ្មាន​សិទ្ធិ​ចេញ ពិត​មែន​យើង​ចូល​អភិបូជា​ដោយ​ផ្ទាល់​មិន​បាន ពិត​មែន​យើង​មិន​អាច​ប្រជុំ​គ្នា​ច្រើន​បាន ដើម្បី​ទទួល​ការ​អប់រំ​ជំនឿ​ឬ​ដើម្បី​កម្មវិធី​ផ្សេងៗ។ ប៉ុន្តែ បង​ប្អូន​ជា​ទី​ស្រឡាញ់​កុំ​ឱ្យ​យើង​ចេញ​សំឡេង​ដែល​បង្ហាញ​ថា​យើង​ធុញ កុំ​ឱ្យ​យើង​ចេញ​សំឡេង​ដែល​បង្ហាញ​ថា​យើង​អស់​កម្លាំង កុំ​ឱ្យ​យើង​ចេញ​សំឡេង​ដែល​បង្ហាញ​ថា​យើង​ដូចជា​លែង​គិត​ពី​អ្វីៗ​ទាំង​អស់។ បង​ប្អូន​ជា​ទី​ស្រឡាញ់ កុំ​ឱ្យ​យើង​រអ៊ូ​រទាំ កុំ​ឱ្យ​យើង​ងងុយ​ដេក កុំ​ឱ្យ​យើង​ខ្ជិល​ច្រអូស ផ្ទុយ​ទៅ​វិញ​ឱ្យ​យើង​មើល​ព្រះយេស៊ូ​ដែល​ពី​ដើម​រៀង​មក​បាន​ប្រកាស​ដំណឹង​ល្អ ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​គេ​មិន​យល់​អំពី​ព្រះយេស៊ូ រហូត​ដល់​គេ​ចាប់​ព្រះអង្គ​ហើយ​សម្លាប់​ព្រះអង្គ ប៉ុន្តែ​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ សូម​សម្លឹង​មើល​ក្រុម​សាវ័ក ក្រុម​សាវ័ក​គេ​សប្បាយ​ណាស់​ធ្វើ​ដំណើរ​ជា​មួយ​ព្រះយេស៊ូ។ គេ​សប្បាយ​មែន​ទែន ដោយសារ​ព្រះយេស៊ូ​ប្រកាស​ដំណឹង​ល្អ​មាន​មហា​ជន​ដែល​មក​ស្ដាប់​ព្រះអង្គ មាន​រាប់​ពាន់​នាក់​បាន​ទទួល​ម្ហូប​អាហារ មាន​រាប់​ពាន់​អ្នក​បាន​ជា​សះស្បើយ​ពី​ជំងឺ​ដោយសារ​ព្រះយេស៊ូ និង​ក្រុម​សាវ័ក​ដែល​ព្រះយេស៊ូ​បាន​ជ្រើស​រើស​១២​រូប​ឱ្យ​ធ្វើ​ដំណើរ​ជា​មួយ​ព្រះអង្គ ដែល​ជា​បរម​គ្រូ ដែល​ពោរពេញ​ដោយ​ព្រះអំណាច ដែល​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ គេ​មាន​កិត្តិយស គេ​មាន​មោទនភាព គេ​មាន​អំណរ​សប្បាយ ប៉ុន្តែ​ព្រះយេស៊ូ​ហ្នឹង​ដែល​គេ​ស្រឡាញ់​បំផុត ដែល​គេ​គោរព​បំផុត នៅ​ពេល​ព្រះអង្គ​សោយ​ព្រះទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ក្រុម​សាវ័ក​ទៅ​អស់​ហើយ។ ដោយ​សារ​ការ​ភ័យ​ខ្លាច មាន​ខ្លះ​គេ​ក្បត់​ព្រះអង្គ នៅ​ពេល​ព្រះយេស៊ូ​សោយ​ទិវង្គត​ហើយ​គេ​លែង​ហ៊ាន​ទៅ​ប្រកាស​ដំណឹង​ល្អ គេ​អស់​សង្ឃឹម​ហើយ​ប៉ុន្តែ​គេ​បន្ត​អធិដ្ឋាន។

បុណ្យលើកតម្កើងព្រះត្រៃឯក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី “យើងជាគ្រួសារតែមួយដូចព្រះត្រៃឯក”

បងប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ យើង​គោរព​ព្រះជាម្ចាស់​ដែល​ជា​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ (ព្រះត្រៃឯក)។ យើង​បាន​ស្ដាប់​អត្ថបទ​ទី​១ អំពី​គម្រោងការ​ដ៏​អស្ចារ្យ​ដែល​ព្រះជាម្ចាស់​បាន​រៀប​ចំ​សម្រាប់​ប្រជារាស្រ្ត​អ៊ីស្រាអែល​ពី​ដើម និង​ដែល​បាន​រៀបចំ​សម្រាប់​យើង​សព្វ​ថ្ងៃ។ គម្រោងការ​នេះ គឺ “អ្នក​ត្រូវ​កាន់​តាម​វិន័យ និង​តាម​បទ​បញ្ជា​របស់​ព្រះអង្គ ដែល​ខ្ញុំ​បាន​ប្រគល់​ឱ្យ​អ្នក​នៅ​ថ្ងៃ​នេះ ដើម្បី​ឱ្យ​ទាំង​អ្នក ទាំង​កូន​ចៅ​របស់​អ្នក​មាន​សុភមង្គល​ហើយ មាន​អាយុ​យឺនយូរ​នៅ​លើ​ទឹក​ដី​ដែល​ព្រះជាម្ចាស់​របស់​អ្នក​ប្រទាន​ឱ្យ​អ្នក​រហូត​ត​ទៅ”។ នេះ​ជា​ព្រះបន្ទូល​សន្យា​របស់​ព្រះជាម្ចាស់ ឱ្យ​យើង​ទាំង​អស់​គ្នា​មាន​សុភមង្គល មាន​អាយុ​យឺនយូរ​នៅ​លើ​ទឹក​ដី​ដែល​ព្រះជាម្ចាស់​ប្រទាន​ឱ្យ។ សព្វ​ថ្ងៃ សម្រាប់​យើង​ទឹក​ដី​ដែល​ព្រះជាម្ចាស់​ប្រទាន​ឱ្យ គឺ​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា​របស់​យើង​។ ដោយ​ដឹង​ថា ព្រះជាម្ចាស់​ដែល​ជា​ព្រះបិតា​បាន​ជ្រើស​រើស​យើង បាន​ជ្រើស​រើស​យើង​ជា​ប្រជា​រាស្ត្រ​របស់​ព្រះអង្គ​នៅ​លើ​ទឹក​ដី​យើង។ ព្រះជាម្ចាស់ បាន​ណែនាំ​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ឱ្យ​យើង​ទទួល​ស្គាល់​ថា ពិត​មែន​យើង​ជា​បុត្រ​ធីតា​របស់​ព្រះជាម្ចាស់។ ដូច​យើង​បាន​ស្ដាប់​នៅ​ក្នុង​អត្ថបទ​ទី​២ ដោយសារ​ព្រះវិញ្ញាណ​នេះ​យើង​បន្លឺ​សំឡេង​ឡើង​ថា “អាប៉ា ឱ​ព្រះបិតា” គឺ​ព្រះវិញ្ញាណ​ដែល​ផ្ដល់​សក្ខី​ភាព ឱ្យ​វិញ្ញាណ​របស់​យើង​ខ្ញុំ​ដឹង​ថា យើង​ពិត​ជា​បុត្រ​ធីតា​បស់​ព្រះជាម្ចាស់​មែន។ យើង​ទទួល​បេសកកម្ម​ពី​ព្រះយេស៊ូ​ផ្ទាល់ ដែល​ថ្ងៃ​នេះ​ព្រះអង្គ​មាន​ព្រះបន្ទូល​ដល់​យើង​ថា “ចូរ​ចេញ​បង្ហាត់​មនុស្ស​គ្រប់​ជាតិ​សាសន៍ ឱ្យ​ធ្វើ​ជា​សាវ័ក ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឱ្យ​គេ​នៅ​ក្នុង​ព្រះនាម​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ”។ បងប្អូន​ជា​ទី​ស្រឡាញ់ នេះ​ជា​គម្រោងការ​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់​សម្រាប់​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ពី​ដើម​រៀង​មក​រហូត​ដល់​សព្វ​ថ្ងៃ។ គឺ​យើង​ជា​ប្រជារាស្ត្រ​ដែល​ព្រះជាម្ចាស់​ជា​ព្រះបិតា​បាន​ជ្រើស​រើស យើង​មាន​សមត្ថភាព​ដើម្បី​ហៅ​ព្រះជាម្ចាស់​ថា​ព្រះបិតា នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ដោយសារ យើង​ជា​បុត្រា​បុត្រី​របស់​ព្រះជាម្ចាស់ និង​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត​យើង​ទទួល​បេសកកម្ម​មួយ​យ៉ាង​ពិសេស គឺ​បង្ហាត់​ឱ្យ​មនុស្ស​ទាំង​ឡាយ​ធ្វើ​ជា​សាវ័ក និង​ណែនាំ​ឱ្យ​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក​នៅ​ក្នុង​ព្រះនាម​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ នៅ​ក្នុង​ខែ​ឧសភា​នេះ យើង​បាន​ផ្ញើ​ជីវិត​ទៅ​លើ​ព្រះនាង​ម៉ារី​ជា​ពិសេស និង​នៅ​ក្នុង​ខែ​មិថុនា ដែល​បន្តិច​ទៀត​យើង​នឹង​ចូល យើង​គោរព​ជាពិសេស​ព្រះយេស៊ូ​ដែល​មាន​ព្រះហឫទ័យ​ស្រឡាញ់​មនុស្ស​លោក និង​គោរព​ព្រះនាង​នារី​ដែល​មាន​ព្រះបេះដូង​ស្រឡាញ់​យើង​ដែរ។ ជា​ពេល​វេលា​ពិសេស នៅ​ក្នុង​ខែ​មិថុនា​ដើម្បី​ផ្ញើ​ជីវិត​របស់​យើង​សារជាថ្មី​ទៅ​លើ​ព្រះជាម្ចាស់ ដែល​មាន​ព្រះហឫទ័យ​ស្រឡាញ់​មនុស្ស​លោក។ ថ្ងៃ​នេះ ដែល​យើង​គោរព​ព្រះជាម្ចាស់ ជា​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ យើង​ដូចជា​មាន​ពិសោធន៍​យ៉ាង​ប្លែក អំពី​សេចក្តី​ស្រឡាញ់​ដែល​ព្រះជាម្ចាស់​មាន។ សេចក្តី​ស្រឡាញ់​រវាង​ព្រះបិតា​និង​ព្រះបុត្រា នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ដូច្នេះ យើង​មើល​ឃើញ​ថ្ងៃ​នេះ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដែល​ជា​សេចក្តី​ស្រឡាញ់ រវាង​ព្រះបិតា​និង​ព្រះបុត្រា​កំពុង​ធ្វើ​ដំណើរ។ ធ្វើ​ដំណើរ​ពី​ព្រះបិតា​ទៅ​ព្រះបុត្រា ពី​ព្រះបុត្រា​ទៅ​ព្រះបិតា និង​ដោយសារ​ព្រះជាម្ចាស់​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង ព្រះជាម្ចាស់​បាន​បើក​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ ដើម្បី​បង្កើត​យើង​ជា​បុត្រ​ធីតា​របស់​ព្រះអង្គ​។ ដូចជា ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​ចេញ​ពី​ព្រះបេះដូង​របស់​ព្រះយេស៊ូ ដើម្បី​សណ្ឋិត​លើ​យើង​ដូច​យើង​បាន​គោរព​ពី​សប្តាហ៍​មុន ណែនាំ​ឱ្យ​យើង​ជា​ព្រះសហគមន៍ ណែនាំ​ឱ្យ​យើង​ជា​ព្រះកាយ​ព្រះគ្រីស្ត