Day: August 28, 2019

អដ្ឋិធាតុរបស់គូស្រករសន្តលូវីស និងសន្តីហ្សឺលី បានមកដល់ទឹកដីខេត្តកំពត

នៅថ្ងៃនេះអដ្ឋិធាតុរបស់គូស្រករសន្តលូវីស និងសន្តីហ្សឺលី បានមកដល់ព្រះសហគមន៍សន្ត យ៉ូសែបជុំគីរី ខេត្តកំពតហើយ ដោយមានគ្រីស្តបរិស័ទមកទទួលយ៉ាងច្រើនកុះករ ហើយបានធ្វើពិធីដង្ហែចម្ងាយប្រមាន១គីឡូម៉ែត្រ ដើម្បីប្រារព្ធពិធីនៅក្នុងព្រះវិហារ។ ក្នុងដំណើរអដ្ឋិធាតុនេះ លោកអភិបាលអូលីវីយេ ជ្មីតអីស្ល៊ែរ ជាធភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានធ្វើដំណើររួមជាមួយតាំងពីថ្ងៃចាប់ផ្តើមរហូតដល់ពេលនេះ។  តាមកន្លែងនីមួយៗមានរៀបចំពិធីអភិបូជា និងអធិដ្ឋានដើម្បីអោយគ្រីស្តបរិស័ទបានយល់បន្ថែមអំពីជំនឿ។ ក្នុងនោះដែរក្នុងធម្មទេសនា នៅព្រះវិហារអូគូស្ទីន លោកអភិបាលបានអប់រំគ្រីស្តបរិស័ទអោយយកចិត្តទុកដាក់ចំពោះក្រុមគ្រួសាររបស់ពួកគេ ដោយបង្ហាញក្តីស្រឡាញ់រវាងប្តីនិងប្រពន្ធអោយកានលតែជិតស្និទ្ធ ដើម្បីអោយផលផ្លែនេះបានដល់កូនៗ ដែលធ្វើអោយគ្រួសារមានភាពកក់ក្តៅ និមានសុភមង្គល។ លោកអភិបាលអូលីវីយេ មានប្រសាសន៍ថា  លូវីស ដែលជាប្តីខិតខំអប់រំនិងយកចិត្តទុកដាក់ជាមួយកូនៗរបស់គាត់។ រីឯហ្សឺលីជាម្តាយ ធ្វើជាប្រពន្ធដ៏ល្អនិងអប់រំកូនៗដោយក្តីស្រឡាញ់។  លោកមានប្រសាសន៍ទៀតថាគ្រប់ពេលវេលា  ប្តីប្រពន្ធសន្តបុគ្គលនេះ តែងលើកទឹកចិត្តគ្នាទោះនៅឆ្ងាយ ឬជិតគ្នាក្តី ដូចជាការសរសេរសំបុត្រដើម្បីបង្ហាញការនឹករលឹកដល់គ្នាជាដើម។ លោកអភិបាលបានលើកឧទាហរណ៍យ៉ាងដូច្នេះ ” ប្រពន្ធសរសេរយ៉ាងដូច្នេះ ខ្ញុំស្រឡាញ់បងលើសពីជីវិតរបស់ខ្ញុំ។  ពេលបងចេញទៅឆ្ងាយ ខ្ញុំដូចជាត្រីមួយដែលអស់ទឹក។…ប្តីសរសេរតបវិញថា ពេលវេលាដើរយឺតណាស់ ដោយសារយើងនៅឆ្ងាយពីគ្នា បងចង់ទៅប្រញាប់មែនទែនដើម្បីនៅជាប់នឹងអូនវិញ។” លោកអភិបាលបានរំលឹកថា  គ្រួសារសុខសាន្ត គឺប្តីប្រពន្ធ ដែលជាឪពុកម្តាយស្រឡាញ់គ្នាទៅវិញទៅមក ថែរក្សាសេចក្តីស្រឡាញ់និងលើកទឹកចិត្តគ្នាទៅវិញទៅមក  ហើយចេះសម្រុះសម្រួលគ្នា ដើម្បីកូនទទួលភាពកក់ក្តៅ  និងស្រឡាញ់កូន ហើយនាំកូនអោយស្រឡាញ់គ្នា៕

