លោកអភិបាលអូលីវីយេ ជំរុញឲ្យក្រុមបូជាចារ្យរិះគិតពីសាររបស់សម្ដេចប៉ាបនៅអាស៊ី

ក្រុមបូជាចារ្យទាំងអស់ដែលបម្រើ ការងារនៅក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ បានជួបជុំគ្នារិះគិតអំពីរដូវរង់ចាំ និងសាររបស់សម្តេចប៉ាបហ្វ្រងស៊ីស្កូដែលបានធ្វើដំណើរទស្សនកិច្ចនៅប្រទេសថៃនិងជប៉ុន។ កិច្ចប្រជុំនេះ ដឹកនាំដោយលោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយេ ជ្មីតអ៊ីស្ល៊ែរ នាព្រឹកថ្ងៃទី ៤ ធ្នូ ២០១៩ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ។ នៅក្នុងជំនួបនេះ អស់លោកបូជាចារ្យទាំងអស់បានទស្សនាវីដេអូនៃទស្សនកិច្ចជាផ្លូវការរបស់សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ ដែលបានប្រព្រឹត្តទៅនៅប្រទេសថៃនិងជប៉ុននាចុងខែវិច្ឆិកា កន្លងទៅនេះ។ ជាកិច្ចបន្ទាប់លោកអភិបាលអីលីវីយេ បានណែនាំក្រុមបូជាចារ្យទាំងអស់ដែលជាសាសនទូតឲ្យយកចិត្តទុកដាក់លើខ្លឹមសារ និងសកម្មភាពរបស់សម្ដេចប៉ាបដែលជាសញ្ញាមួយយ៉ាងពិសេសនៅក្នុងការប្រកាសដំណឹងល្អ ដើម្បីចូលទៅក្នុងដួងចិត្តប្រជាពលរដ្ឋ។ សារទាំងនោះ ជាគំរូសម្រាប់អស់លោកបូជាចារ្យមកអនុវត្តក្នុងការប្រកាសដំណឹងល្អនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងកិច្ចប្រជុំ លោកអភិបាលអូលីវីយេ បានលើកយករបៀបដែលប្រទេសថៃបានទទួលស្វាគមន៍សម្ដេចប៉ាប និងសក្ខីភាពរបស់គ្រីស្តបរិស័ទដែលកែប្រែចិត្តគំនិតក្រោយពេលជួបសម្ដេចប៉ាបដោយហ៊ានប្រកាសប្រាប់អ្នកផ្ទះថា ខ្លួនជាគ្រីស្តបរិស័ទ ដែលជានិមិត្តសញ្ញាបង្ហាញថាសម្ដេចប៉ាបកំពុងតែប្រកាសអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ដែលកំពុងតែយាងមក និងបង្កើតសង្គមមួយថ្មីតាមរបៀបព្រះយេស៊ូ។ នៅក្នុងនេះផងដែរ លោកអភិបាល ក៏បានលើកឡើងថា “សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ បានរំឭកយើងឲ្យភ្ញាក់ស្មារតីដើម្បីគិតពីសិទ្ធិមនុស្ស ដោយយកចិត្តទុកដាក់ចំពោះតូចតាច ដូចជាអ្នកក្រីក្រ កូនក្មេង ស្ត្រីបម្រើសេវាកម្មកម្សាន្ត និងពលករចំណាកស្រុក”។ ជាងនេះទៅទៀតលោកអភិបាលក៏មិនភ្លេចណែនាំក្រុមបូជាចារ្យឲ្យយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយសាសនាផ្សេងៗ ដោយយកគំរូតាមសម្ដេចប៉ាប ដើម្បីកសាងសន្តិភាព និងរួមគ្នាការពារបរិស្ថាន ដោយគ្មានភាពភ័យខ្លាចផងដែរ។ នៅក្នុងរដូវរង់ចាំនេះ អស់លោកបូជាចារ្យទាំងអស់ ត្រូវបានស្នើសូមឲ្យរិះរកវិធី ដើម្បីអាចប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យចូលទៅក្នុងចិត្តគំនិត និងវប្បធម៌របស់សង្គមឬប្រទេសដែលអស់លោកកំពុងតែបំពេញបេសកកម្ម៕ ដាលីស