ណែនាំ​ឱ្យ​យើង​ជា​មហា​គ្រួសារ​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត ចូល​រួម​នៅ​ក្នុង​អាថ៌កំបាំង​នៃ​ព្រះជាម្ចាស់ ដើម្បី​ធ្វើ​ជា​អង្គ​មួយ។ នេះ​ជា​ការ​អស្ចារ្យ​ដែល​ថ្ងៃ​នេះ​យើង​គោរព ប្រសិន​បើ​យើង​នឹក​ឃើញ​មួយ​ភ្លែត យើង​ចូល​នៅ​ក្នុង​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់​តែ​ម្តង យើង​ចូល​នៅ​ក្នុង​ជីវិត​របស់​ព្រះជាម្ចាស់​តែ​ម្ដង។ យើង​មិន​មែន​ជា​ព្រះជាម្ចាស់ ដែល​នៅ​ស្ថាន​បរម​សុខ យើង​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ យើង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​នៅ​ក្នុង​គ្រួសារ​តែ​មួយ ដែល​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់​ដែល​មក​ពី​ព្រះជាម្ចាស់​ដ៏​ពិត​ប្រាកដ​មែន។ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក ណែនាំ​ឱ្យ​យើង​ទៅ​រក​ផ្លូវ​នានា យើង​ឃើញ​សព្វ​ថ្ងៃ​ទោះ​បី​យើង​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ទោះ​បី​យើង​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់​ដែល​មក​ពី​ព្រះជាម្ចាស់ ទោះបី​យើង​ចង់​ចូល​រួម​នៅ​ក្នុង​គម្រោងការ​របស់​ព្រះអង្គ ដែល​ណែនាំ​ឱ្យ​យើង​មាន​សុភមង្គល ឱ្យ​យើង​មាន​អាយុ​យឺនយូរ​នៅ​លើ​ផែនដី​នេះ។ យើង​ឃើញ​ជំងឺ​កូវីដ-១៩ ក៏​នៅ​តែ​បន្ត​រារាំង​ផ្លូវ​នៃ​សុភមង្គល​របស់​យើង ក៏​នៅ​តែ​បន្ត​ធ្វើ​ជា​ទុក្ខ​លំបាក​សម្រាប់​បងប្អូន​របស់​យើង​យ៉ាង​ច្រើន។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យើង​ចេះ​តែ​សង្ឃឹម​ថា​ប្រហែល​ថ្ងៃ​ស្អែក​យើង​អស់​កូវីដ​ហើយ ផ្ទុយ​ទៅ​វិញ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យើង​មើល​តួ​លេខ​ទោះ​បី​មាន​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​យ៉ាង​ច្រើន​ក៏​ដោយ ទោះ​បី​ចំនួន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ​មាន​ច្រើន​ក៏​ដោយ។ ក៏​យើង​នៅ​តែ​ឃើញ​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​ថ្មីៗ ពី​៥០០​នាក់​ឡើង​ទៅ។ យើង​ក៏​បាន​ឃើញ ជំងឺ​នេះ​ចាប់​ផ្តើម​ចេញ​ពី​រាជធានី​ភ្នំពេញ​ទៅ​ដល់​ខេត្ត​នានា ជា​ពិសេស​ចូល​តាម​រោងចក្រ ពី​រោងចក្រ​ចូល​ដល់​ភូមិ។ តាម​ពិត គម្រោងការ​របស់​ព្រះជាម្ចាស់​សម្រាប់​ផែនដី​នេះ ជួន​កាល​យើង​ថា​មិន​សូវ​យល់ ប៉ុន្តែ​ថ្ងៃ​នេះ​យើង​យល់ យើង​មាន​សុភមង្គល​មែន។ តើ​យើង​មាន​សុភមង្គល​របៀប​ណា? គឺ​យើង​ត្រូវ​ការ​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​ជានិច្ច។ បងប្អូន​ជា​ទី​ស្រឡាញ់ តាម​ពិត​ថ្ងៃ​នេះ​ខ្ញុំ​ត្រូវ​ការ​ទៅ​ថ្វាយ​អភិបូជា​នៅ​ព្រះសហគមន៍​សន្ត​យ៉ូសែប ផ្សារតូច ដើម្បី​នឹក​រឭក​ដល់​វិញ្ញាណ​ក្ខន្ធ​របស់​លោក​អភិបាល អ៊ីវ រ៉ាមូស ដែល​បាន​ទទួល​មរណៈភាព​១០០​ថ្ងៃ។ ដោយសារ ផ្សារតូច​ជា​កន្លែង​មួយ​ជា​ប្រវត្តិ​សាស្រ្ត​របស់​លោក​អភិបាល អ៊ីវ ប៉ុន្តែ​ថ្មីៗ​នេះ​យើង​បាន​ទទួល​ដំណឹង​ថា​យើង​មិន​អាច​ទៅ​ផ្សារតូច​បាន​ទេ ដោយសារ​តំបន់​នោះ​ចូល​នៅ​ក្នុង​តំបន់​លឿង​ទុំ​សារជាថ្មី។ ពី​ម្សិលមិញ ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ព្រែក​ដាច់​ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​បងប្អូន​ដែល​បាត់​ផ្ទះ ដោយសារ​ការ​បាក់​ដី​ស្រុត​ចូល​ទន្លេ​មេគង្គ​ថ្មីៗ​នេះ ដែល​មាន​ចំនួន​១៦​គ្រួសារ​។ មុន​ខ្ញុំ​ចេញ​ធ្វើ​ដំណើរ ខ្ញុំ​បាន​ទទួល​ដំណឹង​ថា ជំងឺ​កូវីដ-១៩​បាន​វាយ​លុក​ចូល​ទៅ​ដល់​ភូមិ​ព្រែក​ដាច់​ហ្នឹង​ហើយ ដូច្នេះ​ខ្ញុំ​មិន​អាច​ទៅ​បាន​ទេ។ ហើយ​ក្រោយ​មក ម្សិល​មិញ​ខ្ញុំ​ក៏​មាន​គម្រោង​ការ​ថា​នឹង​ទៅ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង

បុណ្យព្រះវិញ្ញាណដ៏វិសុទ្ធយាងមក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ព្រះសហគមន៍សន្តីម៉ារីញញឹម (តាកែវ) “ព្រះវិញ្ញាណដ៏វិសុទ្ធជម្រុញយើងឱ្យយើងទៅប្រកាសដំណឹងល្អ”

បងប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ដែល​យើង​គោរព​បុណ្យ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដែល​យើង​ទន្ទឹង​រង់​ចាំ។ យើង​បាន​រៀប​ចំ​ផ្កា ដែល​មាន​រាង​ជា​បេះដូង​ក្រហម ហើយ​ពាក់​កណ្ដាល​មាន​ពណ៌​ស​ដែរ​។ ផ្កា​នេះ ណែនាំ​ឱ្យ​យើង​នឹក​ឃើញ​ដល់​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ដែល​យាង​ចូល​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង​តាមរយៈ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ពី​ព្រះឈើ​ឆ្កាង យើង​មាន​ក្រណាត់​ក្រហម និង​ក្រណាត់​ពណ៌​មាស ណែនាំ​ឱ្យ​យើង​នឹក​ឃើញ​ដល់​របៀប​ដែល​ព្រះជាម្ចាស់​ស្រឡាញ់​យើង របៀប​ដែល​ព្រះជាម្ចាស់​បាន​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​ជីវិត​របស់​ព្រះអង្គ​តែ​ម្ដង​តាមរយៈ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ពិត​មែន​ជា​ពេល​វេលា​ដើម្បី​ទូល​អង្វរ​ឱ្យ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក។ ឱ្យ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក​សណ្ឋិត​លើ​យើង មក​សណ្ឋិត​លើ​យើង​រៀងៗ​ខ្លួន ដូច​កាល​ពី​ដើម​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បាន​សណ្ឋិត​លើ​ក្រុម​គ្រីស្ត​ទូត។ ឱ្យ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​មក​សណ្ឋិត​លើ​សង្គម​របស់​យើង​បច្ចុប្បន្ន​នេះ ដូច​ពី​ដើម​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បាន​សណ្ឋិត​លើ​ទីក្រុង​យេរ៉ូសាឡឹម។ ឱ្យ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​មក​សណ្ឋិត​លើ​ព្រះសហគមន៍​យើង​ខ្ញុំ ដូច​កាល​ពី​ដើម​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បាន​សណ្ឋិត​លើ​ក្រុម​គ្រីស្ត​ទូត ដែល​បាន​ជួប​ជុំ​គ្នា​ជា​មួយ​ព្រះនាង​ម៉ារី ជា​មួយ​គ្រីស្ត​បរិស័ទ​ខ្លះៗ​ដែល​កំពុង​អធិដ្ឋាន។ បងប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​អត្ថបទ​ទី​២ យើង​បាន​ស្ដាប់​ផ្លែ​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ គឺ ”សេចក្តី​ស្រឡាញ់ ចិត្ត​អត់​ធ្មត់ បរិសុទ្ធ ជំនឿ ចិត្ត​លើក​លែង​ទោស”។ ប៉ុន្តែ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បាន​ណែនាំ​ឱ្យ​យើង​ទទួល​ព្រះអំណោយ​ទាន​ដ៏​ពិសេស​ទាំង​៧។ ថ្ងៃ​នេះ ជា​រៀង​រាល់​ឆ្នាំ​សម្រាប់​ខ្ញុំ​ដែល​ជា​អភិបាល​របស់​ព្រះសហគមន៍​កាតូលិក គឺ​ជា​ពេល​វេលា​ដើម្បី​ធ្វើ​អគ្គ​សញ្ញា​លាប​ថ្ងាស ដល់​បងប្អូន​ដែល​បាន​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក។ ថ្ងៃ​នេះ​យើង​ធ្វើ​មិន​បាន ប៉ុន្តែ​ថ្ងៃ​នេះ​យើង​ភ្ជាប់​ចិត្ត​រួម​ជា​មួយ​ប្អូនៗ ដែល​បាន​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក ដោយ​ទូល​អង្វរ​ដល់​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​សូម​យាង​មក។ប៉ុន្តែ​មិន​មែន​តែ​សណ្ឋិត​លើ​គេ គឺ​សណ្ឋិត​លើ​យើង​ដែរ។ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​បាន​ណែនាំ​ឱ្យ​យើង​មាន​ប្រាជ្ញា​ឈ្លាសវៃព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​បាន​ណែនាំ​ឱ្យ​យើង​ស្គាល់​សេចក្តី​ពិតព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​បាន​ណែនាំ​ឱ្យ​យើង​មាន​យោបល់​ល្អព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​បាន​ណែនាំ​ឱ្យ​យើង​ចេះ​ទទួល​ខុស​និង​ត្រូវព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​បាន​ណែនាំ​ឱ្យ​យើង​មាន​ចិត្ត​អង់​អាច​ក្លាហានព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​បាន​ណែនាំ​ឱ្យ​យើង​គោរព​ព្រះអម្ចាស់​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើងព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​បាន​ណែនាំ​ឱ្យ​យើង​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​នៅ​ក្នុង​ជីវិត។ នេះ​ជា​ព្រះអំណោយ​ទាន​ទាំង​៧​ដែល​យើង​បាន​ទទួល ជា​ព្រះអំណោយ​ទាន​ទាំង​៧​ដែល​បាន​ណែនាំ​ឱ្យ​យើង​អាច​គិត​ពិចារណា សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ នៅ​ក្នុង​សង្គម​ដែល​កំពុង​រស់​នៅ​ក្នុង​ការ​ទុក្ខ​លំបាក។ តើ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ អាច​ណែនាំ​យើង​ដើម្បី​ឱ្យ​យើង​ទៅ​ជា​មនុស្ស​ថ្មី​ដូច​ម្ដេច? ណែនាំ​យើង​ឱ្យ​យើង​មាន​គំនិត​ថ្មីៗ ណែនាំ​យើង​ឱ្យ​យើង​ចេះ​ទទួល​ខុស​ត្រូវ​យ៉ាង​ច្បាស់​លាស់ ណែនាំ​យើង​ឱ្យ​យើង​មាន​សេចក្តី​ក្លាហាន​អង់​អាច ណែនាំ​យើង​ឱ្យ​យើង​យក​ព្រះជាម្ចាស់​ជា​ទី​ពឹង​តែ​មួយ​ព្រះអង្គ​គត់ ដើម្បី​ធ្វើ​ដំណើរ​នៅ​ក្នុង​ព្រះសហគមន៍ និង​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ តាម​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដែល​បើក​ផ្លូវ​ដ៏​អស្ចារ្យ​សម្រាប់​ជីវិត​របស់​យើង​ពិត​មែន។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ប្រសិន​បើ​យើង​ពិចារណា​អំពី​ស្ថានភាព​សព្វ​ថ្ងៃ យើង​បាន​ឃើញ​ចាប់​ពី​ថ្ងៃ​នេះ​ប្រហែល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដែល​បាន​គង់​នៅ​ដែរ រាជធានី​ភ្នំពេញ​ដូច​ជា​បាន​បើក​ទ្វារ​សារជាថ្មី ផ្សារ​សាធារណៈ​ក៏​បាន​បើក​ទ្វារ​សារជាថ្មី ការ​បិទ​បម្រាម​គោចរ​ក៏​ត្រូវ​បាន​បញ្ចប់។ យើង​អាច​និយាយ​បាន​ថា រាជធានី​ភ្នំពេញ​នៅ​សល់​តែ​តំបន់​ពណ៌​លឿង និង​នៅ​សល់​តំបន់​ពណ៌​ទឹក​ក្រូច​ចាស់​តែ​៥​កន្លែង នេះ​ជា​អ្វី​ដែល​យើង​បាន​ឃើញ។ ប៉ុន្តែ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ណែនាំ​ឱ្យ​យើង​មើល​ឃើញ​ស្ថានភាព​នានា​ដែរ ហើយ​កូវីដ-១៩​ដែល​បាន​ថយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដូច​ជា​បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​តាម​ខេត្ត។ ដោយសារ ប្រសិន​បើ​យើង​មើល​នៅ​តាម​ខេត្ត​នីមួយៗ ជា​រៀង​រាល់​ថ្ងៃ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ពី​៥០​ដល់​១០០​នាក់ ឬ​លើស​ហ្នឹង​ក្នុង​ករណី​ថ្មីៗ។ ដូច្នេះ នៅ​ពេល​នេះ​យើង​មិន​អាច​និយាយ​ថា យើង​នៅ​ក្នុង​ពេល​វេលា​ដែល​ពោរពេញ​ដោយ​សុវត្ថិភាព​បាន​ទេ។ ប្រសិន​បើ យើង​មើល​ហើយ​ពិចារណា​សាលា​ក៏​នៅ​តែ​បន្ត​បិទ​ទ្វារ​ដដែល