ធម្មទេសនា
អភិបូជាបុណ្យទេវទូតជូនដំណឹងធ្វើនៅព្រះសហគមន៍ក្សត្រីនៃសន្តិភាពអរិយក្សត្រ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២
អត្ថបទទី១៖ អេសាយ ៧,១០-១៤. ៨,១០ មើល៍! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ។ អស ៧,១៤ អត្ថបទទី២៖ ហេប្រឺ ១០,៤-១០ «ឥឡូវនេះ ទូលបង្គំសូមមកធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ»។ ហប ១០,៩ ដំណឹងល្អ៖ លូកា ១,២៦-៣៨ ចូរមានអំណរសប្បាយឡើង! លក ១,២៨ “តាមរយៈព្រះនាងម៉ារីយើងមើលឃើញស្ថានបរមសុខ” បងប្អូនជាទីស្រឡាញ់ “យុវនារីនឹងមានផ្ទៃពោះ នាងនឹងសម្រាលបានបុត្រមួយហើយថ្វាយព្រះនាមថា អេម៉ាណូអែល គឺព្រះអម្ចាស់គង់នៅជាមួយយើង” នេះជាព្រះបន្ទូលដែលព្យាការីអេសាយបានថ្លែង មុនព្រះនាងម៉ារីបានទទួលដំណឹងទៅជាមាតារបស់ព្រះជាម្ចាស់។ ប៉ុន្មានឆ្នាំមុន ខ្ញុំបានធ្វើដំណើរទៅដល់ទឹកដីរបស់ព្រះយេស៊ូនៅប្រទេសអ៊ីស្រាអែល ខ្ញុំបានទៅដល់ផ្ទះរបស់ព្រះនាងម៉ារីដែលនៅសល់ថ្មខ្លះៗ។ នៅក្នុងផ្ទះនោះ គេបានសរសេរពាក្យស្លោកជាភាសាឡាតាំងដែលបកប្រែជាភាសាខ្មែរថា “គឺនៅកន្លែងហ្នឹងព្រះយេស៊ូជាអម្ចាស់ចាប់កំណើតជាមនុស្ស”។ ថ្ងៃនេះ ជាថ្ងៃដែលយើងនឹករលឹកដល់ថ្ងៃដែលព្រះយេស៊ូ បានចាប់កំណើតជាមនុស្សនៅក្នុងផ្ទៃពោះរបស់ព្រះនាងម៉ារី។ ព្រះបន្ទូលតាមរយៈព្យាការីអេសាយ បានក្លាយទៅជាព្រះបន្ទូលយ៉ាងជាក់ស្តែង “យុវនារី (គឺព្រះនាងម៉ារី) នឹងមានផ្ទៃពោះ (ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ) នាងនឹងសម្រាលបានបុត្រមួយ (គឺព្រះយេស៊ូដែលជាព្រះអម្ចាស់) ហើយថ្វាយព្រះនាមថាអេម៉ាណូអែល (ព្រះអម្ចាស់គង់នៅជាមួយយើង)”។ ដំណឹងល្អដែលយើងបានស្តាប់ថ្ងៃនេះ ដំណឹងល្អដែលយើងបានឃើញយ៉ាងជាក់ស្តែងនៅក្នុងព្រះនាងម៉ារី។ ដោយសារ ព្រះនាងម៉ារីបានឯកភាពជាមួយព្រះជាម្ចាស់ ដើម្បីចូលនៅក្នុងព្រះហឫទ័យរបស់ព្រះអង្គ ដោយបានឆ្លើយថា “នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឱ្យបានសម្រេចតាមពាក្យរបស់លោកចុះ”។ នេះជាព្រះបន្ទូលមួយ ដែលបានណែនាំឱ្យពិភពលោកជាង២០០០ឆ្នាំកន្លងមកពោរពេញដោយសេចក្តីសង្ឃឹម។ មានសេចក្តីសង្ឃឹម ដោយសារនៅពេលព្រះនាងម៉ារីចាប់ផ្តើមឆ្ងល់ “ធ្វើដូចម្តេចដើម្បីមានកូនបាន” នៅពេលនោះទេវទូតកាព្រីអែលបានបង្ហាញប្រាប់ថា ទោះបីយាយអេឡីសាបែតដែលជាស្ត្រីអារ និងមានវ័យចាស់ហើយ មានផ្ទៃពោះដែរ “ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ”។ នេះជាសេចក្តីសង្ឃឹមរបស់យើង ប្រសិនបើយើងមើលព្រះនាងម៉ារីដែលជាយុវនារីម្នាក់ មិនទាន់រៀបការហើយកំពុងត្រៀមខ្លួនរៀបការជាមួយលោកយ៉ូសែប។ ដូច្នេះយុវនារីម្នាក់ដូចម៉ារី តើធ្វើដូចម្តេចដើម្បីធ្វើជាមាតារបស់ព្រះជាម្ចាស់បាន? ដោយសារ “ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ” មូលហេតុតែមួយគឺព្រះជាម្ចាស់។ ដូច្នេះ ថ្ងៃនេះការអធិដ្ឋានរបស់យើងពោរពេញដោយអត្ថន័យ នៅពេលយើងទូលអង្វរព្រះជាម្ចាស់តាមរយៈព្រះនាងម៉ារី យើងបានមើលឃើញព្រះនាងម៉ារីដលបានធ្វើដំណើរនៅក្នុងជីវិតរបស់យើង នៅពេលព្រះនាងម៉ារីជាម្តាយរបស់ព្រះជាម្ចាស់។ ប៉ុន្តែ នៅពេលព្រះនាងម៉ារីឡើងស្ថានបរមសុខយើងដឹងថា ព្រះនាងម៉ារីជាមាតារបស់យើងនិងបន្តធ្វើដំណើរជាមួយយើង។ នៅពេលយើងអធិដ្ឋានយើងបានស្តាប់៖ ទី១ ព្រះនាងម៉ារីជាតារាសមុទ្រ ដែលមានអត្ថន័យដ៏ជ្រៅណាស់។ នៅក្នុងសមុទ្រ នៅពេលមានព្យុះ នៅពេលមានខ្យល់ដែលបោកបក់ខ្លាំង អ្នកដែលកំពុងជិះទូកគេភ័យខ្លាចណាស់ ប៉ុន្តែតារាសមុទ្រណែនាំឱ្យគេមើលឃើញផ្លូវ មើលឃើញកន្លែងដែលគេត្រូវការទៅ។ ដោយសារ មានភ្លើងមួយដែលបំភ្លឺយើង ដើម្បីធ្វើដំណើរទៅមុខ នេះជាព្រះនាងម៉ារី។ នៅក្នុងជីវិតរបស់យើង ប៉ុន្មានដងប៉ុន្មានសារយើងនៅក្នុងភាពងងឹតដែរ ប៉ុន្មានដងប៉ុន្មានសារយើងគិតថាយើងមើលមិនឃើញផ្លូវ។ ប៉ុន្តែ ប្រសិនបើយើងបើកភ្នែកបន្តិច យើងនឹកឃើញដល់ព្រះនាងម៉ារីយើងដឹងថាព្រះនាងម៉ារីជាតារាសមុទ្រ ដែលណែនាំឱ្យយើងមើលឃើញផ្លូវ។ ដូចពីដើមហោរាចារ្យបានដើរតាមផ្លូវ ដើម្បីរកឃើញព្រះឱរស្តយេស៊ូដែលជាព្រះសង្រ្គោះនៅក្នុងភូមិបេថ្លេហិម។ ទី២ ព្រះនាងម៉ារីជាស្ពាននៃសម្ពន្ធមេត្រីថ្មី ព្រះនាងម៉ារីបានណែនាំនៅក្នុងព្រះយេស៊ូឱ្យយើងចេញពីសម្ពន្ធមេត្រីចាស់ ដើម្បីចូលនៅក្នុងសម្ពន្ធមេត្រីថ្មី។ មានន័យថា យើងចូលនៅក្នុងជីវិតថ្មីជាមួយព្រះយេស៊ូ ដោយសារព្រះនាងម៉ារីបានប្រទានព្រះបុត្រាឱ្យពិភពលោក។ នៅក្នុងព្រះយេស៊ូ ព្រះជាម្ចាស់ដូចជាបានចងសម្ពន្ធមេត្រី ដែលជាសម្ពន្ធមេត្រីអស់កល្បជានិច្ចរវាងយើងនឹងព្រះជាម្ចាស់ នៅក្នុងព្រះយេស៊ូដោយសារព្រះនាងម៉ារី។ ណែនាំឱ្យយើងមានគម្រោងការថ្មី មានផ្លូវថ្មី ដើម្បីសម្រុះសម្រួលគ្នា។ ដោយសារពីសម័យដើម នៅពេលព្រះជាម្ចាស់បានបង្កើតយើងដើម្បីឱ្យយើងមានសេចក្តីសុខ យើងបានធ្វើអំពើបាបច្រើន។ ព្រះជាម្ចាស់បានខិតខំរកមធ្យោបាយច្រើនណាស់ ដើម្បីលើកលែងទោសឱ្យយើង ដើម្បីសង្រ្គោះយើង ដើម្បីឱ្យយើងអាចទៅមុខតទៅទៀត។ ប៉ុន្តែ នៅក្នុងព្រះយេស៊ូយើងដល់កំពូលនៃគម្រោងការរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់បានចាត់ព្រះបុត្រាឱ្យយាងមកលើផែនដីនេះ ដោយសារព្រះជាម្ចាស់ស្រឡាញ់យើង។ ដូច្នេះ ដោយសារព្រះនាងម៉ារីយើងមើលឃើញយ៉ាងជាក់ស្តែង ផ្លូវដែលយើងមានដើម្បីសម្រុះសម្រួលគ្នា ដើម្បីឱ្យជីវិតរបស់យើងរកឃើញសេចក្តីសុខ ដោយសារយើងលើកលែងទោសឱ្យគ្នាទៅវិញទៅមក។ ទី៣ ព្រះនាងម៉ារីនៅលើផែនដីនេះជាសញ្ញាសម្គាល់នៃស្ថានបរមសុខ យើងដឹងថាព្រះនាងម៉ារីមិនបានស្លាប់ទេ ព្រះនាងម៉ារីបានចូលដេកដើម្បីឡើងស្ថានបរមសុខតែម្តង។ ព្រះនាងម៉ារីនៅលើផែនដីនេះ ជាសញ្ញាសម្គាល់នៃស្ថានបរមសុខដែលកំពុងកើតឡើង ណែនាំឱ្យមនុស្សលោករកឃើញសុខដុមរមនា។ នេះជាអ្វីដែលយើងត្រូវការ ពេលយើងបាត់បង់សុខដុមរមនាយើងឥតមានសេចក្តីសុខទេ នៅពេលយើងលែងយល់ចិត្តគ្នាយើងលែងទៅមុខបាន។ ដោយសារ ព្រះនាងម៉ារីជាសញ្ញានៃស្ថានបរមសុខលើផែនដីនេះ យើងដឹងថាព្រះនាងម៉ារីបានណែនាំឱ្យអំពើហិង្សា ការស្អប់គ្នារលត់បាន។ ព្រះនាងម៉ារីបានណែនាំឱ្យការសងសឹករបស់យើងកាត់បន្ថយ
អភិបូជារំលឹកសន្តយ៉ូសែបធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបសែនសុខ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២
អត្ថបទទី១៖ សាមូអែលទី២ ៧,៤-៥.១២-១៤.១៦ ពេលណាអ្នកលាចាកលោកនេះទៅជួបជុំនឹងបុព្វបុរសរបស់អ្នក។ ២សម ៧,១២ អត្ថបទទី២៖ រ៉ូម ៤,១៣.១៦-១៨.២២ តាមសេចក្ដីសុចរិតដែលបានមកពីជំនឿវិញ។ រម ៤,១៣ ដំណឹងល្អ៖ ម៉ាថាយ ១,១៦.១៨-២១.