ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ផ្តល់ម៉ាស់ចំនួន៥ម៉ឺនម៉ាស់ជូនដល់ក្រសួងធម្មការនិងសាសនា

ក្នុងអំឡុងពេលរីករាលដាលនៃកូវីដ១៩ក្នុងរាជធានី និងខេត្ត ព្រះសហគមន៍កាតូលិកភូមិភាគ ភ្នំពេញបានជូនម៉ាស់ដល់ក្រសួងធម្មការនិងសាសនាដើម្បីចូលរួមប្រយុទ្ធប្រឆាំងនិងការឆ្លងរាលដាលនៃជំងឺនេះ។ កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកបូជាចារ្យ សិលា សួន ហង្សលី ជាតំណាងពេញសិទ្ធិលោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេរនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ។ លោកបូជាចារ្យសួនហង្សលី បានអានលិខិតរបស់លោកអភិបាលអូលីវីយ៉េ ជូនលោករដ្ឋមន្ត្រី ដោយរៀបរាប់អំពីចំនួនម៉ាស់ដែលបានផ្តល់ជូន និងសកម្មភាពមនុស្សធម៌មួយចំនួនដែលព្រះសហគមន៍កាតូលិកបានធ្វើក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានី និងក្រុងតាខ្មៅនៃខេត្តកណ្តាល។ សូមជម្រាបថា កន្លងមកនេះ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ក្រោមការដឹកនាំរបស់លោកអភិបាលអូលីវីយ៉េ ចាប់ពីថ្ងៃទី១៤ ខែមេសាមក អង្គការការីតាសបានចែកកញ្ចប់ស្បៀងអាហារដល់បងប្អូនជាង៤០០០គ្រួសារ កញ្ចប់មកហើយ ចំពោះព្រះសហគមន៍កាតូលិក បានចែកជូនបងបង្អូនជា១០០០ គ្រួសារ មានទាំងអង្ករ សាច់ជ្រូកនិងបន្លែ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងតាខ្មៅ។ លោកអូលីវីយ៉េ ជ្មិតហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានដាក់ចេញនូវយុទ្ធសាស្ត្រចែកអាហារថ្ងៃត្រង់ជូនបងប្អូនខ្វះខាត មានបាយម្ហូប ត្រីខកំប៉ុង មី និងទឹកសុទ្ធ ក្នុងមួយថ្ងៃ ចំនួន ៥០០កញ្ចប់ ពីថ្ងៃទី ១-៨ខែឧសភា៕