អដ្ឋិធាតុសន្តលីវីស និងសន្តីហ្សឺលី ម៉ាតាំងមកដល់ព្រះសហគមន៍ព្រៃកប្បាស

នៅរសៀលម្សិលមិញនេះ(២៦ សីហា ២០១៩) អដ្ឋិធាតុរបស់គូស្រករសន្តលូវីស និងសន្តីហ្សឺលី ម៉ាតាំងបានមកដល់ព្រះសហគមន៍កាតូលិកសន្តីតេរេសា ព្រៃកប្បាសស្ថិតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ។ កុមារកាយឫទ្ធិនិងគ្រីស្តបរិស័ទប្រមាណ៦០នាក់បានឈរអមដំណើរអដ្ឋិធាតុនិងបានដង្ហែ មួយជុំបរិវេនព្រះវិហារមុននឹងចាប់ផ្តើមពិធីអភិបូជា ដោយមានលោកអភិបាលអូលីវីយេ ជ្មីតអីស្ល៊ែរជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ លោកអភិបាលអូលីវីយេ មានប្រសាសន៍ក្នុងអង្គពិធីថា ព្រះជាម្ចាស់បានជ្រើសរើសពួកគេក្នុងជីវិតជាគ្រួសារ។ លោកអភិបាលអូលីវីយេ ” គ្រួសារនេះមើលទៅធម្មតាតែមិនធម្មតាដែរ”។ ពួកគាត់មិនធ្វើអ្វីអស្ចារ្យទេ ដោយគ្រាន់តែយកចិត្តទុកដាក់មើលថែរក្សាប្តីប្រពន្ធ យកចិត្តទុកដាក់ចិញ្ចឹមកូន អប់រំពួកគេ បញ្ជូនពួកគេទៅសាលារៀននិងយកចិត្តទុកដាក់រកស៊ីចិញ្ចឹមកូនៗប៉ុណ្ណោះ។ នេះជាជីវិតធម្មតាក្នុងការស្រឡាញ់ព្រះជាម្ចាស់។ លោកអភិបាលបានលើកទឹកចិត្តក្រុមគ្រួសារនៃគូស្រករទាំងអស់ ឱ្យខិតខំព្យាយាម “អធិដ្ឋាន ទូលអង្វរព្រះជាម្ចាស់ជួយយើង មិនមែនឱ្យកូនៗយើងទាំងអស់ជាបព្វជិតបព្វជីតា តែឱ្យយើងក្លាយជាឪពុកដ៏ល្អ ម្តាយល្អ និងយកចិត្តទុកដាក់ថែរក្សាគ្រួសារយើង កូនយើង”។ លោកអភិបាលបន្តថា ទោះបីជាគ្រួសារក្រីក្រក៏ដោយ ហើយទោះបីយើងមានបទពិសោធមិនល្អអំពីគ្រួសារនៅពេលយើងដឹងក្តីក៏ដោយ សូមយកចិត្តទុកដាក់បង្កើតគ្រួសារមួយដែលផ្ទុយពីអ្វីដែលបានជួបដូចសន្តីហ្សឺលី ជាម្តាយរបស់សន្តីតេរេសា។ លោកអភិបាលបន្ថែមថា ហ្សឺលី មិនបានទទួលសេចក្តីស្រឡាញ់ពីម្តាយរបស់គាត់ទេ ព្រោះម្តាយស្រឡាញ់តែប្អូនពៅ។ លោកអភិបាលបញ្ជាក់ថា “ប៉ុន្តែពេលគាត់ក្លាយជាម្តាយ គាត់ខិតខំអស់ពីសមត្ថភាព ដោយសារគាត់មិនចង់ឱ្យគ្រួសារ និងកូនៗគាត់មានបទពិសោធដូចគាត់ពីដើម។ គាត់ចង់ឱ្យគ្រួសារមានសេចក្តីសុខ ហើយគាត់បានជោគជ័យ”។ លោកអភិបាលសូមឱ្យគ្រីស្តបរិស័ទ ទុកគ្រួសារមួយនេះជាគំរូ និងអរគុណព្រះជាម្ចាស់សម្រាប់ការមកដល់របស់ពួកគាត់។ អដ្ឋិធាតុរបស់គូស្រករនៃសន្តបុគ្គលនេះ នឹងធ្វើដំណើរទៅកាន់ព្រះសហគមន៍នានាក្នុងភូមិភាគភ្នំពេញ ហើយបន្តដំណើរទៅព្រះសហគមន៍ភូមិភាគកំពង់ចាមនិងបាត់ដំបង …

អដ្ឋិធាតុសន្តលីវីស និងសន្តីហ្សឺលី ម៉ាតាំងមកដល់ព្រះសហគមន៍ព្រៃកប្បាស Read More »

Subscribe to our newsletter

Don't miss new updates on your email