សិក្ខាសាលាស្តីអំពីបរិយាបន្នសង្គម សម្រាប់ជនងាយរងគ្រោះ

វិទ្យាស្ថានសន្តប៉ូលបានរៀបចំសិក្ខាសាលាស្រាវជ្រាវស្ដីអំពី “បរិយាបន្នសង្គមនៃប្រទេសកម្ពុជា” ដើម្បីបញ្ជ្រាបដល់និស្សិតដែលមានចំនួនប្រមាណជា ១៥០ នាក់ ឲ្យយល់ដឹងពីបរិយាបន្នសង្គមដោយគ្មានការរើសអើង។ សិក្ខាសាលានេះរៀបចំឡើងដោយមានការសហការជាមួយនឹងអង្គការការីតាសកម្ពុជា និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១១ និង ១២ មីនា ២០១៥ នៅវិទ្យាស្ថានសន្តប៉ូលក្នុងស្រុកត្រាំកក់ខេត្តតាកែវ។ នៅក្នុងកិច្ចចាប់ផ្ដើមនៃអង្គសិក្ខាសាលា លោកផុនសុផលនាយកវិទ្យាស្ថានសន្តប៉ូលបានមានប្រសាសន៍នៅក្នុងកិច្ចស្វាគមន៍ថា នេះជាសិក្ខាសាលាស្រាវជ្រាវកម្រិតឧត្តមសិក្សាលើកទី 1 ដែលមានតំណាងមកពីអង្គការក្រៅរដ្ឋាភិបាលចូលរួម។ លោកក៏បានបង្ហាញផងដែរអំពីគោលបំណងនៃសិក្ខាសាលានេះគឺ ផ្ដល់ឱកាសឲ្យនិស្សិតគិតអំពីបត្យាប័ននៅក្នុងប្រទេសកម្ពុជាដែលជាថ្មីនិងគ្របដណ្ដប់ដោយអត្ថន័យពេញលេញជាពិសេសចង់ឲ្យសិក្ខាកាមទាំងអស់មើលពីគោលនយោបាយរួមនៃបរិយាបន្នដែលមាននៅក្នុងកម្មវិធីសិក្សា។ រីឯលោកគឹម រតនា នាយកប្រតិបត្តិនៃអង្គការការីតាសកម្ពុជាបានមានប្រសាសន៍បង្ហាញអំពីសកម្មភាពនានាដែលអង្គការការីតាសបានចូលរួមលើកស្ទួយអោយមានបរិយាបន្នសង្គមនៅក្នុងប្រទេសកម្ពុជា គឺធ្វើយ៉ាងណាដើម្បីឲ្យមានភាពងាយស្រួលធ្វើការរួមគ្នាដើម្បីអភិវឌ្ឍន៍។លោករតនាសង្ឃឹមថាសិក្ខាកាមនឹងជួយធ្វើអោយសង្គមរបស់យើងទៅជាសង្គមគំរូដើម្បីឲ្យជនពិការដែលគ្មានឱកាស ហើយមានឧបសគ្គ និងកំពុងតែទទួលរងនូវការរើសអើងអាចចូលរួមនៅក្នុងសង្គមនិងបានផលឬនឹងទទួលប្រយោជន៍ពីសង្គមដូចមនុស្សដែលមានកាយសម្បទាធម្មតាដែរ។ នៅក្នុងអង្គសិក្ខាសាលានាថ្ងៃទី ១ អង្គសិក្ខាសាលាបានផ្ដោតទៅលើវិស័យក៏ដូចជាស្ថាប័ន ៥ ដូចជា: វិស័យអប់រំ សាសនា ស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងអង្គការក្រៅរាជរដ្ឋាភិបាល។ ក្នុងសិក្ខាសាលាព្រឹកថ្ងៃនេះ មានវាគ្មិនចំនួន២រូបដែលបកស្រាយអំពីអត្ថន័យនៃបរិយាបន្ន និងបរិយាបន្នសង្គមគឺ លោក ចេក ចាន់នី ប្រធានស្ដីទីសមាហរណកម្មជនពិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បកស្រាយពីគោលនយោបាយរបស់រាជរដ្ឋាកម្ពុជា និងអ្នកស្រី ងួន សុភក្ត្រកន្និការ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បកស្រាយអំពីបរិយាបន្នសង្គមនៅក្នុងវិស័យអប់រំកម្រិតឧត្ដមសិក្សា។ ក្នុងពេលរសៀលមានប្រជុំចែកក្រុមដើម្បីពិភាក្សាទៅលើវិស័ទាំង៥ខាងលើនេះផងដែរ៕ ដោយដាលីស