លោកអភិបាលអូលីវីយ៉េ រំឭកតួនាទីទាំងបីរបស់គ្រីស្តបរិស័ទ
លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍នៅក្នុងពិធីបុណ្យព្រះយេស៊ូជាព្រះមហាក្សត្រនៃពិភពលោក កាលពីថ្ងៃទី ថ្ងៃទី ២១ វិច្ឆិកា ២០២១ថា គ្រីស្តបរិស័ទមានតួនាទីបីសំខាន់ៗ ដែលត្រូវអនុវត្តនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ នោះគឺបូជាចារ្យ មហាក្សត្រ និងព្យាការី។ ក្នុងពិធីថ្វាយអភិបូជា នៅព្រះវិហារសន្តសិលាពោធិ៍ធំ ស្រុកល្វាឯម ខេត្តកណ្ដាល លោកអភិបាលបានមានប្រសាសន៍ថា ថ្ងៃនេះក៏ជាថ្ងៃបុណ្យព្រះនាងម៉ារីថ្វាយខ្លួនទៅព្រះជាម្ចាស់ដែរ ហើយនេះជាឱកាសមួយ ដើម្បីសួរសុខទុក្ខបងប្អូន និងឱ្យយើងដឹងថាយើងមានឋាន:ជាបុត្រធីតារបស់ព្រះជាម្ចាស់។ លោកអភិបាលបានបន្ថែមថា ក្នុងនាមជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់យើងទទួលតួនាទី ៣គឺ៖ បូជាចារ្យ ព្រះមហាក្សត្រ និងព្យាការី។ តួនាទីជាបូជាចារ្យ គឺត្រូវតែអធិដ្ឋានដើម្បីភ្ជាប់ជាមួយព្រះជាម្ចាស់ ដោយអធិដ្ឋានសម្រាប់យើងផ្ទាល់ និងសម្រាប់ពិភពលោកទាំងមូលឱ្យរកឃើញសេចក្ដីសុខសាន្តសាជាថ្មី ឱ្យសង្គមរបស់យើងរកឃើញកម្លាំងសាជាថ្មី នៅក្នុងរដូវកូវី-១៩នេះ។ លោកអភិបាលបន្ថែមថា គ្រីស្តបរិស័ទត្រូវចូលរួមក្នុងពិធីថ្វាយអភិបូជា ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលចិញ្ចឹមជីវិតខាងវិញ្ញណរបស់យើង។ រីឯតួនាទីជា ព្រះមហាក្សត្រ គឺមិនធ្វើតាមរបៀបលោកីយ៍នេះទេ។ ដោយមានព្រះយេស៊ូជាគំរូនៃព្រះមហាក្សត្រ គឺយើងត្រូវបម្រើគ្នាទៅវិញទៅមក តាមរបៀបព្រះយេស៊ូ។ ព្រះយេស៊ូបម្រើរហូតដល់សោយព្រះទិវង្គត ដូច្នេះសូមឱ្យយើងបម្រើគ្នាទៅវិញទៅមកទាំងនៅក្នុងព្រះសហគមន៍និងក្នុងសង្គម ដើម្បីឲ្យអ្នកដទៃមានសេចក្ដីសុខតាមរបៀបដែលយើងជួយ តាមរបៀបដែលយើងលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងនាមយើងជាអ្នកបម្រើដ៏ពិតប្រាកដតាមរបៀបព្រះយេស៊ូ។