ពលរដ្ឋ​​ប្រមាណ១០០គ្រួសារ​ក្នុងភូមិជ្រៃធំ ស្រុក​កោះធំ ទទួល​បាន​អំណយ​របស់​អភិបាល​ភូមិភាគភ្នំពេញ

អំណោយ​ជាគ្រឿងឧបភោគបរិភោគ​របស់​លោក​អភិបាល អូលីវីយ៉េ ជ្មីត​អ៊ីស្ល៊ែរ អភិបាល​ព្រះសហ​គមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ ​បាន​ប្រគល់​ជូនដល់​ប្រជាពលរដ្ឋ​មានជីវភាពខ្វះខាត​ដែល​កំពុងរស់នៅ​​កន្លែងដែល​ត្រូវ​បាន​​ហាមចេញចូលដោយ​សារ​​បារម្ភពី​ការ​ប៉ះពាល់នឹង​អ្នក​មាន​វីរុសកូវីដ១៩។ ការ​ចែក​ជូន​នូវ​​គ្រឿង​បរិភោគ​ តាមរយៈ​អង្គការ​ការីតាស​កម្ពុជា សហការជាមួយ​នឹង​ព្រះសហ​គមន៍​ជ្រៃធំ ព្រះវិហារ​សន្ត​យ៉ូសែប​ ក្នុង​ស្រុក​កោះធំ​ ខេត្តកណ្តាល​ ទៅដល់​​ប្រជាពលរដ្ឋ​ចំនួនប្រមាណ​​១០០​គ្រួសារ​​ដែល​ស្ថិត​នៅ​ក្នុង​កន្លែង​ហាម​ឃាត់​​ចេញ​ក្រៅ​ភូមិ ដោយ​បញ្ហា​កូវីដ​ ១៩ នាពេល​កន្លង​​មកនេះ។​ គ្រួសារ​ក្រីក្រមួយគ្រួសារ​ដែល​ស្ថិត​នៅ​កន្លែងហាមឃាត់ និង​បាត់​បង់​ការងារ​៣សប្ដាហ៍មក​ហើយ ប្រកាសថ្លែង​អំណរគុណ​​ទាំងអំណរសប្បាយ ក្រោយ​ពេល​​ដែល​​ ក្រុម​សង្គហៈ​ព្រះ​សហ​គមន៍​បាន​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​លំនៅឋាន។  គ្រឿងឧបភោគបរិភោគ​ដែល​ត្រូវ​បាន​​ផ្តល់​ដោយ​លោកអភិបាល​អូលីវីយ៉េមាន ​ទឹក​ត្រី អង្ករ មី ទឹក​ស៊ីអ៊ីវ និង​ត្រី​ខកំប៉ុង​។ តាម​ការ​បញ្ជាក់​របស់​បងស្រី ម៉ាថា ជាដូន​ជីកាតូលិក​ និង​ជា​តំណាង​គណៈកម្មការ​ព្រះសហ​គមន៍​​មណ្ឌល​សកម្មភាព​ទន្លេបាសាក់ បានថ្លែងអំណរគុណដល់​លោក​អភិបាល​អូលីវីយ៉េ​ ​ក្នុង​នាម​តំណាង​ឱ្យព្រះសហគមន៍​ជ្រៃធំ​ ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់ នឹកនា​ដល់​កូនចៅនៅ​ទីនេះ។  បងស្រី​បន្ត​ថា៖ «ពួក​កូន​មិនដឹង​យក​ពាក្យ​អ្វី​មក​អរគុណ​លោក​អភិបាល​ទេ ប៉ុន្តែ​ពួក​កូន​សូម​អង្វរ​ព្រះជាម្ចាស់​សូមថែរក្សាការពារលោក​អភិបាល​ឱ្យ​​មាន​សុភាព​ល្អ​ និង​អំណរសប្បាយ»។​ ដោយ​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ១៩​នៅតំបន់​ជ្រៃធំ ​អាជ្ញាធរបាន​សម្រេច​បិទ​ការ​ចេញចូល និង​ដាក់​តំបន់​នោះ​ជា​តំបន់​ហាមឃាត់កាល​ពី​សប្ដាហ៍មុន​​។ ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​បែប​នេះ លោក​អភិបាល​អូលីវីយ៉េ បាន​សម្រេច​ជូន​នូវ​គ្រឿង​បរិភោគ​ដល់​ប្រជាជន​ក្រី​ក្រ និង​ចាស់ជរា។  អំណោយ​ទាំង​នោះ​បាន​ទៅ​ដល់​ព្រះសហគមន៍​ជ្រៃធំ កាលពី​ថ្ងៃ​ទី​១៦ មីនា ២០២១​កន្លង​ទៅ​នេះ និង​បាន​​​ចែកជូន​ជន​ក្រីក្រ ចាស់ជរា ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ហាម​ឃាត់​ក្នុង​មួយ​ថ្ងៃ​២០​គ្រួសារ​​​គិត​ចាប់​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ២០២១មក៕