ជំទង់និងកុមារ២០នាក់ទទួលព្រះកាយជាលើកដំបូងនៅព្រះសហគមន៍ភ្នំពេញថ្មី
គ្រូអប់រំជំនឿនៃព្រះវិហារសន្តសិលានិងសន្តប៉ូល ភ្នំពេញថ្មីបានរៀបចំពិធីទទួលព្រះកាយព្រះគ្រីស្តលើកដំបូងដល់កុមារនិងជំទង់ចំនួន២០នាក់ ក្នុងឱកាសបុណ្យគោរពព្រះកាយនិងព្រះលោហិតព្រះគ្រីស្ត ក្រោមអធិបតីភាពលោកបូជាចារ្យ អ៊ុន សុន និងលោកឧបដ្ឋាក ជួរ ដាម៉ូ រួមជាមួយគ្រីស្តបរិស័ទចូលរួមយ៉ាងច្រើនកុះករ កាលព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ។ លោកឧបដ្ឋាក ជួរ ដាម៉ូ បានមានប្រសាសន៍ក្នុងធម្មទេសនាក្នុងថ្ងៃនោះថា ព្រះកាយនិងព្រះលោហិតរបស់ព្រះគ្រីស្តមានតួនាទីសំខាន់សម្រាប់ជីវិតរបស់យើងម្នាក់ៗ ដោយបានជួយពង្រឹងផ្លូវវិញ្ញាណនិងធ្វើឱ្យចិត្តយើងរឹងមាំជាងមុន។ លោកបន្ថែមថា ពេលដែលយើងបាក់ទឹកចិត្តឬខឹងឪពុកម្តាយ សូមប្អូនៗចេះអធិដ្ឋាននិងនឹកដល់ព្រះយេស៊ូដែលបានបូជាព្រះជន្មសម្រាប់យើងទាំងអស់គ្នានៅលើពិភពលោកទាំងមូល។ លោកបន្តថា ព្រះកាយព្រះគ្រីស្តបានជួយរំលឹកយើងម្នាក់ៗថា ព្រះយេស៊ូកំពុងគង់នៅជាមួយយើងជានិច្ចហើយពេលដែលទទួលព្រះកាយព្រះគ្រីស្ត គឺជីវិតយើងម្នាក់ៗមានតម្លៃ នាំឲ្យយើងចេះផ្តល់តម្លៃដល់អ្នកដទៃ ព្រោះព្រះជាម្ចាស់ក៏គង់នៅជាមួយគេដែរ។ លោកបញ្ជាក់ថា «សូមកុំធ្វើបាបអ្នកដទៃ ហើយបើយើងធ្វើបាបអ្នកដទៃប្រៀបដូចបានធ្វើបាបព្រះយេស៊ូដែរ។» «ពេលដែលខ្ញុំបានទទួលព្រះកាយនិងព្រះលោហិតព្រះគ្រីស្តជួយឱ្យខ្ញុំមានស្មារតីរឹងមាំនឹងមានកម្លាំងកាយចិត្តជាងមុន» នេះជាការលើកឡើងរបស់យុរតី លន ម៉ូលីតា អាយុ១៤ឆ្នាំដែលបានទទួលព្រះកាយព្រះគ្រីស្តនៅថ្ងៃនេះ។ ដើម្បីទទួលព្រះកាយព្រះគ្រីស្តលើកដំបូងនេះ ម៉ូលីកា បានខិតខំឈ្វេងយល់ក្នុងថ្នាក់អប់រំជំនឿរយៈពេល១ឆ្នាំមកហើយ។ នាងប្រាប់ថា នាងត្រូវរៀបចំចិត្តគំនិតឱ្យល្អជាងមុន ព្រោះនាងគិតថាពេលដែលទទួលព្រះកាយព្រះគ្រីស្តដូចបានទទួលព្រះយេស៊ូគង់នៅក្នុងខ្លួន។