២៥ លោកយ៉ូសែប ស្វាមីរបស់នាងជាមនុស្សសុចរិត លោកមិនចង់បំបាក់មុខនាងឡើយ។ មថ ១,១៩ “ភាពសុចរិតនិងជំនឿ” បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ យើងពោរពេញដោយអំណរសប្បាយ ដោយសារព្រះសហគមន៍ណែនាំឲ្យយើងគោរពសន្តយ៉ូសែប។ ជីវិតរបស់យើងត្រូវការមានគំរូដើម្បីទៅមុខ យើងមានគំរូយ៉ាងពិសេសគឺព្រះយេស៊ូពិតមែន តែព្រះយេស៊ូភ្ជាប់ជាមួយយើង ព្រះយេស៊ូជាព្រះជាម្ចាស់ផង ជាមនុស្សផង។ សន្តយ៉ូសែប ជាមនុស្សសាមញ្ញធម្មតាដូចព្រះនាងម៉ារី ដែលរស់នៅក្នុងសង្គមពីដើម ដែលនៅរស់ជាគ្រួសារមួយដែលត្រៀមខ្លួនរៀបការ ដែលមានការងារធ្វើជាជាងឈើ។ ប៉ុន្តែ សន្តយ៉ូសែបបានធ្វើជាគំរូសម្រាប់យើង ដោយសារសន្តយ៉ូសែបពីដើមរៀងមកបានដើរតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គ្រប់ពេលវេលា គ្រប់ទីកន្លែង ដែលយើងឃើញ យើងមានរូបសន្តយ៉ូសែប យើងឃើញផ្កាមួយគឺផ្កាលីលីពណ៌ស។ នេះជាផ្ការបស់សន្តយ៉ូសែប សន្តីតេរេសាគឺមានផ្កាកុលាប និងសន្តយ៉ូសែបគឺផ្កាលីលីពណ៌ស ដោយសារដើម្បីនឹកឃើញថាសន្តយ៉ូសែបជាមនុស្សសុចរិត ផ្កាលីលីពណ៌សជានិមិត្តរូបនៃមនុស្សសុចរិត។ ថ្ងៃនេះ យើងអរព្រះគុណព្រះជាម្ចាស់ដែលបានប្រទានសន្តយ៉ូសែបដែលជាមនុស្សសុចរិត។ មនុស្សសុចរិត យើងបានស្ដាប់ម្ដងៗនៅក្នុងគម្ពីរដំណឹងល្អ ថ្ងៃនេះយើងបានស្ដាប់អំពីលោកអាប្រាហាំនៅក្នុងអត្ថបទទីពីរ។ លោកអាប្រាហាំ ជាមនុស្សសុចរិតដោយសារលោកអាប្រាហាំបានធ្វើតាមព្រះហឫទ័យព្រះជាម្ចាស់។ ដោយសារលោកអាប្រាហាំជាមនុស្សយ៉ាងត្រឹមត្រូវ ដែលស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ រហូតដល់សុខចិត្តយកកូនតែម្នាក់គត់ ដែលគាត់បានទទួលនៅពេលគាត់មានអាយុចាស់ហើយទៅបូជា នៅពេលព្រះជាម្ចាស់ឲ្យធ្វើសក្ការបូជា។ ប៉ុន្តែ មុនពេលគាត់សម្លាប់កូនផ្ទាល់ ព្រះជាម្ចាស់បានហាមថាឈប់ទៅ ហើយយកចៀមមួយដើម្បីសម្លាប់ជំនួស។ ព្រះជាម្ចាស់ បានសាកលមើលជំនឿនិងភាពសុចរិតរបស់លោកអាប្រាហាំ។ ពីដើមរៀងមក យើងមានមនុស្សសុចរិតយ៉ាងច្រើនដែលយកចិត្តទុកដាក់ធ្វើតាមព្រះជាម្ចាស់ ប៉ុន្តែភាពសុចរិតមកពីណា មិនមែនមកពីគេមានកម្លាំង មិនមែនមកពីគេជាមនុស្សជាមនុស្សពិសេស មិនមែនមកពីគេជាមនុស្សប្លែក គឺមកពីព្រះជាម្ចាស់ផ្ទាល់។ ដោយសារ ភាពសុចរិតយើងអាចបកប្រែថាដ៏វិសុទ្ធ យើងដឹងថាមានតែព្រះជាម្ចាស់ជាព្រះដ៏វិសុទ្ធ។ រាល់អភិបូជាយើងច្រៀង ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ នេះជាព្រះជាម្ចាស់របស់យើង។ ភាពដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ហៀរចូលនៅក្នុងខ្លួនយើង ដើម្បីឲ្យយើងទៅជាមនុស្សសុចរិត។ ដូច្នេះ ថ្ងៃនេះយើងត្រូវការយល់ ដើម្បីធ្វើដំណើរនៅលើផែនដីនេះ ដើម្បីធ្វើដំណើរនៅក្នុងសង្គមបច្ចុប្បន្ននេះ ឱ្យយើងធ្វើដូចម្ដេចដើម្បីឱ្យព្រះជាម្ចាស់ថែរក្សាយើង។ ធ្វើដូចម្ដេចដើម្បីឱ្យព្រះជាម្ចាស់ ណែនាំយើងពីមួយថ្ងៃទៅមួយថ្ងៃ ដូចលោកយ៉ូសែប។ ប៉ុន្តែ ភាពសុចរិតមិនទាន់គ្រប់គ្រាន់ទេ យើងមើលលោកយ៉ូសែបជាមនុស្សម្នាក់ដែលមានជំនឿទៅលើព្រះជាម្ចាស់។ ដូចលោកប៉ូលបានរំលឹក “តាមពិតយើងបានទទួលពិភពលោកជាមរតក”ដូចលោកអាប្រាហាំពីដើម។ មិនមែនដោយសារ លោកអាប្រាហាំជាមនុស្សដែលយកចិត្តទុកដាក់ធ្វើតាមធម្មវិន័យ មិនមែនដោយសារគាត់ធ្វើអំពើល្អ។ ប៉ុន្តែ ដោយសារលោកអាប្រាហាំជាមនុស្សសុចរិត ដោយសារលោកមានជំនឿ។ ដូច្នេះ យើងទៅជាមនុស្សសុចរិតយ៉ាងត្រឹមត្រូវដែលស្រឡាញ់ព្រះជាម្ចាស់ ដោយសារយើងមានជំនឿ ជំនឿដែលមកពីព្រះជាម្ចាស់។ យើងមើលយ៉ាងជាក់ស្ដែងអំពីលោកយ៉ូសែប តាមពិតលោកយ៉ូសែបថ្ងៃនេះនៅក្នុងគម្ពីរយើងស្ដាប់ហើយ។ គាត់ដូចជាឈឺចិត្តណាស់ ដោយសារគូដណ្ដឹងគាត់គឺព្រះនាងម៉ារី បែរជាមានផ្ទៃពោះ មានផ្ទៃពោះដោយមិនបាននៅជាមួយគ្នា។ ដូច្នេះ គាត់កំពុងឈឺចិត្តមែនទែន គាត់គិតថាព្រះនាងម៉ារីបានក្បត់គាត់ជាមួយប្រុសមួយទៀត។ ប៉ុន្តែ លោកយ៉ូសែបដែលជាមនុស្សសុចរិត សុខចិត្តលះបង់ព្រះនាងម៉ារីដោយភាពស្ងៀមស្ងាត់ កុំឲ្យមានរឿងធំ។ ដោយសារ យើងស្គាល់សម័យនោះអត់ទាន់មានហ្វេសប៊ុក អត់ទាន់មានបណ្តាញសង្គមដើម្បីផ្សាយព័ត៌មាន។ ប៉ុន្តែ មនុស្សនៅក្នុងភូមិពូកែនិយាយដើមគេ លោកយ៉ូសែបយល់ថាកុំឱ្យព្រះនាងម៉ារីខ្មាស់គេ គាត់សុខចិត្តទៅស្ងាត់ៗ។ ប៉ុន្តែ ព្រះជាម្ចាស់មានគម្រោងការផ្សេង តាមពិតលោកយ៉ូសែបអត់ទាន់យល់ទេអំពីគម្រោងការនេះទេ។ ព្រះជាម្ចាស់បានបំភ្លឺគាត់ បំភ្លឺការពិសេសបំផុត ការអស្ចារ្យមែនទែន តាមពិតព្រះនាងម៉ារីមានផ្ទៃពោះដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។ ពេលលោកយ៉ូសែបស្ដាប់ហើយ គាត់មិនយល់អ្វីសោះ ព្រោះអត់ដែលឮថាយើងមានផ្ទៃពោះដោយសារព្រះវិញ្ញាណដ៏វិសុទ្ធទេ។ ប៉ុន្តែ លោកយ៉ូសែបជាមនុស្សសុចរិតដែលមានជំនឿ ដូច្នេះពេលស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់រួចហើយ គាត់ជឿលើព្រះជាម្ចាស់។ គាត់ទុកចិត្តលើព្រះជាម្ចាស់ គាត់ធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែលណែនាំឱ្យកែប្រែគម្រោងការរបស់គាត់ ដែលគាត់មានទុកពីមុនដោយចង់សម្រេចចិត្តចោលព្រះនាងម៉ារី។ ឱ្យយើងមើលជីវិតរបស់យើង ប៉ុន្មានដងយើងរៀបគម្រោងការ ប៉ុន្មានដងយើងរៀបចំខ្លួន ប៉ុន្តែក្រោយមកមានព្រឹត្តិការណ៍មួយ ដែលណែនាំឱ្យយើងត្រូវការផ្លាស់ប្ដូរទាំងអស់។ បើសិនបើ
អភិបូជាប្រសិទ្ធីពរលើព្រះវិហារថ្មី
ធ្វើនៅព្រះសហគមន៍សន្តយ៉ូសែប ពោធិបាន(សំប៉ាន) ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ អត្ថបទទី១៖ សាមូអែកទី១ ២៦,២.៧-៩.១២-១៣.២២-២៣ ព្រះអម្ចាស់ប្រព្រឹត្តចំពោះយើង តាមសេចក្ដីសុចរិត និងស្មោះត្រង់របស់យើងម្នាក់ៗ។ ១សម ២៦,២៣ អត្ថបទទី២៖ កូរិនថូសទី១ ១៥,៤៥-៤៩ រីឯមនុស្សទីពីរវិញកើតមកពីស្ថានបរមសុខ។ ១ករ ១៥,៤៧ ដំណឹងល្អ៖ លូកា ៦,២៧-៣៨ ចូរធ្វើអំពើល្អដល់អស់អ្នកដែលស្អប់អ្នករាល់គ្នា។ លក ៦,២៧ “ព្រះវិហារជាកន្លែងសក្ការៈ” បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ជាអំណរសប្បាយមួយយ៉ាងពិសេសសម្រាប់ព្រះសហគមន៍ទាំងមូលនៅក្នុងភូមិភាគភ្នំពេញ ដែលយើងបានឆ្លងព្រះវិហារថ្មីនៅសំប៉ាន គឺព្រះវិហារសន្តយ៉ូសែបនៅក្នុងមណ្ឌលសកម្មភាពទន្លេបាសាក់។ ជាពេលវេលាមួយពិសេស មិនមែនតែសម្រាប់សំប៉ានទេ ប៉ុន្តែសម្រាប់ព្រះសហគមន៍ទាំងមូលនៅក្នុងភូមិភាគ ដែលមានអំណរសប្បាយដោយបានទទួលព្រះវិហារថ្មី។ ណែនាំឲ្យអាគារថ្មីនេះបានចេញ ដើម្បីទៅជាកន្លែងមួយដែលបំភ្លឺដល់បងប្អូនឲ្យយល់ថា នេះជាកន្លែងដែលមានវត្តមានរបស់ព្រះជាម្ចាស់ផ្ទាល់។ បងប្អូនជាទីស្រឡាញ់ ពិធីឆ្លងព្រះវិហារជាពិធីមួយដ៏ពិសេស ដែលណែនាំឲ្យយើងរំភើបមែនទែន មុននេះយើងបានដើរបីជុំនៅជុំវិញព្រះវិហារ ដើម្បីនឹកឃើញព្រះជាម្ចាស់។ ដូចពីសម័យដើម ពេលដែលយើងតែងតាំងទីលំនៅរបស់ព្រះជាម្ចាស់ យើងដើរបីជុំដើម្បីយល់ថានេះជាកន្លែងមួយយ៉ាងពិសេស នេះជាទឹកដីសក្ការៈ។ ក្រោយមក នៅពេលយើងបានឆ្លងព្រះវិហារយើងបានគូសសញ្ញាឈើឆ្កាងនៅលើទ្វារ ដោយដឹងថាយើងចេញពីលោកីយ៍ដើម្បីចូលទៅក្នុងពិភពរបស់ព្រះជាម្ចាស់។ យើងចេញពីជីវិតធម្មតា ដើម្បីចូលទៅក្នុងកន្លែងសក្ការៈដែលព្រះជាម្ចាស់មានវត្តមាន យើងចេញពីជីវិតរបស់យើងប្រចាំថ្ងៃ ដើម្បីមកដល់កន្លែងព្រះជាម្ចាស់ផ្ទាល់។ ដូចពីសម័យដើម លោកម៉ូសេដែលបានជួបជាមួយព្រះជាម្ចាស់ ដូចព្រះយេស៊ូដែលបានរករឿងនៅវិហារយេរូសាឡឹមនៅពេលឃើញមានអ្នកលក់ដូរនៅជុំវិញវិហារ ដោយភ្លេចនឹកឃើញនេះជាកន្លែងសក្ការៈ។ នៅពេលយើងបានគូសសញ្ញាឈើឆ្កាងនេះ ព្រះវិញ្ញាណបានចូលយ៉ាងឱឡារឹកមកព្រះវិហារនេះ យើងបានមើលឃើញពិតមែនចាប់ពីពេលនេះតទៅ ព្រះវិហារនេះមិនមែនជាអាគារធម្មតាមួយ។ មិនមែនជាកន្លែងដែលយើងអាចជួបជុំគ្នា ដើម្បីហូបបាយ ដើម្បីដេក ដើម្បីនិយាយគ្នាមិនដឹងខ្លួន ប៉ុន្តែនេះជាកន្លែងរបស់ព្រះជាម្ចាស់ ជាព្រះដំណាក់របស់ព្រះជាម្ចាស់។ យើងបានបន្តដោយធ្វើពិធីប្រោះទឹកព្រះពរ ប្រោះទឹកព្រះពរលើបងប្អូនទាំងអស់ដូចជានៅលើជញ្ជាំង ដើម្បីនឹកឃើញព្រះវិហារនេះមិនមែនសាងសង់ដោយថ្ម ដោយឥដ្ឋតែប៉ុណ្ណឹង ប៉ុន្តែសាងសង់ដោយថ្មដែលមានជីវិត ដែលជាគ្រីស្តបរិស័ទយើងទាំងអស់។ ដូច្នេះ ទឹកព្រះពរនេះបានណែនាំឲ្យយើងនឹកឃើញដល់ពិធីជ្រមុជទឹករបស់យើង នៅជីវិតថ្មីដែលយើងទទួលបានពីព្រះជាម្ចាស់នៅពេលយើងទៅជាបុត្រាបុត្រីរបស់ព្រះអង្គ។ នៅពេលយើងប្រោះទឹកព្រះពរទាំងលើជញ្ជាំង ទាំងលើបងប្អូនយើងយល់ថា យើងជាព្រះសហគមន៍ យើងជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់។ ដែលចូលនៅក្នុងព្រះវិហារនេះ ដើម្បីអធិដ្ឋាន ដើម្បីសូត្រធម៌ ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីទទួលអគ្គសញ្ញានានា ជាពិសេសអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត និងអគ្គសញ្ញាសម្រុះសម្រួលរួមជាមួយព្រះជាម្ចាស់។ ជាពេលវេលាមួយដើម្បីឲ្យយើងនឹកឃើញពិតមែននេះជាកន្លែងសក្ការៈ នេះហើយខ្ញុំបានប្រោះទឹកព្រះពរលើអាសនៈ។ ប៉ុន្តែ នៅលើអាសនៈមិនមែនតែប្រោះទឹកព្រះពរ បន្តិចទៀតយើងមានការអធិដ្ឋានយ៉ាងឱឡារឹក ដើម្បីឲ្យព្រះជាម្ចាស់ប្រសិទ្ធីព្រះពរលើអាគារ នេះ ដូចជាលើអាសនៈ ដូចជានៅលើបងប្អូន។ នៅពេលនោះ យើងប្រើប្រេងគ្រីស្មាស់ ប្រេងគ្រីស្មាស់ជាប្រេងដែលយើងបានប្រសិទ្ធីពរយ៉ាងពិសេសបំផុត។ ដែលណែនាំឲ្យអាសនៈនេះ ដែលជាតុសក្ការៈដើម្បីនឹករលឹកដល់សក្ការៈបូជារបស់ព្រះយេស៊ូ ទៅជាកន្លែងអាទិភាពដ៏សំខាន់បំផុតនៅក្នុងព្រះវិហាររបស់យើង។ ប៉ុន្តែ លើសពីនេះទៀតយើងគូសសញ្ញាឈើឆ្កាងជាមួយប្រេងគ្រីស្មាស់នៅលើសសរនីមួយៗ ដើម្បីនឹកឃើញយើងមានសសរនៅក្នុងព្រះវិហានេះ ដើម្បីឱ្យរឹងមាំ។ ប៉ុន្តែ យើងជាគ្រីស្តបរិស័ទដែលបានទទួលប្រេងគ្រីស្មាស់នៅពេលយើងបានទទួលពិធីជ្រមុជទឹក ដែលបានទទួលប្រេងគ្រីស្មាស់នៅពេលទទួលអគ្គសញ្ញាលាបថ្ងាស។ យើងជាសសរដ៏ រឹងមាំ ដើម្បីណែនាំឱ្យព្រះវិហារនេះអាចទៅជាព្រះវិហារដ៏មានជីវិត។ ដោយសារ យើងជាព្រះសហគមន៍សកម្ម យើងជាព្រះសហគមន៍ដែលចេះស្រឡាញ់គ្នាទៅវិញទៅមក យើងជាព្រះសហគមន៍ដែលចេះអធិដ្ឋានភ្ជាប់ជាមួយព្រះជាម្ចាស់ ភ្ជាប់និងបម្រើបងប្អូនឯទៀតៗ។ ដូច្នេះ នេះជាសញ្ញាមួយៗដែលណែនាំឲ្យយើងចូលនៅក្នុងជីវិតរបស់ព្រះជាម្ចាស់ នៅក្នុងព្រះជន្មរបស់ព្រះជាម្ចាស់ផ្ទាល់ ដើម្បីណែនាំឲ្យព្រះសហគមន៍របស់យើងពោរពេញដោយកម្លាំង ពោរពេញដោយជីវិត។ អត្ថបទដែលយើងបានស្ដាប់ ជាអត្ថបទដែលណែនាំឲ្យយើងយល់អំពីជីវិតរបស់យើង ដែលជាគ្រីស្តបរិស័ទ។ ជីវិតរបស់យើងជាគ្រីស្តបរិស័ទមិនធម្មតាទេ ដោយសារថ្ងៃនេះយើងបានស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលថា “ចូរមានចិត្តមេត្តាករុណាដូចព្រះបិតារបស់អ្នករាល់គ្នា ដែលមានព្រះហឫទ័យមេត្តាករុណា”។ នៅពេលយើងស្ដាប់ព្រះបន្ទូលនេះ ជាព្រះបន្ទូលមិនធម្មតាទេដោយសារព្រះយេស៊ូណែនាំឲ្យយើងមានចិត្តស្រឡាញ់ ឲ្យយើងមានចិត្តមេត្តាករុណាដូចព្រះបិតាផ្ទាល់។ ដោយដឹងថាព្រះបិតាជាសេចក្ដីស្រឡាញ់ ដោយដឹងថាព្រះបិតាមានលក្ខណៈតែមួយ គឺសេចក្ដីស្រឡាញ់ដ៏ពេញលក្ខណៈ មិនខ្វះមួយភាគរយទេ សេចក្ដីស្រឡាញ់ដ៏ធំធេ។យើងជាគ្រីស្តបរិស័ទ ដែលជាមនុស្សសាមញ្ញធម្មតា ដែលជាមនុស្សជាប់នឹងអំពើបាប ដែលជាមនុស្សជួនកាលវង្វេងដែរ។ យើងត្រូវការចូលនៅក្នុងព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ និងអនុវត្តន៍នៅក្នុងជីវិតរបស់យើងអំពីសេចក្ដីស្រឡាញ់នេះ។ បងប្អូនជាទីស្រឡាញ់ ពេលយើងនឹកឃើញព្រះបន្ទូលនេះ ពេលយើងនឹកឃើញព្រះវិហារដែលយើងកំពុងសម្ភោធន៍ យើងយល់ថាពិតមែនយើងជាមនុស្សទន់ខ្សោយ។ យើងអត់មានសមត្ថភាពផ្ទាល់ខ្លួនដើម្បីមានចិត្តមេត្តាករុណាដូចព្រះបិតាមានព្រះហឫទ័យមេត្តាករុណា យើងអត់មានសមត្ថភាពផ្ទាល់ខ្លួនដើម្បីស្រឡាញ់ខ្មាំងសត្រូវ។ យើងឥតមានសមត្ថភាពផ្ទាល់ខ្លួនដើម្បីធ្វើអំពើល្អដល់អ្នកដែលស្អប់យើង
សន្តសន្តីជាកម្លាំងសម្រាប់យើង ដើម្បីទៅជាមនុស្សសុចរិត
អភិបូជាខួប១២ឆ្នាំជាអភិបាល ធ្វើនៅព្រះសហគមន៍សន្តយ៉ូសែប ផ្សារតូច ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ អត្ថបទទី១៖ សេរីភាព ១៧,៣-៧តើព្រះអម្ចាស់គង់ក្នុងចំណោមពួកយើងមែន ឬមិនមែន? សរ ១៧,៧អត្ថបទទី២៖ រ៉ូម ៥,១-២.៥-៨យើងមានមាគ៌ាចូលទៅកាន់ជីវិតថ្មី។ រម ៥,២ដំណឹងល្អ៖ យ៉ូហាន ៤,៥-៤២តើលោកបានទឹកដែលផ្ដល់ជីវិតនោះពីណាមក? យហ ៤,១១ “សន្តសន្តីជាកម្លាំងសម្រាប់យើង ដើម្បីទៅជាមនុស្សសុចរិត” បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ យើងបានស្ដាប់អំពីព្រះជាម្ចាស់ ច្រើនដងយើងសួរខ្លួនឯងថា តើព្រះជាម្ចាស់ជានរណា? ប៉ុន្តែ ថ្ងៃនេះពេលយើងស្ដាប់អត្ថបទទី១ គឺគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព ទំនាក់ទំនងលោកម៉ូសេជាមួយនឹងព្រះជាម្ចាស់ ណែនាំឱ្យយើងឃើញព្រះជាម្ចាស់ដូចជាសម្ដែងព្រះហឫទ័យដល់លោកម៉ូសេនិងដល់យើងដែរ។ យើងបានស្ដាប់ថា “យើងជាព្រះដែលឪពុកអ្នកតែងគោរពបម្រើគឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប”។ នៅពេលយើងនឹកឃើញលោកអប្រាហាំ លោកអ៊ីសាក លោកយ៉ាកុប យើងនឹកឃើញដល់លោកយ៉ូហានបាទីស្ទដែរ។ យើងនឹកឃើញដល់សន្តយ៉ូសែប ដែលយើងបានគោរពពីម្សិលមិញ ដោយសារទាំងអស់គ្នាជាមនុស្សសុចរិត។ ព្រះជាម្ចាស់បានជ្រើសរើសគេ ថែរក្សាគេ ឱ្យគេទទួលភាពដ៏វិសុទ្ធរបស់ព្រះអង្គទៅជាមនុស្សសុចរិត ដែលរស់នៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ពិតប្រាកដ។ តាមពិត នៅពេលខ្ញុំបានជ្រើសរើសថ្ងៃតែងតាំងជាអភិបាល ខ្ញុំបានរើសថ្ងៃសន្តយ៉ូសែប គឺថ្ងៃទី២០ ខែមីនា ឆ្នាំ២០១០។ ប៉ុន្តែ ថ្ងៃដែលព្រះជាម្ចាស់បានត្រាស់ហៅឱ្យខ្ញុំទៅជាលោកអភិបាល តាមរយៈសម្ដេចប៉ាប បេណេឌីតូទី១៦គឺយប់បុណ្យព្រះយេស៊ូប្រសូត្រ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៩។ ថ្ងៃដែលខ្ញុំបានទទួលបន្តបេសកកម្មដ៏ពេញលក្ខណៈពីលោកអភិបាល អេមីល គឺថ្ងៃទី០១ ខែតុលា ឆ្នាំ២០១០គឺថ្ងៃសន្តីតេរេសា។ នៅក្នុងជីវិតរបស់យើង យើងមានសន្តសន្តីដែលណែនាំឱ្យយើងរស់នៅក្នុងព្រះហឫទ័យព្រះជាម្ចាស់។ យើងទាំងអស់គ្នា យើងមានគំរូដែលណែនាំឱ្យយើងទៅមុខនៅក្នុងជីវិតជាគ្រីស្តបរិស័ទ។ ប្អូនៗដែលថ្ងៃនេះធ្វើពិធីជម្រះចិត្តគំនិតលើកទី១ ប៉ុន្មានថ្ងៃមុននៅពេលខ្ញុំត្រាស់ហៅយ៉ាងឱឡារិក ខ្ញុំបានហៅតាមឈ្មោះសន្តសន្តីដែលបានជ្រើសរើសផ្ទាល់ខ្លួន។ សន្តសន្តីជាកម្លាំងសម្រាប់យើង ដើម្បីទៅជាមនុស្សសុចរិត ប៉ុន្តែយើងត្រូវការធ្វើប្រយ័ត្ន។ យើងបានស្ដាប់នៅក្នុងអត្ថបទទី២ “ប៉ុន្តែ ដោយថាបុព្វបុរសមួយចំនួនធំ មិនបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ ពួកគេស្លាប់នៅវាលរហោស្ថាន”។ តាមពិត យើងបានទទួលការត្រាស់ហៅទាំងអស់គ្នា ប៉ុន្តែជួនកាលយើងភ្លេចខ្លួន នៅពេលនោះដូចជាយើងស្លាប់នៅវាលរហោស្ថាន។ ប៉ុន្តែ ព្រះជាម្ចាស់គង់នៅជាមួយយើង ដើម្បីឱ្យយើងរស់ឡើងវិញសាជាថ្មី នេះជាបទពិសោធន៍ដែលខ្ញុំមាននៅក្នុងរយៈពេល១២ឆ្នាំកន្លងមក។ សន្ត អូកូស្តាំង ធ្លាប់មានប្រសាសន៍ថា “ខ្ញុំជាលោកអភិបាលដើម្បីបម្រើបងប្អូន និងខ្ញុំជាគ្រីស្តបរិស័ទដែលធ្វើដំណើរជាមួយបងប្អូន”។ ខ្ញុំគិតថា សម្រាប់ខ្ញុំជាលោកអភិបាលគឺនេះពិតមែន ខ្ញុំជាលោកអភិបាលដើម្បីបម្រើបងប្អូន នៅពេលខ្ញុំបានទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ ខ្ញុំបានឆ្លាក់លើពែងកាលីសរបស់ខ្ញុំថា “ដោយសេចក្ដីស្រឡាញ់”។ នៅពេលខ្ញុំបានទទួលអគ្គសញ្ញាតែងតាំងជាអភិបាលខ្ញុំបានឆ្លាក់ថា “ដោយបម្រើ”។ យើងជាលោកអភិបាលដើម្បីបម្រើបងប្អូន ប៉ុន្តែជាគ្រីស្តបរិស័ទដែរ ជាគ្រីស្តបរិស័ទម្នាក់ដែលដំណើររួមជាមួយបងប្អូន ជាបូជាចារ្យម្នាក់ដែលធ្វើដំណើររួមជាមួយលោកឪពុក ឱ្យយើងរួមគ្នាដើម្បីកសាងព្រះសហគមន៍នៅភូមិភាគភ្នំពេញ។ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះយើងបានស្ដាប់អត្ថបទដំណឹងល្អដែលស្ដីអំពីស្រ្តីសាសន៍សាម៉ារី ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា “ប្រសិនបើនាងស្គាល់ព្រះអំណោយទានរបស់ព្រះជាម្ចាស់និងស្គាល់អ្នកដែលនិយាយទៅកាន់នាងថា