គ្រីស្តបរិស័ទខ្មែរជួបសម្តេចប៉ាប ឡេអូ ទី១៤ នៅទីក្រុងរ៉ូម៖ សាក្សីនៃ «ការធ្វើដំណើររួមគ្នាឆ្ពោះទៅកាន់សេចក្តីសង្ឃឹម»
ក្រុមគ្រីស្តបរិស័ទកាតូលិកមួយក្រុមតូចមកពីព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង បានទទួលពរដ៏វិសេសវិសាល ដោយបានចូលគាល់ដោយផ្ទាល់ជាមួយ សម្តេចប៉ាប ឡេអូ ទី១៤ កាលពីខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសនៃ បូជនីយចរ «ឆ្នាំមហាករុណាទិគុណ»។ លោកអភិបាល គីកេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង ដែលបានដឹកនាំក្រុមនេះផ្ទាល់ បានរៀបរាប់ថា គ្រានោះគឺជាពេលវេលាពោរពេញដោយ «អំណរសប្បាយ និងសេចក្តីសង្ឃឹមយ៉ាងជ្រាលជ្រៅ» ដែលបានពង្រឹងជំនឿ និងកម្លាំងចិត្តឲ្យយើងជាគ្រីស្តបរិស័ទកម្ពុជាបន្តដំណើរទៅមុខយ៉ាងរឹងមាំ។ ក្រុមបូជនីយចរ ជាគ្រីស្តបរិស័ទខ្មែរនេះមកពីព្រះសហគមន៍ចំណោម ក្នុងភូមិភាគបាត់ដំបង ដែលមាន “ភាពចម្រុះដ៏សម្បូរបែប (mosaic of faith)”។ សមាសភាពក្រុមមានភាពទូលំទូលាយ ដោយមានលោកឪពុក វ៉ាំងសង់ ជាសាសនទូតបារាំង លោកបូជាចារ្យខ្មែ យ៉ូសែប មួង រស់ រួមទាំងគ្រីស្តបរិស័ទដែលមានបទពិសោធន៍ខុសៗគ្នា៖ បងប្អូនដែលបានឆ្លងកាត់របបសង្គ្រាម និងជាសាក្សីនៃការរស់ឡើងវិញនៃព្រះសហគមន៍កាតូលិកនៅកម្ពុជា។ គូស្វាមីភរិយាវ័យក្មេង និងស្ត្រីមានផ្ទៃពោះម្នាក់ ព្រមទាំងដូនជីកាតូលិក ពីក្រុមបងស្រី អ្នកបម្រើដ៏តូចតាច នៃគ្រួសារដ៏វិសុទ្ធ និងក្រុមបងស្រីអ្នកបម្រើសេចក្តីស្រឡាញ់ដ៏និមលរបស់ព្រះនាងម៉ារី។ លោកអភិបាល គីកេ បានបន្តថា លោកបានទូលថ្វាយសម្តេចប៉ាបនូវបំណងចង់ជួបជាក្រុម ហើយប៉ុន្មានថ្ងៃក្រោយមក សម្តេចក៏បានអនុញ្ញាតឲ្យក្រុមចូលគាល់ ជាឯកជន […]