យើង​បាន​ឃើញ​សកម្មភាព​ជួប​ជុំ​គ្នា​ជា​លក្ខណៈ​គ្រួសារ​យ៉ាង​ធំ ឬ​អាពាហ៍ពិពាហ៍ ឬ​ពិធី​បុណ្យ​នានា ក៏​នៅ​តែ​មិន​ទាន់​ដំណើរ​ការ​បាន​ដដែល។ យើង​ឃើញ​សកម្មភាព​សាសនា​នានា ក៏​នៅ​តែ​មិន​អាច​ធ្វើ​ដដែល ហើយ​ថ្ងៃ​នេះ​ដែល​ខ្ញុំ​បាន​ថ្វាយ​អភិបូជា ពី​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ក្នុង​ខេត្ត​តាកែវ យើង​ក៏​ដឹង​ថា​មាន​ប៉ុន្មាន​ព្រះសហគមន៍​ក៏​នៅ​តែ​មិន​ទាន់​មាន​អភិបូជា​ដដែល ទោះ​បី​ថ្ងៃ​នេះ​ជា​ថ្ងៃ​អាទិត្យ​ផង និង​ជា​បុណ្យ​ឱឡារឹក​ដ៏​កំពូល​របស់​ព្រះសហគមន៍​ផង។ ប្រសិន​បើ យើង​ស្ដាប់​ស្ថាន​ភាព​របស់​ពិភព​លោក យើង​បាន​ដឹង​ថា​មាន​ជិត ៣​លាន​នាក់ ដែល​បាន​ទទួល​មរណៈភាព​ដោយ​សារ​ជំងឺ​កូវីដ-១៩។ ប៉ុន្តែ យើង​អាច​គុណ​ចំនួន​នេះ​ជា​២​ឬ​ជា​៣ សម្រាប់​អ្នក​ដែល​បាន​ស្លាប់​ពី​ឆ្នាំ​២០១៩ ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ ដោយសារ​រង​ឥទ្ធិពល​ដ៏​អាក្រក់​នៃ​ជំងឺ​កូវីដ-១៩។ ដោយសារ មនុស្ស​ដែល​ខ្វះ​ម្ហូប​អាហារ​ក៏​មាន​ច្រើន​ថែម​ទៀត មនុស្ស​ដែល​មិន​អាច​មាន​លទ្ធភាព​ទៅ​មន្ទីរ​ពេទ្យ ដើម្បី​ទទួល​ការ​ព្យាបាល​ក៏​មាន​ច្រើន​ថែម​ទៀត។ ដូច្នេះ ស្ថាន​ភាព​របស់​ពិភព​លោក​ក៏​នៅ​តែ​មិន​ទាន់​ស្រួល​សោះ។ ហេតុ​នេះ​ហើយ ប្រសិន​បើ​យើង​មើល​ទាំង​ឥទ្ធិពល​ផ្ទាល់​ដែល​យើង​ទទួល​ពី​ជំងឺ​កូវីដ-១៩ ទាំង​ឥទ្ធិ​ពល​ដែល​យើង​ទទួល​ផ្សេងៗ​ពី​ជំងឺ​កូវីដ-១៩ ក៏​បាន​ណែនាំ​ឱ្យ​យើង​បន្ត​រស់​នៅ​ក្នុង​បរិយា​កាស ដែល​ធ្វើ​ឱ្យ​យើង​ភ័យ​ខ្លាច​ជានិច្ច។ សង្គម​របស់​យើង​បាន​ធ្លាក់​ចុះ សេដ្ឋកិច្ច​របស់​យើង​ក៏​បាន​ធ្លាក់​ចុះ និង​ជា​ពិសេស​សេដ្ឋកិច្ច​គ្រួសារ​មួយ​ចំនួន​យ៉ាង​ធំ​ក៏​បាន​ធ្លាក់​ចុះ សកម្មភាព​នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង​ក៏​បាន​ធ្លាក់​ចុះ។ ប្រសិន​បើ យើង​ពិចារណា​ពី​ប៉ុន្មាន​ខែ​កន្លង​មក សកម្មភាព​របស់​យើង​ដូច​ជា​ជិត​អស់​ហើយ លើក​លែង​តែ​សញ្ញា​នៃ​ធម៌​មេត្តា​ករុណា​ដែល​យើង​បាន​យក​ចិត្ត​ទុក​ដាក់​ធ្វើ​នៅ​តាម​កន្លែង​នីមួយៗ។ ដូច្នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​នៅ​ពេល​ដែល​យើង​បាន​ស្ដាប់ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក​ដើម្បី​ឱ្យ​យើង​មាន​ប្រាជ្ញា​ស្លៀងវៃ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យើង​មក​ដើម្បី​ឱ្យ​យើង​មាន​គំនិត​ល្អ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក​ដើម្បី​ឱ្យ​យើង​ចេះ​ទទួល​ខុស​និង​ត្រូវ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក​ដើម្បី​ឱ្យ​យើង​មាន​សេចក្តី​ក្លាហាន។ សប្តាហ៍​មុន ខ្ញុំ​បាន​អញ្ជើញ​មណ្ឌល​សកម្មភាព​នីមួយៗ​ក្នុង​ភូមិភាគ​ភ្នំពេញ ឱ្យ​យើង​ប្រមូល​បញ្ជី​ឈ្មោះ​បេក្ខជន​អ្នក​ដែល​ទទួល​ការ​អប់រំ​ជំនឿ។ នៅ​ក្នុង​នេះ មាន​អ្នក​ដែល​កំពុង​ត្រៀម​ទទួល​ជំហាន​ទី​១ និង​អ្នក​ដែល​កំពុង​ត្រៀម​ជំហាន​ទី​២ ក្មេងៗ​ដែល​កំពុង​ត្រៀម​ទទួល​អគ្គ​សញ្ញា​ព្រះកាយ​ព្រះគ្រីស្ត និង​យុវជន​ក៏​ដូចជា​មនុស្ស​ពេញ​វ័យ​ដែល​កំពុង​ត្រៀម​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស ក៏​ដូច​ជា​ក្រុម​ពន្លក​ថ្មី។ សរុប​មក ខ្ញុំ​បាន​ទទួល​ចម្លើយ​តែ​២​មណ្ឌល​សកម្មភាព

ព្រះជាម្ចាស់​យាង​ឡើង​ស្ថាន​បរម​សុខ ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២១ ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (តាកែវ)

