បងស្រី សានីសច្ចានិរន្តរ៍
បងស្រី តេរ៉េស អេង សានី ជាបព្វជិតា ជាតិកម្ពុជានៃក្រុមគ្រួសារដូនជីឧបការគុណ បានប្រកាសពាក្យសច្ចានិរន្តរ៍ នៅចំពោះមុខព្រះសហគមន៍ទាំងមូល ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយេ ជ្មីតអីស្លែរ និងបងស្រីម៉ារីអង់ ដែលជាប្រធានក្រុមគ្រួសារឧការគុណនៅព័រស្យឺ នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះ។ លោកអភិបាលអូលីវីយេមានប្រសាសន៍រំលឹកបងស្រី ឲ្យរក្សានូវពាក្យសន្យាទាំងបីឲ្យបានខ្ជាប់ខ្ជួន គឺរស់នៅលីវ មួយជីវិត ស្តាប់បង្គាប់ និងរស់នៅតាមរបៀបជាអ្នកដាក់ខ្លួន។ លោកអភិបាលបានបញ្ជាក់ប្រាប់ថា ព្រះជាម្ចាស់បានគាំទ្រ និងជ្រើសរើសបងស្រី។ បងស្រីត្រូវស្ដាប់បង្គាប់បងស្រីប្រធាន ប៉ុន្តែក៏ត្រូវស្ដាប់បង្គាប់ព្រះសហគមន៍ដែលជាគ្រួសារដ៏ធំ ព្រោះព្រះវិញ្ញាណដ៏វិសុទ្ធគឺស្ថិតនៅក្នុងព្រះសហគមន៍ទាំងមូល។ លោកអភិបាលបន្ថែមទៀតថា ការរស់នៅដាក់ខ្លួនជាអ្នកក្រីក្រជារឿងមួយសំខាន់ «ដើម្បីធ្វើដំណើរជាមួយអ្នកតូចតាច ដោយធ្វើជាបេះដូងរបស់ព្រះជាម្ចាស់ផ្ទាល់ ជាបេះដូងប្រកបដោយព្រះហឫទ័យប្រណីសន្ដោស ដែលជាព្រះឧបការគុណរបស់ព្រះជាម្ចាស់សម្រាប់មនុស្សឯទៀតៗ»។ លោកអភិបាលក៏បានណែនាំឲ្យបងស្រី ចេះចងសម្ពន្ធជាមួយប្រជាជន ដោយធ្វើជាពន្លឺនៅក្នុងភាពងងឹត ដោយចេញទៅកន្លែងនានាដើម្បីជួបជាមួយមនុស្សឯទៀតៗ។ នៅក្នុងពិធី បងស្រីសានី បានសច្ចាដាក់ខ្លួនជាអ្នកក្រីក្រ រក្សាព្រហ្មចារីធម៌ និងស្ដាប់បង្គាប់ រួចប្រគល់ពាក្យសច្ចាទៅកាន់បងស្រីប្រធាន និងមានចុះហត្ថលេខានៅលើតុអាសនៈ រួមជាមួយ លោកអភិបាល និងបងស្រីប្រធានជាសាក្សី។ បងស្រីសានី បានបញ្ជាក់ថា ជីវិតជាអ្នកបួសសម្រាប់បងស្រីគឺជាការរស់នៅ និងឆ្លើយតបទៅនឹងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដោយប្រកាសថា រស់នៅក្នុងជីវិតជាអ្នកបួស …