ខ្ញុំសុំទឹកទទួលទានបន្តិច នោះនាងមុខជាសុំទឹកពីលោកវិញពុំខាន”។ ប្រសិនបើនាងស្គាល់ព្រះអំណោយទានរបស់ព្រះជាម្ចាស់ នេះជាបទពិសោធន៍ដែលខ្ញុំមាននៅក្នុងរយៈពេល១២ឆ្នាំ ដែលខ្ញុំបានធ្វើដំណើរជាមួយបងប្អូន។ ខ្ញុំបានមើលឃើញយ៉ាងជាក់ស្ដែង អំពីព្រះអំណោយទានរបស់ព្រះជាម្ចាស់សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គលើទឹកដីកម្ពុជា ជាពិសេសនៅក្នុងភូមិភាគភ្នំពេញ។ តាមរយៈមណ្ឌលសកម្មភាពទាំង៩ នៅពេលបានជួបជាមួយបងប្អូនគ្រីស្តបរិស័ទ ជួបជាមួយយុវជនយុវនារី ជួបជាមួយអ្នកដែលកំពុងស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញយ៉ាងជាក់ស្ដែង ពិតមែនព្រះអំណោយទានរបស់ព្រះជាម្ចាស់ កំពុងកើតជារូបរាងនៅលើទឹកដីយើង។ យើងមានជីវិត យើងមានកម្លាំង ទោះបីមានកូវីដ-១៩ក៏ដោយ ក៏យើងបន្ត យើងបានធ្វើដំណើរនៅក្នុងការអធិដ្ឋានរួមជាមួយគ្នា ដើម្បីថែរក្សាជំនឿ។ ជំនឿរបស់យើង ជាជំនឿដែលយើងទទួលបានពីបុព្វបុរសរបស់យើង ដែលយើងទទួលថ្មីៗក៏ដោយ យើងដឹងថាជាជំនឿដែលយើងទទួលបានពីបងប្អូនដែលបានផ្ដល់សក្ខីភាព ពីមុនសម័យប៉ុលពតរហូតដល់សម័យនេះ ដើម្បីឱ្យព្រះសហគមន៍ដែលបានឆ្លងប្រវត្តិសាស្ត្រដ៏ពិសេសនៅមានជីវិត។ នៅមានជីវិតដដែល កំពុងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងសេចក្ដីសុខសាន្ត សម្រាប់នេះខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់។ ខ្ញុំអរព្រះគុណព្រះជាម្ចាស់ ពេលខ្ញុំឃើញព្រះអំណោយទានរបស់ព្រះអង្គតាមរយៈលោកបូជាចារ្យ បព្វជិតបព្វជិតា ដែលបម្រើព្រះសហគមន៍អស់ពីសេចក្ដីស្រឡាញ់។ ដែលយកចិត្តទុកដាក់ធ្វើជាគ្រូគង្វាល ដើម្បីឱ្យព្រះសហគមន៍រួមរស់នៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ មិនធ្លាក់នៅក្នុងវាលរហោស្ថាន។ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ សម្រាប់ការអភិវឌ្ឍន៍ និងការប្រកាសដំណឹងល្អ
កសាងសុខសន្តិភាពតាមគំរូមរណៈសាក្សី
អភិបូជារំលឹកលោកឪពុកត្រឿង ប៊ូយៀប ធ្វើនៅព្រះសហគមន៍ផ្លូវត្រី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ អត្ថបទទី១៖ ទុតិយកថា ២៦,១៦-១៩ព្រះអម្ចាស់យល់ព្រមទទួលអ្នកជាប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់។ ទក ២៦,១៨ដំណឹងល្អ៖ ម៉ាថាយ ៥,៤៣-៤៨សូម្បីតែអ្នកទារពន្ធ*ក៏ចេះស្រឡាញ់គ្នាគេដែរ។ មថ ៥,៤៦ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ដែលយើងជួបជុំគ្នាដើម្បីនឹករលឹកដល់លោកឪពុក ហ្វ្រង់ស្វ័រសាវីយ៉េ យៀប ជាបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍ផ្លូវត្រីយើងនៅឆ្នាំ១៩២៤។ មានន័យថា ព្រះសហគមន៍របស់យើងជាព្រះសហគមន៍ចាស់ហើយ ព្រះសហគមន៍របស់យើងជាព្រះសហគមន៍ដែលមានគ្រីស្តបរិស័ទពីដើម។ ដែលបានចាប់ផ្តើមសាបព្រោះនៅលើទឹកដីរបស់យើង ដើម្បីណែនាំឱ្យជីវិតបានរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចមានផ្លែដ៏ពិតប្រាកដមែន។ បងប្អូនជាទីស្រឡាញ់ យើងនៅខាងកើតនៃទន្លេមេគង្គ យើងមានបីកន្លែងពិសេស ទីមួយមានផ្លូវត្រី យើងនឹករលឹកដល់លោកឪពុកយៀប ដែលបានធ្វើការអស្ចារ្យយ៉ាងច្រើនសម្រាប់ប្រជាជនមួយចំនួន ទាំងពុទ្ធបរិស័ទ ទាំងគ្រីស្តបរិស័ទ។ ជាពិសេស នៅប្រទេសវៀតណាម ហើយនៅកន្លែងយើងក៏យើងមានផ្លែនៅក្នុងជីវិតរបស់យើងដែរ។ ទីពីរ ព្រះសហគមន៍សន្តសិលា ពោធិ៍ធំ ក៏ជាកន្លែងមួយពិសេសដែរ ជាព្រះសហគមន៍កំណើតរបស់លោកអភិបាល ឆ្មារ សាឡាស់ លោកឪពុក ឆ្មារ សាឡឹម។ ជាមរណៈសាក្សី ដែលបានសុខចិត្តលះបង់អ្វីៗទាំងអស់ នៅប្រទេសកម្ពុជាក្នុងសម័យប៉ុលពត ជីវិតរបស់ពួកគាត់ក៏បានធ្លាក់នៅក្នុងដី ដើម្បីទៅជាពូជដែលមានផ្លែយ៉ាងច្រើន ដូចយើងបានស្តាប់នៅក្នុងគម្ពីរដំណឹងល្អអំបាញ់មិញ។ ទីបី ព្រះសហគមន៍ក្សត្រីនៃសន្តិភាព អរិយក្សត្រ ជាកន្លែងព្រះនាងម៉ារីនៃទន្លេមេគង្គ ព្រះនាងម៉ារីទី១យើងរកឃើញនៅឆ្នាំ២០០៨ ព្រះនាងម៉ារីទី២យើងរកឃើញនៅឆ្នាំ២០១២។ ដូច្នេះ ពេលយើងមើលតាមផ្លូវខាងកើតទន្លេមេគង្គ ជាកន្លែងដែលព្រះអាទិត្យរះ ជាកន្លែងដែលយើងនឹករលឹកដល់ព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ។ ព្រះយេស៊ូដែលជាពន្លឺ ព្រះយេស៊ូដែលជាព្រះអាទិត្យដើម្បីបំភ្លឺពិភពលោក ណែនាំឱ្យយើងអាចទទួលកម្លាំងយ៉ាងច្រើនដើម្បីរីកចម្រើន។ មិនមែនរីកចម្រើននៅក្នុងការរកស៊ី មិនមែនរីកចម្រើននៅក្នុងទ្រព្យសម្បត្តិ ប៉ុន្តែអ្វីដែលសំខាន់មិនមែនឱ្យយើងរកស៊ីតាមលោកិយ៍។ លោកយៀប នៅក្នុងជីវិតរបស់គាត់បានបម្រើព្រះជាម្ចាស់ បានបម្រើព្រះសហគមន៍ បានស្រឡាញ់សន្តីម៉ារី បានស្រឡាញ់សន្តយ៉ូសែប នេះជាអ្វីដែលសំខាន់បំផុតនៅក្នុងជីវិតរបស់យើង។ ជាពិសេស នៅក្នុងរដូវអប់រំពិសេស យើងធ្វើដូចម្តេចដើម្បីឱ្យយើងផ្ទាល់ខ្លួនភ្ជាប់ជាមួយព្រះជាម្ចាស់ យើងធ្វើដូចម្តេចដើម្បីឱ្យយើងអាចទទួលរង្វាន់នៅស្ថានបរមសុខ។ រង្វាន់នៅស្ថានបរមសុខ មិនមែនសម្រាប់តែអ្នកមានដែលមានឋានៈ មិនមែនសម្រាប់តែអ្នកដែលមានទ្រព្យសម្បត្តិច្រើន គឺសម្រាប់មនុស្សសុចរិត។ មានន័យថា មនុស្សដែលធ្វើអំពើល្អ ដោយរស់នៅស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ យើងមានសន្តយ៉ូសែប សន្តយ៉ូហានបាទីស្ទ លោកតាអប្រាហាំ…។ ថ្ងៃនេះ យើងចូលរួមនៅក្នុងអភិបូជានេះដើម្បីបំពេញសេចក្តីសង្ឃឹមរបស់យើង តាមរយៈលោកយៀប តាមរយៈលោកឆ្មារ សាឡាស់ និងឆ្មារ សាឡឹម តាមរយៈព្រះនាងម៉ារីនៃទន្លេមេគង្គ ដើម្បីឱ្យយើងទៅជាមនុស្សសុចរិត។ មានន័យថា ជាមនុស្សម្នាក់ដែលបានខិតខំនៅក្នុងជីវិតសាមញ្ញធម្មតា រស់នៅជាមួយគ្រួសារយើង នៅក្នុងព្រះសហគមន៍យើង នៅក្នុងសង្គមយើង នៅក្នុងសេចក្តីសុខដែលយើងទទួលពីព្រះជាម្ចាស។ នៅពេលយើងនិយាយអំពីសេចក្តីសុខ យើងត្រូវតែមើលឃើញសង្រ្គាមដែលកំពុងកើតឡើងនៅទ្វីបអឺរ៉ុប យើងជាពិភពតែមួយដែលត្រូវតែព្រួយបារម្ភ។ យើងខ្លាចសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី ក្លាយជាសង្រ្គាមលោកលើកទី៣ សម្រាប់យើងជាគ្រីស្តបរិស័ទ ជាពេលវេលាដើម្បីអធិដ្ឋាន។ ពីម្សិលមិញ អ្នកដឹកនាំទាំង២៧ប្រទេសនៅទ្វីបអឺរ៉ុប បានប្រជុំគ្នាហើយចេញសេចក្តីសម្រេចរួមមួយ គឺជួយឧបត្ថម្ភ ១ពាន់លានដុល្លារអាមេរិក ដើម្បីទិញអាវុធសម្រាប់អ៊ុយក្រែន។ ដូច្នេះ សូមបងប្អូនអធិដ្ឋានទូលអង្វរទាំងព្រះនាងម៉ារី ទាំងសន្តយ៉ូសែប ទាំងលោកយៀប ទាំងឆ្មារសាឡាស់ ទាំងឆ្មារសាឡឹម និងសន្តសន្តីទាំងអស់នៅស្ថានបរមសុខ ដើម្បីឱ្យយើងបញ្ចប់សង្រ្គាមបន្ទាន់ ឱ្យមនុស្សយើងចេះមើលឃើញបញ្ហាដែលកំពុងកើតឡើង។ គេថាមានប្រហែល ៥លាននាក់ ដែលបានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ទៅប្រទេសនានា ដើម្បីគេចពីសង្រ្គាម។ ថ្ងៃនេះ ជាពេលវេលាដើម្បីស្តាប់ព្រះបន្ទូលព្រះជាម្ចាស់ថែមទៀត ដើម្បីអធិដ្ឋានថែមទៀត ដើម្បីកែប្រែចិត្តគំនិតថែមទៀត។ អធិដ្ឋានសម្រាប់អ្នកដែលដឹកនាំប្រទេសទាំងអស់នៅក្នុងពិភពលោក ដើម្បីឱ្យយើងទាំងអស់គ្នាមានគោលដៅតែមួយ គឺកសាងសុខសន្តិភាព។ កសាងសុខសន្តិភាព កុំឱ្យគ្រាន់តែជាពាក្យដែលយើងនិយាយចេញពីបបូរមាត់របស់យើង ឱ្យយើងអនុវត្តយ៉ាងជាក់ស្តែងនៅក្នុងគ្រួសារយើង នៅក្នុងព្រះសហគមន៍យើង នៅក្នុងជីវិតរបស់យើង នៅក្នុងដួងចិត្តរបស់យើងផ្ទាល់។ រដូវអប់រំពិសេស ជាពេលវេលាពិសេសដើម្បីកសាងសុខសន្តិភាព ដើម្បីកសាងសេចក្តីសុខសាន្តដ៏ពិតប្រាកដនៅក្នុងជីវិតរបស់យើងផ្ទាល់។ ដោយសង្ឃឹមថា
៤០ថ្ងៃដើម្បីធ្វើជាមនុស្សថ្មី
