ធម្មទេសនាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ ក្នុងពិធីបុណ្យព្រះវិញ្ញាណយាងមកនិងអគ្គសញ្ញាលាបថ្ងាសដល់បេក្ខជនចំនួន២៣នាក់ នៅព្រះវិហារសន្តមីកាអែល ក្រុងព្រះសីហនុ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃនេះយើងបានស្តាប់ព្រះបន្ទូលរបស់ព្រះយេស៊ូយ៉ាងពិសេស ដែលព្រះយេស៊ូមានព្រះបន្ទូលថា «សូមបងប្អូនប្រកបដោយសេចក្តីសុខសាន្ត»។ នេះជាព្រះបន្ទូលរបស់ព្រះយេស៊ូនៅពេលដែលព្រះអង្គបង្ហាញខ្លួន ក្រោយពេលមានព្រះជន្មរស់ឡើងវិញក្នុងរយៈពេល៤០ថ្ងៃ។ ហើយគ្រប់ពេលដែលព្រះអង្គបង្ហាញខ្លួន ព្រះអង្គមិនជម្រាបសួរ ឬនិយាយសួរសុខទុក្ខ ប៉ុន្តែមានបន្ទូលតែមួយគត់គឺ «សូមបងប្អូនប្រកបដោយសេចក្តីសុខសាន្ត» ហើយថ្ងៃនេះ ក្រោយនិយាយរួចហើយ ព្រះយេស៊ូផ្តល់ព្រះវិញ្ញាណដ៏វិសុទ្ធមកឲ្យយើង។ បងប្អូនជាទីស្រឡាញ់នៅពេលនេះ យើងអរព្រះគុណព្រះជាម្ចាស់ សម្រាប់ជីវិតរបស់ព្រះសហគមន៍របស់យើងអស់រយៈពេលជាង៦០ឆ្នាំ។ ទោះបីរយៈពេល៦០ឆ្នាំនេះ យើងជាប់ជាមួយសម័យប៉ុលពត សម័យងងឹត ដែលគ្រីស្តបរិស័ទជួបជុំគ្នាមិនបាន និងអត់សូវមានប្រវត្តិសាស្ត្ររបស់គ្រីស្តបរិស័ទរបស់យើងក្នុងក្រុងព្រះសីហនុពីឆ្នាំ១៩៧៥-១៩៩០ តែយើងនៅតែអរព្រះគុណព្រះជាម្ចាស់សម្រាប់ព្រះសហគមន៍របស់យើងដែលនៅតែបន្តទោះបីបាត់បង់អ្វីៗទាំងអស់ តែយើងដឹងថា ព្រះយេស៊ូគង់នៅជាមួយយើង។ យើងបានឃើញជាក់ស្តែងនៅពេលនេះ នៅពេលព្រះយេស៊ូយាងឡើងស្ថានបរមសុខ ព្រះយេស៊ូមានព្រះបន្ទូលថា ខ្ញុំគង់នៅជាមួយបងប្អូនរហូតដល់អវសានកាលនៃពិភពលោក។ ថ្ងៃនេះ យើងគោរពថ្ងៃទី៥០ បន្តពីព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។ ១០ថ្ងៃក្រោយពេលព្រះយេស៊ូយាងលើងស្ថានបរមសុខ ព្រះអង្គបំពេញព្រះបន្ទូលសន្យារបស់ព្រះអង្គដោយប្រទានព្រះវិញ្ញាណដល់ក្រុមគ្រីស្តទូត និងក្រុមសាវ័កមួយចំនួននៅក្រុងយេរូសាឡឹម ហើយបន្តអស់រយៈពេលជាង២០០០ឆ្នាំមកហើយ ដល់យើងនៅក្នុងថ្ងៃនេះ ដោយដឹងថា យើងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ជាពិសេសប្អូនៗ២៣នាក់ ដែលទទួលអគ្គសញ្ញាលាបថ្ងាសនៅថ្ងៃនេះ។ ម្សិលមិញខ្ញុំបានសួរក្មេងៗនិងចាស់ៗដែលនឹងទទួលអគ្គសញ្ញាលាបថ្ងាស តើយើងត្រូវពន្យល់ឲ្យបានច្បាស់លាស់អំពីព្រះវិញ្ញាណដ៏វិសុទ្ធដែលយើងទទួលនៅថ្ងៃនេះ នៅពេលយើងទៅរៀននៅសាលា ទៅផ្សារ នៅពេលនៅជាមួយបងប្អូនដែលមិនមែនជាគ្រីស្តបរិស័ទយ៉ាងដូចម្តេច?។ តើយើងត្រូវនិយាយនិងពន្យល់ប្រាប់ដល់ពួកគាត់យ៉ាងដូចម្តេច ថាថ្ងៃនេះយើងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ? យើងបានស្តាប់ក្នុងអត្ថបទទី២នៅថ្ងៃនេះ សន្តប៉ូលមានប្រសាសន៍សម្រាប់យើងទាំងអស់គ្នា ដោយសារព្រះវិញ្ញាណនេះ យើងបន្លឺសំឡេងឡើងថា «អប្បា» ឱព្រះបិតាអើយ! គឺព្រះវិញ្ញាណផ្ទាល់ដែលផ្តល់សក្ខីភាព ឱ្យវិញ្ញាណរបស់យើងដឹងថា […]