“ទៅ​ដល់​ទី​កន្លែង​ដើម្បី​ផ្តល់​សក្ខីភាព”បងប្អូន​ជា​ទី​ស្រឡាញ់ សប្ដាហ៍​មុន យើង​បាន​ស្ដាប់ “បី​ថែរក្សា” ដែល​យើង​មាន “បី​កុំ បី​ការពារ” របស់​រាជរដ្ឋាភិបាល។ បី​ថែរក្សា ដែល​ណែនាំ​ឱ្យ​យើង​ទទួល​ខុស​ត្រូវ​ខ្ពស់ ណែនាំ​ឱ្យ​យើង​បង្ហាញ​អំពី​សាមគ្គីភាព និង​ណែនាំ​ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​អធិដ្ឋាន។ ថ្ងៃ​នេះ ដែល​ព្រះយេស៊ូ​ឡើង​ស្ថាន​បរមសុខ ជា​ពេល​វេលា​សម្រាប់​យើង​ដែល​ជា​ក្រុម​សាវ័ក​របស់​ព្រះអង្គ​នៅ​ពេល​បច្ចុប្បន្ន​នេះ ដើម្បី​បន្ត​គិត​ពិចារណា តើ​យើង​ធ្វើ​ដូច​ម្ដេច​ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​បង​ប្អូន​ឯទៀតៗ? សេចក្តី​ស្រឡាញ់ ដែល​យើង​ត្រូវ​ការ​បង្ហាញ​យ៉ាង​ជាក់​ស្ដែង ជា​ពិសេស​នៅ​ក្នុង​ពេល​វេលា​កូវីដ-១៩ គឺ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ការពារ បី​កុំ បី​ការពារ និង​បី​ថែរក្សា។ ថ្ងៃ​នេះ នៅ​ក្នុង​អត្ថបទ​ទី​២ លោក​ប៉ូល​ដែល​បង្ហាញ​អត្ថន័យ​បន្ថែម​ទៀត​អំពី​សេចក្តី​ស្រឡាញ់​គឺ “សូម​ដាស់​តឿន​បងប្អូន​នៅ​ក្នុង​ព្រះនាម​ព្រះអម្ចាស់​ថា ដោយ​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​បង​ប្អូន ចូរ​រស់​នៅ​ឱ្យ​បាន​សមរម្យ​នឹង​ការ​ត្រាស់​ហៅ​នេះ​ទៅ ចូរ​បន្ទាប​ខ្លួន មាន​ចិត្ត​ស្លូត​បូត និង​ចេះ​អត់ធ្មត់ ព្រម​ទាំង​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្តី​ស្រឡាញ់ យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ឯកភាព ដែល​មក​ពី​ព្រះវិញ្ញាណ ដោយ​យក​សេចក្តី​សុខ​សាន្ត​ធ្វើ​ជា​ចំណង​ប្រាស្រ័យ​ទាក់​ទង​គ្នា”។ នៅ​ពេល​ដែល​យើង​បាន​ស្ដាប់​នេះ យើង​បាន​ឃើញ​បី​ចំណុច​ធំ ដែល​ណែនាំ​ឱ្យ​យើង​យល់​យ៉ាង​ជ្រៅ​នៅ​ក្នុង​របៀប​ដែល​ព្រះសហគមន៍ របៀប​ដែល​ព្រះជាម្ចាស់​ផ្ទាល់​ណែនាំ​ឱ្យ​យើង​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ឥរិយាបថ​នៃ​ជីវិត​របស់​យើង ឥរិយាបថ​ដែល​យើង​ត្រូវ​ការ​បង្កើត​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង និង​ឥរិយាបថ​នេះ​គឺ​ឱ្យ​យើង​ដាក់​ខ្លួន ឱ្យ​យើង​បន្ទាប​ខ្លួន។ យើង​មិន​មែន​អ្នក​ធំ ដែល​ត្រូវ​ការ​តែ​ចាំ​គេ​បម្រើ​យើង យើង​មិន​មែន​ជា​អ្នក​ធំ ដែល​ចង់​ចាំ​អ្វីៗ​ទាំង​អស់​ពី​បងប្អូន​ឯទៀតៗ។ ផ្ទុយ​ទៅ​វិញ ទោះ​បី​យើង​មាន​ឋានៈ​ខ្ពស់​ក៏​ដោយ ទោះ​បី​យើង​មាន​ឋានៈ​ទាប​ក៏​ដោយ នៅ​ក្នុង​ព្រះសហគមន៍​ក្តី នៅ​ក្នុង​សង្គម​ក្តី នៅ​ក្នុង​ការិយាល័យ​នីមួយៗ​របស់​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​ក្តី យើង​ដឹង​ថា​យើង​ជា​អ្នក​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ ឥរិយាបថ​នេះ​សំខាន់​ណាស់ ឱ្យ​យើង​សុខ​ចិត្ត​បន្ទាប​ខ្លួន ដាក់​ខ្លួន ដើម្បី​ឱ្យ​ខ្លួន​របស់​យើង​យក​ចិត្ត​ទុក​ដាក់​បម្រើ​បងប្អូន​ឯទៀតៗ​អស់​ពី​សមត្ថភាព។ នេះ​គឺ​ជា​សេចក្តី​ស្រឡាញ់ ដែល​អាច​បង្ហាញ​យ៉ាង​ជាក់​ស្ដែង។ ព្រះជាម្ចាស់​បាន​បន្ត ដើម្បី​ឱ្យ​យើង​ចេះ​ស្រឡាញ់​តាម​របៀប​សន្ត ប៉ូល បាន​ទទួល​ព្រះពន្លឺ​ពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ គឺ​ឱ្យ​យើង​មាន​ចិត្ត​ស្លូត​បូត និង​មាន​ចិត្ត​អត់​ធ្មត់។ ចិត្ត​អត់​ធ្មត់ សំខាន់​ណាស់​ដោយ​សារ​ប៉ុន្មាន​ដង​ប៉ុន្មាន​សារ យើង​ចង់​ឱ្យ​បាន​ភ្លាមៗ​ប៉ុន្តែ​យើង​ត្រូវ​ការ​រំលឹក យើង​ត្រូវ​ការ​ធ្វើ​ដំណើរ​ជា​មួយ​គ្នា។ នេះ​ជា​ឥរិយាបថ​របស់​គ្រីស្ត​បរិស័ទ ឥរិយាបថ​នៃ​គ្រីស្ត​បរិស័ទ​ដើម្បី​រស់​នៅ​ក្នុង​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់​យ៉ាង​ពិត​ប្រាកដ​មែន គឺ​បន្ទាប​ខ្លួន មាន​ចិត្ត​ស្លូត​បូត មាន​ចិត្ត​អត់​ធ្មត់ ដើម្បី​ធ្វើ​ការ​ជា​មួយ​គ្នា។ នេះ​ហើយ យើង​អាច​មាន​សកម្មភាព​យ៉ាង​ជាក់​ស្ដែង ប៉ុន្តែ​តើ​សកម្មភាព​នោះ​មាន​ន័យ​ដូច​ម្ដេច? សន្ត ប៉ូល បាន​បន្ត​ថា “ព្រម​ទាំង​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក”។ ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​នេះ​មាន​អត្ថន័យ​ច្រើន​ណាស់ អត្ថន័យ​មួយ​គឺ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក អត្ថន័យ​មួយ​ទៀត​គឺ​តស៊ូ​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក អត្ថន័យ​មួយ​ទៀត​គឺ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក អត្ថន័យ​មួយ​ទៀត​គឺ​យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ខ្ញុំ​គិត​ថា នេះ​ជា​របៀប​មួយ​ដែល​នាំ​ឱ្យ​យើង​មាន​ផល​ផ្លែ​យ៉ាង​ច្រើន នៅ​ក្នុង​សកម្មភាព​របស់​យើង​ជា​ព្រះសហគមន៍ ជា​គ្រីស្ត​បរិស័ទ គឺ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ឱ្យ​សេចក្តី​ស្រឡាញ់ ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ ដែល​យើង​ថែរក្សា​នៅ​ក្នុង​ឥរិយាបថ​ដាក់​ខ្លួន នៅ​ក្នុង​ឥរិយាបថ​មាន​ចិត្ត​អត់​ធ្មត់ មាន​ចិត្ត​ស្លូត​បូត បាន​ចេញ​ផ្លែ​យ៉ាង​ជាក់​ស្ដែង។ នឹង​ផ្លែ​នេះ គឺ​ណែនាំ​ឱ្យ​ព្រះសហគមន៍​របស់​យើង ក៏​ដូច​ជា​សង្គម​របស់​យើង អាច​ទទួល​សេចក្តី​សុខ​ដ៏​ពិត​ប្រាកដ យល់​ចិត្ត​គ្នា តស៊ូ​ជា​មួយ​គ្នា លើក​ទឹក​ចិត្ត​គ្នា ធ្វើ​ដំណើរ​ជា​មួយ​គ្នា ដូច​របៀប​ព្រះយេស៊ូ​ពី​ដើម។ សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​រក្សា​ឯកភាព ដែល​មក​ពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក​យើង​ឥត​មាន​គណបក្ស ឥត​មាន​គណបក្ស​ប្រឆាំង ឥត​មាន​គណបក្ស​កាន់​អំណាច ឬ​គណបក្ស​មួយ​ដែល​យើង​គិត​ថា​នេះ​យើង​គាំ​ទ្រ នោះ​យើង​មិន​គាំ​ទ្រ។ នៅ​ក្នុង​ព្រះសហគមន៍ យើង​ដឹង​ថា​យើង​មាន​ព្រះយេស៊ូ​គ្រីស្ត ដែល​ជា​ព្រះសិរសារ​ដែល​បាន​ដឹក​នាំ​យើង។ ដូច​សន្ត ប៉ូល បាន​រំលឹក​នៅ​ក្នុង​អត្ថបទ​ទី​២​ដដែល “យើង​ជា​ព្រះកាយ​ព្រះគ្រីស្ត” ដូច្នេះ បង​ប្អូន​ទាំង​អស់​មាន​ដៃ មាន​ជើង មាន​ភ្នែក មាន​ត្រចៀក មាន​ច្រមុះ មាន​មាត់ ហើយ​យើង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា ដោយ​មាន​ព្រះសិរសារ​តែ​មួយ គឺ​ព្រះយេស៊ូ​គ្រីស្ដ។ ជា​ពិសេស យើង​បាន​ឃើញ​យ៉ាង​ជាក់​ស្ដែង នៅ​ក្នុង​ព្រះសហគមន៍​នីមួយៗ។ ដូចជា​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ យើង​មាន​សម្ដេច​ប៉ាប​ដែល​ដឹក​នាំ​យើង ហើយ​យើង​សហការ​ជា​មួយ​សម្ដេច​ប៉ាប ដើម្បី​ប្រកាស​ដំណឹង​ល្អ ដោយ​សម្ដែង​ធម៌​មេត្តា​ករុណា​របស់​ព្រះជាម្ចាស់​យ៉ាង​ពិត​ប្រាកដ​មែន។ ដូច្នេះ នៅ​ក្នុង​ព្រះសហគមន៍​យើង​អត់​មាន​ក្រុម​មួយ​ដែល​ថា ខ្ញុំ​មិន​ធ្វើ​ទេ ខ្ញុំ​អន់​ចិត្ត ឬ​ខ្ញុំ​ខឹង ឬ​ខ្ញុំ​ឈប់…

កាលវិភាគ

ព្រឹត្តិការណ៍ថ្មី

Partner

Previous slide
Next slide

Subscribe to our newsletter

Don't miss new updates on your email