អភិបូជាអាទិត្យទី១នៃរដូវអប់រំពិសេស ធ្វើនៅព្រះសហគមន៍សន្តយ៉ូសែប ទួលក្រសាំង ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ អត្ថបទទី១៖ ទុតិយកថា ២៦,៤-១០ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮពាក្យរបស់យើងខ្ញុំ។ ទក ២៦,៧អត្ថបទទី២៖ រ៉ូម ១០,៨-១៣អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ។ រម ១០,១៣ដំណឹងល្អ៖ លូកា ៤,១-១៣ព្រះអង្គត្រូវមារសាតាំងល្បួងអស់រយៈពេលសែសិបថ្ងៃ។ លក ៤,២ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ យើងចូលនៅក្នុងអាទិត្យទី១នៃរដូវ៤០ថ្ងៃ ឬរដូវត្រណម ឬរដូវអប់រំពិសេស យើងមានឈ្មោះច្រើនជាភាសាខ្មែរ។ អប់រំពិសេស ដោយសារយើងនឹកឃើញដល់ប្អូនៗយើង ដែលទទួលការត្រាស់ហៅយ៉ាងឱឡារិកពីម្សិលមិញ។ គេមាន៤០ថ្ងៃខាងមុខនេះ ដើម្បីទទួលការអប់រំពិសេស រៀបចំចិត្តគំនិតទទួលពិធីជ្រមុជទឹក។ ជាមូលហេតុ យើងថាអប់រំពិសេសសម្រាប់បេក្ខជនដែលត្រៀមខ្លួនទទួលពិធីជ្រមុជទឹកនៅខាងមុខនេះ។ រដូវ៤០ថ្ងៃ ដោយសារយើងនឹកឃើញអត្ថបទដែលយើងស្ដាប់ថ្ងៃនេះ គឺព្រះយេស៊ូដែលបានចូលវាលរហោស្ថានអស់រយៈពេល៤០ថ្ងៃ។ ដូចពីសម័យដើម ប្រជារាស្រ្តអ៊ីស្រាអែលបានដើរ៤០ឆ្នាំនៅក្នុងវាលរហោស្ថានជាមួយលោកម៉ូសេ។ យើងទាំងអស់គ្នា ដែលជាគ្រីស្តបរិស័ទយើងធ្វើដំណើរនៅក្នុងជីវិតរបស់យើងអស់រយៈពេល៤០ថ្ងៃ ដើម្បីកែប្រែចិត្តគំនិតដើម្បីត្រៀមខ្លួនចូលរួមជាមួយព្រះយេស៊ូដែលសោយទិវង្គត និងព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ។ ជាពេលវេលាមួយយ៉ាងពិសេស ដែលព្រះសហគមន៍ប្រទានឲ្យយើងដើម្បីឲ្យយើងទៅជាមនុស្សថ្មីពិតមែន។ រដូវត្រណម ដោយសារយើងនឹកឃើញនៅពេលព្រះយេស៊ូបានចូលនៅក្នុងវាលរហោស្ថានអស់រយៈពេល៤០ថ្ងៃ ព្រះយេស៊ូបានតមអាហារ បានតមអ្វីៗទាំងអស់ ដើម្បីភ្ជាប់ជាមួយព្រះជាម្ចាស់ដែលជាព្រះបិតា។ ប៉ុន្តែ នៅក្នុងរដូវ៤០ថ្ងៃ ឬរដូវត្រណមរបស់ព្រះយេស៊ូ ព្រះយេស៊ូបានទទួលយ៉ាងច្រើន មានការល្បួង ដោយសារមនុស្សយើងអត់ហូបអ្វីសោះរយៈពេល៤០ថ្ងៃយើងឃ្លាន។ មារសាតាំង បានឆ្លៀតឱកាលដើម្បីចូលនៅក្នុងព្រះហឫទ័យរបស់ព្រះយេស៊ូ ដើម្បីចាប់ផ្ដើមសាកមើល តើព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏ពិតប្រាដកមែនឬអត់? ប្រសិនបើ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ពិតមែន មានសមត្ថភាពដើម្បីប្រែថ្មទាំងអស់ទៅជានំប៉័ង។ យើងនឹកឃើញការល្បួងនេះ គឺជាការល្បួងធម្មតាមែនទែន ដោយសារព្រះយេស៊ូឃ្លាន ព្រះអង្គអត់បានហូបអ្វីអស់៤០ថ្ងៃមកហើយ។ ដូច្នេះ ប្រសិនបើឥលូវនេះថ្មទាំងអស់នៅក្នុងវាលរហោស្ថានទៅជានំប៉័ងសប្បាយណាស់ ចង់មាននំប៉័ងហូបដែរ។ ដូចប្រជារាស្ត្រអ៊ីស្រាអែល ដែលនៅក្នុងវាលរហោស្ថានអស់រយៈពេល៤០ឆ្នាំ គេខឹងព្រះជាម្ចាស់ប៉ុន្មានដង ដោយសារពេលគេនៅអេហ្ស៊ីបគេមានម្ហូបបរិបូណ៌ តែពេលនេះគេអត់មានអ្វីហូប។ ដូច្នេះ ព្រះជាម្ចាស់បានប្រទានឲ្យគេនូវនំមាណាជារៀងរាល់ពេលព្រឹក គេមាននំដែលដុះចេញពីទឹកសន្សើម ដើម្បីចិញ្ចឹមជីវិត។ ប៉ុន្តែ ព្រះយេស៊ូជាព្រះជាម្ចាស់ ដូច្នេះព្រះអង្គមិនចាញ់ការល្បួងឡើយ ទោះបីទ្រង់អាចមានសមត្ថភាពដើម្បីដូរថ្មទៅជានំប៉័ង។ ព្រះយេស៊ូដែលជាព្រះជាម្ចាស់ មានឫទ្ធានុភាពសព្វប្រការ ដូច្នេះមារសាតាំងបានយល់ មនុស្សយើងជាមនុស្សដែលមានចិត្តលោភលន់ចង់បានច្រើនៗ។ ដូច្នេះ ល្បួងព្រះយេស៊ូថា ខ្ញុំអាចឲ្យទ្រព្យសម្បត្តិទាំងអស់ ទីក្រុងទាំងអស់ ដែលនៅក្នុងពិភពលោកទាំងមូល ប៉ុន្តែព្រះយេស៊ូមិនចាញ់ទេ។ ទី៣សាកមើលដើម្បីបង្គាប់ព្រះជាម្ចាស់ ប៉ុន្តែព្រះយេស៊ូបានឆ្លើយថាគ្មាននរណាដែលអាចបង្គាប់ឬល្បួងព្រះជាម្ចាស់បានទេ។ បងប្អូនជាទីស្រឡាញ់ ឥលូវនេះយើងចូលនៅក្នុងរដូវ៤០ថ្ងៃ ឥលូវនេះជាពេលវេលាសម្រាប់យើងដើម្បីទទួលការល្បួងដែរ ដើម្បីនឹកឃើញដល់ជីវិតរបស់យើងយ៉ាងច្បាស់លាស់។ នៅពេលខ្ញុំមកដល់ទួលក្រសាំងនេះ ១២ឆ្នាំមុនពេលខ្ញុំជាអភិបាលថ្មីៗ នៅទីនេះខ្ញុំមានអារម្មន៍ថាខ្ញុំបានទៅដល់តំបន់ដាច់ស្រយាលនៃភូមិភាគភ្នំពេញទៅហើយ។ ពិបាកចូល រកមិនឃើញផ្លូវ យើងគ្មានព្រះវិហារស្អាតដូចនេះទេ ជាកន្លែងតូចមួយ ហើយភូមិរបស់យើងអត់មានផ្លូវចេញ ជាកន្លែងដ៏តូចមួយដែលអត់សូវមានតម្លៃទេសម្រាប់សង្គម។ ប៉ុន្តែ ឥលូវនេះប្រសិនបើយើងនិយាយអំពីតម្លៃវិញ ខ្ញុំជឿថាដីរបស់យើងថ្លៃណាស់ យើងជាប់ជាមួយផ្លូវធំណាស់ នៅក្បែរព្រលានយន្តហោះថ្មី។ កន្លែងរបស់យើងដែលជាកន្លែងដាច់ស្រយាល់ ទៅជាកន្លែងមួយពិសេសបំផុត ប៉ុន្តែតើយើងចាញ់ការល្បួងឬទេ? ដោយសារ នេះជារបៀបដែលយើងជាគ្រីស្តបរិស័ទធម្មតា យើងបានសាងសង់ព្រះវិហាររបស់យើងដើម្បីថ្វាយបង្គំ។ ប៉ុន្តែ ឥលូវនេះជាពេលវេលាមួយដើម្បីនឹកឃើញដែរ លោកីយ៍របស់យើង សង្គមរបស់យើង រីកចម្រើនលឿនណាស់។ ជាពិសេស នៅក្នុងតំបន់តាខ្មៅនេះ មានអគារថ្មីខ្ពស់ៗ ច្រើនណាស់ សង្គមរបស់យើងបានទាក់ទាញយើង ដើម្បីឲ្យយើងដើរឆ្ងាយពីព្រះជាម្ចាស់ សង្គមរបស់យើង បានទាក់ទាញយើងដើម្បីឲ្យយើងចង់បានថែមទៀត។ យើងចង់ទិញរំលោះអ្វីក៏បាន ទូរស័ព្ទក៏បាន ម៉ូតូក៏បាន ឡានក៏បាន ផ្ទះក៏បាន តាមសង្គមទាក់ទាញអារម្មណ៍យើង។ ប៉ុន្តែ ក្រោយមកគ្រោះថ្នាក់ដោយសារទិញរំលោះហើយយើងអត់មានអីសង ខែទីមួយសងបាន ខែទីពីរលែងសងបាន ខែទីបីដាច់ខ្យល់ ពេលយើងដាច់ខ្យល់យើងទៅខ្ចីលុយគេនៅផ្សារដែលមានការថ្លៃខ្ពស់។ នេះជារបៀបដែលមារសាតាំងល្បួងយើង ជារបៀបដែលបច្ចុប្បន្ននេះមារសាតាំងណែនាំឲ្យយើងមើលឃើញអ្វីដែលល្អ ដែលស្អាត យើងមើលឃើញការផ្សព្វផ្សាយរបស់គេពីមួយថ្ងៃទៅមួយថ្ងៃ នេះជារបៀបដែលមារសាតាំងល្បួងព្រះយេស៊ូ។ សម្រាប់យើងសព្វថ្ងៃយើងត្រូវពិចារណា
អធិដ្ឋាននិងបម្រើនៅក្នុងសេចក្តីស្រឡាញ់
អត្ថបទទី១៖ អេសាយ ៥៨,៩ខ-១៤ប្រសិនបើអ្នកសុខចិត្តបេះអាហារពីមាត់ខ្លួន យកទៅឲ្យអ្នកដែលស្រេកឃ្លាន នោះពន្លឺរបស់អ្នកនឹងចែងចាំងក្នុងទីងងឹត។ អស ៥៨,១០ដំណឹងល្អ៖ លូកា ៥,២៧-៣២ហេតុអ្វីបានជាអ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ? លក ៥,៣០ បងប្អូនជាទីស្រឡាញ់ “អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ” នៅថ្ងៃនេះដែលយើងជួបជុំគ្នា ដើម្បីធ្វើពិធីត្រាស់ហៅយ៉ាងឱឡារិកសម្រាប់បេក្ខជន៨៣នាក់ ដែលត្រៀមខ្លួនទទួលពិធីជ្រមុជទឹកនៅរាត្រីបុណ្យចម្លង។ នៅពេលយើងស្ដាប់អត្ថបទនេះ “អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ” តាមពិតយើងចូលយ៉ាងជ្រៅបំផុតនៅក្នុងអាថ៌កំបាំងនៃជំនឿរបស់យើង។ ប្រសិនបើ បងប្អូននឹកឃើញជំហានទី១នៅពេលយើងបានគោះទ្វារដើម្បីសុំចូលនៅក្នុងព្រះសហគមន៍ លោកបានសួរថា “សុំអ្វី?” យើងឆ្លើយថា “សុំជំនឿ” លោកបន្តសួរថា “សុំជំនឿដើម្បីអ្វី?” យើងឆ្លើយថា “ដើម្បីទទួលជីវិតអស់កល្បជានិច្ច”។ ប្រសិនបើ យើងនិយាយអំពីជីវិតអស់កល្បជានិច្ច យើងនិយាយអំពីការសង្រ្គោះ។ ព្រឹកមិញ យើងបាននឹកឃើញយើងជាគ្រីស្តបរិស័ទ និងសញ្ញាសម្គាល់នៃគ្រីស្តបរិស័ទ គឺគូសឈើឆ្កាងនៅលើខ្លួន “ដោយព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ”។ ដោយនឹកឃើញដល់ព្រះយេស៊ូ ដែលបានសោយទិវង្គត ដើម្បីសង្រ្គោះយើង។ ពិធីជ្រមុជទឹក ដែលយើងទទួលណែនាំឲ្យយើងរួមស្លាប់ រួមរស់ ដោយសារព្រះយេស៊ូមិនមែនតែសោយទិវង្គត ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ រួមស្លាប់ រួមរស់ជាមួយព្រះយេស៊ូដើម្បីកើតជាថ្មី។ ថ្ងៃនេះ យើងធ្វើជំហានទី២ នៅពេលយើងទទួលពិធីជ្រមុជទឹក យើងថាជាជំហានទី៣។ តាមពិត ពិធីជ្រមុជទឹកជាជំហានទី១នៅក្នុងជីវិតថ្មីដែលយើងទទួល ជាជីវិតដែលទៅជាជីវិតដែលណែនាំឲ្យយើងចូលនៅក្នុងអាថ៌កំបាំងនៃជំនឿរបស់យើង ណែនាំឱ្យយើងទទួលការសង្គ្រោះ “អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ”។ ហេតុនេះហើយ ថ្ងៃនេះពិតមែនយើងពោរពេញដោយអំណរសប្បាយ ដោយសារយើងមើលឃើញគោលដៅនៃជីវិតរបស់យើង។ ព្រឹកមិញ យើងបានគូសផ្លូវនៃជីវិត នៅថ្ងៃកើតលើផែនដីនេះពីឪពុកម្ដាយ នៅថ្ងៃដែលបន្តិចទៀតយើងកើតសាជាថ្មី នៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធរួមជាមួយព្រះយេស៊ូ។ យើងកើតម្ដងទៀត តាមពិតយើងកើតបីដង កើតលើកទី១នៅលើផែនដីនេះពីឪពុកម្ដាយ កើតលើកទី២នៅពេលយើងទទួលជីវិតថ្មីនៅពេលជ្រមុជទឹក និងលើកទី៣ពេលយើងកើតនៅស្ថានបរមសុខរួមជាមួយព្រះជាម្ចាស់។ ដូច្នេះ ថ្ងៃនេះទោះបីយើងនៅក្មេងក៏ដោយ យើងអាចមើលឃើញគោលដៅនៃជីវិតរបស់យើង គឺមិនមែនស្លាប់ទេ គោលដៅនៃជីវិតរបស់យើង គឺទទួលការសង្គ្រោះ រស់នៅអស់កល្បជានិច្ចជាមួយព្រះជាម្ចាស់។ ដូច្នេះ យើងបានចាប់ផ្ដើមដើរតាមរកព្រះអង្គនៅក្នុងជីវិតពីយូរឆ្នាំមកហើយ មានខ្លះ១០ឆ្នាំ មានខ្លះ៥ឆ្នាំ មានខ្លះ៣ឆ្នាំ ដែលធ្វើដំណើរនៅក្នងព្រះសហគមន៍ ដែលស្គាល់ព្រះសហគមន៍ ដោយសារមានមិត្តភក្កិ ដោយសារមានបងប្អូន។ នៅទីនេះ យើងមានមកពីព្រះសហគមន៍សំប៉ាន យើងមានគ្រួសារមួយទាំងឪពុកទាំងម្ដាយ ទាំងកូនបីនាក់ ដែលធ្វើដំណើររួមជាមួយគ្នា។ យើងមានបងប្អូនបង្កើតខ្លះៗដែរ ដែលធ្វើដំណើរជាមួយគ្នា យើងមានឪពុកម្ដាយខ្លះដែលទទួលពិធីជ្រមុជទឹកហើយ។ យើងចាប់ផ្ដើមដើរដូចបងប្អូនរបស់យើង ដើម្បីស្គាល់ព្រះយេស៊ូ ថ្ងៃដែលយើងទទួលពិធីជ្រមុជទឹកយើងដឹងថា នៅពេលនោះយើងបំពាក់ព្រះយេស៊ូសម្រាប់ចូលក្នុងជីវិតថ្មីនៅលើផែនដីនេះសិន។ ដោយសារ កុំឲ្យយើងគិតអំពីអនាគត យើងគិតពីជីវិតថ្មីនៅលើផែនដីនេះសិន ដែលណែនាំឲ្យយើងនឹកឃើញ “ព្រះបន្ទូលស្ថិតនៅក្បែរមាត់អ្នក និងនៅក្នុងចិត្តអ្នក”។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្ថិតនៅក្នុងមាត់របស់យើង និងនៅក្នុងដួងចិត្តរបស់យើង ប៉ុន្តែអ្វីដែលសំខាន់ គឺយើងមិនតែប្រកាសដោយបបូរមាត់របស់យើងនោះទេ “ខ្ញុំជឿលើព្រះជាម្ចាស់ អាម៉ែន ខ្ញុំឯកភាព ខ្ញុំដើរតាមព្រះជាម្ចាស់ អរព្រះគុណព្រះជាម្ចាស់ អាម៉ែនទៀតឡើយ”។ ប៉ុន្តែ សំខាន់គឺជំនឿដែលយើងមាននៅដួងចិត្តរបស់យើង និងជំនឿនេះជាអំណោយទានពិសេសដែលយើងទទួលពីព្រះជាម្ចាស់ ដើម្បីណែនាំឲ្យយើងទៅមុខនៅក្នុងជីវិត។ ដើម្បីណែនាំឲ្យយើងទៅជាមនុស្សសុចរិត ដែលអាចប្រកាសយ៉ាងពិតប្រាកដអស់ពីដួងចិត្ត អស់ពីស្មារតី អស់ពីជំនឿ ពិតមែនខ្ញុំស្រឡាញ់ព្រះជាម្ចាស់ ពិតមែនខ្ញុំស្រឡាញ់បងប្អូនឯទៀតៗ។ ដោយដឹងថា យើងមានព្រះអម្ចាស់តែមួយព្រះអង្គដែលស្រឡាញ់យើង ព្រះអម្ចាស់ដែលបានជ្រើសរើសយើង ព្រះអម្ចាស់ដែលថ្ងៃនេះនៅក្នុងព្រះសហគមន៍ ត្រាស់ហៅយើងយ៉ាងឱឡារិក ដើម្បីឱ្យយើងទៅជាបុត្រាបុត្រីរបស់ព្រះអម្ចាស់ ដើម្បីឲ្យយើងភ្ជាប់នៅក្នុងព្រះហឫទ័យស្រឡាញ់របស់ព្រះអម្ចាស់។ ថ្ងៃនេះ ខ្ញុំបានគូររូបបេះដូងរបស់យើងដែលជាសញ្ញានៃសេចក្ដីស្រឡាញ់ ដែលជាសញ្ញានៃជីវិតរបស់យើង ដែលជាសញ្ញានៃវិញ្ញាណរបស់យើង។ ប៉ុន្តែ បេះដូងរបស់យើងតូច តែបេះដូងរបស់ព្រះជាម្ចាស់ធំណាស់ ធំជាងពិភពលោកទាំងមូល ជាសេចក្ដីស្រឡាញ់ដែលគ្មានព្រំដែន។ ថ្ងៃនេះ យើងសប្បាយចិត្ត យើងត្រេកអរដូចព្រះនាងម៉ារី ព្រះនាងម៉ារីសប្បាយចិត្តដោយសារប៉ុន្មានខែទៀតនឹងទទួលព្រះយេស៊ូ។
មិនត្រូវនឿយណាយនឹងប្រព្រឹត្តអំពើល្អ
អភិបូជាបុណ្យរោយផេះ នៅព្រះសហគមន៍ពោធិ៍ចិនតុង ភ្នំពេញ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ អត្ថបទទី១៖ យ៉ូអែល ២,១២-១៨ចូរនាំគ្នាវិលមករកយើង ដោយស្មោះអស់ពីចិត្ត។ យអ ២,១២អត្ថបទទី២៖ កូរិនថូសទី២ ៥,២០-៦,២គ្រាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ គឺឥឡូវនេះហើយ!។ ២ករ ៦,២ដំណឹងល្អ៖ ម៉ាថាយ ៦,១-៦.១៦-១៨កុំធ្វើបុណ្យទានកនៅមុខមនុស្សម្នា ដើម្បីឲ្យតែគេឃើញនោះឡើយ។ មថ ៦,១ បងប្អូនជាទីស្រឡាញ់ យើងបានស្ដាប់នៅក្នុងអត្ថបទទី២ “គ្រាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យគឺឥលូវនេះហើយ ថ្ងៃដែលព្រះជាម្ចាស់សង្គ្រោះពិភពលោកគឺឥលូវនេះហើយ”។ មានន័យថា មិនមែនថ្ងៃស្អែក មិនមែនមួយឆ្នាំទៀត ប៉ុន្តែឥលូវនេះហើយ ថ្ងៃនេះដែលយើងចូលនៅក្នុងរដូវ៤០ថ្ងៃ យើងដឹងថារដូវ៤០ថ្ងៃជាពេលវេលាមួយយ៉ាងពិសេស។ ដូចសម្ដេចប៉ាបបានរំលឹកដល់យើងទាំងអស់គ្នា ដើម្បីសាបព្រោះអំពើល្អ “យើងមិនត្រូវនឿយណាយនឹងប្រព្រឹត្តអំពើល្អឡើយ ត្បិតប្រសិនបើយើងមិនបាក់ទឹកចិត្តទេនោះ ដល់ពេលកំណត់យើងច្រូតបានផលជាមិនខាន ហេតុនេះពេលយើងមានឱកាសនៅឡើយ យើងត្រូវតែប្រព្រឹត្តអំពើល្អចំពោះមនុស្សទាំងអស់”។ ឥលូវនេះជាពេលវេលាដើម្បីឆ្លៀតឱកាស ដើម្បីចូលនៅក្នុងទំនាក់ទំនងសាជាថ្មីជាមួយព្រះជាម្ចាស់។ យើងបានស្ថាប់នៅក្នុងអត្ថបទទី១ “ចូរនាំគ្នាវិលមករកយើង ដោយស្មោះអស់ពីចិត្ត ប្រសិនបើអ្នករាល់គ្នាប្រែចិត្តគំនិតដូច្នេះ ប្រហែលជាព្រះអង្គមិនដាក់ទោសអ្នករាល់គ្នាទេមើលទៅ”។ តាមពិត ពេលវេលាដែលយើងចូលនៅពេលនេះ គឺជាពេលវេលាដើម្បីត្រឡប់មកវិញទៅរកព្រះជាម្ចាស់ អស់ពីដួងចិត្ត អស់ពីស្មារតី អស់ពីជំនឿ អស់ពីសេចក្ដីស្រឡាញ់ ដើម្បីឲ្យជីវិតរបស់យើងទៅជាជីវិតថ្មី។ តាមពិត នៅក្នុងមួយឆ្នាំយើងមានឱកាសច្រើន ដើម្បីកែប្រែចិត្តគំនិត ប៉ុន្តែយើងមានពេលវេលាដែលព្រះសហគមន៍ប្រទានដល់យើង។ ៤០ថ្ងៃ ដើម្បីឲ្យយើងត្រឡប់មករកព្រះជាម្ចាស់នៅក្នុងចិត្តរបស់យើង ដើម្បីទៅជាមនុស្សថ្មីដែលជាប់ជាមួយព្រះជាម្ចាស់ដែលបានបង្កើតយើង។ ឆ្នាំនេះសម្ដេចប៉ាបអញ្ជើញយើង កុំឲ្យយើងអស់កម្លាំង កុំឲ្យយើងនឿយណាយ ឲ្យយើងខិតខំអស់ពីសមត្ថភាព ដើម្បីសាបព្រោះអំពើល្អ។ សាបព្រោះ ដើម្បីឲ្យនៅក្នុងជីវិតរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ យើងយកចិត្តទុកដាក់ធ្វើសេចក្ដីល្អដល់បងប្អូនឯទៀតៗ ដើម្បីយើងធ្វើដំណើរនៅក្នុងសង្គមបច្ចុប្បន្ននេះ។ ឲ្យយើងជាគ្រីស្តបរិស័ទ ទៅជាសាក្សីនៃព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ពិតប្រាកដ ដោយប្រព្រឹត្តអំពើល្អដល់បងប្អូនឯទៀតៗ។ យើងដឹងហើយ អ្នកដែលជាកសិករនៅពេលយើងសាបព្រោះយ៉ាងល្អ ពេលយើងរៀបចំដីយើងយ៉ាងល្អ ពេលយើងថែរក្សាដីនិងដំណាំយើងល្អ យើងដឹងថាយើងមានផ្លែបានយ៉ាងច្រើនសម្រាប់ចិញ្ចឹមជីវិតរបស់យើងផ្ទាល់។ សម្រាប់យើងក៏ដូចគ្នាដែរ ប្រសិនបើយើងយកចិត្តទុកដាក់ដើម្បីសាបព្រោះអំពើល្អ ប្រសិនបើយើងយកចិត្តទុកដាក់រៀបចំចិត្តគំនិតរបស់យើងយ៉ាងល្អ ប្រសិនបើយើងយកចិត្តទុកដាក់ថែរក្សាសេចក្ដីស្រឡាញ់ ជំនឿ សេចក្ដីសង្ឃឹមរបស់យើងទៅលើព្រះជាម្ចាស់យ៉ាងល្អ ជីវិតរបស់យើងអាចមានផ្លែយ៉ាងច្រើន ដើម្បីកសាងព្រះសហគមន៍ ដើម្បីកសាងពិភពថ្មី។ នៅឆ្នាំនេះ ដែលយើងចេញពីកូវីដ-១៩ យើងបានឆ្លងកាត់ទុក្ខលំបាកយ៉ាងច្រើន នៅឆ្នាំនេះដែលយើងកំពុងភ័យដោយយើងឃើញសង្គ្រាមដែលកើតឡើងនៅក្នុងទ្វីបអឺរ៉ុប។ ទោះបីឆ្ងាយក៏ដោយ យើងដឹងថាសព្វថ្ងៃពិភពរបស់យើងជាពិភពមួយ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនៅក្នុងគ្រប់ទីកន្លែង។ ហេតុនេះហើយ ពេលមានសង្គ្រាមមួយកើតឡើងនៅកន្លែងណាមួយ ក៏មានឥទ្ធិពលសម្រាប់យើងទាំងអស់គ្នានៅប្រទេសទាំងអស់។ ហេតុនេះហើយ យើងត្រូវការនឹកឃើញគ្រប់ពេលវេលា ដូចសម្ដេចប៉ាបបានរំលឹកនៅក្នុងសារលិខិតរបស់ព្រះអង្គ សម្រាប់រដូវអប់រំពិសេសនេះ ឲ្យយើងយកចិត្តទុកដាក់ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ យើងទទួលព្រះអំណោយទានមួយយ៉ាងពិសេស គឺព្រះអំណោយទានដែលមកពីព្រះជាម្ចាស់ផ្ទាល់ យើងទទួលកម្លាំង