Day: September 10, 2020

ព្រះវិហារសន្តយ៉ូសែបផ្តល់អំណោយជូនសង្កាត់ទួលសង្កែទី១ សម្រាប់​ផ្គត់ផ្គង់​អ្នកខ្វះ​ខាត​ក្នុងមូលដ្ឋាន

ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូចដែល​ដឹកនាំដោយ លោកបូជាចារ្យ រឿង ឆ័ត្រសិរី រួមជា​មួយស​មា​​ជិកគណៈកម្មការសង្គហៈ បាននាំយកអំណោយមួយចំនួនជូនដល់សង្កាត់ទួលសង្កែទី១ ក្នុងខណ្ឌ​ឫស្សីកែវ រាជ​ធានីភ្នំពេញ ដែលមានលោកស្រី រាជ ផាវឿន ជាប្រធានក្រុមប្រឹក្សា ជាអ្នកទទួល កាល​ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ។   ការ​ផ្តល់ជូន​នូវសម្ភារៈទាំងអស់នេះដល់សង្កាត់ ក្នុង​គោលបំណងដើម្បីជួយផ្គត់ផ្គង់ទៅដល់ប្រជា​ពលរដ្ឋ​​ក្នុងមូលដ្ឋានសង្កាត់នេះ​ដែលកំពុងតែជួប​ការខ្វះខាតក្នុង​ជីវភាព។   ក្នុងពិធីប្រគល់និងទទួលអំណោយនេះលោកស្រី រាជ ផាវឿន ចៅសង្កាត់និងលោកមេភូមិផ្សារតូច បានថ្លែង​អំ​ណរគុណដល់ព្រះសហគមន៍ ដែលតែងតែជួយដល់សកម្មភាពសង្គមរបស់សង្កាត់នេះ។ សង្កាត់ទួលសង្កែទី១នេះមាន ៦ភូមិនិងប្រជាពលរដ្ឋ​ប្រមាណជា២ម៉ឺននាក់ ដែលប្រជា​ពលរដ្ឋ​មួយ​ចំនួនកំពុងជួបការលំបាក ខ្វះខាត ដោយសាររងផល​ប៉ះពាល់ពីស្ថាន​ភាពនៃការរីករាល​ដាល​មេ​រោគឆ្លងកូវីដ១៩។   នាឱកាសនោះដែរ លោកបូជាចារ្យ ឆ័ត្រសិរី បានមាន​ប្រសាសន៍ផងដែរថា អំណោយ​ទាំង​អស់​ដែល​ព្រះសហគមន៍កាតូលិកប្រគល់ជូនសង្កាត់នាពេលនេះ គឺបានមកពីគ្រីស្តបរិស័ទ ដែលមាន​ចិត្ត​សម្បុរសធម៌បានចូលរួមវិភាគទានក្នុងឱកាសបុណ្យកាន់បុណ្ឌ-ភ្ជុំបិណ្ឌនេះ។   លោកបូជាចារ្យបានបន្តថា ៖ «នៅថ្ងៃសៅរ៍ទី១២ ខែកញ្ញា ឆ្នាំ ២០២០ ខាងមុខនេះ​ព្រះសហគ​មន៍​ផ្សារតូចនឹងចែកអំណោយដោយផ្ទាល់ដល់បងប្អូនដែលខ្វះនៅព្រះវិហារសន្តយ៉ូសែបតែម្តង»។ កិច្ចការធម៌មេត្តារបស់គ្រីស្តបរិស័ទនេះ ជាឱកាសអង្វរព្រះជាម្ចាស់ ប្រទានការប្រោសប្រណី ដល់​វិញ្ញាណក្ខ័ន្ធជីដូនជីតា ញាតិសណ្តានរបស់ពួកគាត់ ដែលបានចែកឋានទៅហើយនោះ បានក្តី​សុខ​សាន្តរួមជាមួយព្រះអង្គ៕

Subscribe to our newsletter

Don't miss new updates on your email