កុមារ១០នាក់ទទួលអគ្គសញ្ញាព្រះកាយព្រះគ្រីស្តលើកដំបូង

កុមារ១០នាក់ ដែលមានអាយុចាប់ពី១០ឆ្នាំដល់១៥ឆ្នាំ នៅព្រះវិហារសន្តអន់ទន់ ព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល នៃមណ្ឌលសកម្មភាពទន្លេមេគង្គ ទទួលអគ្គសញ្ញាព្រះកាយព្រះគ្រីស្តលើកដំបូង នាថ្ងៃទី២៤ វិច្ឆិកា ២០១៩។ កុមារទាំង១០នាក់ជាកូនចៅគ្រីស្តបរិស័ទកាតូលិកដែលបានទទួលអគ្គសញ្ញាជ្រមុជទឹកតាំងពីនៅជាទារក ។ តាមការឲ្យដឹងពីលោកបូជាចារ្យ ដានីញ៉ែល យ៉ូន ជាបូជាចារ្យទទួលបន្ទុកព្រះសហគមន៍ព្រែកដាច់ មានប្រសាសន៍ថា ពេលកុមារទទួលអគ្គសញ្ញាជ្រមុជទឹកគេមិនទាន់មានជំនឿទេ ជាហេតុព្រះសហគមន៍ឲ្យពួកគេរៀនសូត្របន្ថែមទៀតអំពីជំនឿដោយទុកពេលអប់រំ៣ទៅ៤ឆ្នាំ ទាក់ទងនឹងព្រះជាម្ចាស់មុននឹងទទួលអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត ដើម្បីជួយឲ្យពួកក្មេងៗបានរិះគិតពីព្រះជាម្ចាស់។ លោកថា អគ្គសញ្ញានេះជាពិធីដ៏សំខាន់សម្រាប់គ្រីស្តបរិស័ទ ហើយកុមារទទួលព្រះកាយនេះមានអាយុល្មមក្លាយជាកុមារគ្រីស្តបរិស័ទ មិនមែនជាទារកទៀតឡើយ លុះដល់ពេលគេទទួលអគ្គសញ្ញាលាបថ្ងាសនោះពួកគេនឹងក្លាយទៅជាគ្រីស្តបរិស័ទពេញវ័យពិតប្រាកដ។ តាមការអប់រំរបស់ព្រះសហគមន៍សម្រាប់គ្រីស្តបរិស័ទដែលទទួលអគ្គសញ្ញាជ្រមុជទឹកកាលពីនៅជាទារក នៅពេលធំក្នុងអាយុប្រមាណ៧ឆ្នាំឡើងទៅ ត្រូវចូលរៀនអប់រំជំនឿបន្ថែមដើម្បីទទួលព្រះកាយព្រះគ្រីស្ត បន្ទាប់មកត្រូវរៀនអប់រំអំពីអគ្គសញ្ញាលាបថ្ងាសដើម្បីក្លាយជាគ្រីស្តបរិស័ទពេញលក្ខណៈ។ លោកបូជាចារ្យបញ្ជាក់ថា អគ្គសញ្ញាទទួលព្រះកាយព្រះគ្រីស្ត គឺជាជីវិតរបស់គ្រីស្តបរិស័ទដើម្បីក្លាយទៅជាគ្រួសារតែមួយ ទោះបីមានសញ្ជាតិផ្សេងៗពីគ្នាក៏ដោយ គឺមានន័យថាយើងទៅជារូបកាយព្រះសហគមន៍តែមួយ ដោយចូលរួមសាងសង់ព្រះសហគមន៍។ លោកបូជាចារ្យ ដានីញ៉ែល មានប្រសាសន៍ទៀតថា ក្នុងថ្ងៃដដែលនោះ ក៏មានកុមារ៩រូបផ្សេងទៀតនៅព្រះសហគមន៍កំពង់ចម្លងក៏បានទទួលអគ្គសញ្ញាទទួលព្រះកាយ និងព្រះលោហិតព្រះគ្រីស្តដូចគ្នាផងដែរ។ លោកបូជាចារ្យដានីញ៉ែល យ៉ូន ទទួលបន្ទុកលើព្រះសហគមន៍៣នៃមណ្ឌលសកម្មភាពទន្លេមេគង្គស្ថិតក្នុងភូមិភាគភ្នំពេញគឺ ព្រះសហគមន៍សំរោងធំ ព្រះសហគមន៍កំពង់ចម្លង និងព្រះសហគមន៍ព្រែកដាច់៕ ដាលីស