យើងទទួលសេចក្ដីស្រឡាញ់ យើងទទួលសមត្ថភាព ដើម្បីទៅជាសហការីរបស់ព្រះជាម្ចាស់ដើម្បីបង្កើតពិភពថ្មី។ តាមពិត ប្រសិនបើព្រះជាម្ចាស់អត់មានយើងទេ ព្រះជាម្ចាស់ក៏ប្រហែលធ្វើមិនកើតទេ ព្រះជាម្ចាស់មានយើងដែលជាបុត្រាបុត្រីរបស់ព្រះអង្គ ដើម្បីឲ្យសេចក្ដីស្រឡាញ់ យុតិ្តធម៌ ជាពិសេសសុខសន្តិភាពបានកើតឡើងនៅលើផែនដីនេះឥលូវនេះ។ ដូចសន្តប៉ូលបានរំលឹក ឥលូវនេះមិនមែនថ្ងៃស្អែក មិនមែនឆ្នាំក្រោយ ប៉ុន្តែឥលូវនេះ។ ហេតុនេះហើយ ចាប់ពីពេលនេះតទៅយើងត្រូវការភ្ញាក់ដែរ ដើម្បីរស់នៅក្នុងសេចក្ដីស្រឡាញ់ និងព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់។ យើងមានផ្លូវ៣ ផ្លូវទី១គឺយើងមិនត្រូវនឿយណាយនឹងការអធិដ្ឋានឡើយ ទី២យើងមិនត្រូវនឿយណាយនឹងការលុបបំបាត់អំពើអាក្រក់ដែលចេញពីក្នុងជីវិតរបស់យើងឡើយ និងទី៣យើងមិននឿយណាយនឹងប្រព្រឹត្តអំពើល្អ ដោយធ្វើកិច្ចការសប្បុរសជាក់ស្ដែងចំពោះបងប្អូនឯទៀតៗនោះឡើយ។ បងប្អូនជាទីស្រឡាញ់ យើងមានផ្លូវ៣នៅក្នុងរដូវ៤០ថ្ងៃ ថ្ងៃនេះយើងត្រូវការសម្រេចចិត្តតើយើងត្រូវការធ្វើអ្វីខ្លះដើម្បីទី១ អធិដ្ឋានថែមទៀត។ នៅពេលយើងអធិដ្ឋាន យើងស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលយើងអធិដ្ឋានយើងទទួលកម្លាំងពីព្រះអង្គផ្ទាល់។ ពេលយើងអធិដ្ឋាន យើងទូលអង្វព្រះជាម្ចាស់ឲ្យព្រះអង្គណែនាំយើងឱ្យកែប្រែចិត្តគំនិត ដើម្បីឲ្យព្រះអង្គណែនាំឲ្យពិភពលោករបស់យើងរកឃើញសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ និងសុខសន្តិភាព។ ដូច្នេះ នៅក្នុងរដូវ៤០ថ្ងៃនេះ ឲ្យយើងគិតពិចារណា ខ្ញុំជាគ្រីស្តបរិស័ទ ខ្ញុំជាសាវ័ករបស់ព្រះយេស៊ូ ខ្ញុំធ្វើដូចម្ដេចដើម្បីយកពេលវេលាថែមដើម្បីអធិដ្ឋាន។ អធិដ្ឋានដោយចូលនៅក្នុងព្រះវិហារ អធិដ្ឋានផ្គាំ អធិដ្ឋានដោយគោរពព្រះកាយព្រះគ្រីស្ត អធិដ្ឋានដោយស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់
អភិបូជាចូលឆ្នាំចិន-វៀតណាម ថ្ងៃទី៣
នៅព្រះសហគមន៍សន្តីម៉ារី ទួលតាំង ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ “ជីវិតជោគជ័យដោយសារយើងសុចរិត” បងប្អូនជាទីស្រឡាញ់ ជាបឋមខ្ញុំសូមជូនពរនិងអបអរសាទរឆ្នាំថ្មី ថ្ងៃនេះជាថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ជាពេលវេលាដើម្បីអធិដ្ឋានសម្រាប់ការងាររបស់យើង។ ដើម្បីឱ្យឆ្នាំថ្មីនេះ យើងរកស៊ីយ៉ាងស្រួលបំផុត អំបាញ់មិញខ្ញុំបានប្រសិទ្ធីពរលើឧបករណ៍ដែលយើងប្រើនៅក្នុងការរកស៊ី។ ថ្ងៃនេះ យើងត្រូវការនឹកឃើញអ្វីដែលយើងបានស្តាប់នៅក្នុងគម្ពីរដំណឹងល្អ ដើម្បីឱ្យព្រះពរដែលយើងបានទទួលណែនាំឱ្យមានផលផ្លែនៅក្នុងជីវិតរបស់យើងពេញមួយឆ្នាំ។ អ្វីដែលយើងបានស្តាប់មុនគេបង្អស់គឺ ព្រះជាម្ចាស់បានបង្កើតយើង ព្រះជាម្ចាស់បានប្រទានតួនាទីឱ្យយើង បេសកកម្មឱ្យយើង គឺ “ព្រះជាម្ចាស់បានយកមនុស្សទៅដាក់ក្នុងសួនអេដេន ដើម្បីឱ្យគេភ្ជួររាល់និងថែរក្សាសួននោះ”។ ដូច្នេះ ព្រះជាម្ចាស់មិនតែប្រទានព្រះពរ ក្រោយមកពេលយើងបានទទួលព្រះពរហើយយើងដឹងថា យើងអាចរកស៊ីបាន ឬយើងមានលុយច្រើនធ្លាក់ពីស្ថានបរមសុខមក។ មិនមែនទេ ព្រះជាម្ចាស់ឱ្យយើងមានតួនាទី ពីដើមរៀងមកនៅក្នុងសួនអេដេនយើងត្រូវការភ្ជួរដី ពេលយើងភ្ជួរដីយើងដឹងថាដីល្អទៅៗ។ មានន័យថា ដំណាំរបស់យើងបានផ្លែពីមួយឆ្នាំទៅមួយឆ្នាំច្រើនទៅៗ ប៉ុន្តែតើផ្លែនេះចេញពីណាមក? មិនមែនចេញពីព្រះជាម្ចាស់ដែលបានឱ្យទឹកភ្លៀងធ្លាក់ដូចទឹកមាសឬទឹកប្រាក់ ប៉ុន្តែផ្លែនេះចេញដោយសារយើងបានខិតខំអស់ពីកម្លាំងកាយកម្លាំងចិត្ត ដើម្បីភ្ជួរដី ដើម្បីថែរក្សាសួនហ្នឹង។ មានន័យថា ការងារដែលយើងធ្វើពីមួយថ្ងៃទៅមួយថ្ងៃចេញពីញើសឈាមរបស់យើងដ៏ពិតប្រាកដ នេះជាបេសកកម្មដែលយើងបានទទួល។ ហេតុនេះហើយ ថ្ងៃនេះដែលយើងអធិដ្ឋានសម្រាប់ការងាររបស់យើង យើងដឹងថាព្រះជាម្ចាស់ប្រទានព្រះពរដល់មនុស្សដែលយកចិត្តទុកដាក់ធ្វើការអស់ពីសមត្ថភាព។ ដូចយើងបានស្តាប់នៅក្នុងអត្ថបទទី២អំបាញ់មិញ “ព្រះអង្គដែលប្រទានគ្រាប់ពូជដល់អ្នកសាបព្រោះ និងប្រទានចំណីអាហារឱ្យគេផងនោះ”។ ប៉ុន្តែ ព្រះជាម្ចាស់មិនប្រទានម្ហូបអាហារទទេនោះទេ ព្រះជាម្ចាស់ប្រទានគ្រាប់ពូជដល់អ្នកសាបព្រោះ មានន័យថាយើងត្រូវតែភ្ជួរដី យើងត្រូវការសាបព្រោះដើម្បីឱ្យមានផ្លែ។ ការងាររបស់យើងពីមួយថ្ងៃទៅមួយថ្ងៃក៏ដូចគ្នាដែរ អ្នកដែលជោគជ័យមិនមែនដោយសារត្រូវប៉ាន់ដី ឬត្រូវលេខឆ្នោត។ ប៉ុន្តែ អ្នកដែលជោគជ័យពីមួយថ្ងៃទៅមួយថ្ងៃគឺអ្នកដែលបានតស៊ូ តស៊ូនៅក្នុងការងារ តស៊ូនៅក្នុងការយកចិត្តទុកដាក់ តស៊ូដើម្បីឱ្យជីវិតរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃរីកចម្រើនបន្តិចម្តងៗ។ យើងចាប់ផ្តើមពីសូន្យឡើងដល់មួយរយ ល្អជាងចាប់ផ្តើមពីមួយរយធ្លាក់មកដល់សូន្យ។ ដូច្នេះ ពេលយើងភ្ជួរដីយើងដឹងថាការងារកសិករជានិមិត្តរូបសម្រាប់យើង យើងនៅរាជធានីភ្នំពេញយើងលែងធ្វើស្រែហើយ។ ប៉ុន្តែ ពេលយើងមើលការងាររបស់កសិករយើងយល់អស់ហើយ កសិករត្រូវការរៀបចំដី ត្រូវការសាបព្រោះ ត្រូវការថែរក្សា (បោចស្មៅ ដាក់ជី ថែមទឹក…) បីខែក្រោយមក ឬប្រាំមួយខែក្រោយមកទើបប្រមូលផលបាន។ នេះជានិមិត្តរូបនៃកិច្ចការដែលយើងទទួលពីព្រះជាម្ចាស់ សម្រាប់យើងជាអ្នករកស៊ី សម្រាប់យើងជាអ្នកធ្វើការក៏ដូចគ្នាដែរ។ ពីមួយថ្ងៃទៅមួយថ្ងៃ យើងយកចិត្តទុកដាក់ដោយត្រៀម ដោយមានចិត្តអត់ធ្មត់ ដោយទីពឹងទៅលើព្រះជាម្ចាស់ដែលប្រទានព្រះពរ ទើបយើងដឹងថានៅពេលហ្នឹងយើងអាចទទួលបានផ្លែដើម្បីចិញ្ចឹមជីវិតពេញមួយថ្ងៃ។ នេះជាកម្លាំងកាយកម្លាំងចិត្ត នៃការងាររបស់យើងដែលមានផ្លែ និងណែនាំឱ្យគ្រួសាររបស់យើងពោរពេញដោយសេចក្តីសុខ។ មានន័យថាព្រះជាម្ចាស់ស្អប់មនុស្សដែលជាមនុស្សខ្ជិល មនុស្សខ្ជិលមិនអាចជោគជ័យបានទេ នៅក្នុងការសិក្សាក្តី នៅក្នុងការរកស៊ីក្តី នៅក្នុងជីវិតគ្រួសារក្តី។ មានតែមនុស្សដែលចេះតស៊ូ មានចិត្តអត់ធ្មត់ ពីមួយថ្ងៃទៅមួយថ្ងៃដើម្បីកសាងសេចក្តីស្រឡាញ់នៅក្នុងគ្រួសារ ដើម្បីកសាងការសិក្សានិងចំណេះដឹងសម្រាប់ក្មេងៗ សម្រាប់បងប្អូនដែលរកស៊ី គឺកសាងមុខរបររបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រហែលមានបងប្អូនខ្លះរកស៊ីខាងគ្រឿងអលង្ការ មានខ្លះធ្វើជាជាងឈើដូចសន្តយ៉ូសែប នេះជាការងារមួយដែលត្រូវការពេលវេលាយូរដើម្បីចេញរូបរាងដ៏ពិតប្រាកដ។ នៅពេលរូបរាងចេញហើយ យើងពោរពេញដោយអំណរសប្បាយនឹងសេចក្តីសុខ ដោយសារយើងបានខិតខំអស់ពីសមត្ថភាព។ ព្រះជាម្ចាស់មានព្រះបន្ទូលថែមទៀត ដែលណែនាំឱ្យយើងដឹងថាព្រះជាម្ចាស់ចិញ្ចឹមយើង ដើម្បីឱ្យយើងមានម្ហូបអាហារបរិភោគជាប្រចាំថ្ងៃ ហើយថែមទាំងនៅសល់បរិបូណ៌សម្រាប់ចែកទានផង។ មានន័យថា សម្រាប់យើងទោះបីយើងរកស៊ីយ៉ាងល្អក៏ដោយ យើងត្រូវដឹងថាយើងមិនរកស៊ីដើម្បីយើងតែប៉ុណ្ណឹង។ កុំឱ្យយើងទៅជាមនុស្សដែលមានចិត្តចង្អៀតចង្អល់ អាត្មានិយម លោភលន់ ចង់តែប្រមូលហើយប្រមូលទៀតសម្រាប់គ្រួសារយើង។ ព្រះជាម្ចាស់បានប្រទានល្មមគ្រប់គ្រាន់សម្រាប់គ្រួសាររបស់យើង និងនៅសល់ខ្លះដើម្បីចែករំលែកដល់បងប្អូនឯទៀតៗ។ នេះជាជីវិតរបស់យើងជាគ្រីស្តបរិស័ទ គ្រីស្តបរិស័ទដែលជោគជ័យនៅក្នុងជីវិត ត្រូវការមើលឃើញបងប្អូនដែលកំពុងតស៊ូ មានទុក្ខលំបាកនៅក្នុងជីវិតផ្ទាល់ខ្លួន។ ដោយសារសង្គមមិនអាចស្មើបានទេ មានខ្លះគេស្រួលបំផុត មានខ្លះគេពិបាកបំផុត ទោះបីគេបានយកចិត្តទុកដាក់ក៏ដោយមានខ្លះនៅតែពិបាកដដែល។ ហេតុនេះហើយ តួនាទីរបស់យើងនៅក្នុងការងារដែលជោគជ័យយើងត្រូវការចែករំលែកដល់បងប្អូនដែលជាអ្នកក្រីក្រ កុំឱ្យយើងមានចិត្តលោភលន់ ចង្អៀតចង្អល់ អាត្មានិយម។ ដោយសារ ព្រះជាម្ចាស់ស្អប់មនុស្សខ្ជិល ព្រះជាម្ចាស់ក៏ស្អប់មនុស្សដែលមានចិត្តចង្អៀតចង្អល់ អាត្មានិយម និងមិនចេះនឹកឃើញដល់បងប្អូនឯទៀតៗ។ ដូច្នេះ ថ្ងៃនេះពេលទទួលព្រះពរយើងដឹងថា យើងជាមនុស្សសកម្មដែលយកចិត្តទុកដាក់ យើងជាមនុស្សដែលបានយកចិត្តទុកដាក់ក្នុងការចែករំលែកដល់បងប្អូនឯទៀតៗ។ អ្វីៗទាំងអស់ យើងអាចជោគជ័យបានលុះត្រាតែ យើងអនុវត្តព្រះបន្ទូលដែលយើងបានស្តាប់ថ្ងៃនេះ “ព្រះយេស៊ូមានព្រះបន្ទូលថា ចូរស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន”។ មុនអ្វីៗទាំងអស់ យើងត្រូវការស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់ ដោយសារគោលដៅនៃជីវិតរបស់យើងគឺភ្ជាប់ជាមួយព្រះជាម្ចាស់។ ហេតុនេះហើយ គ្រប់កិច្ចការដែលយើងធ្វើពីមួយថ្ងៃទៅមួយថ្ងៃ
