អភិបាលកាតូលិកភ្នំពេញអំពាវនាវឲ្យពិភពលោកបញ្ឈប់ភាព “ស្ងៀមស្ងាត់” ចំពោះទុក្ខវេទនាមនុស្សស្លូតត្រង់
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ បានចេញលិខិតមួយផ្ញើទៅកាន់មនុស្សទាំងអស់ ដោយលើកឡើងយ៉ាងខ្លាំងអំពីការរីករាលដាលនៃអំពើហិង្សា សង្គ្រាម និងការរងទុក្ខរបស់ប្រជាជនស្លូតត្រង់ ខណៈដែលពិភពលោក និងស្ថាប័នអន្តរជាតិកំពុងនៅ “ស្ងៀមស្ងាត់”។ លិខិតនេះចាប់ផ្តើមដោយពាក្យដ៏មានឥទ្ធិពលខ្លាំងមួយគត់គឺ «ស្ងៀមស្ងាត់?» មុននឹងនាំទៅកាន់ការពិចារណាអំពីបុណ្យព្រះយេស៊ូប្រសូតជាមនុស្ស ឬបុណ្យណូអែល និងអត្ថន័យជ្រាលជ្រៅរបស់ពិធីបុណ្យនេះ។ លោកបានបញ្ជាក់ថា បុណ្យណូអែលជាការបំផ្លាញទស្សនៈរបស់មនុស្សដែលជឿថា អំណាចជារបស់អ្នកខ្លាំង និងជីវិតគ្មានតម្លៃសម្រាប់អ្នកទន់ខ្សោយ តែព្រះជាម្ចាស់បង្កើតអត្ថន័យថ្មី ដោយ“បានប្រសូតមកជាមនុស្ស ជាទារកដែលទន់ខ្សោយ និងគ្មានអ្វីការពារខ្លួនឡើយ” ហើយព្រះយេស៊ូនោះឯង “នឹងត្រូវសោយទិវង្គតនៅលើឈើឆ្កាងយ៉ាងអាម៉ាស់បំផុត” ដោយសារការស្អប់ និងអំណាចអយុត្តិធម៌។ ក្នុងលិខិតដែលមានចំនួន៣ទំព័រ ចេញផ្សាយលើបណ្ដាញសង្គមផ្ទាល់របស់លោកនាថ្ងៃម្សិលមិញនេះ បានបញ្ជាក់ថា ភាពស្ងៀមស្ងាត់ក្នុងព្រះគម្ពីរមានន័យជាការអធិដ្ឋាន ដូចដែលបានចែងទុកក្នុងគម្ពីរថា «រីឯនាងម៉ារីវិញ នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ត» (លូកា ២,១៩)។ ប៉ុន្តែលោកអភិបាលអូលីវីយ៉េ បានបញ្ជាក់យ៉ាងច្បាស់ថា ភាពស្ងៀមស្ងាត់នៅក្នុងសង្គមសព្វថ្ងៃគឺមិនអាចទទួលយកបានទេ។ លោកសរសេរថា «អ្វីៗដែលយើងបានឃើញក្នុងថ្ងៃនេះ ណែនាំឱ្យយើងចេះអធិដ្ឋាន មិនមែននាំឱ្យយើងនៅស្ងៀមស្ងាត់នោះទេ!» ក្នុងលិខិតនេះ លោកបានរាយនាមប្រទេសដែលកំពុងរងវិបត្តិសង្គ្រាមដ៏សោកសៅនោះគឺ អ៊ុយក្រែន កាហ្សា កម្ពុជា វេណេស៊ុយអេឡា ហើយបានចោទសួរថា «តើអំណាចពិតជាស្ថិតនៅក្នុងដៃរបស់អ្នកខ្លាំងបំផុតមែនឬ?» លោកគង្វាលព្រះសហគមន៍បានរិះគន់អំពីការបំផ្លាញតម្លៃលិទ្ធិប្រជាធិបតេយ្យ និងច្បាប់អន្តរជាតិ […]

