សិស្សានុសិស្សឈ្វេងយល់​បន្ថែម​អំពី​ មុខវិជ្ជាសិក្សានៅសាកលវិទ្យាល័យ

យុវសិស្ស​វិទ្យាល័យ​របស់​ព្រះសហគមន៍កាតូលិក​ភូមិភាគ​កំពង់ចាម ប្រមាណជា៨០នាក់ បាន​ចូលរួម​ក្នុងកម្មវិធីតម្រង់ទិសសិក្សា​​ដែល​រៀបចំ​ដោយ​មណ្ឌលនិស្សិតព្រះសហគមន៍កាតូលិក ដើម្បី​យល់​ដឹង​បន្ថែម​អំពី​មុខវិជ្ជាដែល​ត្រូវ​ជ្រើសរើស​សិក្សា​នៅ​សកល​វិទ្យាល័យ។ កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំឡើង​នៅ​ព្រះសហគមន៍កំពង់ចាមក្រុង ស្ថិត​នៅ​ក្នុង​ក្រុង​កំពង់ចាម​ ខេត្ត​កំពង់ចាម។ តាមសម្ដីរបស់លោក ប៊ុន សុបិន្ត ជាប្រធានមណ្ឌលនិសិ្សតព្រះសហគមន៍កាតូលិកបានឲ្យដឹងថា មណ្ឌលនិសិ្សតបានបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណង៣គឺ  ទី១​ រិះគិតពីគោលដៅជីវិត ទី២ ដឹងពីរបៀបជ្រើសរើសមុខវិជ្ជាដែលសមនឹងគោលដៅរបស់យុវសិស្ស និងទី៣ ត្រៀមខ្លួនបន្ត​ការ​សិក្សា​នៅសាកលវិទ្យាល័យទៅតាមជំនាញដែលខ្លួនស្រលាញ់។ តាមបទពិសោធន៍នៃការធ្វើកម្មវិធីកន្លងមក លោក សុបិន្តបានបន្ថែមទៀតថា កម្រិត​នៃ​ការ​ទទួល​បាន​ពត៌មាន​​ទាក់ទងទៅនឹងការជ្រើសរើសមុខវិជ្ជាបន្តការសិក្សានៅសាកល​វិទ្យាល័យ​របស់​សិស្សានុសិស្ស​នៅ​មាន​កម្រិតនៅឡើយ។ ដោយ​លោក​បាន​បញ្ជាក់ថា ពេលខ្លះ​សិស្សានុសិស្ស​សម្រេចចិត្តតាម​មិត្តភក្តិ និងក្រុមគ្រួសារ។ លោកបានបន្ថែមទៀតថា​ មណ្ឌលនិស្សិតចង់អោយប្អូនម្នាក់ៗ​ធ្វើតាម ​ឬដើរ​តាមក្ដីស្រមៃ​របស់ខ្លួន​ឯង​តាមរយៈលទ្ធភាព ចំណេះដឹង សមត្ថភាព ​និងអ្វីជា​ទេពកោសល្យ​​​​​​​​​​ដែលមាន​នៅក្នុង​ខ្លួន​។​ ជាមួយគ្នានេះ ចាន់ ចេក ​មានអាយុ២២ឆ្នាំជានិស្សិតឆ្នាំទី៣ផ្នែកអក្សរសាស្ត្រខ្មែរ​នៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញបាននិយាយថា មុននឹងជ្រើសរើសជំនាញនៅ​សាកល​វិទ្យាល័យ រឿងទីមួយគឺត្រូវជ្រើសរើស​ជំនាញ​ណាដែល​ស្រលាញ់​ចូលចិត្តនឹងមានសមត្ថភាពអាចសិក្សាបាន ហើយ​រឿងទីពីរ ត្រូវសម្លឹងមើលទៅលើទីផ្សារការងារក្នុងសង្គមសព្វថ្ងៃផងដែរ។ កម្មវិធី​តម្រង់ទិសសិក្សានេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពីថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០២២កន្លងទៅ។ ទន្ទឹមនឹងនោះ ផុន ដានី​ អាយុ១៩ឆ្នាំជានិស្សិតស្រីឆ្នាំទី៣ ផ្នែកធនាគារនិងហិរញ្ញវត្ថុនៃសាកល​វិទ្យាល័យ​ភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច បាននិយាយថា ដំបូងឡើយគឺត្រូវយល់ អំពី​ខ្លួនឯងជាមុនសិន ដោយត្រូវយល់ថាខ្លួនឯងពូកែនិងស្រលាញ់មុខវិជ្ជា​ណាមួយ ហើយនឹង​ជាពិសេស​សម្លឹង​​ទៅមើលកត្តាគ្រួសារអាចមានលទ្ធភាពជួយទៅលើការសិក្សារបស់យើងដែរទេ។ ដានីបានបញ្ជាក់ថា ​ភាសាបរទេស​​ជាផ្នែកមួយសំខាន់ក្នុងការសិក្សាតាមជំនាញឬមុខវិជ្ជានីមួយៗ ដែល​អាចបណ្ដាលអោយការសិក្សារបស់យើងកាន់តែមានភាពងាយស្រួល។ …

សិស្សានុសិស្សឈ្វេងយល់​បន្ថែម​អំពី​ មុខវិជ្ជាសិក្សានៅសាកលវិទ្យាល័យ Read More »