អភិបូជាសច្ចានិរន្តរ៍របស់បងស្រីឧបការគុណបីនាក់
ធ្វើនៅព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពន់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ អត្ថបទទី១៖ ហេប្រឺ ២,១៤-១៨ ពេលជួបការល្បងល ព្រះអង្គក៏អាចជួយអស់អ្នកដែលជួបនឹងការល្បងលបានដែរ។ ហប ២,១៨ ដំណឹងល្អ៖ លូកា ២,២២-៤០ ភ្នែកទូលបង្គំបានឃើញការសង្គ្រោះ ដែលព្រះអង្គបានប្រទានមកឲ្យប្រជាជាតិទាំងអស់។ លក ២,៣០-៣១ “ទុកឱ្យព្រះពន្លឺរះក្នុងដួងចិត្តយើង” បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះជាថ្ងៃនៃអំណរសប្បាយ ដោយសារព្រះយេស៊ូបានថ្វាយខ្លួននៅវិសាលវិហារក្នុងទីក្រុងយេរូសាឡឹម។ តាមប្រពៃណីព្រះសហគមន៍ យើងគោរពព្រះពន្លឺដែរ ដោយសារព្រះយេស៊ូជាព្រះពន្លឺដែលបំភ្លឺពិភពលោក។ ជាពេលវេលា ដែលយើងអធិដ្ឋានយ៉ាងពិសេសសម្រាប់បព្វជិតបព្វជីតា និងបងប្អូនទាំងអស់ដែលបានផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់។ ថ្ងៃនេះ នៅក្នុងអំណរសប្បាយនៃព្រះសហគមន៍ទូទាំងពិភពលោក ព្រះសហគមន៍កម្ពុជាមានអំណរសប្បាយថែមទៀត ដោយទទួលស្វាគមន៍បងស្រីបីនាក់នៅក្នុងក្រុមគ្រួសារឧបការគុណ ដែលបានផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់អស់មួយជីវិត។ ខ្ញុំសូមថ្លែងអំណរគុណដល់ឪពុកម្តាយរបស់បងស្រីទាំងបីនាក់ ដែលបានឯកភាព ដែលបានផ្ញើអំណោយទានយ៉ាងពិសេសដល់ព្រះសហគមន៍។ ខ្ញុំសូមថ្លែងអំណរគុណដល់លោកឪពុក និងបងស្រីមួយចំនួនដែលបានដឹកនាំ បានណែនាំបងស្រីពីប៉ុន្មានឆ្នាំកន្លងមក នៅក្នុងការអប់រំទាំងផ្លូវវិញ្ញាណ ទាំងផ្លូវចិត្ត ជាពិសេសចំណេះដឹង។ សូមថ្លែងអំណរគុណដល់ក្រុមគ្រីស្តបរិស័ទតាមព្រះសហគមន៍នីមួយៗ ក៏ដូចជាក្រុមបងស្រី បព្វជិតបព្វជីតាដែលបានមកថ្ងៃនេះយ៉ាងច្រើន។ នេះបានជួយឱ្យបងស្រីបានរីកចម្រើន មិនមែនតែនៅក្នុងចំណេះដឹង ប៉ុន្តែនៅក្នុងប្រាជ្ញាឈ្លាសវៃ នៅក្នុងកម្លាំងកាយកម្លាំងចិត្ត។ ដើម្បីថ្ងៃនេះមានជំនឿរឹងមាំ មានកម្លាំងដ៏ពេញលក្ខណៈ និងមានសេចក្តីស្រឡាញ់ពេញខ្លួន ដើម្បីប្រកាសថាបងស្រីសុខចិត្តដើរជាមួយព្រះយេស៊ូអស់មួយជីវិត នៅក្នុងក្រុមបងស្រីឧបការគុណ។ ជាពិសេស សូមថ្លែងអំណរគុណដល់ក្រុមបងស្រីឧបការគុណ សម្រាប់បេសកកម្មនៅក្នុងព្រះសហគមន៍លើទឹកដីប្រទេសកម្ពុជា តាំងពីសតវត្សទី១៩មករហូតដល់សព្វថ្ងៃ។ ដែលបានជួយ ឱ្យព្រះសហគមន៍ប៉ុន្មានកន្លែងអាចរីកចម្រើនលូតលាស់នៅក្នុងសេចក្តីស្រឡាញ់ នៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់សម្រាប់មនុស្សទាំងអស់ តាមរយៈសន្តម៉ាតាំងម៉ូយ។ បងប្អូនជាទីស្រឡាញ់ នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកយើងបានរស់នៅក្នុងរបៀបចង្អៀតចង្អល់។ ដោយសារ ជំងឺកូវីដ-១៩បានណែនាំឱ្យយើងមិនអាចជួបជុំគ្នាយ៉ាងច្រើន មិនអាចមានសកម្មភាពតាមចិត្ត។ ប៉ុន្តែ យើងដឹងថាទោះបីកន្លងមកយើងពិបាកក៏ដោយ ព្រះពន្លឺរបស់ព្រះយេស៊ូបានណែនាំឱ្យយើងកក់ក្តៅ។ ថ្ងៃនេះ តាមរយៈជីវិតរបស់បងស្រីទាំងបីនាក់ ព្រះពន្លឺរបស់ព្រះយេស៊ូបានណែនាំឱ្យយើងកក់ក្តៅយ៉ាងខ្លាំង និងណែនាំឱ្យយើងដូចជាមានសេចក្តីសង្ឃឹមសាជាថ្មី។ ដូចយើងបានស្តាប់លោកតាស៊ីម៉ូនបានប្រកាសថា “ភ្នែកទូលបង្គំបានឃើញការសង្រ្គោះ ដែលព្រះអង្គប្រទានមកឱ្យប្រជាជាតិទាំងអស់ គឺជាពន្លឺដែលនាំឱ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ”។ តាមពិតខ្ញុំគិតថា អត្ថបទនេះមានអត្ថន័យពីរសម្រាប់យើងថ្ងៃនេះ៖ អត្ថន័យទី១ សម្រាប់បងស្រីទាំងបីនាក់ ដោយសារជាពេលវេលាដើម្បីនឹករលឹក នៅពេលព្រះយេស៊ូបានត្រាស់ហៅលើកទីមួយ នៅពេលព្រះយេស៊ូបានចាប់ផ្តើមមានទំនាក់ទំនងជាមួយបងស្រី។ ដោយបានធ្វើដំណើរជាមួយបងស្រីរហូតដល់ថ្ងៃនេះ ដើម្បីថ្ងៃនេះបងស្រីអាចប្រកាសថា ពិតមែនយើងចង់ដើរជាមួយព្រះយេស៊ូអស់មួយជីវិត។ តាមពិតព្រះយេស៊ូជាព្រះពន្លឺដែលបានបំភ្លឺមនុស្សគ្រប់ជាតិសាសន៍ ព្រះយេស៊ូជាពន្លឺដែលបានបំភ្លឺបងស្រីដើម្បីទទួលសេចក្តីស្រឡាញ់នៅក្នុងព្រះពន្លឺនេះ ជាសេចក្តីស្រឡាញ់ដែលមកពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់។ អត្ថន័យទី២ សម្រាប់យើងទាំងអស់គ្នា ដោយសារថ្ងៃនេះបងស្រីដែលបានប្រកាសពាក្យសច្ចាជានិរន្តរ៍ ដោយសុខចិត្តរស់នៅជាអ្នកក្រខ្សត់ សុខចិត្តថែរក្សាព្រហ្មចារី សុខចិត្តស្តាប់បង្គាប់។ តាមពិត នេះជាការរំលឹកសម្រាប់ពប្វជិតបព្វជីតាទាំងអស់ដែលមកយ៉ាងច្រើនថ្ងៃនេះ ដើម្បីនឹកឃើញនៅពេលយើងបានផ្ញើជីវិតរបស់យើងទាំងស្រុងដែរ។ ជាពេលវេលាមួយ សម្រាប់យុវជនយុវនារីដើម្បីភ្ញាក់ស្មារតី ឱ្យយើងនឹកឃើញ តើខ្ញុំមិនអាចធ្វើបងស្រីឬបងប្រុសបានទេឬ? ព្រឹកមិញលោកឪពុក វីរៈជ័យ បាននិយាយថានៅចំប៉ាមានយុវនារីច្រើនណាស់ ប៉ុន្តែឥតមានម្នាក់ដែលសុខចិត្តចូលធ្វើជាបងស្រីសោះ។ ដូច្នេះ ពេលវេលានេះជាពេលវេលាសម្រាប់យុវនារីដើម្បីទទួលព្រះពន្លឺរបស់ព្រះយេស៊ូ ដូចលោកតាស៊ីម៉ូនបានមើលឃើញ នៅក្នុងចំណោមមហាជនមានកូនង៉ែតមួយ ដែលជាព្រះយេស៊ូ ជាព្រះពន្លឺឱ្យយើងមើលឃើញពន្លឺយ៉ាងជាក់ស្តែង។ ជាពន្លឺរបស់ព្រះយេស៊ូ ដែលណែនាំឱ្យជីវិតរបស់យើងជាជីវិតពោរពេញដោយអំណរសប្បាយ ជាអំណរសប្បាយយ៉ាងពិសេសដែលមកពីព្រះជាម្ចាស់។ ថ្ងៃនេះ ជាពេលវេលាមួយដែរសម្រាប់ព្រះសហគមន៍នីមួយៗនៅក្នុងប្រទេសកម្ពុជា ដើម្បីបន្តអធិដ្ឋានសម្រាប់ការត្រាស់ហៅរបស់ព្រះសហគមន៍យើង។ បន្តផ្តល់សក្ខីភាព យើងជាគ្រួសារមួយយ៉ាងពិសេសដើម្បីណែនាំឱ្យយុវជនយុវនារីរកឃើញគ្រួសារមួយដ៏កក់ក្តៅ និងណែនាំឱ្យគេមើលឃើញពន្លឺរបស់ព្រះគ្រីស្ត ដើម្បីឱ្យព្រះគ្រីស្តមានវត្តមានថែមទៀតលើទឹកដីនៃប្រទេសកម្ពុជាយើង។ នៅក្នុងទំនុកតម្កើងថ្ងៃនេះ “ព្រះអង្គបានបង្កើតខ្ញុំបានសុខ ហើយទ្រង់បានទុកខ្ញុំក្នុងផ្ទៃ អ្នកម្តាយមានគុណយូរថ្ងៃយូរខែ សន្តោសប្រណីគ្រប់កាយា ខ្ញុំសូមលើកតម្កើងព្រះអង្គ ស្នាព្រះហស្តទ្រង់ដ៏អស្ចារ្យ ខ្ញុំដឹងថាអ្វីគ្រប់ប្រការ សុទ្ធតែអស្ចារ្យកើតពីទ្រង់”។ ទំនុកតម្កើងនេះ ដូចនៅក្នុងអត្ថបទរបស់សន្តប៉ូល “ខ្ញុំអួតតែពីភាពទន់ខ្សោយរបស់ខ្ញុំប៉ុណ្ណោះ ដោយដឹងថាការប្រណីសន្តោសរបស់យើងល្មមគ្រប់គ្រាន់សម្រាប់អ្នកហើយ”។ ទោះបីយើងខ្សោយក៏ដោយ ទោះបីយើងមានទុក្ខលំបាកក៏ដោយ យើងដឹងថាពីដើមរៀងមកព្រះជាម្ចាស់បានបង្កើតយើង ព្រះជាម្ចាស់បានជ្រើសរើសយើង ព្រះជាម្ចាស់បានចាត់ឱ្យទៅ ព្រះជាម្ចាស់បានថែរក្សាយើង ដើម្បីបន្តបេសកកម្មរបស់ព្រះអង្គលើផែនដីនេះ។ តាមពិត បងស្រីម្នាក់ៗជាឧបករណ៍ដ៏តូចមួយមែន ប៉ុន្តែជាឧបករណ៍ដ៏សំខាន់ណាស់ ដើម្បីបន្តគម្រោងការនៃការសង្រ្គោះរបស់ព្រះជាម្ចាស់ ឱ្យកើតឡើងនៅលើទឹកដីនៃប្រទេសកម្ពុជា