លោកអូលីវីយេ៖ ព្រះវិហារនេះជាសញ្ញាសម្គាល់ថាជាព្រះសហគមន៍ដែលមានជីវិត និងវត្តមានរបស់ព្រះយេស៊ូផ្ទាល់

កំពតៈ ព្រះវិហារថ្មីមួយខ្នងមានទំហំ ១០ម៉ែត្រ គុណនឹង ២០ម៉ែត្រ ដែលបានសងជារចនាបថខ្មែរយ៉ាងស្រសស្អាត បានប្រារព្ធពិធីបុណ្យឆ្លងយ៉ាងឳឡារិក កាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០១៩កន្លងទៅ ដែលមានលោកអូលីវីយេ ជ្មិតហស្ល៊ែរអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញជាអធិបតី និងមានការចូលរួមពីសំណាក់លោកបូជាចារ្យ គ្រីស្តបរិស័ទយ៉ាងច្រើនកុះករ។ ពេលចាប់ផ្តើមកម្មវិធីបុណ្យ លោកអភិបាល លោកបូជាចារ្យ និងបរិស័ទ ដង្ហែជុំវិញព្រះវិហារថ្មីចំនួន បីជុំ ដោយមានឈើឆ្កាងនាំមុខ ព្រះគម្ពីរ និងបន្តបន្ទាប់ដោយ អដ្ឋិធាតុរបស់សន្តីតេរេសា ទឹកព្រះពរ និងប្រេងគ្រីស្មា។បន្ទាប់មកនៅមុខព្រះវិហារ លោកអភិបាលអូលីវីយេបានសួរ ទៅកាន់លោកយ៉ាំ លូកាដែលទទួល ខុសត្រូវនៅព្រះសហគមន៍ថា ដាក់ឈ្មោះអ្វីឲ្យព្រះវិហារថ្មីនេះ? លោក បូជាចារ្យ តាវ៉ូឡា យ៉ាំង លូកា បានប្រកាសនៅមុខលោកអភិបាលថា ព្រះវិហារថ្មីនេះឈ្នោះ “ព្រះវិហារសន្តយ៉ូសែប”។  បន្ទាប់មកលោកអភិបាលអូលីវីយេប្រគល់កូនសោព្រះវិហារជូនទៅលោកបូជាចារ្យទទួលខុសត្រូវដើម្បីអញ្ជើញគ្រីស្តបរិស័ទទាំងអស់ឲ្យចូលទៅក្នុងព្រះវិហារដែលជាព្រះដំណាក់របស់ព្រះជាម្ចាស់ដើម្បីលើកតម្កើងព្រះនាមព្រះអង្គ។ នៅក្នុងឱកាសនេះដែរ លោកអភិបាលអូលីវីយេ បានមានប្រសាសន៍ទៅកាន់លោកបូជាចារ្យក៏ដូចជាគ្រីស្តបរិស័ទនៃព្រះវិហារ សន្តយូសែបថ្មីនេះ នៅក្នុងធម្មទេសនា ថា ថ្ងៃនេះយើងមានអំណរសប្បាយ ដោយសារយើងមានព្រះវិហារថ្មី ដូច្នេះសូមឱ្យយើងចេះថ្វាយបង្គំព្រះជាម្ចាស់តាមវិញ្ញាណនិងសេចក្ដីពិតដូចលោកអេសរ៉ាបានថ្លែងនៅក្នុងព្រះគម្ពីរ។  លោកអភិបាលក៏បានដាស់តឿន ដល់លោកបូជាចារ្យនិងគ្រិស្តបរិស័ទនៅទីនេះ សូមឲ្យយកព្រះវិហារដែលជាព្រះដំណាក់របស់ព្រះជាម្ចាស់ទៅជាកន្លែងមួយដើម្បីជួបជុំគ្នាជាក្រុមគ្រួសារ ដោយមានចិត្តស្រឡាញ់ ស្វាគមន៍គ្នា និងលើកលែងទោស លើកទឹកចិត្តគ្នាទៅវិញទៅមក។ បន្ទាប់ពីធម្មទេសនា ទាំងលោកអភិបាល អស់លោកបូជាចារ្យ និងគ្រីស្តបរិស័ទទាំងអស់លុតជង្គង់រួមគ្នាអធិដ្ឋានអង្វរសន្តបុគ្គលទាំងអស់ ដើម្បីទូលអង្វរព្រះជាម្ចាស់សម្រាប់ព្រះវិហារថ្មីក្លាយជាលំនៅដ្ឋាននៃការសង្គ្រោះ និងធម៌មេត្តាករុណា ដែលគ្រីស្តបរិស័ទទាំងអស់មកថ្វាយបង្គំព្រះជាម្ចាស់ទាំងវិញ្ញាណនិងសេចក្តីពិត។ ក្រោយមកលោកអភិបាលបានបញ្ចុះអដ្ឋិធាតុរបស់សន្តីតេរេសានៅចំកណ្តាលតុសក្ការៈ និងលាបប្រេងគ្រិស្មា លើកតុសក្ការៈ លើសសរព្រះវិហារ ដើម្បីទៅជាសញ្ញាសម្គាល់នៃព្រះរាជ្យ និងព្រះដំណាក់របស់ព្រះគ្រីស្ត។ លោកបូជាចរ្យដុតទៀនបំភ្លឺតាមសសរសសរព្រះវិហារ ជាតំណាងនៃព្រះពន្លឺរបស់ព្រះគ្រីស្តដែលបំភ្លឺប្រជាជាតិទាំងឡាយឲ្យបានពោរពេញទៅដោយសេចក្តីពិតផងដែរ។ លោកយ៉ាំងលូកា បូជាចារ្យទទួលខុសត្រូវព្រះសហគមន៍មានប្រសាសន៍ថា អ្វីដែលធ្វើឲ្យព្រះហគមន៍មានការរីកលូតលាស់មកដល់សព្វថ្ងៃ គឺមកពីការសម្ដែងធម៌មេត្តាករុណាតាមរយៈក្រុមសង្គហៈដល់អ្នកជំងឺនៅពេលដែលបងប្អូនកំពុងមានធុរៈ និងមានទុក្ខលំបាក ព្រះសហគមន៍តែងតែព្យាយាមជួយ។ លោកបន្តថា មួយវិញទៀតយើងមានកម្មវិធីផ្សេងៗដូចជាកម្មវិធីយុវជនដែលចុះទៅសួរសុខទុក្ខ និងមានកម្មវិធីសប្បាយរួមគ្នាដើម្បីលើកទឹកចិត្តដល់ក្រុមគ្រួសារ ក៏ដូចជាមានអាហារសាមគ្គី និងដូចជាក្រុមស្ត្រីដែលមានការច្នៃប្រឌិតផលិតផលសិប្បកម្មនានា ដែលនាំឲ្យយើងមានអារម្មណ៍ថាជាគ្រួសារតែមួយពិតមែន។ ព្រះសហគមន៍កាតូលិកជុំគិរី បានចាប់ផ្ដើមមានឡើងនៅដើមទស្សវត្សទី៩០ ដោយគ្រួសារគ្រីស្តបរិស័ទមួយដែលបានធ្វើមាតុភូមិនិវត្តន៍ ពីជំរុំជនភៀសខ្លួនខ្មែរ ថៃ។ តាមប្រសាសន៍លោក ស្រី អាន ជូ ជាអ្នកចាប់ផ្តើមព្រះសហគមន៍ក្នុងភូមិនេះបានរៀបរាប់ថា គ្រួសាររបស់លោកស្រី បានមកដល់ភូមិនេះ ហើយក៏បានធ្វើអ្វីសំខាន់ដែរគ្រាន់រៀបរាប់ អំពីព្រះយេស៊ូដល់បងប្អូន ធ្វើឲ្យបងប្អូនចាប់អារម្មណ៍ ចង់ដើរតាមព្រះយេស៊ូ។  លោកស្រីបន្តថាដោយមានការជួយជ្រោមជ្រែង និងលើកទឹកចិត្តពីលោកអភិបាលអីវរ៉ាមូស លោកអេមីល លោកបូជាចារ្យវីរៈជ័យ លោកបូជាចារ្យសួន ហង្សលី និងលោកបូជាចារ្យអូលីវីយេ មុននឹងតែងតាំងជាអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ និងពេលនេះមានលោកលូកា បានជួយឲ្យព្រះសហគមន៍ចម្រើនឡើងជានិច្ច។ លោកស្រី បញ្ជាក់ថា “លទ្ធផលពេលព្រះជាម្ចាស់ជាអ្នកធ្វើកិច្ចការទាំងអស់។ ” សមាជិកក្នុងគ្រួសារ លោកស្រីបានក្លាយជាគ្រីស្តបរិស័ទទាំងអស់ ក្នុងនោះមានម្នាក់ជាដូនជីកាតូលិកក្នុងក្រុមអ្នកស្រឡាញ់ព្រះឈើឆ្កាងនៅកំពង់ចាម។  នៅក្នុងពិធីដ៏វិសេសវិសាលនេះ លោកអភិបាលអូលីវីយេ មានប្រសាសន៍ប្រាប់អ្នកនាំសារថា នៅពេលយើងសម្ពោធន៍ព្រះវិហារថ្មីមួយ គឺណែនាំឲ្យព្រះសហគមន៍ទាំងមូលនៅភូមិភាគភ្នំពេញមានអំណរសប្បាយ ដោយមើលឃើញព្រះសហគមន៍របស់យើងរីកចម្រើនបន្តិចម្ដងៗ។ លោកបន្តថា នៅទីនេះផ្ដើមចេញពីគ្រួសារតែមួយដែលជាគ្រីស្តបរិស័ទ ឥលូវនេះយើងឃើញមានគ្រីស្តបរិស័ទជាច្រើន មានទាំងយុវជន និងចាស់ៗផងដែរ។ លោកបញ្ជាក់ថាព្រះវិហារនេះជាសញ្ញាសម្គាល់ថាជាព្រះសហគមន៍ដែលមានជីវិត និងមានវត្តមានរបស់ព្រះយេស៊ូផ្ទាល់។ មានទូរព្រះកាយ ជាកន្លែងដែលមកជួបជុំគ្នាដើម្បីស្ដាប់ព្រះបន្ទូល អធិដ្ឋាន ប្រារព្ធអគ្គសញ្ញានានា។ គង្វាលព្រះសហគមន៍ភូមិភាគភ្នំពេញបន្ថែមទៀតថា កុំគិតតែលើអាគារសំខាន់ព្រះសហគមន៍ជាគ្រួសារមួយ ជាកន្លែងមួយដែលស្វាគមន៍បងប្អូនឯទៀតៗ ជាពិសេសអស់អ្នកដែលមានទុក្ខលំបាក និងបន្តប្រកាសដំណឹងល្អដើម្បីឲ្យព្រះគម្ពីរដែលយើងអានទៅជាព្រះគម្ពីរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងមានឥទ្ធិពលដោយចូលទៅក្នុងដួងចិត្តរបស់យើង។