លោកអូលីវីយ៉េ៖ អំណរ​សប្បាយពីអ្នកដទៃមិនស្ថិតស្ថេរ

អំណរសប្បាយ​​ពិត​ប្រាកដ​គឺ ​​នៅក្នុង​ដួងចិត្ត​របស់​យើង ​និង​ប្រសិន​បើ​យើង​ទីពឹង​អំណរ​សប្បាយ​មក​ពីគេ​​មិន​ស្ថិត​ស្ថេរ​នោះទេ។ នេះ​ជាប្រសាសន៍​របស់​លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​​ភូមិភាគ​ភ្នំពេញ នៅព្រះវិហារ​សន្តី​ម៉ារី​ម៉ាដាឡា(ស្វាយប៉ាក)​ស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកអភិបាល​បន្ថែមថា ​​វត្តមាន​របស់​ព្រះយេស៊ូ​នៅក្នុង​ដួងចិត្តរបស់​យើងឯណោះទេ ដែល​ជាអំណរ​សប្បាយ​ដ៏​ស្ថិតស្ថេរ។ លោក​បាន​ស្នើ​ឲ្យ​គ្រីស្ត​បរិស័ទ​​យកចិត្ត​ទុក​ដាក់​ថែរក្សា​អំណរ​សប្បាយ​មួយនេះ​ក្នុងគ្រប់កាលៈទេសៈ និង​ត្រូវ​​កែ​ប្រែ​ចិត្ត​គំនិត​ធ្វើ​ជាមនុស្សថ្មីដូចនាងម៉ារីម៉ាដាឡាដែលជាឧបការីជន​នៃព្រះវិហារនេះ។ ​ នៅក្នុង​ធម្មទេសនា​នាឱកាសថ្ងៃទី​១៤ ឧសភា ២០២៣ នេះ លោក​អភិបាលអូលីវីយ៉េ មាន​ប្រសាសន៍រំឮក​ទៀតថា នាងម៉ារីម៉ាដាឡា មានអំណរសប្បាយដោយ​​​ព្រះយេស៊ូបាន​ណែនាំ​នាងក្លាយ​ជាមនុស្សថ្មី ដោយ​មានឋានៈ​ជាស្ត្រី​ពោរពេញដោយតម្លៃ​​រហូត​បាន​ទៅ​​ជាសាក្សីដំបូង ដើម្បី​បញ្ជាក់​ថាព្រះយេស៊ូមាន​ព្រះជន្មរស់ឡើងវិញ និង​ទៅប្រកាស​ដល់​គ្រីស្តទូតពីដើម។ អំណរ​​សប្បាយរបស់​គ្រីស្តបរិស័ទ​គឺ​ព្រះយេស៊ូ ​​ដោយ​ធ្វើ​តាម​វិន័យ​របស់​ព្រះអង្គ​​គឺ«ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ ដូច​ខ្ញុំ​បាន​​​ស្រឡាញ់​អ្នក​រាល់គ្នា»។ លោកអភិបាល​បញ្ជាក់ថា អំណរសប្បាយ​របស់​យើង​អាច​រក​ឃើញ​តាម​រយៈ​ចំណុច​មួយចំនួន​ដូចជា  ​ចិត្ត​ស្រឡាញ់និង​បម្រើ​ព្រះជាម្ចាស់  ការចូលរួម​របស់​គ្រីស្តបរិស័ទក្នុងព្រះសហគមន៍ និងសកម្មភាព​របស់​គ្រីស្តបរិស័ទ​ដែល​បង្ហាញ​ការដឹងគុណ​​និង​សង​គុណ​ព្រះជាម្ចាស់ដោយ​បម្រើ​អ្នក​ដទៃ​ និង​ធ្វើ​ធម៌មេត្តាករុណា។ និស្សិត​ទេវវិទ្យាល័យ លោក​សិលា ឡុង រតនា ​បាន​ឱ្យ​ដឹង​ថា«សម្រាប់ខ្ញុំ​ផ្ទាល់​ជាអំណរសប្បាយ​ដ៏​មាន​អត្ថន័យ​បំផុត​សម្រាប់​ជីវិត​ខ្ញុំ ព្រោះ​ព្រះជាម្ចាស់​ស្រឡាញ់​យើងទាំងអស់គ្នា ដោយ​ជ្រើសរើសយើង​តាម​តួនាទី​រៀងៗខ្លួន។» លោក​បញ្ជាក់​ថា «សម្រាប់ខ្ញុំ​ពាក្យ​ថា​បម្រើ​ព្រះជាម្ចាស់ គឺ​​មិនមែន​ទៅជាទាសករ​ ប៉ុន្តែ​បម្រើ​ដោយ​ប្រើសេចក្ដី​ស្រឡាញ់​ដែល​​ទទួលពីព្រះជាម្ចាស់​ទៅ​ដល់​បងប្អូន​ដែល​មិន​ទាន់​ស្គាល់​ព្រះជាម្ចាស់។» ដោយដាលីស